ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ១៧–២៣ ខែ តុលា ។ យេរេមា ៣០–៣៣; ៣៦; បរិទេវ ១; ៣ ៖ « យើង​នឹង​បំប្រែ​សេចក្តី​សោកសៅ​របស់​គេ​ទៅ​ជា​សេចក្តី​អំណរ​វិញ »


« ថ្ងៃទី ១៧–២៣ ខែ តុលា ។ យេរេមា ៣០–៣៣; ៣៦; បរិទេវ ១; ៣ ៖ ‹ យើង​នឹង​បំប្រែ​សេចក្តី​សោកសៅ​របស់​គេ​ទៅ​ជា​សេចក្តី​អំណរ​វិញ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋម​សិក្សា ៖ ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ១៧–២៣ ខែ តុលា ។ យេរេមា ៣០–៣៣; ៣៦; បរិទេវ ១; ៣ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋម​សិក្សា ៖ ឆ្នាំ ២០២២

រូបចម្លាក់​ព្យាការី​យេរេមា

ព្យាការី​យេរេមា​ទួញយំ មក​ពី​ចម្លាក់​ដោយ​សាលាណាសារិន

ថ្ងៃទី ១៧–២៣ ខែ តុលា

យេរេមា ៣០–៣៣; ៣៦; បរិទេវ ១;

« យើង​នឹង​បំប្រែ​សេចក្តី​សោកសៅ​របស់​គេ​ទៅ​ជា​សេចក្តី​អំណ​រ​វិញ »

គម្ពីរ​យេរេមា និង​បរិទេវ អាច​ពិបាក​យល់​សម្រាប់​កុមារ ប៉ុន្តែ​សិស្ស​របស់​បងប្អូន​នៅតែ​អាច​រៀន​មេរៀន​ទាំងឡាយ​ចេញ​មក​ពី​គោលការណ៍​នានា​ដែល​បាន​បង្រៀន​នៅក្នុង​គម្ពីរ​ទាំងនេះ​បាន​ដដែល ។ តើ​បងប្អូន​ទទួល​ការ​បំផុសគំនិត​ឲ្យ​ចែកចាយ​អ្វីខ្លះ ?

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សូម​ហុច​ព្រះគម្ពីរ​ប៊ីប​​ត​គ្នា​ពេញ​ក្នុង​ថ្នាក់ ។ កាលដែល​កុមារ​កាន់​ព្រះគម្ពីរ​នេះ សូម​ឲ្យ​ពួកគេ​ចែកចាយ​អ្វី​មួយ ដែល​ពួកគេ​ចូលចិត្ត​អំពី​ព្រះគម្ពីរ​សញ្ញា​ចាស់—ប្រហែល​ជា​គោលការណ៍ ឬ​ដំណើររឿង​ដែល​ចូលចិត្ត​មួយ ដែល​ពួកគេ​បាន​រៀន​តាមរយៈព្រះគម្ពីរ​នេះ​នៅ​គេហដា្ឋន ឬ​នៅ​ព្រះវិហារ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

យេរេមា ៣១:៣

ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​ស្រឡាញ់​ខ្ញុំ ។

ការទទួល​អារម្មណ៍​នៃ « សេចក្តី​ស្រឡាញ់​ដ៏​ស្ថិតស្ថេរ​នៅ​អស់កល្ប » ពី​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ នឹង​ជួយ​កុមារ​ដែល​បងប្អូន​បង្រៀន​ឲ្យ​ខិត​កាន់តែ​ជិត​ទៅ​ទ្រង់​ទាំងទ្វេ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​បង្ហាញ​វត្ថុ​មួយ​ចំនួន​ដល់​កុមារ ( ឬ​រូបភាព​នៃ​វត្ថុ​ទាំងនោះ ) ដែល​អាច​នៅ​ឋិតថេរ​បាន​យូរ ហើយ​វត្ថុ​ខ្លះ​ទៀត​ដែល​មិន​នៅ​ឋិតថេរ​បាន​យូរ ដូចជា កាក់​ដែក និង​ផ្លែ​ឈើ​មួយ​ចំណិត ។ សូម​សួរ​កុមារ​ថា របស់​មួយ​ណា​នឹង​នៅ​បាន​យូរ​ជាង ហើយ​ពិភាក្សា​ពី​មូលហេតុ​ដែល​របស់​មួយ​ចំនួន​ឋិតថេរ​បាន​យូរ​ជាង​របស់​ផ្សេង​ទៀត ។ សូម​អាន យេរេមា ៣១:៣ ហើយ​ជួយ​កុមារ​ឲ្យ​យល់​ថា សេចក្ដី​ស្រឡាញ់​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវគ្រីស្ទ មាន​សម្រាប់​ពួកគេ​គឺ « ស្ថិតស្ថេរ​នៅ​អស់កល្ប » ជានិច្ច ។

  • សូម​ឲ្យ​កុមារ​ចែកចាយ​ពី​របៀប​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​បង្ហាញ « សេចក្តី​សប្បុរស » របស់​ទ្រង់​ទាំងពីរអង្គ​សម្រាប់​ពួកគេ ( យេរេមា ៣១:៣ ) ។ ដើម្បី​ផ្ដល់​ជា​គំនិត​ដល់​កុមារ សូម​ច្រៀង​ចម្រៀង​មួយ​បទ​អំពី​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ទាំង​ពីរអង្គ​ចំពោះ​ពួកយើង ដូច​ជា​បទ « ខ្ញុំ​ស្គាល់​ក្តីស្នេហ៍​ព្រះសង្គ្រោះ » ឬ « ព្រះ​វរបិតា​ស្រឡាញ់​ខ្ញុំ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៤២–៤៣, ១៦–១៧ ) ។ បើ​អាច​ធ្វើ​បាន សូម​បង្ហាញ​រូបភាព​នៃ​អ្វីៗ​ដែល​បាន​លើក​ឡើង​នៅ​ក្នុងចម្រៀង​នេះ ។ តើ​យើង​មាន​អារម្មណ៍​យ៉ាង​ណា ពេល​ដែល​យើង​គិត​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ?

ក្មេងស្រី​កំពុងសិក្សា​ព្រះគម្ពីរ

ព្រះគម្ពីរ​អាច​បំផុស​គំនិត​យើង​ឲ្យ​ប្រែ​ចិត្ត ហើយ​បែរ​ទៅរក​ព្រះអម្ចាស់ ។

យេរេមា ៣៦:១–៤

ព្រះគម្ពីរ​ទាំងឡាយ​គឺជា​ព្រះបន្ទូល​នៃព្រះ ។

ព្រះអម្ចាស់​បាន​ប្រាប់​យេរេមា​ឲ្យ​សរសេរ​ទុក​នូវ​ព្រះបន្ទូល​របស់​ទ្រង់ ហើយ​ការសរសេរ​របស់​យេរេមា​ត្រូវបាន​រក្សា​ទុក​សម្រាប់​យើង នៅក្នុង​គម្ពីរ​យេរេមា ។ សូម​ជួយ​កុមារ​ឲ្យ​ពង្រឹង​សេចក្ដី​ស្រឡាញ់​របស់​ពួកគេ​ចំពោះ​ព្រះគម្ពីរ ជា​កន្លែង​ដែល​យើង​រកឃើញ​ព្រះបន្ទូល​នៃ​ព្រះ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​អញ្ជើញ​កុមារ​ម្នាក់​ឲ្យ​ធ្វើ​ជា​យេរេមា ហើយ​សូម​ឲ្យ​កុមារ​ផ្សេងទៀត​ធ្វើ​ជា​បារូក ។ សូម​ជួយ​កុមារ​ដែល​សម្ដែង​ជា​យេរេមា​នោះ ឲ្យ​និយាយ​ពាក្យ​ចេញ​មក​ពី យេរេមា ៣៦:៣ ខណៈ​ដែល​កុមារ​ផ្សេង​ទៀត​ធ្វើ​ជា​សរសេរ​វា​ទុក ដូចជា​បារូក​បាន​ធ្វើ​ដែរ ។ សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះគម្ពីរ​សព្វថ្ងៃ​នេះ​ជា « ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា » ( យេរេមា ៣៦:៤ ) ដែល​ទ្រង់​បាន​សូម​ឲ្យ​ពួក​ព្យាការី​សរសេរ​ទុក ។

  • សូម​បង្ហាញ​សៀវភៅ​កុមារ​មួយ​ក្បាល និង​ព្រះគម្ពីរ​មួយ​ក្បាល ហើយ​ឲ្យ​កុមារ​និយាយ​ពី​ភាពខុស​គ្នា​ដែល​ពួកគេ​កត់សម្គាល់​រវាង​សៀវភៅ​ទាំងពីរ​នេះ ។ តើ​អ្វី​ដែល​ធ្វើ​ឲ្យ​ព្រះគម្ពីរ​ពិសេស ? សូម​ជួយ​កុមារ​ឲ្យ​យល់​ថា ព្រះគម្ពីរ​គឺជា​ព្រះបន្ទូល​នៃ​ព្រះ ដែល​បាន​សរសេរ​ដោយ​ពួក​ព្យាការី គឺ​ដូចជា​គម្ពីរ​យេរេមា​ដែរ ជា​អ្វី​ដែល​ព្រះ​បាន​ប្រាប់​ឲ្យ​យេរេមា​សរសេរ ។

យេរេមា ៣៦:៤–១០

ខ្ញុំ​អាចចែកចាយ​អ្វី​ដែល​ខ្ញុំ​កំពុង​រៀន​ចេញ​ពី​ព្រះគម្ពីរ ។

កុមារ​អាច​មាន​ឥទ្ធិពល​ដ៏​អស្ចារ្យ​ទៅលើ​មនុស្ស​ដែល​នៅ​ជុំវិញ​ពួកគេ ។ ដូច​ជា​បារូក​ដែរ ពួកគេ​អាច​ចែកចាយ​អ្វី​ដែល​ពួកគេ​កំពុង​រៀន​នៅក្នុង​ព្រះគម្ពីរ​ជាមួយ​មនុស្ស​ដទៃ​ទៀត ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​អញ្ជើញ​កុមារ​ឲ្យ​ធ្វើ​សកម្មភាព​ដែល​ស្រប​គ្នា​ទៅ​នឹង​ពាក្យ​ទាំងឡាយ កាល​ដែល​បងប្អូន​អាន ( ឬ​សង្ខេប ) យេរេមា ៣៦:៤–១០ ដូច​ជា​ធ្វើ​ជា​កំពុង​សរសេរ​គម្ពីរ ( សូមមើល ខទី ៤ ) កំពុង​កាន់​រនាំង​របស់​គុក ( សូមមើល ខទី ៥ ) និង​កំពុង​អាន​គម្ពីរ​ដល់​មនុស្ស​ម្នា ( សូមមើល ខទី ៨, ១០ ) ។ សូម​សង្កត់​ធ្ងន់​ថា បារូក​មាន​ភាពក្លាហាន​ដើម្បី​អាន​ពាក្យ​សម្ដី​របស់​យេរេមា​ទៅកាន់​ប្រជាជន សូម្បី​តែ​ថ្នាក់​ដឹកនាំ​នៅក្នុង​ក្រុង​យេរូសាឡិម​មិន​ចង់​ឲ្យ​គាត់​ធ្វើ​ដូច្នោះ​ក្ដី ។ សូម​ជួយ​កុមារ​ឲ្យ​ចងចាំ​អ្វី​មួយ ដែល​ពួកគេ​បាន​រៀន​មក​ពី​ព្រះគម្ពីរ​សញ្ញាចាស់ និង​ឲ្យ​គិត​អំពី​របៀប​នានា ដែល​ពួកគេ​អាច​ចែកចាយ​វា​ជាមួយ​មនុស្ស​ដទៃ​ទៀត ។

  • សូម​ច្រៀង​ចម្រៀង​មួយ​បទ​អំពី​ព្រះគម្ពីរ ដូចជា​បទ « ស្វែងរក គិត អធិស្ឋាន » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៦៦ ) ។ សូម​ចែកចាយ​ទីបន្ទាល់​របស់​បងប្អូន​អំពី​ព្រះគម្ពីរ ហើយ​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​ផងដែរ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

យេរេមា ៣១:៣១–៣៤; ៣២:៣៨–៤១

ខ្ញុំ​អាច​រក្សា​សេចក្ដីសញ្ញា​របស់ខ្ញុំ​ជាមួយ​នឹង​ព្រះ ។

ការបង្រៀន​របស់​យេរេមា​អំពី​សេចក្ដី​សញ្ញា​ថ្មី និង​អស់​កល្ប​អស់​កាល​ជានិច្ច​របស់​ព្រះអម្ចាស់ អាច​ជួយ​កុមារ​ដែល​បងប្អូន​បង្រៀន ឲ្យ​ពង្រឹង​បំណង​ប្រាថ្នា​របស់​ពួកគេ​ក្នុង​ការរក្សា​សេចក្ដី​សញ្ញា​របស់​ពួកគេ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​គូរ​រូប​បេះដូង​មួយ​នៅ​លើ​ក្ដារខៀន ហើយ​អញ្ជើញ​កុមារ​ពាក់​កណ្ដាល​ថ្នាក់​ឲ្យ​អាន យេរេមា ៣១:៣១–៣៤ និង​ឲ្យ​កុមារ​ពាក់កណ្ដាល​ថ្នាក់​ទៀត​អាន យេរេមា ៣២:៣៨–៤១ ។ សូម​អញ្ជើញ​ក្រុម​ទាំងពីរ​ឲ្យសរសេរ​នៅក្នុង​រូប​បេះដូង នូវ​អ្វីៗ​ដែល​ពួកគេ​រៀន​ចេញ​ពី​ខគម្ពីរ​ទាំងឡាយ​របស់​ពួកគេ អំពី​សេចក្ដី​សញ្ញា​របស់​យើង​ជាមួយ​នឹង​ព្រះ ។ តើ​ការ​ចារឹក​ទុក​ក្នុង​ចិត្ត​របស់​យើង​នូវ​ក្រឹត្យវិន័យ​របស់​ព្រះ ( សូមមើល យេរេមា ៣១:៣៣ ) ខុស​គ្នា​ពី​ការគ្រាន់តែ​អាន​ពី​វា​នៅក្នុង​ព្រះគម្ពីរ​ដោយរបៀប​ណា ? ហេតុ​អ្វី​យើង​ចង់​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​ព្រះអម្ចាស់ ? ហេតុអ្វី​ទ្រង់​មាន​ព្រះទ័យ​ចង់​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​យើង ?

  • ដើម្បី​រំឭក​សេចក្ដី​សញ្ញា​ដែល​យើង​ធ្វើ នៅពេល​យើង​ទទួល​បុណ្យ​ជ្រមុជ​ទឹក សូម​ឲ្យ​កុមារ​ធ្វើ​តារាង​ដែល​មាន​ជួរឈរ​ពីរ​នៅលើ​ក្រដាស​មួយ​សន្លឹក​ដែល​មាន​ចំណងជើង​ថា ការសន្យា​របស់​ខ្ញុំ និង ការសន្យា​របស់​ព្រះ ។ សូម​ឲ្យ​ពួកគេ​បំពេញ​តារាង​នោះ ដោយ​ប្រើប្រាស់​ផ្នែក​ដែល​មាន​ចំណងជើង « The Baptismal Covenant » នៅក្នុង​អត្ថបទ Gospel Topics « Baptism » ( នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org ) ឬ ម៉ូសាយ ១៨:១០, ១៣; គោលលទ្ធិ និង សេចក្តី​សញ្ញា ២០:៣៧ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ព្យួរ​ក្រដាស​នោះ​នៅ​ឯផ្ទះ ដើម្បី​ជួយ​ពួកគេ​ឲ្យ​ចងចាំ​ដើម្បី​រក្សា​សេចក្ដី​សញ្ញា​របស់​ពួកគេ ។

យេរេមា ៣៦

ព្រះគម្ពីរ​ទាំងឡាយ​គឺជា​ព្រះបន្ទូល​នៃព្រះ ។

ដំណើរ​រឿង​នៅក្នុង យេរេមា ៣៦ អាច​ជួយ​កុមារ​ឲ្យ​រៀន​ពី​គំរូ​របស់​មនុស្ស​ដែល​បាន​ទទួល​យក​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់​នៅក្នុង​ព្រះគម្ពីរ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​សរសេរ​សំណួរ​ទាំង​នេះ​នៅលើ​ក្ដារខៀន ៖ ហេតុអ្វី ? តើ​នរណា​បាន​ឲ្យ​តម្លៃ​ព្រះគម្ពីរ​ ? តើ​នរណា​មិន​បានឲ្យ​តម្លៃ ? សូម​អាន យេរេមា ៣៦:១–៣ ជាមួយ​គ្នា ហើយ​សួរ​កុមារ​ថា ហេតុអ្វី​ព្រះអម្ចាស់​បាន​មាន​ព្រះទ័យ​ចង់​ឲ្យ​យេរេមា​សរសេរ​ទុក​នូវ​ព្រះបន្ទូល​របស់​ទ្រង់ ។ បន្ទាប់​មក សូម​កុមារ​ឲ្យ​ធ្វើ​ការ​រួម​គ្នា​ជា​គូៗ​ដើម្បី​អាន យេរេមា ៣៦:៥–៨, ២០–២៥ ហើយ​រក​មើល​នរណា​ដែល​បាន​បង្ហាញ​ថា ពួកគេ​ផ្ដល់​តម្លៃ​ដល់​ព្រះគម្ពីរ និង​នរណា​ដែល​មិន​ផ្ដល់​តម្លៃ ។ សូម​និយាយ​អំពី​មូលហេតុ​ដែល​បងប្អូន​ផ្ដល់​តម្លៃ​ដល់​ព្រះគម្ពីរ ។ សូម​ចែកចាយ​វគ្គ​បទគម្ពីរ​មួយ ឬ​ដំណើរ​រឿង​មួយ ដែល​មានន័យ​ជា​ពិសេស​ចំពោះ​បងប្អូន ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​ផងដែរ ។

  • សូម​ឲ្យ​កុមារ​ប្រើ​ទំព័រ​សកម្មភាព​សប្ដាហ៍​នេះ ដើម្បី​រៀន​ចែកចាយ​ជាមួយ​គ្នា​ទៅវិញ​ទៅមក​នូវ​ដំណើរ​រឿង​នៅក្នុង យេរេមា ៣៦ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះគម្ពីរ ។

បរិទេវ ១:១–២, ១៦; ៣:២២–២៦

ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​ឲ្យ​ការអភ័យទោស​ពី​អំពី​បាប​របស់​ខ្ញុំ​អាច​កើត​ឡើងបាន ។

កាលដែល​គម្ពីរ​បរិទេវ​រៀបរាប់​ជា​កំណាព្យ​កាព្យ​ឃ្លោង នោះ​ជា​ញឹកញាប់​យើង​មាន​អារម្មណ៍​សោកសៅ ពេល​យើង​ធ្វើ​អំពើបាប ។ អារម្មណ៍​ទាំងនេះ​អាច​បំផុស​គំនិត​យើង​ឲ្យ​ផ្លាស់ប្ដូរ ហើយ​ទូល​សូម​ការអភ័យទោស​ពី​ព្រះវរបិតាសួគ៌ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ពន្យល់​ទៅ​កុមារ​ថា ដោយសារ​តែ​សាសន៍​អ៊ីស្រាអែល​ពុំ​បាន​ប្រែចិត្ត ទើប​ក្រុង​យេរូសាឡិម និង​ព្រះវិហារ​បរិសុទ្ធ​នៅ​ទីនោះ ត្រូវបាន​បំផ្លាញ​ចោល ។ សូម​ឲ្យ​កុមារ​រៀបរាប់​អំពី​អារម្មណ៍​ដែល​ពួកគេ​អាច​មាន ប្រសិនបើ​ពួកគេ​បាន​រស់នៅ​ទីក្រុង​យេរូសាឡិម​នៅ​ពេល​នោះ ។ សូម​អាន បរិទេវ ១:១–២, ១៦ ជាមួយ​គ្នា ។ តើពាក្យ និង​ឃ្លា​អ្វីខ្លះ នៅក្នុង​ខគម្ពីរ​ទាំងនេះ ដែល​ជួយ​យើង​ឲ្យ​យល់​ពី​អារម្មណ៍​របស់​សាសន៍​អ៊ីស្រាអែល​ដែល​អាច​មាន​នោះ ? តើ​សារលិខិត​នៅ​ក្នុង បរិទេវ ៣:២២–២៦ អាច​ផ្ដល់​សេចក្ដី​សង្ឃឹម​ដល់​ពួកគេ​ដោយ​របៀបណា ?

  • សូម​ឲ្យ​កុមារ​គិត​អំពី​គ្រា​មួយ​ដែល​ពួកគេ​បាន​មាន​អារម្មណ៍​សោកសៅ​ចំពោះ​ជម្រើស​មិន​ល្អ​មួយ​ដែល​ពួកគេ​បាន​ធ្វើ ។ តើ​ពួកគេ​រកឃើញ​អ្វី​នៅក្នុង បរិទេវ ៣:២២–២៦ ដែល​ជួយ​ពួកគេ​ឲ្យ​ដឹង​ថា ព្រះអម្ចាស់​ស្ម័គ្រ​ព្រះទ័យ​អភ័យ​ទោស​ឲ្យ​ពួកគេ ?

រូប​តំណាង​ការរៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​អញ្ជើញ​កុមារ​ឲ្យ​សូម​ដល់​សមាជិក​គ្រួសារ​របស់​ពួកគេ ចែកចាយ​បទពិសោធន៍​នានា​ដែល​ទាក់ទង​នឹង​គោលការណ៍​ដែល​បងប្អូន​បាន​សិក្សា​នៅក្នុង​ថ្នាក់ ។ ឧទាហរណ៍ ប្រសិន​បើ​បងប្អូន​បាន​ពិភាក្សា​ពី​ព្រះគម្ពីរ កុមារ​អាច​សូម​ឲ្យ​សមាជិក​គ្រួសារ​ម្នាក់​ចែកចាយ​ពី​របៀប ដែល​គាត់​បាន​ដឹង​ថា​ព្រះគម្ពីរ​គឺ​ពិត ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

រក្សា​ការយក​ចិត្ត​ទុក​ដាក់​របស់​កុមារ ។ បងប្អូន​អាច​ត្រូវ​គិត​អំពី​វិធី​ដ៏​ច្នៃប្រឌិត​នានា ដើម្បី​ធ្វើ​ឲ្យ​កុមារ​តូចៗ​ចូលរួម ។ ឧទាហរណ៍ ប្រើ​រូបភាព ចម្រៀង ល្បែង និង​សកម្មភាព​ផ្សេងៗ​ទៀត ។