« ថ្ងៃទី ១៩–២៥ ខែ សីហា ។ កូរិនថូសទី១ ១–៧ ៖ ‹ ត្រូវឲ្យបានរួបរួមគ្នា › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )
« ថ្ងៃទី ១៩–២៥ ខែ សីហា ។ កូរិនថូសទី១ ១–៧ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០១៩
ថ្ងៃទី ១៩–២៥ ខែ សីហា
កូរិនថូសទី ១ ១–៧
« ត្រូវឲ្យបានរួបរួមគ្នា »
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បានបង្រៀនថា មនុស្សភាគច្រើន « មក [ ព្រះវិហារ ] ដើម្បីស្វែងរកបទពិសោធន៍ខាងវិញ្ញាណមួយ » ( « A Teacher Come from God » Ensign ខែ ឧសភា ឆ្នាំ១៩៩៨ ទំព័រ ២៦ ) ។ នៅពេលអ្នកអាន កូរិនថូសទី ១ ១–៧ សូមពិចាណាប្រកបដោយការអធិស្ឋាននូវអ្វីដែលអ្នកអាចធ្វើដើម្បីជួយបង្កើតបទពិសោធន៍ខាងវិញ្ញាណនៅក្នុងថ្នាក់រៀនរបស់អ្នក ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមពិចារណាអញ្ជើញសិស្សឲ្យសរសេរអំពីរបៀបដែលពួកគេបានធ្វើតាមអ្វីដែលពួកគេកំពុងតែរៀនមកពីបទគម្ពីរ ។ សុំឲ្យសិស្សពីរបីនាក់ចែកចាយអ្វីដែលពួកគេបានសរសេរ ។
បង្រៀនគោលលទ្ធិ
សមាជិកសាសនាចក្ររបស់ព្រះគ្រីស្ទត្រូវតែមានសាមគ្គីភាព ។
-
ការពិភាក្សាអំពីជំពូកពីរបីដំបូងនៃកូរិនថូសទី ១ ប្រហែលជាឱកាសមួយដើម្បីបង្កើតសាមគ្គីភាពដ៏អស្ចារ្យនៅក្នុងចំណោមសមាជិកវួដរបស់អ្នក ។ អ្នកអាចចាប់ផ្ដើមដោយសុំឲ្យសិស្សនិយាយអំពីក្រុមមួយដែលពួកគេបានចូលរួម ដែលមានសាមគ្គីភាពដ៏រឹងមាំមួយ ។ ហេតុអ្វីក្រុមនេះមានសាមគ្គីភាពខ្លាំងម៉្លេះ ? បន្ទាប់មក អ្នកអាចរុករកការបង្រៀនមួយចំនួនរបស់ប៉ុលស្ដីពីសាមគ្គីភាពនៅក្នុង កូរិនថូសទី ១ ១:១០–១៣, ៣:១–១១ ។ តើខគម្ពីរទាំងនេះ ព្រមជាមួយនឹងបទពិសោធន៍របស់យើង បង្រៀនអ្វីខ្លះអំពីអ្វីដែលជួយបង្កើតសាមគ្គីភាព និងអ្វីដែលគំរាមកំហែងដល់សាមគ្គីភាព ? តើពរជ័យអ្វីខ្លះកើតមានចំពោះជនដែលមានសាមគ្គីភាព ? ដំណើររឿងដែលបានចែកចាយដោយប្រធាន ហិនរី ប៊ី អាវរិង នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ក៏អាចជួយដល់ការពិភាក្សានេះផងដែរ ។
-
នៅក្នុង កូរិនថូសទី ១ ៣:៩–១៧ ប៉ុលប្រើរូបភាពនៃអគារមួយដើម្បីលើកទឹកចិត្តឲ្យមានសាមគ្គីភាព ។ តើការប្រៀបធៀបនេះអាចជួយសិស្សរបស់អ្នកឲ្យយល់កាន់តែប្រសើរឡើងអំពីសាមគ្គីភាពតាមរបៀបណា ? ឧទាហរណ៍ បន្ទាប់ពីអានខគម្ពីរទាំងនេះរួមគ្នាមក អ្នកអាចឲ្យដុំឈើមួយដល់សិស្សម្នាក់ៗ ហើយឲ្យពួកគេសង់អ្វីមួយរួមគ្នា ។ តើយើងគឺជា « ផ្ទះដែលព្រះទ្រង់ធ្វើ » តាមរបៀបណា ? ( កូរិនថូសទី ១ ៣:៩ ) ។ តើព្រះទ្រង់សង់យើងម្នាក់ៗតាមរបៀបណា ? តើយើងកំពុងសង់អ្វីរួមគ្នាក្នុងនាមជាពួកបរិសុទ្ធ ? តើយើងអាចធ្វើអ្វីខ្លះក្នុងនាមជាវួដដែលមានសាមគ្គីភាព ហើយដែលយើងមិនអាចធ្វើបានតែម្នាក់ឯង ?
កូរិនថូសទី ១ ១:១៧–៣១, ២, ៣:១៨–២០
ដើម្បីសម្រេចបានកិច្ចការរបស់ព្រះ យើងចាំបាច់ត្រូវការព្រះប្រាជ្ញាញាណរបស់ព្រះ ។
-
មនុស្សខ្លះមានអារម្មណ៍ថាខ្វះគុណសម្បត្តិដើម្បីបម្រើនៅក្នុងសាសនាចក្រ ដោយសារពួកគេខ្វះការអប់រំ ឬការបំពាក់បំប៉នអាជីព ។ ខ្លះទៀតមានអារម្មណ៍ថាមានគុណសម្បត្តិគ្រប់គ្រាន់ ដោយសារពួកគេ មាន ការអប់រំ ឬការបំពាក់បំប៉នអាជីព ។ មនុស្សទាំងពីរប្រភេទនេះយល់ខុសអំពីអ្វីដែលធ្វើឲ្យយើងមានគុណសម្បត្តិពិតចំពោះកិច្ចការរបស់ព្រះ ។ នេះគឺជាគំនិតមួយដើម្បីជួយសិស្សរបស់អ្នកឲ្យពឹងផ្អែកលើព្រះ ៖ សូមបំបែកសិស្សរបស់អ្នកជាក្រុម ហើយសុំឲ្យពួកគេមើលត្រួសៗ កូរិនថូសទី ១ ១:១៧–៣១, ២ ឬ ៣:១៨–២០ ដោយស្រាវជ្រាវរកពាក្យដូចជា ប្រាជ្ញា និង សេចក្ដីល្ងង់ល្ងើ ។ បន្ទាប់មក ពួកគេអាចចែកចាយនៅក្នុងក្រុមរបស់ពួកគេនូវអ្វីដែលខគម្ពីរទាំងនេះបង្រៀនអំពីការមានប្រាជ្ញានៅក្នុងកិច្ចការរបស់ព្រះអម្ចាស់ ។ តើរឿងអ្វីខ្លះអំពីដំណឹងល្អដែលអាចទំនងជាសេចក្ដីល្ងង់ល្ងើចំពោះមនុស្សមួយចំនួន ? តើរឿងទាំងនេះបង្ហាញអំពីព្រះប្រាជ្ញាញាណរបស់ព្រះយ៉ាងដូចម្ដេច ? ប្រហែលជាសិស្សក៏អាចចែកចាយបទពិសោធន៍ដែលពួកគេបានទុកចិត្តលើព្រះប្រាជ្ញាញាណរបស់ព្រះ ជាជាងលើប្រាជ្ញារបស់ខ្លួនផ្ទាល់ ដើម្បីសម្រេចកិច្ចការរបស់ទ្រង់ផងដែរ ។
រូបកាយរបស់យើងគឺពិសិដ្ឋ ។
-
ដើម្បីចាប់ផ្ដើមការពិភាក្សាមួយអំពីខគម្ពីរទាំងនេះ អ្នកអាចសរសេរនៅលើក្ដារខៀននូវសំណួរដូចតទៅនេះ ៖ តើព្រះអម្ចាស់ទតមើលរូបកាយរបស់យើងយ៉ាងដូចម្ដេច ? តើការណ៍នេះខុសប្លែកពីវិធីដែលសាតាំងចង់ឲ្យយើងគិតអំពីរូបកាយរបស់យើងយ៉ាងដូចម្ដេច ? តើឃ្លាថារូបកាយរបស់យើងគឺជាព្រះវិហារបរិសុទ្ធ នៃព្រះវិញ្ញាណបរិសុទ្ធមានន័យដូចម្ដេច ? សូមអញ្ជើញសិស្សឲ្យស្វែងរកចម្លើយចំពោះសំណួរទាំងនេះនៅក្នុង កូរិនថូសទី ១ ៦:៩–២០ ( សូមមើលផងដែរ គ. និង ស. ៨៨:១៥, ម៉ូសេ ៦:៨–៩ ) ។
-
ការពិភាក្សារបស់អ្នកអំពីភាពបរិសុទ្ធនៃរូបកាយរបស់យើងអាចដាក់បញ្ចូលនូវការសន្ទនាមួយអំពីក្រឹត្យវិន័យនៃព្រហ្មចារីភាព ។ ការណ៍នេះអាចមានប្រយោជន៍ជាពិសេស ដោយសារក្នុងនាមជាពួកបរិសុទ្ធថ្ងៃចុងក្រោយ ជារឿយៗ យើងមានឱកាសដើម្បីពន្យល់ជំនឿរបស់យើងអំពីព្រហ្មចារីភាពដល់ជនដែលប្រហែលជាមិនចែកចាយជំនឿទាំងនោះ ។ ប្រហែលជាអ្នកអាចសួរសិស្សរបស់អ្នកថាពួកគេរៀនអ្វីខ្លះមកពីប៉ុល—ក៏ដូចជាមកពីធនធានផ្សេងទៀតរបស់សាសនាចក្រ—ដែលអាចជួយពួកគេពន្យល់ដល់មនុស្សដទៃអំពីហេតុផលដែលព្រហ្មចារីភាពមានសារៈសំខាន់ ។ ធនធានទាំងនេះមួយចំនួនអាចរួមបញ្ចូលធនធានដែលមាននៅក្នុង « ធនធានបន្ថែមទាំងឡាយ » ផងដែរ ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមប្រាប់សិស្សរបស់អ្នកថា ប្រសិនបើពួកគេចង់បានគំនិតបន្ថែមទៀតអំពីរបៀបកាន់តែមានសាមគ្គីភាពជាមួយនឹងស្វាមី ឬភរិយា គ្រួសារ ឬវួដរបស់ពួកគេ ប្រធានបទស្ដីពីសាមគ្គីភាពមានបន្តនៅក្នុង កូរិនថូសទី ១ ៨–១១ ។
ធនធានបន្ថែមទាំងឡាយ
ឧទាហរណ៍អំពីសាមគ្គីភាព ។
ប្រធាន ហិនរី ប៊ី អាវរិង បានបង្រៀនថា
« ខ្ញុំត្រូវបានអញ្ជើញឲ្យលុតជង្គង់នៅក្បែរគ្រែដេកជាមួយនឹងគ្រួសារមួយ នៅពេលខ្ញុំទៅលេងផ្ទះរបស់ពួកគេ ។ ក្មេងតូចបំផុតត្រូវបានសុំឲ្យអធិស្ឋាន ។ គាត់បានអធិស្ឋានសម្រាប់មនុស្សគ្រប់គ្នានៅក្នុងគ្រួសារនោះ ដោយហៅឈ្មោះពួកគេ ដូចជាលោកអយ្យកោម្នាក់ ។ ខ្ញុំបានបើកភ្នែកមួយភ្លែតមើលមុខកូនផ្សេងទៀត និងឪពុកម្ដាយ ។ ខ្ញុំអាចដឹងថា ពួកគេកំពុងចូលរួមសេចក្ដីជំនឿ និងដួងចិត្តរបស់ពួកគេនៅក្នុងការអធិស្ឋានរបស់ក្មេងតូចនោះ ។
បងប្អូនស្រីខ្លះក្នុងសមាគមសង្គ្រោះ ថ្មីៗនេះបានអធិស្ឋានរួមគ្នា កាលពួកគេបានរៀបចំទៅសួរសុខទុក្ខស្ត្រីមេម៉ាយវ័យក្មេងម្នាក់ ជាលើកដំបូង ដែលស្វាមីគាត់បានស្លាប់ដោយមិនបានរំពឹងទុក ។ ពួកគេចង់ដឹងពីអ្វីដែលត្រូវធ្វើ និងរបៀបធ្វើការរួមគ្នាដើម្បីជួយរៀបចំផ្ទះនោះសម្រាប់គ្រួសារ និងមិត្តភក្ដិដែលនឹងមកចូលរួមបុណ្យសព ។ … ចម្លើយមួយចំពោះការអធិស្ឋានរបស់ពួកគេបានកើតឡើង ។ នៅពេលពួកគេបានទៅដល់ផ្ទះនោះ បងប្អូនស្រីម្នាក់ៗបានខិតខំដើម្បីបំពេញកិច្ចការមួយ ។ ផ្ទះនោះបានរួចរាល់យ៉ាងឆាប់រហ័ស រហូតដល់មានបងប្អូនស្រីខ្លះសោកស្ដាយដែលមិនបានធ្វើការងារច្រើនបន្ថែមទៀត ។ ពាក្យនៃការលួងលោមចិត្តត្រូវបានថ្លែងឡើងដែលត្រឹមត្រូវយ៉ាងល្អឥតខ្ចោះ ។ ពួកគេបានផ្ដល់ការបម្រើរបស់ព្រះអម្ចាស់រួមគ្នា ដោយរួបរួមចិត្តគ្នា » ( « Our Hearts Knit as One » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ២០០៨ ទំព័រ ៦៨–៦៩ ) ។
ពរជ័យនៃភាពបរិសុទ្ធខាងផ្លូវភេទ ។
នៅក្នុងការប្រជុំធម្មនិដ្ឋានសម្រាប់យុវមជ្ឈិមវ័យទូទាំងពិភពលោក ស៊ិស្ទើរ វេនឌី ដបុលយូ ណិលសុន បានថ្លែងថា
« ភាពបរិសុទ្ធផ្ទាល់ខ្លួនគឺជាគន្លឹះទៅកាន់សេចក្ដីស្រឡាញ់ពិត ។ កាលណាគំនិត និងអារម្មណ៍ ពាក្យសម្ដី និងទង្វើរបស់អ្នកកាន់តែបរិសុទ្ធ នោះបងប្អូនកាន់តែមានសមត្ថភាពដើម្បីផ្ដល់ ហើយទទួលសេចក្ដីស្រឡាញ់ពិត ។ …
« ជាផ្នែកដ៏សំខាន់មួយនៃការបង្ហាញសេចក្ដីស្រឡាញ់របស់ពួកគេ ព្រះអម្ចាស់សព្វព្រះទ័យចង់ឲ្យស្វាមី និងភរិយាម្នាក់ទទួលទាននូវរឿងអស្ចារ្យ និងអំណរនៃភាពស្និតស្នាលក្នុងអាពាហ៍ពិពាហ៍ ។ …
« … អ្វីក៏ដោយដែលអញ្ជើញព្រះវិញ្ញាណចូលទៅក្នុងជីវិតរបស់បងប្អូន និងទៅក្នុងជីវិតនៃភរិយា ឬ ស្វាមីរបស់បងប្អូន ព្រមទាំងអាពាហ៍ពិពាហ៍របស់បងប្អូន វានឹងបង្កើនសមត្ថភាពរបស់បងប្អូនដើម្បីដកពិសោធន៍ភាពស្និតស្នាលក្នុងអាពាហ៍ពិពាហ៍ ។… ម្យ៉ាងវិញទៀត អ្វីក៏ដោយ ដែលធ្វើឲ្យព្រះវិញ្ញាណអាក់អន់ព្រះទ័យនឹងកាត់បន្ថយសមត្ថភាពរបស់បងប្អូនឲ្យមានសាមគ្គីភាពជាមួយនឹងស្វាមី ឬភរិយារបស់បងប្អូន …
« ភាពស្និទ្ធស្នាលក្នុងអាពាហ៍ពិពាហ៍ដែលបានអនុម័តដោយព្រះវិញ្ញាណ ត្រូវបានប្រទានពរដោយព្រះអម្ចាស់ ហើយមានភាពបរិសុទ្ធ » ( « Love and Marriage » ការប្រជុំធម្មនិដ្ឋានសម្រាប់ពួកយុវមជ្ឈិមវ័យទូទាំងពិភពលោក ថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០១៧ broadcasts.lds.org ) ។
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បានបង្រៀនថា ៖
« ខ្ញុំសូមបញ្ជាក់ថា ភាពស្និទ្ធស្នាលរបស់មនុស្ស ត្រូវបានរក្សាទុកសម្រាប់តែគូស្វាមីភរិយាដែលបានរៀបការ ដោយសារវាគឺជានិមិត្តរូបដ៏ខ្ពស់បំផុតនៃការរួបរួមដ៏ពេញលេញ ភាពពេញទាំងស្រុងមួយ និងជាការរួបរួមមួយដែលត្រូវបានតែងតាំង និងផ្ដល់និយមន័យដោយព្រះ ។ …
« ប៉ុន្តែការរួបរួមដ៏ពេញលេញមួយបែបនេះ ការតាំងចិត្តមិនងាករេមួយបែបនេះរវាងបុរសម្នាក់ និងស្ត្រីម្នាក់ អាចកើតមានជាមួយភាពជិតស្និទ្ធ និងភាពអចិន្ត្រៃយ៍ដែលបានផ្ដល់នៅក្នុងសេចក្ដីសញ្ញានៃអាពាហ៍ពិពាហ៍ ជាមួយនឹងការសន្យា និងការបញ្ចាំចិត្តជាឧឡារិកផ្ដល់ឲ្យអ្វីទាំងអស់ដែលពួកគេមាន—ទាំងដួងចិត្ត និងគំនិតរបស់ពួកគេ ពេលវេលា និងក្ដីសុបិនរបស់ពួកគេតែប៉ុណ្ណោះ » ( « Personal Purity » Ensign ខែ វិច្ឆិកា ឆ្នាំ១៩៩៨ ទំព័រ ៧៦ ) ។
អែលឌើរ ដេវីឌ អេ បែដណា បានពន្យល់ថា « ទំនាក់ទំនង [ ខាងផ្លូវភេទ ] បែបនោះ គឺមិនមែនគ្រាន់តែជាចម្ងល់មួយដែលត្រូវរុករកចម្លើយ ចំណង់មួយដែលត្រូវបំពេញ ឬប្រភេទនៃការកម្សាន្តមួយ ឬការកំដរអារម្មណ៍មួយដែលត្រូវតែទទួលបានដោយភាពអាត្មានិយមនោះឡើយ ។ វាពុំមែនការច្បាំងដណ្ដើមយកអ្វីមួយ ឬគ្រាន់តែជាការសម្ដែងនោះទេ ។ ផ្ទុយទៅវិញ វាជាការសម្ដែងនូវមនោសញ្ចេតនាមួយដ៏ធំធេងនៃលក្ខណៈ និងសក្ដានុភាពដ៏ទេវភាពរបស់យើង និងជាវិធីមួយនៃការពង្រឹងនូវចំណងចិត្ត និងខាងវិញ្ញាណរវាងប្ដីប្រពន្ធក្នុងជីវិតរមែងស្លាប់ ។ យើងជាភ្នាក់ងារដែលបានប្រទានពរឲ្យនូវសិទ្ធិជ្រើសរើសខាងសីលធម៌ ហើយត្រូវបានកំណត់ដោយមរតកដ៏ទេវភាពរបស់យើងថាជាកូនចៅនៃព្រះ ––– គឺពុំមែនដោយចរិយាខាងផ្លូវភេទ ឥរិយាបថសម័យថ្មី ឬទស្សនៈវិជ្ជាខាងលោកិយឡើយ » ( « We Believe in Being Chaste » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៤២ ) ។
របៀបបន្តមានភាពបរិសុទ្ធខាងផ្លូវភេទ ។
-
« ភាពបរិសុទ្ធខាងផ្លូវភេទ » ដើម្បីកម្លាំងនៃយុវជន ទំព័រ ៣៥–៣៧ ។