ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ១–៧ ខែ​សីហា ។ យ៉ូប ១–៣; ១២–១៤; ១៩; ២១–២៤; ៣៨–៤០; ៤២ ៖ « គង់​តែ​ខ្ញុំ​នឹង​ទុក​ចិត្ត​ដល់​ទ្រង់​ដែរ »


« ថ្ងៃទី ១–៧ ខែ សីហា ។ យ៉ូប ១–៣; ១២–១៤; ១៩; ២១–២៤; ៣៨–៤០; ៤២ ៖ ‹ គង់​តែ​ខ្ញុំ​នឹង​ទុក​ចិត្ត​ដល់​ទ្រង់​ដែរ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ២០២១ )

« ថ្ងៃទី ១–៧ ខែ សីហា ។ យ៉ូប ១–៣; ១២–១៤; ១៩; ២១–២៤; ៣៨–៤០; ៤២ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២២

បុរស​បី​នាក់​​និយាយ​ទៅ​កាន់បុរស​ម្នាក់ដែលអង្គុយ​នៅ​លើ​ដី

ការវិនិច្ឆ័យ របស់ យ៉ូប ដោយ យ៉ូសែប ប្រ៊ីកឃី

ថ្ងៃទី ១–៧ ខែ សីហា

យ៉ូប ១–៣; ១២–១៤; ១៩; ២១–២៤; ៣៨–៤០៤២

« គង់​តែ​ខ្ញុំ​នឹង​ទុក​ចិត្ត​ដល់​ទ្រង់​ដែរ »

តើ​សេចក្តី​ពិត​អ្វី​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​ជួយ​បងប្អូន​រៀន​នៅពេល​ដែល​បងប្អូន​បាន​សិក្សា​គម្ពីរ​របស់ យ៉ូប ? តើ​បងប្អូន​ចង់​ចែកចាយ​អ្វីខ្លះ​ជាមួយ​សមាជិក​ថ្នាក់ ?

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សមាជិក​ថ្នាក់​ដែល​បាន​សិក្សា យ៉ូប នៅ​សប្តាហ៍​នេះ ប្រហែលជា​រកឃើញ​សេចក្តី​ពិត​ដែល​មាន​អត្ថន័យ​ចំពោះ​ពួកគេ ។ ដើម្បី​ជំរុញ​ពួកគាត់​ឲ្យ​ចែកចាយ បងប្អូន​អាច​សរសេរ​នៅ​លើ​ក្តារខៀន ខ្ញុំ​បាន​រៀន​ពី យ៉ូប … ហើយ​សួរ​ដល់​សមាជិក​ថ្នាក់​ថា ពួកគេ​នឹង​បំពេញ​ប្រយោគ​នេះ​ដោយ​របៀប​ណា ។

រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

យ៉ូប ១–២; ១២–១៣; ១៩:២៣–២៧

ការទុក​ចិត្ត​របស់​យើង​នៅលើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជួយ​យើង​ឲ្យ​បន្ត​មាន​សេចក្តី​ជំនឿ​នៅ​ក្នុង​គ្រប់​កាលៈទេសៈ​ទាំង​អស់ ។

  • ជំពូក​ចំនួន​ពីរ​ដំបូង​នៃ គម្ពីរ​របស់​យ៉ូប ដែល​ពិពណ៌នា​អំពី​សាតាំង ចោទ​សួរ​មូលហេតុ​ដែល​នៅ​ពី​ក្រោយ​ភាពស្មោះត្រង់​របស់​យ៉ូប អាច​ជួយ​សមាជិក​ថ្នាក់​ធ្វើ​ការវាយ​តម្លៃ​ចំពោះ​មូលហេតុ​ផ្ទាល់ខ្លួន​របស់​ពួកគេ​ក្នុង​ការ​ធ្វើ​ជាមនុស្ស​ស្មោះត្រង់​ចំពោះ​ព្រះវបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ សមាជិក​ថ្នាក់​អាច​ចាប់​ផ្តើម​ដោយ​ការស្តាប់​នូវ​ហេតុផល​មួយ​ចំនួន​ដែល​មនុស្ស​ម្នាក់​អាច​ជ្រើសរើស​ដើម្បី​គោរព​ព្រះបញ្ញត្តិទាំងឡាយ​របស់​ព្រះ ។ បន្ទាប់​មក ពួកគេ​អាច​ស្រាវជ្រាវ យ៉ូប ១:៦–១២; ២:១–៦ ដើម្បី​ស្វែងរក​អ្វី​ដែល សាតាំង បាន​និយាយ​អំពី​ភាពស្មោះត្រង់​របស់ យ៉ូប ។ ហេតុអ្វី​បាន​ជា​វា​មាន​គ្រោះថ្នាក់​ក្នុង​ការគោរព​តាម​ព្រះអម្ចាស់​តែ​មួយ​អង្គ​ឯង ចំពោះ​ហេតុផល​ដែល​សាតាំង បាន​លើក​ឡើង ? តើ យ៉ូប ឆ្លើយ​តប​វិញ​យ៉ាង​ដូចម្តេច​ខ្លះ​នៅ​ក្នុង យ៉ូប ១:២០–២២; ២:៩–១០ ដែល​បង្ហាញ​អំពី យ៉ូប ? សមាជិក​ថ្នាក់​អាច​ជជែក​អំពី​ហេតុផល​ដែល​ពួកគេ​ជ្រើសរើស​បន្ត​មាន​ភាពស្មោះត្រង់​ចំពោះ​ព្រះ ។

    បុរស​មើល​ទៅ​លើ​មេឃ

    យ៉ូប ដោយ ហ្គារី អិល ខាប

  • ទោះបីជា យ៉ូប ស្ថិត​នៅ​ក្នុង​ការលំបាក​ដោយ​ភាពសង្ស័យ និង​ក្តីអស់​សង្ឃឹម ទីបំផុត ការទុក​ចិត្ត​របស់​គាត់​ទៅលើ​ព្រះអម្ចាស់​បាន​ទ្រទ្រង់​គាត់​នៅ​ក្នុង​សេចក្តី​វេទនា​របស់គាត់ ។ ដើម្បី​រៀន​មក​ពី​គំរូ​របស់ យ៉ូប សមាជិក​ថ្នាក់​អាច​ស្រាវជ្រាវ​ខគម្ពីរ​ខ្លះ​ដូច​ខាង​ក្រោម ដើម្បី​កត់​សម្គាល់​នូវ​ការឆ្លើយ​តប​ដោយ​វិជ្ជមាន​មួយ​ចំនួន​របស់ យ៉ូប ចំពោះ​ការសាក​ល្បង​ទាំងឡាយ​របស់​គាត់ ៖ យ៉ូប ១:២១; ២:១០; ១២:៩–១០, ១៦; ១៣:១៥–១៦; ១៩:២៣–២៧ ។ តើ​យើង​អាច​រៀន​អ្វី​ខ្លះ​មក​ពី​ការឆ្លើយ​តប​ទាំង​នេះ ដែល​អាច​ជួយ​យើងឲ្យ​បាន​រឹងមាំ​ខាង​ព្រលឹង​វិញ្ញាណ​នៅពេល​យើង​ជួប​ការសាកល្បង ? ហេតុ​អ្វី​វា​គ្រោះថ្នាក់​ដើម្បី​សន្មត​ថា ការសាកល្បង​គឺ​ជា​ការដាក់​ទណ្ឌកម្ម​ចំពោះ​អំពើ​បាប ?

  • សេចក្តី​ប្រកាស​របស់ យ៉ូប នៅ​ក្នុង យ៉ូប ១៩:២៣–២៧ អាច​បំផុស​គំនិត​សមាជិក​ថ្នាក់​ឲ្យ​ពិចារណា និង​ចែកចាយ​នូវ​ការជឿជាក់​របស់​ពួកគេ​ផ្ទាល់ខ្លួន​ថា​ព្រះប្រោសលោះ​ជា ព្រះយេស៊ូវ​គ្រីស្ទ ទ្រង់​មាន​ព្រះជន្ម​រស់ ។ បងប្អូន​អាច​ចាប់​ផ្តើម​ដោយ​ការអញ្ជើញ​សមាជិក​ថ្នាក់​ឲ្យ​ពិចារណា​ពាក្យ​សម្តី​របស់ យ៉ូប នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ​ដោយ​ស្ងៀមស្ងាត់ ។ បន្ទាប់​មក ពួកគេ​អាច​ពិភាក្សា​សំណួរ​ទាំង​នេះ ៖ ហេតុ​អ្វី​ក៏​ទីបន្ទាល់​អំពី​ព្រះប្រោសលោះ​មាន​តម្លៃ​ខ្លាំង​ម្ល៉េះ​អំឡុង​ពេល​នៃ​ការសាកល្បង​ដូច​អ្វី​ដែល យ៉ូប បាន​ជួបប្រទះ ? តើ​ទីបន្ទាល់​របស់​យើង​ទ្រទ្រង់​យើង​នៅក្នុង​ការសាកល្បង​របស់​យើង​ដោយ​របៀប​ណា ? ច្រៀង ឬ អាន​ទំនុក​ចម្រៀង​នៃ​ទំនុក​តម្កើង​អំពី ព្រះយេស៊ូវ​គ្រីស្ទ ដូច​ជា « ខ្ញុំ​ដឹង​ថា​ព្រះប្រោសលោះ​ខ្ញុំ​នៅ​រស់ » ( ទំនុកតម្កើង ល.រ. ៧៦ ) អាច​បន្ថែម​ការយល់​ដឹង និង​អំណាច​ខាង​ព្រលឹង​វិញ្ញាណ​ទៅ​ដល់​ការពិភាក្សា​របស់​បងប្អូន ។

យ៉ូប ៣៨

ព្រះ​តម្រិះ​របស់​ព្រះ​គឺ​មហិមាជាង​គំនិត​របស់​យើង ។

  • នៅក្នុង​គម្ពីរ យ៉ូប​ភាគច្រើន ( ជំពូកទី ៣–៣៧ ) ទាក់ទង​ជាមួយ យ៉ូប និង​មិត្តភក្តិ​របស់​គាត់​កំពុង​តែ​ដោះស្រាយ​សំណួរ « ហេតុ​អ្វី​បាន​ជា​ការអាក្រក់​អញ្ចឹង​កើត​ឡើង​ចំពោះ​មនុស្ស​សុចរិត ? » នៅ​ពេល​ដែល​ព្រះអម្ចាស់​មិន​ឆ្លើយ​តប​សំណួរ​នេះ​ទាំង​ស្រុង​នៅ​ក្នុង​គម្ពីរ យ៉ូប ទ្រង់​ពិត​ជា​ផ្តល់​នូវ​សារលិខិត​ដ៏​សំខាន់​មួយ ។ បងប្អូន​អាច​ជួយ​សមាជិក​ថ្នាក់​រកឃើញ​សារលិខិត​នេះ ដោយ​ការអញ្ជើញ​ពួកគេ​ឲ្យ​អាន​សំណួរ​ដែល​ព្រះអម្ចាស់​បាន​សួរ​ទៅ យ៉ូប នៅ​ក្នុង យ៉ូប ៣៨:១–៧, ១៨–២៤ ។ តើ​យើង​រៀន​អ្វី​ខ្លះ​ចេញ​ពី​សំណួរ​ទាំងនេះ ?

  • ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ ផ្ដល់​នូវ​ពន្លឺ​បន្ថែម​ទៀត ដែល​អាច​ជួយ​យើង​ឲ្យ​យល់​ពី​មូលហេតុ​ខ្លះៗ​ដែល​នាំឲ្យ​មាន​ការរងទុក្ខ​វេទនា​នៅ​ក្នុង​ពិភពលោក​នេះ ។ សមាជិក​ថ្នាក់​អាច​ចែកចាយ​សេចក្តី​ពិត​ដែល​ពួកគេ​ដឹង ដោយសារតែ​ការស្តារឡើង​វិញ​នៃ​ដំណឹង​ល្អ​នេះ ដែល​បាន​ផ្តល់​ឲ្យ​ពួកគេ​នូវ​ទស្សនៈ និង​ការយល់ដឹង​អំពី​ការរងទុក្ខ​វេទនា​កាន់តែ​ខ្លាំងក្លា ។ ពួកគេ​ក៏​អាច​ស្វែងរក​សេចក្តី​ពិត​ទាំង​នេះ​ខ្លះៗ​នៅ​ក្នុង​ព្រះគម្ពីរ និង​សេចក្តី​ថ្លែងការណ៍​នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » បានដែរ ។

រូប​តំណាង​ធនធាន​បន្ថែម​នានា

ធនធាន​បន្ថែម​ទាំងឡាយ

ការយល់​ដឹង​នៅថ្ងៃ​ចុង​ក្រោយ​អំពី​គោលបំណង​នៃ​ការរង​ទុក្ខវេទនា ។

បទគម្ពីរ​ខាង​ក្រោម​ផ្តល់​នូវ​ការយល់ដឹង​ពី​គោលបំណង​នៃ​ការរងទុក្ខ​វេទនា ៖

ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​បង្រៀន​ថា ៖

« បើ​យើង​សម្លឹង​មើល​ទៅលើ​ភាពរមែង​ស្លាប់ ថាជា​ជីវិត​ទាំងមូល នោះ​ការឈឺចាប់ ទុក្ខព្រួយ ការបរាជ័យ និង ជីវិត​ដ៏​ខ្លី នឹង​ជា​សេចក្ដី​លំបាក​ហើយ ។ ប៉ុន្តែ បើ​យើង​គិតថា​ជីវិត​ជា​រឿង​ដែល​អស់កល្ប​ជានិច្ច ដែល​លាត​សន្ធឹង​ទៅ​យ៉ាងជ្រៅ​ក្នុង​អតីតកាល​នៃ​ជីវិត​មុន​ផែនដី និង ទៅក្នុង​អនាគត​ក្រោយ​សេចក្ដី​ស្លាប់​ដ៏​អស់កល្ប​ជានិច្ច នោះ​អ្វីៗ​ទាំងអស់​ដែល​កើតឡើង អាច​នឹង​ត្រូវបាន​ដាក់​ចូល​ទៅក្នុង​ទស្សនវិស័យ​ដ៏​ត្រឹមត្រូវ ។

« តើ​វា​មិន​មែន​ជា​ប្រាជ្ញា​នៅ​ក្នុង [ ព្រះ ] ដែល​ប្រទាន​ដល់​យើង​នូវ​ការ​សាកល្បង​ដែល​យើង​អាច​យក​ឈ្នះ​លើ​វា ដើម្បី​យើង​អាច​សម្រេច​បាន​នូវ​ការ​ទទួលខុស​ត្រូវ ធ្វើ​ការ​ដើម្បី​ពង្រឹង​សាច់ដុំ​របស់​យើង ហើយ​ទុក្ខព្រួយ​ដើម្បី​សាកល្បង​ព្រលឹង​យើង​ទេ​ឬ​អី ? តើ​យើង​ពុំ​ត្រូវ​បាន​បណ្តាល​ឲ្យ​ដកពិសោធន៍​ពី​ការ​ល្បួង ដើម្បី​ល្បង​ពី​កម្លាំង​របស់​យើង ជម្ងឺ ដើម្បី​ឲ្យ​យើង​អាច​រៀន​ពី​ការ​អត់ធ្មត់ សេចក្ដី​ស្លាប់ ដើម្បី​យើង​អាច​ទទួល​បាន​អមតភាព និង​សិរី​ល្អ​ទេ​ឬ​អី​? …

« ប្រសិន​បើ​អំណរ និង​ភាពសុខសាន្ត និង​រង្វាន់​ត្រូវ​បាន​ផ្តល់​ឲ្យ​អ្នក​ដែល​ធ្វើ​ល្អ​ភ្លាមៗ នោះ​វា​គ្មាន​អំពើ​អាក្រក់​ឡើយ—អ្នក​ទាំង​អស់​គ្នា​នឹង​ធ្វើ​ការណ៍​ល្អ ប៉ុន្តែ​មិនមែន​ដោយ​សារតែ​ភាពសុចរិត​នៃ​ការធ្វើ​ល្អ​នោះ​ទេ ។ នោះ​នឹង​គ្មាន​ការសាកល្បង​កម្លាំង គ្មាន​ការអភិវឌ្ឍន៍​នៃ​លក្ខណៈ​សម្បត្តិ គ្មាន​ការរីកចម្រើន​នៃ​អំណាច គ្មាន​សិទ្ធិ​ជ្រើសរើស » ( Teachings of Presidents of the Church: Spencer W. Kimball [ ឆ្នាំ​២០០៦ ] ១៥ ).

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ការធ្វើ​តាម​ព្រះវិញ្ញាណ ។ បងប្អូន​មិន​អាច​ទាយ​ដឹង​រាល់​មេរៀន​នឹង​មាន​ដំណើរការ​របៀប​ណា​នោះ​ទេ ប៉ុន្តែ​ការបំផុស​គំនិត​នៃ​ព្រះវិញ្ញាណ​នឹង​ដឹកនាំ​បងប្អូន ។ នៅ​ពេល​ដែល​បងប្អូន​បាន​រៀបចំ​ខាង​វិញ្ញាណ នោះ​ព្រះអម្ចាស់​អាច​ប្រទាន​ដល់​បងប្អូន​នូវ « សេចក្ដី​ដែល​អ្នក​ត្រូវ​និយាយ នៅ​វេលា​នោះ​ឯង » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០០:៦ ) ហើយ​វាអាច​ជា​អ្វី​ដែល​សមាជិក​ថ្នាក់​ត្រូវការ​ស្តាប់ ។ ( សូម​មើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះទំព័រ ១០ ) ។