« គោលលទ្ធិ និង សេចក្ដីសញ្ញា ៖ ទិដ្ឋភាពទូទៅ » ដើម្បីកម្លាំងនៃយុវជន ខែ មករា ឆ្នាំ ២០២១ ទំព័រ ១៤–១៥ ។
ចូរមកតាមខ្ញុំ
គោលលទ្ធិ និង សេចក្ដីសញ្ញា ៖ ទិដ្ឋភាពទូទៅ
តើវាជាអ្វី ?
ព្រះគម្ពីរគោលលទ្ធិ និង សេចក្តីសញ្ញា គឺជាការចងក្រងវិវរណៈសម័យទំនើបមកពីព្រះ ដែលបានទទួលភាគច្រើនតាមរយៈព្យាការីយ៉ូសែប ស្ម៊ីធ ។ វិវរណៈទាំងនេះជាច្រើនត្រូវបានប្រទានជាចម្លើយចំពោះសំណួរ ដែលយ៉ូសែប និងសមាជិកសាសនាចក្រពីដើមផ្សេងទៀតបានទូលសួរដល់ព្រះ ។
ហេតុអ្វីបានជាត្រូវបង្កើតព្រះគម្ពីរគោលលទ្ធិ និង សេចក្ដីសញ្ញា ?
ក្នុងអំឡុងជំនាន់ដើមនៃសាសនាចក្រ មានសំណៅចម្លងវិវរណៈទាំងនេះ ដែលបានសរសេរដោយដៃតែពីរបីច្បាប់ប៉ុណ្ណោះ ។ នៅឆ្នាំ ១៨៣១ ថ្នាក់ដឹកនាំសាសនាចក្របានសម្រេចចិត្តបោះពុម្ព និងចេញផ្សាយវិវរណៈទាំងនេះនៅក្នុងព្រះគម្ពីរនៃព្រះបញ្ញត្តិមួយ ។ នៅសន្និសីទខែ វិច្ឆិកា ឆ្នាំ ១៨៣១ ដែលពិភាក្សាអំពីព្រះគម្ពីរនៃព្រះបញ្ញត្តិ នោះយ៉ូសែបបានទទួលវិវរណៈដែលឥឡូវនេះគឺជាកណ្ឌទី ១ បុព្វកថានៃព្រះគម្ពីរគោលលទ្ធិ និង សេចក្តីសញ្ញា ។
គោលលទ្ធិ
ការចងក្រងវិវរណៈនេះលើកដំបូងត្រូវបានហៅថាជាព្រះគម្ពីរនៃព្រះបញ្ញត្តិ ។ ការចងក្រងក្រោយមកទៀតត្រូវបានហៅថាជាព្រះគម្ពីរគោលលទ្ធិ និង សេចក្តីសញ្ញា ដោយសារវាបានបន្ថែមបាឋកថាជាបន្ដបន្ទាប់ « ស្ដីពីគោលលទ្ធិនៃសាសនាចក្រ » ដែលត្រូវបានគេស្គាល់ថាជា « គោលលទ្ធិ » ជាពាក្យខ្លី ( ឥឡូវនេះ ត្រូវបានហៅថាជា Lectures on Faith ( បាឋកថាស្ដីពីសេចក្ដីជំនឿ ) ) ។ តាំងពីកំណែឆ្នាំ ១៩២១ មក Lectures on Faith ( បាឋកថាស្ដីពីសេចក្ដីជំនឿ ) លែងត្រូវបានបញ្ចូលទៀតហើយ ប៉ុន្ដែចំណងជើងគោលលទ្ធិ និង សេចក្តីសញ្ញានៅបន្ដដដែល ។១
សេចក្តីសញ្ញា
ផ្នែកសេសសល់ទាំងប៉ុន្មានទៀតនៃគម្ពីរនេះមាននូវវិវរណៈដែលបានទទួលដោយ យ៉ូសែប ស្ម៊ីធ ។ ផ្នែកនេះត្រូវបានគេស្គាល់ថាជា « សេចក្ដីសញ្ញា និងព្រះបញ្ញត្តិនៃព្រះអម្ចាស់ » ឬ « សេចក្ដីសញ្ញា » ជាពាក្យខ្លី ។ ពួកបរិសុទ្ធពីដើមបានប្រើ « សេចក្ដីសញ្ញា » ឬ « ព្រះបញ្ញត្តិ » ដើម្បីយោងទៅវិវរណៈដែលបានទទួលដោយព្យាការីទាំងនេះដើម្បីប្រាប់ពួកគេ ក្រៅពីការសរសេរផ្សេងទៀតរបស់យ៉ូសែប ស៊្មីធ ដូចជាទេសនកថាដ៏បំផុសគំនិតនានា និងការបកប្រែព្រះគម្ពីរបរិសុទ្ធរបស់លោក ។២
ហេតុអ្វីបានជាព្រះគម្ពីរគោលលទ្ធិ និង សេចក្ដីសញ្ញាមានសារសំខាន់នៅសព្វថ្ងៃនេះ ?
គោលលទ្ធិ និង សេចក្ដីសញ្ញាមាននូវវិវរណៈដែលមកពីព្រះយេស៊ូវគ្រីស្ទទៅកាន់រាស្ដ្ររបស់ទ្រង់ ។ វាបង្រៀនយើងថា ព្រះស្គាល់ពួកយើងម្នាក់ៗតាមឈ្មោះ ថាទ្រង់ស្ដាប់ឮការអធិស្ឋានរបស់យើង ហើយឆ្លើយនឹងសំណួររបស់យើង ហើយថាព្រះនៅតែមានបន្ទូលនៅសព្វថ្ងៃនេះ ។ វាក៏បង្រៀនពីគោលលទ្ធិដ៏មានតម្លៃអំពីផែនការណ៍នៃសេចក្តីសង្គ្រោះ និងផ្ដល់ការយល់ដឹងបន្ថែមដល់យើងអំពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទផងដែរ ។ វាផ្ដល់ការលួងលោម តាមរយៈការបង្ហាញពីរបៀបដែលព្រះស្រឡាញ់យើង និងនៅតែហៅយើងឲ្យមករកទ្រង់ ទោះជាពេលយើងធ្វើខុសក្ដី ។