ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ថ្ងៃទី ៩–១៥ ខែ តុលា ។ ភីលីព; កូល៉ុស ៖ « ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំងអស់​បាន ដោយសារ​ព្រះគ្រីស្ទ​ដែល​ទ្រង់​ចម្រើន​កម្លាំង​ដល់​ខ្ញុំ »


« ថ្ងៃទី ៩–១៥ ខែ តុលា ។ ភីលីព; កូល៉ុស ៖ ‹ ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំងអស់​បាន ដោយសារ​ព្រះគ្រីស្ទ​ដែល​ទ្រង់​ចម្រើន​កម្លាំង​ដល់​ខ្ញុំ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ៩–១៥ ខែ តុលា ។ ភីលីព; កូល៉ុស » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២៣

ប៉ុល​កំពុង​ហៅ​ឲ្យគេ​សរសេរ​សំបុត្រ​នៅក្នុង​គុក

ថ្ងៃទី ៩–១៥ ខែ តុលា

ភីលីព; កូល៉ុស

« ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំងអស់​បាន ដោយសារ​ព្រះគ្រីស្ទ​ដែល​ទ្រង់​ចម្រើន​កម្លាំង​ដល់​ខ្ញុំ »

សូម​ចាប់ផ្ដើម​ដោយ​ការអាន ភីលីព និង កូល៉ុស ហើយ​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន​អំពី​គោលលទ្ធិ ដែល​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ចង់​ឲ្យ​បងប្អូន​បង្រៀន ។ សូម​អនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណ​ដឹកនាំ​បងប្អូន នៅពេល​បងប្អូន​ពិចារណា​ពី​សំណួរ និង​ធនធាន​ទាំងឡាយ ដែល​បងប្អូន​អាច​ប្រើ​បាន ដើម្បី​បង្រៀន​អំពី​គោលលទ្ធិ​នេះ ។

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​ពាក្យ ឬ​ឃ្លា​មួយ ដែល​សង្ខេប​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន​មកពី ភីលីព និង កូល៉ុស រួចហើយ​ពន្យល់​ពី​មូលហេតុ​ដែល​ពួកគេ​បាន​ជ្រើសរើស​ពាក្យ ឬ​ឃ្លា​នោះ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ចែកចាយ​បទគម្ពីរ ទុកជា​ផ្នែក​មួយ​នៃ​ការពន្យល់​របស់​ពួកគេ ។

រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

ភីលីព ២:១–៥, ១៤–១៨; ៤:១–៩; កូល៉ុស ៣:១–១៧

យើង​ក្លាយជា​មនុស្ស « ថ្មី » នៅពេល​យើង​រស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

  • បងប្អូន​គួរតែ​ជួយ​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​ឲ្យ​នឹក​ស្រមៃ​អំពី​អត្ថន័យ​នៃ​ការ « ដោះ​មនុស្ស​ចាស់ » និង​ការ « ប្រដាប់​ខ្លួន​ដោយ​មនុស្ស​ថ្មី » តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ( កូល៉ុស ៣:៩–១០ ) ។ ដើម្បី​ធ្វើ​កិច្ចការ​នេះ បងប្អូន​អាច​បង្ហាញ​រូបភាព​អ្វីមួយ​ដែល​ចាស់​មុនពេល និង​ក្រោយពេល​វា​បាន​ប្រែ​ទៅជា​អ្វីមួយ​ថ្មី ( ដូចជា​គ្រឿង​សង្ហារិម គេហដ្ឋាន ឬ​កង់​ជាដើម ) ។ សមាជិក​ក្នុង​ថ្នាក់​អាច​ពិភាក្សា​អំពី​របៀប​ដែល​យើង​ក្លាយជា​មនុស្ស « ថ្មី » តាមរយៈ​សេចក្ដី​ជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ឆន្ទៈ​របស់​យើង​ដើម្បី​រស់នៅ​តាម​ដំណឹងល្អ​របស់​ទ្រង់ ។ ជា​ផ្នែក​មួយ​នៃ​ការពិភាក្សា​នេះ បងប្អូន​អាច​សុំ​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ពាក់​កណ្ដាល​សិក្សា ភីលីព ២:១–៥, ១៤–១៨; ៤:១–៩ ហើយ​សមាជិក​ពាក់​កណ្ដាល​ទៀត​សិក្សា កូល៉ុស ៣:១–១៧ ដោយ​ស្វែងរក​ចរិត​លក្ខណៈ​នៃ « មនុស្ស​ចាស់ » និង « មនុស្ស​ថ្មី » ។ បងប្អូន​ក៏​អាច​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ពីរបី​នាក់​ឲ្យ​ចែកចាយពី​របៀប​ដែល​ការមាន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ការរស់នៅ​តាម​ដំណឹងល្អ​របស់​ទ្រង់ បាន​ជួយ​ពួកគេ​ឲ្យ​ក្លាយជា​មនុស្ស​ថ្មី​ផងដែរ ។

ភីលីព ៤:១–១៣

យើង​អាច​រកឃើញ​អំណរ​នៅក្នុង​ព្រះគ្រីស្ទ មិន​ថា​យើង​មាន​ស្ថានភាព​បែប​ណា​នោះទេ ។

  • ទោះជា​យើង​មាន​ស្ថានភាព​ខុស​ពី​ប៉ុល​ក្ដី ក៏​យើង​ទាំងអស់​គ្នា​អាច​រៀន​ពី​ឆន្ទៈ​របស់​លោក​ដើម្បី​មាន​ភាពរីករាយ ហើយ​សប្បាយ​នៅគ្រប់​ស្ថានភាព​នៃ​ជីវិត​របស់​លោក​បាន​ដែរ ។ ដើម្បី​ចាប់ផ្ដើម​ការពិភាក្សា​មួយ​អំពី​ប្រធានបទ​នេះ បងប្អូន​អាច​រំឭក​អំពី​ការសាកល្បង​មួយ​ចំនួន​ដែល​ប៉ុល​បាន​ជួប ( ឧទាហរណ៍ សូមមើល កូរិនថូស ទី២ ១១:២៣–២៨ ) ។ បន្ទាប់​មក បងប្អូន​អាច​សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​រំឭក ភីលីព ៤:១–១៣ ឡើងវិញ ដើម្បី​ស្វែងរក​ពាក្យ​ទូន្មាន​របស់​ប៉ុល ដែល​វា​អាច​ជួយ​យើង​ឲ្យ​អរ​រីករាយ ទោះជា​ក្នុង​គ្រា​នៃ​ការសាកល្បង​ក្ដី ។

  • ប្រហែល​ជា​សមាជិក​ក្នុង​ថ្នាក់​អាច​ចែកចាយ​បទពិសោធន៍ នៅពេល​ពួកគេ​បាន​ទទួល​អារម្មណ៍ « សេចក្តី​សុខសាន្ត​របស់​ព្រះ ដែល​ហួស​លើសពី​អស់​ទាំង​គំនិត » ( ភីលីព ៤:៧ ) ឬ​នៅពេល​ពួកគេ​ទទួល​បាន​ការពង្រឹង « ដោយសារ​ព្រះគ្រីស្ទ » ( ខទី ១៣ ) ដើម្បី​សម្រេច​អ្វីមួយ​ដែល​ពួកគេ​មិន​អាច​ធ្វើ​បាន ។

  • ប្រសិនបើ​បងប្អូន​ចង់​ស្វែងយល់​ពី​ប្រធានបទ​នេះ​បន្ថែម​ទៀត នោះ​បងប្អូន​អាច​សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ចែកចាយ​ពី​ដំណើររឿង​ដ៏បំផុស​គំនិត​មួយ​ចំនួន ឬ​សេចក្ដី​ថ្លែងការណ៍​មកពី​សុន្ទរកថា​របស់​ប្រធាន រ័សុល អិម ណិលសុន « Joy and Spiritual Survival » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៨១–៨៤ ) ។ ឬ​សមាជិក​ក្នុង​ថ្នាក់​អាច​មើល​វីដេអូ « Trial of Adversity » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) បាន ។ តើ​មនុស្ស​នៅក្នុង​សុន្ទរកថា​របស់​ប្រធាន ណិលសុន ឬ​ស្ដ្រី​នៅក្នុង​វីដេអូ​នេះ រកឃើញ​អំណរ​តាម​របៀប​ណា ទោះ​ជា​ពួកគេ​មាន​ស្ថានភាព​លំបាក​យ៉ាងណា​ក្ដី ?

  • ដោយសារ​អំពើ​អាក្រក់​កំពុង​តែ​កើនឡើង​នៅក្នុង​ពិភពលោក​សព្វថ្ងៃ​នេះ នោះ​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​នឹង​ទទួល​បាន​ប្រយោជន៍​មកពី​ពាក្យ​ទូន្មាន​របស់​ប៉ុល​ឲ្យ « ពិចារណា​ពី » សេចក្តី​ណា​ដែល​បរិសុទ្ធ សេចក្តី​ណា​ដែល​គួរ​ស្រឡាញ់ សេចក្តី​ណា​ដែល​មាន​ឈ្មោះ​ល្អ មាន​សគុណ ឬ​ជា​សេចក្តី​សរសើរ ( ភីលីព ៤:៨ ) ។ ប្រហែល​ជា​បងប្អូន​អាច​ចាត់​សមាជិក​ក្នុង​ថ្នាក់​ម្នាក់ៗ ( ឬ​សមាជិក​ក្នុង​ថ្នាក់​ជា​ក្រុម​តូចៗ ) ឲ្យ​អាន​គុណសម្បត្តិ​មួយ​ដែល​មាន​នៅក្នុង ភីលីព ៤:៨មាត្រា​នៃ​សេចក្តី​ជំនឿ ១:១៣ ។ ពួកគេ​ម្នាក់ៗ​អាច​ប្រើ សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ដើម្បី​ស្វែងរក​បទគម្ពីរ​អំពី​គុណ​សម្បត្តិ​ដែល​ចាត់ឲ្យ​ពួកគេ​រក ហើយ​ចែកចាយ​អ្វី​ដែល​ពួកគេ​រកឃើញ​ជាមួយ​នឹង​សមាជិក​ក្នុង​ថ្នាក់​ផ្សេងទៀត ។ ពួកគេ​ក៏​អាច​ចែកចាយ​គំរូ​នៃ​គុណ​សម្បត្តិ​នោះ​នៅក្នុង​ជីវិត​របស់​មនុស្ស​ទូទៅ​ផងដែរ ។ តើ​យើង​ស្វែងរក « របស់​ផង​ទាំងនេះ » តាម​របៀប​ណា ?

កូល៉ុស ១:១២–២៣; ២:២–៨

នៅពេល​យើង​បាន « ចាក់ឫស » លើ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​មាន​កម្លាំង​តតាំង​នឹង​ឥទ្ធិពល​ខាង​លោកិយ ។

  • ទីបន្ទាល់​របស់​ប៉ុល​អំពី​ព្រះអង្គ​សង្គ្រោះ​ដែល​មាន​នៅក្នុង កូល៉ុស ១:១២–២៣; ២:២–៨ ផ្ដល់​ឱកាស​ដ៏ល្អ​មួយ​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ពិចារណា ហើយ​ពង្រឹង​សេចក្ដី​ជំនឿ​របស់​ពួកគេ​ផ្ទាល់ ។ សមាជិក​ក្នុង​ថ្នាក់​អាច​ស្រាវជ្រាវ​ខគម្ពីរ​ទាំងនេះ ដើម្បី​ស្វែងរក​រឿង​ដែល​ពង្រឹង​សេចក្ដី​ជំនឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ តើ​ការ « ចាក់​ឫស ហើយ​ស្អាង​ឡើង​ក្នុង [ ព្រះយេស៊ូវ​គ្រីស្ទ ] » មាន​ន័យ​ដូចម្តេច ? ( កូល៉ុស ២:៧ ) ។ រូបភាព​អំពី​ដើមឈើ​មួយ​នៅក្នុង គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ និង​វីដេអូ « Spiritual Whirlwinds » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) អាច​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ពិភាក្សា​អំពី​ខគម្ពីរ​នេះ​បាន ។ តើ​អ្វី​ទៅ​ដែល​ធ្វើឲ្យ​ឫស​ដើមឈើ​មួយ​រឹងមាំ ឬ​ចុះ​ទន់ខ្សោយ ? តើ​ការ « ចាក់​ឫស ហើយ​ស្អាង​ឡើង​ក្នុង [ ព្រះយេស៊ូវ​គ្រីស្ទ ] » ពង្រឹង​យើង​ឲ្យ​ប្រឆាំង​នឹង​ឥទ្ធិពល​ខាង​លោកិយ​ដោយ​របៀប​ណា ? ( សូមមើល កូល៉ុស ២:៧–៨; សូមមើល​ផងដែរ ហេលេមិន ៥:១២; អេធើរ ១២:៤ ) ។

    2:24
  • បងប្អូន​អាច​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​សរសេរ​រឿង​ដែល កូល៉ុស ១:១២–២៣; ២:២–៨ បង្រៀន ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​ចៀសវាង​ពី « ពាក្យ​បញ្ឆោត​ជា​អសារ​ឥត​ការ » ដែល​អាច « ចាប់​ធ្វើជា​រំពា » សេចក្ដី​ជំនឿ​របស់​យើង​លើ​ព្រះគ្រីស្ទ​បាន ( កូល៉ុស ២:៨ ) ។ តើ​យើង​អាច​គាំទ្រ​គ្នា​ទៅវិញ​ទៅមក​នៅក្នុង​ការខិតខំ​របស់​យើង ដើម្បី​ធ្វើតាម​ព្រះអង្គ​សង្គ្រោះ ហើយ​ចៀសវាង​ពី​ការបោក​បញ្ឆោត​របស់​សាតាំង​ដោយ​របៀប​ណា ?

ការកែលម្អ​ការបង្រៀន​របស់​យើង

ប្រើប្រាស់​ទំនុក​តម្កើង ។ តន្ត្រី​ពិសិដ្ឋ​យាង​អញ្ជើញ​ឲ្យ​មាន​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ វា​អាច​បង្កើត​ឲ្យមាន​បរិយាកាស​ដ៏មាន​គារវភាព​មួយ ហើយ​បំផុស​ឲ្យមាន​ការតាំង​ចិត្ត និង​សកម្មភាព ។ សូម​ពិចារណា​អំពី​របៀប​ដែល​ការ « បង្រៀន ហើយ​ទូន្មាន​គ្នា ដោយ​នូវ​ទំនុក​តម្កើង ទំនុក​បរិសុទ្ធ » អាច​ជា​ផ្នែក​មួយ​នៃ​មេរៀន​របស់​បងប្អូន ( កូល៉ុស ៣:១៦; សូមមើល​ផងដែរ ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្រ្គោះ ទំព័រ ២២ ) ។