« ថ្ងៃទី ២០–២៦ ខែ មិថុនា ។ សាំយូអែល ទី២ ៥–៧; ១១–១២; ពង្សាវតារក្សត្រ ទី១ ៣; ៨; ១១ ‹ រាជ្យរបស់ឯងនឹងបានតាំងជាប់នៅចំពោះឯង ជាដរាបទៅ › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ២០–២៦ ខែ មិថុនា ។ សាំយូអែល ទី២ ៥–៧; ១១–១២; ពង្សាវតារក្សត្រ ទី១ ៣; ៨; ១១ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់ អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២២
ថ្ងៃទី ២០–២៦ ខែ មិថុនា
សាំយូអែល ទី២ ៥–៧; ១១–១២; ពង្សាវតារក្សត្រ ទី១ ៣; ៨; ១១
« រាជ្យរបស់ឯងនឹងបានតាំងជាប់នៅចំពោះឯង ជាដរាបទៅ »
នៅពេលបងប្អូនអានព្រះគម្ពីរ ព្រះវិញ្ញាណបរិសុទ្ធអាចធ្វើឲ្យបងប្អូនមានការចាប់អារម្មណ៍ និងបំផុសគំនិតបងប្អូន ឲ្យដឹងពីអ្វីដែលនឹងមានអត្ថន័យបំផុត ចំពោះកុមារដែលបងប្អូនបង្រៀន ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
អញ្ជើញឲ្យចែកចាយ
សុំឲ្យកុមារពីរបីនាក់និយាយអំពីបទពិសោធន៍របស់ពួកគេក្នុងការអានព្រះគម្ពីរ ( រៀងៗ ខ្លួន ជាមួយគ្រួសារ ឬនៅឯព្រះវិហារ ) ។ តើពួកគេអានព្រះគម្ពីរនៅពេលណា និងនៅកន្លែងណា ? តើពួកគេមានអារម្មណ៍យ៉ាងណា នៅពេលពួកគេអានព្រះគម្ពីរ ? តើពួកគេទទួលបានពរអ្វីខ្លះពីការគោរពតាមបទបញ្ញត្តិនេះ ?
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
ប្រសិនបើខ្ញុំត្រូវការដំបូន្មាន ខ្ញុំអាចសុំពីព្រះវរបិតាសួគ៌ ។
ខទាំងនេះពិពណ៌នាអំពី របៀបដែលដាវីឌបាន អធិស្ឋានសុំដំបូន្មាន និងការណែនាំ ក្នុងនាមជាស្តេចនៃអ៊ីស្រាអែល ។ តើបងប្អូនអាចបំផុសគំនិតដល់កុមារឲ្យងាកទៅរកព្រះនៅក្នុងការអធិស្ឋាននៅពេលពួកគេមានសេចក្តីត្រូវការ យ៉ាងដូចម្តេច ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមពន្យល់ដល់កុមារថា នៅពេលដាវីឌត្រូវការជំនួយ ទ្រង់បាន « សួរ » ឬបានអធិស្ឋានសុំចម្លើយ ។ នៅពេលបងប្អូនអាន សាំយូអែល ទី២ ៥:១៩, ២៣សូមអញ្ជើញកុមារឲ្យស្តាប់ពាក្យ « សួរ » និងឱបដៃរបស់ពួកគេ នៅពេលពួកគេឮពាក្យនោះ ។ សូមថ្លែងទីបន្ទាល់ថា យើងតែងតែអាចអធិស្ឋានដល់ព្រះវរបិតាសួគ៌នៅពេលយើងត្រូវការជំនួយ ។
-
ដើម្បីជួយកុមារឲ្យគិតអំពីអ្វីដែលពួកគេអាចនិយាយ នៅពេលពួកគេអធិស្ឋាន បងប្អូនអាចសួរពួកគេអំពីរបៀបដែលពួកគេបញ្ចប់ប្រយោគ ដូចតទៅនេះ ៖ « យើងខ្ញុំសូមអរព្រះគុណដល់ព្រះអង្គសម្រាប់ … » និង « យើងខ្ញុំសូមដល់ព្រះអង្គសម្រាប់ … » សូមឲ្យកុមារគូររូបភាពនៃអ្វីដែលពួកគេអាចថ្លែងអំណរគុណ ឬក៏សុំនៅក្នុងការអធិស្ឋាន ។
-
សូមប្រាប់កុមារអំពីពេលមួយដែលបងប្អូនបានអធិស្ឋានសុំ ជំនួយពីព្រះវរបិតាសួគ៌ ។ តើទ្រង់ឆ្លើយតបនឹងការអធិស្ឋានរបស់បងប្អូនយ៉ាងដូចម្ដេច ? តើមានភាពខុសគ្នាអ្វីខ្លះក្នុងការមានទ្រង់ជួយដល់បងប្អូន ? សូមអញ្ជើញកុមារឲ្យចែកចាយបទពិសោធន៍របស់ពួកគេ ។
ព្រះយេស៊ូវគ្រីស្ទគឺជាស្ដេចរបស់យើង ។
នៅពេលដែលដាវីឌជាស្តេចនៃអ៊ីស្រាអែល ព្រះអម្ចាស់បានប្រាប់គាត់ថា « បល្ល័ង្កឯងនឹងបានខ្ជាប់ខ្ជួននៅជារៀងរាបដរាបទៅ » ( សាំយូអែល ទី២ ៧:១៦ ) ។ ការសន្យានេះសំដៅទៅលើព្រះយេស៊ូវគ្រីស្ទ ជាស្ដេចដ៏អស់កល្បរបស់យើង ដែលបានប្រសូតមកតាមរយៈពូជពង្សរបស់ដាវីឌ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារម្នាក់ឲ្យសម្ដែងធ្វើជាស្តេច ឬជាមហាក្សត្រី ។ បើអាចទៅរួច សូមឲ្យកុមារនូវវត្ថុតូចមួយសម្រាប់កាន់ ។ តើស្តេច ឬមហាក្សត្រីគឺជា អ្វី ? តើពួកគេធ្វើការងារអ្វី ? សូមប្រាប់ទៅកុមារថា ដាវីឌគឺជាស្តេច ហើយទ្រង់គឺជាបុព្វបុរសរបស់ព្រះយេស៊ូវគ្រីស្ទដែលយើងហៅថា « ស្តេចលើអស់ទាំងស្តេច » ( វិវរណៈ ១៩:១៦ ) ។ សូមជួយកុមារឲ្យគិតពីវិធីដែលយើងអាចបង្ហាញថា យើងជឿថា ព្រះយេស៊ូវគ្រីស្ទគឺជាស្តេចដ៏អស់កល្បរបស់យើង ។
-
នៅពេលដែលកុមារបញ្ចប់ទំព័រសកម្មភាពសប្តាហ៍ នេះ សូមច្រៀង ឬចាក់ចម្រៀងដែលសំដៅទៅលើព្រះគ្រីស្ទថាជាស្តេចរបស់យើងដូចជា« He Died That We Might Live Again » « ហៅឲ្យបម្រើ » « រីករាយដ្បិតទ្រង់ជាស្តេច! » ឬ « ខ្ញុំជឿលើព្រះគ្រីស្ទ » ( សៀវភៅ ចម្រៀងកុមារ ៦៥ ១៧៤–៧៥; ទំនុកតម្កើង, លេខ ១៥៥, ២៦, ៧៥ ) ។ សុំឲ្យកុមារស្តាប់មើលពាក្យ « ស្តេច » ហើយលើករូបភាពរបស់ព្រះយេស៊ូវនៅពេលពួកគេឮពាក្យនោះ ។ តើយើងមានអារម្មណ៍យ៉ាងណា នៅពេលយើងច្រៀងអំពីព្រះយេស៊ូវ ?
ខ្ញុំអាចដើរតាមផ្លូវរបស់ព្រះ ។
សម្រាប់សាសន៏អ៊ីស្រាអែល ការកសាង និងការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធគឺជាឱកាសមួយ ដើម្បីបង្វែរដួងចិត្តរបស់ពួកគេទៅរកព្រះអម្ចាស់ ហើយ « ដើរតាមគ្រប់ទាំងផ្លូវរបស់ទ្រង់ » ម្តងទៀត ( ពង្សាវតាក្សត្រ ទី១ ៨:៥៨ ) ។ តើបងប្អូនអាចជួយកុមារ ដែល បងប្អូនបង្រៀនឲ្យ « ដើរតាម គ្រប់ទាំងផ្លូវរបស់ ទ្រង់ » យ៉ាងដូចម្តេច ?
សកម្មភាពដែលអាចជ្រើសរើស
-
សូម បង្ហាញកុមារនូវរូបភាពនៃព្រះវិហារបរិសុទ្ធសម័យថ្មី និងព្រះវិហារដែលសាឡូម៉ូនបានសាងសង់ ( សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ) ។ សូមពន្យល់ថា នៅពេលសាឡូម៉ូនបានសាងសង់ព្រះវិហារបរិសុទ្ធសម្រាប់សាសន៏អ៊ីស្រាអែល ទ្រង់បានលើកទឹកចិត្តពួកគេឲ្យ « ដើរតាមគ្រប់ទាំងផ្លូវរបស់[ ព្រះអម្ចាស់ ] » ( ពង្សាវតាក្សត្រ ទី១ ៨:៥៨ ) ។ សូមប្រាប់កុមារពីរបៀបដែលព្រះវិហារបរិសុទ្ធជួយបងប្អូនឲ្យដើរតាមផ្លូវរបស់ព្រះអម្ចាស់ ។ សូមអញ្ជើញកុមារចែកចាយអារម្មណ៍របស់ពួកគេអំពីព្រះវិហារបរិសុទ្ធ ។ សូមច្រៀងជាមួយកុមារនូវបទចម្រៀងមួយបទអំពីព្រះវិហារបរិសុទ្ធ ដូចជាបទ « ខ្ញុំចូលចិត្តមើលព្រះវិហារបរិសុទ្ធ » ( សៀវភៅចម្រៀងកុមារទំព័រ ៩៩ ) ។
-
សូមឲ្យក្រដាសបេះដូងខ្លះៗដល់កុមារមួយ ចំនួន និងក្រដាសស្នាមដានជើងទៅកាន់កុមារមួយចំនួនផ្សេង ទៀត ។ សូមអាន ពង្សាវតាក្សត្រ ទី១ ៨:៥៨ហើយសុំឲ្យកុមារលើករូបបេះដូងឡើងនៅពេលបងប្អូននិយាយ ពាក្យ « ចិត្ត » និងស្នាមដានជើងនៅពេលបងប្អូននិយាយឃ្លាថា « ដើរតាមគ្រប់ទាំងផ្លូវរបស់ទ្រង់ » ។ សូមជួយកុមារឲ្យយល់ថា យើង ដើរតាមផ្លូវរបស់ព្រះអម្ចាស់ នៅពេលយើងធ្វើតាមព្រះយេស៊ូវ ហើយព្យាយាមប្រែក្លាយឲ្យដូចជាទ្រង់ ។ សូមសួរកុមារថា តើពួកគេធ្វើ អ្វីខ្លះ ដើម្បីដើរ តាមមាគ៌ារបស់ព្រះអង្គសង្គ្រោះ ។ បងប្អូនអាចច្រៀងចម្រៀងមួយបទអំពីការធ្វើតាមព្រះយេស៊ូវ ដូចជាបទ « ខ្ញុំព្យាយាមក្លាយដូចព្រះយេស៊ូវ »( សៀវភៅចម្រៀងកុមារ ទំព័រ ៤០ ) ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
ព្រះយេស៊ូវគ្រីស្ទគឺជាស្ដេចរបស់យើង ។
ស្តេចទាំងឡាយដែលយើងបានអាននៅក្នុងព្រះគម្ពីរសញ្ញាចាស់ សុទ្ធតែ មានគុណវិបត្តិ និងធ្វើខុស—សូម្បីតែស្តេចដែលល្អក៏ដោយ ។ ប៉ុន្តែស្តេចដែលត្រូវបានព្យាករថាមកពីវង្សដាវីឌ ជាព្រះយេស៊ូវគ្រីស្ទ គឺល្អ ឥតខ្ចោះហើយនឹងសោយរាជ្យជារៀង រហូតតទៅ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារឲ្យអាននូវអ្វីដែលព្យាការីណាថាន់បានប្រាប់ដល់ស្តេចដាវីឌនៅក្នុង សាំយូអែល ទី២ ៧:១៦–១៧ហើយសូមសួរ តើពួកគេគិតថា ទំនាយនេះមានន័យដូចម្ដេច ។ តើនគររបស់ដាវីឌនឹងគ្មានទីបញ្ចប់ដោយ របៀបណា ? សូមជួយកុមារឲ្យស្វែងរក និងអានវគ្គបទគម្ពីរដែលបង្រៀនថា ព្រះយេស៊ូវគ្រីស្ទដែលជាពូជពង្សរបស់ដាវីឌគឺជាស្តេចមួយអង្គ ដូចជា លូកា ១:៣២–៣៣; យ៉ូហាន ១៨:៣៣–៣៧; វិវរណៈ ១៩:១៦ ។ តើព្រះយេស៊ូវគ្រីស្ទដូចជាស្តេចមួយអង្គដោយរបៀបណា ? តើមានវិធីណាខ្លះដែលយើងអាចបង្ហាញថា ព្រះយេស៊ូវគ្រីស្ទគឺជាស្តេចដ៏ អស់កល្បរបស់យើង ?
-
សូមច្រៀងចម្រៀងទំនុកតម្កើងខ្លះជាមួយ កុមារ ដែលសំដៅទៅលើព្រះគ្រីស្ទជាស្តេចរបស់យើង ដូចជា « សូមយាង ឱស្តេចនៃស្តេច » « រីករាយដ្បិតទ្រង់ជាស្តេច » ឬ « គ្រាមួយព្រះយេស៊ូវកំសត់ » ( ទំនុកតម្កើង លេខ ២៣, ២៦, ១១៨ ) ។ តើទំនុកតម្កើងទាំងនេះបង្រៀន យើងអ្វីខ្លះ អំពីអត្ថន័យនៃការមានព្រះយេស៊ូវគ្រីស្ទជាស្តេចរបស់យើង ?
ខ្ញុំអាចយកឈ្នះការល្បួង បាន ។
កុមារដែលបងប្អូនបង្រៀនធ្វើការសម្រេច ចិត្តតូចតាចតែសំខាន់ ជារៀង រាល់ថ្ងៃ ។ តើបងប្អូនអាចជួយពួកគេឲ្យយល់អំពីសារៈសំខាន់នៃការជ្រើសរើសអ្វីដែលត្រឹមត្រូវ ទោះបីជាវាមានការពិបាកយ៉ាងដូចម្តេច ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមពិនិត្យមើល សាំយូអែល ទី២ ១១ ជាមួយកុមារ ដោយចង្អុលបង្ហាញនូវជម្រើសដែលដាវីឌបានធ្វើ ។ សូមសួរកុមារថា តើជម្រើសល្អៗអ្វីខ្លះដែលដាវីឌគួរតែធ្វើ ។ នៅពេលដែលយើងត្រូវបានល្បួង តើមានអ្វីខ្លះដែល យើងអាច ធ្វើ បាន ដែល អាចជួយ យើងឲ្យជ្រើសរើសផ្លូវត្រូវ ?
-
ដើម្បីចែកចាយនូវឧទាហរណ៍អំពីនរណា ម្នាក់ ដែលមិនដូចដាវីឌ ដែលបានទប់ទល់ នឹងការល្បួង សូមសួរកុមារថា តើពួកគេចាំរឿងរបស់យ៉ូសែប និងភរិយារបស់ប៉ូទីផារដែរ ឬទេ ? ( សូមមើល លោកុប្បត្តិ ៣៩:៧–១២ ) ។ បងប្អូនអាចរំឭករឿងនេះជាមួយកុមារ និងជួយពួកគេប្រៀបធៀបវាជាមួយរឿងរបស់ដាវីឌ ។ តើយើងអាចរៀនអ្វីខ្លះពីរឿងរបស់ដាវីឌ និងយ៉ូសែបអំពីរបៀបទប់ទល់នឹងការល្បួង ?
សូមលើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមជួយកុមារឲ្យគិតពីអ្វីមួយដែលពួកគេអាចធ្វើបាន ដើម្បីអនុវត្តនូវអ្វីដែលពួកគេបានរៀននៅថ្ងៃនេះ ។ បន្ទាប់មក សូមលើក ទឹកចិត្តពួកគេឲ្យធ្វើតាមផែនការរបស់ពួកគេ ។