« ថ្ងៃទី ២៥ ខែ វិច្ឆិកា–ថ្ងៃទី ១ ខែ ធ្នូ ។ ពេត្រុសទី១ និង២ ៖ ‹ ត្រេកអរសាទរក្នុងទ្រង់ ដោយសេចក្តីអំណរដ៏ប្រសើរ ដែលរកថ្លែងមិនបាន › » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ២០១៩ )
« ថ្ងៃទី ២៥ ខែ វិច្ឆិកា–ថ្ងៃទី ១ ខែ ធ្នូ ។ ពេត្រុសទី១ និង២ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០១៩
ថ្ងៃទី ២៥ ខែ វិច្ឆិកា–ថ្ងៃទី ១ ខែ ធ្នូ
ពេត្រុសទី ១ និង ២
« ត្រេកអរសាទរក្នុងទ្រង់ ដោយសេចក្តីអំណរដ៏ប្រសើរ ដែលរកថ្លែងមិនបាន »
សូមចងចាំថា គោលបំណងរបស់អ្នកគឺដើម្បីបង្រៀនមនុស្ស ពុំមែនគ្រាន់តែបង្ហាញមេរៀនមួយនោះទេ ។ នៅពេលអ្នកអានសំបុត្ររបស់ពេត្រុស សូមគិតអំពីសិស្សម្នាក់ៗ ។ តើគោលការណ៍អ្វីខ្លះនឹងជួយពួកគេឲ្យស្ថាបនាសេចក្ដីជំនឿរបស់ពួកគេ ?
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមសរសេរចំណងជើងថា ពេត្រុសទី ១ និង ទី ២ នៅលើក្ដារខៀន ។ សូមទុកពេលឲ្យសិស្សរំឭកជំពូកទាំងនេះឡើងវិញ ហើយអញ្ជើញពួកគេឲ្យសរសេរនៅក្រោមចំណងជើងទាំងនេះនូវពាក្យ ឬឃ្លាចេញពីជំពូកទាំងឡាយដែលពួកគេបានរកឃើញថាវាមានន័យ ។ បន្ទាប់មក សូមប្រើបញ្ជីដើម្បីអញ្ជើញសិស្សឲ្យចែកចាយការយល់ដឹងរបស់ពួកគេ ។
បង្រៀនគោលលទ្ធិ
ពេត្រុសទី ១ ១:៣–៩, ២:១៩–២៤, ៣:១៤–១៧, ៤:១២–១៩
ខ្ញុំអាចរកឃើញអំណរនៅក្នុងគ្រានៃការសាកល្បង និងការរងទុក្ខ ។
-
ដើម្បីជួយសិស្សឲ្យយល់កាន់តែប្រសើរឡើង ហើយអនុវត្តការប្រឹក្សារបស់ពេត្រុសអំពីការស្វែងរកអំណរនៅក្នុងស្ថានភាពលំបាក អ្នកអាចឲ្យក្រដាសទៅសិស្ស ហើយសុំឲ្យពួកគេសរសេរឃ្លាមួយមកពី ពេត្រុសទី ១ ១:៣–៩, ២:១៩–២៤, ៣:១៤–១៧, ៤:១២–១៩ ដែលអាចជួយពួកគេនៅក្នុងគ្រានៃការសាកល្បង និងការលំបាក ។ នៅផ្នែកម្ខាងទៀតនៃក្រដាសនោះ ពួកគេអាចសរសេរអំពីគ្រានៃការសាកល្បងមួយ ដែលពួកគេទទួលបានអារម្មណ៍នូវភាពសុខសាន្ត ឬអំណរ ។ សិស្សស្ម័គ្រចិត្ត ពីរបីនាក់អាចចែកចាយឃ្លារបស់ពួកគេ និងបទពិសោធន៍របស់ពួកគេ រួចហើយសិស្សអាចពិភាក្សាអ្វីដែលពួកគេបានរៀន ។
-
វិធីមួយទៀតដើម្បីរំឭកការប្រឹក្សារបស់ពេត្រុសនៅក្នុង ពេត្រុសទី ១ ១:៣–៩, ២:១៩–២៤, ៣:១៤–១៧, ៤:១២–១៩ គឺការអញ្ជើញសិស្សឲ្យគិតអំពីមនុស្សម្នាក់ដែលពួកគេស្គាល់ ហើយជាអ្នកដែលកំពុងជួបការសាកល្បងមួយ ។ សូមទុកពេលឲ្យសិស្សសរសេរសំបុត្រមួយទៅកាន់បុគ្គលនោះ ដោយរួមបញ្ចូលទាំងសេចក្ដីពិតមកពីខគម្ពីរទាំងនេះដែលវានឹងលើកទឹកចិត្តដល់បុគ្គលនោះ ( សូមមើលផងដែរ គ. និង ស. ១២១:១–៨, ១២៣:១៧ ) ។ បន្ទាប់មក សិស្សអាចនិយាយអំពីសេចក្ដីពិតដែលពួកគេបានជ្រើសរើស ។
យើងត្រូវបានហៅឲ្យធ្វើជា « សាសន៍របស់ព្រះ » ។
-
ក្នុងនាមជាសមាជិកសាសនាចក្រនៃព្រះគ្រីស្ទ យើងត្រូវបានហៅឲ្យដើរតាមព្រះយេស៊ូវគ្រីស្ទ ។ នេះមានន័យថា ជារឿយៗ ការជ្រើសរើសរបស់យើងនឹងខុសប្លែកពីការជ្រើសរើសរបស់មនុស្សដទៃទៀត ។ តើការបង្រៀនរបស់ពេត្រុសនៅក្នុង ពេត្រុសទី ១ ១:១៣–២០, ២:១–១២ អាចជួយសិស្សឲ្យយល់ដឹងកាន់តែប្រសើរអំពីបេសកកម្ម របស់ព្រះអង្គសង្គ្រោះ ហើយមានបំណងប្រាថ្នាចង់ក្លាយកាន់តែដូចទ្រង់តាមរបៀបណា ? ប្រហែលជាអ្នកអាចអញ្ជើញសិស្សឲ្យស្រាវជ្រាវខគម្ពីរទាំងនេះ ដោយរកមើលការពិពណ៌នាអំពីអត្ថន័យនៃ ការធ្វើជា « សាសន៍របស់ព្រះ » ( ពេត្រុសទី ១ ២:១០ ) រួចហើយពិភាក្សាអំពីអ្វីដែលពួកគេរកឃើញ ។ អ្នកអាចពន្យល់ថា ពាក្យ « ដ៏ជាកេរអាករនៃព្រះ » នៅក្នុង ពេត្រុសទី ១ ២:៩ មានន័យថា « បានទិញ » ឬ « បានរក្សាទុក » ។ តើការណ៍នេះបង្រៀនយើងអ្វីខ្លះអំពីវិធីដែលព្រះមានព្រះទ័យចំពោះយើង និងរបៀបដែលទ្រង់សព្វព្រះទ័យឲ្យយើងរស់នៅ ?
ដំណឹងល្អត្រូវបានប្រកាសដល់មរណជន ដើម្បីពួកគេអាចទទួលបានការកាត់ក្ដីដោយយុត្តិធម៌ ។
-
នៅក្នុងព្រះគម្ពីរ សំបុត្រទីមួយរបស់ពេត្រុសមានសេចក្ដីយោងមួយក្នុងចំណោមសេចក្ដីយោងមួយចំនួននៅក្នុងព្រះគម្ពីរប៊ីប អំពីការយាងរបស់ព្រះយេស៊ូវគ្រីស្ទទៅកាន់ពិភពវិញ្ញាណ បន្ទាប់ពីការសុគតរបស់ទ្រង់—ជាព្រឹត្តិការណ៍មួយដែលវិវរណៈសម័យទំនើបជួយយើងឲ្យយល់កាន់តែពេញលេញ ។ ដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់អំពីពិភពវិញ្ញាណ អ្នកអាចអញ្ជើញពួកគេឲ្យអានបទគម្ពីរដូចតទៅនេះ ហើយសរសេរអ្វីដែលពួកគេបានរៀននៅលើក្ដារខៀន ៖ យ៉ូហាន ៥:២៥, ពេត្រុសទី ១ ៣:១៨–២០, ៤:៦, អាលម៉ា ៤០:៧–១៤, ២១, គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:១១–៣២ ។
សេចក្តីថ្លែងការណ៍ដែលបានផ្ដល់ឲ្យនៅក្នុង « ធនធានបន្ថែមទាំងឡាយ » បង្ហាញថា ការយាងរបស់ព្រះគ្រីស្ទទៅពិភពវិញ្ញាណគឺត្រូវបានយល់ ហើយបានបង្រៀនពុំមែនតែតាមរយៈពួកសាវរករបស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែក៏តាមរយៈពួកគ្រូបង្រៀនជាគ្រិស្ដសាសនិកពីបុរាណដែរ ។ ការយល់ដឹងថា ចំណេះដឹងនេះត្រូវបានបាត់បង់នៅអំឡុងការក្បត់សាសនាដ៏ធំ ហើយត្រូវបានស្ដារឡើងវិញនៅជំនាន់របស់យើងអាចជួយសិស្សពង្រឹងទីបន្ទាល់របស់ពួកគេអំពីយ៉ូសែប ស្ម៊ីធ និងការស្ដារឡើងវិញនៃដំណឹងល្អ ។
-
ការពិភាក្សាអំពី ពេត្រុសទី ១ ៣:១៨–២០, ៤:៦ អាចជួយបំផុសគំនិតសិស្សឲ្យចូលរួមកាន់តែខ្លាំងនៅក្នុងកិច្ចការពង្សប្រវត្តិ និងព្រះវិហារបរិសុទ្ធ ។ ដើម្បីធ្វើកិច្ចការនេះបាន អ្នកអាចបំបែកសិស្សជាបីក្រុម ហើយឲ្យក្រុមនីមួយៗនូវសំណួរមួយស្ដីពីការប្រោសលោះមរណជនដែលមានដូចតទៅ ៖ តើតួនាទីរបស់ព្រះអង្គសង្គ្រោះនៅក្នុងការប្រោសលោះមរណជនគឺជាអ្វី ? តើតួនាទីរបស់ជនដែលបានស្លាប់ទៅគឺជាអ្វី—ទាំងអ្នកស្មោះត្រង់ និងជនដែលស្លាប់ទៅដោយគ្មានចំណេះដឹងនៃដំណឹងល្អ ? តើតួនាទីរបស់យើងគឺជាអ្វី ? សូមឲ្យក្រុមនីមួយៗរំឭក ពេត្រុសទី ១ ៣:១៨–២០, ៤:៦, គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៨:១៧–១៨, ១៣៨:១១–៣២, ៥៧–៥៩ ឡើងវិញ ដោយរកមើលចម្លើយចំពោះសំណួររបស់ពួកគេ ។ សូមឲ្យក្រុមនីមួយៗចែកចាយអ្វីដែលពួកគេបានរៀន ហើយពិចារណាចែកចាយពាក្យដកស្រង់មកពីអែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ឬវីដេអូមួយដែលមាននៅក្នុង « ធនធានបន្ថែមទាំងឡាយ » ។ តើយើងបានឃើញពរជ័យអ្វីខ្លះនៅពេលបានចូលរួមនៅក្នុងការនាំយកសេចក្ដីសង្គ្រោះដល់បុព្វការីជនរបស់យើងដែលបានទទួលមរណភាព ?
តាមរយៈព្រះចេស្ដារបស់ព្រះយេស៊ូវគ្រីស្ទ យើងអាចអភិវឌ្ឍនិស្ស័យជាព្រះរបស់យើង ។
-
ដើម្បីលើកទឹកចិត្តនៅក្នុងការខិតខំរបស់ពួកគេដើម្បីប្រែក្លាយកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ អ្នកអាចអញ្ជើញពួកគេឲ្យស្គាល់អំពីគុណសម្បត្តិដូចជាព្រះគ្រីស្ទដែលបានពិពណ៌នានៅក្នុង ពេត្រុសទី ២ ១:១–១១ ។ សូមពិចារណាសរសេរគុណសម្បត្តិទាំងនេះនៅលើក្ដារខៀន ហើយសូមឲ្យសិស្សឲ្យនិយមន័យវា ។ បន្ទាប់មកសិស្សអាចពិភាក្សាអំពីរបៀបដែលការអភិវឌ្ឍគុណសម្បត្តិមួយដឹកនាំទៅរកការអភិវឌ្ឍនៃគុណសម្បត្តិផ្សេងទៀត ។ សូមទុកពេលឲ្យពួកគេពិចារណាថា គុណសម្បត្តិណាមួយដែលពួកគេចង់អភិវឌ្ឍឲ្យបានពេញលេញ ( សូមមើលផងដែរ ប្រកាសដំណឹងល្អរបស់យើង ទំព័រ១២៦ ) ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
អ្នកគួរពន្យល់ថា សិស្សនឹងសិក្សាសំបុត្ររបស់យ៉ូហាននៅសប្ដាហ៍ក្រោយ ។ សំបុត្រទាំងនេះជួយកែតម្រូវការបង្រៀនខុសឆ្គងអំពីព្រះយេស៊ូវគ្រីស្ទ ហើយអាចពង្រឹងទីបន្ទាល់របស់យើងអំពីធាតុពិតដ៏រស់រវើកនៃព្រះអង្គសង្គ្រោះ ។
ធនធានបន្ថែមទាំងឡាយ
កិច្ចការនៃការប្រោសលោះមរណជនថ្លែងទីបន្ទាល់អំពីបេសកកម្មរបស់ព្រះគ្រីស្ទ ។
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បានបង្រៀនថា
« ពួកសាសនវិទូជាគ្រឹស្ដសាសនិក មានចម្ងល់ជាយូរមកហើយចំពោះសំណួរថា តើជោគវាសនានៃមនុស្សរាប់រយលាននាក់ដែលបានរស់នៅ ហើយបានស្លាប់ដោយគ្មានចំណេះដឹងអំពីព្រះយេស៊ូវនឹងទៅជាយ៉ាងណា ? ជាមួយនឹងការស្ដារឡើងវិញនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទមាននូវការយល់ដឹងអំពីរបៀបដែលមរណជនដែលពុំបានជ្រមុជទឹកត្រូវបានប្រោសលោះ និងរបៀបដែលព្រះអាចជាព្រះ ‹ ដ៏ល្អឥតខ្ចោះ ហើយត្រឹមត្រូវ និងជាព្រះដែលប្រកបដោយសេចក្ដីមេត្តាករុណាផង › [ អាលម៉ា ៤២:១៥ ] ។
« កាលនៅមានព្រះជន្មនៅឡើយ ព្រះយេស៊ូវបានព្យាករថា ទ្រង់ក៏នឹងប្រកាសដល់មរណជនផងដែរ [ សូមមើល យ៉ូហាន ៥:២៥ ] ។ ពេត្រុសប្រាប់យើងការណ៍នេះបានកើតឡើងនៅក្នុងចន្លោះពេលនៃការឆ្កាងរបស់ព្រះអង្គសង្គ្រោះ និងការរស់ឡើងវិញ [ សូមមើល ពេត្រុសទី ១ ៣:១៨–១៩ ] ។ ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ បានឃើញនៅក្នុងការនិមិត្តថា ព្រះអង្គសង្គ្រោះបានយាងទៅពិភពវិញ្ញាណ [ សូមមើល គ. និង ស. ១៣៨:៣០, ៣៣ ] ។ …
« ការថប់បារម្ភរបស់យើងដើម្បីប្រោសលោះមរណជន ព្រមទាំងពេលវេលា និងធនធានដែលយើងបានប្រើសម្រាប់ការតាំងចិត្តនោះ គឺជាការបង្ហាញមួយអំពីសាក្សីរបស់យើងទាក់ទងនឹងព្រះយេស៊ូវគ្រីស្ទ លើសអ្វីៗទាំងអស់ ។ វាបង្កើតជាសេចក្ដីថ្លែងការណ៍មួយដ៏មានអនុភាពដែលយើងអាចធ្វើស្ដីពីចរឹតលក្ខណៈ និងបេសកកម្មជាព្រះរបស់ទ្រង់ ។ ទីមួយ វាថ្លែងទីបន្ទាល់អំពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ទ ទីពីរ គឺអំពីឥទ្ធិពលដ៏គ្មានទីបញ្ចប់នៃដង្វាយធួនរបស់ទ្រង់ ទីបី វាថ្លែងទីបន្ទាល់ថា ទ្រង់គឺជាប្រភពដ៏រឹងមាំនៃសេចក្ដីសង្គ្រោះ ទីបួន គឺថា ទ្រង់បានស្ថាបនាលក្ខខណ្ឌសម្រាប់សេចក្ដីសង្គ្រោះ និងទីប្រាំ គឺថាទ្រង់នឹងយាងមកម្ដងទៀត » ( « The Redemption of the Dead and the Testimony of Jesus » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ២០០០ ទំព័រ ៩–១០ ) ។
ការសរសេររបស់ពួកគ្រូបង្រៀនជាគ្រឹស្ដសាសនិកកាលពីបុរាណ( សតវត្សរ៍ទីមួយដល់សតវត្សរ៍ទីបី )អំពីការប្រកាសដល់មរណជន ។
អូរីហ្គេន ៖ « នៅពេល [ ព្រះយេស៊ូវ ]ក្លាយជាព្រលឹងមួយ[វិញ្ញាណមួយ] ដោយគ្មានរូបកាយ ទ្រង់បានគង់នៅក្នុងចំណោមព្រលឹងទាំងនោះដែលគ្មានរូបកាយ ដោយធ្វើឲ្យពួកគេប្រែចិត្តជឿតាមទ្រង់ » ( នៅក្នុង The Ante–Nicene Fathers និពន្ធដោយ អាឡិចសាន់ឌើរ រ៉ូប៊ឺត និង ជេមស៍ ដូណាល់សុន [ ឆ្នាំ១៩០៧ ], ៤:៤៤៨ ) ។
ហើរម៉ាស ៖ « ពួកសាវក និងពួកគ្រូដែលបានប្រកាសអំពីព្រះនាមនៃព្រះរាជបុត្រានៃព្រះ បន្ទាប់ពីពួកគេបានស្លាប់នៅក្នុងព្រះចេស្ដា និងសេចក្ដីជំនឿនៃព្រះរាជបុត្រានៃព្រះ ក៏បានប្រកាសដល់ជនដែលបានស្លាប់ពីមុនពួកគេផងដែរ » ( នៅក្នុង The Apostolic Fathers បកប្រែដោយ ជេ ប៊ី ឡាយហ្វុត [ ឆ្នាំ១៨៩៨ ] ទំព័រ ៤៧២ ) ។