« ថ្ងៃទី ២១-២៧ ខែ មករា ។ យ៉ូហាន ១ ៖ យើងបានរកឃើញព្រះមែស៊ី » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )
« ថ្ងៃទី ២១-២៧ ខែ មករា ។ យ៉ូហាន ១ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០១៩
ថ្ងៃទី ២១-២៧ ខែ មករា
យ៉ូហាន ១
យើងបានរកឃើញព្រះមែស៊ី
ពីមុនអ្នកអានធនធានបន្ថែមណាមួយ សូមអាន ហើយពិចារណា យ៉ូហាន ១ សូមកត់ត្រាចំណាប់អារម្មណ៍ខាងវិញ្ញាណ ដែលអ្នកបានទទួល ។ ការធ្វើបែបនេះនឹងយាងអញ្ជើញព្រះវិញ្ញាណឲ្យចូលមកក្នុងការរៀបចំខ្លួនរបស់អ្នក ។ ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ និងគំនិតដូចតទៅនេះអាចជួយអ្នកឲ្យបំផុសគំនិតសិស្សនៅក្នុងថ្នាក់របស់អ្នកឲ្យយល់ ហើយអនុវត្តគោលលទ្ធិនៅក្នុងជំពូកនេះ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
ដើម្បីជួយសិស្សឲ្យចែកចាយអ្វីដែលពួកគេកំពុងរៀនសូត្រ អ្នកគួរតែអញ្ជើញពួកគេឲ្យសរសេរសំណួរ មតិយោបល់ ឬគំនិតចេញពីការអានរបស់ពួកគេនៅលើបន្ទះក្រដាស ហើយដាក់វាចូលទៅក្នុងក្រឡកែវមួយ ។ សូមលូកយកចម្រៀកក្រដាសទាំងឡាយចេញពីក្រឡកែវនេះដើម្បីពិភាក្សារួមគ្នា ។
បង្រៀនគោលលទ្ធិ
ព្រះយេស៊ូវគ្រីស្ទ « គង់នៅជាមួយនឹងព្រះតាំងអំពីដើមមក » ។
-
យ៉ូហានបានចាប់ផ្ដើមទីបន្ទាល់របស់លោកអំពីគ្រីស្ទតាមរយៈការថ្លែងទីបន្ទាល់អំពីតួនាទីរបស់ព្រះអង្គសង្គ្រោះពីមុនទ្រង់បានប្រសូត ។ តើយ៉ូហានបានបង្រៀនអ្វីខ្លះអំពីព្រះគ្រីស្ទកាលពីជីវិតមុនផែនដី ? ហេតុអ្វីបានជាវាសំខាន់ដើម្បីដឹងអំពីតួនាទីពីជីវិតមុនផែនដីរបស់ព្រះគ្រីស្ទ ? វាអាចនឹងជួយ ប្រសិនបើសរសេរសំណួរទាំងនេះនៅលើក្ដារខៀន ហើយសូមឲ្យសិស្សរកមើលចម្លើយនៅក្នុង យ៉ូហាន ១:១–៥ ( សូមមើលផងដែរ ការបកប្រែដោយយ៉ូសែប ស្ម៊ីធ យ៉ូហាន ១:១–៥ [ នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ] ) និងនៅក្នុងសេចក្ដីថ្លែងការណ៍របស់អែលឌើរ ជេម អ៊ិ ថាល់មេហ្គ នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ។ តើសេចក្ដីយោងបទគម្ពីរអ្វីផ្សេងទៀតដែលសិស្សអាចចែកចាយ ដែលបង្រៀនបន្ថែមទៀតអំពីព្រះគ្រីស្ទនៅក្នុងជីវិតមុនផែនដី ? ( ឧទាហរណ៍ សូមមើល « ព្រះយេស៊ូវគ្រីស្ទ ជីវិតក្រោយពីជីវិតរមែងស្លាប់របស់ » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ) ។ អ្នកក៏អាចរំឭកឡើងវិញរួមគ្នានូវ « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់របស់ពួកសាវក » ( Ensign ឬ Liahona ខែមេសា ឆ្នាំ២០០០ ទំព័រ ២ ) ។
-
ប្រសិនបើអ្នកចង់ប្រើខគម្ពីរទាំងនេះដើម្បីពិភាក្សាអំពីការបង្កបង្កើតរបស់ព្រះអម្ចាស់ អ្នកអាចអាន យ៉ូហាន ១:៣ ហើយបង្ហាញរូបភាពដែលរ៉ាយរ៉ាប់អំពីភាពស្រស់ស្អាតរបស់ផែនដី ។ អ្នកអាចបង្ហាញវីដេអូ « Our Home » (lds.org/topics/environmental-stewardship-and-conservation) ។ សូមអញ្ជើញសិស្សឲ្យចែកចាយរបៀបដែលការបង្កបង្កើតរបស់ព្រះអង្គសង្គ្រោះជួយពួកគេឲ្យទទួលបានអារម្មណ៍នូវសេចក្ដីស្រឡាញ់របស់ទ្រង់ ។
ព្រះយេស៊ូវគ្រីស្ទគឺជាពន្លឺ ។
-
ពន្លឺភ្លើងអាចជួយយើងឲ្យយល់អំពីនិមិត្តរូបនៃពន្លឺខាងវិញ្ញាណ ។ តើអ្នកអាចបង្ហាញនិមិត្តរូបនេះដល់សិស្សរបស់អ្នកតាមរបៀបណា ? អ្នកអាចបិទភ្លើងនៅក្នុងបន្ទប់ ហើយបើកភ្លើងពិលមួយដើម្បីបង្ហាញពីភាពខុសគ្នារវាងពន្លឺ និងភាពងងឹត ។ បន្ទាប់មក សូមឲ្យសិស្សស្វែងរករាល់ឧទាហរណ៍អំពីពាក្យ ពន្លឺ នៅក្នុង យ៉ូហាន ១:១-១៤ ហើយអញ្ជើញពួកគេឲ្យចែកចាយរបៀបដែលព្រះអង្គសង្គ្រោះ និងដំណឹងល្អរបស់ទ្រង់ផ្ដល់ពន្លឺខាងវិញ្ញាណនៅក្នុងជីវិតរបស់ពួកគេ ។ តើសិស្សធ្លាប់ដកពិសោធន៍ពន្លឺរបស់ទ្រង់តាមរបៀបណា ? ជាផ្នែកមួយនៃការពិភាក្សានេះ អ្នកគួរឲ្យពួកគេអានបន្ថែមទៀតអំពីពន្លឺនៃព្រះគ្រីស្ទនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៤៥–៤៦, ៨៨:១១–១៣ ឬអ្នកអាចឲ្យពួកគេមើល « ពន្លឺនៃព្រះគ្រីស្ទ » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ។ តើយើងអាចក្លាយជា ពន្លឺ ដល់ពិភពលោកតាមរបៀបណា ?
-
ដោយសារ យ៉ូហាន ១:១–១៤ ត្រូវបានសរសេរជាភាសាតាងដោយនិមិត្តរូប វាប្រហែលជាពិបាកនឹងយល់ ។ វិធីមួយដើម្បីជួយសិស្សឲ្យយល់អំពីទីបន្ទាល់របស់យ៉ូហាន គឺអញ្ជើញពួកគេឲ្យធ្វើបញ្ជីមួយអំពីពាក្យ ឬឃ្លាដែលលើកឡើងដដែលៗនៅក្នុងខគម្ពីរទាំងនេះ ហើយចែកចាយអ្វីដែលវានីមួយៗបង្រៀនយើងអំពីព្រះអង្គសង្គ្រោះ ។
-
នេះគឺជាវិធីមួយដែលធ្វើឲ្យសិស្សចូលរួមនៅក្នុងខគម្ពីរទាំងនេះ ៖ សូមដាក់បង្ហាញរូបភាពបីបួន ( រួមទាំងរូបភាពនៅក្នុង គម្រោងមេរៀនសប្ដាហ៍នេះ ក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ) ដែលរ៉ាយរ៉ាប់អំពីទិដ្ឋភាពនៃជីវប្រវត្តិ និងបេសកកម្មជាព្រះរបស់ព្រះគ្រីស្ទ ។ សូមអញ្ជើញសិស្សឲ្យស្រាវជ្រាវ យ៉ូហាន ១:១–១៤ ដោយរកមើលពាក្យ ឬឃ្លាដែលអាចប្រើធ្វើជាចំណងជើងសម្រាប់រូបភាពទាំងនោះ ។
យើងអាចទទួលបានសាក្សីផ្ទាល់ខ្លួនរបស់យើងអំពីព្រះអង្គ សង្គ្រោះ រួចហើយអញ្ជើញមនុស្សដទៃទៀតឲ្យ « មក ហើយមើល » ។
-
នៅក្នុង យ៉ូហាន ១ ការអញ្ជើញឲ្យ « ចូរតាមខ្ញុំទៅមើល » មានលេចឡើងពីរកន្លែង ( សូមមើល ខទី ៣៩, ៤៦ ) ។ យើងប្រហែលជាគ្មានឱកាសបានមើលឃើញព្រះអង្គសង្គ្រោះដោយផ្ទាល់ដូចជា អនទ្រេ និងណាថាណែលនោះទេ ប៉ុន្តែយើងអាចឆ្លើយតបចំពោះការអញ្ជើញដូចគ្នានេះ ។ អ្នកអាចសួរសិស្ស តើពួកគេគិតថា « ចូរតាមខ្ញុំទៅមើល » នៅក្នុងជំនាន់របស់យើងមានន័យដូចម្ដេច ហើយឲ្យពួកគេចែកចាយបទពិសោធន៍របស់ពួកគេផ្ទាល់អំពីការទទួលបានទីបន្ទាល់មួយអំពីព្រះអង្គសង្គ្រោះ ។
-
ដើម្បីណែនាំប្រាប់នូវការពិភាក្សាអំពីខគម្ពីរទាំងនេះ សូមពិចារណាឲ្យសិស្សចែកចាយដំណើររឿងនានាអំពីរបៀបដែលពួកគេបានណែនាំដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដល់មនុស្សដទៃទៀត ។ តើពួកគេបានអញ្ជើញនរណាឲ្យ « ចូរតាមខ្ញុំទៅមើល » ? តើយើងរៀនអ្វីខ្លះមកពីអនទ្រេ និងភីលីពអំពីការចែកចាយទីបន្ទាល់របស់យើងអំពីព្រះគ្រីស្ទ ?
-
ពេលខ្លះ មនុស្សពុំបានចែកចាយដំណឹងល្អ ដោយសារពួកគេរកឃើញថា ការធ្វើបែបនេះគឺគួឲ្យខ្លាច ឬស្មុគស្មាញ ។ ដំណើររឿងនៅក្នុង យ៉ូហាន ១:៣៥–៥១ បង្ហាញថា ការចែកចាយដំណឹងល្អអាចជារឿងដ៏សាមញ្ញតាមធម្មជាតិ ។ អ្នកអាចសូមឲ្យសិស្សអានខគម្ពីរទាំងនេះ ហើយពិភាក្សាអំពីរបៀបដែលពួកគេអាចប្រើវាដើម្បីជួយមនុស្សម្នាក់ដែលភ័យខ្លាចក្នុងការចែកចាយដំណឹងល្អ ។ ពួកគេអាចប្រើពាក្យដកស្រង់មកពីអែលឌើរ នែល អិល អាន់ឌើរសិន នៅក្នុង « ធនធានបន្ថែមទាំងឡាយ » សម្រាប់គំនិតនានា ។ ( សូមមើលផងដែរវីដេអូ « Good Things to Share » នៅលើគេហទំព័រ LDS.org) ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
ដើម្បីលើកទឹកចិត្តសិស្សឲ្យសិក្សា ម៉ាថាយ ៣, ម៉ាកុស ១ និង លូកា ៣ អ្នកអាចសូមឲ្យពួកគេគិតអំពីមនុស្សម្នាក់ដែលពួកគេចង់ជួយនាំឲ្យមករកព្រះគ្រីស្ទ ។ សូមប្រាប់ពួកគេថា នៅក្នុងជំពូកទាំងនេះពួកគេនឹងអានអំពីព្យាការីមួយរូបដែលបេសកកម្មរបស់លោកគឺដើម្បីរៀបចំមនុស្សឲ្យទទួលព្រះអង្គសង្គ្រោះ ។
ធនធានបន្ថែមទាំងឡាយ
ព្រះយេស៊ូវគ្រីស្ទគង់នៅជាមួយនឹងព្រះវរបិតាតាំងពីដើមដំបូងមកម៉្លេះ ។
អែលឌើរ ជេម អ៊ិ ថាល់មេហ្គ បានបង្រៀនថា « បន្ទូលនោះគឺជាព្រះយេស៊ូវគ្រីស្ទ ដែលបានគង់នៅជាមួយនឹងព្រះវរបិតាតាំងពីដើមដំបូងមកម៉្លេះ ហើយជាអង្គដែលមាននូវព្រះចេស្ដា និងភាពជាព្រះ ហើយដែលថាទ្រង់បានយាងមកក្នុងលោកិយនេះ ហើយគង់នៅក្នុងចំណោមមនុស្សលោកត្រូវបានបញ្ជាក់យ៉ាងប្រាកដ ។ សេចក្ដីថ្លែងទាំងនេះត្រូវបានបញ្ជាក់អះអាងតាមរយៈវិវរណៈមួយដែលត្រូវបានប្រទានទៅឲ្យម៉ូសេ ដែលលោកត្រូវបានអនុញ្ញាតឲ្យមើលឃើញនូវការបង្កបង្កើតជាច្រើនរបស់ព្រះ ហើយស្ដាប់ឮព្រះសូរសៀងរបស់ព្រះវរបិតាទាក់ទងនឹងរឿងនានាដែលបានបង្កើតឡើងថា ‹ ហើយដោយសារព្រះបន្ទូលនៃព្រះចេស្ដារបស់យើង នោះយើងបានបង្កើតរបស់ទាំងនោះ គឺជាព្រះរាជបុត្រាបង្កើតតែមួយរបស់យើង ដែលពោរពេញទៅដោយព្រះគុណ និងសេចក្ដីពិត › [ ម៉ូសេ ១:៣២, ៣៣ ] » ( Jesus the Christ កំណែទី៣ [ ឆ្នាំ១៩១៦ ] ទំព័រ ១០ ) ។
យើងអាចអញ្ជើញមនុស្សដទៃឲ្យ « ចូរតាមខ្ញុំទៅមើល » ។
អែលឌើរ នែល អិល អាន់ឌើរសិន បានបង្រៀនថា ៖
« ព្រះអង្គសង្គ្រោះបានបង្រៀនយើងអំពីរបៀបចែកចាយដំណឹងល្អ ។ ខ្ញុំចូលចិត្តរឿងរបស់អនទ្រេ ដែលបានទូលសួរថា ‹ លោកគ្រូ តើលោកនៅឯណា ? › [ យ៉ូហាន ១:៣៨ ] ។ ព្រះយេស៊ូវអាចមានបន្ទូលតបប្រាប់ពីទីតាំងដែលទ្រង់គង់នៅ ។ ប៉ុន្តែផ្ទុយទៅវិញ ទ្រង់បានមានបន្ទូលទៅអនទ្រេថា ‹ ចូរតាមខ្ញុំទៅមើលចុះ › [ យ៉ូហាន ១:៣៩ ] ។ ខ្ញុំចូលចិត្តគិតថា ព្រះអង្គសង្គ្រោះកំពុងមានបន្ទូលថា ‹ ចូរតាមខ្ញុំទៅមើលពុំមែនគ្រាន់តែកន្លែងដែលខ្ញុំរស់នៅប៉ុណ្ណោះទេ ប៉ុន្តែពីរបៀបដែលខ្ញុំរស់នៅផង ។ ចូរតាមខ្ញុំទៅមើលថាតើខ្ញុំជានរណា ។ ចូរតាមខ្ញុំដើម្បីមានអារម្មណ៍ពីព្រះវិញ្ញាណ › ។ យើងមិនដឹងអ្វីគ្រប់យ៉ាងអំពីថ្ងៃនោះទេ តែយើងពិតជាដឹងថា ពេល អនទ្រេ រកឃើញបងប្រុសគាត់គឺ ស៊ីម៉ូន ហើយ គាត់ប្រកាសថា ‹ យើងបានឃើញ … ព្រះគ្រីស្ទ › [ យ៉ូហាន ១:៤១ ] ។
« ចំពោះជនដែលបង្ហាញចំណាប់អារម្មណ៍នៅក្នុងការសន្ទនារបស់យើង យើងអាចធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះដោយអញ្ជើញពួកគេឲ្យ ‹ តាមទៅមើល › ។ មនុស្សខ្លះនឹងទទួលយកការអញ្ជើញរបស់យើង ហើយមនុស្សខ្លះទៀតនឹងបដិសេធ ។ យើងទាំងអស់គ្នាស្គាល់មនុស្សម្នាក់ដែលត្រូវបានអញ្ជើញជាច្រើនដងពីមុនទទួលយកការអញ្ជើញឲ្យ ‹ តាមទៅមើល › ។ ចូរយើងគិតផងដែរអំពីអ្នកដែលធ្លាប់នៅជាមួយយើង តែឥឡូវមិនសូវបានឃើញ សូមអញ្ជើញគេឲ្យត្រឡប់ទៅមើលម្ដងទៀត ។ …
« ចំពោះអ្នកប្រើអ៊ិនធើរណិត និង ទូរសព្ទ មានរបៀបថ្មីក្នុងការអញ្ជើញអ្នកផ្សេង ‹ ចូរតាមខ្ញុំទៅមើល › ។ ចូរធ្វើឲ្យការចែកចាយសេចក្ដីជំនឿយើងលើអ៊ិនធើរណិត កាន់តែជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់យើង » ( « It’s a Miracle » Ensign ឬ Liahona ខែឧសភា ឆ្នាំ២០១៣ ទំព័រ ៧៩ ) ។
តន្ត្រីអាចបង្រៀនយើងអំពីព្រះគ្រីស្ទ ។
សូមពិចារណាប្រើទំនុកតម្កើងបទ « ចំពោះសម្រស់នៃផែនដី » ទំនុកតម្កើង ល.រ. ៤១ នៅពេលអ្នកពិភាក្សាអំពីតួនាទីរបស់ព្រះអង្គសង្គ្រោះក្នុងនាមជាព្រះដ៏បង្កបង្កើត ( សូមមើល យ៉ូហាន ១:៣ ) ។ អ្នកក៏អាចប្រើវីដេអូ « For the Beauty of the Earth » នៅ គេហទំព័រ mormontabernaclechoir.org ។