« ថ្ងៃទី ២៦ ខែ កញ្ញា–ថ្ងៃទី ២ ខែ តុលា ។ អេសាយ ៥០–៥៧ ៖ ‹ ទ្រង់បានទ្រាំទ្ររងអស់ទាំងសេចក្តីឈឺចាប់របស់យើង ហើយបានទទួលផ្ទុកអស់ទាំងសេចក្តីទុក្ខព្រួយរបស់យើង › » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ២៦ ខែ កញ្ញា–ថ្ងៃទី ២ ខែ តុលា ។ អេសាយ ៥០–៥៧ » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២២
ថ្ងៃទី ២៦ ខែ កញ្ញា–ថ្ងៃទី ២ ខែ តុលា
អេសាយ ៥០–៥៧
« ទ្រង់បានទ្រាំទ្ររងអស់ទាំងសេចក្តីឈឺចាប់របស់យើង ហើយបានទទួលផ្ទុកអស់ទាំងសេចក្តីទុក្ខព្រួយរបស់យើង »
អេសាយ ៥០–៥៧ មាននូវភាសាល្អៗមួយចំនួន ដែលកុមារដែលបងប្អូនបង្រៀនអាចនឹងមិនយល់ ។ នៅពេលបងប្អូនរៀបចំបង្រៀន សូមពិចារណាអំពីសេចក្ដីពិតសាមញ្ញមួយចំនួន ដែលពាក្យទាំងនេះកំពុងបង្រៀន និងរបៀបដែលបងប្អូនអាចជួយកុមារឲ្យរៀនពីវា ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
អញ្ជើញឲ្យចែកចាយ
សូមលើកទឹកចិត្តកុមារម្នាក់ៗឲ្យចែកចាយពីរបៀបដែលពួកគេដឹងថា ព្រះស្រឡាញ់ពួកគេ ។ សូមឲ្យពួកគេចែកចាយអ្វីដែលពួកគេកំពុងធ្វើ ដើម្បីបង្ហាញថាពួកគេស្រឡាញ់ព្រះយេស៊ូវ ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
ព្រះយេស៊ូវគ្រីស្ទបានរងទុក្ខសម្រាប់ខ្ញុំ ដោយសារទ្រង់ស្រឡាញ់ខ្ញុំ ។
តាមរយៈពលិកម្មដ៏ធួនរបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទបានរងទុក្ខសម្រាប់អំពើបាបរបស់យើង និងបានលើកដាក់លើព្រះអង្គទ្រង់នូវ « សេចក្ដីឈឺចាប់របស់យើង » និង « សេចក្ដីទុក្ខព្រួយរបស់យើង » ។ តើបងប្អូននឹងថ្លែងទីបន្ទាល់ដល់កុមារអំពីដង្វាយធួនរបស់ព្រះអង្គសង្គ្រោះដោយរបៀបណា ?
សកម្មភាពដែលអាចធ្វើបាន
-
សូមដាក់បង្ហាញរូបភាពរបស់ព្រះអង្គសង្គ្រោះ ដែលបានរងទុក្ខនៅលើឈើឆ្កាង និងនៅក្នុងសួនច្បារគែតសេម៉ានី ( សូមមើល សៀវភៅរូបភាពដំណឹងល្អល.រ. ៥៦, ៥៧ ឬ ជំពូក ៥១–៥៣ នៅក្នុង ដំណើររឿងព្រះគម្ពីរសញ្ញាថ្មី ) ។ សូមកុមារឲ្យពិពណ៌នាអំពីអ្វី ដែលពួកគេឃើញនៅក្នុងរូបភាពទាំងនេះ ហើយចែកចាយពីអ្វីដែលពួកគេដឹងអំពីអ្វីដែលកំពុងកើតឡើង ។ ហេតុអ្វីព្រះយេស៊ូវបានរងទុក្ខសម្រាប់យើង ?
-
សូមអាន អេសាយ ៥៣:៤ ទៅកុមារ ៖ « ទ្រង់បានទ្រាំទ្ររងអស់ទាំងសេចក្តីឈឺចាប់របស់យើង ហើយបានទទួលផ្ទុកអស់ទាំងសេចក្តីទុក្ខព្រួយរបស់យើង » ។ បង្ហាញដល់កុមារនូវវត្ថុធ្ងន់មួយ ( ឬរូបភាពនៃវត្ថុធ្ងន់មួយ ) ហើយឲ្យពួកគេធ្វើពុតជាលើកអ្វីមួយធ្ងន់ ។ សូមពន្យល់ថា « សេចក្ដីឈឺចាប់ » និង « សេចក្ដីទុក្ខព្រួយ » ( ឬភាពសោកសៅ ) អាចមានអារម្មណ៍ថាធ្ងន់ និងពិបាករែកសែង ។ សូមថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទនឹងជួយយើងឲ្យរែកបន្ទុកដ៏ធ្ងន់ទាំងនេះ ដោយសារទ្រង់ស្រឡាញ់យើង ។
ខ្ញុំអាចស្វែងរកព្រះយេហូវ៉ា ហើយអំពាវនាវដល់ទ្រង់ ។
សូមពិចារណាអំពីរបៀបដែលបងប្អូនអាចជួយកុមារឲ្យយល់ពីអត្ថន័យនៃការ « ស្វែងរក » ព្រះយេស៊ូវអស់មួយជីវិតរបស់ពួកគេ ។
សកម្មភាពដែលអាចធ្វើបាន
-
សូមលាក់រូបភាពរបស់ព្រះយេស៊ូវនៅកន្លែងណាមួយនៅក្នុងបន្ទប់ ហើយអញ្ជើញកុមារឲ្យស្វែងរកវា ។ សូមអានពាក្យ « ចូរស្វែងរកព្រះយេហូវ៉ា ក្នុងកាលដែលអាចនឹងរកទ្រង់ឃើញ » ចេញមកពី អេសាយ ៥៥:៦ ។ សូមកុមារឲ្យរៀបរាប់ពីរបៀបមួយចំនួន ដែលពួកគេអាចស្វែងរកព្រះអម្ចាស់—ដែលមានន័យថា ពួកគេព្យាយាមយ៉ាងខ្លាំងដើម្បីរៀនអំពីទ្រង់ និងខិតទៅកាន់តែជិតទ្រង់ ។ រៀងរាល់ពេលដែលកុមារម្នាក់ផ្ដល់ចម្លើយមួយ សូមលាក់រូបភាពនោះម្ដងទៀត ហើយអញ្ជើញកុមារនោះឲ្យ « ស្វែងរក » វា ។
-
សូមជួយកុមារឲ្យរៀនពាក្យក្នុងបទ « ស្វែងរកព្រះអម្ចាស់ពីក្មេង » ( សៀវភៅចម្រៀងកុមារ ទំព័រ ៦៧ ) ឬចម្រៀងមួយបទទៀតអំពីការខិតទៅកាន់តែជិតព្រះអង្គសង្គ្រោះ ។ សូមប្រើទំព័រសកម្មភាពសប្តាហ៍នេះ ដើម្បីជួយកុមារឲ្យជ្រើសរើសអ្វីមួយដែលពួកគេនឹងធ្វើ ដើម្បី « ស្វែងរក … ព្រះយេហូវ៉ា » ។
-
សូមអានឃ្លា « អំពាវនាវដល់ទ្រង់ ក្នុងកាលដែលទ្រង់គង់នៅជិតចុះ » ចេញមកពី អេសាយ ៥៥:៦ ។ តើយើងអំពាវនាវដល់ព្រះវរបិតាសួគ៌យ៉ាងដូចម្តេច ? សូមឲ្យកុមារប្រាប់អ្វីដែលពួកគេនិយាយនៅក្នុងការអធិស្ឋានរបស់ពួកគេ ។ សូមថ្លែងទីបន្ទាល់ថា ព្រះវរបិតាសួគ៌ស្រឡាញ់ពួកគេ ហើយទ្រង់ព្រះសណ្ដាប់ពួកគេ ពេលពួកគេអធិស្ឋាន ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
ព្រះអម្ចាស់អញ្ជើញខ្ញុំឲ្យ « ពាក់កំឡាំង [ របស់ខ្ញុំ ] » ។
នៅក្នុង អេសាយ ៥១ និង ៥២ ព្រះអម្ចាស់បានប្រើឃ្លាទាំងឡាយដូចជា « ចូរភ្ញាក់ឡើង » « ចូរភ្ញាក់ឈរឡើងចុះ » និង « ចូរពាក់កំឡាំងរបស់ឯង » ដើម្បីបំផុសគំនិតរាស្ត្ររបស់ទ្រង់ឲ្យរស់នៅសមនឹងសក្តានុពលដ៏ទេវភាពរបស់ពួកគេ ។ សូមពិចារណាពីរបៀបដែលឃ្លាទាំងនេះអាចបំផុសគំនិតដល់កុមារដែលបងប្អូនបង្រៀន ។
សកម្មភាពដែលអាចធ្វើបាន
-
មុននឹងចាប់ផ្ដើមថ្នាក់ សូមសរសេរនៅលើក្ដារខៀននូវឃ្លាមួយចំនួនចេញមកពី អេសាយ ៥១–៥២ ដែលបង្ហាញពីសកម្មភាពដែលព្រះអម្ចាស់មានព្រះទ័យចង់ឲ្យរាស្ត្ររបស់ទ្រង់ធ្វើ ដូចជា « ចូរងើយភ្នែកមើលទៅលើមេឃ » « ចូរភ្ញាក់ឡើង » « ចូរភ្ញាក់ឈរឡើងចុះ » « ចូររលាស់ធូលីដីពីឯងចេញ » និង « ចូរធ្លាយចេញដោយសេចក្តីអំណរ » ( អេសាយ ៥១:៦, ១៧; ៥២:២, ៩ ) ។ សូមទុកឲ្យកុមារប្ដូរវេនគ្នាសម្ដែងធ្វើតាមឃ្លាមួយក្នុងចំណោមឃ្លាទាំងនោះ ខណៈដែលកុមារក្នុងថ្នាក់ព្យាយាមទាយមើលថាសកម្មភាពនោះជាអ្វី ។ បន្ទាប់ពីវេននីមួយៗ សូមបង្ហាញកុមារពីឃ្លានោះនៅក្នុងព្រះគម្ពីរ ហើយពិភាក្សាវាជាមួយពួកគេអំពីអត្ថន័យខាងវិញ្ញាណនៃឃ្លានោះ ។ តើព្រះអម្ចាស់បានបង្គាប់យើងឲ្យធ្វើអ្វី ? តើយើងអាចធ្វើការណ៍នីមួយៗទាំងនេះបានយ៉ាងដូចម្តេច ?
-
សូមអញ្ជើញកុមារឲ្យអាន អេសាយ ៥១:១, ៤, ៧ ហើយរកមើលថានរណាដែលព្រះអម្ចាស់មានព្រះបន្ទូលចំពោះ និងអ្វីដែលទ្រង់មានព្រះទ័យចង់ឲ្យពួកគេធ្វើ ។ តើវាមានន័យយ៉ាងណាដើម្បី « ចូរស្តាប់តាម » ព្រះអម្ចាស់នោះ ? ដើម្បីបង្ហាញ សូមឲ្យកុមារម្នាក់ផ្ដល់ការណែនាំសាមញ្ញមួយ ដែលកុមារផ្សេងទៀតត្រូវធ្វើតាម ។ តើហេតុអ្វីក៏ពេលខ្លះវាពិបាកដើម្បីស្ដាប់តាម និងគោរពតាមព្រះអម្ចាស់នោះ ? តើយើងអាចបង្ហាញព្រះអម្ចាស់ថា យើង « ស្ដាប់តាម » ទ្រង់ដោយរបៀបណា ?
ព្រះយេស៊ូវគ្រីស្ទបានលើកដាក់មកលើអង្គទ្រង់នូវអំពើបាប និងសេចក្ដីទុក្ខព្រួយរបស់ខ្ញុំ ។
តើបងប្អូនអាចប្រើពាក្យសម្ដីរបស់អេសាយ ដើម្បីជួយកុមារឲ្យយល់កាន់តែស៊ីជម្រៅនូវអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើសម្រាប់ពួកគេដោយរបៀបណា ?
សកម្មភាពដែលអាចធ្វើបាន
-
សូមបង្ហាញរូបភាពមួយចំនួន ដែលបរិយាយពីការរងទុក្ខ និងការសុគតរបស់ព្រះយេស៊ូវគ្រីស្ទ ( ឧទាហរណ៍ សូមមើល សៀវភៅរូបភាពដំណឹងល្អ ល.រ. ៥៦, ៥៧, ៥៨ ) ។ សូមអាន អេសាយ ៥៣:៣–៦, ៩ ជាមួយគ្នា ហើយអញ្ជើញកុមារឲ្យរកមើលឃ្លាដែលពិពណ៌នាអំពីព្រឹត្តិការណ៍នៅក្នុងរូបភាពទាំងនេះ ។ សូមថ្លែងទីបន្ទាល់ថា រាប់រយឆ្នាំមុនពេលព្រះយេស៊ូវគ្រីស្ទបានរងទុក្ខសម្រាប់យើង ពួកព្យាការីដូចជាអេសាយ បានបង្រៀនអំពីព្រឹត្តិការណ៍ដ៏សំខាន់ទាំងនេះ ។ ហេតុអ្វីបានជាវាសំខាន់ដើម្បីឲ្យមនុស្សដឹងពីរឿងទាំងនេះជាច្រើនឆ្នាំទុកមុន ? ( សូមមើល អាលម៉ា ៣៩:១៥–១៩ ) ។
-
សូមអញ្ជើញកុមារឲ្យអាន អេសាយ ៥៣:៤–៧ ហើយស្វែងរកពាក្យដែលពិពណ៌នាអំពីអ្វីដែលព្រះអង្គសង្គ្រោះបានរងទុក្ខសម្រាប់យើង ។ សូមឲ្យពួកគេសរសេរពាក្យទាំងនេះនៅលើក្ដារខៀន ។ ហេតុអ្វីបានជាទ្រង់បានរងទុក្ខនូវ « សេចក្តីឈឺចាប់ » « សេចក្ដីទុក្ខព្រួយ » និង « អំពើទុច្ចរិត » របស់យើង ? ( សូមមើលផងដែរ អាលម៉ា ៧:១១–១២ ) ។ សូមចែកចាយជាមួយកុមារអំពីរបៀបដែលព្រះអង្គសង្រ្គោះបានជួយបងប្អូនឲ្យទ្រាំទ្រសេចក្ដីឈឺចាប់ និងសេចក្ដីទុក្ខព្រួយរបស់បងប្អូន ។ សូមអនុញ្ញាតឲ្យពួកគេចែកចាយពីអារម្មណ៍របស់ពួកគេអំពីព្រះអង្គសង្គ្រោះ និងអ្វីដែលទ្រង់បានធ្វើសម្រាប់ពួកគេ ។
ផ្លូវរបស់ព្រះអម្ចាស់ខ្ពស់ជាងផ្លូវរបស់ខ្ញុំ ។
នៅពេលដែលយើងយល់ថា ព្រះតំរិះ និងផ្លូវរបស់ព្រះអម្ចាស់ខ្ពស់ជាងគំនិត និងផ្លូវរបស់យើង នោះវាកាន់តែងាយស្រួលដើម្បីទុកចិត្តលើទ្រង់ ។
សកម្មភាពដែលអាចធ្វើបាន
-
សូមសួរកុមារថា តើនរណាដែលពួកគេនឹងទៅរក ប្រសិនបើពួកគេកំពុងមានបញ្ហាដ៏លំបាកមួយ ហើយមូលហេតុអ្វី ។ សូមអាន អេសាយ ៥៥:៨–៩ ជាមួយកុមារ ហើយឲ្យពួកគេស្ដាប់រកមូលហេតុអ្វីដែលយើងគួរតែស្វែងរកការណែនាំរបស់ព្រះអម្ចាស់ ពេលយើងត្រូវការជំនួយ ។
-
សូមគូររូបមេឃ និងដីនៅលើក្ដារខៀន ហើយដាក់ស្លាកវាថា ស្ថានសួគ៌ និង ផែនដី ។ បន្ទាប់មក សូមឲ្យកុមារអាន អេសាយ ៥៥:៩ ដើម្បីរកមើលនូវអ្វីដែលព្រះអម្ចាស់បានប្រៀបធៀបទៅនឹងស្ថានសួគ៌ និងផែនដី ហើយសូមពួកគេឲ្យបន្ថែមស្លាកផ្សេងទៀតទៅលើគំនូរនោះ ។ តើវាមានន័យយ៉ាងណា ដែលផ្លូវ និងព្រះតំរិះរបស់ព្រះអម្ចាស់ « ខ្ពស់ជាង » ផ្លូវ និងគំនិតរបស់យើងនោះ ? ហេតុអ្វីបានជាវាសំខាន់ដើម្បីដឹងពីការណ៍នេះ ?
-
សូមពិភាក្សាជាមួយកុមារនូវផ្លូវមួយចំនួនរបស់ព្រះអម្ចាស់ ដែលខ្ពស់ជាងផ្លូវរបស់យើង ។ ឧទាហរណ៍ តើទ្រង់ប្រព្រឹត្តចំពោះអ្នកមានបាបយ៉ាងដូចម្ដេច ? ( សូមមើល ម៉ាកុស ២:១៥–១៧ ) ។ តើទ្រង់ដឹកនាំមនុស្សដទៃទៀតយ៉ាងដូចម្ដេច ? ( សូមមើល ម៉ាថាយ ២០:២៥–២៨ ) ។ តើផ្លូវរបស់ទ្រង់ខុសពីផ្លូវរបស់មនុស្សដទៃទៀតយ៉ាងដូចម្ដេច ? សូមប្រាប់កុមារអំពីរបៀបដែលបងប្អូនបានរៀនដើម្បីទុកចិត្តលើផ្លូវ និងព្រះតំរិះដែលខ្ពង់ខ្ពស់ជាងរបស់ព្រះអម្ចាស់ ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមផ្ដល់យោបល់ដល់កុមារឲ្យពួកគេដាក់គោលដៅមួយ ដែលអាចជួយពួកគេឲ្យខិតទៅកាន់តែជិតព្រះយេស៊ូវគ្រីស្ទ ដោយផ្អែកលើអ្វីដែលពួកគេបានរៀននៅក្នុងថ្នាក់ថ្ងៃនេះ ។ សូមអញ្ជើញពួកគេឲ្យចែកចាយគោលដៅនោះជាមួយនឹងសមាជិកគ្រួសារម្នាក់ ។