ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ៣–៩ ខែ តុលា ។ អេសាយ ៥៨–៦៦ ៖ « អ្នក​ដ៏​ជួយ​ប្រោស​លោះ​មក​ឯ​ក្រុង​ស៊ីយ៉ូន »


« ថ្ងៃទី ៣–៩ ខែ តុលា ។ អេសាយ ៥៨–៦៦ ៖ ‹ អ្នក​ដ៏​ជួយ​ប្រោស​លោះ​មក​ឯ​ក្រុង​ស៊ីយ៉ូន › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋម​សិក្សា ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ៣–៩ ខែ តុលា ។ អេសាយ ៥៨–៦៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២២

ព្រះយេស៊ូវ​កំពុង​បង្រៀន​នៅ​ក្នុង​សាលាប្រជុំ

ព្រះយេស៊ូវ​នៅ​ក្នុង​សាលាប្រជុំ​នៅ​ណាសារ៉ែត ដោយ ហ្គ្រេក ខេ អូលសិន

ថ្ងៃទី ៣–៩ ខែ តុលា

អេសាយ ៥៨–៦៦

« អ្នក​ដ៏​ជួយ​ប្រោស​លោះ​មក​ឯ​ក្រុង​ស៊ីយ៉ូន »

គំនិត​សម្រាប់​សកម្មភាព​នៅ​ក្នុង​គម្រោង​មេរៀន​នេះមាន​គោលបំណង​ដើម្បី​បំផុស​គំនិត​ច្នៃប្រឌិត​របស់​បងប្អូន ។ សូម​កុំ​មាន​អារម្មណ៍​ថា​ចាំបាច់​ត្រូវតែ​ធ្វើ​តាម​គម្រោង​មេរៀន​ទាំងនេះ​អី សូម​ធ្វើតាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​ពីមុន និង​អំឡុង​មេរៀន​របស់​បងប្អូន ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

ពាក្យ​សម្ដី​របស់​អេសាយ​ភាគច្រើន ថ្លែង​ទីបន្ទាល់​អំពី​ព្រះអង្គ​សង្គ្រោះ ។ សូម​បង្ហាញ​រូបភាព​នៃ​ព្រះយេស៊ូវ ហើយ​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​អ្វី​ដែលពួកគេ​បាន​រៀន​អំពី​ទ្រង់​នៅ​សប្ដាហ៍​នេះ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

អេសាយ ៥៨:១៣–១៤

ថ្ងៃ​ឈប់​សម្រាក​ជា​ទី​រីករាយ​ចិត្ត​ដល់​ខ្ញុំ ។

ថ្ងៃ​ឈប់​សម្រាក​គឺ​ជា​ពេល​វេលា​មួយ​សម្រាប់​យើង ដើម្បី​ចងចាំ​ពី​ព្រះអម្ចាស់ ហើយ​សម្រាក​ពី​សកម្មភាព​ប្រចាំ​សប្ដាហ៍​របស់​យើង ។ តើ​បងប្អូន​អាច​ជួយ​កុមារ​ដែល​បងប្អូន​បង្រៀន​ឲ្យចាត់​ថ្ងៃ​ឈប់​សម្រាក​ជា​ទី​រីករាយ​ចិត្ត​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ឲ្យ​កុមារ​ថា​តាម​ឃ្លា « រាប់​ថ្ងៃ​ឈប់​សម្រាក​ទុក​ជា​ទី​រីករាយ​ចិត្ត ហើយ​លើក​ថ្ងៃ​បរិសុទ្ធ​របស់​ព្រះយេហូវ៉ា » ( អេសាយ ៥៨:១៣ ) សាឡើងវិញ​បួន​ប្រាំ​ដង ។ សូម​ពន្យល់​ថា « ជា​ទី​រីករាយ​ចិត្ត » មានន័យ​ថា​អ្វីមួយ​ដែល​នាំ​ឲ្យ​យើង​មាន​អំណរ ។ សូម​ឲ្យ​កុមារ​ចែកចាយ​រឿង​មួយ​ចំនួន​ដែល​នាំ​ឲ្យ​ពួកគេ​មាន​អំណរ ។ សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះអម្ចាស់​បាន​ប្រទាន​ថ្ងៃ​ឈប់​សម្រាក​ដល់​យើង ដោយសារ​ទ្រង់​មាន​ព្រះទ័យ​ចង់​ឲ្យ​យើង​មាន​អំណរ ។ សូម​ប្រាប់​កុមារ​ពី​មូលហេតុ​ដែល​ថ្ងៃ​ឈប់​សម្រាក​ជា​ទីរីករាយ​ចិត្ត​ដល់​បងប្អូន ។

  • សូម​អាន អេសាយ ៥៨:១៤ ទៅ​កុមារ ៖ « គ្រា​នោះ​ឯង​នឹង​បាន​ចិត្ត​រីករាយ​ក្នុង​ព្រះយេហូវ៉ា » ។ សូម​ពន្យល់​ដល់​កុមារ​ថា ថ្ងៃ​ឈប់​សម្រាក​គឺ​ជា​ថ្ងៃ​ពិសេស​មួយ—ជា​ពេល​មួយ​ដែល​យើង​អាច​គិត​អំពី​ការណ៍​ទាំងឡាយ​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​បាន​ធ្វើ ដើម្បី​ជួយ​យើង​ឲ្យ​សប្បាយ​រីករាយ ។ សូម​ជួយ​កុមារ​ឲ្យ​គិត​អំពី​អ្វីៗ​ដែល​ពួកគេ​អាច​ធ្វើ​នៅ​ថ្ងៃ​ឈប់​សម្រាក ដើម្បី​ចងចាំ​ដល់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​គូរ​រូបភាព​ពី​គំនិត​របស់​ពួកគេ ហើយ​ចែកចាយ​រូបភាព​របស់​ពួកគេ​ជាមួយ​នឹង​គ្នា​ទៅ​វិញ​ទៅ​មក និង​ក្រុមគ្រួសារ​របស់​ពួកគេ ។

ស្រ្តី​ម្នាក់​កំពុង​អុជ​ចង្កៀង​ពី​ចង្កៀង​នៅលើ​ដៃ​របស់​បុរស​ម្នាក់

« ព្រះយេហូវ៉ា ទ្រង់​នឹង​ជា​ពន្លឺ​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​ឯង​វិញ » ( អេសាយ ៦០:១៩ ) ។ អំណោយទាន​នៃ​ពន្លឺ ដោយ អ៊ីវ៉ា ធីម៉ូធី

អេសាយ ៦០:១–៣

ខ្ញុំ​អាច​បញ្ចាំង​ពន្លឺ​របស់​ព្រះអង្គ​សង្គ្រោះ​ដល់​មនុស្ស​ដទៃ​បាន ។

អេសាយ​បាន​ព្យាករ​ថា នៅក្នុង​ថ្ងៃ​ចុងក្រោយ រាស្ត្រ​របស់​ព្រះអម្ចាស់​នឹង​ដូច​ជា​ពន្លឺ​ដល់​ពួក​អ្នក​ដែល​នៅក្នុង​សេចក្តី​ងងឹត ។ សូម​ពិចារណា​ពីរបៀប​ដែល​បងប្អូន​អាច​ជួយ​កុមារ​ឲ្យ « ក្រោក​ឡើង » និង « ភ្លឺ​មក​ចុះ » ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​អញ្ជើញ​កុមារ​ឲ្យ​បិទ​ភ្នែក​ពួកគេ ពេល​ដែល​បងប្អូន​អាន អេសាយ ៦០:១–៣ ។ សូម​ឲ្យ​ពួកគេ​បើក​ភ្នែក​របស់​ពួកគេ​ ពេល​ពួកគេ​ឮ​ពាក្យ « ពន្លឺ » ហើយ​បិទ​ភ្នែក ពេល​ពួកគេ​ឮ​ពាក្យ « សេចក្តី​ងងឹត » ។ សូម​ពន្យល់​ថា ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់​គឺ​ដូច​ជា​ពន្លឺ​ដែល​ជួយ​យើង​ឲ្យ​ឃើញ​ផ្លូវ​របស់​យើង​ត្រឡប់​ទៅ​ព្រះវរបិតាសួគ៌​វិញ​ដែរ ។

  • សូម​ឲ្យ​រូបភាព​នៃ​ពន្លឺ​មួយ​ទៅ​កុមារ​ម្នាក់ៗ ( ដូចជា​ព្រះអាទិត្យ ទៀន ឬ​អំពូលភ្លើង ) ។ សូម​ជួយ​ពួកគេ​ឲ្យ​​គិត​អំពី​របៀប​ដែល​ពួកគេ​អាច​ចែកចាយ​ពន្លឺ​របស់​ព្រះអង្គ​សង្គ្រោះ​ជាមួយ​អ្នកដទៃ ។ កាលដែល​គំនិត​នីមួយៗ​ត្រូវបាន​ចែកចាយ​ហើយ សូម​អញ្ជើញ​ពួកគេ​ឲ្យ « ក្រោក​ឡើង » ហើយ « ភ្លឺ​មក​ចុះ » ពោល​គឺ​បញ្ចាំង​ពន្លឺ​របស់​ពួកគេ ដោយ​ការលើក​រូបភាព​របស់​ពួកគេ​ឡើង ។ សូម​ប្រាប់​កុមារ​អំពី​របៀប​ដែល​បងប្អូន​បាន​ឃើញ​ពួកគេ​ចែកចាយ​ពន្លឺ​របស់​ព្រះអង្គ​សង្គ្រោះ ។

  • សូម​ច្រៀង​ជាមួយ​គ្នា​នូវ​បទចម្រៀង​មួយ​បទ​អំពី​ការចែកចាយ​ពន្លឺ ដូចជា​បទ « រះឡើង » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៩៦ ) ។ សូម​ជួយ​កុមារ​ឲ្យ​កត់សម្គាល់​ពាក្យ​ទាំងឡាយ​នៅ​ក្នុង​បទ​ចម្រៀង​នេះ ដែល​បញ្ជាក់​បន្ថែម​លើ​អ្វី​ដែល​ពួកគេ​រៀន​ចេញ​មក​ពី អេសាយ ៦០:១–៣ ។

អេសាយ ៦១:១–៣

ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះអង្គ​សង្គ្រោះ និង​ព្រះប្រោសលោះ​របស់​ខ្ញុំ ។

អេសាយ ៦១:១–៣ ផ្ដល់​នូវ​ការពិពណ៌នា​ដ៏​មាន​អានុភាព​អំពី​បេសកកម្ម​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ការបង្រៀន និង​ការព្យាបាល ។ សូម​រកមើល​វិធី​ដើម្បី​ជួយ​កុមារ​ឲ្យ​ឃើញ​ពី​របៀប​ដែល​ព្រះយេស៊ូវគ្រីស្ទ​អាច​បង្រៀន និង​ព្យាបាល​ពួកគេ​ដោយ​ផ្ទាល់ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ឲ្យ​កុមារ​កាន់​រូបភាព​របស់​ព្រះយេស៊ូវគ្រីស្ទ​កំពុង​បង្រៀន ព្យាបាល និង​ជួយ​អ្នក​ដទៃ​ទៀត ពេល​ដែល​បងប្អូន​អាន អេសាយ ៦១:១ ( សូមមើល សៀវភៅ​រូបភាព​ដំណឹងល្អ ) ។ សូម​ពន្យល់​ថា ព្រះ​បាន​បញ្ជូន​ព្រះយេស៊ូវគ្រីស្ទ ឲ្យ​មក​ធ្វើ​កិច្ចការ​ទាំងនេះ​សម្រាប់​យើង​គ្រប់​គ្នា ។ សូម​ឲ្យ​កុមារចែកចាយ​អារម្មណ៍​របស់​ពួកគេ​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​​ចំពោះ​កុមារ​ម្នាក់ៗ ។

  • អេសាយ ៦១:៣ ពិពណ៌នា​អំពី​អ្នក​ដែល​ស្ដាប់ និង​គោរពតាម​ព្រះអម្ចាស់​ជា « ដើម​ឈើ​នៃ​សេចក្តី​សុចរិត » ។ សូម​គូរ​រូប​ដើមឈើ​នៅលើ​ក្តារខៀន ហើយ​អញ្ជើញ​កុមារ​ឲ្យ​គិត​អំពី​ការណ៍​សុចរិត​នានា​ដែល​ពួកគេ​អាច​ធ្វើ​បាន ។ សម្រាប់​គំនិត​នីមួយៗ​ដែល​បាន​លើកឡើង សូមឲ្យ​កុមារ​គូរ​រូប​ស្លឹក​ឈើ​មួយ​នៅលើ​ដើមឈើ​នោះ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

អេសាយ ៥៨:៦–១១

ការតម​អាហារ​ផ្ដល់​ពរជ័យ​ដល់​ខ្ញុំ និង​អ្នក​ដទៃ​ទៀត​ដែល​ទ័លក្រ ។

កុមារ​មួយ​ចំនួន​ដែល​បងប្អូន​បង្រៀន អាច​នឹង​ធំ​ល្មម​ដើម្បី​ធ្វើការតម​អាហារបាន ។ ប៉ុន្តែ​សូម្បី​តែ​ពួក​កុមារ​ដែល​មិន​ទាន់​អាច​តម​អាហារ​បាន ក៏​អាច​ទទួល​ផល​ប្រយោជន៍​ពី​ការរៀន​ច្បាប់​របស់​ព្រះ​ ស្តីពីការតម​អាហារ​ផងដែរ ហើយ​រៀបចំ​ខ្លួន​ដើម្បី​តម​អាហារ នៅពេល​ពួកគេ​ធំល្មម ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​សរសេរ​នៅលើ​ក្ដារខៀន ហេតុអ្វី​យើង​តម​អាហារ ? និង តើ​យើង​តម​អាហារ​ដោយ​របៀប​ណា ? សូម​អញ្ជើញ​ឲ្យ​កុមារ​សរសេរ​ចម្លើយ​ដែល​អាច​មាន​នៅ​លើ​ក្តារខៀន ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យមើល « តម, តំណម » នៅក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ ( នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) និង អេសាយ ៥៨:៦–១១ ដើម្បី​ស្វែងរក​ចម្លើយ​បន្ថែម​ទៀត ។ តើ អេសាយ ៥៨:៦–១១ អាច​ជួយ​យើង​យ៉ាង​ដូច​ម្ដេច នៅពេល​ពិបាក​ការតម​អាហារ ?

  • សូម​ចែកចាយ​ជាមួយ​កុមារ​នូវ​បទពិសោធន៍​ផ្ទាល់​ខ្លួន​មួយ​អំពី​ការតម​អាហារ ឬ​ចែកចាយ​ដំណើរ​រឿង​មួយ​ចេញ​ពី​ទស្សនាវដ្ដី​សាសនាចក្រ​អំពី​ការតម​អាហារ ។ សូម​សង្កត់​ធ្ងន់​លើ​ពរជ័យ​ដែលទទួលបាន តាមរយៈការតម​អាហារ​ដោយ​មាន​គោលបំណង​ខាង​វិញ្ញាណ ។ ប្រសិន​បើ​មាន​កុមារ​ណា​ម្នាក់​ធ្លាប់​បាន​តម​អាហារ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​អំពី​បទពិសោធន៍​របស់​ពួកគេ ។ សូម​លើកទឹក​ចិត្ត​កុមារ​ឲ្យ​សួរ​ទៅ​ឪពុកម្ដាយ​របស់​ពួកគេ​នៅ​ថ្ងៃ​អាទិត្យ​តម​អាហារ​ក្រោយនេះ អំពី​អត្ថន័យ​នៃ​ការតម​អាហារ ។ សូម​ជួយ​ពួកគេ​ឲ្យយល់​អំពី​អត្ថន័យ​នៃ​ការតម​អាហារ​ដោយ​មាន​គោលបំណង​ដ៏​ស្មោះសរ និង​ដួងចិត្ត​ដែល​ប្រកប​ដោយ​ការអធិស្ឋាន ។

  • សូម​អាន អេសាយ ៥៨:៦–៧ ជាមួយ​គ្នា ហើយ​ពន្យល់​ថា របៀប​មួយ​ដែល​យើង « ចែក​អាហារ [ របស់​យើង ] ដល់​អ្នក​ដែល​ឃ្លាន » នៅពេល​យើង​តម​អាហារ គឺ​តាមរយៈ​ការបរិច្ចាគ​ប្រាក់​ដែល​យើង​ចំណាយ​លើ​អាហារ​នោះ​ទៅ​ជា​ដង្វាយ​តម​អាហារ​វិញ ។ សូម​បង្ហាញ​ក្រដាស​ដង្វាយ​​មួយ​ភាគ​ក្នុង​ដប់ និង​ដង្វាយ​តម​អាហារ​ទៅ​កុមារ ហើយ​ពន្យល់​ពី​របៀប​ដើម្បី​បំពេញ​ក្រដាស​នេះ ។ សូម​ឲ្យ​កុមារ​អាន អេសាយ ៥៨:៨–១០ ហើយ​រកមើល​ពរជ័យ​ដែល​បាន​សន្យា​ទាំងឡាយ​ដែល​យើង​ទទួល​បាន ពេល​យើង​តម​អាហារ ។ តើ​ការតម​អាហារ​អាច​ផ្ដល់​ពរជ័យ​ដល់​យើង និង​ជន​ទ័លក្រយ៉ា​ងដូច​ម្ដេច ?

អេសាយ ៦១:១–៣

ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះអង្គ​សង្គ្រោះ និង​ព្រះប្រោសលោះ​របស់​ខ្ញុំ ។

សូម​ពិចារណា​ពី​របៀប​ដែល​បងប្អូន​អាច​ប្រើប្រាស់​ពាក្យ​សម្ដី​របស់​អេសាយ​ឲ្យ​បាន​ល្អ​បំផុត ដើម្បី​ពង្រឹង​ទីបន្ទាល់​របស់​កុមារ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ថា​ជា​ព្រះអង្គសង្គ្រោះ​ និង​ព្រះប្រោសលោះ​របស់ពួកគេ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ផ្តល់​ពេល​​ឲ្យ​កុមារ​ពីរបី​នាទី​ដើម្បី​អាន អេសាយ ៦១:១–៣ ដោយ​ខ្លួន​ពួកគេ ។ បន្ទាប់​មក សូម​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​នៅលើ​ក្រដាស​មួយ​សន្លឹក ឬ​នៅក្នុង​ទិន្នានុប្បវត្តិ​សិក្សា ថា​ខគម្ពីរទាំងនេះ​បង្រៀន​ពួកគេ​អ្វី​ខ្លះ​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ សូម​អញ្ជើញ​កុមារ​ពីរបី​នាក់​ឲ្យ​ចែកចាយ​អំពី​គំនិត​របស់​ពួកគេ ។

  • សូម​អញ្ជើញ​កុមារ​ឲ្យចែកចាយ​ឃ្លា​មួយ​ចេញពី​ខគម្ពីរ​ទាំងនេះ ដែល​មានន័យ​ជា​ពិសេស​ដល់​ពួកគេ ហើយ​ពន្យល់​ពី​មូលហេតុ ។ តើ​ខ​គម្ពីរទាំងនេះ​ជួយ​យើង​យល់​ពី​អ្វី ដែល​ព្រះយេស៊ូវគ្រីស្ទ​ត្រូវបាន​បញ្ចូន​​មក​ធ្វើ​នៅ​លើ​ផែនដី​នេះដោយ​របៀប​ណា ?

អេសាយ ៦៥:១៧–២៥

សហស្សវត្សរ៍​នឹង​ក្លាយ​ជា​គ្រា​មួយ​នៃ​សេចក្ដី​សុខសាន្ដ និង​អំណរ ។

អេសាយ​បាន​ឃើញ​គ្រា​មួយ ពេល​ដែល​រាស្ត្រ​របស់​ព្រះ​នឹង​មាន​សេចក្ដី​សុខសាន្ត និង​អំណរ ។ ការព្យាករ​នេះ​នឹង​ត្រូវបាន​បំពេញ ពេល​ដែល​ព្រះយេស៊ូវគ្រីស្ទ​យាងមក​ផែនដី​ម្តងទៀត និង​សោយរាជ្យ​រយៈពេល​មួយ​ពាន់​ឆ្នាំ—ជា​រយៈពេលដែល​ត្រូវបានហៅ​ថា សហស្សវត្សរ៍ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • អេសាយ ៦៥:១៧–២៥ ពិពណ៌នា​អំពី​ស្ថានភាព​របស់​ផែនដីនេះ នៅពេល​ព្រះអង្គ​សង្គ្រោះ​យាង​មក​ម្ដង​ទៀត ។ សូម​បំបែក​កុមារ​ជា​ក្រុម​តូចៗ ដោយ​ចែក​ខ​គម្ពីរពីរ​បី​ឲ្យ​ក្រុម​នីមួយៗ​អាន ។ ពីរបី​នាទី​ក្រោយមក សូម​ធ្វើ​បញ្ជី​មួយ​ជាមួយ​គ្នា​នៅលើ​ក្ដារខៀន ថា​ជីវិត​នឹង​ខុស​គ្នា​យ៉ាង​ណា​នៅលើ « ផែនដី​ថ្មី » ដែល​ត្រូវបាន​ពិពណ៌នា​នៅក្នុង​ខគម្ពីរទាំងនេះ ( ខទី ១៧ ) ។ តើ​ហេតុអ្វីពេល​នេះ​ជា​ពេល​មួយ​ដើម្បី « មាន​សេចក្តី​អំណរ ហើយ​រីករាយ​ឡើង​ជា​ដរាប » ? ( ខទី ១៨ ) ។

  • ពីមុន​ថ្នាក់​ចាប់​ផ្ដើម សូម​រៀបចំ​ចម្រៀក​ពាក្យ​ដែល​មាន​ពាក្យ និង​ឃ្លាទាំងឡាយ​មក​ពី​មាត្រា​នៃ​សេចក្ដី​ជំនឿ​ទី​ដប់ ។ សូម​អញ្ជើញ​កុមារ​ម្នាក់​ឲ្យ​សូត្រ​មាត្រា​នៃ​សេចក្ដី​ជំនឿ​នោះ ហើយ​សូមឲ្យ​កុមារដាក់​តម្រៀប​ស្លាក​ពាក្យ​តាម​លំដាប់​លំដោយ ។ សូម​ជួយ​កុមារ​ឲ្យ​យល់​ពី​អ្វី​ដែល​មាត្រា​នៃ​សេចក្ដី​ជំនឿ​នេះ​បង្រៀន​យើង​អំពី​សហស្សវត្សរ៍ ។

រូប​តំណាង​ការរៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បានរៀន​នៅ​ថ្ងៃ​នេះ​អំពី​ព្រះអង្គ​សង្គ្រោះ ជាមួយ​ក្រុមគ្រួសារ​របស់​ពួកគេ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​អាន​បទគម្ពីរ​ទាំងនោះ​ជាមួយ​នឹង​ក្រុមគ្រួសារ​របស់​ពួកគេ​នៅ​សប្ដាហ៍​នេះ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សួរ​សំណួរ​បំផុស​គំនិត ។ សូម​សួរ​សំណួរ​ដែល​អញ្ជើញ​​កុមារ​ឲ្យ​ធ្វើ​ហួស​ពី​ការ​គ្រាន់តែ​និយាយ​ពី​ការពិត ។ ឧទាហរណ៍ សូម​គិត​អំពី​សំណួរ​ដែល​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ចែកចាយ​ទីបន្ទាល់ និង​បទពិសោធន៍​របស់​ពួកគេ ។