ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ថ្ងៃទី ២–៨ ខែ តុលា ។ អេភេសូរ ៖ « ប្រយោជន៍​នឹង​នាំឲ្យ​ពួកបរិសុទ្ធ​បាន​គ្រប់​លក្ខណ៍​ឡើង »


« ថ្ងៃទី ២–៨ ខែ តុលា ។ អេភេសូរ ៖ ‹ ប្រយោជន៍​នឹង​នាំឲ្យ​ពួកបរិសុទ្ធ​បាន​គ្រប់​លក្ខណ៍​ឡើង › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ២–៨ ខែ តុលា ។ អេភេសូរ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២៣

គ្រួសារ​កំពុង​មើល​រូបថត

ថ្ងៃទី ២–៨ ខែ តុលា

អេភេសូរ

« ប្រយោជន៍​នឹង​នាំឲ្យ​ពួកបរិសុទ្ធ​បាន​គ្រប់​លក្ខណ៍​ឡើង »

គំនិត និង​ចំណាប់​អារម្មណ៍​ថា​ត្រូវ​បង្រៀន​អ្វី ហើយ​បង្រៀន​តាម​របៀប​ណា​នឹង​កើត​មាន នៅពេល​បងប្អូន​សិក្សា​គម្ពីរ អេភេសូរ សុន្ទរកថា​សន្និសីទ​ថ្មីៗ គម្រោង​មេរៀន​នេះ និង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ប្រកប​ដោយ​ការអធិស្ឋាន ។

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​ពិចារណា​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​សរសេរ​នៅលើ​ក្ដារខៀន នូវ​សេចក្ដី​សង្ខេប​ជា​ប្រយោគ​មួយ​អំពី​អ្វីមួយ ដែល​ពួកគេ​បាន​រៀនសូត្រ​នៅក្នុង​ការសិក្សា​របស់​ពួកគេ​នៅ​សប្ដាហ៍​នេះ ។ សូម​ជ្រើសយក​សេចក្ដី​សង្ខេប​មួយ​ចំនួន​ដោយ​ចៃដន្យ ហើយ​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ដែល​សរសេរ​វា​ឲ្យ​ចែកចាយ​គំនិត​របស់​ពួកគេ ។

រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

អេភេសូរ ២:១៩–២២; ៤:៤–៨, ១១–១៦

ពួក​ព្យាការី និង​ពួក​សាវក—ព្រមទាំង​យើង​ទាំងអស់​គ្នា​ផងដែរ—ផ្ដល់​កម្លាំង និង​សាមគ្គីភាព​ដល់​សាសនាចក្រ ។

  • តើ​បងប្អូន និង​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​អាច​ស្ថាបនា​អ្វីមួយ​រួមគ្នា ដើម្បី​បង្ហាញ​អំពី​របៀប​ដែល​សាសនាចក្រ​ត្រូវបាន « ស្អាង​ឡើង​លើ​ជើង​ជញ្ជាំង​នៃ​ពួកសាវ័ក និង​ពួក​ហោរា » និង​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​គឺជា « ថ្ម​ជ្រុង​យ៉ាង​ឯក » បាន​ដែរ​ឬទេ ? ( អេភេសូរ ២:២០ ) ។ ប្រហែល​ជា​សមាជិក​ក្នុង​ថ្នាក់​អាច​បិទ​ស្លាក​លើ​ដុំឈើ ឬ​ពែង​ក្រដាស ហើយ​តម្រៀប​វា​ជា​ប៉ម ឬ​រាង​ជា​ពីរ៉ាមីត​មួយ ដោយ​មាន​ព្រះយេស៊ូវ​គ្រីស្ទ ព្រមទាំង​ពួកសាវក និង​ព្យាការី​ធ្វើ​ជា​គ្រឹះ ។ បន្ទាប់​មក បងប្អូន​អាច​បង្ហាញ​អ្វី​ដែល​នឹង​កើតឡើង ប្រសិនបើ​គេ​ដកយក​ព្រះគ្រីស្ទ ឬ​ពួកសាវក និង​ព្យាការី​ចេញ​នោះ ។ ហេតុអ្វី​ថ្ម​ជ្រុង​យ៉ាង​ឯក​នោះ​គឺជា​ពាក្យ​ប្រៀប​ធៀប​ដ៏ល្អ​មួយ​សម្រាប់​ព្រះយេស៊ូវ​គ្រីស្ទ និង​តួនាទី​របស់​ទ្រង់​នៅក្នុង​សាសនាចក្រ ? ( សម្រាប់​ការពិពណ៌នា​មួយ​អំពី​ថ្ម​ជ្រុង​យ៉ាង​ឯក​មួយ សូមមើល « ធនធាន​បន្ថែម​ទាំងឡាយ » ) ។ សមាជិក​ក្នុង​ថ្នាក់​អាច​ស្រាវជ្រាវ​ក្នុង អេភេសូរ ២:១៩–២២; ៤:១១–១៦ រកមើល​ពរជ័យ​ដែល​យើង​ទទួល​បាន ដោយសារតែ​ពួកសាវក ពួកព្យាការី និង​ថ្នាក់ដឹកនាំ​ផ្សេងទៀត​ក្នុង​សាសនាចក្រ ។ តើ​យើង​អាច​ធ្វើអ្វី​បាន​ខ្លះ ដើម្បី​ស្ថាបនា​ជីវិត​របស់​យើង​នៅលើ​ការបង្រៀន​របស់​ពួក​លោក ?

ថ្មជ្រុង​នៃ​អគារ​មួយ

ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ថ្ម​ជ្រុង​យ៉ាង​ឯក​នៃ​សាសនាចក្រ ។

  • ប្រសិនបើ​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​បាន​ស្ដាប់​សន្និសីទ​ទូទៅ ចាប់​តាំងពី​ពេល​ចុងក្រោយ​ដែល​បងប្អូន​បាន​ជួបគ្នា សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​អំពី​របៀប​ដែល​អ្វីៗ​ត្រូវបាន​បង្រៀន​អំឡុង​សន្និសីទ​នេះ បាន​ជួយ​បំពេញ​គោលបំណង​ដែល​បាន​ចែង​នៅក្នុង អេភេសូរ ៤:១១–១៦ ។

  • ប្រហែល​ជា​បងប្អូន​អាច​ទុក​ពេល​មួយ​សន្ទុះ​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​សរសេរ​ពាក្យ​មួយ​ចំនួន​អំពី « ការងារ » ឬ​ការទទួល​ខុសត្រូវ​មួយ​ចំនួន​ដែល​ពួកគេ​មាន​ក្នុងនាមជា​សមាជិក​នៃ​សាសនាចក្រ​របស់​ព្រះគ្រីស្ទ ( សូមមើល អេភេសូរ ៤:១ )—ឧទាហរណ៍ ជា​បងប្អូន​ប្រុស ឬ​បងប្អូន​ស្រី​ដែល​ផ្ដល់​ការងារ​បម្រើ ជា​ឪពុក ឬ​ម្ដាយ​ដ៏សុចរិត ជា​សិស្ស​របស់​ព្រះគ្រីស្ទ​ជាដើម ។ បន្ទាប់​មក ពួកគេ​អាច​ប្ដូរ​បញ្ជី​ជាមួយ​នឹង​សមាជិក​ក្នុង​ថ្នាក់​ម្នាក់​ទៀត អាន អេភេសូរ ៤:៤–៨, ១១–១៦ ហើយ​ចែកចាយ​របៀប​ដែល​ការបំពេញ​តាម​ទំនួល​ខុសត្រូវ​ទាំងនេះ​នៅលើ​បញ្ជី​របស់​ពួកគេ ជួយ​ស្អាង​ដល់​ព្រះកាយ​របស់​ព្រះគ្រីស្ទ ។ តើ​យើង​អាច​ធ្វើការ​រួមគ្នា​ដើម្បី​មាន​សាមគ្គីភាព​នៅក្រោម « ព្រះអម្ចាស់​តែមួយ សេចក្តី​ជំនឿ​តែមួយ បុណ្យ​ជ្រមុជ​តែមួយ » តាម​របៀប​ណា ?

អេភេសូរ ៥:២៥៦:៤

ការធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​អាច​ពង្រឹង​ដល់​ទំនាក់​ទំនង​គ្រួសារ​របស់​យើង​បាន ។

  • ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​អនុវត្ត​តាម​ពាក្យ​ទូន្មាន​របស់​ប៉ុល​អំពី​ទំនាក់ទំនង​គ្រួសារ នោះ​បងប្អូន​អាច​សរសេរ​សំណួរ​ដូច​តទៅ​នេះ​ដាក់​នៅលើ​ក្ដារខៀន​បាន ៖ តើ​យើង​អាច​ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ពេល​យើង​ប្រព្រឹត្ត​ចំពោះ​សមាជិក​គ្រួសារ​របស់​យើង​ដោយ​របៀប​ណា ? ( សូមមើល អេភេសូរ ៥:២៥ ) ។ តើ​ការ « គោរព​ប្រតិបត្តិ​ដល់​មាតា​បិតា​ខ្លួន » មាន​ន័យ​យ៉ាងណា​ចំពោះ​បងប្អូន ? ( អេភេសូរ ៦:១–៣ ) ។ តើ​យើង​ចិញ្ចឹម​កូនៗ​តាម « ដំបូន្មាន និង​សេចក្តី​ដាស់តឿន​របស់​ព្រះអម្ចាស់ » ដោយ​របៀប​ណា ? ( អេភេសូរ ៦:៤ ) ។ សមាជិក​ក្នុង​ថ្នាក់​អាច​ពិភាក្សា​អំពី​សំណួរ​ទាំងនេះ​ជាក្រុម ឬ​រួមគ្នា​ក្នុង​ថ្នាក់​ទាំងមូល នៅពេល​ពួកគេ​អាន​បទគម្ពីរ​ដែល​ទាក់ទង​គ្នា​នេះ ។ បងប្អូន​អាច​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​ឧទាហរណ៍​នានា ដែល​ពួកគេ​បាន​ឃើញ​មនុស្ស​រស់នៅ​តាម​របៀប​ដែល​ប៉ុល​បាន​ពិពណ៌នា​នេះ ។

អេភេសូរ ៦:១០–១៨

គ្រឿងសឹក​នៃ​ព្រះ​នឹង​ជួយ​ការពារ​យើង​ពី​អំពើ​អាក្រក់ ។

  • តើ​អ្វី​ទៅ​ដែល​នឹង​ជួយ​បំផុស​គំនិត​សមាជិក​ក្នុង​ថ្នាក់ ឲ្យ​ខិតខំ​ពាក់​គ្រប់​គ្រឿងសឹក​របស់​ព្រះ​ជារៀង​រាល់ថ្ងៃ ? បងប្អូន​អាច​រៀបចំ​សកម្មភាព​មួយ ដែល​សមាជិក​ក្នុង​ថ្នាក់​អាច​ផ្គូផ្គង​ផ្នែក​មួយ​នៃ​គ្រឿងសឹក​ជាមួយ​នឹង​គោលការណ៍ ឬ​គុណធម៌ ដែល​វា​តំណាង​ឲ្យ ដូច​ដែល​បាន​ពិពណ៌នា​នៅក្នុង អេភេសូរ ៦:១៤–១៧ ។ តើ​ផ្នែក​នីមួយៗ​នៃ​គ្រឿងសឹក​អាច​ជួយ​ការពារ​យើង​ពី​អំពើទុច្ចរិត​តាម​របៀប​ណា ? ( សម្រាប់​ជំនួយ​មួយ​ចំនួន សូមមើល « ធនធាន​បន្ថែម​ទាំងឡាយ » ) ។ តើ​យើង​ពាក់​គ្រឿងសឹក​នេះ​ដោយ​របៀប​ណា ? តើ​យើង​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ស្គាល់ ហើយ​ពង្រឹង​ភាពទន់ខ្សោយ​នានា​នៅក្នុង​គ្រឿងសឹក​របស់​យើង ?

រូប​តំណាង​ធនធាន​ទាំងឡាយ

ធនធាន​បន្ថែម​ទាំងឡាយ

តើ​ថ្ម​ជ្រុង​យ៉ាង​ឯក​គឺជា​អ្វី ?

ថ្ម​ជ្រុង​យ៉ាង​ឯក​គឺជា​ថ្ម​ដំបូង​គេ​ដែល​បាន​ដាក់​នៅក្នុង​គ្រឹះ​មួយ ។ វា​ដើរតួ​ជា​ចំណុច​យោង​មួយ​សម្រាប់​ការវាស់វែង និង​ការដាក់​ថ្ម​ផ្សេងទៀត ដែល​ត្រូវតែ​ស្រប​ជាមួយ​នឹង​ថ្ម​ជ្រុង​យ៉ាង​ឯក​នោះ ។ ដោយសារ​វា​ទ្រ​នូវ​ទម្ងន់​អគារ​ទាំងមូល នោះ​ថ្ម​ជ្រុង​យ៉ាង​ឯក​ត្រូវតែ​រឹងមាំ មាន​លំនឹង ហើយ​អាច​ទុកចិត្ត​បាន ( សូមមើល « The Cornerstone » Ensign ខែ មករា ឆ្នាំ ២០១៦ ទំព័រ ៧៤–៧៥ ) ។

គ្រឿងសឹក​នៃ​ព្រះ ។

ក្រវាត់​ចង្កេះ​ដោយ​សេចក្ដីពិត ៖គ្រឿងសឹក​ផ្នែកនេះ​ប្រៀបបាន​នឹង​ខ្សែ​ក្រវាត់​មួយ ដែល​បាន​ចងព័ទ្ធ​ជុំវិញ​ចង្កេះ​ដែរ ។ ពាក្យ​ថា ក្រវាត់ ក៏​អាច​មាន​ន័យ​ថា រឹងមាំ មាន​កម្លាំង ឬ​ពង្រឹង​ជាថ្មី​ផងដែរ ។

ប្រដាប់​បាំង​ទ្រូង​នៃ​សេចក្តី​សុចរិត ៖ប្រដាប់​បាំង​ទ្រូង​មួយ​ការពារ​បេះដូង និង​សរីរាង្គ​សំខាន់ៗ​ផ្សេងទៀត ។

ពាក់​សេចក្តី​ប្រុងប្រៀប​របស់​ដំណឹងល្អ​នៃ​សេចក្តី​សុខសាន្ត ទុកជា​ស្បែកជើង ៖ពាក្យ​នេះ​សំដៅ​ទៅលើ​ការគ្រប​ការពារ​ជើង​របស់​កងទ័ព​ម្នាក់ ។

ខែល​នៃ​សេចក្ដី​ជំនឿ ៖ខែល​មួយ​អាច​ការពារ​ស្ទើរតែ​គ្រប់​ផ្នែក​នានា​នៃ​រូបកាយ​ពី​ការវាយប្រហារ​ផ្សេងៗ ។

មួក​សឹក​នៃ​សេចក្តី​សង្គ្រោះ ៖មួក​សឹក​ការពារ​ក្បាល ។

ដាវ​នៃ​ព្រះវិញ្ញាណ ៖ដាវ​មួយ​អនុញ្ញាត​ឲ្យ​យើង​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​សត្រូវ ។

ការកែលម្អ​ការបង្រៀន​របស់​យើង

ខិតខំ​មាន​សេចក្ដី​ស្រឡាញ់​ដូចជា​ព្រះគ្រីស្ទ ។ ការប្រាស្រ័យ​ទាក់ទង​របស់​បងប្អូន​ជាមួយ​នឹង​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន គួរតែ​មាន​ការជំរុញ​ចិត្ត​ពី​សេចក្ដី​ស្រឡាញ់ ។ បងប្អូន និង​អ្នករៀន​របស់​បងប្អូន​នឹង​មាន​ពរជ័យ នៅពេល​បងប្អូន​អធិស្ឋាន​ដើម្បី​អភិវឌ្ឍ​ឲ្យមាន​សេចក្ដី​ស្រឡាញ់​ដូចជា​ព្រះគ្រីស្ទ ហើយ​ស្វែងរក​វិធី​ដើម្បី​បង្ហាញ​វា ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ; មរ៉ូណៃ ៧:៤៨ ) ។