« ថ្ងៃទី ៦–១២ ខែ មិថុនា ។ នាងរស់; សាំយូអែល ទី១ ១–៣ ៖ ‹ ចិត្តខ្ញុំម្ចាស់រីករាយសាទរចំពោះព្រះអង្គ › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ៦–១២ ខែ មិថុនា ។ នាងរស់; សាំយូអែល ទី១ ១–៣ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២២
ថ្ងៃទី ៦–១២ ខែ មិថុនា
នាងរស់; សាំយូអែល ទី១ ១–៣
« ចិត្តខ្ញុំម្ចាស់រីករាយសាទរចំពោះព្រះអង្គ »
នៅពេលដែលបងប្អូនអាន នាងរស់ និង សាំយូអែល ទី១ ១–៣សូមសួរព្រះវរបិតាសួគ៌ពីរបៀបដែលបងប្អូនអាចជួយកុមាររៀនអំពីសេចក្ដីពិតនៅក្នុងជំពូកទាំងនេះ ។ សូមកត់ត្រាចំណាប់អារម្មណ៍ដែលបងប្អូនមាន ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
អញ្ជើញឲ្យចែកចាយ
សុំឲ្យកុមារចែកចាយនូវអ្វីដែលពួកគេដឹងអំពីនាងរស់ ន៉ាអូមី ហាណា ឬសាំយូអែល ។ វាក៏អាចមានប្រយោជន៍ក្នុងកាបង្ហាញរូបភាពដល់ពួកគេដូចជារូបភាពនៅក្នុង គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
នាងរស់
ខ្ញុំអាចបង្ហាញសេចក្តីស្រឡាញ់ និងចិត្តសប្បុរសចំពោះអ្នកដែលនៅជុំវិញខ្លួនខ្ញុំ ។
នៅពេលដែលប្ដីរបស់នាងរស់បានស្លាប់ទៅ នាងអាចស្នាក់នៅក្នុងប្រទេសកំណើតរបស់នាង តែនាងបានជ្រើសរើសទៅជាមួយម្តាយក្មេករបស់នាងជាស្ត្រីមេម៉ាយឈ្មោះន៉ាអូមី ហើយមើលថែគាត់ ។ សូមពិចារណាមើលពីរបៀបដែលគំរូរបស់នាងរស់អាចជួយបំផុសគំនិតឲ្យកុមារដែលបងប្អូនបង្រៀនឲ្យធ្វើល្អចំពោះអ្នកដែលនៅជុំវិញខ្លួនរបស់ពួកគេ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារធ្វើជាតំណាងឲ្យន៉ាអូមី នាងរស់ បូអូស ឬតួអង្គផ្សេងទៀត នៅពេលបងប្អូនប្រាប់រឿងរបស់ពួកគេចេញពីសៀវភៅនាងរស់ ( សូមមើលផងដែរ « នាងរស់ និងន៉ាអូមី » នៅក្នុង ដំណើររឿងព្រះគម្ពីរសញ្ញាចាស់ ) ។ សូមអញ្ជើញកុមារឲ្យលើកដៃរបស់ពួកគេរាល់ពេលដែលពួកគេបានឮពីទង្វើនៃចិត្តល្អសប្បុរសនៅក្នុងរឿង ។ តើយើងមានអារម្មណ៍បែបណា នៅពេលនរណាម្នាក់ធ្វើល្អចំពោះយើង ? តើយើងមានអារម្មណ៍យ៉ាងណានៅពេលយើងធ្វើល្អចំពោះអ្នកដទៃ ?
-
សូមច្រៀងចម្រៀងមួយបទជាមួយគ្នាអំពីការមានចិត្តល្អ ដូចជាបទ « ចិត្តល្អចាប់ផ្តើមនឹងខ្ញុំ » ( សៀវភៅចម្រៀងកុមារទំព័រ ៨៣ ) ។ សូមជួយកុមារឲ្យគិតពីរបៀបដែលពួកគេអាចធ្វើល្អចំពោះគ្រួសារ និងមិត្តភក្តិរបស់ពួកគេ ។ ប្រសិនបើពួកគេត្រូវការជំនួយ សូមបង្ហាញរូបភាពរបស់មនុស្សដែលបង្ហាញនូវចិត្តល្អសប្បុរស ។ សម្រាប់រាល់គំនិតទាំងអស់ដែលបានលើកឡើង សូមឲ្យកុមារគូររូបបេះដូងនៅលើក្តារខៀន ។
ព្រះវរបិតាសួគ៌ព្រះសណ្ដាប់ ហើយឆ្លើយតបការអធិស្ឋានរបស់ខ្ញុំ ។
នៅពេលនាងហាណាសោកសៅដោយសារនាងមិនអាចមានកូន នាងបានបែរទៅរកព្រះអម្ចាស់ដោយសេចក្ដីជំនឿ ហើយទ្រង់បានឆ្លើយតបការអធិស្ឋានរបស់នាង ។ សូមជួយកុមារឲ្យឃើញថា ពួកគេតែងតែអាចអធិស្ឋានដល់ព្រះវរបិតាសួគ៌ ជាពិសេសនៅពេលដែលពួកគេសោកសៅ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមប្រាប់កុមារផ្លាល់អំពីហេតុអ្វីនាងហាណាមានភាពសោកសៅ ( សូមមើល សាំយូអែល ទី១ ១:២–៨សូមមើលផងដែរ « នាងហាណា » នៅក្នុង ដំណើររឿងព្រះគម្ពីរសញ្ញាចាស់ ) ។ តើយើងអាចធ្វើអ្វីខ្លះ ពេលយើងសោកសៅ ? សូមអានដល់កុមារ សាំយ៉ូអែល ទី១ ១:១០ហើយអញ្ជើញកុមារឲ្យស្តាប់នូវអ្វីដែលនាងហាណាបានធ្វើ ។ សូមសួរកុមារថាតើពួកគេមានអារម្មណ៏យ៉ាងណា នៅពេលពួកគេអធិស្ឋាន ។ សូមអានចេញពី ខទី ១៨ ដើម្បីពន្យល់ថា ក្រោយពីនាងអធិស្ឋានហើយ នាងហាណា « បានឈប់មានទុក្ខព្រួយទៀតហើយ » ។
-
សូមប្រើទំព័រសកម្មភាពសប្តាហ៍នេះ ដើម្បីបង្រៀនកុមារថា ពួកគេអាចអធិស្ឋានដល់ព្រះវរបិតាសួគ៌ ហើយទ្រង់នឹងជួយពួកគេ ។ នៅពេលកុមារកំពុងផាត់ពណ៌ សូមច្រៀង ឬចាក់ចម្រៀងដែលបង្រៀនអំពីការអធិស្ឋានដូចជា « ការអធិស្ឋានរបស់កុមារ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៦ ) ។
ព្រះអម្ចាស់បានធ្វើការដ៏អស្ចារ្យជាច្រើនសម្រាប់ខ្ញុំ ។
ហាណាបានបង្ហាញការដឹងគុណរបស់នាងចំពោះព្រះអម្ចាស់ដោយកំណាព្យនៃការសរសើរដ៏ពិរោះ ។ គំរូរបស់នាង អាចជួយកុមារឲ្យគិតអំពីរឿងជាច្រើន ដែលពួកគេអាចអរគុណចំពោះព្រះវរបិតាសួគ៌ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអានដល់កុមារនូវអ្វីដែលហាណាបាននិយាយ បន្ទាប់ពីព្រះអម្ចាស់ប្រទានពរដល់នាងដោយកូនប្រុសម្នាក់ ( សូមមើល សាំយូអែល ទី១ ២:១–២ ) ។ សូមចែករំលែកជាមួយកុមារនូវពរជ័យដែលបងប្អូនបានទទួលពីព្រះអម្ចាស់ និងពីអារម្មណ៍ដែលបងប្អូនមាន ។ ហើយបន្ទាប់មក អញ្ជើញកុមារឲ្យនិយាយអំពីពរជ័យដែលព្រះអម្ចាស់បានប្រទានដល់ពួកគេ ។ តើយើងអាចបង្ហាញការដឹងគុណចំពោះទ្រង់ដោយរបៀបណា ?
-
សូមច្រៀងចម្រៀងរួមគ្នាដែលពិពណ៌នាអំពីពរជ័យមួយចំនួនដែលព្រះអម្ចាស់ប្រទានដល់យើង ដូចជា « ព្រះវរបិតាស្រឡាញ់ខ្ញុំ » ( សៀវភៅចម្រៀងកុមារទំព័រ១៦ ) ។ សូមអញ្ជើញកុមារឲ្យគូររូបភាពនៃពរជ័យដែលពួកគេបានទទួលពីព្រះអម្ចាស់ ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
នាងរស់
ខ្ញុំអាចមានជំនឿលើព្រះអម្ចាស់ ។
នាងរស់បានលះបង់ដើម្បីភាពស្មោះត្រង់នឹងព្រះអម្ចាស់ ហើយនៅតែស្មោះត្រង់នឹងន៉ាអូមី ។ តើបងប្អូនអាចជួយកុមារឲ្យរៀនអំពីសកម្មភាពនៃសេចក្តីជំនឿរបស់នាងរស់យ៉ាងដូចម្តេច ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញរូបភាពរបស់នាងរស់ និងន៉ាអូមី ( សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និង ក្រុមគ្រួសារ ) ។ បន្ទាប់មកសូមសរសេរចំណងជើងបីនៅលើក្តារខៀន ៖ ការសាកល្បង សកម្មភាព ពរជ័យ សូមអញ្ជើញកុមារឲ្យអាន នាងរស់ ១:៣–៥, ៨, ១៦; ២:១–៣, ៨–១២; ៤:១៣–១៧ហើយសរសេរនៅក្រោមចំណងជើងនោះ នូវអ្វីដែលពួកគេរកឃើញនៅក្នុងខទាំងនេះ ។ តើនាងរស់បង្ហាញសេចក្ដីជំនឿរបស់នាងលើព្រះអម្ចាស់យ៉ាងដូចម្ដេច ? សូមចែកចាយឧទាហរណ៍មួយអំពីរបៀបដែលបងប្អូនបានទទួលពរជ័យដោយសារបងប្អូនមានសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ហើយសូមឲ្យកុមារចែកចាយបទពិសោធន៍របស់ពួកគេផ្ទាល់ ។
-
សូមច្រៀងចម្រៀងរួមគ្នាអំពីសេចក្ដីជំនឿ ដូចជា « ទ្រង់ជាពន្លឺខ្ញុំ » ( ទំនុកតម្កើងលេខ ៣៩ ) ឬ « ជំនឿ » ( សៀវភៅចម្រៀងកុមារទំព័រ ៥០ ) ។ តើចម្រៀងនេះបង្រៀនយើងអំពីការទុកចិត្តលើព្រះអម្ចាស់អ្វីខ្លះ ? តើយើងអាចមានជំនឿលើព្រះយេស៊ូវគ្រីស្ទ សូម្បីតែនៅក្នុងគ្រាលំបាកយ៉ាងដូចម្ដេច ?
ព្រះវរបិតាសួគ៌ព្រះសណ្ដាប់ ហើយឆ្លើយតបការអធិស្ឋានរបស់ខ្ញុំ ។
នៅពេលដែលហាណា « មានសេចក្តីជូរល្វីងក្នុងចិត្តណាស់ » នាងបានអធិស្ឋានទៅព្រះវរបិតាសួគ៌ ( សាំយូអែល ទី១ ១:១០ ) ។ តើបងប្អូនអាចលើកទឹកចិត្តកុមារដែលបងប្អូនបង្រៀនឲ្យធ្វើដូចគ្នាយ៉ាងដូចម្តេច ?
សកម្មភាពដែលអាចជ្រើសរើស
-
ដើម្បីជួយកុមារឲ្យរៀនអំពីហាណាមកពី សាំយូអែល ទី១ ១សូមផ្តល់ឲ្យកុមារម្នាក់ៗនូវ ខគម្ពីរពីរបីដើម្បីអានមកពីជំពូកនេះ ( ឬបង្ហាញ វីដេអូ « »ChurchofJesusChrist.org ) ។ បនា្ទប់មក បោះបាល់ ឬវត្ថុតូចមួយទៅកុមារម្នាក់ ហើយអញ្ជើញគាត់ឲ្យប្រាប់ផ្នែកខ្លះនៃរឿង មុននឹងបញ្ជូនបាល់ទៅកុមារបន្ទាប់ ដើម្បីប្រាប់ផ្នែកផ្សេងទៀតនៃរឿង ។ នៅពេលរឿងចប់ សូមអោយកុមារចែកចាយអ្វីដែលពួកគេបានរៀនពីគំរូរបស់ហាណា ។
-
សូមអានជាមួយគ្នា សាំយូអែល ទី១ ១:១៥ហើយពិភាក្សាអំពីការប្លុងចិត្តទៅចំពោះព្រះយេហូវ៉ាមានន័យយ៉ាងដូចម្តេច ។ សូមធ្វើតារាងមួយជាមួយកុមារ អំពីអ្វីដែលយើងអាចនិយាយជាមួយព្រះ នៅពេលយើងអធិស្ឋាន ។ សូមច្រៀងចម្រៀងមួយបទអំពីការអធិស្ឋានជាមួយគ្នា ដូចជាបទ « ការអធិស្ឋានរបស់កុមារ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៦ ) ។ សូមថ្លែងទីបន្ទាល់អំពីសេចក្តីស្រឡាញ់របស់ព្រះចំពោះបុត្រាបុត្រីរបស់ទ្រង់ និងព្រះរាជបំណងរបស់ទ្រង់នៅក្នុងការស្តាប់ និងការឆ្លើយតបការអធិស្ឋានរបស់ពួកគេ ។
-
សុំឲ្យកុមារធ្វើបញ្ជី ( ជាលក្ខណៈបុគ្គល ឬជាក្រុម ) ពីគំរូរបស់មនុស្សទាំងឡាយនៅក្នុងព្រះគម្ពីរដែលបានអធិស្ឋានដល់ព្រះវរបិតាសួគ៌ ។ ( ប្រសិនបើពួកគេត្រូវការជំនួយ បងប្អូនអាចចង្អុលបង្ហាញពួកគេនៅក្នុង លូកា ២២:៤១–៤៣; អេណុស ១:២–៦; យ៉ូសែប ស្មីធ—ប្រវត្តិ ១:១៤–១៧ ។ ) សុំឲ្យពួកគេចែកចាយនូវអ្វីដែលពួកគេរៀនមកពីរឿងទាំងនេះ ។
ខ្ញុំអាចស្តាប់ និងគោរពតាមសំឡេងរបស់ព្រះអម្ចាស់ ។
នៅពេលសាំយូអែលនៅក្មេង គាត់បានស្តាប់ឮសំឡេងរបស់ព្រះអម្ចាស់ ប៉ុន្តែពីដំបូងគាត់មិនបានស្គាល់សំឡេងនោះទេ ។ តើបងប្អូនអាចជួយកុមារដែលបងប្អូនបង្រៀនឲ្យស្តាប់ឮ និងធ្វើតាមការបំផុសគំនិតដែលពួកគេទទួលបានដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារម្នាក់ឲ្យធ្វើជាសាំយូអែល និងម្នាក់ទៀតធ្វើជាអេលី នៅពេលបងប្អូនអាន សាំយូអែល ទី១ ៣:១–១០ ( ឬបង្ហាញវីដេអូអំពី « សាំយូអែល និងអេលើ » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ តើយើងអាចរៀនអ្វីខ្លះពីសាំយូអែល អំពីរបៀបស្តាប់សំឡេងរបស់ព្រះអម្ចាស់ ? តើយើងបង្ហាញថា យើងមានឆន្ទៈស្តាប់ នៅពេលព្រះអម្ចាស់មានបន្ទូលមកកាន់យើងដោយរបៀបណា ?
-
សូមអញ្ជើញកុមារឲ្យគិតអំពីរបៀបដែលពួកគេនឹងពន្យល់ដល់នរណាម្នាក់ អំពីរបៀបដែលព្រះអម្ចាស់មានបន្ទូលទៅកាន់ពួកគេ ។ សូមអញ្ជើញពួកគេឲ្យរកមើលចម្លើយនៅក្នុងចំណោមបទគម្ពីរមួយ ឬច្រើនដូចតទៅនេះ ៖ គោលលទ្ធិ និងសេចក្ដីសញ្ញា ៦:២២–២៣; ៨:២–៣; ៩:៧–៩ ។
សូមលើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមលើកទឹកចិត្តកុមារឲ្យគិតអំពីនរណាម្នាក់ ឬអ្វីមួយដែលពួកគេអាចអធិស្ឋានសម្រាប់សប្តាហ៍នេះ ។ សូមផ្តល់ឱកាសដល់ពួកគេនាពេលអនាគត ដើម្បីចែកចាយពីរបៀបដែលព្រះវរបិតាសួគ៌បានឆ្លើយតបការអធិស្ឋានរបស់ពួកគេ ។