« ថ្ងៃទី ២៧ ខែ មីនា–ថ្ងៃទី ២ ខែ មេសា ។ ម៉ាថាយ ១៤; ម៉ាកុស ៦; យ៉ូហាន ៥–៦ ៖ ‹ កុំឲ្យភ័យឡើយ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ២៧ ខែ មីនា–ថ្ងៃទី ២ ខែ មេសា ។ ម៉ាថាយ ១៤; ម៉ាកុស ៦; យ៉ូហាន ៥–៦ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២៣
ថ្ងៃទី ២៧ ខែ មីនា–ថ្ងៃទី ២ ខែ មេសា
ម៉ាថាយ ១៤; ម៉ាកុស ៦; យ៉ូហាន ៥–៦
« កុំឲ្យភ័យឡើយ »
នៅពេលបងប្អូនរៀបចំខ្លួនបង្រៀនមកពី ម៉ាថាយ ១៤; ម៉ាកុស ៦ និង យ៉ូហាន ៥–៦ សូមរកមើលសារលិខិតដែលទាក់ទងនឹងសមាជិកក្នុងថ្នាក់របស់បងប្អូន ។ នៅពេលបងប្អូនធ្វើដូច្នោះ សូមពិចារណាអំពីរបៀបដើម្បីឲ្យសមាជិកក្នុងថ្នាក់ចូលរួមចំណែកនៅក្នុងបទពិសោធន៍ដ៏មានអត្ថន័យមួយជាមួយនឹងព្រះគម្ពីរ ។
អញ្ជើញឲ្យចែកចាយ
របៀបមួយដើម្បីចាប់ផ្ដើមការពិភាក្សា គឺអញ្ជើញសមាជិកក្នុងថ្នាក់ពីរបីនាក់ឲ្យជ្រើសរើសយកជំពូកម្នាក់មួយៗចេញមកពីការអាន ហើយចែកចាយសារលិខិតមួយមកពីជំពូកនោះ ដែលមានអត្ថន័យចំពោះពួកគេ ។ នៅពេលពួកគេចែកចាយ សូមឲ្យសមាជិកក្នុងថ្នាក់ផ្សេងទៀតសួរសំណួរ ឬបន្ថែមការយល់ដឹង ។
បង្រៀនគោលលទ្ធិ
ព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រាសំណព្វរបស់ព្រះវរបិតាសួគ៌ ។
-
នៅក្នុង យ៉ូហាន ៥ ព្រះយេស៊ូវបានប្រទានការយល់ដឹងជាច្រើនអំពីព្រះអង្គទ្រង់ផ្ទាល់ អំពីព្រះវរបិតាទ្រង់ និងទំនាក់ទំនងរបស់ទ្រង់ជាមួយនឹងព្រះវរបិតា ។ ដើម្បីជួយសមាជិកក្នុងថ្នាក់ឲ្យរកឃើញការយល់ដឹងទាំងនេះ សូមព្យាយាមបំបែកពួកគេជាក្រុមៗ ហើយទុកពេលឲ្យពួកគេចំនួនពីរបីនាទី ដើម្បីសរសេរសេចក្ដីពិតឲ្យបានច្រើនតាមដែលពួកគេអាចរកឃើញនៅក្នុង ខទី ១៦–៤៧ អំពីបុគ្គលិកលក្ខណៈរបស់ព្រះ និងព្រះយេស៊ូវគ្រីស្ទ ព្រមទាំងទំនាក់ទំនងរបស់ទ្រង់ទាំងទ្វេ ។ សូមអញ្ជើញឲ្យក្រុមទាំងឡាយប្ដូរវេនគ្នាអានសេចក្ដីពិតមកពីបញ្ជីរបស់ពួកគេ ។ តើសេចក្ដីពិតទាំងនេះជួយយើងឲ្យយល់ពីព្រះវរបិតាសួគ៌របស់យើង និងព្រះរាជបុត្រារបស់ទ្រង់បានកាន់តែច្បាស់យ៉ាងដូចម្ដេច ? តើយើងអាចធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទក្នុងការគោរពប្រតិបត្តិតាមព្រះវរបិតាយ៉ាងដូចម្ដេច ?
-
សកម្មភាពមួយនៅក្នុង គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ណែនាំឲ្យកត់ចំណាំរាល់ពេលដែលព្រះយេស៊ូវបានប្រើពាក្យថា ព្រះវរបិតា នៅក្នុង យ៉ូហាន ៥:១៦–៤៧ ។ សូមអញ្ជើញសមាជិកក្នុងថ្នាក់ពីរបីនាក់ឲ្យចែកចាយអំពីអ្វីដែលពួកគេបានរៀន នៅពេលពួកគេធ្វើសកម្មភាពនេះ ។ សូមឲ្យពួកគេចែកចាយការយល់ដឹង ដែលពួកគេបានទទួលអំពីព្រះវរបិតាសួគ៌ និងព្រះរាជបុត្រាជាទីស្រឡាញ់របស់ទ្រង់ ។
ម៉ាថាយ ១៤:១៥–២១; ម៉ាកុស ៦:៣៣–៤៤; យ៉ូហាន ៦:៥–១៤
ព្រះអង្គសង្គ្រោះអាចតម្កើងការថ្វាយដ៏រាបសារបស់យើង ដើម្បីសម្រេចនូវព្រះរាជបំណងរបស់ទ្រង់ ។
-
តើអ្វីទៅដែលអាចជួយសមាជិកក្នុងថ្នាក់ ឲ្យរកឃើញអត្ថន័យផ្ទាល់ខ្លួននៅក្នុងអព្ភូតហេតុ ដែលព្រះយេស៊ូវបានប្រទានអាហារដល់មនុស្សប្រាំពាន់នាក់នេះ ? បងប្អូនអាចនឹងសួរថា តើការអានអំពីអព្ភូតហេតុបង្កើនសេចក្ដីជំនឿរបស់ពួកគេលើព្រះសមត្ថភាពរបស់ព្រះអង្គសង្គ្រោះ ដើម្បីប្រទានពរជ័យដល់ពួកគេផ្ទាល់ខ្លួនយ៉ាងដូចម្ដេចខ្លះ ។ ពួកគេអាចនិយាយអំពីគ្រាមួយ ដែលពួកគេធ្លាប់មានអារម្មណ៍ថា ព្រះអង្គសង្គ្រោះបានតម្កើង ឬចម្រើនដល់កិច្ចខិតខំរបស់ពួកគេ ដើម្បីជួយពួកគេឲ្យសម្រេចបានអ្វីមួយ ដែលហាក់ដូចជាមិនអាចធ្វើទៅបាន ។ ពីមុនម៉ោងបង្រៀនផងដែរ បងប្អូនអាចសូមឲ្យសមាជិកក្នុងថ្នាក់យករូបភាព ឬវត្ថុមួយមកកាន់ថ្នាក់រៀន ដែលតំណាងឲ្យបទពិសោធន៍របស់ពួកគេ ។
-
វីដេអូ « The Feeding of the 5,000 » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) អាចជួយសមាជិកក្នុងថ្នាក់ឲ្យពិចារណាអំពីអព្ភូតហេតុ ដែលបានពិពណ៌នានៅក្នុងវគ្គបទគម្ពីរទាំងនេះ ។ តើព័ត៌មានលម្អិតអ្វីខ្លះនៅក្នុងដំណើររឿងនេះ ដែលនឹងបង្កើនសេចក្ដីជំនឿរបស់យើងទៅលើព្រះអង្គសង្គ្រោះ ? តើព្រះអង្គសង្គ្រោះអាចប្រទានអាហារដល់យើងខាងវិញ្ញាណតាមរបៀបណាខ្លះ ? តើយើងត្រូវបានប្រទានអាហារ ឬគាំទ្រដោយព្រះយេស៊ូវគ្រីស្ទនៅពេលណា ?
ព្រះយេស៊ូវគ្រីស្ទអញ្ជើញយើងឲ្យទុកភាពភ័យខ្លាច និងការសង្ស័យរបស់យើងនៅមួយអន្លើ ដើម្បីយើងអាចមករកទ្រង់បានកាន់តែពេញលេញ ។
-
ដំណើររឿងនៅក្នុង ម៉ាថាយ ១៤:២២–៣៣ អាចជួយសមាជិកក្នុងថ្នាក់ឲ្យបង្កើនសេចក្ដីជំនឿរបស់ពួកគេទៅលើព្រះអង្គសង្គ្រោះ ហើយបង្កើនបំណងប្រាថ្នារបស់ពួកគេដើម្បីធ្វើតាមទ្រង់ ។ សូមអញ្ជើញសមាជិកក្នុងថ្នាក់ឲ្យអានដំណើររឿងនេះ ដោយយកចិត្តទុកដាក់ជាពិសេសទៅលើព្រះបន្ទូលរបស់ព្រះគ្រីស្ទ ពាក្យសម្ដីរបស់ពេត្រុស និងពួកសាវកដទៃទៀត ។ តើព្រះបន្ទូលរបស់ព្រះយេស៊ូវបានជួយពេត្រុសឲ្យមានជំនឿដើរចេញពីទូក ហើយដើរលើទឹកបានដោយរបៀបណា ? តើការដាស់តឿនរបស់ព្រះយេស៊ូវឲ្យ « សង្ឃឹមឡើង » ហើយ « កុំឲ្យភ័យឡើយ » ( ខទី ២៧ ) អនុវត្ដចំពោះយើងសព្វថ្ងៃយ៉ាងដូចម្ដេច ? តើយើងអាចរៀនបានអ្វីខ្លះមកពីពេត្រុស អំពីអត្ថន័យនៃការធ្វើជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ និងការទុកចិត្តលើទ្រង់ ? បងប្អូនអាចលើកទឹកចិត្តសមាជិកក្នុងថ្នាក់ឲ្យគិត ហើយចែកចាយបទពិសោធន៍ទាំងឡាយដែលពួកគេមានដូចជាពេត្រុសដែរ ដែលពួកគេបានធ្វើសកម្មភាពដើម្បីដើរតាមព្រះអង្គសង្គ្រោះ ទោះជាដឹងថាលទ្ធផលស្រពិចស្រពិលយ៉ាងណាក្ដី ។ សូមឲ្យពួកគេចែកចាយអ្វីដែលពួកគេបានរៀនពីបទពិសោធន៍របស់ពួកគេ ។ តើព្រះយេស៊ូវគ្រីស្ទបានយាងមករំដោះពួកយើង នៅគ្រាដែលយើងភ័យខ្លាច ឬសង្ស័យយ៉ាងដូចម្ដេច ?
ក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ យើងត្រូវតែមានឆន្ទៈជឿ ហើយទទួលយកសេចក្ដីពិត ទោះជាវាលំបាកដើម្បីធ្វើក្ដី ។
-
ព្រឹត្តិការណ៍នៅក្នុង យ៉ូហាន ៦ អាចផ្ដល់ជាទស្សនវិស័យដ៏មានប្រយោជន៍មួយ នៅពេលមនុស្សមានចម្ងល់អំពីគោលលទ្ធិ ប្រវត្តិសាស្ត្រ ឬគោលនយោបាយរបស់សាសនាចក្ររបស់ព្រះគ្រីស្ទ ។ ដើម្បីជួយសមាជិកក្នុងថ្នាក់របស់បងប្អូនឲ្យយល់ពីព្រឹត្តិការណ៍ទាំងនេះ បងប្អូនអាចសរសេរសំណួរដូចតទៅនេះដាក់នៅលើក្ដារខៀន ដើម្បីពួកគេឆ្លើយ ៖ តើមនុស្សរំពឹងចង់បានអ្វី ? ( សូមមើល ខទី ២៦ ) ។ តើព្រះគ្រីស្ទបានប្រទានអ្វីដល់ពួកគេជំនួសនោះវិញ ? ( សូមមើល ខទី ៥១ ) ។ តើមនុស្សបានយល់ខុសលើអ្វី ? ( សូមមើល ខទី ៤១–៤២, ៥២ ) ។ បងប្អូនក៏អាចសួរសំណួរដូចជាសំណួរទាំងនេះផងដែរ ដើម្បីជួយសមាជិកក្នុងថ្នាក់ឲ្យអនុវត្តតាមដំណើររឿងនេះនៅក្នុងជីវិតរបស់ពួកគេ ៖ តើយើងអាចជ្រើសរើសដើរតាមព្រះគ្រីស្ទតាមរបៀបណាខ្លះ ទោះបីជានៅពេលយើងមានចម្ងល់ ឬការសង្ស័យអ្វីក៏ដោយនោះ ? ( សូមមើល ខទី ៦៦ ) ។ តើគោលលទ្ធិ ពិធីបរិសុទ្ធ ឬ « ព្រះបន្ទូលនៃជីវិតដ៏នៅអស់កល្បជានិច្ច » ផ្សេងទៀតណាខ្លះ ដែលអាចរកឃើញតែនៅក្នុងសាសនាចក្រដែលបានស្ដារឡើងវិញរបស់ព្រះគ្រីស្ទ ? ( ខទី ៦៧–៦៩ ) ។ ដើម្បីទទួលបានការយល់ដឹងមកពីសាវកសម័យទំនើបម្នាក់ សូមមើលសារលិខិតរបស់ប្រធាន អិម រ័សុល បាឡឺដ « To Whom Shall We Go? » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៩០–៩២ ) ។