« ថ្ងៃទី ១៦–២២ ខែ ធ្នូ ។ បុណ្យគ្រីស្ទម៉ាស់ ៖ ‹ សេចក្តីអំណរយ៉ាងអស្ចារ្យ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )
« ថ្ងៃទី ១៦–២២ ខែ ធ្នូ ។ បុណ្យគ្រីស្ទម៉ាស់ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០១៩
ថ្ងៃទី ១៦–២២ ខែ ធ្នូ
បុណ្យគ្រីស្ទម៉ាស់
« សេចក្តីអំណរយ៉ាងអស្ចារ្យ »
ការពិភាក្សាអំពីដំណឹងល្អមានអនុភាពខាងវិញ្ញាណ នៅពេលផ្ដោតសំខាន់ទៅលើព្រះយេស៊ូវគ្រីស្ទ ។ នៅពេលអ្នកសិក្សាអំពីការប្រសូត និងបេសកកម្មរបស់ព្រះយេស៊ូវគ្រីស្ទនៅសប្ដាហ៍នេះ សូមស្វែងរកការបំផុសគំនិតមកពីព្រះវិញ្ញាណបរិសុទ្ធដើម្បីដឹងរបៀបដែលអ្នកអាចផ្ដោតការពិភាក្សាក្នុងថ្នាក់របស់អ្នកយ៉ាងល្អបំផុតលើព្រះអង្គសង្គ្រោះ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេកំពុងធ្វើ ឬបានធ្វើកាលពីមុនតែម្នាក់ឯង ឬជាគ្រួសារ ដើម្បីសាទរចំពោះការប្រសូតរបស់ព្រះអង្គសង្គ្រោះតាមរបៀបដែលនាំពួកគេឲ្យខិតទៅជិតទ្រង់ ។
បង្រៀនគោលលទ្ធិ
ម៉ាថាយ ១:១៨–២៥, លូកា ១:២៦–៣៨, ២:១–២០
ព្រះយេស៊ូវគ្រីស្ទបានបន្ទាបព្រះកាយមកប្រសូតនៅលើផែនដី ។
-
ការបន្ទាបខ្លួនមានន័យថា ការស្ម័គ្រចិត្តចុះពីមុខតំណែង ឬសេចក្ដីថ្លៃថ្នូរ មួយ ( សូមមើល នីហ្វៃទី ១ ១១:១៤–២៦ ) ។ បុណ្យគ្រីស្ទម៉ាស់គឺជាគ្រាដ៏ល្អមួយដើម្បីពិចារណា ហើយសាទរចំពោះការបន្ទាបព្រះកាយរបស់ព្រះ—ព្រះឆន្ទៈរបស់ទ្រង់ដើម្បីចាកចេញពី « បល្ល័ង្កដ៏ខ្ពស់របស់ព្រះវរបិតាទ្រង់ មករស់នៅជាមួយមនុស្សលោក ហើយសុគតសម្រាប់ពួកគេ » ( « Again We Meet around the Board » Hymns ល.រ. ១៨៦ ) ។ ដើម្បីបំផុសគំនិតឲ្យមានការពិភាក្សាមួយអំពីប្រធានបទនេះ អ្នកអាចសួរសិស្សថាពួកគេបានរៀនអ្វីខ្លះនៅក្នុងការសិក្សាផ្ទាល់ខ្លួន ឬជាមួយគ្រួសាររបស់ពួកគេនៅសប្ដាហ៍នេះថា ព្រះយេស៊ូវគ្រីស្ទគឺជានរណាពីមុនទ្រង់បានប្រសូតមក ( សូមមើល យ៉ូហាន ១៧:៥, ម៉ូសាយ ៧:២៧, គ. និង ស. ៧៦:១២–១៤, ២០–២៤, ម៉ូសេ ៤:២ ) ។ បន្ទាប់មក អ្នកអាចដាក់បង្ហាញរូបភាពនៅក្នុង គម្រោងមេរៀនសម្រាប់សប្ដាហ៍នេះ ក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ កាលសិស្សអានអំពីការប្រសូតរបស់ព្រះអង្គសង្គ្រោះ ( សូមមើល ម៉ាថាយ ១:១៨–២៥, លូកា ១:២៦–៣៨, ២:១–២០ ) ។ តើពួកគេមានគំនិត និងអារម្មណ៍អ្វីខ្លះ នៅពេលពួកគេប្រៀបធៀបសិរីល្អនៅជីវិតមុនផែនដីរបស់ព្រះអង្គសង្គ្រោះ និងការប្រសូតដ៏រាបទាបរបស់ទ្រង់ ?
-
សំណួរមួយដូចជាសំណួរដែលទេវតាបានសួរទៅនីហ្វៃនៅក្នុង នីហ្វៃទី ១ ១១:១៦ អាចជាវិធីដ៏ល្អមួយដើម្បីចាប់ផ្ដើមការពិភាក្សាមួយក្នុងថ្នាក់ ប៉ុន្តែអ្នកត្រូវនិយាយវាតាមរបៀបផ្សេង ។ ប្រហែលជាអ្នកអាចសួរសំណួរថា តើការបន្ទាបព្រះកាយរបស់ព្រះគឺជាអ្វី ? ហើយសុំឲ្យសិស្សពិចារណាសំណួរនេះ នៅពេលពួកគេអាន នីហ្វៃទី ១ ១១:១៧–៣៣ ។ សូមឲ្យពួកគេចែកចាយគំនិតនានាអំពីព្រះអង្គសង្គ្រោះដែលបទគម្ពីរទាំងនេះបានបំផុសគំនិតដល់ពួកគេ ។ តើរូបភាពអ្វីខ្លះដែលអ្នកអាចដាក់បង្ហាញដល់សិស្សដែលវាពិណ៌នាអំពីទិដ្ឋភាពនៃព្រះជន្មរបស់ព្រះអង្គសង្គ្រោះដែលបានរៀបរាប់ដោយនីហ្វៃ ?
-
តន្ត្រីគឺជាវិធីដ៏អស្ចារ្យមួយដើម្បីយាងអញ្ជើញព្រះវិញ្ញាណមកក្នុងថ្នាក់រៀនរបស់អ្នក ។ សូមពិចារណាអញ្ជើញមនុស្សម្នាក់ឲ្យលេងបទចម្រៀងបុណ្យគ្រីស្ទម៉ាស់ ឬអាន ឬច្រៀងទំនុកតម្កើងពីរបីបទរួមគ្នា( សូមមើល ទំនុកតម្កើង ល.រ. ១២៣–៣២ ) ។ សិស្សអាចរកមើលឃ្លានៅក្នុងទំនុកតម្កើងទាំងនេះ និងបទគម្ពីរដែលមាននៅក្នុងទំនុកតម្កើងទាំងនោះដែលបង្កើនការដឹងគុណរបស់ពួកគេចំពោះព្រះអង្គសង្គ្រោះ និងព្រះឆន្ទៈរបស់ទ្រង់ក្នុងការយាងមកកាន់ផែនដីនេះ ។
ព្រះយេស៊ូវគ្រីស្ទបានបំពេញបេសកកម្មរបស់ទ្រង់ ដែលធ្វើឲ្យយើងអាចគ្រងជីវិតដ៏នៅអស់កល្បជានិច្ចជាមរតក ។
-
ដើម្បីជួយសិស្សឲ្យពិភាក្សាអំពីហេតុផលដែលព្រះយេស៊ូវគ្រីស្ទបានប្រសូតមក អ្នកអាចអញ្ជើញពួកគេឲ្យស្វែងរក ហើយចែកចាយបទគម្ពីរដែលសង្ខេបនូវបេសកកម្មរបស់ទ្រង់ ( សូមមើល គម្រោងមេរៀនសម្រាប់សប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ សម្រាប់ឧទាហរណ៍មួយចំនួន ) ។ ប្រហែលជាសិស្សអាចរកមើល ហើយអានខគម្ពីរជាគូ ឬជាក្រុមតូចៗ ។ តើពួកគេរៀនអ្វីខ្លះអំពីបេសកកម្មរបស់ព្រះគ្រីស្ទនៅក្នុងខគម្ពីរដែលពួកគេបានរកឃើញ ? តើពួកគេបានរៀនអ្វីខ្លះអំពីបេសកកម្មរបស់ទ្រង់មកពីងារមួយចំនួនដែលទ្រង់ត្រូវបានប្រទានឲ្យនៅក្នុងបទគម្ពីរ ? ( សូមមើល សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ព្រះយេស៊ូវគ្រីស្ទ » ) ។
-
សិស្សអាចរៀនអំពី បេសកកម្មរបស់ព្រះអង្គសង្គ្រោះដោយអាន « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់របស់ពួកសាវក » ( Ensign ឬ Liahona ខែ ឧសភា ឆ្នាំ២០១៧ នៅក្នុងគម្របមុខ ) ហើយចែកចាយសេចក្ដីថ្លែងការណ៍ដែលពួកគេរកឃើញថា វាពន្យល់អំពីហេតុផលដែលទ្រង់បានយាងមកផែនដីនេះ ។ ឬពួកគេអាចមើលឡើងវិញនូវសារលិខិតរបស់ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ហើយពិភាក្សាអ្វីដែលពួកគេបានរៀនអំពីព្រះអង្គសង្គ្រោះ ។ តើយើងអាចធ្វើឲ្យរដូវកាលបុណ្យគ្រីស្ទម៉ាស់នេះក្លាយជាពេលសម្រាប់ « ការស្មឹងស្មាធ៍ដ៏ស្ងប់ស្ងាត់ និងការសញ្ជឹងគិតដ៏ស្ងៀមស្ងាត់ » ចំពោះព្រះអង្គសង្គ្រោះ និងបេសកកម្មរបស់ទ្រង់ដោយរបៀបណា ?
-
សូមទុកពេលឲ្យសិស្សដើម្បីសញ្ជឹងគិតនូវទីបន្ទាល់របស់ពួកគេអំពីព្រះយេស៊ូវគ្រីស្ទ និងបេសកកម្មរបស់ទ្រង់ ។ តើពួកគេអាចចែកចាយបទពិសោធន៍ ឬដំណើររឿងផ្ទាល់ខ្លួនមកពីព្រះជន្មរបស់ព្រះអង្គសង្គ្រោះដែលបានបង្កើនសេចក្ដីជំនឿ ឬសេចក្ដីស្រឡាញ់របស់ពួកគេចំពោះទ្រង់ដែរឬទេ ? តើការសិក្សាព្រះគម្ពីរសញ្ញាថ្មីនៅឆ្នាំនេះជួយឲ្យមានបុណ្យគ្រីស្ទម៉ាស់មួយដ៏មានន័យតាមរបៀបណា ?
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមណែនាំសិស្សរបស់អ្នកថា ការសិក្សា វិវរណៈ ១២–២២ នៅសប្ដាហ៍នេះអាចធ្វើឲ្យការថ្លែងអំណរគុណរបស់ពួកគេមានភាពស៊ីជម្រៅចំពោះតួនាទីរបស់ព្រះអង្គសង្គ្រោះនៅក្នុងផែនការនៃសេចក្ដីសង្គ្រោះ ហើយបន្ថែមអត្ថន័យដល់ការគោរពដល់បុណ្យគ្រីស្ទម៉ាស់ ។
ធនធានបន្ថែមទាំងឡាយ
បុណ្យគ្រីស្ទម៉ាស់
អត្ថន័យពិតនៃបុណ្យគ្រីស្ទម៉ាស់
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានបង្រៀនថា
« សរុបសេចក្ដីទៅ…គ្មានអ្វីដែលអស្ចារ្យ មហស្ចារ្យ ខ្លាំងក្លាដូចជាទង្វើនៃព្រះគុណនេះឡើយ នៅពេលព្រះរាជបុត្រានៃព្រះដ៏មានមហិទ្ធិឬទ្ធិ…ជាអង្គដែលបានបន្ទាបព្រះកាយយាងមកផែនដី ជាព្រះឱរសមួយអង្គដែលបានប្រសូតនៅភូមិបេថ្លេហិម បានប្រទានព្រះជន្មរបស់ទ្រង់នៅក្នុងពាក្យជេប្រមាថ ការឈឺចាប់ ដើម្បីបុត្រាបុត្រីទាំងអស់របស់ព្រះនៅគ្រប់ជំនាន់ មនុស្សគ្រប់គ្នាដែលបានស្លាប់ទៅ អាចដើរម្ដងទៀត ហើយរស់នៅអស់កល្បជានិច្ច ។ ទ្រង់បានធ្វើជំនួសយើងនូវអ្វីដែលគ្មានយើងណាម្នាក់អាចធ្វើដោយខ្លួនឯងបានឡើយ ។ …
« នេះគឺជារឿងពិតដ៏អស្ចារ្យអំពីបុណ្យគ្រីស្ទម៉ាស់ ។ ការប្រសូតរបស់ព្រះយេស៊ូវនៅភូមិបេថ្លេហិម ស្រុកយូដាគឺជាអារម្ភកថា ។ ការងារបម្រើរយៈពេលបីឆ្នាំរបស់លោកចៅហ្វាយគឺជាសេចក្ដីផ្ដើម ។ កត្តាដ៏អស្ចារ្យនៃដំណើររឿងនេះគឺជាពលិកម្មរបស់ទ្រង់ ជាទង្វើនៃការសុគតនៅក្នុងការឈឺចាប់ដោយមិនគិតពីអង្គទ្រង់នៅលើឈើឆ្កាងនៃកាល់វ៉ារីដើម្បីធួនដល់អំពើបាបយើងទាំងអស់គ្នា ។
« សេចក្ដីសន្និដ្ឋានគឺជាអព្ភូតហេតុនៃការរស់ឡើងវិញ ដោយនាំមកនូវការអះអាងថា ‹ ដូចជាគ្រប់មនុស្សទាំងអស់បានត្រូវស្លាប់ ក្នុងលោកអ័ដាមជាយ៉ាងណា នោះគ្រប់គ្នានឹងបានប្រោសឲ្យរស់ ក្នុងព្រះគ្រីស្ទយ៉ាងនោះដែរ › ( កូរិន.ទី ១ ១៥:២២ ) ។
« វានឹងគ្មានបុណ្យគ្រីស្ទម៉ាស់ឡើយ ប្រសិនបើគ្មានបុណ្យអ៊ីស្ទើរនោះ ។ ព្រះឱរសយេស៊ូវនៃភូមិបេថ្លេហិមនឹងក្លាយជាទារកធម្មតាម្នាក់ ប្រសិនបើគ្មានព្រះគ្រីស្ទដ៏ប្រោសលោះនៃសួនច្បារគែតសាម៉ានី និងកាល់វ៉ារី និងការពិតដ៏ជោគជ័យនៃការរស់ឡើងវិញនោះ ។
« ខ្ញុំជឿលើព្រះអម្ចាស់ព្រះយេស៊ូវព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់អស់កល្បជានិច្ច ។ គ្មានមនុស្សណាម្នាក់ដែលធ្លាប់ដើរនៅលើផែនដីនេះអស្ចារ្យជាងទ្រង់ឡើយ ។ គ្មានមនុស្សណាម្នាក់ធ្លាប់ធ្វើ ពលិកម្មមួយដែលពុំអាចប្រៀបផ្ទឹមបាន ឬបានផ្ដល់ពរជ័យមួយដ៏មិនប្រៀបផ្ទឹមនោះឡើយ ។ ទ្រង់ គឺ ជា ព្រះអង្គសង្គ្រោះ និងជាព្រះដ៏ប្រោសលោះនៃ ពិភពលោក ។ យើង ជឿ លើ ទ្រង់ ។ ខ្ញុំសូមប្រកាសថា ទេវភាពរបស់ទ្រង់មានភាពជាក់លាក់ ឬល្អឥតខ្ចោះ ។ ខ្ញុំស្រឡាញ់ទ្រង់ ។ ខ្ញុំសូមនិយាយព្រះនាមរបស់ទ្រង់ដោយការគោរព ហើយកោតសរសើរ ។ …
« សូមឲ្យរឿងនេះក្លាយជាភាពរីករាយថ្ងៃបុណ្យគ្រីស្ទម៉ាស់ដល់បងប្អូនម្នាក់ៗ ។ ប៉ុន្តែសំខាន់លើសពីនេះទៀត ខ្ញុំចង់ឲ្យបងប្អូនម្នាក់ៗចំណាយពេល ប្រហែលតែមួយម៉ោងនៅក្នុងការស្មឹងស្មាធ៍ និងការសញ្ជឹងគិតដ៏ស្ងប់ស្ងាត់អំពីភាពអស្ចារ្យ និងភាពមហស្ចារ្យនៃ កិច្ចការនេះ ជាព្រះរាជបុត្រានៃព្រះ ។ យើងមានអំណរនៅរដូវកាលនេះ ដោយសារទ្រង់បានយាងមកក្នុងពិភពលោកនេះ ។ សេចក្ដីសុខសាន្តដែលកើតមានតាមរយៈទ្រង់ សេចក្ដីស្រឡាញ់គ្មានទីបញ្ចប់របស់ទ្រង់ដែលយើងម្នាក់ៗអាចទទួលបាន និងអារម្មណ៍ដ៏លើសលុបមួយនៃអំណរគុណដែលទ្រង់ប្រទានឲ្យយើងដោយសេរី ដែលទ្រង់បានធ្វើពលិកម្មយ៉ាងធំធេង—ទាំងនេះ គឺជាអត្ថន័យពិតនៃបុណ្យគ្រីស្ទម៉ាស់ » ( « The Wondrous and True Story of Christmas » Ensign ខែ ធ្នូ ឆ្នាំ២០០០ ទំព័រ ៤–៥ ) ។