« មេរៀនទី ៣—បុព្វកថានៃព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ៖ ការស្តាប់ព្រះសូរសៀងនៃព្រះយេស៊ូវគ្រីស្ទ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« បុព្វកថានៃព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
នៅក្នុងព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា យើងអាចអានព្រះបន្ទូលរបស់ព្រះអម្ចាស់ផ្ទាល់ ដែលជួយយើងឲ្យស្ដាប់ឮព្រះសូរសៀងទ្រង់កំពុងមានបន្ទូលទៅកាន់អ្នកដែលនៅជំនាន់យើង ហើយសូម្បីតែចំពោះយើងផ្ទាល់ក្ដី ។ មេរៀននេះអាចជួយសិស្សឲ្យរៀបចំខ្លួនរៀនស្គាល់ព្រះអង្គសង្គ្រោះ នៅពេលដែលពួកគេចាប់ផ្តើមការសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញារបស់ពួកគេ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការណែនាំឲ្យស្គាល់គ្នាទៅវិញទៅមក
សូមគិតដល់មនុស្សដែលអ្នកមានអារម្មណ៍ថា អ្នកស្គាល់ច្បាស់បំផុត ។
នៅក្នុងព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា ព្រះយេស៊ូវគ្រីស្ទបានបរិយាយអំពីវិធីមួយចំនួនដែលយើងអាចមកស្គាល់ទ្រង់បានកាន់តែច្បាស់ និងបានសន្យាប្រាប់យើងអំពីពរជ័យ ដែលយើងអាចទទួលបានសម្រាប់ការធ្វើដូច្នេះ ។
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១៩:២៣–២៤ ដោយរកមើលការអញ្ជើញរបស់ព្រះអង្គសង្រ្គោះ និងការសន្យាដែលទ្រង់បានធ្វើ ។
-
តើអ្នកគិតថា ការអញ្ជើញរបស់ព្រះអង្គសង្គ្រោះនៅក្នុងខគម្ពីរទាំងនេះអាចនឹងជួយយើងឲ្យស្គាល់ទ្រង់បានកាន់តែច្បាស់ដោយរបៀបណា ?
-
តើយើងអាចរៀនអ្វីខ្លះអំពីព្រះអង្គសង្គ្រោះ ចេញពីព្រះបន្ទូលរបស់ទ្រង់នៅក្នុងខគម្ពីរទាំងនេះ ?
ការសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា
នៅឆ្នាំនេះ អ្នកនឹងមានឱកាសសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញានៅផ្ទះ នៅព្រះវិហារ និងនៅថ្នាក់សិក្ខាសាលា ។ នៅពេលដែលអ្នកសិក្សា អ្នកនឹងមានឱកាសជាច្រើនដើម្បីស្វែងយល់អំពីព្រះយេស៊ូវគ្រីស្ទ ហើយស្តាប់ព្រះបន្ទូលរបស់ទ្រង់ ។ ការណ៍នេះអាចជួយអ្នកឲ្យមកស្គាល់ទ្រង់កាន់តែច្បាស់ និងទទួលបានសេចក្ដីសុខសាន្តដែលទ្រង់បានសន្យា ។
នៅក្នុង បុព្វកថានៃព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា សូមអាន កថាខណ្ឌទី ១–៣ និងប្រយោគចុងក្រោយនៃ កថាខណ្ឌទី ៨ ។ នៅពេលអ្នកអាន សូមរកមើលឃ្លាអំពីរបៀបដែលការសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញាអាចជួយអ្នកឲ្យមកស្គាល់ព្រះយេស៊ូវគ្រីស្ទកាន់តែច្បាស់ ។
ព្រះសូរសៀងរបស់ព្រះអង្គសង្រ្គោះនៅក្នុងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា
សេចក្ដីពិតមួយដែលយើងអាចរៀនពីកថាខណ្ឌទាំងនេះគឺថា នៅពេលយើងសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា នោះយើងអាចស្ដាប់ឮព្រះសូរសៀងរបស់ព្រះអង្គសង្គ្រោះ ដែលមានព្រះបន្ទូលមកកាន់យើងក្នុងជំនាន់របស់យើង ហើយរៀនបន្ថែមទៀតអំពីទ្រង់ ។
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១៨:៣៣–៣៦ ដោយរកមើលការបង្រៀនពីព្រះអង្គសង្គ្រោះដែលទាក់ទងនឹងសេចក្តីពិតនេះ ។
នៅក្នុងការសិក្សារបស់អ្នកទាំងមូលអំពីព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា សូមផ្តោតជាសំខាន់លើអ្វីដែលអ្នកកំពុងរៀនអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ វាថែមទាំងអាចមានប្រយោជន៍ផងដែរ ដើម្បីរៀបចំផ្នែកមួយនៃសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ឬបង្កើតកំណត់ចំណាំមួយនៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អរបស់អ្នក សម្រាប់កត់ត្រាការយល់ដឹងនានាដែលអ្នកទទួលបានអំពីទ្រង់ទាំងទ្វេ ។ អ្នកអាចនឹងបន្ថែមទៅក្នុងបញ្ជីនៃការយល់ដឹងរបស់អ្នកពេញមួយឆ្នាំ ។ សូមពិចារណាពីរបៀបដែលអ្វីដែលអ្នករៀនអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមានឥទ្ធិពលលើសេចក្ដីស្រឡាញ់របស់អ្នកចំពោះទ្រង់ និងការទុកចិត្តលើទ្រង់ទាំងទ្វេ ។
សូមសិក្សាព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះនៅក្នុងវគ្គបទគម្ពីរមួយចំនួនខាងក្រោមនេះចេញពីព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា ។ សូមយកចិត្តទុកដាក់លើអ្វីដែលអ្នកអាចរៀនអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ចេញពីខគម្ពីរដែលអ្នកសិក្សានេះ ។
-
តើវគ្គបទគម្ពីរទាំងនេះបានជួយឲ្យអ្នកយល់ដឹងអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ? ហេតុអ្វីបានជាអ្នកគិតថា ការដឹងរឿងទាំងនេះអំពីទ្រង់ទាំងទ្វេមានសារៈសំខាន់ ?
-
តើអ្វីដែលអ្នកបានរៀនអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនៅក្នុងខគម្ពីរទាំងនេះ អាចនឹងជួយឲ្យអ្នកទទួលបាននូវសេចក្ដីសុខសាន្ដយ៉ាងដូចម្ដេច ?
ដាក់គោលដៅសិក្សាព្រះគម្ពីរ
គោលបំណងមួយនៃថ្នាក់សិក្ខាសាលា គឺដើម្បីជួយអ្នកឲ្យខិតកាន់តែជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ តាមរយៈការសិក្សាព្រះគម្ពីរប្រចាំថ្ងៃ ។ សូមស្វែងរកការបំផុសគំនិតតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដើម្បីដាក់គោលដៅមួយទាក់ទងនឹងការសិក្សារបស់អ្នកនៅក្នុងព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញា ។ អ្នកអាចនឹងគិតអំពីសំណួរខាងក្រោម នៅពេលអ្នកដាក់គោលដៅ ៖
-
តើនៅពេលណា និងកន្លែងណាដែលខ្ញុំអាចសិក្សាព្រះគម្ពីររបស់ខ្ញុំជារៀងរាល់ថ្ងៃបាន ?
-
តើខ្ញុំត្រូវរៀនប៉ុន្មានម៉ោងក្នុងមួយថ្ងៃ ?
-
តើខ្ញុំអាចធ្វើអ្វីខ្លះ ដើម្បីយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យមានកាន់តែពេញលេញនៅក្នុងបទពិសោធន៍ខ្ញុំ ?
សូមកត់ត្រាគោលដៅរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។