« ថ្ងៃទី ២៤–៣០ ខែ តុលា ។ អេសេគាល ១–៣; ៣៣–៣៤; ៣៦–៣៧; ៤៧ ៖ ‹ យើងនឹងដាក់វិញ្ញាណថ្មីនៅក្នុងឯង › » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ២៤–៣០ ខែ តុលា ។ អេសេគាល ១–៣; ៣៣–៣៤; ៣៦–៣៧; ៤៧ » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២២
ថ្ងៃទី ២៤–៣០ ខែ តុលា
អេសេគាល ១–៣; ៣៣–៣៤; ៣៦–៣៧; ៤៧
« យើងនឹងដាក់វិញ្ញាណថ្មីនៅក្នុងឯង »
បងប្អូននឹងមិនមានពេលគ្រប់គ្រាន់ដើម្បីបង្រៀនគ្រប់គោលការណ៍នៅក្នុងគម្ពីរអេសេគាលនោះទេ ។ សូមស្វែងរកការណែនាំខាងវិញ្ញាណ អំពីអ្វីដែលត្រូវផ្ដោតលើ ហើយលើកទឹកចិត្តកុមារឲ្យបន្តរៀនសូត្រនៅផ្ទះ ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
អញ្ជើញឲ្យចែកចាយ
សូមឱ្យកុមារពីរបីនាក់ប្ដូរវេនគ្នាគូររូបភាពអ្វីដែលពួកគេបានរៀនចេញពីព្រះគម្ពីរនាពេលថ្មីៗនេះ ។ កុមារផ្សេងទៀតអាចទស្សន៍ទាយថា តើកុមារម្នាក់ៗកំពុងតែគូររូបអ្វី ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
ពួកព្យាការីគឺដូចជាអ្នកយាម ដែលព្រមានយើងអំពីគ្រោះថ្នាក់ ។
អេសេគាលគឺដូចជាអ្នកយាម ដែលព្រមានពួកសាសន៍អ៊ីស្រាលអែលអំពីគ្រោះថ្នាក់ដែលពួកគេពុំអាចមើលឃើញ ។ សូមជួយកុមារឲ្យមើលឃើញពីរបៀប ដែលព្យាការីនៅសព្វថ្ងៃនេះគឺដូចជាអ្នកយាម ។
សកម្មភាពដែលអាចធ្វើបាន
-
សូមអានទៅកាន់កុមារនូវអ្វីដែលព្រះអម្ចាស់បានមានបន្ទូលប្រាប់ អេសេគាលនៅក្នុង អេសេគាល ៣:១៧ ។ សូមអញ្ជើញពួកគេឲ្យធ្វើសកម្មភាពតាមពាក្យ ដូចជាការចង្អុលទៅភ្នែក ត្រចៀក និងមាត់របស់ពួកគេ ពេលដែលបងប្អូនអានពាក្យ « អ្នកយាម » « ស្ដាប់ » « មាត់ » ។
-
សូមនាំកុមារដើរជុំវិញបន្ទប់ធ្វើដូចជាដើរឡើងភ្នំ ។ សូមព្រមានប្រាប់ពួកគេអំពីគ្រោះថ្នាក់ដែលមានតាមផ្លូវដើរ ដូចជា ដងស្ទឹងត្រូវលោតរំលង មែកឈើត្រូវឱនចុះ ឬសត្វដែលត្រូវដើរចៀស ។ សូមទុកឲ្យកុមារផ្សេងទៀតប្ដូរវេនគ្នាធ្វើជាអ្នកដឹកនាំ ។ សូមនិយាយអំពីរបៀបដែលព្យាការីរបស់យើងព្រមានយើងអំពីគ្រោះថ្នាក់ ដែលយើងមិនអាចមើលឃើញ ។
-
សូមបង្ហាញរូបភាពរបស់ព្យាការីបច្ចុប្បន្ន ខណៈច្រៀងជាមួយគ្នានូវចម្រៀងមួយបទអំពីព្យាការី ដូចជាវគ្គចុងក្រោយនៃបទ « ធ្វើតាមព្យាការី » ( សៀវភៅចម្រៀងកុមារ ទំព័រ ៥៨–៥៩ ) ។ សូមប្រាប់កុមារពីមូលហេតុដែលព្យាការីគឺដូចជាអ្នកយាមសម្រាប់បងប្អូន ។
ព្រះគម្ពីរបង្រៀនខ្ញុំអំពីព្រះយេស៊ូវគ្រីស្ទ ។
អេសេគាលបានប្រៀបធៀបវង្សអ៊ីស្រាអែលទៅនឹងបន្ទះឈើពីរ ដែលក្លាយជាបន្ទះឈើតែមួយ ។ បន្ទះឈើទាំងនេះក៏តំណាងឲ្យព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមនផងដែរ ដែលរួបរួមគ្នាថ្លែងទីបន្ទាល់អំពីព្រះគ្រីស្ទ ។
សកម្មភាពដែលអាចធ្វើបាន
-
សូមឲ្យព្រះគម្ពីរមរមនទៅកុមារមួយចំនួន ហើយឲ្យព្រះគម្ពីរប៊ីបទៅកុមារផ្សេងទៀត ។ សូមសង្ខេប អេសេគាល ៣៧:១៥–១៩ ដោយពន្យល់ថា ព្រះអម្ចាស់បានមានបន្ទូលប្រាប់អេសេគាលឲ្យសរសេរនៅលើបន្ទះឈើពីរ ដែលតំណាងឲ្យព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមន ។ សូមអាន ខទី ១៧ ហើយអញ្ជើញកុមារម្នាក់ៗឲ្យស្វែងរកអ្នកដែលមានគម្ពីរមួយខុសពីរបស់ពួកគេ រួចហើយ « ភ្ជាប់គ្នា » ដើម្បីវា « បានជាប់ជាមួយគ្នានៅ [ ដៃវា ] » ។ សូមនិយាយអំពីរបៀបដែលព្រះគម្ពីរទាំងពីរ គឺព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមន ជួយយើងឲ្យពង្រឹងសេចក្តីជំនឿរបស់យើងទៅលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
-
ការប្រើប្រាស់រូបភាពមកពី សៀវភៅរូបភាពដំណឹងល្អ ឬមកពីសៀវភៅ ចូរមកតាមខ្ញុំ ពីឆ្នាំមុនៗ ជួយកុមារឲ្យចែកចាយដំណើររឿងអំពីព្រះយេស៊ូវចេញពីព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមន ។ សូមឲ្យពួកគេចែកចាយពីមូលហេតុដែលពួកគេមានអំណរគុណក្នុងការមានព្រះគម្ពីរទាំងពីរនេះ ។
ពរជ័យដ៏អស្ចារ្យបានមកពីព្រះវិហារបរិសុទ្ធ ។
ការនិមិត្តរបស់អេសេគាលអំពីទឹកដែលបានជាល្អវិញ ដែលបានហូរចេញពីព្រះវិហារបរិសុទ្ធមួយ អាចជួយកុមារឲ្យរៀនថា ព្រះវិហារបរិសុទ្ធនាំមកនូវពរជ័យចូលមកក្នុងជីវិតយើង ។
សកម្មភាពដែលអាចធ្វើបាន
-
សូមបង្ហាញទឹកមួយកែវដល់កុមារ ។ តើទឹកផ្ដល់ពរដល់យើងយ៉ាងដូចម្ដេច ? សូមប្រាប់កុមារអំពីការនិមិត្តរបស់អេសេគាល អំពីទឹកដែលហូរចេញពីព្រះវិហារបរិសុទ្ធ ( សូមមើលអេសេគាល ៤៧:១–១២ ) ។ សូមបង្ហាញរូបភាពនៅក្នុង គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ( សូមមើលផងដែរនូវវីដេអូ « And the River Will Grow » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ សូមប្រាប់កុមារអំពីពរជ័យដែលបងប្អូនទទួលបាន ដែលហូរចេញមកពីព្រះវិហារបរិសុទ្ធ ដូចជាទឹកស្ទឹងនៅក្នុងការនិមិត្តរបស់អេសេគាលដែរ ។
-
សូមអញ្ជើញកុមារឲ្យគូររូបរបស់ពួកគេផ្ទាល់កំពុងធ្វើដំណើរទៅកាន់ព្រះវិហារបរិសុទ្ធ ។ សូមច្រៀងចម្រៀងមួយបទរួមគ្នា ដែលពិពណ៌នាអំពីពរជ័យព្រះវិហារបរិសុទ្ធ ដូចជាបទ « ក្រុមគ្រួសារអាចនៅជាមួយគ្នាជានិរន្តរ» ( សៀវភៅចម្រៀងកុមារ ទំព័រ ៩៨ ) ។ តើបទចម្រៀងនេះបង្រៀនយើងអំពីរបៀបដែលព្រះវិហារបរិសុទ្ធផ្ដល់ពរដល់យើងយ៉ាងដូចម្តេច ?
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
ព្រះយេស៊ូវគ្រីស្ទអាចជួយខ្ញុំឲ្យផ្លាស់ប្ដូរដួងចិត្តរបស់ខ្ញុំ ។
អេសេគាលបានប្រើឃ្លាដូចជា « ចិត្តថ្មី » និង « វិញ្ញាណថ្មី » ដើម្បីបង្រៀនអំពីប្រភេទនៃការផ្លាស់ប្ដូរដែលព្រះអង្គសង្គ្រោះប្រទានដល់ជីវិតយើង ។
សកម្មភាពដែលអាចធ្វើបាន
-
សូមកុមារឲ្យរកមើលក្នុង អេសេគាល ២:៣–៤; ៣:៧ នូវពាក្យដែលពិពណ៌នាពីពួកសាសន៍អ៊ីស្រាអែល ។ បន្ទាប់មក សូមអញ្ជើញពួកគេឲ្យអាន អេសេគាល ៣៦:២៦–២៧ ដើម្បីរៀនពីរបៀបដែលព្រះអង្គសង្គ្រោះបានប្រទានជំនួយដើម្បីជួយពួកគេឲ្យផ្លាស់ប្ដូរ ។ តើពាក្យអ្វីខ្លះដែលអាចពិពណ៌នាពី « ចិត្តថ្មី » និង « វិញ្ញាណថ្មី » ដែលទ្រង់ប្រទានដល់យើង ? ( ជាឧទាហរណ៍ សូមមើល ម៉ូសាយ ៣:១៩; ៥:២ ) ។
-
សូមឲ្យកុមារគិតអំពីអ្វីៗដែលមនុស្ស « ចិត្តខែង » ឬ « ចិត្តចចេស » ( អេសេគាល ២:៤; ៣:៧ ) អាចនឹងធ្វើ ។ ឧទាហរណ៍ តើពួកគេអាចនឹងមានប្រតិកម្មយ៉ាងដូចម្តេច ចំពោះដំបូន្មានមកពីឪពុក ឬម្ដាយ ឬព្យាការី ? តើពួកគេអាចនឹងធ្វើអ្វីខ្លះ ពេលពួកគេឃើញមនុស្សទ័លក្រ ? តើយើងប្រព្រឹត្តខុសពីនោះយ៉ាងដូចម្តេច នៅពេលព្រះអង្គសង្គ្រោះបានបន្ទន់ចិត្តរបស់យើង ?
ព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមន ជួយ « ប្រមូល » យើងឲ្យមកកាន់ព្រះយេស៊ូវគ្រីស្ទ ។
« បន្ទះឈើ១នោះដែលជារបស់ពួកយូដា » ( ព្រះគម្ពីរប៊ីប ) និង « បន្ទះឈើរបស់ពួកយ៉ូសែប » ( ព្រះគម្ពីរមរមន ) ធ្វើការរួមគ្នាដើម្បីប្រមូលអ៊ីស្រាអែលឲ្យមកឯព្រះអង្គសង្គ្រោះ ( សូមមើល អេសេគាល ៣៧:១៩ ) ។
សកម្មភាពដែលអាចធ្វើបាន
-
សូមលើកព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមនឡើង ហើយសួរកុមារពីមូលហេតុដែលពួកគេមានអារម្មណ៍ថា វាជាការល្អដែលមានព្រះគម្ពីរទាំងពីរនេះ ។ សូមអាន អេសេគាល ៣៧:១៩ ឲ្យកុមារស្តាប់ ហើយពន្យល់ថា « បន្ទះឈើរបស់ពួកយ៉ូសែប » សំដៅដល់ព្រះគម្ពីរមរមន ដែលត្រូវបានសរសេរដោយពួកកូនចៅរបស់យ៉ូសែបស្រុកអេស៊ីព្ទ ហើយ « បន្ទះឈើ១នោះដែលជារបស់ពួកយូដា » សំដៅដល់ព្រះគម្ពីរប៊ីប ដែលត្រូវបានសរសេរដោយពួកយូដាភាគច្រើនបំផុត ។ បន្ទាប់មក សូមអាន ខទី ២១–២៣ និង នីហ្វៃទី២ ៣:១២ ហើយរៀបរាប់ពីពរជ័យទាំងឡាយ ដែលបានមកពីការមានព្រះគម្ពីរទាំងពីរ ។
-
សូមដាក់រូបភាពរបស់ព្រះយេស៊ូវនៅកណ្ដាលបន្ទប់ ហើយឲ្យកុមាររំកិលកៅអីទៅកន្លែងផ្សេងៗនៅតាមជញ្ជាំងបន្ទប់ ។ បន្ទាប់មក សូមឲ្យពួកគេប្រើ សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ដើម្បីស្វែងរកបទគម្ពីរនៅក្នុងព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមន ដែលបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ ( ប្រសិនបើចាំបាច់ សូមបង្ហាញពួកគេរបៀបដើម្បីស្វែងរក ) ។ ក្រោយពីកុមារម្នាក់ៗចែកចាយបទគម្ពីរមួយហើយ សូមអញ្ជើញកុមារទាំងអស់គ្នាឲ្យខិតកៅអីរបស់ពួកគេឲ្យកាន់តែជិតរូបភាពព្រះយេស៊ូវ ។ សូមបន្តធ្វើរហូតទាល់តែកុមារគ្រប់រូបត្រូវបាន « ប្រមូល » ត្រឡប់មកទ្រង់វិញ ។
ពរជ័យនៃព្រះវិហារបរិសុទ្ធអាចព្យាបាលដួងចិត្ត និងក្រុមគ្រួសាររបស់យើងបាន ។
ទឹកដែលហូរចេញពីព្រះវិហារបរិសុទ្ធ នៅក្នុងការនិមិត្តរបស់អេសេគាល បានធ្វើឲ្យអ្វីគ្រប់យ៉ាងដែលទឹកនេះបានប៉ះមានជីវិតឡើងវិញ ។ ស្រដៀងគ្នានេះដែរ ពរជ័យដែលហូរមកពីព្រះវិហារបរិសុទ្ធ អាចព្យាបាលយើងខាងវិញ្ញាណ និងនាំយើងទៅកាន់ជីវិតដ៏អស់កល្បជានិច្ច ។
សកម្មភាពដែលអាចធ្វើបាន
-
សូមសរសេររាយនៅលើក្ដារខៀននូវពាក្យ និងឃ្លាគន្លឹះមួយចំនួនដែលទាក់ទងនឹង អេសេគាល ៤៧:១–១២ ដូចជា ព្រះវិហារ ទឹកស្ទឹង វាល សមុទ្រ ត្រីយ៉ាងសន្ធឹក និង ដើមឈើជាច្រើន ។ សូមអញ្ជើញកុមារម្នាក់ៗឲ្យរើសយកពាក្យមួយក្នុងចំណោមពាក្យទាំងនេះដើម្បីគូរគំនូរ ។ បន្ទាប់មក សូមអានខគម្ពីរទាំងនោះជាមួយគ្នា ហើយអញ្ជើញកុមារឲ្យចែកចាយគំនូររបស់ពួកគេ ពេលដែលផ្នែករបស់ពួកគេត្រូវបានលើកឡើង ។ តើពរជ័យអ្វីខ្លះ ដែលបានមកពីទឹកស្ទឹងនៅក្នុងការនិមិត្តនេះ ? ( សូមមើល ខទី ៨–៩, ១២ ) ។ សូមជួយកុមារឲ្យមើលឃើញពីរបៀបដែលពរជ័យទាំងនេះ គឺដូចជាពរជ័យដែលព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះប្រទានដល់ពួកអ្នកដែលរក្សាសេចក្ដីសញ្ញានៃព្រះវិហារបរិសុទ្ធ ។
-
សូមបង្ហាញវីដេអូ « And the River Will Grow » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ ឬអានរួមគ្នានូវអ្វីដែលអែលឌើរ ឌេល ជី រ៉េនឡាន់ បានបង្រៀនអំពីការនិមិត្តរបស់អេសេគាលនៅក្នុង « Family History and Temple Work: Sealing and Healing » ( Liahona ខែ ឧសភា ឆ្នាំ ៤៧–៤៨ ) ។ សូមប្រាប់កុមារពីរបៀបដែលកិច្ចការពង្សប្រវត្តិ និងព្រះវិហារបរិសុទ្ធបាននាំមកនូវការព្យាបាលរបស់ព្រះអង្គសង្គ្រោះចំពោះបងប្អូន ។ សូមអញ្ជើញកុមារឲ្យចែកចាយអារម្មណ៍របស់ពួកគេអំពីព្រះវិហារបរិសុទ្ធ ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមអញ្ជើញកុមារឲ្យចែកចាយជាមួយក្រុមគ្រួសារពួកគេ នូវអ្វីមួយដែលពួកគេបានរៀននៅថ្ងៃនេះ និងអ្វីមួយដែលពួកគេចង់រៀនបន្ថែមទៀត ។