« ថ្ងៃទី ១០–១៦ ខែ តុលា ។ យេរេមា ១–៣; ៧; ១៦–១៨; ២០ ៖ ‹ មុនដែលយើងបានជបបង្កើតឯងនៅក្នុងពោះម្តាយ នោះយើងស្គាល់ឯងហើយ › » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ១០–១៦ ខែ តុលា ។ យេរេមា ១–៣; ៧; ១៦–១៨; ២០ » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២២
ថ្ងៃទី ១០–១៦ ខែ តុលា
យេរេមា ១–៣; ៧; ១៦–១៨; ២០
« មុនដែលយើងបានជបបង្កើតឯងនៅក្នុងពោះម្តាយ នោះយើងស្គាល់ឯងហើយ »
« គោលដៅរបស់គ្រូបង្រៀនដំណឹងល្អគ្រប់រូប … គឺដើម្បីបង្រៀនគោលលទ្ធិនៃដំណឹងល្អ ដោយព្រះវិញ្ញាណ ដើម្បីជួយកូនចៅរបស់ព្រះស្ថាបនាជំនឿរបស់ពួកគេទៅលើព្រះអង្គសង្គ្រោះ ហើយប្រែក្លាយកាន់តែដូចជាទ្រង់ » ( ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ក្របមុខ ) ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
អញ្ជើញឲ្យចែកចាយ
សូមសរសេរនៅលើចម្រៀកក្រដាសនូវពាក្យគន្លឹះមួយចំនួន ចេញពីការសិក្សាសប្ដាហ៍នេះអំពីយេរេមា ដូចជា ព្យាការី ទឹករស់ ការប្រមូលផ្ដុំ និង ដីឥដ្ឋ ។ សូមដាក់ក្រដាសនៅក្នុងប្រអប់មួយ ហើយអញ្ជើញកុមារឲ្យរើសយកក្រដាសមួយ ហើយចែកចាយគំនិតដែលពួកគេមានអំពីអ្វីដែលសរសេរនៅលើចម្រៀកក្រដាសនោះ ។ សូមជួយពួកគេឲ្យឃើញពីរបៀបដែលពាក្យនោះទាក់ទងទៅនឹងអ្វីមួយដែលយេរេមាបានបង្រៀន ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
ព្រះវរបិតាសួគ៌បានស្គាល់ខ្ញុំតាំងពីមុនខ្ញុំបានកើតមកម្ល៉េះ ។
ដោយសារយើងបានរស់នៅជាមួយព្រះ ពីមុនពេលយើងបានមកលើផែនដីនេះ នោះទ្រង់ស្គាល់យើង សូម្បីតែយើងមិនអាចចងចាំទ្រង់ក្ដី ។ តើបងប្អូននឹងជួយកុមារដែលបងប្អូនបង្រៀនឲ្យយល់ពីសេចក្ដីពិតដ៏សំខាន់នេះដោយរបៀបណា ?
សកម្មភាពដែលអាចធ្វើបាន
-
សូមអាន យេរេមា ១:៥ ទៅកាន់កុមារ ហើយពន្យល់ថា ព្រះបានស្គាល់ព្យាការីយេរេមាពីមុនលោកបានកើតមកម្ល៉េះ ។ សូមប្រាប់កុមារម្នាក់ៗថា ព្រះវរបិតាសួគ៌ក៏ស្គាល់ពួកគេម្នាក់ៗពីមុនពួកគេបានកើតមកផងដែរ ហើយថាទ្រង់បានបញ្ជូនពួកយើងម្នាក់ៗមកទីនេះដោយមានគោលបំណងមួយ ។
-
សូមបង្ហាញរូបភាពទារកដល់កុមារ ហើយសួរកុមារថា តើពួកគេដឹងទេថា ទារកនេះបានរស់នៅទីណាពីមុនគេបានកើតមក ។ សូមច្រៀងរួមគ្នានូវចម្រៀងដែលបង្រៀនអំពីជីវិតមុនជីវិតនេះរបស់យើងដែលនៅជាមួយនឹងព្រះ ដូចជាបទ « ខ្ញុំជាកូនរបស់ព្រះ » ឬ « ខ្ញុំរស់នៅស្ថានសួគ៌ » ( សៀវភៅចម្រៀងកុមារ ទំព័រ ២–៣, ១៤០ ) ។ សូមនិយាយអំពីអារម្មណ៍ខាងវិញ្ញាណដែលបទចម្រៀងនេះធ្វើឲ្យយើងគិត ។ សូមថ្លែងទីបន្ទាល់របស់បងប្អូនថា យើងទាំងអស់គ្នាធ្លាប់រស់នៅជាមួយព្រះវរបិតាសួគ៌ ហើយថាទ្រង់បានបញ្ជូនយើងមកផែនដីនេះ ។
ពួកព្យាការីត្រូវបានហៅឲ្យថ្លែងពីព្រះបន្ទូលរបស់ព្រះអម្ចាស់ ។
ការហៅរបស់យេរេមាបង្ហាញពីអ្វីដែលព្រះអម្ចាស់បង្គាប់ឲ្យពួកព្យាការីធ្វើ ។ តើបងប្អូនអាចជួយកុមារដែលបងប្អូនបង្រៀន ឲ្យពង្រឹងបំណងប្រាថ្នារបស់ពួកគេក្នុងការធ្វើតាមព្យាការីដែលនៅរស់ដោយរបៀបណា ?
សកម្មភាពដែលអាចធ្វើបាន
-
សូមបង្ហាញរូបភាពព្យាការីដែលនៅរស់ដល់កុមារ ហើយអញ្ជើញឲ្យពួកគេចែកចាយពីអ្វីដែលពួកគេដឹងអំពីលោក ។ តើពួកព្យាការីធ្វើអ្វីខ្លះ ? សូមអានឲ្យកុមារស្តាប់នូវអ្វីដែលព្រះបានមានបន្ទូលទៅកាន់ព្យាការីម្នាក់ទៀត គឺយេរេមា នៅក្នុង យេរេមា ១:៧ ។ សូមឲ្យកុមារដើរនៅនឹងកន្លែង នៅពេលដែលបងប្អូនអានថា « ដ្បិតបើយើងចាត់ឯងឲ្យទៅឯអ្នកណា នោះឯងត្រូវតែទៅ » និងធ្វើជានិយាយ នៅពេលដែលបងប្អូនអាន « សេចក្តីអ្វីដែលយើងបង្គាប់ឯង នោះឯងត្រូវតែប្រាប់ដែរ » ។ សូមចែកចាយទីបន្ទាល់របស់បងប្អូនថា ពួកព្យាការីធ្វើ និងនិយាយអ្វីដែលព្រះអម្ចាស់បានបង្គាប់ ។
-
សូមបង្ហាញកុមារនូវរូបភាពពួកព្យាការីមកពីព្រះគម្ពីរ ( សូមមើល សៀវភៅរូបភាពដំណឹងល្អ, ទស្សនាវដ្តីសាសនាចក្រ និង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ) ។ សូមឲ្យកុមារប្រាប់បងប្អូនពីអ្វីដែលពួកគេដឹងអំពីព្យាការីទាំងនេះ ។ សូមប្រាប់កុមារដោយសង្ខេបៗអំពីអ្វីមួយ ដែលព្យាការីម្នាក់ៗបានធ្វើដើម្បីជួយដល់កិច្ចការរបស់ព្រះ ។ សូមថ្លែងទីបន្ទាល់របស់បងប្អូនថា ពួកព្យាការីត្រូវបានហៅដោយព្រះ ដើម្បីថ្លែងពីព្រះបន្ទូលរបស់ទ្រង់ និងបម្រើដល់រាស្ត្ររបស់ទ្រង់ ។
ខ្ញុំអាចជួយបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ឲ្យត្រឡប់មករកទ្រង់វិញ ។
ក្នុងការដកស្រង់ យេរេមា ១៦:១៦ ប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍ថា « ពួកអ្នកផ្សព្វផ្សាយសាសនារបស់យើងបានស្រាវជ្រាវរកអ៊ីស្រាអែលដែលបានខ្ចាត់ព្រាត់ ពួកគេបានប្រមាញ់រកអ៊ីស្រាអែលនោះចេញពី ‹ ក្រហែងថ្មទាំងប៉ុន្មានផង › ហើយពួកគេបាននេសាទពួកគេ ដូចនៅក្នុងជំនាន់បុរាណដែរ » ( « The Gathering of Scattered Israel » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៨១ ) ។
សកម្មភាពដែលអាចធ្វើបាន
-
ខណៈពេលដែលបងប្អូនអាន យេរេមា ១៦:១៦ សូមអញ្ជើញកុមារឲ្យធ្វើជានេសាទត្រី ឬបរបាញ់សត្វ ។ សូមពន្យល់ថា ពួកនេសាទ និងពួកព្រាននៅក្នុងខគម្ពីរនេះ អាចតំណាងឲ្យពួកអ្នកផ្សព្វផ្សាយសាសនា ។ សូមឲ្យកុមារធ្វើពុតជាពួកអ្នកផ្សព្វផ្សាយសាសនា ។ តើពួកអ្នកផ្សព្វផ្សាយសាសនាធ្វើអ្វីខ្លះ ? តើយើងអាចជួយពួកគេបានយ៉ាងដូចម្ដេច ?
-
សូមបង្កើតល្បែងផ្គូផ្គងមួយដោយប្រើប្រាស់ទំព័រសកម្មភាពសប្ដាហ៍នេះ ។ នៅពេលកុមារម្នាក់រកឃើញរូបភាពត្រូវគ្នា សូមនិយាយអំពីអ្វីដែលរូបភាពនោះបង្ហាញថាយើងអាចធ្វើបាន ដើម្បីជួយដល់បុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ឲ្យត្រឡប់ទៅរកទ្រង់វិញ ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
ពួកព្យាការីត្រូវបានហៅឲ្យថ្លែងពីព្រះបន្ទូលរបស់ព្រះអម្ចាស់ ។
តើបងប្អូនអាចជួយកុមារឲ្យពង្រឹងសេចក្ដីជំនឿរបស់ពួកគេលើពួកព្យាការី និងយល់ពីតួនាទីរបស់ពួកព្យាការីនៅក្នុងនគររបស់ព្រះយ៉ាងដូចម្ដេច ?
សកម្មភាពដែលអាចធ្វើបាន
-
សូមជ្រើសរើសខគម្ពីរគន្លឹះៗមួយចំនួនចេញមកពី យេរេមា ១ ដែលបង្រៀនពីសេចក្ដីពិតសំខាន់ៗអំពីពួកព្យាការី ដូចជា ខទី ៥, ៧, ១០ និង ១៩ ។ សូមឲ្យកុមារម្នាក់ៗជ្រើសយកខគម្ពីរមួយ អានវា ហើយចែកចាយពីអ្វីមួយដែលគេបានរៀនអំពីពួកព្យាការីមកពីខគម្ពីរនោះ ។ សូមអញ្ជើញកុមារពីរបីនាក់ឲ្យចែកចាយទីបន្ទាល់របស់ពួកគេអំពីការធ្វើតាមព្យាការី ។
-
សូមបង្ហាញរូបភាពព្យាការីដែលនៅរស់ ហើយច្រៀងជាមួយគ្នានូវបទចម្រៀងមួយបទអំពីព្យាការី ដូចជាបទ « ចូរមកស្តាប់សំឡេងព្យាការី » ( ទំនុកតម្កើង ល.រ. ១២ ) ។ សូមជួយកុមារឲ្យធ្វើបញ្ជីមួយអំពីការណ៍ទាំងឡាយដែលព្យាការីនៅរស់បានសូមយើងឲ្យធ្វើ ។ សូមជ្រើសរើសសារលិខិតសន្និសីទទូទៅថ្មីៗមួយមកពីព្យាការី ហើយជួយកុមារឲ្យស្វែងរកការប្រឹក្សានៅក្នុងសារលិខិតរបស់លោក ។ តើយើងធ្វើតាមព្យាការីដោយរបៀបណា ? សូមពិភាក្សាពីរបៀបដែលការប្រឹក្សាមកពីពួកព្យាការីជួយយើងឲ្យធ្វើតាមព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានកាន់តែប្រសើរឡើង ។
-
សូមបង្ហាញវីដេអូ « Why Do We Have Prophets? » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) ហើយសួរកុមារថា តើពួកគេនឹងពន្យល់ដល់មិត្តភក្ដិម្នាក់ដោយរបៀបណា ពីមូលហេតុដែលវាជាពរជ័យមួយដើម្បីមានព្យាការីនៅរស់ម្នាក់ ( សូមមើល មាត្រានៃសេចក្ដីជំនឿ ១:៦, ៩ ) ។ សូមអញ្ជើញកុមារឲ្យចែកចាយអារម្មណ៍របស់ពួកគេអំពីព្យាការីដែលនៅរស់ ។
ខ្ញុំអាចចូលរួមក្នុងការប្រមូលអ៊ីស្រាអែល ។
សារលិខិតអំពីការប្រមូលអ៊ីស្រាអែលមាននៅក្នុង យេរេមា ១៦:១៤–១៥ អាចផ្ដល់ឱកាសដ៏អស្ចារ្យមួយ ដើម្បីនិយាយប្រាប់កុមារអំពីកិច្ចការផ្សព្វផ្សាយសាសនា និងកិច្ចការពង្សប្រវត្តិ ។ នេះជារបៀបមួយដែលយើង « ឈរជាសាក្សីដល់ព្រះ » ( ម៉ូសាយ ១៨:៩ ) ។
សកម្មភាពដែលអាចធ្វើបាន
-
សូមអាន យេរេមា ១៦:១៤ ជាមួយគ្នា ហើយសូមឲ្យកុមារចែកចាយព័ត៌មានពិស្ដារដែលពួកគេចាំអំពីរបៀបដែល « ព្រះយេហូវ៉ា … បាននាំពួកកូនចៅអ៊ីស្រាអែលឡើងរួចពីស្រុកអេស៊ីព្ទមក » ( សូមមើល និក្ខមនំ ១៤ ) ។ សូមឲ្យពួកគេអាន យេរេមា ១៦:១៥ ដើម្បីរកមើលថា ព្រឹត្តិការណ៍អ្វីដែលយេរេមាបាននិយាយ ដែលនឹងកាន់តែអស្ចារ្យជាងនោះទៀតនោះ ។ សូមពន្យល់ថា សាសន៍អ៊ីស្រាអែលបានខ្ចាត់ខ្ចាយទៅពេញទាំងផែនដី ប៉ុន្តែព្រះបានសន្យាថានឹងប្រមូលពួកគេមកឯទ្រង់ និងសាសនាចក្រទ្រង់វិញ ។ ការណ៍នេះហៅថា ការប្រមូលនៃសាសន៍អ៊ីស្រាអែល ។ តើការណ៍នេះស្រដៀងគ្នាទៅនឹងការរំដោះមនុស្សចេញពីសេវកភាពយ៉ាងដូចម្ដេច ?
-
សូមចែកចាយសេចក្ដីថ្លែងការណ៍នេះមកពីប្រធាន រ័សុល អិម ណិលសុន ៖ « រាល់ពេល ដែលប្អូនៗធ្វើ អ្វីមួយ ដើម្បីជួយ នរណាម្នាក់—ទាំងសងខាងនៃវាំងនន—បោះជំហានទៅធ្វើសេចក្ដីសញ្ញាជាមួយនឹងព្រះ ហើយទទួលពិធីបរិសុទ្ធនៃបុណ្យជ្រមុជទឹក និងព្រះវិហារបរិសុទ្ធដ៏សំខាន់របស់ពួកគេ នោះប្អូនៗកំពុងជួយប្រមូលសាសន៍អ៊ីស្រាអែលហើយ » ( រ័សុល អិម ណិលសុន និង វេនឌី ដ័បុលយូ ណិលសុន « សង្ឃឹមអ៊ីស្រាអែល » [ ការប្រជុំធម្មនិដ្ឋានសម្រាប់យុវវ័យទូទាំងពិភពលោក ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ] បន្ថែមទៅនឹង New Era និង Ensign ខែ សីហា ឆ្នាំ ២០១៨ ទំព័រ ១៥ នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ តើយើងអាចជួយប្រមូលសាសន៍នៃអ៊ីស្រាអែលយ៉ាងដូចម្ដេច ?
-
សូមច្រៀងចម្រៀងមួយបទជាមួយគ្នាអំពីកិច្ចការផ្សព្វផ្សាយសាសនា ដូចជាបទ « ខ្ញុំសង្ឃឹមគេហៅខ្ញុំទៅបម្រើ » ឬ « ហៅឲ្យបម្រើ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៩១, ៩៤ ) ឬបង្ហាញវីដេអូ « Your Day for a Mission » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ សូមសួរកុមារថា តើពួកគេបានរៀនអ្វីខ្លះចេញមកពីចម្រៀង ឬវីដេអូនោះ អំពីមូលហេតុដែលនរណាម្នាក់ជ្រើសរើសដើម្បីបម្រើបេសកកម្ម ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមអញ្ជើញកុមារឲ្យយកទំព័រសកម្មភាពសប្ដាហ៍នេះមួយច្បាប់ ហើយលេងល្បែងផ្គូផ្គងជាមួយក្រុមគ្រួសាររបស់ពួកគេ ។ សូមលើកទឹកចិត្តពួកគេឲ្យនិយាយជាមួយនឹងក្រុមគ្រួសាររបស់ពួកគេ អំពីរបៀបដែលកិច្ចការផ្សព្វផ្សាយសាសនាបានផ្ដល់ពរជ័យដល់ពួកគេ ។