ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ២៩ ខែ កក្កដា–ថ្ងៃ​ទី ៤ ខែ សីហា ។ កិច្ចការ ២២–២៨ ៖ ‹ អ្នកធ្វើ​ការងារ​បម្រើ ហើយ​ជា​ទី​បន្ទាល់ ›


« ថ្ងៃទី ២៩ ខែ កក្កដា–ថ្ងៃ​ទី ៤ ខែ សីហា ។ កិច្ចការ ២២–២៨ ៖ ‹ អ្នក​ធ្វើ​ការងារ​បម្រើ ហើយ​ជា​ទី​បន្ទាល់ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )

« ថ្ងៃទី ២៩ ខែ កក្កដា–ថ្ងៃ​ទី ៤ ខែ សីហា ។ កិច្ចការ ២២–២៨ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០១៩

ប៉ុល​នៅក្នុង​គុក

ថ្ងៃទី ២៩ ខែ កក្កដា–ថ្ងៃ​ទី ៤ ខែ សីហា ។

កិច្ចការ ២២–២៨

« អ្នក​ធ្វើ​ការងារ​បម្រើ ហើយ​ជា​ទី​បន្ទាល់ »

សូម​អាន កិច្ចការ ២២–២៨ ដោយ​អធិស្ឋាន​នៅ​ក្នុង​ចិត្ត​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បំផុស​គំនិត​អ្នក​ឲ្យ​ដឹង​ថាត្រូវ​ផ្ដោត​លើ​អ្វី ដែល​វា​នឹង​ជួយ​សិស្ស​របស់​អ្នក ។ សូម​កត់ត្រា​គំនិត​នានា​ដែល​មាន​នៅ​ក្នុង​គំនិត​របស់​អ្នក គំនិត​ទាំង​នេះ​ប្រហែល​ជា​ការ​ចាប់ផ្ដើម​នៃ​ផែនការ​សម្រាប់​ការ​បង្រៀន​របស់​អ្នក ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​ឲ្យ​សិស្ស​សរសេរ​សេចក្ដី​យោង​បទគម្ពីរ​មួយ​មក​ពី កិច្ចការ ២២–២៨ ដែល​ធ្វើ​ឲ្យ​ពួកគេ​ចាប់​អារម្មណ៍​នៅ​សប្ដាហ៍​នេះ ។ សូម​ប្រមូល​ចម្លើយ​របស់​ពួកគេ ហើយ​អាន​ខគម្ពីរ​ទាំង​នោះ​មួយ​ចំនួន ។ សូម​អញ្ជើញ​សិស្ស​បីបួន​នាក់​ឲ្យ​ចែកចាយ​ថា ហេតុអ្វី​បានជា​ខគម្ពីរ​ទាំងនេះ​មាន​ន័យ​ចំពោះ​ពួកគេ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

កិច្ចការ ២២:១–២១, ២៦:១–២៩

ទីបន្ទាល់​មួយ​គឺជា​ការ​ប្រកាស​មួយ​អំពី​សេចក្ដីពិត​ដោយ​ផ្អែក​លើ​ចំណេះដឹង ឬ​ជំនឿ​ផ្ទាល់​ខ្លួន ។

  • ទីបន្ទាល់​របស់​ប៉ុល​ទៅ​កាន់​លោក​ភេស្ទុស និង​ស្ដេច​អ័គ្រីប៉ា អាច​ជា​ឱកាស​មួយ​ដើម្បី​ពិភាក្សា​អំពី​អត្ថន័យ​នៃ​ការ​ថ្លែង​ទីបន្ទាល់ ។ អ្នក​អាច​ចាប់ផ្ដើម​ដោយ​សុំ​ឲ្យ​សិស្ស​រំឭក​ កិច្ចការ ២២:១–២១ និង ២៦:១–២៩​ ឡើង​វិញ ។ តើ​យើង​រៀន​អ្វីខ្លះ​មក​ពី​គំរូ​របស់​ប៉ុល​ស្ដីពី​ការ​ថ្លែង​ទីបន្ទាល់ ? តើ​គោលការណ៍​អ្វីខ្លះ​បន្ថែម​ទៀត​ស្ដីពី​ការ​ថ្លែង​ទីបន្ទាល់​ដែល​យើង​រៀន​មក​ពី​សេចក្ដី​ថ្លែងការណ៍​របស់​អែលឌើរ អិម រ័សុល បាឡឺដ នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ? ការ​ច្រៀង ឬ​ការ​លេង​ទំនុក​តម្កើង « ទីបន្ទាល់ »ទំនុកតម្កើង ល.រ. ៧៤ ) អាច​នឹង​ជួយ​នាំ​យក​ព្រះវិញ្ញាណ​ចូល​មក​ក្នុង​ការ​ពិភាក្សា​របស់​អ្នក ។

  • សិស្ស​អាច​ទទួល​បានការ​យល់​ដឹង​ផ្ទាល់​ខ្លួន នៅ​ពេល​ពួកគេ​បាន​សិក្សា​ទីបន្ទាល់​របស់​ប៉ុល​ទៅ​កាន់​លោក​ភេស្ទុស និង​ស្ដេច​អ័គ្រីប៉ា ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ ។ តើ​ការ​ឆ្លើយ​តប​របស់​ស្ដេច​អ័គ្រីប៉ា​ចំពោះ​ទីបន្ទាល់​របស់​ប៉ុល​អាច​ជា​ការ​ព្រមាន​អ្វីខ្លះ​ចំពោះ​យើង​សព្វ​ថ្ងៃ​នេះ ? ( សូម​មើល កិច្ចការ ២៦:២៨ ) ។ សិស្ស​ក៏​អាច​គិត​អំពី​ទីបន្ទាល់​ផ្សេង​ទៀត​មក​ពី​បទគម្ពីរ​ដែល​បាន​បំផុស​គំនិត​ដល់​ពួកគេផងដែរ ។ ( ឧទាហរណ៍​ខ្លះ​រួម​បញ្ចូល​ទាំង យ៉ូប ១៩:២៥–២៧, នីហ្វៃទី ២ ៣៣:១០–១៥, អាលម៉ា ៥:៤៥–៤៨ និង គ. និង ស. ៧៦:២២–២៤ ) ។ ឬ​ប្រហែលជា​ពួកគេ​អាច​ចែកចាយ​បទពិសោធន៍​ដែល​ពួកគេ​បាន​ទទួល​ឥទ្ធិពល​ដោយ​ទីបន្ទាល់​របស់​មនុស្ស​ម្នាក់ ។

  • ព្យាការី យ៉ូសែប ស៊្មីធ បាន​ប្រៀបធៀប​បទពិសោធន៍​របស់​លោក​ជាមួយ​នឹង​ការ​ថ្លែង​ទីបន្ទាល់​អំពី​ការ​និមិត្ត​ដំបូង​ទៅ​នឹង​បទពិសោធន៍​របស់​ប៉ុល​នៅ​ចំពោះ​មុខ​ស្ដេច​អ័គ្រីប៉ា ( សូមមើល យ៉ូសែប ស្ម៊ីធ––ប្រវត្តិ ១:២៤–២៥ ) ។ ប្រហែល​ជា​សិស្ស​អាច​ធ្វើ​ការ​ជា​ដៃ​គូ​ដើម្បី​បង្កើត​បញ្ជី​មួយ​អំពី​ភាព​ស្រដៀង​គ្នា​រវាង​ពួក​អ្នក​បម្រើទាំងពីរ​រូប​នេះ ។ តើ​សកម្មភាព​នេះ​ជួយ​យើង​ឲ្យ​យល់​អំពី​របៀប​ចែកចាយ​ទីបន្ទាល់​របស់​យើង​តាម​របៀប​ណា ទោះ​ជា​ពេល​ធ្វើ​រឿង​បែប​នោះ​មាន​ការ​លំបាក​ក្ដី ?

  • ទោះ​ជា​ប៉ុល​មិន​បាន​ស្វែងរក​សាក្សី​ខាង​វិញ្ញាណ​ដែល​គាត់​បាន​ទទួល​នៅ​លើ​ផ្លូវ​ទៅ​កាន់​ស្រុក​ដាម៉ាស​ក្ដី ក៏​គាត់​បាន​ចំណាយ​ពេល​វេលា​ដែល​គាត់​នៅ​សេស​សល់​ក្នុង​ជីវិត​របស់​គាត់​ខិតខំ​ដើម្បី​ថែរក្សា ហើយ​ការពារ​ទីបន្ទាល់​របស់​គាត់​ដែរ ( សូម​មើល កិច្ចការ ២២:១០, ១៤–១៦, ២៦:១៩ ) ។ គំរូ​របស់​ប៉ុល​អាច​ជួយ​សិស្ស​របស់​អ្នក​ឲ្យ​យល់​ថា ទីបន្ទាល់​មួយ​តម្រូវ​ឲ្យ​មាន​ការ​ប្រព្រឹត្ត និង​ពលិកម្ម ។ ដើម្បី​ចាប់ផ្ដើម​ការ​ពិភាក្សា​មួយ​អំពី​ការណ៍​នេះ ប្រហែល​ជា​សិស្ស​ម្នាក់​អាច​ពិពណ៌នា​ការ​ខិតខំ​របស់​គាត់​ដើម្បី​ក្លាយ​ជា​តន្ត្រីករ សិល្បៈករ ឬ​អត្តពល​ករ​ដ៏​ជំនាញ​ម្នាក់ ។ តើ​ការ​អភិវឌ្ឍ​ជំនាញ​មួយ​បែប​នេះ​ស្រដៀង​គ្នា​នឹង​ការ​ទទួល និង​ការ​ពង្រឹង​ទីបន្ទាល់​មួយ​តាម​របៀប​ណា ? តើ​យើង​ត្រូវ​ធ្វើ​ការ​ខិតខំ​អ្វីខ្លះ​ដើម្បី​ទទួលហើយ​ពង្រឹង​ទីបន្ទាល់​មួយ ? ( សូមមើល ផងដែរ អាលម៉ា ៥:៤៦ ) ។

កិច្ចការ ២៦:៩–២៣

យើង​មាន​ការ​ទទួល​ខុសត្រូវ​មួយ​ដើម្បី​ធ្វើ​ការងារ​បម្រើ​ដល់​មនុស្ស​ដទៃ ។

  • ព្រះអម្ចាស់​បាន​ហៅ​ប៉ុល​ឲ្យ​ធ្វើ​ជា « អ្នក​ធ្វើ​ការងារ​​បម្រើ » ( កិច្ចការ ២៦:១៦ ) ប៉ុន្តែ​ពាក្យ​នេះ​មាន​ន័យ​ដូចម្ដេច ? ដើម្បី​ជួ​យសិស្ស​ឲ្យ​រុក​រក​របៀប​ដែល​ពួកគេ​អាច​ធ្វើ​ការ​ងារ​បម្រើ​ដល់​មនុស្ស​ដទៃ អ្នក​អាច​សរសេរ​នៅលើ​ក្ដារ​ខៀន​នូវ​សំណួរ​មួយ​ដូចជា តើ​អ្នក​ធ្វើ​ការងារ​បម្រើ​មាន​ន័យ​ដូចម្ដេច ? សូម​អញ្ជើញ​សិស្ស​ឲ្យ​រក​មើល​ចម្លើយ​នៅ​ក្នុង​ធនធាន​ដូច​តទៅ​នេះ ៖ ម៉ាថាយ ២០:២៥–២៨, កិច្ចការ ២៦:១៦–១៨, នីហ្វៃទី ៣ ១៨:២៩–៣២ សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « អ្នក​ធ្វើ​ការងារ​បម្រើ » scriptures.lds.org ។ នៅ​ពេល​ពួកគេ​ចែកចាយ​អ្វី​ដែល​ពួកគេ​រកឃើញ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ពិភាក្សា​អំពី​វិធី​ដែល​ពួកគេ​ទាំងអស់​គ្នា​អាច​ធ្វើ​ការងារ​បម្រើ​ដល់​មនុស្ស​ដទៃ រួមបញ្ចូល​ទាំង​នៅ​ក្នុង​ការហៅ​របស់​យើង​ក្នុង​សាសនាចក្រ​ផង​ដែរ ។

  • បងប្រុស ដាវីឌ អិល ប៊េក បាន​ថ្លែង​អំពី​ការ​ទទួល​ខុស​ត្រូវ​របស់​អ្នក​កាន់​បព្វជិតភាព​ដើម្បី​ធ្វើ​ការងារ​បម្រើ​ដល់​មនុស្ស​ដទៃ ហើយ​ការ​យល់ដឹង​ជាច្រើន​ទៀត​របស់​លោក​អាច​អនុវត្ត​ចំពោះ​អស់​អ្នក​ដែល​កំពុង​បម្រើ​នៅ​ក្នុង​សាសនាចក្រ ( សូម​មើល « Your Sacred Duty to Minister » EnsignLiahona ខែ ឧសភា ឆ្នាំ​២០១៣ ទំព័រ ៥៥–៥៧ ) ។ ឧទាហរណ៍ តើ​ដំណើរ​រឿង​របស់​ឈី ចនសុន​បង្រៀន​យើង​អ្វីខ្លះ​អំពី​ការងារ​បម្រើ​ដល់​មនុស្ស​ដទៃ ? [NO TRANSLAION]. តើ​គំរូ​អ្វី​ផ្សេង​ទៀត​ដែល​សិស្ស​អាច​ចែកចាយ​បាន ? សូម​ទុក​ពេល​ឲ្យ​សិស្ស​គិត​អំពី​មនុស្ស​ម្នាក់​ដែល​ពួកគេ​អាច​ធ្វើ​ការងារ​បម្រើ​នៅ​សប្ដាហ៍​នេះ និង​របៀប​ដែល​ពួកគេ​ធ្វើ​កិច្ចការ​នោះ ។

កិច្ចការ ២៧

ប្រសិន​បើ​យើង​ស្ដាប់​តាម​ពួក​ព្យាការី​របស់​ព្រះអម្ចាស់ ទ្រង់​នឹង​ដឹកនាំ​យើង ហើយ​ការពារ​យើង​ពី​អំពើ​អាក្រក់ ។

  • សិស្ស​របស់​អ្នក​ប្រហែល​ជា​ធ្លាប់​មាន​បទពិសោធន៍ កាល​ដែល​ពួកគេ​បាន​ធ្វើ​តាម​ការ​ដឹកនាំ​របស់​ពួក​ព្យាការី សូម្បី​តែ​នៅ​ពេល​វា​ខុស​ប្លែក​ពី​ការ​ប្រឹក្សា​របស់​ពួក​អ្នក​ជំនាញ​ខាង​លោកិយ ឬ​គំនិត​របស់​មនុស្ស​ជុំវិញ​ខ្លួន​ពួកគេ​ក្ដី ។ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​មក​ថ្នាក់​ត្រៀម​ខ្លួន​ចែកចាយ​បទពិសោធន៍​បែប​នេះ ។ បន្ទាប់​មក សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អំពី​របៀប​ដែល​មនុស្ស​ជិះ​នៅ​លើ​សំពៅ​ឆ្លើយ​តប កាល​ប៉ុល​បាន​ព្យាករ​ថា សំពៅ​នោះ « នឹង​មាន​អន្តរាយ ហើយ​ខូច​ខាត​ជា​ច្រើន » ( កិច្ចការ ២៧:១០ ) ។ តើ​ការ​ឆ្លើយ​តប​របស់​មនុស្ស​មួយ​ចំនួន​ចំពោះ​ការ​ប្រឹក្សា​របស់​ព្យាការី​ស្រដៀង​គ្នា​នៅ​ក្នុង​ជំនាន់​របស់​យើង​តាម​របៀប​ណា ?

  • តើ​យើង​រៀន​អ្វីខ្លះ​មក​ពី កិច្ចការ ២៧ អំពី​ការ​ធ្វើ​តាម​ពួក​ព្យាការី​របស់​ព្រះអម្ចាស់ ? ពាក្យ​ដក​ស្រង់​មក​ពី​អែលឌើរ រ៉ូណល អេ រ៉ាសបាន នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » មាន​នូវ​សំណួរ​ដើម្បី​សញ្ជឹង​គិត និង​បញ្ជី​មួយ​ស្ដីពី​គ្រោះថ្នាក់​ដែល​ពួក​ព្យាការី​សម័យ​បច្ចុប្បន្ន​បាន​ព្រមាន​ដល់​យើង ។ តើ​អ្នក​ធ្លាប់​ទទួល​ពរជ័យ​តាមរយៈ​ការ​ធ្វើ​តាម​ការ​ប្រឹក្សា​របស់​ពួក​ព្យាការី​នៅ​រស់​តាម​របៀប​ណា ?

រូបតំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

ដើម្បី​ជួយ​បំផុស​គំនិត​សិស្ស​ឲ្យ​ចាប់ផ្ដើម​អាន​សំបុត្រ​របស់​ប៉ុល សូម​ឲ្យ​ពួកគេ​នឹក​ស្រមៃ​ថា សមាជិក​មួយ​រូប​ក្នុង​កូរ៉ុម​នៃ​ពួក​ដប់​ពីរ​នាក់​បាន​សរសេរ​សំបុត្រ​ផ្ទាល់​ខ្លួនមួយ​មក​កាន់​វួដ​របស់​អ្នក ។ តើ​យើង​នឹង​មាន​អារម្មណ៍​បែប​ណា​ចំពោះ​សំបុត្រ​នោះ ? តើ​លោក​អាច​នឹង​ថ្លែង​អ្វីខ្លះ​មក​កាន់​យើង ? សូម​អញ្ជើញ​សិស្ស​ឲ្យ​រក្សា​គំនិត​ទាំង​នេះ នៅពេល​ពួកគេ​អាន​សំបុត្រ​របស់​ប៉ុល​ដល់​ពួក​បរិសុទ្ធ​រ៉ូម ។

រូបតំណាង​ធនធាន​នានា

ធនធាន​បន្ថែម​ទាំងឡាយ

កិច្ចការ ២២–២៨

ការថ្លែង​ទីបន្ទាល់ ។

អែលឌើរ អិម រ័សុល បាឡឺដ បាន​ថ្លែង​អំពី​ទីបន្ទាល់​របស់​ប៉ុល​នៅ​ចំពោះ​មុខ​ស្ដេច​អ័គ្រីប៉ា ហើយ​បាន​បង្រៀន​ដល់​យើង​អំពី​អត្ថន័យ​នៃ​ការ​ថ្លែង​ទីបន្ទាល់ ៖

« ការ​ប្រជុំ​ថ្លែង​ទីបន្ទាល់​របស់​យើង​ត្រូវ​ផ្ដោត​លើ​ព្រះអង្គ សង្គ្រោះ គោលលទ្ធិ​នៃ​ដំណឹងល្អ ពរជ័យ​នៃ​ការ​ស្ដារ​ឡើង​វិញ និង​ការ​បង្រៀន​នៃបទគម្ពីរ ។ យើង​ត្រូវ​ជំនួស​ដំ​ណើរ​រឿង សៀវភៅ​ស្ដីពី​ការ​ធ្វើ​ដំណើរ និង​ការបង្រៀន​ជាមួយ​នឹង​ទីបន្ទាល់​បរិសុទ្ធ ។ អស់​អ្នក​ដែល​បាន​ទទួល​ការ​ទុក​ចិត្ត​ឲ្យ​ថ្លែង ហើយ​បង្រៀន​នៅ​ក្នុង​ការ​ប្រជុំ​របស់​យើង​ចាំបាច់​ត្រូវ​ធ្វើ​កិច្ចការ​នេះ​ជាមួយ​អនុភាព​ខាង​គោលលទ្ធិ​ដែល​នឹង​ធ្វើ​ឲ្យ​គេ​ស្ដាប់​ឮ ហើយ​ទទួល​អារម្មណ៍ ដោយ​លើក​ស្ទួយ​ស្មារតី ហើយ​ស្អាង​សមាជិក​របស់​យើង ។ …

« … កាល​ការ​សម្ដែង​សេចក្ដី ស្រឡាញ់ និងការ​ដឹងគុណ​គឺជា​រឿង​ល្អ នោះ​ការ​សម្ដែង​បែប​នេះ​មិន​អាច​ជំនួស​ទីបន្ទាល់​ដែល​នឹង​បង្កាត់​ភ្លើង​នៃ​ជំនឿ​មួយ​នៅ​ក្នុង​ជីវិត​របស់​មនុស្ស​ដទៃ​បាន​ឡើយ ។ ការ​ថ្លែង​ទីបន្ទាល់​គឺជា​ការ ‹ ធ្វើ​សាក្សី​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ធ្វើ​សេចក្ដី​ថ្លែង​ដោយ​ម៉ឺងម៉ាត់​ពី​សេចក្ដី​ពិត ដោយ​សំអាង​ទៅ​លើ​តម្រិះ ឬ​ជំនឿ​របស់​ខ្លួន​ផ្ទាល់ ›​ [ សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ធ្វើ​បន្ទាល់ » scriptures.lds.org ] ។ ការ​ប្រកាស​ដ៏​ច្បាស់​អំពី​សេចក្ដី​ពិត​ធ្វើ​ឲ្យ​មាន​ភាព​ខុស​ប្លែក​មួយ​នៅ​ក្នុង​ជីវិត​របស់​មនុស្ស ។ នោះ​គឺជា​អ្វី​ដែល​ផ្លាស់ប្ដូរ​ដួង​ចិត្ត ។ នោះ​គឺជា​អ្វី​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​បញ្ជាក់​នៅ​ក្នុង​ដួង​ចិត្ត​នៃ​បុត្រា​បុត្រី​របស់​ព្រះ » ( « Pure Testimony » EnsignLiahona ខែ ​វិច្ឆិកា ឆ្នាំ​២០០៤ ទំព័រ ៤១ ) ។

ការ​ឈរ​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​សាសនាចក្រ ។

អែលឌើ រ៉ូណល អេ រ៉ាសបាន បាន​បង្រៀន​ថា

« យើង​បាន​គាំទ្រ​ដល់​[ថ្នាក់ដឹកនាំ​របស់យើង]​ដែល​បាន​ហៅ​ដោយ​ការ​បំផុស​គំនិត​ដ៏​ទេវភាព ដើម្បី​បង្រៀន ដឹកនាំ​យើង …ហើយ​ដែល​កំពុង​ស្រែក​ព្រមាន​ប្រាប់​យើង​ឲ្យ​ដឹង​ពីគ្រោះ​ថ្នាក់​ដែល​យើង​ជួប​រាល់​ថ្ងៃ—ដែល​កើត​ឡើង​ពី​ការ​ឥត​ខ្វល់​ក្នុង​ការ​គោរព​ប្រតិបត្តិ​ថ្ងៃ​ឈប់​សម្រាក កើត​ឡើង​ពី​ការ​សម្លុត​គំរាម​ដល់​គ្រួសារ កើត​ឡើង​ពី​ការ​បំពាន​លើ​សេរីភាព​សាសនា និង កើត​ឡើង​ពី​ការ​ជំទាស់​នឹង​វិវរណៈ​នា​ថ្ងៃ​ចុង​ក្រោយ​នេះ ។ បង​ប្អូន​ប្រុស​ស្រី តើ​បងប្អូន​កំពុង​ស្តាប់​តាម​ការ​ទូន្មាន​របស់​ពួក​លោក​ដែរ​ឬទេ ? …

នៅ​ពេល​យើង​ឈាន​ទៅ​មុខ ដោយ​ជ្រើស​ធ្វើ​តាម​ការ​ប្រឹក្សា និង ការ​ព្រមាន​ពី​ថ្នាក់​ដឹក​នាំ​របស់​យើង នោះ​យើង​ជ្រើស​រើស​ធ្វើ​តាម​ព្រះអម្ចាស់ ខណៈ​ដែល​ពិភព​លោក​នេះ​កំពុង​ងាក​ដើរ​ទៅ​ទិស​ដៅ​ផ្សេង ។ យើង​ជ្រើស​រើស​កាន់​ខ្ជាប់​នឹង​ដំបង​ដែក​ជានិច្ច ធ្វើ​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ស្ថិត​នៅ​ក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ ហើយ​ដើម្បី​បាន​ពោរ​ពេញ​ដោយ ‹ សេចក្តី​អំណរ​ជា​អតិបរមា › ​[ នីហ្វៃទី ១ ៨:១២ ] ។

ការ​លើក​ឡើង​នូវ​សំណួរ​ថ្ងៃ​នេះ​គឺ​ច្បាស់​លាស់​ថា តើ​បង​ប្អូន​កំពុង​ឈរ​យ៉ាង​រឹង​មាំ​ជាមួយ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​នៅ​ក្នុង​ពិភពលោក​ដ៏​ខ្មៅ​ងងឹត​នេះ ប្រយោជន៍​ឲ្យ​បង​ប្អូន​អាច​ផ្សាយ​ពន្លឺ​នៃ​ព្រះគ្រីស្ទ​ដែរ​ឬ​ទេ ? » ( « Standing with the Leaders of the Church » EnsignLiahona ខែ ​ឧសភា ឆ្នាំ ​២០១៦ ទំព័រ ៤៧–៤៨ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

រៀបចំ​ខ្លួន​ទុក​ជា​មុន « នៅពេល​អ្នក​ពិចារណា​អំពី​របៀប​ដែល​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ​ដែល​អ្នក​កំពុង​បង្រៀន​នឹង​ផ្ដល់​ពរ​ជ័យ​ដល់​សមាជិក​ក្នុង​ថ្នាក់​របស់​អ្នក នោះ​គំនិត និង​ចំណាប់​អារម្មណ៍​ទាំងឡាយ​នឹង​កើត​មាន​មក​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក––នៅ​ពេល​អ្នក​ធ្វើ​ដំណើរ​ទៅ​ធ្វើការ ធ្វើ​ការងារ​ក្នុង​ផ្ទះ ឬ​ប្រាស្រ័យ​ទាក់ទង​នឹង​គ្រួសារ និង​មិត្តភក្ដិ ។ សូម​កុំ​គិត​ថា​ការ​រៀបចំ​ខ្លួន​ខាង​វិញ្ញាណ​ជា​អ្វី​មួយ​ដែល​អ្នកត្រូវ​ឆ្លៀត​ពេល​ធ្វើ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ជា​អ្វី​មួយ​ដែល​អ្នក​ចង់​ធ្វើ​ជានិច្ច » ( ការ​បង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្រ្គោះ ទំព័រ១២ ) ។