« ថ្ងៃ ទី ៥–១១ ខែ សីហា ។ រ៉ូម ១–៦ ៖ ‹ ព្រះចេស្តានៃព្រះសម្រាប់នឹងជួយសង្គ្រោះ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )
« ថ្ងៃ ទី ៥–១១ ខែ សីហា ។ រ៉ូម ១–៦ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩
ថ្ងៃទី ៥–១១ ខែ សីហា
រ៉ូម ១–៦
« ព្រះចេស្តានៃព្រះសម្រាប់នឹងជួយសង្គ្រោះ »
សូមអាន រ៉ូម ១–៦ ប្រកបដោយការអធិស្ឋានដោយគិតអំពីសិស្សរបស់អ្នក ។ ការណ៍នេះនឹងជួយអ្នកឲ្យឆាប់ទទួលអារម្មណ៍នូវការបំផុសគំនិតមកពីព្រះវិញ្ញាណ នៅពេលអ្នករៀបចំបង្រៀន ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមពិចារណាទុកពេលឲ្យសិស្សពីរបីនាទីដើម្បីស្រាវជ្រាវ រ៉ូម ១–៦ រកខគម្ពីរមួយដែលពួកគេចូលចិត្តជាពិសេស ។ បន្ទាប់មក ពួកគេអាចចែកចាយខគម្ពីរដែលពួកគេបានជ្រើសរើសជាមួយនឹងសិស្សម្នាក់ដែលអង្គុយក្បែរពួកគេ ។
បង្រៀនគោលលទ្ធិ
« ខ្ញុំគ្មានសេចក្តីខ្មាសចំពោះដំណឹងល្អនៃព្រះគ្រីស្ទទេ » ។
-
តើសិស្សរបស់អ្នកធ្លាប់ជួបការចំអកចំពោះជំនឿរបស់ពួកគេដែរឬទេ ? សូមអញ្ជើញពួកគេឲ្យអាន រ៉ូម ១:១៦–១៧ ហើយគិតពីឧទាហរណ៍មកពីគម្ពីរកិច្ចការដែលប៉ុលបានបង្ហាញថា គាត់គ្មានសេចក្ដីខ្មាស់ចំពោះដំណឹងល្អទេ ។ តើអ្វីខ្លះទៅដែលធ្វើឲ្យយើងមិនខ្មាសអៀនដើម្បីក្លាយជាសមាជិកសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ? សូមអញ្ជើញសិស្សឲ្យចែកចាយបទពិសោធន៍ដែលពួកគេ ឬមនុស្សដទៃទៀតបានបង្ហាញថា ពួកគេពុំបានខ្មាស់អៀនចំពោះដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទឡើយ ។
ភាពជាសិស្សពិតគឺស្ដែងឲ្យឃើញចេញពីការតាំងចិត្តរបស់យើង ពុំមែនគ្រាន់តែក្នុងទង្វើរបស់យើងប៉ុណ្ណោះទេ ។
-
តើយើងវាយតម្លៃភាពជាសិស្សរបស់យើងតាមរបៀបណា ? ការប្រឹក្សារបស់ប៉ុលទៅកាន់ពួកសាសន៍រ៉ូមអាចជួយយើងឲ្យចងចាំកុំផ្ដោតតែលើការបញ្ចប់បញ្ជីការងាររបស់យើង ប៉ុន្តែឲ្យផ្ដោតលើ « ចិត្ត [ និង ] ខាងព្រលឹងវិញ្ញាណ » វិញ ( រ៉ូម ២:២៩ ) ។ ដើម្បីជួយសិស្សឲ្យយល់អំពីការប្រឹក្សារបស់ប៉ុល អ្នកអាចសរសេរឃ្លាដកស្រង់មកពី រ៉ូម ២:២៨–២៩ នៅលើក្ដារខៀន ។ សូមប្ដូរពាក្យ សាសន៍យូដា ទៅ ជា ពួកបរិសុទ្ធថ្ងៃចុងក្រោយ ហើយពាក្យ ការកាត់ស្បែក ទៅជា សេចក្តីសញ្ញា ។ តើការផ្លាស់ប្ដូរនេះបន្ថែមអ្វីខ្លះដល់ការយល់ដឹងរបស់យើងអំពីការបង្រៀនរបស់ប៉ុល ? អ្នកក៏អាចពិភាក្សាឧទាហរណ៍នៃកិច្ចការដែលយើងធ្វើក្នុងនាមជាសមាជិកសាសនាចក្រដែលមានន័យ និងមានអនុភាពច្រើន នៅពេលវាធ្វើឡើង « នៅក្នុងចិត្តខាងព្រលឹងវិញ្ញាណ » ( រ៉ូម ២:២៩ ) ។ ឧទាហរណ៍ សូមមើលសុន្ទរកថារបស់អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ស្ដីពីការបង្រៀនតាមផ្ទះ « Emissaries to the Church » ( Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៦១–៦៧ ) ឬសុន្ទរកថារបស់អែលឌើរ នែល អិល អាន់ឌើរសិន ស្ដីពីកិច្ចការផ្សព្វផ្សាយសាសនា « A Witness of God » ( Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៣៥–៣៨ ) ។
« កន្លែងណាដែលមានបាបចម្រើនជាបរិបូរឡើង នោះព្រះគុណក៏ចម្រើនជាបរិបូរលើសទៅទៀត » ។
-
ប្រហែលជាមានសិស្សនៅក្នុងថ្នាក់របស់អ្នកដែលត្រូវការជំនួយដើម្បីយល់អំពីការបង្រៀនរបស់ប៉ុលនៅក្នុងជំពូកទាំងនេះ ស្ដីពីសេចក្ដីជំនឿ ការប្រព្រឹត្ត និងព្រះគុណ ( សូមមើលផងដែរ គម្រោងមេរៀនសម្រាប់សប្ដាហ៍នេះ ក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ និងការបកប្រែដោយយ៉ូសែប ស្ម៊ីធ នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ) ។ តើអ្នកអាចជួយពួកគេឲ្យរៀនពីគ្នាតាមរបៀបណា ? សូមពិចារណាបង្ហាញនូវស្ថានភាពពីរដូចតទៅនេះដើម្បីជួយសិស្សឲ្យយល់ថា យើងមិនគួរមើលឃើញការប្រព្រឹត្តល្អរបស់យើងជាវិធីមួយដើម្បីបង្ហាញពីភាពស័ក្ដិសមរបស់យើងឡើយ ឬក៏មិនគួរមើលព្រះគុណរបស់ព្រះគ្រីស្ទថាជាហេតុផលមួយដើម្បីដោះសារចំពោះកំហុស និងអំពើបាបរបស់យើងដែរ ។ សូមអញ្ជើញសិស្សឲ្យស្រាវជ្រាវរកសេចក្ដីពិតនៅក្នុង រ៉ូម ៣:២០–៣១, ៥:១–២, ៦:១–២, ២១–២៣ ដែលអាចជួយគ្លូរីយ៉ា និងចាស្ទីន ។ តើអ្វីទៅជាសេចក្ដីពិតខាងគោលលទ្ធិផ្សេងទៀតនៅក្នុង « ធនធានបន្ថែមទាំងឡាយ » ដែលនឹងជួយពួកគេឲ្យយល់អំពីសារៈសំខាន់នៃការប្រព្រឹត្តសុចរិត និងការទុកចិត្តលើព្រះគុណនៃព្រះគ្រីស្ទ ? អ្នកអាចសុំឲ្យសិស្សចែកចាយអ្វីដែលពួកគេបានរកឃើញ ឬសម្ដែងជាការសន្ទនាមួយ ។
ស្ថានភាពទី ១
អ្នកមានសិស្សម្នាក់ឈ្មោះគ្លូរីយ៉ាដែលមានការថប់បារម្ភនៅក្នុងការខិតខំប្រឹងប្រែងរបស់នាងដើម្បីធ្វើជាសិស្សដ៏ស្មោះ ត្រង់ម្នាក់ ។ នាងខិតខំធ្វើអ្វីគ្រប់យ៉ាងដែលនាងគិតថានាងគួរធ្វើ ប៉ុន្តែជារឿយៗ នាងបារម្ភថា ការខិតខំរបស់នាងមានការខ្វះខាត ។ នាងងឿងឆ្ងល់ថា « តើខ្ញុំធ្វើល្មមគ្រប់គ្រាន់ដែរឬទេ ? » « តើព្រះអម្ចាស់នឹងទទួលយកខ្ញុំដែរឬទេ ? »
ស្ថានភាពទី ២
អ្នកមានមិត្តម្នាក់ឈ្មោះចាស្ទីនដែលគ្មានការបារម្ភច្រើនអំពីការធ្វើការជ្រើសរើសសុចរិតឡើយ ។ គាត់ជឿលើព្រះយេស៊ូវគ្រីស្ទ គាត់ចូលរួមការប្រជុំនៅព្រះវិហារ ហើយគាត់គឺជាឪពុកម្នាក់ដែលគួរឲ្យស្រឡាញ់ និងជាអ្នកជិតខាងដ៏ល្អម្នាក់ ។ ប៉ុន្តែគាត់បានជ្រើសរើសមិនរស់នៅតាមបទដ្ឋានដែលនឹងធ្វើឲ្យគាត់មានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានប័ណ្ណចូលព្រះវិហារបរិសុទ្ធឡើយ ។ នៅពេលគ្រួសារ និងមិត្តភក្ដិព្យាយាមលើកទឹកចិត្តគាត់ឲ្យរៀបចំខ្លួនសម្រាប់ព្រះវិហារបរិសុទ្ធ នោះគាត់បានតបថា « ខ្ញុំគឺជាមនុស្សល្អ ។ ខ្ញុំមានសេចក្ដីជំនឿលើព្រះគ្រីស្ទ ។ ទ្រង់បានបង់ថ្លៃសម្រាប់អំពើបាបខ្ញុំរួចហើយ ហើយខ្ញុំមិនគិតថា ទ្រង់នឹងមិនឲ្យខ្ញុំចូលទៅនគរសេឡេស្ទាល ដោយសារបញ្ហាបន្តិចបន្តួចបែបនេះនោះទេ » ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
ដើម្បីលើកទឹកចិត្តសិស្សឲ្យអាន រ៉ូម ៧–១៦ អ្នកអាចប្រាប់ពួកគេថា ប៉ុលបានពិពណ៌នាអំពីសង្គ្រាមមួយនៅក្នុងខ្លួនគាត់—និងក្នុងខ្លួនយើងទាំងអស់គ្នា ។ នៅក្នុង រ៉ូម ៧–១៦ យើងរកឃើញថាសង្គ្រាមនោះ គឺជាអ្វី និងរបៀបយកឈ្នះវា ។
ធនធានបន្ថែមទាំងឡាយ
សេចក្ដីជំនឿ ព្រះគុណ និងការប្រព្រឹត្ត ។
កាលយើងគួរខិតខំធ្វើតាមបទបញ្ញត្តិ នោះការគោរពប្រត្តិបត្តិតាមបទបញ្ញត្តិព្រះតែម្យ៉ាងនឹងមិនអាចជួយសង្គ្រោះយើងបានឡើយ ( សូមមើល រ៉ូម ៣:២៧–៣១ ) ។ សម្បីតែយើងខិតខំអស់ពីលទ្ធភាពក្ដី នោះយើង « គ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ » ( រ៉ូម ៣:២៣ ) ។ ដោយសារហេតុផលនោះហើយ ទើបយើងទាំងអស់គ្នាត្រូវការព្រះយេស៊ូវគ្រីស្ទ ដែលព្រះគុណរបស់ទ្រង់អនុញ្ញាតឲ្យយើងទទួលបានការអភ័យទោសពីអំពើបាបរបស់យើង ហើយជួយយើងឲ្យបន្តធ្វើកិច្ចការល្អ ។ ដូចប៉ុលបានបង្រៀនថា « កន្លែងណាដែលមានបាបចម្រើនជាបរិបូរឡើង នោះព្រះគុណក៏ចម្រើនជាបរិបូរលើសទៅទៀត » ( រ៉ូម ៥:២០ ) ។
ប្រធាន ដេវីឌ អូ មិកឃេ បានចែកចាយរឿងប្រៀបប្រដូចមួយអំពីក្មេងប្រុសម្នាក់ដែលបានលង់ទឹក កាលគាត់កំពុងហែលទឹកជាមួយនឹងមិត្តភក្ដិរបស់គាត់ ៖ « សំណាងល្អ មានមនុស្សម្នាក់បានតាំងចិត្តយ៉ាងស្ងប់ ហើយបានរត់យ៉ាងលឿនទាញយកមែកឈើមួយចេញពីរបងឈើមួយ ហើយបានហុចចុងម្ខាងទៅឲ្យ [ ក្មេងដែល ] លង់ទឹកដើម្បីចាប់វាឲ្យជាប់ហើយក្មេងនោះត្រូវបានជួយសង្គ្រោះ ។
« ក្មេងប្រុសទាំងអស់បានប្រកាសថា ក្មេងប្រុសដែលលង់ទឹកនោះជំពាក់ជីវិតដល់ក្មេងប្រុសដែលបានជួយសង្គ្រោះគាត់ ។
« វាពិតជាដូច្នោះមែន ប៉ុន្តែទោះជាមានគេជួយគាត់ក្ដី ប្រសិនបើគាត់មិនទាញយកប្រយោជន៍ពីការជួយនោះទេ ប្រសិនបើគាត់មិនបានខិតខំធ្វើតាមបញ្ជាទេ នោះគាត់នឹងត្រូវលង់ទឹកជាមិនខានឡើយ ទោះជាមិត្តរបស់គាត់បានខិតខំជួយគាត់ក្ដី » ( ដេវីឌ អូ មិកឃេ « The Gospel of Work » Instructor ខែ មករា ឆ្នាំ ១៩៥៥ ទំព័រ ១ ) ។
ដោយលើកឡើងនូវសំណួរថា តើយើងត្រូវបានសង្គ្រោះតាមរយៈសេចក្ដីជំនឿ ឬការប្រព្រឹត្ត នោះអ្នកនិពន្ធជាគ្រិស្ដសាសនិក ឈ្មោះ ស៊ី អេស ល្វីស បានសរសេរថា « ចំពោះខ្ញុំវា [ ទំនង ] ដូចជា ការសួរថា តើក្នុងចំណោមផ្លែកន្ត្រៃទាំងពីរ តើផ្លែណាមួយដែលចាំបាច់ជាងគេដូច្នោះដែរ » ( Mere Christianity ទំព័រ ១៤៨ ) ។
ស្ថានភាពទី ១
-
ជេ ដេវណ៍ ខួនីស្ស « Am I Good Enough? Will I Make It? » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៣២–៣៤
« សេចក្ដីសង្គ្រោះពុំអាចទិញបានដោយប្រាក់នៃការគោរពប្រតិបត្តិឡើយ តែអាចទិញបានដោយព្រះលោហិតនៃព្រះរាជបុត្រានៃព្រះ [ សូមមើល កិច្ចការ ២០:២៨ ] ។ …
« ព្រះគុណគឺជាអំណោយពីព្រះ ហើយបំណងប្រាថ្នារបស់យើងក្នុងការគោរពតាមបញ្ញត្តិនីមួយៗរបស់ព្រះ គឺជាការបង្ហាញដល់ព្រះវរបិតាសួគ៌ថា យើងចង់ទទួលអំណោយទានពិសិដ្ឋនេះ » ( ឌៀថើរ អេស្វ អុជដូហ្វ « The Gift of Grace » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១០៩–១០ ) ។
ស្ថានភាពទី ២
-
ឌី. ថត គ្រីស្តូហ្វឺសិន « Abide in My Love » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៤៨–៥១ ។
« បើព្រះគុណគឺជាអំណោយមកពីព្រះ ហេតុអ្វីបានជាការគោរពប្រតិបត្តិតាមបទបញ្ញត្តិព្រះមានសារៈសំខាន់អ្វីម៉្លេះ ? ហេតុអ្វីយើងត្រូវខ្វល់ខ្វាយពីបទបញ្ញត្តិព្រះ—ឬ ការប្រែចិត្តទៅវិញ ? …
« ហេតុដូច្នោះហើយ ការគោរពប្រតិបត្តិរបស់យើងចំពោះបទបញ្ញត្តិព្រះ ជាលទ្ធផលពិតនៃសេចក្ដីស្រឡាញ់ និង អំណរគុណគ្មានទីបំផុត ដើម្បីបានសេចក្ដីករុណាទ្រង់ ។ ទម្រង់នៃសេចក្ដីស្រឡាញ់ និង ការដឹងគុណដ៏ស្មោះ នឹងបញ្ចូលកិច្ចការយើងដោយអព្ភូតហេតុទៅជាមួយព្រះគុណនៃព្រះ » (Dieter F. Uchtdorf « The Gift of Grace » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១០៩ ) ។
សេចក្ដីត្រូវការរបស់យើងជាបន្តបន្ទាប់ចំពោះព្រះគុណ ។
« បន្ថែមលើការត្រូវការព្រះគុណដើម្បីបានសេចក្តី សង្គ្រោះដ៏ខ្ពង់ខ្ពស់បំផុតរបស់យើងនោះបងប្អូនត្រូវការ អំណាចដែលធ្វើឲ្យកើតឡើងនេះជារៀងរាល់ថ្ងៃនៅក្នុង ជីវិតរបស់បងប្អូន ។ ពេលបងប្អូនខិតទៅជិតព្រះវរបិតាសួគ៌ដោយសេចក្តីឧស្សាហ៍បន្ទាបខ្លួន និងឱនលំទោន ទ្រង់នឹងលើកបងប្អូនឡើង ហើយពង្រឹងបងប្អូនតាមរយៈព្រះគុណរបស់ទ្រង់ ( សូមមើល សុភាសិត ៣:៣៤, ពេត្រុសទី ១ ៥:៥, គ. និង ស. ៨៨:៧៨, ១០៦:៧–៨ ) ។ ការពឹងផ្អែកលើព្រះគុណរបស់ទ្រង់ អាចជួយយើងឲ្យមានការអភិវឌ្ឍ និងការរីកចម្រើនក្នុងផ្លូវសុចរិត » (ពិតចំពោះសេចក្ដីជំនឿ ទំព័រ៧៨ ) ។