« ថ្ងៃទី ២៤-៣០ ខែ មិថុនា ។ ម៉ាថាយ ២៨; ម៉ាកុស ១៦; លូកា ២៤ យ៉ូហាន ២០-២១ ៖ ‹ ទ្រង់រស់ឡើងវិញ ›» ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ គម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )
« ថ្ងៃទី ២៤-៣០ ខែ មិថុនា ។ ម៉ាថាយ ២៨,ម៉ាកុស ១៦, លូកា ២៤, យ៉ូហាន ២០-២១ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០១៩
ថ្ងៃទី ២៤-៣០ ខែ មិថុនា
ម៉ាថាយ ២៨, ម៉ាកុស ១៦, លូកា ២៤, យ៉ូហាន ២០-២១
« ទ្រង់មានព្រះជន្មរស់ឡើងវិញ »
ពីមុនរុករកមើលគំនិតយោបល់សម្រាប់ការបង្រៀននៅក្នុងគម្រោងនេះ សូមអាន ម៉ាថាយ ២៨, ម៉ាកុស ១៦, លូកា ២៤ និង យ៉ូហាន ២០–២១ ហើយពិចារណាអំពីរបៀបដែលជំពូកទាំងនេះ អាចយកមកប្រើប្រាស់ដើម្បីពង្រឹងដល់សេចក្ដីជំនឿនៃអ្នកទាំងឡាយដែលអ្នកបង្រៀន ។
កត់ត្រាចំណាប់អារម្មណ៍
អញ្ជើញឲ្យមានការចែកចាយ
ដើម្បីជួយសិស្សចែកចាយនូវអ្វីដែលពួកគេបានរៀននៅក្នុងការសិក្សាផ្ទាល់ខ្លួន និងជាគ្រួសាររបស់ពួកគេ ចូរសុំឲ្យពួកគេសរសេរសេចក្ដីពិតមួយមកពីចំណាត់ការអានរបស់សប្ដាហ៍នេះ ដែលពួកគេមានអារម្មណ៍ថា គួរតែចែកចាយជាមួយនឹង « លោកិយទាំងមូល » ( សូមមើល ម៉ាកុស ១៦:១៥) ។ នៅចុងបញ្ចប់មេរៀន ចូរសួរដល់ពួកគេបើសិនជាពួកគេរកឃើញសេចក្ដីពិតបន្ថែមទៀតដែលពួកគេចង់ចែកចាយ ។
បង្រៀនគោលលទ្ធិ
ម៉ាថាយ ២៨, ម៉ាកុស ១៦, លូកា ២៤, យ៉ូហាន ២០
ដោយសារព្រះយេស៊ូវបានរស់ឡើងវិញ នោះយើងនឹងរស់ឡើងវិញផងដែរ ។
-
សូមផ្ដល់ឱកាសដល់មនុស្សឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបានឲ្យចែកចាយអំពីអ្វីដែលពួកគេបានរៀនអំពីការរស់ឡើងវិញ នោះអ្នក អាចផ្ដល់ពេលឲ្យសិស្សពីរបីនាទីដើម្បីរំឭកមើលចំណាត់ការអានសម្រាប់សប្ដាហ៍នេះ និង « ការរស់ឡើងវិញ » នៅក្នុង Bible Dictionary រួចហើយកត់ត្រាសេចក្ដីពិតនានាដែលពួកគេបានរៀនអំពីការរស់ឡើងវិញ ។ ចូរឲ្យពួកគេចែកចាយនូវអ្វីដែលពួកគេបានសរសេរ ហើយលើកទឹកចិត្តសិស្សឲ្យលើកដៃនៅពេលពួកគេស្ដាប់ឮនរណាម្នាក់ចែកចាយសេចក្ដីពិតមួយដែលស្រដៀងទៅនឹងអ្វីដែលពួកគេបានកត់ត្រាទុក ។ ហេតុអ្វីសេចក្ដីពិតទាំងឡាយនេះសំខាន់ចំពោះយើង ? តើការដឹងថាយើងនឹងត្រូវបានរស់ឡើងវិញជះឥទ្ធិពលទៅលើអារម្មណ៍យើងអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ? ការបង្ហាញវីដេអូតន្ត្រី « ទ្រង់រស់ឡើងវិញ » ( LDS.org ) អាចជួយអញ្ជើញយាងព្រះវិញ្ញាណឲ្យមកក្នុងការពិភាក្សានេះ ។
យើងអាចអញ្ជើញព្រះអង្គសង្គ្រោះឲ្យ « គង់នៅជិតយើង » ។
-
ដើម្បីជួយសិស្សឲ្យមើលឃើញទំនាក់ទំនងរវាងបទពិសោធន៍របស់ពួកគេ និងបទពិសោធន៍របស់ពួកសិស្សនៅលើផ្លូវទៅកាន់ក្រុងអេម៉ោស សូមគូររូបផ្លូវមួយនៅលើក្ដារខៀន ហើយអញ្ជើញសិស្សឲ្យសរសេរព័ត៌មានលម្អិតមកពីដំណើររឿងនៅក្នុង លូកា ២៤:១៣-៣៥ នៅផ្លូវម្ខាងទៀត ។ បន្ទាប់មក នៅឯផ្លូវម្ខាងទៀត ពួកគេអាចសរសេរស្របក្បែរគ្នានូវអ្វីដែលពួកគេឃើញក្នុងបទពិសោធន៍ផ្ទាល់ខ្លួនក្នុងនាម ជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ ។ ឧទាហរណ៍ ពួកគេអាចសរសេរ ភ្នែកគេត្រូវថ្ពឹន ( លូកា ២៤:១៦ ) នៅលើផ្លូវម្ខាង និងពាក្យ នៅពេលខ្លះយើងពុំទទួលស្គាល់ឥទ្ធិពលរបស់ព្រះអម្ចាស់មាននៅក្នុងជីវិតរបស់យើង នៅលើផ្លូវម្ខាងទៀត ។
-
មានទំនុកតម្កើងពីរផ្ដោតទៅលើ លូកា ២៤:១៣–៣៥ ៖ « សូមគង់នឹងខ្ញុំយប់យន់រាត្រី » និង « សូមគង់នឹងខ្ញុំ ! » ទំនុកតម្កើង លេខ ៩៧, ៩៨ ។ តើអ្នកអាចប្រើទំនុកតម្កើងទាំងនេះដើម្បីជួយសិស្សស្វែងរកអត្ថន័យកាន់តែជ្រៅជ្រះនៅ ក្នុងដំណើររឿងបទគម្ពីរយ៉ាងដូចម្ដេច ?
ម៉ាថាយ ២៨:១៦-២០, ម៉ាកុស ១៦:១៤-២០, លូកា ២៤:៤៤-៥៣
ពួកយើងត្រូវបានបង្គាប់ឲ្យផ្សាយដំណឹងល្អទៅកាន់ពិភពលោកទាំងមូល ។
-
ព្រះបញ្ញត្តិដែលព្រះអង្គសង្គ្រោះដែលបានរស់ឡើងវិញប្រទានដល់ពួកសាវករបស់ទ្រង់ដើម្បីផ្សាយដំណឹងល្អរបស់ទ្រង់ អាចអនុវត្តចំពោះយើងសព្វថ្ងៃនេះផងដែរ ។ តើអ្នក អាចជួយដល់សិស្សរបស់អ្នកឲ្យមើលឃើញតួនាទីរបស់ពួកគេនៅក្នុងការផ្សាយដំណឹងល្អយ៉ាងដូចម្ដេច ? ប្រហែលជាអ្នកអាចអញ្ជើញពួកគេឲ្យនឹកស្រមៃថា ពួកគេទទួលបានការទូន្មានមកពីសមាជិកគ្រួសារ ឬមិត្តម្នាក់ដែលហៀបនឹងចេញបេសកកម្មពេញម៉ោង ។ តើយើងនឹងចែកចាយអ្វីខ្លះមកពីព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះទៅកាន់ពួកសាវករបស់ទ្រង់ ? តើយើងអាចអនុវត្តពាក្យដូចគ្នាទាំងនេះនៅក្នុងកិច្ចខិតខំរបស់យើងដើម្បីចែកចាយដំណឹងល្អជាមួយអ្នកដទៃយ៉ាងដូចម្ដេច ?
« មានពរហើយអ្នកណាដែលជឿឥតឃើញសោះ » ។
-
អ្នកអាចមានសិស្សដែលមានចិត្តដូចថូម៉ាស ដែលមានបំណងប្រាថ្នាចង់មើលឃើញព្រះអម្ចាស់ដែលបានរស់ឡើងវិញ ពីមុនគាត់នឹងជឿ ។ ថ្នាក់សាលាថ្ងៃអាទិត្យរបស់អ្នក អាចជាកន្លែងមួយសម្រាប់សិស្សពង្រឹងសេចក្ដីជំនឿគ្នាទៅវិញទៅមកទៅលើរឿងនានាដែលពួកគេមិនអាចមើលឃើញ ។ ប្រហែលជាអ្នកអាចចាប់ផ្ដើមដោយការសុំឲ្យនរណាម្នាក់និយាយសង្ខេបអំពីបទពិសោធន៍របស់ថូម៉ាសនៅក្នុង យ៉ូហាន ២០:១៩-២៨ ។ អ្នកក៏អាចបង្ហាញវីដេអូ « Blessed Are They That Have Not Seen, and Yet Have Believed » ( LDS.org ) ។ សិស្សអាចសរសេរនៅលើក្ដារខៀនអំពីអ្វីៗមួយចំនួនដែលព្រះបានប្រាប់ឲ្យយើងជឿដោយមើលមិនឃើញ ។ បន្ទាប់មកអ្នកអាចសុំឲ្យពួកគេចែកចាយបទពិសោធន៍នានាដែលបានពង្រឹងទីបន្ទាល់របស់ពួកគេអំពីរឿងទាំងនេះ ។ តើមានពរជ័យអ្វីខ្លះកើតមានចំពោះសិស្ស នៅពេលពួកគេបានអនុវត្តសេចក្ដីជំនឿ ?
ព្រះអង្គសង្គ្រោះអញ្ជើញយើងឲ្យផ្ដល់ចំណីឲ្យចៀមរបស់ទ្រង់ ។
-
តើមានអ្វីខ្លះដែលអាចជួយសិស្សរបស់អ្នកឲ្យទទួលយកការអញ្ជើញរបស់ព្រះអង្គសង្គ្រោះដើម្បី « ផ្ដល់ចំណីឲ្យចៀម [ របស់ទ្រង់ ] » ? អ្នកអាចចាប់ផ្ដើមដោយអញ្ជើញពួកគេឲ្យអាន យ៉ូហាន ២១:១៥-១៧ ដោយស្ងាត់ស្ងៀម ដោយយកឈ្មោះពួកគេផ្ទាល់ មកដាក់ជំនួសឈ្មោះរបស់ស៊ីម៉ូនបន្ទាប់មក « ចៀមរបស់យើង » និង « ចៀមរបស់ខ្ញុំ » ដោយឈ្មោះមនុស្សដែលពួកគេទទួលអារម្មណ៍ថា ព្រះអម្ចាស់សព្វព្រះទ័យចង់ឲ្យពួកគេបម្រើ—ឧទាហរណ៍ មនុស្សដែលពួកគេទៅបង្រៀនតាមផ្ទះ ឬទៅបង្រៀនសួរសុខទុក្ខ អ្នកជិតខាង ឬមនុស្សដែលពួកគេស្គាល់នៅកន្លែងធ្វើការ ឬនៅសាលារៀន ។ បន្ទាប់ពីរយៈពេលពីរបីនាទីមក ចូរឲ្យសិស្សចែកចាយអំពីចំណាប់ អារម្មណ៍ដែលពួកគេមាន ។ តើវាមានន័យយ៉ាងណាដែលត្រូវផ្ដល់ចំណីឲ្យចៀម ឬកូនចៀមរបស់ព្រះអង្គសង្គ្រោះនោះ ? សេចក្ដីថ្លែងការណ៍ដោយប្រធាន រ័សុល អិម ណិលសុន និងអែលឌើរ ម៉ាវីន ជេ អាស្តុន នៅក្នុង « ធនធានបន្ថែមទាំងឡាយ » អាចជួយឆ្លើយសំណួរនេះ ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
ដើម្បីបំផុសគំនិតសិស្សឲ្យអាន កិច្ចការ ១-៥ សប្ដាហ៍នេះ ចូរសុំឲ្យពួកគេផ្ដោតសតិអារម្មណ៍ទៅលើរបៀបដែលអ្នកនេសាទត្រីពុំរៀនចេះដឹងជ្រៅជ្រះម្នាក់បានក្លាយទៅជាអ្នកដឹកនាំដ៏មានអានុភាពនៅក្នុងសាសនាចក្ររបស់ព្រះគ្រីស្ទ នៅពេលវាផ្សាយទៅពេញពិភពលោក ។ នៅពេលពួកគេសិក្សាអំពីជំពូកទាំងនេះ ពួកគេនឹងមើលឃើញអំពីការផ្លាស់ប្រែនេះកើតមានឡើង ។
ធនធានបន្ថែមទាំងឡាយ
តើវាមានន័យយ៉ាងណាដែលត្រូវផ្ដល់ចំណីឲ្យចៀមរបស់ព្រះអង្គសង្គ្រោះនោះ ?
ប្រធាន រ័សុល អិម ណិលសុន បានចែកចាយគំនិតយោបល់ទាំងនេះមកពីអត្ថបទជនជាតិក្រិកពីបុរាណអំពី យ៉ូហាន ២១ ៖
« នៅក្នុង [ យ៉ូហាន ២១:១៥ ] ពាក្យថា ផ្ដល់ចំណី កើតចេញមកពីពាក្យក្រិក bosko, ដែលមានន័យថា ‹ បីបាច់ ឬ ឃ្វាលឲ្យស៊ីស្មៅ › ។ ពាក្យ កូនចៀម កើតចេញមកពី ពាក្យ តិចតួច arnion មានន័យថា ‹ កូនចៀម › ។ …
« នៅក្នុង [ យ៉ូហាន ២១:១៦ ] ពាក្យថា ផ្ដល់ចំណី កើតចេញមកពីពាក្យផ្សេងគឺ poimaino ដែលមានន័យថា ‹ ឃ្វាល បីបាច់ ឬ មើលថែ › ។ ពាក្យ ចៀម កើតចេញមកពីពាក្យ probaton មានន័យថា ‹ ចៀមធំ › ។ …
« នៅក្នុង [ យ៉ូហាន ២១:១៧ ] ម្ដងទៀត ពាក្យថា ផ្ដល់ចំណី កើតចេញមកពីក្រិក bosko សំដៅទៅលើការចិញ្ចឹមបីបាច់ ។ ពាក្យ ចៀម ជាថ្មីម្ដងទៀតត្រូវបានបកប្រែមកពីពាក្យក្រិក probaton សំដៅទៅលើចៀមធំ ។
« ខគម្ពីរទាំងបីនេះ ដែលហាក់ដូចជាស្រដៀងគ្នាបេះបិទនៅក្នុងភាសាអង់គ្លេស តាមពិតមាននូវសារលិខិតចំនួនបីជាក់លាក់នៅក្នុងភាសាក្រិក ៖
-
កូនចៀមត្រូវការនូវការចិញ្ចឹមបីបាច់ដើម្បីធំលូតលាស់
-
ចៀមត្រូវការនូវការមើលថែ
-
ចៀមត្រូវការនូវការបីបាច់ » ( « Shepherds, Lambs, and Home Teachers, » Ensign ខែសីហា ឆ្នាំ ១៩៩៤ ទំព័រ ១៦ ) ។
តើយើងអាច « ផ្ដល់ចំណីឲ្យចៀម [ របស់ទ្រង់ ] ដោយរបៀបណា ? »
អែលឌើរ ម៉ាវីន ជេ អាស្តុន បានពន្យល់អំពីរបៀបដែលយើងអាចបំពេញតាមព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ក្នុងការផ្ដល់ចំណីឲ្យចៀមរបស់ទ្រង់ ៖
« ព្រះយេស៊ូវមានបន្ទូលថា ‹ ឃ្វាលហ្វូងចៀមរបស់ខ្ញុំចុះ › ។ ( យ៉ូហាន ២១:១៦ ) ។ អ្នកមិនអាចឃ្វាលពួកគេបានទេ បើអ្នកមិនដឹងថាពួកគេនៅឯណានោះ ។ អ្នកមិនអាចឃ្វាលពួកគេបានទេ បើអ្នកឲ្យពួកគេមានហេតុទប់ទល់នឹងអ្នកនោះ ។ អ្នកមិនអាចឃ្វាលពួកគេបានទេ បើអ្នកគ្មានចំណីនោះ ។ អ្នកមិនអាចឃ្វាលពួកគេបានទេ បើអ្នកគ្មានសេចក្ដីសប្បុរសនោះ ។ អ្នកមិនអាចឃ្វាលពួកគេបានទេ បើអ្នកពុំមានឆន្ទៈដើម្បីធ្វើការ និងចែកចាយនោះ ។ …
« អស់អ្នកដែលត្រូវការជំនួយបានមកនៅគ្រប់វ័យទាំងអស់ ។ ចៀមរបស់ទ្រង់មួយចំនួននៅក្មេងខ្ចី ឯកោ ហើយវង្វេង ។ មួយចំនួននឿយហត់ រងទុក្ខ ហើយជរា ។ មួយចំនួនទៀត គឺស្ថិតនៅក្នុងគ្រួសារយើងផ្ទាល់ ជាអ្នកជិតខាងរបស់យើងផ្ទាល់ ឬនៅ ជ្រុងម្ខាងនៃពិភពលោក ដែលយើងអាចជួយតាមរយៈដង្វាយតមអាហារ ។ មួយចំនួនទៀត កំពុងស្រេកឃ្លានអាហារ ។ មួយចំនួនទៀតកំពុងត្រូវការសេក្ដីស្រឡាញ់ និងការខ្វល់ខ្វាយ ។
« បើយើងផ្ដល់ហេតុឲ្យចៀមរបស់ទ្រង់ទប់ទល់នឹងយើង នោះដំណើរការនៃការឃ្វាល នឹងប្រែទៅជាមានការលំបាក បើវាមិនអាចធ្វើទៅបាននោះ ។ គ្មាននរណាម្នាក់ អាចបង្រៀន ឬជួយគេដោយការនិយាយបញ្ឈឺ ឬការចំអកនោះទេ ។ របៀបផ្ដាច់ការ ឬ ‹ ខ្ញុំត្រូវ ហើយឯងខុស › នឹងបដិសេធគ្រប់ការខិតខំដើម្បីឃ្វាលចៀមដែលវង្វេង ។ ជញ្ជាំងនៃការទប់ទល់នឹងត្រូវបានសង់ឡើង ហើយគ្មាននរណាម្នាក់នឹងទទួលបានប្រយោជន៍នោះទេ ។ …
« តាមរយៈសកម្មភាពរបស់យើង យើងបង្ហាញអំពីសេចក្ដីស្រឡាញ់របស់យើង ។ ការបង្ហាញអំពីសេចក្ដីស្រឡាញ់ គឺនៅទទេស្អាត បើពុំមានសកម្មភាពត្រូវផ្គូផ្គងនោះទេ ។ ចៀមរបស់ទ្រង់ទាំងអស់ត្រូវការការបបោសអង្អែលរបស់អ្នកគង្វាលដែលមើលថែដោយយកចិត្តទុកដាក់ » ( « Give with Wisdom That They May Receive with Dignity » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨១ ទំព័រ៩១ ) ។