« ថ្ងៃទី ៣-៩ ខែ មិថុនា យ៉ូហាន ១៣-១៧ ៖ ‹ ចូរនៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ខ្ញុំ ›» ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )
« ថ្ងៃទី ៣-៩ ខែ មិថុនា យ៉ូហាន ១៣-១៧ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩
ថ្ងៃទី ៣-៩ ខែ មិថុនា
យ៉ូហាន ១៣-១៧
« ចូរនៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ខ្ញុំ »
នៅពេលអ្នកសិក្សា យ៉ូហាន ១៣-១៧ ប្រកបដោយការអធិស្ឋាន សូមសញ្ជឹងគិតអំពីរបៀបដែលអ្នកអាចបង្ហាញសេចក្ដីស្រឡាញ់ល្អបំផុតដល់អស់អ្នកដែលអ្នកបង្រៀន ។ ព្រះវិញ្ញាណបរិសុទ្ធ នឹងនាំគំនិតយោបល់មកក្នុងគំនិតរបស់អ្នក នៅពេលអ្នកសិក្សាបទគម្ពីរ ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ និងគម្រោងនេះ ។
កត់ត្រាចំណាប់អារម្មណ៍
អញ្ជើញឲ្យមានការចែកចាយ
ចូរសរសេរលេខចាប់ពី ១៣ រហូតដល់ ១៧ នៅលើក្ដារខៀន ដែលតំណាងឲ្យជំពូកនៅក្នុងគម្ពីរយ៉ូហាន ដែលសិស្សអាននៅសប្ដាហ៍នេះ ។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យសរសេរនៅជិតលេខជំពូកនីមួយៗនូវសេចក្ដីយោងទៅខមួយដែលពួកគេរកឃើញថាមានអត្ថន័យ ហើយចង់ពិភាក្សានៅក្នុងថ្នាក់ ។
បង្រៀនគោលលទ្ធិ
ព្រះអង្គសង្គ្រោះគឺជាគំរូនៃការបម្រើដល់អ្នកដទៃដោយរាបសារបស់យើង ។
-
ដើម្បីជួយសិស្សរបស់អ្នកពិចារណាអំពីសារៈសំខាន់ដែលព្រះយេស៊ូវលាងជើងឲ្យពួកសិស្សរបស់ទ្រង់ អ្នកអាចអញ្ជើញសិស្សម្នាក់ទុកជាមុនឲ្យដើរតួជាពេត្រុសនៅក្នុងដំណើររឿងនេះ ហើយនឹងត្រូវបានសម្ភាសដោយសិស្សផ្សេងៗទៀតក្នុងថ្នាក់ ។ សូមលើកទឹកចិត្តសិស្សឲ្យស្រាវជ្រាវក្នុង យ៉ូហាន ១៣:១-១៧ ហើយគិតអំពីសំណួរដែលប្រកបដោយអត្ថន័យ ដែលពួកគេអាចសួរដល់ពេត្រុស ។ តើយើងរៀនអ្វីខ្លះមកពីដំណើររឿងនេះ ដែលអាចជះឥទ្ធិពលលើរបៀបដែលយើងបម្រើដល់អ្នកដទៃ ?
សេចក្ដីស្រឡាញ់គឺជាចរិតលក្ខណៈកំណត់នៃពួកសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ។
-
តើមានអ្វីខ្លះដែលអាចលើកទឹកចិត្តដល់សិស្សឲ្យកាន់តែមានក្ដីស្រឡាញ់ ? ប្រហែលជាអ្នកអាចសួរពួកគេអំពីរបៀបដែលពួកគេអាចដឹងថា នរណាម្នាក់ដែលពួកគេជួប គឺជាអ្នកដើរតាមព្រះគ្រីស្ទ ។ តើលក្ខណៈអ្វីដែលពួកគេកត់សម្គាល់អំពីបុគ្គលនោះ ? អ្នកអាចអញ្ជើញពួកគេឲ្យស្រាវជ្រាវក្នុង យ៉ូហាន ១៣:៣៤-៣៥ ឲ្យរៀនអំពីរបៀបដែលសិស្សពិតរបស់ព្រះអង្គសង្គ្រោះត្រូវបានគេសម្គាល់ ។ តើយើងអាចធ្វើអ្វីខ្លះ ដើម្បីធ្វើឲ្យសេចក្ដីស្រឡាញ់កំណត់ពីចរិកលក្ខណៈនៃ ភាពជាសិស្សរបស់យើង ? តើការបង្រៀននេះ ជះឥទ្ធិពលដល់របៀបដែលយើងប្រព្រឹត្តនឹងអ្នកដទៃ រួមមានទាំងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមយ៉ាងដូចម្ដេច ?
-
ជាថ្នាក់រៀនទាំងមូល អ្នកបានរៀនច្រើនអំពីជីវិតរបស់ព្រះអង្គសង្គ្រោះក្នុងឆ្នាំនេះ រួមមានទាំងគំរូជាច្រើនអំពីរបៀបដែលទ្រង់បានបង្ហាញសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះអ្នកដទៃ ។ របៀបមួយដើម្បីជួយសិស្សពិចារណាអំពីបទបញ្ញត្តិនៅក្នុង យ៉ូហាន ១៣:៣៤ អាចជាការសរសេរថា ដូចខ្ញុំស្រឡាញ់អ្នក នៅលើក្ដារខៀន ហើយសួរសិស្សឲ្យរៀបរាប់អំពីគំរូដែលពួកគេនឹកចាំមកពីព្រះគម្ពីរសញ្ញាថ្មី ដែលគូសបង្ហាញពីសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូវ ។ បន្ទាប់មកអ្នកអាចនឹងសរសេរថា ស្រឡាញ់គ្នាទៅវិញទៅមក នៅលើក្ដារខៀន ហើយសួរដល់សិស្សឲ្យរៀបរាប់អំពីរបៀបដែលយើងអាចដើរតាមគំរូនៃសេចក្ដីស្រឡាញ់របស់ទ្រង់ ។ ការច្រៀង និងការស្ដាប់ទំនុកតម្កើង « ចូរស្រឡាញ់គ្នាទៅវិញទៅមក » ទំនុកតម្កើង លេខ ១៩៥ ឬមើលវីដេអូមួយនៅក្នុង « ធនធានបន្ថែមទាំងឡាយ » ដែលនឹងជាការបន្ថែមដ៏ល្អមួយទៅក្នុងសកម្មភាពនេះ ។
-
បើយើងពុំមានអារម្មណ៍ស្រឡាញ់ជាក់លាក់ទៅដល់អ្នកដទៃ តើយើងអាចធ្វើអ្វីខ្លះដើម្បីស្វែងរកអំណោយទាននៃក្ដីស្រឡាញ់ ? តើមានដំបូន្មានអ្វីខ្លះនៅក្នុង មរ៉ូណៃ ៧:៤៨, ៨:២៦ បន្ថែមការយល់ដឹងដល់យើងអំពីអំណោយទាននេះ ? តើមាននរណាខ្លះដែលយើងដឹងថាមានតម្រូវការសេចក្ដីស្រឡាញ់របស់យើង ?
យ៉ូហាន ១៤:១៦–២៧, ១៥:២៦, ១៦:៧-១៥
ព្រះវិញ្ញាណបរិសុទ្ធអាចជួយយើងឲ្យបំពេញគោលបំណងរបស់យើងក្នុងនាមជាពួកសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ។
-
ដើម្បីជួយសិស្សរៀនអំពីតួនាទីផ្សេងៗរបស់ព្រះវិញ្ញាណបរិសុទ្ធ សូមពិចារណាធ្វើការបំបែកពួកគេជាក្រុមៗ ហើយផ្ដល់វគ្គគម្ពីរដូចខាងក្រោម ដល់ក្រុមនីមួយៗ ដូចជា ៖ យ៉ូហាន ១៤:១៦-២៧, ១៥:២៦ និង ១៦:៧-១៥ ។ សូមអញ្ជើញក្រុមនីមួយៗឲ្យសរសេរនៅលើក្ដារខៀនអំពីអ្វីដែលពួកគេរៀនអំពីព្រះវិញ្ញាណបរិសុទ្ធចេញមកពីវគ្គបទគម្ពីរទាំងនេះ ។ សិស្សអាចបន្ថែមគំនិតយោបល់ផ្សេងៗទៀតដែលពួកគេរកឃើញ នៅពេលពួកគេរុករកក្នុងបទគម្ពីរដែលបានរៀបរាប់នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ។ តើនៅពេលណាដែលយើងមានអារម្មណ៍ដឹងពីឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ ? តើកម្មវត្ថុ ឬជំនួយចក្ខុអ្វីខ្លះ ដែលអ្នកអាចនាំយកមកថ្នាក់រៀន ដែលនឹងជួយសិស្សយល់ពីតួនាទីនៃព្រះវិញ្ញាណបរិសុទ្ធ ?
-
សូមពិចារណាធ្វើការអញ្ជើញសិស្សពីរបីនាក់ទុកជាមុនឲ្យពួកគេសិក្សាអំពីសុន្ទរកថាសន្និសីទទូទៅ ដែលផ្ដល់យោបល់នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ( ឬសុន្ទរកថាសន្និសីទដទៃទៀត ដែលពួកគេស្គាល់ ) អំពីព្រះវិញ្ញាណបរិសុទ្ធ ។ សូមទុកឲ្យពួកគេចែកចាយដោយសង្ខេបអំពីអ្វីដែលពួកគេបានរៀនជាមួយសិស្សនៅក្នុងថ្នាក់ ។ តើសារលិខិតទាំងនេះបន្ថែមអ្វីខ្លះ ទៅលើអ្វីដែលយើងបានរៀនអំពីព្រះវិញ្ញាណមកពី យ៉ូហាន ១៤-១៦ ?
នៅពេលយើងនៅជាប់នឹងព្រះអង្គសង្គ្រោះ នោះយើងនឹងទទួលបានផលផ្លែផ្កា ហើយមានអំណរ ។
-
តើសិស្សបានរៀនអ្វីខ្លះក្នុងសប្ដាហ៍នេះ មកពីរឿងប្រៀបប្រដូចរបស់ព្រះអង្គសង្គ្រោះអំពីដើមទំពាំងបាយជូរ និងខ្នែង ? សូមពិចារណាធ្វើការនាំយកកូនឈើតូចមួយមកថ្នាក់រៀន ហើយប្រើវាជាជំនួយដល់សិស្សឲ្យមើលឃើញនឹងភ្នែកអំពីរឿងប្រៀបប្រដូចរបស់ព្រះអង្គសង្គ្រោះ ។ បន្ទាប់ពីអាន យ៉ូហាន ១៥:១-១២ ជាថ្នាក់ហើយ អ្នកអាចពិភាក្សាអំពីអត្ថន័យនៃការ « ជាប់នឹង [ ព្រះគ្រីស្ទ ] » ( យ៉ូហាន ១៥:៤ ) ។ អ្នកអាចអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយអំពីរបៀបដែលពួកគេបានរកឃើញថា យ៉ូហាន ១៥:៥ គឺជាការពិត ។ ( សូមមើលផងដែរសេចក្ដីថ្លែងការណ៍មកពីអែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ) ។ វីដេអូ « The Will of God » (LDS.org) អាចជាប្រយោជន៍នៅក្នុងការពិភាក្សានេះផងដែរ ។
ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ គឺមានសាមគ្គីភាពយ៉ាងល្អឥតខ្ចោះ ហើយពួកទ្រង់សព្វព្រះទ័យឲ្យយើងសាមគ្គីភាពគ្នាផងដែរ ។
-
អ្នកប្រហែលជាមិនអាចបង្រៀនគ្រប់សេចក្ដីពិតសំខាន់ៗទាំងអស់ដែលមាននៅក្នុង យ៉ូហាន ១៧ នៅក្នុងការពិភាក្សារួមគ្នាមួយបាននោះទេ ប៉ុន្តែនេះជារបៀបមួយដើម្បីជួយថ្នាក់ទាំងមូលឲ្យរកឃើញវាមួយចំនួន ។ សូមសរសេរនៅលើក្ដារខៀនអំពីគោលគំនិតនានាមកពី យ៉ូហាន ១៧ ដូចនេះថា ៖
-
ទំនាក់ទំនងរបស់យើងជាមួយព្រះយេស៊ូវគ្រីស្ទ
-
ទំនាក់ទំនងរបស់ព្រះយេស៊ូវគ្រីស្ទជាមួយនឹងព្រះបិតាទ្រង់
-
ទំនាក់ទំនងរបស់យើងជាមួយនឹងពិភពលោកទាំងមូល
-
ទំនាក់ទំនងរបស់យើងជាមួយនឹងគ្នាទៅវិញទៅមកក្នុងនាមជាពួកសិស្សរបស់ទ្រង់
សូមអញ្ជើញសិស្សម្នាក់ៗឲ្យជ្រើសរើសគោលគំនិតមួយនៃគោលគំនិតទាំងនេះ ហើយអាន យ៉ូហាន ១៧ ស្វែងរកខគម្ពីរដែលជាប់ទាក់ទងនឹងវា ។ ចូរសុំឲ្យសិស្សមួយចំនួនចែកចាយពីអ្វីដែលពួកគេបានរៀន ។
-
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
ដើម្បីលើកទឹកចិត្តដល់សិស្សឲ្យអាន ម៉ាថាយ ២៦, ម៉ាកុស ១៤, លូកា ២២ និង យ៉ូហាន ១៨ អំឡុងសប្ដាហ៍បន្ទាប់ នោះអ្នកអាចប្រាប់ពួកគេថា នៅក្នុងជំពូកទាំងនេះ ពួកគេនឹងអានអំពីគ្រាចាំបាច់មួយនៅក្នុងផែនការនៃសេចក្ដីសង្គ្រោះដ៏មហិមារបស់ព្រះ ។
ធនធានបន្ថែមទាំងឡាយ
វីដេអូនៅក្នុងគេហទំព័រ LDS.org អំពីសេចក្ដីស្រឡាញ់ ។
-
« ចូរស្រឡាញ់គ្នាទៅវិញទៅមក »
-
« ក្រុមគ្រួសារ ពលិកម្ម ផ្ដល់ឲ្យ និងស្រឡាញ់ »
-
« ការរៀបចំរបស់ថូម៉ាស អេស ម៉នសុន ៖ លោកបានរៀនអំពីក្ដីមេត្តាករុណានៅក្នុងយុវវ័យរបស់លោក »
ព្រះវិញ្ញាណបរិសុទ្ធ ។
-
កិច្ចការ ២:៣៧–៣៨; កាឡាទី ៥:២២–២៣; នីហ្វៃទី ១ ១០:១៧–១៩; នីហ្វៃទី ២ ៣២:៣–៥; ម៉ូសាយ ៣:១៩; នីហ្វៃទី ៣ ២៧:២០; មរ៉ូណៃ ៨:២៦; ១០:៤–៥; គោលលទ្ធិ និងសេចក្តីសញ្ញា ៨:២-៣; ៤២:១៧
-
រ៉ូបឺត ឌី ហែល « The Holy Ghost » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ១០៥–៧
-
ហិនរី ប៊ី អាវរិង « The Holy Ghost as Your Companion, » Ensign ឬ Liahona ខែវិច្ឆិកា ឆ្នាំ ២០១៥, ទំព័រ ១០៤-៧
-
ដេវីឌ អេ បែដណា « Receive the Holy Ghost, » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៩៤-៩៧
ការនៅជាប់នឹងព្រះគ្រីស្ទ ។
សូមកត់ចំណាំថា ពាក្យ នៅជាប់ មានបង្កប់នូវភាពជាប់លាប់ និងការតាំងចិត្ត អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បានបង្រៀនថា ៖
« អត្ថន័យនៃ [ ពាក្យ ] នេះគឺ ‹ នៅ—ប៉ុន្តែនៅ ជារៀងរហូត ›។ នោះគឺជាការហៅនៃសារលិខិតដំណឹងល្អ ។… ចូរមកប៉ុន្តែត្រូវនៅបន្ត។ ចូរមកដោយជំនឿស៊ប់ និងការស៊ូទ្រាំ ។ …
« ព្រះយេស៊ូវ មានបន្ទូលថា ‹ បើដាច់ពីខ្ញុំចេញ នោះអ្នករាល់គ្នាពុំអាចធ្វើអ្វីបានទេ › [ យ៉ូហាន ១៥:៥ ] ។ ខ្ញុំថ្លែងទីបន្ទាល់ថា នោះគឺជាសេចក្ដីពិតរបស់ព្រះ ។ ព្រះគ្រីស្ទគឺជាអ្វីៗគ្រប់យ៉ាងចំពោះយើង ហើយយើងត្រូវ ‹ នៅជាប់នឹង › ទ្រង់ជាអចិន្ត្រៃយ៍ ឥតងាករេ ខ្ជាប់ខ្ជួនជារៀងរហូត ។ ដើម្បីឲ្យផលផ្លែនៃដំណឹងល្អរីកឡើង ហើយឲ្យពរដល់ជីវិតយើង យើងត្រូវតែនៅជាប់នឹងទ្រង់ ជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នា និងចំពោះសាសនាចក្ររបស់ទ្រង់ដែលមានព្រះនាមដ៏បរិសុទ្ធរបស់ទ្រង់ ។ ទ្រង់គឺជាដើមទំពាំងបាយជូរដែលជាប្រភពពិតនៃកម្លាំង និងជាប្រភពតែមួយនៃជីវិតដ៏នៅអស់កល្បជានិច្ច ។ នៅក្នុងទ្រង់យើងពុំគ្រាន់តែស៊ូទ្រាំបានប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងយកឈ្នះ ហើយមានជ័យជំនះនៅក្នុងបុព្វហេតុដ៏បរិសុទ្ធនេះ ដែលនឹងពុំឲ្យយើងបរាជ័យឡើយ » (« Abide in Me » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៣២ ) ។