ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ២២–២៨ ខែ កក្កដា ។ កិច្ចការ ១៦–២១ ៖ ‹ ព្រះអម្ចាស់​ទ្រង់​ហៅ​យើង​ឲ្យ​ទៅ​ផ្សាយ​ដំណឹង​ល្អ ›


« ថ្ងៃទី ២២–២៨ ខែ កក្កដា ។ កិច្ចការ ១៦–២១ ៖ ‹ ព្រះអម្ចាស់​ទ្រង់​ហៅ​យើង​ឲ្យ​ទៅ​ផ្សាយ​ដំណឹង​ល្អ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )

« ថ្ងៃទី ២២–២៨ ខែ កក្កដា ។ កិច្ចការ ១៦–២១ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០១៩

ប៉ុល​នៅ​ភ្នំ​អើរីយ៉ូស

ថ្ងៃទី ២២–២៨ ខែ កក្កដា

កិច្ចការ ១៦–២១

« ព្រះអម្ចាស់​ទ្រង់​ហៅ​យើង ឲ្យ​ទៅ​ផ្សាយ​ដំណឹង​ល្អ »

ពីមុន​មើល​ទៅ​ក្នុង​គម្រោង​មេរៀន​នេះ សូម​អាន កិច្ចការ ១៦–២១ ដោយ​គិត​ពី​សិស្ស​របស់​អ្នក​ប្រកប​ដោយ​ការ​អធិស្ឋាន ។ គំនិត​ខាង​ក្រោម​នេះ​អាន​ជួយ​បន្ថែម​ដល់​ការ​បំផុស​គំនិត​ដែល​អ្នក​បាន​ទទួល​មក​ពី ព្រះវិញ្ញាណ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​វគ្គ​មួយ​មក​ពី កិច្ចការ ១៦–២១ ដែល​បាន​រំឭក​ពួកគេ​អំពី​បទពិសោធន៍​មួយ​ដែល​ពួកគេ​មាន​ក្នុង​ការ​ចែកចាយ​ដំណឹងល្អ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

កិច្ចការ ១៦–២១

ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ យើង​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ចែកចាយ​ដំណឹងល្អ​របស់​ទ្រង់ ។

  • ដោយ​សារ កិច្ចការ ១៦–២១ ពិពណ៌នា​អំពី​ដំណើរ​ផ្សព្វផ្សាយ​សាសនា​ពីរ​លើក​របស់​ប៉ុល នោះ​សិស្ស​ប្រហែល​ជា​អាច​រៀន​មក​ពី​ជំពូក​ទាំង​នេះ​នូវ​របៀប​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ចែកចាយ​ដំណឹងល្អ​របស់​ទ្រង់​ប្រកប​ដោយ​ប្រសិទ្ធភាព ។ ដើម្បី​បំផុស​គំនិត​ឲ្យ​មាន​ការ​ពិភាក្សា​ស្ដីពី​ប្រធាន​បទ​នេះ ប្រហែល​ជា​អ្នក​អាច​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​មក​ថ្នាក់​រៀន​ដោយ​ត្រៀម​ខ្លួន​ចែកចាយ​ការ​យល់ដឹង​ដែល​ពួកគេ​ទទួល​បាន​មក​ពី កិច្ចការ ១៦–២១ អំពី​ការ​ចែកចាយ​ដំណឹងល្អ ។ ដើម្បី​ធ្វើ​ឲ្យ​ការ​ពិភាក្សា​នោះ​កាន់​តែ​មាន​ភាព​ស៊ី​ជម្រៅ ពួកគេ​ក៏​អាច​ចែកចាយ​សេចក្ដី​ថ្លែង​មក​ពី​សុន្ទរកថា​នៃ​សន្និសីទ​ថ្មី​មួយ​អំពី​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ។ ពួកគេ​អាច​រក​សេចក្ដីថ្លែង​មួយ​ដោយ​ខ្លួន​ឯង ឬ​អ្នក​អាច​ណែនាំ​សេចក្ដី​ថ្លែង​មក​ពី​សារលិខិត​នោះ​នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ។

  • សារលិខិត​ដ៏​ល្បី​មួយ​នៅ​ក្នុង​ជំពូក​ទាំង​នេះ​គឺជា​តួនាទី​ដ៏​សំខាន់​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅ​ក្នុង​ការ​ចែកចាយ​ដំណឹងល្អ ។ ឧទាហរណ៍ សិស្ស​អាច​រក​ឃើញ​របៀប​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ជួយ​ប៉ុល និង​ស៊ីឡាស​នៅ​ក្នុង កិច្ចការ ១៦:៦–១៥ ។ ពួកគេ​ក៏​អាច​អាន នីហ្វៃទី ២ ៣៣:១ និង គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:១៤ ហើយ​ចែកចាយ​សេចក្ដី​ពិត​ដែល​ពួកគេ​រកឃើញ​អំពី​សារៈសំខាន់​នៃ​ការ​មាន​ព្រះវិញ្ញាណ នៅ​ពេល​ចែកចាយ​ដំណឹងល្អ ( សូម​មើល​ផង​ដែរ​នូវ​សេចក្ដី​ថ្លែង​របស់​អែលឌើរ ដាល្លិន អេក អូក នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ) ។ ប្រហែល​ជា​សិស្ស​អាច​ចែកចាយ​បទពិសោធន៍​កាល​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ដឹកនាំ​ការ​ខិតខំ​របស់​ពួកគេ​ក្នុង​ការ​ចែកចាយ​ដំណឹងល្អ ។ តើ​អ្វី​ទៅ​ជា​បទពិសោធន៍​មួយ​ចំនួន​ដែល​យើង​ធ្លាប់​មាន​ជាមួយ​នឹង​ការ​ចែកចាយ​ដំណឹង​ល្អ​ទៅ​កាន់​មនុស្ស​ម្នាក់​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​ឲ្យ​យើង​ជួប ? ( សូមមើល​ផង​ដែរ ការ​ប្រកាស​ដំណឹងល្អ​យើង ទំព័រ ៣–៤ ) ។

  • តើ​អ្នក​អាច​ប្រើ​បទពិសោធន៍​របស់​ប៉ុល​ដើម្បី​ជួយ​សិស្ស​របស់​អ្នក​ឲ្យ​មាន​ភាព ក្លាហាន នៅ​ពេល​ពួកគេ​ត្រូវ​បាន​បំផុស​គំនិត​ឲ្យ​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​តាម​របៀប​ណា ? សូម​ពិចារណា​រំឭក​ឡើង​វិញ​រួម​គ្នា​នូវ​ដំណើរ​រឿង​ក្នុង​បទគម្ពីរ​ដែល​ពិពណ៌នា​ថា ប៉ុល​កំពុង​ថ្លែង​ទីបន្ទាល់ ដូចជា​បទពិសោធន៍​របស់​គាត់​នៅ​ក្នុង​ម៉ាសេដូនៀ ( សូម​មើល កិច្ចការ ១៦:១៩–៣៤ ) នៅ​ក្នុង​ក្រុង​អាថែន ( សូម​មើល កិច្ចការ ១៧:១៦–៣៤ ) និង​នៅ​ក្នុង​កូរិនថូស ( សូម​មើល កិច្ចការ ១៨:១–១១ ) ។ តើ​ភស្ដុតាង​អ្វីខ្លះ​ដែល​យើង​រកឃើញ​អំពី​ភាព​ក្លាហាន និង​ភាព​ម៉ឺង​ម៉ាត់​របស់​ប៉ុល ? តើ​ប៉ុល​បាន​បង្រៀន ( ហើយ​យល់ ) អំពី​គោលលទ្ធិ​អ្វីខ្លះ​ដែល​វា​ធ្វើ​ឲ្យ​គាត់​ជឿជាក់​នៅ​ក្នុង​សារលិខិត​របស់​គាត់ ? ហេតុអ្វី​ពេលខ្លះ​យើង​ភ័យ​ខ្លាច​ដើម្បី​ចែកចាយ​ដំណឹងល្អ ហើយ​តើ​យើង​យក​ឈ្នះ​ការ​ភ័យ​ខ្លាច​នេះ តាម​របៀបណា? ប្រហែលជា​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​អាច​មក​ថ្នាក់​រៀន​របស់​អ្នក ហើយ​ចែកចាយ​វិធី​ដែល​ពួកគេ​បាន​ទទួល​ភាព​ក្លាហាន​ដើម្បី​ថ្លែង​ទីបន្ទាល់ ។ សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​គិត​អំពី​វិធី​មួយ​ដែល​ពួកគេ​អាច​ធ្វើ​តាម​គំរូ​របស់​ប៉ុល ហើយ​កាន់​តែ​មាន​ភាព​ក្លាហាន​នៅ​ក្នុង​ការ​ចែកចាយ​ទីបន្ទាល់​របស់​ខ្លួន​អំពី​ព្រះគ្រីស្ទ ។

កិច្ចការ ១៧:១៦–៣៤

យើង​រាល់​គ្នាជា​ពូជ​ព្រះ ។

  • នៅ​លើ​ភ្នំ​អើរីយ៉ូស ប៉ុល​បាន​បង្រៀន​អំពី​ព្រះវរបិតា​សួគ៌​ទៅ​កាន់​ប្រជាជន​មួយ​ក្រុម​ដែល​បាន​ដឹង​តិច​តួច​អំពី​និស្ស័យ​ពិត​របស់​ព្រះ ។ ដើម្បី​រុក​រក​ការ​បង្រៀន​ទាំង​នេះ សិស្ស​អាច​អាន កិច្ចការ ១៧:២៤–៣១ ហើយ​សរសេរ​នៅ​លើ​ក្ដារ​ខៀន​នូវ​សេចក្ដីពិត​ដែល​ពួកគេ​រក​ឃើញ​អំពី​ព្រះវរបិតា​សួគ៌ ទំនាក់​ទំនង​របស់​យើង​នឹង​ទ្រង់ និង​ទំនាក់​ទំនង​របស់​យើង​ជាមួយ​គ្នា ។ តើ​បទពិសោធន៍​អ្វី​ខ្លះ​ដែល​សិស្ស​របស់​អ្នក​អាច​ចែកចាយ កាល​ពួកគេ​ធ្លាប់​ទទួល​អារម្មណ៍​នូវ​សេចក្ដី​ពិត​អំពី​សេចក្ដីថ្លែង​របស់​ប៉ុល​ថាព្រះ​គឺ « មិន​គង់​ឆ្ងាយ​ពី​យើង​និមួយៗ » ឡើយ ? ( ខ​ទី ២៧ ) ។

  • នៅ​ពេល​ពិនិត្យ​មើល​ខគម្ពីរ​ទាំង​នេះ​រួម​គ្នា សូម​ពិចារណា​ពិភាក្សា​អំពី​សេចក្ដី​ពិត​ដែល​បាន​បង្រៀន​នៅ​ក្នុង ខទី ២៩​ ឃ្លា « យើង​រាល់​គ្នា​ជា​ពូជ​ព្រះ » មាន​ន័យ​ថា ព្រះវរបិតា​សួគ៌​គឺ​ពិត​ជា​បិតា​នៃ​វិញ្ញាណ​របស់​យើង ។ ដើម្បី​ធ្វើ​កិច្ចការ​នេះ អ្នក​អាច​សរសេរ​ឃ្លា ដោយសារ​យើង​គឺជា​បុត្រា​បុត្រី​របស់​ព្រះ និង ប្រសិន​បើ​យើង​មិន​ដឹង​ថា​យើង​គឺជា​បុត្រា​បុត្រី​របស់​ព្រះ​នៅ​លើ​ក្ដារ​ខៀន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ណែនាំ​នូវ​វិធី​ដើម្បី​បំពេញ​ឃ្លា​ទាំង​នេះ ។ ឧទាហរណ៍ តើ​កត្តា​ពិត​ដែល​ថា​យើង​គឺជា​បុត្រា​បុត្រី​របស់​ព្រះ​បង្រៀន​យើង​អ្វីខ្លះ​អំពី​ព្រះ ? អំពី​ខ្លួន​ឯង ? អំពី​វិធី​ដែល​យើង​គួរ​ប្រព្រឹត្ត​ចំពោះ​គ្នា ? តើ​ជីវិត​របស់​យើង​នឹង​មាន​ភាពខុសគ្នា​យ៉ាង​ដូច​ម្ដេច ប្រសិនបើ​យើង​ពុំ​បាន​ស្គាល់​ទំនាក់​ទំនង​ពិត​របស់​យើង​ជាមួយ​នឹង​ព្រះ ? ការណ៍​នេះ​អាច​ដឹកនាំ​ទៅ​រក​ការ​ពិភាក្សា​មួយ​អំពី​របៀប​ដែល​យើង​អាច​ជួយ​មនុស្ស​ដទៃ​ឲ្យ​យល់​ថា ពួកគេ​គឺជា​បុត្រា​បុត្រី​របស់​ព្រះ ។ សេចក្ដី​ថ្លែងការណ៍​របស់​អែលឌើរ ដាល្លិន អេក អូក នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ក៏​អាច​ដាក់​បញ្ចូល​ទៅ​ក្នុង​ការ​ពិភាក្សា​នេះ​ផង​ដែរ ។

កិច្ចការ ១៩:១–៧

ការ​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ត្រូវ​មាន​បន្ទាប់​ពី​ពិធី​បុណ្យ​ជ្រមុជ​ទឹក ។

  • កិច្ចការ ១៩ គឺជា​កន្លែង​ល្អ​មួយ​ដើម្បី​គូស​បញ្ជាក់​អំពី​សារៈសំខាន់​ដើម្បី​ទទួល​ពិធី​បញ្ជាក់ បន្ទាប់​ពី​យើង​បាន​ជ្រមុជទឹក ។ សូម​ពិចារណា​ចែកចាយ​សេចក្ដី​ថ្លែង​ការណ៍​នេះ​មក​ពី​ព្យាការី​យ៉ូសែប ស្ម៊ីធ ៖ « បុណ្យ​ជ្រមុជទឹក​ដោយ​ទឹក គឺជា​បុណ្យ​ជ្រមុជទឹក​ពាក់​កណ្ដាល ហើយ​វា​ពុំ​ល្អ​ទេ ប្រសិន​បើ​ជា​គ្មាន​ពាក់​កណ្ដាល​ទៀត—ដែល​ជា​បុណ្យ​ជ្រមុជ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ » ( Teachings of Presidents of the Church:Joseph Smithទំព័រ ៩៥ ) ។ តើ​ការ​បង្រៀន​របស់​ប៉ុល​នៅ​ក្នុង កិច្ចការ ១៩:១–៧ បញ្ជាក់​សេចក្ដី​ថ្លែង​ការណ៍​របស់​យ៉ូសែប ស្ម៊ីធ​យ៉ាង​ដូចម្ដេច ? សិស្ស​ក៏​អាច​បាន​ប្រយោជន៍​មក​ពី​ការ​ស្រាវជ្រាវ « ព្រះវិញ្ញាណ​បរិសុទ្ធ ពិធីបុណជ្រមុជទឹក​នៃ » នៅ​ក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ​ដើម្បី​រៀន​បន្ថែម​ទៀត​អំពី​ពរជ័យ​នៃ​ការ​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ផង​ដែរ ។

រូបតំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

ដើម្បី​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​អាន កិច្ចការ ២២–២៨ អំឡុង​សប្ដាហ៍​នេះ សូម​សួរ​សំណួរ​នេះ ដល់​ពួកគេ « ប្រសិន​បើ​អ្នក​មាន​ឱកាស​ប្រាប់​ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​របស់​យើង​អំពី​ដំណឹងល្អ តើ​អ្នក​នឹង​និយាយ​អ្វីខ្លះ ? » សូម​ប្រាប់​ពួកគេ​ថា នៅ​ក្នុង កិច្ចការ ២២–២៨ ពួកគេ​នឹង​រក​ឃើញ​អ្វី​ដែល​ប៉ុល​បាន​ថ្លែង​ទៅ​កាន់​ថ្នាក់​ដឹកនាំ​ដ៏​មាន​អនុភាព​បំផុត​មួយ​ចំនួន​នៅ​ជំនាន់​រ​បស់​គាត់ ។

រូបតំណាង​ធនធាន​នានា

ធនធាន​បន្ថែម​ទាំងឡាយ

កិច្ចការ ១៦–២១

សារលិខិត​អំពី​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ។

យើង​ទាំងអស់​គ្នា​គឺជា​កូនចៅ​របស់​ព្រះ ។

« ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ចែកចាយ​នូវ​សេចក្ដី​ដ៏​នៅ​អស់​កល្ប​ជានិច្ច​អំពី​ទំនាក់​ទំនង​យើង​នឹង​ព្រះ ៖ « មនុស្ស​ទាំង​អស់—ទាំង​ប្រុស​ទាំង​ស្រី—ត្រូវ​បាន​បង្កើត​ឡើង​តាម​រូបភាព​នៃ​ព្រះ ។ មនុស្ស​ម្នាក់ៗ​សុទ្ធតែ​ជា​បុត្រា និង បុត្រី​ខាង​វិញ្ញាណ​របស់​ព្រះមាតា​បិតា​សួគ៌ ដូច្នេះ​ហើយ​មនុស្ស​ម្នាក់ៗ​មាន​ចរិត និង​គោលដៅ​នៃ​ព្រះ » ( EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ១២៩ ) ។

អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ថ្លែង​អំពី​សារៈសំខាន់​នៃ​ការ​មើល​ឃើញ​ខ្លួន​យើង​ថា​ជា​បុត្រា​បុត្រី​ខាង​វិញ្ញាណ​របស់​ព្រះ ៖

« ចូរ​ប្រុងប្រយ័ត្ន​ពី​របៀប​ដែល​អ្នក​សម្គាល់​ចរិត​ខ្លួន​ឯង ។ ចូរ​កុំ​សម្គាល់​ចរិត ឬ​កំណត់​ខ្លួន​ឯង​ដោយ​គុណសម្បត្តិ​បណ្ដោះ​អាសន្ន​មួយ​ចំនួន​ឡើយ ។ គុណសម្បត្តិ​តែ​មួយ​គត់​ដែល​គួរ​សម្គាល់​ចរិត​យើង​គឺថា យើង​គឺជា​បុត្រា​ឬ​បុត្រី​នៃ​ព្រះ ។ ការ​ពិត​នោះ​ហួស​ពី​លក្ខណៈ​ផ្សេង​ទៀត​ទាំងអស់ រួម​ទាំង​សាសន៍ ការងារ អត្តចរិត កិត្តិយស ឬ​សូម្បី​តែ​ជាប់​ពាក់ព័ន្ធ​នឹង​សាសនា​ក្ដី ។ …

យើង​មាន​សិទ្ធិ​ជ្រើស​រើស​របស់​យើង ហើយ​យើង​អាច​ជ្រើស​រើស​អត្តចរឹត​ណា​មួយ​ដើម្បី​កំណត់​អំពី​ខ្លួន​យើង ។ ប៉ុន្តែ​យើង​ចាំបាច់​ត្រូវ​ដឹង​ថា នៅ​ពេល​យើង​ជ្រើស​រើស​ដើម្បី​កំណត់​អំពី​ខ្លួន​ឯង ឬ​ដើម្បី​បង្ហាញ​ខ្លួន​ឯង​តាមរយៈ​បុគ្គលិក​លក្ខណៈ​មួយចំនួន​ដែល​ជា​រឿង​បណ្ដោះ​អាសន្ន ឬ​មិន​សំខាន់​លក្ខខណ្ឌ​ដ៏​នៅ​អស់​កល្ប​ជានិច្ច នោះ​យើង​កាត់​បន្ថយ​អ្វី​សំខាន់​បំផុត​ចំពោះ​យើង ហើយ​យើង​បង្ហាញ​អ្វី​ដែល​មិន​សំខាន់ ។ ការណ៍​នេះ​អាច​ដឹកនាំ​យើង​ទៅ​រក​ផ្លូវ​ខុស ហើយ​បង្អាក់​ការ​រីកចម្រើន​ដ៏​នៅ​អស់​កល្ប​ជានិច្ច​របស់​យើង » ( « Be Wise » [ Brigham Young University–Idaho devotional ថ្ងៃ​ទី ៧ ខែ វិច្ឆិកា ឆ្នាំ​២០០៦ ], byui.edu ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

អញ្ជើញ​យុវវ័យ​ឲ្យ​ធ្វើ​ជា​ផ្នែក​មួយ​នៃ​មេរៀន​របស់​អ្នក ។ ប្រសិន​បើ​អ្នក​បង្រៀន​យុវវ័យ សូម​ចងចាំ​ថា ជារឿយៗ​ពួកគេ​អាច​យល់​អំពី​រឿង​ដែល​មនុស្ស​វ័យ​ស្របាល​ពួកគេ​កំពុង​ឆ្លង​កាត់ ។ នៅ​ពេល​យុវវ័យ​ម្នាក់​ថ្លែង​ទីបន្ទាល់ ឬ​បង្រៀន​គោលលទ្ធិ យុវវ័យ​ផ្សេង​ទៀត​ប្រហែល​ជា​ទទួល​បាន​ការ​ប៉ះពាល់​ដល់​ដួង​ចិត្ត​តាម​វិធីមួយ​ដែល​អ្នក​មិន​អាច​ធ្វើ​បាន​ឡើយ ។ ផ្ដល់​ឱកាស​ដល់​យុវវ័យ​ឲ្យ​បង្រៀន​គ្នា​ទៅវិញ​ទៅមក ។ ( សូម​មើល ការ​បង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ២៨ ) ។