« ថ្ងៃទី ៣១ ខែធ្នូ-ថ្ងៃទី ៦ ខែមករា ពួកយើងមានការទទួលខុសត្រូវចំពោះការរៀនសូត្រផ្ទាល់ខ្លួនរបស់យើង » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ គម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )
« ថ្ងៃទី ៣១ ខែធ្នូ-ថ្ងៃទី ៦ ខែមករា ពួកយើងមានការទទួលខុសត្រូវចំពោះការរៀនសូត្រផ្ទាល់ខ្លួនរបស់យើង » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០១៩
ថ្ងៃទី ៣១ ខែធ្នូ-ថ្ងៃទី ៦ ខែមករា
ពួកយើងមានការទទួលខុសត្រូវចំពោះការរៀនសូត្រផ្ទាល់ខ្លួនរបស់យើង
នៅពេលអ្នកអាន ហើយពិចារណា វគ្គបទគម្ពីរទាំងឡាយនៅក្នុងគម្រោងមេរៀននេះ សូមកត់ត្រាចំណាប់អារម្មណ៍ខាងវិញ្ញាណ ដែលអ្នកបានទទួល ។ ការធ្វើបែបនេះនឹងយាងអញ្ជើញព្រះវិញ្ញាណចូលមកក្នុងការរៀបចំរបស់អ្នក ។ ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ និងគំនិតដូចតទៅនេះអាចជួយអ្នកឲ្យបំផុសគំនិតសិស្សរបស់អ្នកឲ្យសិក្សាព្រះគម្ពីរសញ្ញាថ្មីនៅឆ្នាំនេះ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
ក្នុងនាមជាគ្រូបង្រៀន គោលបំណងមួយរបស់អ្នកគឺលើកទឹកចិត្តសិស្សឲ្យរៀនចេញពីបទគម្ពីរដោយខ្លួនឯង និងជាមួយក្រុមគ្រួសាររបស់ពួកគេ ។ ការស្ដាប់ឮបទពិសោធន៍របស់អ្នកដទៃអាចបំផុសគំនិតពួកគេឲ្យស្វែងរកបទពិសោធន៍របស់ពួកគេផ្ទាល់ ។ ដូច្នេះ នៅពេលចាប់ផ្ដើមថ្នាក់ម្ដងៗ សូមឲ្យសិស្សចែកចាយបទគម្ពីរមកពីការសិក្សារបស់ពួកគេ ឬដែលបានធ្វើឲ្យពួកគេចាប់អារម្មណ៍ ។
បង្រៀនគោលលទ្ធិ
ដើម្បីរៀនយ៉ាងពិតប្រាកដមកពីព្រះអង្គសង្គ្រោះ យើងត្រូវតែទទួលយកការអញ្ជើញរបស់ទ្រង់ថា « ចូរមកតាមខ្ញុំ » ។
-
ការសិក្សាព្រះគម្ពីរសញ្ញាថ្មីគឺពុំមែនគ្រាន់តែជាឱកាសមួយដើម្បី រៀន អំពីព្រះអង្គសង្គ្រោះ និងគោលលទ្ធិរបស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសរកឃើញនូវរបៀប ធ្វើតាម ទ្រង់កាន់តែល្អឥតខ្ចោះផងដែរ ។ ដំណើររឿងនៅក្នុង ម៉ាថាយ ១៩:១៦–២២ គឺជាវិធីដ៏ល្អមួយដើម្បីណែនាំឲ្យស្គាល់អំពីប្រធានបទនេះ ( សូមមើលផងដែរ វីដេអូ « Christ and the Rich Young Ruler » នៅលើគេហទំព័រ LDS.org ) ។ អ្នកអាចសុំឲ្យសិស្សស្វែងរកដំណើររឿងនេះនូវអ្វីមួយដែលពួកគេរៀនអំពីការប្រែក្លាយជាសិស្សម្នាក់របស់ព្រះយេស៊ូវគ្រីស្ទ ហើយចែកចាយអ្វីដេលពួកគេរកឃើញ ។ សម្រាប់គំនិតសកម្មភាពមួយទៀតដែលទាក់ទងនឹងគោលការណ៍នេះ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ។
ការរៀនសូត្រតម្រូវឲ្យធ្វើសកម្មភាព ដោយសេចក្ដីជំនឿ ។
-
តើអ្នកអាចបំផុសគំនិតសិស្សរបស់អ្នកឲ្យចូលប្រឡូកកាន់តែសកម្មនៅក្នុងការរៀនរបស់ពួកគេ ជាជាងដាក់ការទទួលខុសត្រូវទាំងស្រុងទៅលើគ្រូបង្រៀនតាមរបៀបណា ? នេះគឺជាគំនិតមួយ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យបោះវត្ថុទន់មួយមកអ្នក កាលអ្នកពុំបានខំប្រឹងប្រែងដើម្បីចាប់វា ។ សូមប្រើសកម្មភាពនេះដើម្បីចាប់ផ្ដើមការពិភាក្សាមួយអំពីតួនាទីរបស់អ្នករៀន និងគ្រូបង្រៀននៅក្នុងការរៀនសូត្រដំណឹងល្អ ។ សេចក្ដីថ្លែងការណ៍របស់អែលឌើរ ដេវីឌ អេ បែដណាអំពីការរៀនសូត្រដោយសេចក្ដីជំនឿមាននៅក្នុង « ធនធានបន្ថែមទាំងឡាយ » អាចជួយនៅក្នុងការពិភាក្សានេះ ។
-
ដើម្បីជួយសិស្សឲ្យយល់ថា ការរៀនសូត្រដំណឹងល្អតម្រូវឲ្យមានសេចក្ដីជំនឿដើម្បីធ្វើសកម្មភាព អ្នកអាចចែកពួកគេជាក្រុម ហើយអញ្ជើញក្រុមនីមួយៗអានដំណើររឿងមួយដូចតទៅនេះ ៖ ម៉ាកុស ៥:២៥–៣៤, លូកា ៥:១៧–២៦ និង យ៉ូហាន ៩:១–៧ ។ តើមនុស្សនៅក្នុងដំណើររឿងនីមួយៗបានធ្វើអ្វីខ្លះដើម្បីបង្ហាញសេចក្ដីជំនឿរបស់ពួកគេលើព្រះអង្គសង្គ្រោះ ? តើយើងអាចធ្វើសកម្មភាពអ្វីខ្លះដើម្បីរៀនអំពីដំណឹងល្អ ហើយបង្ហាញសេចក្ដីជំនឿរបស់យើងថា ព្រះអម្ចាស់នឹងជួយយើងឲ្យរៀនសេចក្ដីពិត ?
-
សិស្សទាំងអស់មានការទទួលខុសត្រូវដើម្បីយាងអញ្ជើញព្រះវិញ្ញាណឲ្យចូលមកក្នុងថ្នាក់រៀន ។ ដើម្បីជួយសិស្សឲ្យយល់អំពីការណ៍នេះ សូមឲ្យពួកគេអាន អាលម៉ា ១:២៦ និង គោលលទ្ធិ និងសេចក្ដីសញ្ញា ៥០:១៣–២២, ៨៨:១២២–២៣ ហើយចែកចាយអ្វីដែលគ្រូបង្រៀន និងសិស្សអាចធ្វើដើម្បីយាងអញ្ជើញព្រះវិញ្ញាណ ។ ការសរសេរចម្លើយរបស់ពួកគេនៅលើក្ដារខៀនក្រោមចំណងជើងដូចតទៅនេះ ៖ អ្វីដែលគ្រូបង្រៀនអាចធ្វើ និង អ្វីដែលអ្នករៀនអាចធ្វើ ប្រហែលជាអាចជួយបាន ។ តើវានឹងជួយដែរឬទេដើម្បីបង្កើតប័ណ្ណប្រកាសមួយដែលមានចម្លើយរបស់សិស្សដែលអាចដាក់បង្ហាញរយៈពេលពីរបី សប្ដាហ៍ក្រោយ ?
យើងចាំបាច់ត្រូវស្គាល់សេចក្ដីពិតដោយខ្លួនឯង ។
-
វគ្គជាច្រើននៅក្នុងព្រះគម្ពីរសញ្ញាថ្មីបង្រៀនគោលការណ៍ដែលអាចដឹកនាំការស្វែងរកសេចក្ដីពិតរបស់យើង ។ ឧទាហរណ៍ដូចជា លូកា ១១:៩–១៣, យ៉ូហាន ៥:៣៩, ៧:១៤–១៧ និង កូរិនថូសទី ១ ២:៩–១១ ។ អ្នកអាចអញ្ជើញសិស្សរបស់អ្នកដែលបានអានវគ្គទាំងនេះនៅក្នុងការសិក្សាផ្ទាល់ខ្លួនរបស់ពួកគេឲ្យចែកចាយអ្វីដែលពួកគេបានរៀន ។ ឬអ្នកអាចអានវគ្គទាំងនេះរួមគ្នា ហើយអញ្ជើញសិស្សឲ្យចែកចាយរបៀបដែលពួកគេបានទទួលទីបន្ទាល់របស់ពួកគេ ។
-
មិនថាយើងជាសមាជិកនៅក្នុងសាសនាចក្រយូរប៉ុណ្ណានោះទេ យើងទាំងអស់ចាំបាច់ត្រូវពង្រឹងទីបន្ទាល់របស់យើងជាទៀងទាត់ ។ ដើម្បីជួយសិស្សឲ្យស្គាល់សេចក្ដីពិតដែលពួកគេចាំបាច់ត្រូវដឹងដោយខ្លួនឯង អ្នកអាចសរសេរនៅលើចម្រៀកក្រដាសនូវសេចក្ដីយោងបទគម្ពីរមួយចំនួនដែលបង្រៀនសេចក្ដីពិតដ៏សំខាន់ៗ ដូចជា យ៉ូហាន ៣:១៦–១៧, កូរិនថូសទី ១ ១៥:២២, ម៉ូសាយ ៣:១៣, អាលម៉ា ៧:១១–១៣ និង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៥:៣ ។ សូមឲ្យសិស្សអានបទគម្ពីរទាំងនេះ សង្ខេបសេចក្ដីពិតដ៏នៅអស់កល្បជានិច្ចដែលពួកគេរកឃើញ ហើយពិភាក្សាអ្វីដែលពួកគេអាចធ្វើដើម្បីទទួលទីបន្ទាល់មួយអំពីសេចក្ដីពិតទាំងនេះ ។ ដើម្បីធ្វើឲ្យយុវវ័យចូលរួមក្នុងសកម្មភាពនេះកាន់តែខ្លាំង សូមពិចារណាលាក់ចម្រៀកក្រដាសទាំងនោះនៅក្នុងបន្ទប់ ហើយអញ្ជើញយុវវ័យឲ្យ « ស្វែងរកសេចក្ដីពិត » ។
-
កិច្ចការ ១៧:១០–១២ ពិពណ៌នាអំពីពួកបរិសុទ្ធដែលបានស្វែងរកបទគម្ពីរ ហើយទទួលបានសាក្សីរបស់ពួកគេអំពីសេចក្ដីពិត ។ ដើម្បីលើកទឹកចិត្តសិស្សឲ្យធ្វើតាមគំរូរបស់ពួកគេ សូមអានខគម្ពីរទាំងនេះរួមគ្នា ហើយអញ្ជើញសិស្សឲ្យចែកចាយវគ្គបទគម្ពីរដែលបានពង្រឹងទីបន្ទាល់របស់ពួកគេអំពីដំណឹងល្អ ។
តើយើងអាចធ្វើឲ្យការសិក្សាព្រះគម្ពីររបស់យើងកាន់តែមានអត្ថន័យតាមរបៀបណា ?
-
ការអភិវឌ្ឍទម្លាប់សិក្សាព្រះគម្ពីរប្រហែលជាមានការលំបាកសម្រាប់សិស្សដែលមានអារម្មណ៍ថា ពួកគេគ្មានពេល គ្មានការយល់ដឹង ឬគ្មានជំនាញគ្រប់គ្រាន់ ។ តើអ្នកអាចធ្វើអ្វីខ្លះដើម្បីជួយពួកគេឲ្យទទួលជោគជ័យ ? អ្នកអាចចាប់ផ្ដើមដោយការពិភាក្សាដំណើររឿងអំពីបុរសកាប់ដើមឈើពីរនាក់នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ។ ដើម្បីជួយសិស្សឲ្យទទួលបានទំនុកចិត្តលើការសិក្សាព្រះគម្ពីរ អ្នកអាចចែកចាយព័ត៌មានចេញពី « គំនិតយោបល់កែលម្អដល់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់អ្នក » នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ។ ប្រហែលជាអ្នក ឬសិស្សផ្សេងទៀតអាចចែកចាយបទពិសោធន៍ជាមួយនឹងការប្រើគំនិតទាំងនេះ ឬបទពិសោធន៍ដ៏មានអត្ថន័យផ្សេងទៀតមួយចំនួនក្នុងការសិក្សាព្រះគម្ពីរ ។ អ្នកក៏អាចជ្រើសយកជំពូកមួយនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ហើយសាកល្បងសិក្សារួមគ្នា ដោយប្រើគំនិតមួយចំនួននេះ ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
ដើម្បីលើកទឹកចិត្តសិស្សឲ្យសិក្សា ម៉ាថាយ ១ និង លូកា ១ នៅឯគេហដ្ឋានដើម្បីរៀបចំខ្លួនសម្រាប់ការពិភាក្សានៅសប្ដាហ៍ក្រោយ អ្នកអាចសួរសំណួរនេះ ៖ « តើអ្នកធ្លាប់ត្រូវបានសុំឲ្យធ្វើអ្វីមួយដែលទំនងជាពុំអាចធ្វើបានដែរឬទេ ? » ជំពូកទាំងនេះនឹងបង្ហាញអំពីសេចក្ដីពិតថា « ការអ្វីដែលព្រះទ្រង់ធ្វើពុំបាន នោះគ្មានសោះឡើយ » ( លូកា ១:៣៧ ) ។
ធនធានបន្ថែមទាំងឡាយ
ការទាមទារចំណេះដឹងខាងវិញ្ញាណដោយខ្លួនឯង ។
អែលឌើរ ដេវីឌ អេ បែដណា បានពន្យល់ថា « ខ្ញុំបានសង្កេតឃើញនូវលក្ខណៈទូទៅមួយក្នុងចំណោមគ្រូបង្រៀនដែលមានឥទ្ធិពលដ៏អស្ចារ្យនៅក្នុងជីវិតរបស់ខ្ញុំ ។ ពួកគាត់បានជួយខ្ញុំស្វែងរកការរៀនសូត្រដោយសេចក្ដីជំនឿ ។ ពួកគាត់មិនផ្ដល់ចម្លើយងាយស្រួលដល់ខ្ញុំចំពោះសំណួរពិបាកនោះទេ ។ តាមពិត ពួកគាត់ពុំផ្ដល់ចម្លើយដល់សំណួរខ្ញុំសោះ ។ ប៉ុន្តែពួកគាត់បានចង្អុលបង្ហាញផ្លូវ ហើយជួយខ្ញុំបោះជំហានទៅស្វែងរកចម្លើយដោយខ្លួនឯង ។ … ចម្លើយដែលត្រូវបានផ្ដល់ឲ្យដោយនរណាម្នាក់ទៀត តាមធម្មតាខ្ញុំចាំពុំសូវបានយូរទេ បើតាមខ្ញុំចាំនោះ ។ ប៉ុន្ដែចម្លើយមួយដែលយើងបានរកឃើញ ឬទទួលបានតាមរយៈការអនុវត្តសេចក្ដីជំនឿ តាមធម្មតា ត្រូវបានរក្សាទុកអស់ពេញមួយជីវិត ។ … មានតែតាមវិធីនេះប៉ុណ្ណោះដែលមនុស្សម្នាក់អាចបោះជំហានទៅមុខហួសពីការពឹងផ្អែកលើចំណេះដឹង និងបទពិសោធន៍ខាងវិញ្ញាណរបស់មនុស្សដទៃទៀត ហើយទាមទារពរជ័យទាំងនោះសម្រាប់ខ្លួនឯង » ( « Seek Learning by Faith » Ensign ខែកញ្ញា ឆ្នាំ២០០៧ ទំព័រ ៦៧ ) ។
ការចំណាយពេលសម្រាប់ការសិក្សាព្រះគម្ពីរ ។
បងប្រុស ថាត អរ ខាលីស្ទើរ បានបង្រៀនថា
« មានបុរសកាប់ដើមឈើពីរនាក់ដែលបានប្រកួតគ្នា ដើម្បីកំណត់ថា តើនរណាអាចកាប់ដើមឈើបានច្រើនជាងគេក្នុងមួយថ្ងៃ ។ នៅពេលថ្ងៃរះឡើងនោះការប្រកួតបានចាប់ផ្តើម ។ រៀងរាល់ម៉ោងបុរសមាឌតូចបានដើរចុះឡើងទៅក្នុងព្រៃប្រហែលជា ១០ នាទី ។ រាល់ពេលដែលគាត់ធ្វើបែបនេះ គូប្រកួតរបស់គាត់បានញញឹម ហើយងក់ក្បាល ដែលបានបញ្ជាក់ថាគាត់នឹងឈ្នះការប្រកួតនោះ ។ បុរសមាឌធំជាង ពុំដែលចាកចេញពីកន្លែងគាត់ ពុំឈប់កាប់ឈើ ពុំសម្រាកឡើយ ។
« នៅពេលល្ងាច បុរសមាឌធំជាងមានការភ្ញាក់ផ្អើលដោយដឹងថាគូប្រកួតរបស់ខ្លួន ដែលទំនងជាបានចំណាយពេលឥតប្រយោជន៍ជាច្រើននោះ កាប់ឈើបានច្រើនជាងគាត់ ។ គាត់បានសួរថា ‹ តើអ្នកកាប់ឈើបានច្រើនដោយរបៀបណា បើអ្នកសម្រាកច្រើនដងយ៉ាងនេះនោះ ? › ។
« អ្នកឈ្នះបានតបថា ‹ អូ៎ ខ្ញុំបានសំលៀងពូថៅរបស់ខ្ញុំ › ។
« រាល់ពេលយើងសិក្សាព្រះគម្ពីរ យើងកំពុងសំលៀងពូថៅខាងវិញ្ញាណរបស់យើង » ( « The Joy of Learning » Ensign ខែតុលា ឆ្នាំ២០១៦ ទំព័រ ១៤ ) ។