« ថ្ងៃទី ១០–១៦ ខែ មេសា ។ ម៉ាថាយ ១៥–១៧; ម៉ាកុស ៧–៩ ៖ ‹ ទ្រង់ជាព្រះគ្រីស្ទ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ១០–១៦ ខែ មេសា ។ ម៉ាថាយ ១៥–១៧; ម៉ាកុស ៧–៩ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២៣
ថ្ងៃទី ១០–១៦ ខែ មេសា
ម៉ាថាយ ១៥–១៧; ម៉ាកុស ៧–៩
« ទ្រង់ជាព្រះគ្រីស្ទ »
គោលដៅចម្បងមួយរបស់បងប្អូនក្នុងនាមជាគ្រូបង្រៀនគឺ ដើម្បីជួយមនុស្សដទៃឲ្យស្ថាបនាសេចក្ដីជំនឿរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទ ។ សូមចងចាំចំណុចនេះ នៅពេលបងប្អូនសិក្សាបទគម្ពីរនៅសប្ដាហ៍នេះ ។ តើបងប្អូនរកឃើញអ្វីខ្លះ ដែលអាចជួយសមាជិកក្នុងថ្នាក់ឲ្យជឿលើទ្រង់កាន់តែជ្រាលជ្រៅថែមទៀត ?
អញ្ជើញឲ្យចែកចាយ
របៀបមួយដែលបងប្អូនអាចលើកទឹកចិត្តសមាជិកក្នុងថ្នាក់ឲ្យសិក្សាបទគម្ពីរផ្ទាល់ខ្លួន និងជាមួយក្រុមគ្រួសាររបស់ពួកគេ គឺអញ្ជើញពួកគេឲ្យចែកចាយជារៀងរាល់សប្ដាហ៍អំពីរបៀប ដែលការសិក្សាព្រះគម្ពីររបស់ពួកគេបានជួយពួកគេឲ្យទទួលបានវិវរណៈ និងផ្តល់ពរដល់ជីវិតរបស់ពួកគេ ។ ឧទាហរណ៍ តើការសិក្សារបស់ពួកគេអំពីជំពូកទាំងនេះបានមានឥទ្ធិពលយ៉ាងណា ទៅលើជម្រើសដែលពួកគេបានធ្វើនៅសប្ដាហ៍នេះ ?
បង្រៀនគោលលទ្ធិ
ទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទកើតមកពីវិវរណៈ ។
-
តើមានសមាជិកក្នុងថ្នាក់របស់បងប្អូនណាម្នាក់ ធ្លាប់ពន្យល់ដល់នរណាម្នាក់អំពីរបៀបដែលពួកគេដឹងថា ដំណឹងល្អគឺពិតដែរឬទេ ? នៅក្នុង ម៉ាថាយ ១៦:១៣–១៧ តើព្រះអង្គសង្គ្រោះបង្រៀនអ្វីខ្លះ អំពីរបៀបដែលយើងទទួលបានទីបន្ទាល់ ? បងប្អូនអាចចែកចាយរបៀបដែលអាលម៉ាបានទទួលទីបន្ទាល់របស់លោក ( សូមមើល អាលម៉ា ៥:៤៥–៤៦ ) ឬតើព្រះអម្ចាស់បានបង្រៀនអ្វីខ្លះដល់ អូលីវើរ ខៅឌើរី អំពីវិវរណៈ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៦:១៤–១៥, ២២–២៣; ៨:២–៣ ) ។ តើបងប្អូនគិតថា ពេត្រុស ឬ អូលីវើរ ខៅឌើរី អាចនិយាយអ្វីខ្លះ ប្រសិនបើនរណាម្នាក់បានសួរពួកលោកអំពីរបៀបដែលពួកលោកដឹងថា ដំណឹងល្អជាការពិតនោះ ?
-
អាចនឹងមានសមាជិកនៅក្នុងថ្នាក់របស់បងប្អូន ដែលកំពុងអធិស្ឋានសូមវិវរណៈផ្ទាល់ខ្លួន ប៉ុន្តែពុំដឹងពីរបៀបដើម្បីស្គាល់វិវរណៈ នៅពេលដែលវាមកដល់ ។ នៅលើគេហទំព័រ HearHim.ChurchofJesusChrist.org បងប្អូនអាចរកឃើញវីដេអូនានា ដែលថ្នាក់ដឹកនាំទាំងឡាយរបស់សាសនាចក្របានចែកចាយពីរបៀប ដែលពួកលោកស្គាល់ព្រះសូរសៀងរបស់ព្រះអម្ចាស់ ។ បងប្អូនអាចមើលវីដេអូទាំងនេះមួយ ឬច្រើនជាមួយនឹងសមាជិកនៅក្នុងថ្នាក់ ហើយនិយាយអំពីអ្វីដែលវីដេអូទាំងនេះបង្រៀនអំពីការទទួលបានវិវរណៈ ។ តើមានការបង្រៀន ឬបទគម្ពីរផ្សេងទៀតណាខ្លះ ដែលអាចធ្វើឲ្យសមាជិកក្នុងថ្នាក់របស់បងប្អូនគិតដល់ ដែលនឹងជួយដល់នរណាម្នាក់ឲ្យស្គាល់វិវរណៈផ្ទាល់ខ្លួន ? ( ឧទាហរណ៍ សូមមើល របាក្សត្រ ទី១ ១៩:១១–១២; កាឡាទី ៥:២២–២៣; អេណុស ១:១–៨; គោលលទ្ធិ និង សេចក្ដីសញ្ញា ៦:២២–២៤; ៨:២–៣; ៩:៧–៩ ) ។
កូនសោទាំងឡាយនៃបព្វជិតភាពគឺសំខាន់សម្រាប់សេចក្ដីសង្គ្រោះរបស់យើង ។
-
ដើម្បីចាប់ផ្ដើមការពិភាក្សាអំពីកូនសោទាំងឡាយនៃបព្វជិតភាព បងប្អូនអាចសរសេរសេចក្ដីយោងដូចតទៅនេះដាក់នៅលើក្ដារខៀន ៖ ម៉ាថាយ ១៦:១៩; គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:១៨–២០; ១២៨:៨–១១; ១៣២:១៨–១៩, ៥៩; យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:៧២; និង « កូនសោទាំងឡាយនៃបព្វជិតភាព » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ( នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។ បន្ទាប់មក សូមអញ្ជើញសមាជិកក្នុងថ្នាក់ឲ្យអានវគ្គបទគម្ពីរមួយ ឬច្រើន ហើយចែកចាយអ្វីមួយដែលពួកគេបានរៀនមកពីបទគម្ពីរទាំងនោះអំពីកូនសោបព្វជិតភាព ។ ហេតុអ្វីយើងត្រូវការកូនសោបព្វជិតភាព ?
-
ដើម្បីជួយសមាជិកក្នុងថ្នាក់ឲ្យពង្រឹងទីបនា្ទល់របស់ពួកគេ អំពីការស្ដារឡើងវិញនៃកូនសោបព្វជិតភាពនៅក្នុងថ្ងៃចុងក្រោយ នោះបងប្អូនអាចសូមឲ្យសមាជិកពាក់កណ្ដាលថ្នាក់សិក្សា ម៉ាថាយ ១៧:១–៩ ហើយសមាជិកពាក់កណ្ដាលទៀតសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១១០ ។ បន្ទាប់មក ពួកគេអាចចែកចាយជាមួយគ្នាទៅវិញទៅមកនូវអ្វីដែលពួកគេបានរៀន និងកត់ចំណាំពីភាពស្រដៀងគ្នារវាងដំណើររឿងទាំងពីរ ។ វីដេអូ « Priesthood Keys: The Restoration of Priesthood Keys » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) អាចនឹងជាជំនួយផងដែរ ។
នៅពេលស្វែងរកសេចក្ដីជំនឿដែលធំជាងនេះ នោះយើងចាប់ផ្ដើមដោយសេចក្ដីជំនឿដែលយើងមានសិន ។
-
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បានប្រើដំណើររឿងអំពីឪពុកម្នាក់ ដែលស្វែងរកការព្យាបាលឲ្យកូនប្រុសរបស់គាត់ ដើម្បីបង្រៀនអំពីរបៀបដែលយើងគួរតែទៅរកព្រះអម្ចាស់ នៅពេលយើងមានអារម្មណ៍ថា សេចក្ដីជំនឿរបស់យើងពុំមានល្មមគ្រប់គ្រាន់ ( សូមមើល « Lord, I Believe » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៩៣–៩៥ ) ។ បន្ទាប់ពីអាន ម៉ាកុស ៩:១៤–៣០ ជាថ្នាក់ហើយ បងប្អូនអាចពិភាក្សារួមគ្នាអំពីការសង្កេតចំនួនបីរបស់អែលឌើរ ហូឡិន ( សូមមើល « ធនធានបន្ថែមទាំងឡាយ » ) ។
ធនធានបន្ថែមទាំងឡាយ
ការសង្កេតឃើញបីយ៉ាងដើម្បីជួយយើងឲ្យទទួលបានសេចក្ដីជំនឿកាន់តែខ្លាំង ។
បន្ទាប់ពីប្រាប់ឡើងវិញពីដំណើររឿងដែលមាននៅក្នុង ម៉ាកុស ៩:១៤–២៩ រួចហើយ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បានបង្រៀន ៖
« ការសង្កេតឃើញទីមួយស្ដីអំពីដំណើររឿងនេះគឺថា នៅពេលប្រឈមមុខនឹងឧបសគ្គនៃសេចក្ដីជំនឿ ឪពុករូបនេះបានដាក់អស់ទាំងកម្លាំងរបស់លោកជាមុនសិន បន្ទាប់មកលោកទទួលស្គាល់ពីដែនកំណត់របស់លោក ។ សេចក្តីថ្លែងដំបូងបំផុតរបស់លោកគឺវិជ្ជមាន ហើយឥតស្ទាក់ស្ទើរ ៖ ‹ ខ្ញុំជឿហើយ លោកម្ចាស់អើយ › ។ ខ្ញុំចង់និយាយទៅបងប្អូនទាំងអស់គ្នាដែលចង់មានសេចក្ដីជំនឿខ្លាំងឡើង ឲ្យចងចាំបុរសរូបនេះ ! « ក្នុងវេលានៃការភ័យខ្លាច ឬការសង្ស័យ ឬពេលដែលមានបញ្ហា សូមកាន់ខ្ជាប់ទៅនឹងទីតាំងដែលបងប្អូនបានឈ្នះរួចហើយ បើទោះបីជាទីតាំងនោះមានកំណត់ក្ដី ។ …
« ការសង្កេតឃើញទីពីរ គឺខុសផ្សេងពីទីមួយ ។ នៅពេលបញ្ហាមកដល់ ហើយសំណួរចោទឡើង សូមកុំចាប់ផ្ដើមការផ្សងព្រេងរបស់បងប្អូនសម្រាប់សេចក្ដីជំនឿដោយនិយាយថា បងប្អូន គ្មាន ជំនឿច្រើន ដែលវាដឹកនាំទៅរក ‹ ការឥតជំនឿ › របស់បងប្អូននោះឡើយ ។ … ខ្ញុំមិនបានសូមឲ្យបងប្អូនធ្វើពុតថា បងប្អូនមានសេចក្ដីជំនឿ ដែលបងប្អូនគ្មាននោះទេ ។ ខ្ញុំ គឺ កំពុងតែសូមឲ្យបងប្អូនស្មោះត្រង់ទៅនឹងសេចក្ដីជំនឿ ដែល បងប្អូនមានវិញទេតើ ។ …
« ការសង្កេតឃើញចុងក្រោយគឺ ៖ នៅពេលការសង្ស័យ ឬការលំបាកកើតមានឡើង ចូរកុំខ្លាចនឹងសុំរកជំនួយឡើយ ។ ប្រសិនបើយើងចង់បានវាដោយរាបសា និងស្មោះត្រង់ដូចជាឪពុករូបនេះបានធ្វើ នោះយើងអាចទទួលបានវា » ( « Lord, I Believe » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៩៣–៩៤ ) ។