« ថ្ងៃទី ២៧ ខែ ឧសភា –ថ្ងៃទី ២ ខែ មិថុនា យ៉ូសែប ស្ម៊ីធ--ម៉ាថាយ ១, ម៉ាថាយ ២៥, ម៉ាកុស ១២–១៣, លូកា ២១ ៖ ‹ កូនមនុស្សនឹងចុះមក ›» ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ២០១៩ )
« ថ្ងៃទី ២៧ ខែ ឧសភា –ថ្ងៃទី ២ ខែ មិថុនា យ៉ូសែប ស្ម៊ីធ--ម៉ាថាយ ១ ម៉ាថាយ ២៥ ម៉ាកុស ១២-១៣ លូកា ២១ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃ អាទិត្យ ៖ ឆ្នាំ ២០១៩
ថ្ងៃទី ២៧ ខែ ឧសភា –ថ្ងៃទី ២ ខែ មិថុនា
យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១, ម៉ាថាយ ២៥, ម៉ាកុស ១២–១៣, លូកា ២១
« កូនមនុស្សនឹងចុះមក »
សូមចងចាំថាត្រូវចាប់ផ្ដើមការរៀបចំរបស់អ្នកដើម្បីបង្រៀនដោយការអាន យ៉ូសែប ស៊្មីធ-ម៉ាថាយ ១, ម៉ាថាយ ២៥, ម៉ាកុស ១២-១៣ និង លូកា ២១ ។ សូមស្វែងរកការបំផុសគំនិតដោយផ្ទាល់ខ្លួន បន្ទាប់មកពិនិត្យមើលគម្រោងនេះសម្រាប់គំនិតបន្ថែម ។
កត់ត្រាចំណាប់អារម្មណ៍
អញ្ជើញឲ្យមានការចែកចាយ
សូមធ្វើបញ្ជីមួយនៅលើក្ដារខៀនអំពីរឿងប្រៀបប្រដូចរបស់ព្រះអង្គសង្គ្រោះដែលមាននៅក្នុងការអានសប្ដាហ៍នេះ ដូចជារឿងដើមល្វា រឿងបុរសចិត្តល្អ និងចោរ រឿងអ្នកបម្រើស្មោះត្រង់ និងអ្នកបម្រើមិនល្អ រឿងនាងព្រហ្មចារីយទាំងដប់ រឿងកាក់ និងរឿងចៀម និងពពែ ។ ចូរសុំឲ្យសិស្សចែកចាយសេចក្ដីពិតដែលពួកគេបានរៀនមកពីរឿងប្រៀបប្រដូចទាំងនេះ ដែលអាចជួយពួកគេរៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ ។ តើពួកគេកំពុងធ្វើអ្វីខ្លះដើម្បីអនុវត្តសេចក្ដីពិតទាំងនេះក្នុងជីវិតរបស់ពួកគេ ?
បង្រៀនគោលលទ្ធិ
ការព្យាករអំពីការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះអាចជួយយើងប្រឈមមុខនឹងអនាគតកាលដោយសេចក្ដីជំនឿ ។
-
ទីសម្គាល់ទាំងឡាយអំពីការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ អាចនឹងពិបាកយល់ចំពោះសិស្សមួយចំនួន ។ វាអាចនឹងជួយដល់ពួកគេបើធ្វើការជាក្រុម ហើយប្រាប់អំពីទីសម្គាល់នានាដែលពួកគេរកឃើញនៅក្នុង យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:២១-៣៧ ។ វាក៏អាចនឹងជួយពួកគេឲ្យយល់បានកាន់តែច្បាស់អំពីសារៈសំខាន់នៃទីសម្គាល់ទាំងនេះ បើពួកគេប្រៀបធៀបវាទៅនឹងផ្លាកសញ្ញាផ្លូវ ។ ហេតុអ្វីក៏ផ្លាកសញ្ញាផ្លូវមានសារៈសំខាន់ ? តើរឿងនេះផ្ដល់ជាយោបល់អ្វីខ្លះអំពីទីសម្គាល់នៃការយាងមកជាលើកទីពីរ ? អ្នកអាចនឹងផ្ដល់ក្រដាសឲ្យទៅក្រុមនីមួយៗដែលមានរាងជាផ្លាកសញ្ញាផ្លូវ ហើយអញ្ជើញពួកគេឲ្យសរសេរនៅលើក្រដាសនីមួយៗនូវសញ្ញាមួយ ដែលនឹងមាននូវការយាងមកជាលើកទីពីរ ។ ចូរឲ្យពួកគេចែកចាយនូវអ្វីដែលពួកគេរកឃើញ ហើយអញ្ជើញឲ្យសិស្សពិភាក្សាអំពីភស្ដុតាងនៃទីសម្គាល់ទាំងនេះនៅក្នុងពិភពលោកសព្វថ្ងៃ ។
-
នៅក្នុង គម្រោងសប្ដាហ៍នេះ ក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ សិស្សត្រូវបានអញ្ជើញឲ្យស្វែងរកការទូន្មាននៅក្នុងខគម្ពីរទាំងនេះអំពីរបៀបដែលយើងអាច « កុំខ្វល់ » អំឡុងពេលមានព្រឹត្តការណ៍នានាដែលកើតឡើងនាំទៅដល់ការយាងមកជាលើកទីពីរនោះ ( សូមមើលផងដែរ សេចក្ដីថ្លែងការណ៍ដោយប្រធាន ថូម៉ាស អេស ម៉នសុន នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ) ។ សូមដាក់តាំងរូបភាពមួយដែលបង្ហាញអំពីការយាងមកជាលើកទីពីរ ( សូមមើល ការយាងមកជាលើកទីពីរ, សៀវភៅរូបភាពដំណឹងល្អ លេខ ៦៦ ) ហើយអញ្ជើញឲ្យសិស្សចែកចាយខគម្ពីរដែលពួកគេបានកត់ចំណាំនៅក្នុងការសិក្សាផ្ទាល់ខ្លួនរបស់ពួកគេ ។ ហេតុអ្វីក៏វាជាពរជ័យមួយដើម្បីដឹងអំពីព្រឹត្តការណ៍នានាដែលកើតឡើងនាំទៅកាន់ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះនោះ ?
យ៉ូសែប ស្ម៊ីធ--ម៉ាថាយ ១:២៦–២៧, ៣៨–៥៥, ម៉ាថាយ ២៥:១–១៣
យើងត្រូវត្រៀមខ្លួនជានិច្ចសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។
-
ទោះជាព្រះអង្គសង្គ្រោះបានសុំឲ្យយើងត្រៀមខ្លួនជានិច្ចសម្រាប់ការយាងមកជាលើកទីពីររបស់ទ្រង់ក្ដី ក៏វាងាយនឹងវីវក់នៅក្នុងជីវិតប្រចាំថ្ងៃ ហើយពុំបានគិតច្រើនអំពីវាផងដែរ ។ រឿងប្រៀបប្រដូចនៅក្នុង យ៉ូសែប ស្ម៊ីធ--ម៉ាថាយ ១:២៦–២៧, ៣៨–៥៥ និង ម៉ាថាយ ២៥:១–១៣ អាចជួយសិស្សទទួលស្គាល់ពីសារៈសំខាន់នៃការត្រៀមខ្លួនជាស្រេចសម្រាប់ការយាងមកជាលើកទីពីរ ។ សូមអញ្ជើញសិស្សឲ្យស្វែងរករឿងប្រៀបប្រដូចទាំងនេះ ហើយការប្រៀបធៀប រួចហើយចែកចាយពីអ្វីដែលវាបង្រៀនអំពីការត្រៀមខ្លួនសម្រាប់ការយាងមកជាលើកទីពីរ ។ ប្រហែលជាមានសិស្សម្នាក់ ឬពីរនាក់ អាចមករៀនដោយត្រៀមខ្លួនជាស្រេចដើម្បីធ្វើការសម្ដែងពិពណ៌នាប្រកបដោយការឆ្នៃប្រឌិតអំពីរឿងប្រៀបធៀបមួយនៃរឿងប្រៀបធៀបទាំងនេះ ។
-
រឿងប្រៀបប្រដូចពីស្ត្រីព្រហ្មចារីដប់នាក់ អាចជួយសិស្សឲ្យនឹកគិតអំពីការរៀបចំខ្លួនខាងវិញ្ញាណរបស់ពួកគេដើម្បីជួបនឹងព្រះអង្គសង្គ្រោះ ។ អែលឌើរ ដាវីឌ អេ បែដណា ផ្ដល់នូវការបកស្រាយមួយអំពីរឿងប្រៀបធៀប ដែលអាចនឹងជាជំនួយ ( សូមមើល « ធនធានបន្ថែមទាំងឡាយ » ) ។ សិស្សអាចពិភាក្សាអំពីអ្វីដែលយើងអាចធ្វើនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង ដើម្បីបានផ្លាស់ប្រែចិត្តជឿពេញលេញទៅក្នុងដំណឹងល្អ ។ ហេតុអ្វីក៏យើងម្នាក់ៗត្រូវទទួលបទពិសោធន៍នូវការផ្លាស់ប្រែចិត្តជឿដោយខ្លួនយើង ? តើ គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៥:៥៦-៥៧ បន្ថែមនូវការយល់ដឹងអំពីរឿងប្រៀបធៀបនេះយ៉ាងណាខ្លះ ?
-
អ្នកអាចនឹងច្រៀងទំនុកតម្កើងរួមគ្នាអំពីការយាងមកជាលើកទីពីរ ហើយពិភាក្សាអំពីសារលិខិតដែលពួកគេបង្រៀន ( សូមមើល « ធនធានបន្ថែមទាំងឡាយ » ) ។
នៅក្នុងសេចក្តីជំនុំជម្រះចុងក្រោយ យើងនឹងទូលពីដំណើររឿងនៃជីវិតរបស់យើងថ្វាយព្រះអម្ចាស់ ។
-
រឿងប្រៀបប្រដូចអំពីប្រាក់ និងរឿងប្រៀបប្រដូចអំពីចៀម និងពពែ អាចបំផុសគំនិតយើងឲ្យគិតអំពីដំណើររឿងនៃជីវិតរបស់យើង ដែលយើងនឹងថ្វាយព្រះអម្ចាស់នៅឯសេចក្តីជំនុំជម្រះចុងក្រោយ ។ អ្នកអាចអានរឿងប្រៀបប្រដូចជាមួយគ្នា ហើយអញ្ជើញសិស្សម្នាក់ៗចែកចាយសំណួរមួយដែលព្រះអង្គសង្គ្រោះអាចនឹងសួរ នៅពេលយើងទូលពីដំណើររឿងនៃជីវិតរបស់យើងនោះ ។ សូមផ្ដល់ពេលដល់សិស្សឲ្យរៀបផែនការអំពីរបៀបដែលពួកគេនឹងធ្វើទង្វើរតាមការបំផុសគំនិតដែលពួកគេបានទទួលអំឡុងពេលការពិភាក្សា ។
-
អ្នកគួរតែរំឭកឡើងវិញជាមួយនឹងសិស្សអំពីនិយមន័យនៃសេចក្តីជំនុំជម្រះចុងក្រោយ ដែលមាននៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ចុងក្រោយ, សេចក្តីជំនុំជម្រះ » scriptures.lds.org។ បន្ទាប់មកអ្នកអាចសុំសិស្សឲ្យរំឭកខគម្ពីរមួយចំនួនអំពីសេចក្តីជំនុំជម្រះចុងក្រោយជាយ៉ាងណា ដូចជា អាលម៉ា ៥:១៧-២៥ ។ តើបទគម្ពីរទាំងនេះបំផុសគំនិតយើងឲ្យធ្វើអ្វីខ្លះ ដើម្បីរៀបចំខ្លួនសម្រាប់ថ្ងៃនោះ ?
-
ដើម្បីជួយសិស្សស្វែងរកអត្ថន័យផ្ទាល់ខ្លួននៅក្នុងរឿងប្រៀបធៀបអំពីប្រាក់ ( សូមមើល ម៉ាថាយ ២៥:១៤-៣០) សូមចែកចាយគំនិតមួយចំនួន ឬប្រើសកម្មភាពមួយមកពី « រឿងប្រៀបប្រដូចអំពីប្រាក់ » ដោយ អែលឌើ រ៉ូណល អេ រ៉ាសបាន ( Ensign ខែ សីហា ឆ្នាំ ២០០៣ ទំព័រ ៣២-៣៥ ) ។
-
ដើម្បីបំផុសការពិភាក្សាអំពី ម៉ាថាយ ២៥:៣៤-៤០ អ្នកអាចអញ្ជើញសិស្សឲ្យចែកចាយពីគំរូរបស់អ្នកដែលបង្ហាញនូវសេចក្ដីមេត្តាករុណាដែលបានពិពណ៌នានៅក្នុងខគម្ពីរទាំងនេះ ។ សូមផ្ដល់ពេលឲ្យពួកគេពិចារណាពីនរណាដែលប្រហែលជានឹងត្រូវការការបម្រើរបស់ពួកគេ ។ តើវិធីជាក់លាក់មួយចំនួនណាខ្លះ ដែលយើងអាចផ្ដល់អាហារដល់អ្នកស្រេកឃ្លាន ផ្ដល់សំលៀកបំពាក់ដល់អ្នកអាក្រាត ហើយសួរសុខទុក្ខដល់អ្នកឈឺ ?
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមលើកទឹកចិត្តសមាជិកក្នុងថ្នាក់ឲ្យអាន យ៉ូហាន ១៣-១៧ អំឡុងសប្ដាហ៍ក្រោយ ចូរសុំឲ្យពួកគេគិតអំពីអ្វីដែលពួកគេនឹងនិយាយទៅកូនប្រុស ឬកូនស្រីម្នាក់ពីមុនពួកគេចាកចេញទៅបេសកកម្ម ។ នៅក្នុង យ៉ូហាន ១៣-១៧ យើងនឹងអានការណែនាំចុងក្រោយដែលព្រះអង្គសង្គ្រោះបានប្រទានដល់ពួកសិស្សរបស់ទ្រង់ពីមុនការឆ្កាងរបស់ទ្រង់ ។
ធនធានបន្ថែមទាំងឡាយ
ទំនុកតម្កើងអំពីការយាងមកជាលើកទីពីរ ។
-
« ចូរយើងអរសប្បាយ » ទំនុកតម្កើង លេខ. ៣
-
« មក កូនចៅនៃព្រះអម្ចាស់ » ទំនុកតម្កើង, លេខ ២២
-
« សូមយាងឱស្តេចនៃស្តេច » ទំនុកដំកើង លេខ ២៣ ។
-
« ខ្ញុំជឿលើព្រះគ្រីស្ទ » ទំនុកតម្កើង លេខ. ៧៥
-
« អំណរដល់លោក » ទំនុកតម្កើង លេខ ១២៤ ។
ប្រេងនៃការប្រែចិត្តជឿ
អែលឌើរ ដាវីឌ អេ បែដណា បានផ្ដល់យោបល់អំពីការបកស្រាយអំពីរឿងប្រៀបធៀបនៃស្ត្រីព្រហ្មចារីដប់នាក់ ៖
« សូមគិតអំពីប្រេងថាជាប្រេងនៃការប្រែចិត្តជឿ [ សូមមើល ម៉ាថាយ ២៥:៤-៩] ។ …
« តើស្រីព្រហ្មចារីឆ្លាតប្រាំនាក់មានចិត្តកំណាញ់ និងមិនចង់ចែកចាយ ឬក៏ពួកគេកំពុងបង្ហាញយ៉ាងត្រឹមត្រូវថា បេ្រងនៃការផ្លាស់ប្រែចិត្តជឿមិនអាចខ្ចីបាននោះទេ ? តើកម្លាំងខាងវិញ្ញាណដែលជាលទ្ធផលនៃការគោរពតាមព្រះបញ្ញត្តិដោយខ្ជាប់ខ្ជួនអាចត្រូវបានប្រគល់ដល់មនុស្សផ្សេងទៀតបានដែរឬទេ ? តើចំណេះដឹងដែលទទួលបានតាមរយៈការសិក្សា និងការសញ្ជឹងគិតដោយឧស្សាហ៍លើព្រះគម្ពីរនោះអាចត្រូវបានចែករំលែកដល់អ្នកដែលខ្វះខាតឬ ? តើសេចក្ដីសុខសាន្ដនៃដំណឹងល្អដែលនាំមកដល់ពួកបរិសុទ្ធថ្ងៃចុងក្រោយដ៏ស្មោះត្រង់ អាចត្រូវបានផ្ទេរទៅឲ្យបុគ្គលម្នាក់ដែលបានជួបនឹងឧបសគ្គ ឬការលំបាកដ៏ខ្លាំងបានដែរឬទេ ? ចម្លើយដ៏ច្បាស់អំពីសំណួរទាំងនេះនីមួយៗគឺ ទេ ។
« ដូចស្ត្រីព្រហ្មចារីមានគំនិតបានបញ្ជាក់យ៉ាងត្រឹមត្រូវដែរថា យើងម្នាក់ៗត្រូវតែ ‹ ទិញសម្រាប់ខ្លួនយើង › ។ ស្ដ្រីដែលត្រូវបានបំផុសទាំងនេះ មិនបានរៀបរាប់ពីការផ្លាស់ប្ដូរពាណិជ្ជកម្មនោះទេ ប៉ុន្ដែគេបានបញ្ជាក់ពីទំនួលខុសត្រូវផ្ទាល់ខ្លួនរបស់យើងក្នុងការរក្សាចង្កៀងនៃទីបន្ទាល់របស់យើង ឲ្យឆេះ និង ទទួលបានការផ្គត់ផ្គង់ដ៏ច្រើននៃប្រេងនៃការផ្លាស់ប្រែចិត្តជឿ ។ ប្រេងដ៏មានតម្លៃនេះត្រូវការមួយតំណក់ម្ដងៗ — ‹ មួយបន្ទាត់ម្ដងៗ [ ហើយ ] មួយសិក្ខាបទម្ដងៗ › ( នីហ្វៃទី ២ ២៨:៣០ ) ប្រកបដោយការអត់ធ្មត់ និងខ្ជាប់ខ្ជួន » ( « ផ្លាស់ប្រែចិត្តមករកព្រះអម្ចាស់ » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ១០៩ ) ។
ចូរកុំខ្លាចឡើយ ។
ប្រធាន ថូម៉ាស អេស ម៉នសុន បានមានប្រសាសន៍ថា ៖
« ទោះជាពពកខ្មៅប្រមូលផ្ដុំគ្នា ទោះជាភ្លៀងធ្លាក់មកលើយើងក្ដី ចំណេះដឹងរបស់យើងអំពីដំណឹងល្អ និង សេចក្តីស្រឡាញ់របស់យើងចំពោះព្រះវរបិតាសួគ៌ និង ព្រះអង្គសង្គ្រោះរបស់យើង នឹងលួងលោម និង គាំទ្រយើង ហើយនាំអំណរមកកាន់ដួងចិត្តយើង នៅពេលយើងដើរដោយសុចរិត និងកាន់តាមបទបញ្ញត្តិនានា ។ …
« បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ សូមកុំខ្លាចឡើយ ។ ចូរមានចិត្តរីករាយចុះ ។ អនាគតគឺភ្លឺត្រចះត្រចង់ ដូចជាសេចក្ដីជំនឿរបស់អ្នកដែរ » ( « សង្ឃឹមឡើង » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៩២ ) ។