« ថ្ងៃទី ២–៨ ខែ ធ្នូ ។ យ៉ូហាន១–៣, យូដាស ៖ ‹ ព្រះទ្រង់ជាតួសេចក្តីស្រឡាញ់ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ២០១៩ )
« ថ្ងៃទី ២–៨ ខែ ធ្នូ ។ យ៉ូហាន១–៣, យូដាស » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ឆ្នាំ ២០១៩
ថ្ងៃទី ២–៨ ខែ ធ្នូ
យ៉ូហាន ១–៣, យ៉ូដាស
« ព្រះទ្រង់ជាសេចក្តីស្រឡាញ់ »
តើប្រធានបទ និងគំរូអ្វីខ្លះដែលធ្វើឲ្យអ្នកចាប់អារម្មណ៍ នៅពេលអ្នកអានយ៉ូហាន ១–៣ និងយូដាស ? តើអ្នកអាចប្រើវាដើម្បីជួយសិស្សរបស់អ្នកតាមរបៀបណា ?
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមអញ្ជើញសិស្សបីបួននាក់ឲ្យចែកចាយប្រធានបទ ឬសេចក្ដីពិតជាក់លាក់ដែលធ្វើឲ្យពួកគេចាប់អារម្មណ៍ នៅពេលពួកគេបានសិក្សាសំបុត្ររបស់យ៉ូហាន និងយូដាស ។ តើសារលិខិតអ្វីខ្លះមកពីសំបុត្រទាំងនេះទាក់ទងនឹងពួកគេ និងគ្រួសាររបស់ពួកគេខ្លាំងបំផុត ?
បង្រៀនគោលលទ្ធិ
យ៉ូហានទី ១ ១:៥–១០, ២:៣–១១, ៣:១–៣, ៤:៧–២១, ៥:១–៣
ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទគឺជាគំរូដ៏ល្អឥតខ្ចោះនៃពន្លឺ និងសេចក្ដីស្រឡាញ់ ។
-
តើអ្នកអាចជួយសិស្សរបស់អ្នកឲ្យស្គាល់ពន្លឺ និងសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌នៅក្នុងជីវិតរបស់ពួកគេតាមរបៀបណា ? អ្នកអាចចាប់ផ្ដើមដោយសរសេរពាក្យ ពន្លឺ និង សេចក្ដីស្រឡាញ់ នៅលើក្ដារខៀន ។ សូមឲ្យសិស្សចែកចាយពាក្យដំបូងដែលមាននៅក្នុងគំនិត នៅពេលពួកគេគិតអំពីពាក្យទាំងពីរនេះ ។ អ្នកអាចបំបែកសិស្សជាក្រុម ហើយចាត់ក្រុមនីមួយៗនូវខគម្ពីរមួយដូចតទៅនេះ ៖ យ៉ូហានទី ១ ១:៥–១០, ២:៣–១១, ៣:១–៣, ៤:៧–១២, ៤:១៦–២១, ៥:១–៣ ។ ក្រុមទាំងឡាយអាចស្វែងរកខគម្ពីរទាំងនេះដើម្បីឃើញភស្ដុតាងនៃពន្លឺ និងសេចក្ដីស្រឡាញ់របស់ព្រះ ព្រមទាំងកិច្ចការដែលយើងអាចធ្វើដើម្បីបង្ហាញសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះ និងបុត្រាបុត្រីរបស់ទ្រង់ ។ បន្ទាប់មកសមាជិកមកពីក្រុមនីមួយៗអាចចែកចាយជាមួយនឹងសិស្សផ្សេងទៀតនូវអ្វីដែលពួកគេបានរកឃើញ ។ អ្នកក៏អាចអញ្ជើញសិស្សឲ្យចែកចាយបទពិសោធន៍ដែលពួកគេទទួលបាននូវពន្លឺ និងសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ ។
-
តើអ្នកអាចជួយសិស្សឲ្យពិចារណាពន្លឺខាងវិញ្ញាណនៅក្នុងជីវិតរបស់ពួកគេតាមរបៀបណា ? អ្នកអាចអញ្ជើញសិស្សឲ្យមើលភ្លើងនៅលើពិដាន ឬពន្លឺកាត់តាមបង្អួចមួយ ហើយចែកចាយអ្វីដែលពួកគេដឹងអំពីពន្លឺខាងរូបកាយ ។ តើពន្លឺខាងរូបកាយប្រៀបបាននឹងពន្លឺខាងវិញ្ញាណតាមរបៀបណា ? ប្រហែលអ្នកអាចស្វែងរកក្នុង ទំនុកដំកើង ២៧:១, យ៉ូហាន ១:៤–៥, យ៉ូហាន ១ ១:៥–៧, នីហ្វៃទី ៣ ១១:១១, គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៦–១៣ ហើយរកមើលការយល់ដឹងបន្ថែមទៀតអំពីរបៀបដែលព្រះ និងព្រះរាជបុត្រារបស់ទ្រង់ប្រទានពន្លឺនៅក្នុងជីវិតរបស់យើង ។ សិស្សក៏អាចចែកចាយបទពិសោធន៍ដែលពួកគេបានរកឃើញ ហើយបានទទួលពន្លឺខាងវិញ្ញាណនៅក្នុងជីវិតរបស់ពួកគេផងដែរ ។
-
សិស្សអាចរីករាយនឹងការច្រៀងចម្រៀងរួមគ្នា ឬស្ដាប់ចម្រៀងមួយបទអំពីពន្លឺ ដូចជា « ទ្រង់ជាពន្លឺខ្ញុំ » ( ទំនុកតម្កើង ល.រ. ៣៩ ) ។ តើចម្រៀងនេះបង្រៀនអ្វីខ្លះអំពីរបៀបដែលព្រះអម្ចាស់ប្រៀបបាននឹងពន្លឺ ? សេចក្ដីថ្លែងការណ៍ដោយអែលឌើរ រ៉ូបឺត ឌី ហែល នៅក្នុង « ធនធានបន្ថែមទាំងឡាយ » អាចផ្ដល់ការយល់ដឹងបន្ថែមអំពីរបៀបទទួលបានពន្លឺដ៏ភ្លឺជាងនៅក្នុងជីវិតរបស់យើង ។
យ៉ូហានទី ១ ២:១៨–២៣, ២៦–២៨, ៤:៣, យ៉ូហានទី ២ ១:៧–១១, យ៉ូហានទី ៣ ១:៩–១១, យូដាស
យើងត្រូវតែពង្រឹងខ្លួនយើងប្រឆាំងនឹងការបង្រៀនខុសឆ្គង ។
-
សិស្សរបស់អ្នកមួយចំនួន ឬមនុស្សជាទីស្រឡាញ់របស់ពួកគេប្រហែលជាកំពុងស្មុគស្មាញដើម្បីតតាំងនឹងការបង្រៀនខុសឆ្គងដែលបានគំរាមកំហែងដល់សេចក្ដីជំនឿរបស់ពួកគេ ។ វាអាចជួយពួកគេឲ្យរៀនអ្វីដែលយ៉ូហាន និង យូដាសបានបង្រៀនអំពីការក្បត់សាសនា ។ សូមពិចារណាអញ្ជើញសិស្សពាក់កណ្ដាលឲ្យស្វែងរកការពិពណ៌នាអំពីការបង្រៀនខុសឆ្គង ឬការក្បត់សាសនានៅក្នុង យ៉ូហានទី ១ ២:១៨–២៣, ២៦–២៨, ៤:៣, យ៉ូហានទី ២ ១:៧–១១, យ៉ូហានទី ៣ ១:៩–១១ ហើយពាក់កណ្ដាលទៀតស្វែងរកការពិពណ៌នាដូចគ្នានេះនៅក្នុងយូដាស ។ ឬពួកគេអាចរកមើលចម្លើយចំពោះសំណួរនានាដូចជា ៖ តើយ៉ូហាន និងយូដាសបានឲ្យនិយមន័យអ្នកទទឹងនឹងព្រះគ្រីស្ទយ៉ាងដូចម្ដេច ? ( សូមមើលសេចក្ដីណែនាំដល់បទគម្ពីរ « អ្នកទទឹងនឹងព្រះគ្រីស្ទ » scriptures.lds.org ) ។ តើមានអ្វីមួយនៅក្នុងខគម្ពីរទាំងនេះដែលទំនងជាអនុវត្តជាពិសេសចំពោះឧបសគ្គដែលយើងជួបនៅសព្វថ្ងៃនេះដែរឬទេ ? តើយើងអាចពង្រឹងខ្លួនយើងប្រឆាំងនឹងការបង្រៀនខុសឆ្គងតាមរបៀបណា ?
-
យូដាសប្រើនិមិត្តរូបដ៏គួរឲ្យចាប់អារម្មណ៍ដើម្បីពិពណ៌នាអំពីពួកគ្រូបង្រៀនក្លែងក្លាយ ឬអស់អ្នកដែល « ជេរប្រមាថដល់ទាំងអ្វីៗ ដែលគេមិនស្គាល់ » ( យូដាស ១:១០ ) ។ អ្នកអាចអញ្ជើញសិស្សពីរបីនាក់ឲ្យគូររូបមួយចំនួនដែលពិពណ៌នានៅក្នុង យូដាស ១:១២–១៣ នៅលើក្ដារខៀន កាលសិស្សផ្សេងទៀតទស្សន៍ទាយឃ្លាណាមួយដែលសិស្សនោះកំពុងគូរ ។ តើរូបភាពទាំងនេះតំណាងឲ្យពួកគ្រូបង្រៀនក្លែងក្លាយ និងអ្នកទទឹងនឹងព្រះគ្រីស្ទតាមរបៀបណា ? ឧទាហរណ៍ តើការអនុវត្តខុសឆ្គងបង្កើត « ដុំស្មោកគ្រោក ក្នុងពេលដែល [ យើង ] បរិភោគ ជាមួយគ្នាដោយស្រឡាញ់ » តាមរបៀបណា ? តើយើងអាចធ្វើអ្វីខ្លះដើម្បីពង្រឹងខ្លួនយើងទាស់នឹង « មនុស្សចំអក » ? ( សូមមើល យូដាស ១:១៨–២១ ) ។ ហេតុអ្វីយូដាសបានណែនាំថាឲ្យយើង « មានចិត្តអាណិតអាសូរ » ( យូដាស ១:២២ ) ចំពោះអ្នកដែលសើចចំអកដល់ដំណឹងល្អ ?
នៅពេលយើងអនុវត្តសេចក្ដីជំនឿលើព្រះគ្រីស្ទ ហើយបានកើតចេញពីព្រះ នោះយើងអាចយកឈ្នះពិភពលោក ។
-
សកម្មភាពមួយនៅក្នុង សកម្មភាពសម្រាប់សប្ដាហ៍នេះ ក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ណែនាំឲ្យស្វែងរកយ៉ូហានទី ១ ៥ ដើម្បីឃើញអំពីរបៀបដែលយើងអាចយកឈ្នះលើពិភពលោក ។ ប្រហែលជាអ្នកអាចអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេបានរកឃើញ ហើយសរសេរវានៅលើក្ដារខៀន ។ ( អ្នកគួរទុកពេលឲ្យគេដើម្បីរំឭកជំពូកនោះឡើងវិញដោយសង្ខេប ) ។ ឬអ្នកអាចអញ្ជើញសិស្សឲ្យអានផ្នែកមួយនៃសារលិខិតរបស់អែលឌើរ នែល អិល អាន់ឌើរសិន « ការយកឈ្នះលោកិយ » ( Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៥៨–៦២ ) ហើយចែកចាយអ្វីដែលពួកគេបានរៀន ។ ឧទាហរណ៍ តើពួកគេទទួលបានការយល់ដឹងអ្វីខ្លះមកពីដំណើររឿងដែលអែលឌើរ អាន់ឌើរសិន ចែកចាយអំពីប្រធាន ដេវីឌ អូ មិកឃេ និងអែលឌើរ ប្រ៊ូស ឌី ភទើរ៍ ? ប្រហែលជាសិស្សអាចចែកចាយគំរូផ្ទាល់ខ្លួនរបស់ពួកគេអំពីមនុស្សដែលពួកគេទទួលអារម្មណ៍ថាបានខិតខំយកឈ្នះលើលោកិយ ។
អំណរកើតឡើងនៅពេលយើងជួយមនុស្សដទៃ « ប្រព្រឹត្តតាមសេចក្ដីពិត » ។
-
ប្រហែលជាមានសិស្សក្នុងថ្នាក់របស់អ្នកដែលអាចភ្ជាប់នឹងអ្វីដែលយ៉ូហានកំពុងទទួលអារម្មណ៍ នៅពេលគាត់បានមានប្រសាសន៍ថា គាត់ « គ្មានសេចក្តីណាដែលនាំឲ្យខ្ញុំអរសប្បាយ » ជាងការស្ដាប់ឮថា កៃយុស ( « កូន » របស់គាត់ម្នាក់ )ប្រព្រឹត្តតាមសេចក្ដីពិត ។ សិស្សអាចទទួលប្រយោជន៍មកពីការស្ដាប់ឮបទពិសោធន៍របស់សិស្សដទៃទៀត ។ ប្រហែលជាអ្នកអាចចាប់ផ្ដើមដោយការអានរួមគ្នាក្នុង យ៉ូហានទី ៣ ១:១–៤ និងបទគម្ពីរនៅក្នុង « ធនធានបន្ថែមទាំងឡាយ » ។ តើបទគម្ពីរទាំងនេះបង្រៀនយើងអ្វីខ្លះអំពីប្រភពនៃអំណរដ៏ពិត ? សិស្សអាចពិភាក្សាអំពីអារម្មណ៍ដែលពួកគេមានក្នុងនាមជាឪពុកម្ដាយ អ្នកផ្សព្វផ្សាយសាសនា ថ្នាក់ដឹកនាំសាសនាចក្រ ឬគ្រូបង្រៀន នៅពេលពួកគេបានដឹងថា មនុស្សដែលពួកគេបានបង្រៀនកំពុងប្រព្រឹត្តតាមសេចក្ដីពិត ។ អ្នកអាចទាក់ទងទៅសិស្សពីរបីនាក់ពីមុនថ្នាក់ចាប់ផ្ដើម ហើយសុំឲ្យពួកគេយករូបថតរបស់មនុស្សដែលពួកគេបានជួយនាំមកកាន់ព្រះគ្រីស្ទ ហើយប្រាប់អំពីបទពិសោធន៍របស់ពួកគេ ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
តើនិមិត្តសញ្ញា ដូចជា សត្វនាគ សត្វសាហាវដែលមានរបួសស្លាប និង កូនចៀមដែលគេបានសម្លាប់បង្រៀនយើងអំពីផែនការរបស់ព្រះសម្រាប់បុត្រាបុត្រីរបស់ទ្រង់ដោយរបៀបណា ? សូមអញ្ជើញសិស្សឲ្យគិតអំពីសំណួរនេះ នៅពេលពួកគេសិក្សាវិវរណៈនៅអំឡុងពេលពីរបីសប្ដាហ៍ក្រោយ ។
ធនធានបន្ថែមទាំងឡាយ
ពន្លឺបណ្ដេញភាពងងឹត ។
អែលឌើរ រ៉ូបឺត ឌី ហែល បានបង្រៀនអំពីរបៀបដែលយើងអាចបណ្ដេញភាពងងឹតចេញពីជីវិតរបស់យើង ហើយដើរនៅក្នុងពន្លឺ ៖
« កាលខ្ញុំនៅក្មេង ខ្ញុំធ្លាប់ជិះកង់ខណៈពេលចេញពីការហ្វឹកហាត់លេងកីឡាបាល់បោះត្រឡប់មកផ្ទះវិញ ។ ខ្ញុំបានភ្ជាប់ឌីណាម៉ូតូចមួយនឹងសំបកកង់របស់ខ្ញុំ ។ បន្ទាប់មក នៅពេលខ្ញុំជាន់ឈ្នាន់កង់ នោះសំបកកង់នោះនឹងធ្វើឲ្យក្បាលឌីណាម៉ូនោះវិល ដែលវាបានបង្កើតជាចរន្តអគ្គីសនី និងបញ្ចេញជាពន្លឺមួយ ។ វាគឺជាយន្តការដ៏សាមញ្ញមួយ ប៉ុន្តែមានប្រសិទ្ធភាព ។ ប៉ុន្តែខ្ញុំត្រូវតែធាក់ឈ្នាន់កង់ដើម្បីឲ្យវាដំណើរការ ! ខ្ញុំបានដឹងភ្លាមៗថា ប្រសិនបើខ្ញុំឈប់ធាក់ឈ្នាន់កង់ ពន្លឺនឹងឈប់មាន ។ ខ្ញុំក៏បានដឹងដែរថា នៅពេលខ្ញុំ ‹ ឧស្សាហ៍ចូលរួម › [ គ. និង ស. ៥៨:២៧ ] នៅក្នុងការធាក់ឈ្នាន់កង់ ពន្លឺនឹងកាន់តែភ្លឺឡើង ហើយភាពងងឹតនៅខាងមុខខ្ញុំត្រូវបានរលាយបាត់ ។
« ជំនាន់នៃពន្លឺខាងវិញ្ញាណកើតចេញពីការខិតខំខាងវិញ្ញាណជាប្រចាំថ្ងៃ ។ វាកើតចេញពីការអធិស្ឋាន ការសិក្សាព្រះគម្ពីរ ការតមអាហារ និងការបម្រើ—មកពីការររស់នៅតាមដំណឹងល្អ និងការគោរពប្រតិបត្តិតាមបទបញ្ញត្តិ » ( « Out of Darkness into His Marvelous Light » Ensign ខែ ឧសភា ឆ្នាំ២០០២ ទំព័រ ៧១ ) ។