« មេរៀនទី ១—ការក្បត់សាសនាដ៏ធំ ៖ តម្រូវការដើម្បីមានការស្ដារឡើងវិញនូវសាសនាចក្រនៃព្រះអង្គសង្រ្គោះ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« ការក្បត់សាសនាដ៏ធំ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១ ៖ សេចក្ដីប្រកាសនៃការស្ដារឡើងវិញ
ការក្បត់សាសនាដ៏ធំ
តម្រូវការដើម្បីមានការស្ដារឡើងវិញនូវសាសនាចក្រនៃព្រះអង្គសង្រ្គោះ
ព្រះយេស៊ូវគ្រីស្ទបានបង្កើតឲ្យមានសាសនាចក្ររបស់ទ្រង់ អំឡុងពេលនៃការងារបម្រើក្នុងព្រះជន្មរមែងស្លាប់របស់ទ្រង់ ។ បន្ទាប់ពីការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ព្រះអង្គសង្គ្រោះបានចាត់ពួកសាវករបស់ទ្រង់ឲ្យដឹកនាំសាសនាចក្រ ដោយមានសិទ្ធិអំណាចបព្វជិតភាពរបស់ទ្រង់ និងកូនសោបព្វជិតភាព ។ ដោយសារតែមានការបៀតបៀនយ៉ាងខ្លាំង និងការស្លាប់របស់ពួកសាវក នោះមនុស្សលែងមានការណែនាំរបស់ព្រះមកពីពួកព្យាការីដែលនៅរស់ទៀតហើយ ។ ការបង្រៀន និងគោលលទ្ធិរបស់ព្រះយេស៊ូវគ្រីស្ទត្រូវបានកែប្រែ ដែលនាំឲ្យមានរយៈពេលមួយដែលគេហៅថា ការក្បត់សាសនាដ៏ធំ ។ មេរៀននេះអាចជួយសិស្សឲ្យយល់អំពីតម្រូវការដើម្បីមានការស្ដារឡើងវិញនៃសាសនាចក្រពិតរបស់ព្រះយេស៊ូវគ្រីស្ទនៅថ្ងៃចុងក្រោយ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការរស់នៅមុនពេលមានការស្ដារឡើងវិញ
សូមពិចារណាអញ្ជើញសិស្សឲ្យពិភាក្សាសំណួរខាងក្រោមជាមួយនឹងដៃគូ ឬជាក្រុមតូចមួយ ។ លើសពីនេះ អ្នកអាចនឹងស្នើសុំឲ្យសិស្សពិភាក្សាសំណួរលម្អិតបន្ថែមទៀត ដូចជាការងារដែលពួកគេអាចធ្វើ និងការកម្សាន្ត កន្លែងដែលពួកគេធ្លាប់រស់នៅ តើផ្ទះរបស់ពួកគេអាចមានលក្ខណៈបែបណា និងប្រភេទអាហារដែលពួកគេអាចបានទទួលទាន ។
អ្នកក៏អាចប្រើសកម្មភាពរៀនសូត្របន្ថែម « ស្រមៃមើលការច្របូកច្របល់ខាងសាសនាក្នុងអំឡុងពេលនៃការក្បត់សាសនាដ៏ធំ » អំឡុងផ្នែកនេះនៃមេរៀនផងដែរ ។
សូមស្រមៃថា អ្នករស់នៅក្នុងឆ្នាំ ១៨០០ ជំនួសឲ្យជំនាន់នេះ ។
-
តើជីវិតអ្នកនឹងខុសគ្នាយ៉ាងណា ?
សូមពន្យល់ថា ភាពខុសគ្នាមួយគឺការរស់នៅដោយគ្មានដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទនៅលើផែនដីនេះ ។ ដើម្បីជួយសិស្សឲ្យគិតអំពីសភាពនៃស្ថានភាពនេះ សូមពិចារណាសួរសំណួរដូចខាងក្រោម ៖
-
តើទំនាក់ទំនងរបស់អ្នកជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ អាចមើលទៅមានលក្ខណៈដូចម្ដេច ?
-
តើអ្នកអាចមានសំណួរ ឬកង្វល់អ្វីខ្លះ ?
ការក្បត់សាសនាដ៏ធំ
ដើម្បីជួយសិស្សឲ្យយល់អំពីព្រឹត្តិការណ៍មួយចំនួនដែលនាំទៅដល់ការក្បត់សាសនាដ៏ធំ អ្នកអាចអញ្ជើញពួកគេឲ្យចែកចាយអ្វីដែលពួកគេដឹងអំពីព្រឹត្តិការណ៍ទាំងនេះ ឬប្រើសេចក្ដីសង្ខេបខាងក្រោមនេះមួយចំនួន ។ អ្នកក៏អាចប្រើវីដេអូ « What Is the Restoration? » ចាប់ពីនាទីទី ០:៣២ ដល់នាទីទី ២:០៨ បានផងដែរ ។ វីដេអូនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
What Is the Restoration?
ការក្បត់សាសនាកើតឡើង នៅពេលដែលមនុស្សងាកចេញពីគោលលទ្ធិពិតនៃដំណឹងល្អ ហើយបដិសេធអ្នកបម្រើដែលមានសិទ្ធិអំណាចរបស់ព្រះអម្ចាស់ ។ រយៈពេលមួយនៃការក្បត់សាសនាបានកើតឡើង បន្ទាប់ពីសម័យព្រះគម្ពីរសញ្ញាថ្មី ក្រោយពីព្រះអង្គសង្គ្រោះបានបង្កើតសាសនាចក្ររបស់ទ្រង់ ហើយបានតែងតាំងពួកសាវករបស់ទ្រង់ឲ្យដឹកនាំសាសនាចក្រនោះ ។
« បន្ទាប់ពីការសុគតរបស់ព្រះអង្គសង្រ្គោះ និងការស្លាប់របស់ពួកសាវក មនុស្សបានបង្ខូចគោលការណ៍នៃដំណឹងល្អ ហើយបានធ្វើការផ្លាស់ប្តូរដោយគ្មានការអនុញ្ញាតក្នុងអង្គការសាសនាចក្រ និង ពិធីបរិសុទ្ធ នៃបព្វជិតភាព ។ ដោយសារតែការក្បត់សាសនាដ៏ធំនេះ ព្រះអម្ចាស់បានដកសិទ្ធិអំណាចបព្វជិតភាពចេញពីផែនដី » ( Topics and Questions « Apostasy » topics.ChurchofJesusChrist.org ) ។
សូមអានបទគម្ពីរខាងក្រោម ដោយរកមើលស្ថានភាពនានានៅលើផែនដីក្នុងអំឡុងពេលនៃការក្បត់សាសនាដ៏ធំ ។
សិស្សអាចនឹងសិក្សាខគម្ពីរទាំងនេះរៀងៗខ្លួន ឬជាមួយក្រុមបាន ។ លើសពីនេះ អ្នកក៏អាចចាត់តាំងក្រុមនីមួយៗឲ្យសិក្សាបណ្ដុំខគម្ពីរមួយ ហើយចែកចាយជាមួយសិស្សក្នុងថ្នាក់នូវអ្វីដែលពួកគេបានរកឃើញផងដែរ ។
សូមប្រើសំណួរខាងក្រោមនេះ ដើម្បីពិភាក្សាអំពីអ្វីដែលសិស្សបានរៀនចេញពីខគម្ពីរទាំងនេះ ។ ជាផ្នែកមួយនៃការពិភាក្សានេះ វាអាចជាការសំខាន់ដើម្បីពន្យល់ថា ទោះបីជាសាសនាចក្រ និងសិទ្ធិអំណាចរបស់ព្រះអង្គសង្គ្រោះមិនមាននៅលើផែនដីក្នុងអំឡុងពេលនៃការក្បត់សាសនាដ៏ធំក៏ដោយ ក៏នៅតែមានមនុស្សជាច្រើនដែលរស់នៅក្នុងអំឡុងពេលនោះដែលស្រឡាញ់ព្រះ ហើយព្យាយាមធ្វើតាមទ្រង់ដោយស្មោះត្រង់តាមការយល់ដឹងដែលពួកគេមាន ។
-
តើពាក្យ ឬឃ្លាអ្វីខ្លះដែលអ្នកបានរកឃើញ ដែលពិពណ៌នាអំពីស្ថានភាពនៃពិភពលោកក្នុងអំឡុងពេលនៃការក្បត់សាសនាដ៏ធំនេះ ?
-
តើការមិនមានដំណឹងល្អដ៏ពិតរបស់ព្រះយេស៊ូវគ្រីស្ទ អាចត្រូវបានប្រៀបធៀបទៅនឹងគ្រោះទុរ្ភិក្សដោយរបៀបណា ? តើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ផ្តល់នូវអ្វីខ្លះ ដែលនាំឲ្យមានជីវិត និងការចិញ្ចឹមបីបាច់ដល់ពិភពលោកនេះ ?
-
តើអ្នកគិតថា ហេតុអ្វីបានជាវាសំខាន់ដើម្បីយល់ពីការក្បត់សាសនាដ៏ធំនេះ និងផលវិបាករបស់វា ?
ក្នុងការឆ្លើយតបនឹងសំណួរមុន សិស្សអាចនិយាយអ្វីមួយស្រដៀងគ្នានឹងសេចក្ដីពិតដូចតទៅនេះ ៖ គោលលទ្ធិ និងសិទ្ធិអំណាចរបស់ព្រះយេស៊ូវគ្រីស្ទត្រូវបានស្ដារឡើងវិញ ដើម្បីយកឈ្នះលើឥទ្ធិពលនៃការក្បត់សាសនាដ៏ធំ ។ សូមពិចារណាសរសេរសេចក្តីពិតនេះដាក់នៅលើក្តារខៀន ។
ការស្ដារដំណឹងល្អរបស់ព្រះអង្គសង្គ្រោះឡើងវិញ
ជាច្រើនដងនៅក្នុងប្រវត្តិសាស្ត្រពិភពលោកនេះ ព្រះវរបិតាសួគ៌បានជួយបុត្រាបុត្រីរបស់ទ្រង់ដែលបានធ្លាក់ចូលទៅក្នុងការក្បត់សាសនា តាមរយៈការហៅព្យាការីឲ្យតាំងសេចក្តីពិតឡើង និងប្រកាសដំណឹងល្អ ។ នៅក្នុងគ្រាកាន់កាប់ត្រួតត្រារបស់យើង ទ្រង់បានផ្ដួចផ្ដើមឲ្យមានការស្ដារឡើងវិញនៃដំណឹងល្អតាមរយៈព្យាការី យ៉ូសែប ស្ម៊ីធ ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៥–២០; គោលលទ្ធិ និងសេចក្ដីសញ្ញា ១:១៧ ) ។
មេរៀនបន្ទាប់ « ការស្ដារឡើងវិញនៃភាពពេញលេញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ៖ ការប្រកាសដល់ពិភពលោកនៃខួបលើកទីពីររយឆ្នាំ » នឹងផ្ដល់ឱកាសឲ្យសិស្សសិក្សាអំពីការស្ដារឡើងវិញនូវដំណឹងល្អរបស់ព្រះអង្គសង្គ្រោះនៅថ្ងៃចុងក្រោយ ។
ដើម្បីជួយសិស្សឲ្យស្គាល់គំរូរបស់ព្រះក្នុងការប្រទានពរជ័យដល់បុត្រាបុត្រីរបស់ទ្រង់ជាមួយនឹងដំណឹងល្អបន្ទាប់ពីរយៈពេលនៃការក្បត់សាសនា សូមពិចារណាបង្ហាញវីដេអូ « Dispensations: The Pattern of Apostasy and Restoration » ( ៦:៥២ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ សូមអញ្ជើញសិស្សឲ្យគិតអំពីអ្វីដែលពួកគេរៀន ឬមានអារម្មណ៍អំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ នៅពេលពួកគេបានមើលវីដេអូនេះហើយ ។
គ្រាកាន់កាប់ត្រួតត្រា ៖ គន្លងនៃការក្បត់សាសនា និងការស្ដារឡើងវិញ
-
តើអ្នករៀនអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ មកពីព្រះទ័យរបស់ទ្រង់ទាំងទ្វេក្នុងការស្ដារដំណឹងល្អមកកាន់ផែនដីឡើងវិញក្នុងអំឡុងពេលនៃការក្បត់សាសនា ?
-
តើដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទផ្ដល់នូវអ្វីខ្លះ ដែលជួយអ្នកឲ្យរីកចម្រើនខាងវិញ្ញាណ ?
សូមពន្យល់ពីការក្បត់សាសនាដ៏ធំ និងតម្រូវការដើម្បីមានការស្តារឡើងវិញ
ដើម្បីជួយសិស្សឲ្យបង្ហាញការយល់ដឹងរបស់ពួកគេអំពីអ្វីដែលពួកគេបានរៀនហើយ សូមពិចារណាចែកចាយសាច់រឿងដូចខាងក្រោម ហើយផ្តល់ឱកាសឲ្យសិស្សឆ្លើយតបទៅនឹងសាច់រឿងនោះ ។
សូមស្រមៃថា អ្នកមានមិត្តម្នាក់ដែលមិនមែនជាសមាជិកនៃសាសនាចក្រទេ ប៉ុន្តែងឿងឆ្ងល់អំពីជំនឿរបស់អ្នក ។ បន្ទាប់ពីការពិភាក្សាមួយចំនួន មិត្តអ្នកនិយាយថា « តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាមានព្រះវិហារគ្រិស្តសាសនាច្រើនម្ល៉េះនៅលើផែនដីនេះ ? ខ្ញុំមិនយល់ពីរបៀបដែលមនុស្សអាចសម្រេចចិត្តថា តើគួរចូលរួមក្នុងព្រះវិហារមួយណា បើមានព្រះវិហារច្រើនបែបនេះនោះ » ។
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមបង្កើតគម្រោងសង្ខេបមួយដែលមានខគម្ពីរ និងគំនិតដែលអ្នកអាចចែកចាយ ដែលអាចជួយមិត្តអ្នកបាន ។ សូមប្រាកដថាបានរួមបញ្ចូលនូវអ្វីដែលអ្នកបានរៀននៅថ្ងៃនេះអំពីការក្បត់សាសនាដ៏ធំ និងតម្រូវការដើម្បីមានការស្ដារឡើងវិញ ។ សូមព្យាយាមប្រើពាក្យសម្ដីផ្ទាល់ខ្លួនអ្នក ដើម្បីបង្ហាញពីមូលហេតុដែលការស្ដារគោលលទ្ធិ សិទ្ធិអំណាច និងសាសនាចក្ររបស់ព្រះអង្គសង្គ្រោះឡើងវិញគឺជារឿងដ៏ចាំបាច់ ដើម្បីយកឈ្នះលើឥទ្ធិពលនៃការក្បត់សាសនាដ៏ធំនេះ ។
សូមពិចារណាចែកចាយទីបន្ទាល់របស់អ្នកអំពីសេចក្ដីពិតដែលអ្នកបានពិភាក្សានៅក្នុងមេរៀននេះ ។ អ្នកអាចអញ្ជើញសិស្សឲ្យអធិស្ឋានទូលសូមឱកាសមួយ ដើម្បីចែកចាយជាមួយនឹងនរណាម្នាក់អំពីអ្វីដែលពួកគេបានរៀនថ្ងៃនេះ និងសារៈសំខាន់នៃការស្ដារឡើងវិញ ។