ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ១៣–១៩ ខែ មិថុនា ។ សាំយូអែល ទី១ ៨–១០; ១៣; ១៥–១៨ ៖ ​« ដ្បិត​ចម្បាំង​នេះ​ស្រេច​នៅ​ព្រះយេហូវ៉ា​វិញ »


« ថ្ងៃទី ១៣–១៩ ខែ មិថុនា ។ សាំយូអែល ទី១ ៨–១០; ១៣; ១៥–១៨ < ដ្បិត​ចម្បាំង​នេះ​ស្រេច​នៅ​ព្រះយេហូវ៉ា​វិញ > » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋម​សិក្សា ៖ ព្រះគម្ពី​សញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ១៣–១៩ ខែ មិថុនា ។ សាំយូអែល ទី១ ៨–១០; ១៣; ១៥–១៨​ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋម​សិក្សា ៖ ឆ្នាំ ២០២២

យុវជន ដាវីឌ ជាមួយ​ខ្សែ​ដង្ហក់

ដាវីឌ និង កូលីយ៉ាត ដោយ ស្ទីហ្វ ណិតធើខត់ថ៍

ថ្ងៃទី ១៣–១៩ ខែ មិថុនា

សាំយូអែល ទី១ ៨–១០; ១៣; ១៥–១៨

« ដ្បិត​ចម្បាំង​នេះ​ស្រេច​នៅ​ព្រះយេហូវ៉ា​វិញ »

ទោះបីជា​សកម្មភាព​ខាងក្រោម​ត្រូវបាន​រៀបចំឡើង សម្រាប់​កុមារតូចៗ ឬ​កុមារ​ធំៗ​ក៏ដោយ ​បងប្អូន​អាច​សម្រប​សកម្មភាព​ទាំងនោះ​ដើម្បី​បំពេញ​តម្រូវ​ការ​របស់​បងប្អូន​ទៅនឹង​អ្នក​ទាំងឡាយ​ណា​ដែល​បងប្អូន​បង្រៀន ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សូម​បង្ហាញ​រូបភាព​ដាវីឌ និង​កូលីយ៉ាត​ចេញ​មកពី គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​អំពី​អ្វី​ដែល​ពួកគេ​បាន​ដឹង​អំពី​រឿងនេះ ហើយ​សួរ​ពួកគេ​នូវ​សំណួរ​ទាំងឡាយ ដើម្បី​ជួយ​ពួកគេ​ចងចាំ​នូវ​ផ្នែក​នៃរឿង​ដែល​ពួកគេ​មិន​បាន​និយាយ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

សាំយូអែល ទី១ ១៦:១–១៣

ព្រះអម្ចាស់​ជ្រាប​ដឹង​ពី​គំនិត​នៅក្នុង​ដួងចិត្ត​ខ្ញុំ ។

ការ​ចែកចាយ​រឿងរ៉ាវ​អំពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ប្រាប់​ដល់​សាំយូអែល​ឲ្យ​ជ្រើសរើស​ដាវីឌ​ជាស្តេច អាច​ជួយ​អោយ​កុមារ​ដឹងថា ព្រះអម្ចាស់​ស្គាល់​យើង​ម្នាក់ៗ​យ៉ាង​ជាក់ច្បាស់ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ចែកចាយ​នូវ​របៀប​ដែល​ព្រះអម្ចាស់​បាន​ប្រាប់​សាំយូអែលថា ដាវីឌ​នឹង​ក្លាយជា​ស្តេច​នៃ​សាសន៍​អ៊ីស្រាអែល ( សូមមើល សាំយូអែល ទី១ ១៦:១–១៣ ) ។ នៅពេល​បងប្អូន​និទាន​រឿង បងប្អូន​អាច​ឲ្យ​ក្មេងម្នាក់​ធ្វើជា​តំណាង​ឲ្យ​សាំយូអែល ។ គាត់ ឬ​នាង​អាចផ្តល់​មកុដ​ក្រដាស​ដល់​ក្មេង​ម្នាក់ទៀត​ដែល​តំណាង​ឲ្យ​ដាវីឌ ។ សូម​ចែកចាយ​ទីបន្ទាល់​របស់​បងប្អូន​ថា ព្រះអម្ចាស់​ស្គាល់​ពី​ដួងចិត្ត​របស់​ដាវីឌ​ហើយ​ថា​ទ្រង់​ស្គាល់​យើង​ម្នាក់ៗ​ផងដែរ ។

  • សូម​ចែកចាយ​បទពិសោធន៍​មួយ​ដែល​បងប្អូន​បាន​ទទួល​អារម្មណ៍​ដឹងថា ព្រះអម្ចាស់​ទ្រង់​ស្គាល់​បងប្អូន ។ សូម​ច្រៀង​ចម្រៀង​ដែល​បង្រៀនថា ព្រះអង្គសង្រ្គោះ​ស្គាល់ ហើយ​ស្រឡាញ់​យើង​ដូចជា​បទ « ព្រះយេស៊ូវ​ជា​សម្លាញ់​យើង​ » ( សៀវភៅ​ចម្រៀង​កុមារទំព័រ ៣៧ ) ។

សាំយូអែល ទី១ ១៧:១០–៥៤

សេចក្ដី​ជំនឿ​ទៅលើ​ព្រះយេស៊ូវ​អាច​ជួយ​ខ្ញុំ​ឲ្យ​មាន​សេចក្តី​ក្លាហាន ។

កុមារ​អាច​យល់​យ៉ាង​ងាយស្រួល​អំពី​ដាវីឌ​វ័យក្មេង ពីព្រោះ​ទោះបីជា​ដាវីឌ​តូច​ក៏ដោយ​ក៏គាត់​បានយក​ឈ្នះ​ឧបសគ្គ​ដ៏​ធំ​បាន​ដែរ ។ សូម​ជួយ​ពួកគេ​ឲ្យ​មើលឃើញ​នូវ​ប្រភពនៃ​សេចក្តី​ក្លាហាន និង​កម្លាំង​របស់គាត់​គឺជា​សេចក្តី​ជំនឿ​នៅលើ​ព្រះយេស៊ូវគ្រីស្ទ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​រំឭក​រឿង​ឡើងវិញ​ជាមួយ​កុមារ​អំពី​ដាវីឌ និង​កូលីយ៉ាត ( សូមមើល « ដាវីឌ និង​កូលីយ៉ាត » នៅក្នុង ដំណើរ​រឿង​ព្រះគម្ពីរ​សញ្ញា​ចាស់ ) ហើយ​ឲ្យ​ពួកគេ​ដាក់​វេន​គ្នា​សម្ដែង​រឿងនេះ ។ សូម​បំផុស​គំនិត​កុមារ​ដែល​ធ្វើ​ពុតជា​កូលីយ៉ាត​ឲ្យ​និយាយ​ថា « ចូរ​ឲ្យ​មនុស្ស​ម្នាក់​ចេញ​មក​ត​នឹង​អញ​ល​មើល​ចុះ » ( សាំយូអែល ទី១ ១៧:១០ ) ។ សូម​បំផុស​គំនិត​កុមារ​ដែល​ធ្វើ​ពុតជា​ដាវីឌ​ឲ្យ​និយាយ​ថា « អញ​មក​ឯ​ឯង​ដោយ​នូវ​ព្រះនាម​របស់​ព្រះយេហូវ៉ា » ( សាំយូអែល ទី១ ១៧:៤៥ ) ។ សូម​ថ្លែង​ទីបន្ទាល់​ថា នៅពេលណា​យើងមាន​ជំនឿ​លើ​ព្រះអម្ចាស់ ទ្រង់នឹង​ជួយ​យើង​ឲ្យ​មាន​សេចក្តីក្លាហាន​ដូចជា​ដាវីឌ​អញ្ចឹងដែរ ។

  • សូម​ប្រើ​ទំព័រ​សកម្មភាព​សប្ដាហ៍​នេះ ដើម្បី​បង្ហាញ​ថា​តើ​កូលីយ៉ាត​មាន​កម្ពស់​ប៉ុន្មាន​បើ​ប្រៀបធៀប​ទៅនឹង​ក្មេងប្រុស​ម្នាក់​ដូចជា​ដាវីឌ ។ សូម​ពន្យល់ថា​កងទ័ព​អ៊ីស្រាអែល​បាន​ខ្លាច​កូលីយ៉ាត​យ៉ាងខ្លាំង ។ សូម​ឲ្យ​កុមារ​ធ្វើពុត​ជា​ខ្លាច ។ សូម​បង្ហាញ​រូបភាព​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ប្រាប់​ពួកគេថា ពីព្រោះ​ដាវីឌ​បាន​មាន​ជំនឿ​លើ​ព្រះអម្ចាស់ គាត់​អាច​មានភាព​ក្លាហាន ។ សូម​ឲ្យ​ពួកគេ​ក្រោកឈរ​ឡើង​ខ្ពស់​ដូចជា​ពួកគេ​ក្លាហាន ។

  • សូម​អញ្ជើញ​កុមារ​ឲ្យ​ពួកគេ​ដើរ​ដូច​​ជា​ដាវីឌ​ទៅ​ប្រយុទ្ធ​នឹង​កូលីយ៉ាត នៅពេល​ដែល​ពួកគេ​កំពុង​ច្រៀង​ចម្រៀង​អំពី​ភាពក្លាហាន ដូចជា​បទ « ខ្ញុំ​នឹង​ធ្វើ​ជា​អ្នក​ក្លាហាន » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៨៥ ) ។

សាំយូអែល ទី១ ១៨:១–៤

មិត្ត​ល្អ​អាចជា​ពរជ័យ​ដល់យើង ។

មិត្តភាព​រវាង​យ៉ូណាថាន និង​ដាវីឌ គឺជា​គំរូ​ដ៏​អស្ចារ្យ​នៃ​ពរជ័យ​ដែល​អាច​ចេញ​មកពី​មិត្តល្អ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូមគូរ​រូប​មនុស្ស​ពីរ​នៅលើ​ក្តារខៀន មួយគឺ​តំណាង​ឲ្យ​ដាវីឌ និង​ម្នាក់ទៀត​តំណាង​ឲ្យ​យ៉ូណាថាន ។ សូម​អាន​ឃ្លា​ពីរបី​ទៅកាន់​កុមារ​មកពី សាំយូអែល ទី១ ១៨:១–៤ ដែល​បញ្ជាក់​ពី​សេចក្តី​ស្រឡាញ់​ដែល​មិត្តភក្តិ​ទាំងពីរនាក់​នេះមាន​ចំពោះគ្នា ។ សូម​ឲ្យ​ក្រដាស​រូបបេះដូង​ទៅ​កុមារ​ម្នាក់ៗ ហើយ​សួរ​ពួកគេ​ពីរបៀប​ដែល​ពួកគេ​អាច​បង្ហាញ​សេចក្តី​ស្រឡាញ់​ទៅកាន់​មិត្តភក្តិ​ម្នាក់ ។ ក្រោយពី​កុមារ​ម្នាក់ៗ​ចែកចាយ​គំនិត​របស់​ពួកគេ​ហើយ សូម​បិទ​រូប​ក្រដាស​បេះដូង​ទៅលើ​ក្តារខៀន ។

  • សូម​ប្រាប់​កុមារ​អំពី​មិត្ត​ល្អម្នាក់​ដែល​ជួយ​បងប្អូន​ឲ្យ​រស់នៅ​តាម​ដំណឹងល្អ ឬ​ស្ថាបនា​សេចក្តីជំនឿ​របស់​បងប្អូន​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​អំពី​អ្នក​ដែល​ជួយ​ពួកគេ​ផងដែរ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​សម្ដែង​ពី​របៀប​ដែល​ពួកគេ​ធ្វើល្អ​ដាក់​មិត្តភក្តិ​ម្នាក់ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

សាំយូអែល ទី១ ៨:៦; ៩:១៥–១៧; ១០:១–២៤; ១៦:១–១៣

មនុស្ស​ទាំងឡាយ​ដែល​បម្រើ​នៅក្នុង​សាសនាចក្រ​គឺ​ត្រូវបាន​ហៅ​ដោយ​ព្រះ ។

ដំណើរ​រឿង​ទាំងឡាយ​អំពី​ព្រះ​ជ្រើសរើស​សូល និង​ដាវីឌ​ឲ្យ​ធ្វើជា​ស្តេច អាច​ជួយ​ឲ្យ​ថ្នាក់​របស់​បងប្អូន​យល់ពី​របៀប​ដែល​មនុស្ស​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​នៅក្នុង​សាសនាចក្រ​សព្វថ្ងៃនេះ ។ ដំណើរ​រឿង​ទាំងនេះ​អាច​ជួយ​ស្ថាបនា​សេចក្តីជំនឿ ថា ការហៅ​បម្រើ​គឺ​មកពី​ព្រះ​តាមរយៈ​អ្នកបម្រើ​ដែលមាន​សិទ្ធិអំណាច​របស់ទ្រង់ ។

សាំយូអែល​ចាក់​ប្រេង​តែងតាំង​សូល

រចនារូបភាព សាំយូអែល​ចាក់ប្រេង​តែងតាំង ​សូល © Lifeway Collection/បាន​ទទួល​អជ្ញា​បណ្ណ​ពី goodsalt.com

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • នៅលើ​ចម្រៀក​ក្រដាស​ដាច់​ដោយ​ឡែក​ពី​គ្នា សូម​សរសេរ​សេចក្តី​ថ្លែងការណ៍ និង​បទគម្ពីរ​ដូច​តទៅនេះ ៖ ប្រជាជន​ចង់បាន​ស្តេច​មួយអង្គ ( សាំយូអែល ទី១ ៨:៦ ) ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទៅកាន់​សាំយូអែល​ថា សូល​នឹងឡើង​ស្នងរាជ្យ ( សាំយូអែល ទី១ ៩:១៥–១៧ ) សាំយូអែល​តែង​តាំង​សូល ( សាំយូអែល ទី១ ១០:១ ) សាំយូអែល​ណែនាំ​សូល​ដល់​ប្រជាជន ( សាំយូអែល ទី១ ១០:២៤ ) ។ សូម​ឲ្យ​កុមារ​អាន​វគ្គ​បទ​គម្ពីរ​ទាំងនេះ ហើយ​រៀប​វា​ឲ្យ​ត្រឹមត្រូវ​តាម​លំដាប់​លំដោយ ។

  • រៀន​ជាមួយ​គ្នា​នូវ​មាត្រាទី ៥ នៃ​សេចក្តីជំនឿ ។ សូម​ប្រាប់​កុមារ​ដោយ​សង្ខេប​អំពី​របៀប​ដែល​បងប្អូន​ទទួល​បាន​ការហៅ​បម្រើ ដើម្បី​បង្រៀន​នៅ​ក្នុង​ថ្នាក់​អង្គការ​បឋមសិក្សា ។ តើ​បងប្អូន​ដឹង​យ៉ាង​ដូចម្តេច​ថា បងប្អូន​ត្រូវ​បាន​ហៅ​ដោយ​ព្រះ ? សូម​ថ្លែងទី​បន្ទាល់ថា ព្រះ​បំផុសគំនិត​អ្នកដឹកនាំ​ទាំងឡាយ​ឲ្យ​ហៅ​មនុស្ស​ឲ្យ​បម្រើ ។

សាំយូអែល ទី១ ១៦:១–១៣

« តែ​ព្រះយេហូវ៉ា​ទ្រង់​ទត​ចំពោះ​ក្នុង​ចិត្ត​វិញ » ។

វាជា​រឿង​ធម្មតាទេ​ដើម្បី​វិនិច្ឆ័យ​អ្នកដទៃ​ដោយ​ផ្អែក​ទៅលើ​អ្វី​ដែល​យើង​អាច​មើល​ឃើញ​ប៉ុន្តែ​ផ្នែក​នៃការ​ប្រែក្លាយ ឲ្យ កាន់តែ​ដូច​ព្រះយេស៊ូវ​គឺ​ការរៀន​ពីរបៀប​មើល​ដូច​ទ្រង់​ទតមើល - ដោយ​មើល​ទៅលើ​« ក្នុង​ចិត្ត »​( សាំយូអែល ទី ១ ១៦:៧ ) ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អញ្ជើញ​កុមារ​ឲ្យ​ស្រម៉ៃ​មើល​ថា ពួកគេ​ត្រូវ​បាន​សុំ​ឲ្យ​ធ្វើការ​ជ្រើសរើស​នរណា​ម្នាក់​ឲ្យ​ធ្វើជា​ស្តេច ។ តើ​ពួកគេ​នឹង​ស្វែងរក​គុណសម្បត្តិ​អ្វីខ្លះ ? សូម​អាន​ជាមួយ​គ្នា សាំយូអែល ទី១ ១៦:៦–៧ ដើម្បី​ស្វែងរក​អ្វី​ដែល​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មកកាន់​សាំយូអែល នៅពេល​គាត់​កំពុង តែ​ស្វែង រក​ស្តេច​ថ្មីមួយ​សម្រាប់​សាសន៍​អ៊ីស្រាអែល ។ តើ​យើង​រៀន​អ្វីខ្លះ​ពី​ការណែនាំ​របស់​ព្រះអម្ចាស់ ?

  • សូម​បង្ហាញ​កម្មវត្ថុ​មេរៀន ដើម្បី​បង្ហាញ​ដល់​កុមារថា ការវិនិច្ឆ័យ​ដែល យើង​បាន ធ្វើ​ដោយ ផ្អែក​ទៅលើ « ​ឫកពា​ខាង​ក្រៅ » ( ខទី ៧ ) ប្រហែល​ជា​មិន​ត្រឹមត្រូវ ទេ ។ ជា​ឧទាហរណ៍ អ្នក​អាច​បង្ហាញ​ពួកគេ​នូវ​អាហារ ឬ​សៀវភៅ មួយ​ក្បាល​ដែលមាន​ក្រដាស​រុំ ឬ​គម្រប​បិទជិត​ដែល​មិន​ត្រូវ​នឹង​ខ្លឹមសារ​ពិត​របស់វា ។ តើ សាំយូអែល ទី១ ១៦:៧ និង​កម្មវត្ថុ​មេរៀន​នេះ​ណែនាំ​អំពី​របៀប​ដែល​យើង​គួរមាន​ទស្សនៈ​ចំពោះ​ខ្លួនឯង និង​មនុស្ស​ដទៃ​ទៀត​យ៉ាង​ដូចម្តេច ?

  • សូម​ចែករំលែក​បទពិសោធន៍​ដែល​បងប្អូន​បានរៀន​ពី​មូលហេតុ ដែល​បងប្អូន​គួរ « មើល​ចំពោះ​ក្នុង​ចិត្ត » មិនមែន​មើលតែ « ឫកពា​ខាង​ក្រៅ » នោះទេ ( ខទី ៧ ) ។ សូម​លើក​ទឹកចិត្ត​កុមារ​ឲ្យ​ចែកចាយ​បទពិសោធន៍​ស្រដៀង​នេះ​ដែល​ពួកគេ​បាន​មាន ។ សូម​ច្រៀង​ចម្រៀង​មួយបទ​ដែល​បញ្ជាក់​ពី​គោលការណ៍​នេះ ដូចជា​បទ « ខ្ញុំ​នឹង​ដើរ​ជាមួយ​អ្នក » ឬ « We Are Different » ( សៀវភៅ​ចម្រៀង​កុមារ​ទំព័រ ៧៨ ខ្មែរ, ២៦៣ អង់គ្លេស ) ។

សាំយូអែល ទី១ ១៧:២០–៥៤

ព្រះ​យេស៊ូវគ្រីស្ទ​អាចជួយ​ខ្ញុំឲ្យ យក ឈ្នះ លើ​ឧបសគ្គ​បាន ។

កុមារ​អាច​ប្រឈមមុខ​នឹង​បញ្ហា​ទាំងឡាយ​ដែល​ពិបាក ដែល​ហាក់ដូច​ជាការ​យក​ឈ្នះ​លើ​យក្ស​កូលីយ៉ាត ។ គំរូ​របស់​ដាវីឌ​អាចផ្តល់​ក្តីសង្ឃឹម​ដល់​ពួកគេថា ព្រះអម្ចាស់​នឹងជួយ​ច្បាំង​ចម្បាំង​ទាំងឡាយ​​របស់ពួកគេ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ចាត់តាំង​ឲ្យ​កុមារ​គូរ​រូបភាព​នៃ​ផ្នែកផ្សេងៗ​នៃ​សាច់រឿង​ដែល​មាន​នៅក្នុង សាំយូអែល ទី១ ១៧:២០–៥៤ ។ សូម​បង្ហាញ​រូបភាព​តាម​លំដាប់​លំដោយ​នៅលើ​ក្តារខៀន ហើយ​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​រឿង​ដោយ​និយាយ​អំពី​រូបភាព​នីមួយៗ​ដែល​ពួកគេ​បានគូរ ។ តើ​ព្រះអម្ចាស់​មាន​ព្រះទ័យ​ឲ្យ​យើង​រៀន​អ្វី​ខ្លះ​​ពី​រឿង​នេះ ?

  • សូម​ជួយ​កុមារ​ឱ្យ​ធ្វើ​បញ្ជី​នៅលើ​ក្តារខៀន​អំពី​បញ្ហា​លំបាក​មួយចំនួន ដែល​មនុស្ស​ម្នាក់ៗ​អាច​នឹង​ប្រឈមមុខ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក​នូវអ្វី​ដែល​ដាវីឌ​បាន​និយាយ ដែល​អាច​លើកទឹកចិត្ត​ដល់​នរណា​ម្នាក់​ដែល​ប្រឈមមុខ​នឹង​បញ្ហា​ទាំងនេះ ( សូមមើល សាំយូអែល ទី១ ១៧:២៦, ៣២, ៣៤–៣៧, ៤៥–៤៧ ) ។ សូមប្រាប់​កុមារ​អំពី​របៀប​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ជួយ​បងប្អូន​​នៅគ្រា​ដែល​បងប្អូន​មាន​ទុក្ខលំបាក ។

រូប​តំណាង​ការរៀនសូត្រ

សូម​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​សួរ​កុមារ​នូវ​សំណួរ​អំពីអ្វី​ដែល​ពួកគេ​បានរៀន​នៅថ្ងៃនេះ ។ សូម​សរសេរ​សំណួរ ហើយ​ចែក​ក្រដាស​សំណួរនោះ​ដល់កុមារ​ម្នាក់ៗ​មួយ​ច្បាប់​ដើម្បី​យក​ទៅផ្ទះ និង​ពិភាក្សា​ជាមួយ​គ្រួសារ​របស់គេ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូម​ជួយ​កុមារ​ឲ្យ​គិតស្រមៃ​អំពី​បទគម្ពីរ ។ ជា​ញឹក​ញាប់​កុមារ​យកចិត្ត​ទុកដាក់​ខ្លាំង​ជាង នៅពេល​ដែល​ពួកគេ​អាច​មើល​រូបភាព​ទាំងឡាយ​ដែល​​ទំនងទៅនឹង​ដំណើរ​រឿង​នៅក្នុង​ព្រះគម្ពីរ ឬ​ការបង្រៀន​ទាំងឡាយ ។ សូម​ពិចារណា​ប្រើ​រូបភាព​នៅក្នុង សៀវភៅ​រូបភាព​ដំណឹងល្អ ឬ​នៅលើ ChurchofJesusChrist.org ។