« ថ្ងៃទី ២៤–៣០ ខែ មេសា ។ យ៉ូហាន ៧–១០ ៖ ‹ ខ្ញុំជាអ្នកគង្វាលល្អ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ២៤–៣០ ខែ មេសា ។ យ៉ូហាន ៧–១០ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២៣
ថ្ងៃទី ២៤–៣០ ខែ មេសា
យ៉ូហាន ៧–១០
« ខ្ញុំជាអ្នកគង្វាលល្អ »
បងប្អូន និងសមាជិកក្នុងថ្នាក់របស់បងប្អូននឹងទទួលបានការយល់ដឹង ពេលអាន យ៉ូហាន ៧–១០ នៅសប្ដាហ៍នេះ ។ សូមចងចាំថា គំនិតយោបល់ទាំងឡាយនៅក្នុងគម្រោងមេរៀននេះគួរតែបំពេញបន្ថែម ជាជាងជំនួសឲ្យការបំផុសគំនិតដែលបងប្អូនទទួលបាន តាមរយៈការសិក្សាបទគម្ពីរ ។
អញ្ជើញឲ្យចែកចាយ
សូមរំឭកដល់សមាជិកក្នុងថ្នាក់ អំពីសារៈសំខាន់នៃការធ្វើឲ្យគេហដ្ឋានរបស់ពួកគេផ្ដោតទៅលើការរៀនដំណឹងល្អ ។ សូមឲ្យពួកគេចែកចាយអ្វីដែលព្រះវិញ្ញាណបរិសុទ្ធបានបង្រៀនពួកគេ នៅពេលពួកគេបានសិក្សា យ៉ូហាន ៧–១០ នៅឯគេហដ្ឋាន ទាំងជាលក្ខណៈបុគ្គល ឬជាមួយក្រុមគ្រួសាររបស់ពួកគេ ។
បង្រៀនគោលលទ្ធិ
ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្គ្រោះនៃពិភពលោក ។
-
នៅក្នុង យ៉ូហាន ៧–១០ ព្រះអង្គសង្គ្រោះបានធ្វើការប្រកាសជាច្រើន ដែលអាចជួយសមាជិកក្នុងថ្នាក់ឲ្យយល់បានកាន់តែច្បាស់អំពីបេសកកម្មរបស់ទ្រង់ ហើយខិតទៅកាន់តែជិតនឹងទ្រង់ ។ សូមពិចារណាធ្វើការអញ្ជើញសមាជិកក្នុងថ្នាក់ឲ្យអានវគ្គបទគម្ពីរដូចខាងក្រោមនេះ ហើយចែកចាយនូវអ្វីដែលបទគម្ពីរទាំងនេះបង្រៀនអំពីបេសកកម្មដ៏ទេវភាពរបស់ព្រះអង្គសង្គ្រោះ ។ តើព្រះគ្រីស្ទបំពេញតួនាទីទាំងនេះនៅក្នុងជីវិតរបស់យើងយ៉ាងដូចម្ដេច ?
-
យ៉ូហាន ៧:៣៧–៣៩ ៖ ប្រភពនៃ « ទឹករស់ »
-
យ៉ូហាន ៨:១២; ៩:៤–៥ ៖ « ពន្លឺលោកីយ៍ »
-
យ៉ូហាន ៩:៨–១០, ៣៥–៣៨ ៖ « ព្រះរាជបុត្រានៃព្រះ »
-
យ៉ូហាន ១០:៧–៩ ៖ « ទ្វារ »
-
យ៉ូហាន ១០:១១–១៤ ៖ « អ្នកគង្វាលល្អ »
-
នៅពេលយើងរស់នៅតាមការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទ នោះយើងនឹងដឹងថា ការបង្រៀនទាំងនេះពិត ។
-
តាមរបៀបមួយចំនួន ការទទួលបានទីបន្ទាល់គឺប្រៀបដូចជាការរៀនជំនាញមួយដែរ—វាតម្រូវឲ្យមានទាំងការអនុវត្ត និងបទពិសោធន៍ ។ ដើម្បីបង្ហាញពីការណ៍នេះ បងប្អូនអាចអញ្ជើញសមាជិកក្នុងថ្នាក់ ដែលមានជំនាញជាក់លាក់មួយ ដូចជាការឆ្ពិនភ្នែក ឬការលេងឧបករណ៍តន្ដ្រី ឲ្យមកពន្យល់ពីរបៀបដែលពួកគេបានអភិវឌ្ឍជំនាញរបស់ពួកគេ ។ ហេតុអ្វីបានជាវាមិនគ្រប់គ្រាន់ បើគ្រាន់តែអានអំពីជំនាញនោះ ឬមើលនរណាម្នាក់ទៀតធ្វើវា ? សូមពិភាក្សារួមគ្នាក្នុងថ្នាក់ទាំងមូល អំពីរបៀបដែលការខិតខំនៅក្នុងការរៀនជំនាញមួយ គឺប្រៀបបានទៅនឹងលំនាំខាងវិញ្ញាណ ដែលព្រះអង្គសង្គ្រោះបានពិពណ៌នានៅក្នុង យ៉ូហាន ៧:១៤–១៧ ដែរ ។ តើវាខុសគ្នាយ៉ាងដូចម្ដេច ?
-
ប្រហែលជាសមាជិកក្នុងថ្នាក់អាចចែកចាយបទពិសោធន៍នានា ដែលការរស់នៅតាមសេចក្ដីពិតនៃដំណឹងល្អបានជួយពួកគេឲ្យទទួលបានទីបន្ទាល់អំពីសេចក្ដីពិតនោះ ។ សូមផ្តល់ពេលវេលាឲ្យសមាជិកក្នុងថ្នាក់គិតអំពីគោលការណ៍នៃដំណឹងល្អមួយ ដែលពួកគេចង់ទទួលបានទីបន្ទាល់កាន់តែរឹងមាំអំពីវា បន្ទាប់មកលើកទឹកចិត្តពួកគេឲ្យដាក់គោលដៅជាក់លាក់ ដើម្បីរស់នៅតាមគោលការណ៍នោះឲ្យបានកាន់តែពេញលេញ ។
សេចក្តីមេត្តាករុណារបស់ព្រះអង្គសង្គ្រោះមានសម្រាប់មនុស្សគ្រប់រូបដែលប្រែចិត្ត ។
-
ចំពោះអស់អ្នកដែលមានអារម្មណ៍ថាមានទោស ដោយសារតែអំពើបាបរបស់ពួកគេ នោះដំណើររឿងអំពីព្រះអង្គសង្គ្រោះប្រទានសេចក្ដីមេត្តាករុណា និងការប្រែចិត្តដល់ស្ត្រីដែលប្រព្រឹត្តអំពើសហាយស្មន់ អាចជាប្រភពនៃការលើកទឹកចិត្តមួយ ។ ឬបើសមាជិកក្នុងថ្នាក់មានអារម្មណ៍ថា ត្រូវបានល្បួងឲ្យថ្កោលទោសមនុស្សដទៃ ដោយសារតែអំពើបាបរបស់ពួកគេ នោះដំណើររឿងនេះអាចធ្វើជាការព្រមានបាន ។ បងប្អូនអាចអញ្ជើញសមាជិកក្នុងថ្នាក់ឲ្យអាន យ៉ូហាន ៨:១–១១ រួចស្វែងរកចម្លើយចំពោះសំណួរដូចតទៅនេះ ៖ តើដំណើររឿងនេះបង្រៀនអ្វីខ្លះអំពីសេចក្ដីមេត្តាករុណារបស់ព្រះអង្គសង្គ្រោះ ? តើការទទួលបានសេចក្ដីមេត្តាករុណារបស់ទ្រង់ ពេលយើងមានអំពើបាប អាចជួយយើងបានដោយរបៀបណា នៅពេលយើងមានអារម្មណ៍ថា ត្រូវបានល្បួងឲ្យវិនិច្ឆ័យមនុស្សដទៃនោះ ? ( សូមមើល អាលម៉ា ២៩:៩–១០ ) ។
-
ដើម្បីជួយសមាជិកក្នុងថ្នាក់ឲ្យរកឃើញនូវបទពិសោធន៍ផ្ទាល់ខ្លួននៅក្នុង យ៉ូហាន ៨:១–១១ សូមពិចារណាធ្វើការបំបែកសិស្សក្នុងថ្នាក់ទៅជាបីក្រុម—មួយក្រុមផ្ដោតទៅលើពាក្យសម្ដី និងទង្វើរបស់ពួកផារិស៊ី ឯមួយក្រុមទៀតផ្ដោតទៅលើព្រះបន្ទូល និងទង្វើរបស់ព្រះអង្គសង្គ្រោះ ហើយមួយក្រុមចុងក្រោយផ្ដោតទៅលើពាក្យសម្ដី និងទង្វើរបស់ស្ត្រីនោះ ។ ពួកគេអាចធ្វើការណ៍នេះបាន ពេលអានដំណើររឿងនេះ ឬពេលមើលវីដេអូ « Go and Sin No More » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ សូមអញ្ជើញក្រុមនីមួយៗឲ្យធ្វើបញ្ជីអំពីសេចក្ដីពិតខាងវិញ្ញាណ ដែលពួកគេបានរៀនមកពីការអានផ្នែកនីមួយៗនៃដំណើររឿងនេះ ។
-
ពេលខ្លះយើងពុំបានដឹងខ្លួនថា យើងវិនិច្ឆ័យអ្នកដទៃនោះទេ ។ នេះគឺជាសកម្មភាពមួយដើម្បីជួយសមាជិកក្នុងថ្នាក់ឲ្យយកឈ្នះលើទំនោរនេះ ៖ សូមឲ្យសមាជិកក្នុងថ្នាក់ទាំងអស់ជួយបងប្អូន ឲ្យធ្វើបញ្ជីមួយអំពីរបៀបដែលយើងវិនិច្ឆ័យមនុស្សដទៃ ( ទៅលើអាការៈខាងក្រៅរបស់ពួកគេ ឥរិយាបថរបស់ពួកគេ និងជីវប្រវត្តិរបស់ពួកគេ ជាដើម ) ។ សូមឲ្យក្រដាសដែលកាត់ជារាងដុំថ្មមួយដុំទៅសមាជិកក្នុងថ្នាក់ ហើយសូមឲ្យពួកគេជ្រើសរើសរបៀបមួយនៃការវិនិច្ឆ័យអ្នកដទៃ ដែលពួកគេមានអារម្មណ៍ថា ពួកគេមានកំហុស ហើយសរសេរវានៅលើក្រដាសរាងដុំថ្មនោះ ។ តើយើងរៀនអ្វីខ្លះចេញមកពីព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះទៅកាន់ពួកផារិស៊ីនៅក្នុង យ៉ូហាន ៨:១–១១? សូមអញ្ជើញសមាជិកក្នុងថ្នាក់ឲ្យសរសេរនៅលើខ្នងក្រដាសរាងដុំថ្មរបស់ពួកគេ នូវអ្វីមួយដែលនឹងរំឭកពួកគេកុំឲ្យវិនិច្ឆ័យគេ ( ប្រហែលជាឃ្លាមួយមកពី យ៉ូហាន ៨ ) ។
នៅពេលយើងស្គាល់ព្រះយេស៊ូវគ្រីស្ទ នោះយើងនឹងស្គាល់ព្រះវរបិតា ។
-
តើព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះនៅក្នុង យ៉ូហាន ៨:១៨–១៩, ២៦–២៩ បង្រៀនអ្វីខ្លះអំពីទំនាក់ទំនងរវាងទ្រង់ និងព្រះវរបិតារបស់ទ្រង់ ? បន្ទាប់ពីការអាន និងការពិភាក្សាអំពីខគម្ពីរទាំងនេះហើយ នោះសមាជិកក្នុងថ្នាក់អាចសរសេរនៅលើក្ដារខៀននូវរឿងមួយចំនួនដែលព្រះយេស៊ូវបានធ្វើ បានមានបន្ទូល ឬបានបង្រៀន ។ តើយើងរៀនអ្វីខ្លះអំពីព្រះជាព្រះវរបិតាចេញមកពីរឿងទាំងនេះ ?