« ថ្ងៃទី ១–៧ ខែ កក្កដា ។ កិច្ចការ ១–៥ ៖ ‹ អ្នកនឹងធ្វើជាទីបន្ទាល់ពីខ្ញុំ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ (ឆ្នាំ ២០១៩ )
« ថ្ងៃទី ១–៧ ខែ កក្កដា ។ កិច្ចការ ១–៥ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០១៩
ថ្ងៃទី ១–៧ ខែ កក្កដា
កិច្ចការ ១–៥
« អ្នកនឹងធ្វើជាទីបន្ទាល់ពីខ្ញុំ »
ប្រសិនបើអ្នកអាន កិច្ចការ ១–៥ ហើយស្វែងរកការដឹកនាំមកពីព្រះវិញ្ញាណ អ្នកនឹងទទួលបានការបំផុសគំនិតអំពីសេចក្ដីពិតអ្វីទៅនៅក្នុងជំពូកទាំងនេះដែលវានឹងជួយសិស្សរបស់អ្នកឲ្យពឹងផ្អែកទាំងស្រុងទៅលើព្រះវិញ្ញាណបរិសុទ្ធ ហើយក្លាយជាសាក្សីដ៏ស្មោះត្រង់ម្នាក់របស់ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
មានវគ្គ និងគោលការណ៍ដ៏មានអត្ថន័យជាច្រើននៅក្នុង កិច្ចការ ១–៥ ។ វិធីដ៏ប្រពៃមួយដើម្បីរកឲ្យឃើញថា តើវគ្គ ឬគោលការណ៍ណាមួយដែលមានតម្លៃបំផុត ហើយទាក់ទងនឹងសិស្សរបស់អ្នកគឺតាមរយៈការអនុញ្ញាតឲ្យពួកគេប្រាប់អ្នកអំពីអ្វីដែលពួកគេចាប់អារម្មណ៍នៅក្នុងការសិក្សារបស់ពួកគេ ។ តើអ្នកនឹងអញ្ជើញឲ្យមានការចែកចាយប្រភេទនេះតាមរបៀបណា ? វាអាចជារឿងដ៏សាមញ្ញមួយដោយទុកពេលឲ្យពួកគេពីរបីនាទីដើម្បីស្វែងរក ហើយចែកចាយខគម្ពីរមួយមកពី កិច្ចការ ១–៥ ដែលពួកគេមានអារម្មណ៍ថា ព្រះសូរសៀងរបស់ព្រះអម្ចាស់កំពុងមានបន្ទូលមកកាន់ពួកគេ ។
បង្រៀនគោលលទ្ធិ
កិច្ចការ ១:១–៨, ២:៣៧–៣៩, ៤:១–១៦, ៣១–៣៣
ព្រះយេស៊ូវគ្រីស្ទដឹកនាំសាសនាចក្ររបស់ទ្រង់តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។
-
ការអានអំពីបទពិសោធន៍របស់ពួកសាវកអាចជួយសិស្សរបស់អ្នកឲ្យឃើញនូវរបៀបដែលពួកគេអាចទទួលព្រះចេស្ដា និងការដឹកនាំមកពីព្រះវិញ្ញាណបរិសុទ្ធនៅក្នុងការហៅរបស់ពួកគេក្នុងសាសនាចក្រ ។ វិធីមួយដើម្បីមើលឡើងវិញនូវបទពិសោធន៍នៅក្នុង កិច្ចការ ១–៥ អាចជាការសរសេរនៅលើក្ដារខៀននូវឃ្លាថា ៖ ព្រះវិញ្ញាណបរិសុទ្ធអាចជួយខ្ញុំនៅក្នុងការហៅរបស់ខ្ញុំតាមរយៈ ៖ រួចហើយអញ្ជើញសិស្សឲ្យស្វែងរក កិច្ចការ ១:១–៨, ២:៣៦–៣៩ និង ៤:១–១៦, ៣១–៣៣ ដោយរកមើលវិធីដើម្បីបំពេញប្រយោគនេះ ។ ហេតុអ្វីពួកសាវកចាំបាច់ត្រូវការព្រះវិញ្ញាណបរិសុទ្ធ ?
-
អ្នកក៏អាចរុករករួមគ្នានូវរបៀបដែលព្រះយេស៊ូវគ្រីស្ទដឹកនាំសាសនាចក្ររបស់ទ្រង់នៅក្នុងជំនាន់របស់យើងតាមរយៈព្រះវិញ្ញាណបរិសុទ្ធផងដែរ ។ ដើម្បីធ្វើបែបនេះបាន អ្នកអាចប្រាប់សិស្សបីបួននាក់ទុកជាមុន ហើយសុំឲ្យពួកគេមើលឡើងវិញនូវដំណើររឿងនៅក្នុង កិច្ចការ ១:១–៨, ២:៣៧–៣៩, ៤:១–១៦, ៣១–៣៣ ហើយមកថ្នាក់រៀនដោយត្រៀមខ្លួនចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនដែលវាស្រដៀងគ្នានឹងបទពិសោធន៍ទាំងនោះរបស់ពួកសាវក ។ ឧទាហរណ៍ ពួកគេអាចចែកចាយអំពីគ្រាមួយដែលព្រះវិញ្ញាណបរិសុទ្ធបានជួយពួកគេឲ្យថ្លែងទីបន្ទាល់អំពីគោលការណ៍មួយនៃដំណឹងល្អ ឬឆ្លើយតបនឹងសំណួររបស់មនុស្សម្នាក់ ។ តើពួកគេបានធ្វើអ្វីខ្លះដើម្បីស្វែងរកការដឹកនាំមកពីព្រះវិញ្ញាណបរិសុទ្ធ ?
ពួកសាវករបស់ព្រះយេស៊ូវគ្រីស្ទត្រូវបានហៅដោយព្រះតាមរយៈវិវរណៈ ។
-
វាអាចនឹងជួយសិស្សរបស់អ្នកឲ្យកត់ចំណាំថា សមាជិកថ្មីក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់នៅក្នុងសាសនាចក្រកាលពីបុរាណត្រូវបានហៅតាមរយៈវិវរណៈ ដូចជានៅសព្វថ្ងៃនេះដែរ ។ សូមពិចារណាអញ្ជើញសិស្សឲ្យពន្យល់អំពីរបៀបដែលអាជីវកម្មមួយអាចនឹងធ្វើការជ្រើសរើស ការជំនួសតំណែងមួយសម្រាប់តួនាទីជានាយកប្រតិបត្តិ ដូចជាការមើលទៅលើប្រវត្តិអប់រំ បទពិសោធន៍ ។ល ។ សូមឲ្យពួកគេស្វែងរកភាពខុសគ្នាពីការណ៍នេះជាមួយនឹងរបៀបដែលសាវកម៉ាត់ធាស ត្រូវបានហៅនៅក្នុង កិច្ចការ ១:១៥–២៦ ( សូមមើលផងដែរ សាំយ៉ូអែលទី ១ ១៦:១–១៣ ) ។ តើពាក្យដកស្រង់ដោយប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី នៅក្នុង « ធនធានបន្ថែមទាំងឡាយ » អាចនឹងបន្ថែមដល់ការយល់ដឹងរបស់សិស្សអ្នកតាមរបៀបណា ? ( សូមមើលផងដែរ រ័សុល អិម ណិលសុន « Sustaining the Prophets » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៧៤–៧៧ ) ។ តើចំណេះដឹងនេះជះឥទ្ធិពលដល់សេចក្ដីជំនឿរបស់យើងលើថ្នាក់ដឹកនាំដែលព្រះអម្ចាស់បានហៅយ៉ាងដូចម្ដេច ? តើអ្នកធ្លាប់ទទួលបានសាក្សីរបស់អ្នកស្ដីពីពួកសាវក និងពួកព្យាការីសម័យទំនើបតាមរបៀបណា ?
កិច្ចការ ២:២២–៤៧, ៣:១៣–២៦, ៤:៥–១២
យើងទទួលបានពរជ័យនៃដង្វាយធួននៅពេលយើងរស់នៅតាមគោលការណ៍ និងពិធីបរិសុទ្ធទីមួយនៃដំណឹងល្អ ។
-
តើសិស្សដែលអ្នកបង្រៀនអាចរកឃើញអនុភាព និងអត្ថន័យនៅក្នុងសេចក្ដីពិតដ៏សាមញ្ញដែលពេត្រុស និងយ៉ូហានបានបង្រៀន ( សេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ការប្រែចិត្ត ពិធីបុណ្យជ្រមុជទឹក អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ និងការកាន់ខ្ជាប់ដរាបដល់ចុងបំផុត ) តាមរបៀបណា ? វិធីមួយដែលអាចធ្វើបានគឺការរុករកនូវសារៈសំខាន់នៃគោលការណ៍ និងពិធីបរិសុទ្ធទាំងនេះ ដែលពេលខ្លះត្រូវបានហៅថាជាគោលលទ្ធិនៃព្រះគ្រីស្ទ ( សូមមើល នីហ្វៃទី ២ ៣១ ) ។ អ្នកអាចយកប័ណ្ណប្រកាសប្រាំមកថ្នាក់រៀន ហើយសរសេរនៅផ្នែកខាងលើនៃប័ណ្ណប្រកាសនីមួយៗនូវចំណុចមួយនៃគោលលទ្ធិនៃព្រះគ្រីស្ទដូចតទៅនេះ ៖ សេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ការប្រែចិត្ត ពិធីបុណ្យជ្រមុជទឹក អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ការកាន់ខ្ជាប់ដរាបដល់ចុងបំផុត ។ សូមបំបែកសិស្សក្នុងថ្នាក់ជាប្រាំក្រុម ហើយឲ្យក្រុមនីមួយៗនូវប័ណ្ណប្រកាសមួយសន្លឹក ។ សូមអញ្ជើញក្រុមទាំងឡាយមើលឡើងវិញនូវនិយមន័យអំពីប្រធានបទនៅលើប័ណ្ណប្រកាសរបស់ពួកគេនៅក្នុង សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ឬ ប្រកាសដំណឹងល្អរបស់យើង ។ បន្ទាប់មក ពួកគេអាចមើលឡើងវិញនូវការបង្រៀនរបស់ពេត្រុសនៅក្នុង កិច្ចការ ២:២២–៤៧, ៣:១៣–២៦ និង ៤:៥–១២ ហើយសរសេរនៅលើប័ណ្ណប្រកាសរបស់ពួកគេនូវឧទាហរណ៍ស្ដីពីប្រធានបទរបស់ពួកគេដែលបានចាត់មកពីបទគម្ពីរ ។ តើគោលការណ៍ និងពិធីបរិសុទ្ធទាំងនេះនៃដំណឹងល្អជួយយើងឲ្យទទួលបានពរជ័យនៃដង្វាយធួនរបស់ព្រះអង្គសង្គ្រោះតាមរបៀបណា ? តើគោលការណ៍ និងពិធីបរិសុទ្ធទាំងនេះដើរតួអ្វីខ្លះនៅក្នុងផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះវរបិតាសួគ៌ ?
-
អ្នកអាចសុំឲ្យអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង អ្នកទើបត្រឡប់មកពីបេសកកម្មវិញ ឬអ្នកផ្សព្វផ្សាយសាសនាប្រចាំវួដចំណាយពេលពីរបីនាទីពន្យល់អំពីរបៀបដែលពួកគេបានបង្រៀនគោលលទ្ធិនៃព្រះគ្រីស្ទដល់មនុស្សដទៃទៀត ដោយប្រើ មេរៀនទី ៣ នៅក្នុង ប្រកាសដំណឹងល្អរបស់យើង ។ ហេតុអ្វីគោលលទ្ធិនៃព្រះគ្រីស្ទគឺជាសារលិខិតដ៏សំខាន់ចម្បងរបស់ពួកអ្នកផ្សព្វផ្សាយសាសនារបស់យើង ? តើមនុស្សម្នាក់ដែលបានទទួលបុណ្យជ្រមុជទឹករួចហើយ ហើយបានទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ បន្ដអនុវត្តគោលលទ្ធិនៃព្រះគ្រីស្ទដោយរបៀបណា ?
ព្រះវិញ្ញាណបរិសុទ្ធបំផុសគំនិតយើងឲ្យធ្វើតាមអ្វីដែលយើងរៀន ។
-
កាលសិស្សសិក្សាបទគម្ពីរនៅគេហដ្ឋាន និងសិក្សារួមគ្នានៅក្នុងថ្នាក់រៀងរាល់សប្ដាហ៍ ជារឿយៗពួកគេអាចនឹងមាន « សេចក្តីចាក់ចុចក្នុងចិត្ត » ( កិច្ចការ ២:៣៧ ) ។ អ្នកអាចនឹងមានការបំផុសគំនិតឲ្យជួយពួកគេបន្ថែមទៀតដោយសួរសំណួរថា « តើយើងនឹងធ្វើអ្វីខ្លះ ? » ( កិច្ចការ ២:៣៧ ) ។ សូមអាន កិច្ចការ ២:៣៧–៤៧ រួមគ្នា ដោយអញ្ជើញសិស្សឲ្យស្រាវជ្រាវរកអ្វីដែលក្រុមមនុស្ស ៣,០០០ នាក់នេះបានធ្វើ ដោយសារតែការអញ្ជើញរបស់ពេត្រុស ។ ប្រហែលជាពួកគេក៏អាចចែកចាយនូវវិធីដែលពួកគេបានធ្វើតាមការបំផុសគំនិតមកពីការសិក្សារបស់ពួកគេអំំពីបន្ទូលនៃព្រះ ។ បន្ទាប់មក អ្នកអាចទុកពេលនៅចុងបញ្ចប់នៃមេរៀននេះ ដើម្បីឲ្យសិស្សម្នាក់ៗអាចសួរខ្លួនឯងនូវសំណួរថា « តើខ្ញុំនឹងធ្វើអ្វីខ្លះ ? » ហើយកត់ត្រាគំនិតរបស់ពួកគេ ។
នៅពេលយើងពោរពេញដោយព្រះវិញ្ញាណបរិសុទ្ធ យើងអាចចែកចាយដំណឹងល្អដោយភាពក្លាហាន ។
-
ដំណើររឿងរបស់ពេត្រុស និងយ៉ូហានថ្លែងទីបន្ទាល់យ៉ាងម៉ឺងម៉ាត់អំពីព្រះយេស៊ូវអាចបំផុសគំនិតសិស្សរបស់អ្នកកុំឲ្យភ័យខ្លាចចំពោះអ្វីដែលមនុស្សដទៃគិត កាលពួកគេចែកចាយសាក្សីរបស់ពួកគេអំពីដំណឹងល្អ ។ តើសិស្សមានការបំផុសគំនិតអ្វីខ្លះអំពីភាពម៉ឺងម៉ាត់របស់ពេត្រុស និងយ៉ូហាននៅក្នុង កិច្ចការ ៣, ៤:១–២១, ៥:១២–៤២ ? តើទំនាក់ទំនងរវាងការទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ និងសមត្ថភាពរបស់យើងដើម្បីថ្លែងទីបន្ទាល់យ៉ាងម៉ឺងម៉ាត់គឺជាអ្វីទៅ ? សិស្សក៏អាចមានបទពិសោធន៍ចែកចាយផងដែរ ដែលពួកគេ ឬមនុស្សម្នាក់ដែលពួកគេស្គាល់ បានការពារ ឬបានថ្លែងទីបន្ទាល់យ៉ាងម៉ឺងម៉ាត់អំពីដំណឹងល្អ ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមឲ្យសិស្សគិតថាតើពួកគេនឹងមានប្រតិកម្មយ៉ាងណា ប្រសិនបើពួកគេបានដឹងថា ការរស់នៅតាមដំណឹងល្អអាចនឹងធ្វើឲ្យពួកគេបាត់បង់ជីវិតនោះ ។ សូមប្រាប់ពួកគេថានៅក្នុង កិច្ចការ ៦–៩ ពួកគេនឹងអានអំពីមនុស្សម្នាក់ដែលបានសុខចិត្តស្លាប់ដើម្បីសេចក្ដីជំនឿរបស់គាត់ ។
ធនធានបន្ថែមទាំងឡាយ
ការហៅនៃសមាជិកមួយរូបនៃពួកដប់ពីរនាក់ ។
ហ្គរដុន ប៊ី ហ៊ិងគ្លី បានចែកចាយការយល់ដឹងដូចតទៅនេះស្ដីពីដំណើរការនៃការហៅសាវកថ្មីមួយរូប ៖ « នីតិវិធីនេះគឺជាវិធីពិសេសចម្លែកចំពោះសាសនាចក្ររបស់ព្រះអម្ចាស់ ។ គ្មានការស្វែងរកតួនាទី គ្មានការប្រកួតប្រជែងសម្រាប់មុខតំណែង គ្មានការឃោសនាដើម្បីលើកកម្ពស់គុណធម៌របស់បុគ្គលម្នាក់ឡើយ ។ វិធីរបស់ព្រះអម្ចាស់គឺផ្ទុយពីវិធីរបស់លោកិយ ។ វិធីរបស់ព្រះអម្ចាស់គឺស្ងប់ស្ងាត់ វាគឺជាវិធីមួយនៃសុខសន្តិភាព វាគ្មានការបង់តម្លៃសម្រាប់អ្នកគាំទ្រ ឬរូបិយវត្ថុឡើយ ។ វាគ្មាននូវអហង្ការនិយម ឬការធ្វើឲ្យសាបសូន្យ ឬមហិច្ឆតានោះទេ ។ នៅក្រោមផែនការរបស់ព្រះអម្ចាស់ អ្នកទាំងឡាយណាដែលមានការទទួលខុសត្រូវដើម្បីជ្រើសរើសអ្នកកាន់តំណែង គឺត្រូវបានស្វែងរកចម្លើយដោយសំណួរដ៏សំខាន់បំផុតមួយ ៖ ‹ តើនរណាដែលព្រះអម្ចាស់បានជ្រើសរើស ? › មាននូវការពិភាក្សាយ៉ាងល្អិតល្អន់ និងដោយស្ងាត់ស្ងៀម ។ ហើយមាននូវការអធិស្ឋានជាច្រើនដើម្បីទទួលការបញ្ជាក់ពីព្រះវិញ្ញាណបរិសុទ្ធថា ការជ្រើសរើសនោះគឺត្រឹមត្រូវ » ( « God Is at the Helm » Ensign ខែ ឧសភា ឆ្នាំ១៩៩៤ ទំព័រ ៥៣ ) ។