២០២១
យ៉ូសែប ស្ម៊ីធ—ព្យាការី​របស់​ខ្ញុំ
ខែ មករា ឆ្នាំ ២០២១


« យ៉ូសែប ស្ម៊ីធ—ព្យាការី​របស់​ខ្ញុំ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ មករា ឆ្នាំ ២០២១ ទំព័រ ៨–១១ ។

ចូរ​មក​តាម​ខ្ញុំ

យ៉ូសែប ស្ម៊ីធ—ព្យាការី​របស់​ខ្ញុំ

លោក​​ជា​ព្យាការី​របស់​ប្អូនៗ​ផងដែរ ។ ប្អូនៗ​អាច​សិក្សា​អំពី​ការបង្រៀន​របស់​លោក​នៅ​ឆ្នាំនេះ ដើម្បី​ធ្វើឲ្យ​លោក​កាន់តែ​ជា​ព្យាការី​របស់​ប្អូន ។

យ៉ូសែប ស៊្មីធ

មាន​អ្វីមួយ​ដែល​ប្រធាន រ័សុល អិម ណិលសុន បាន​ថ្លែង​នៅក្នុង​សន្និសីទ​ទូទៅ​ខែ មេសា ឆ្នាំ ២០២០ ដែល​បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​មក​លើ​ខ្ញុំ​គឺ ៖ « មិន​ថា​បងប្អូន​រស់នៅ​កន្លែង​ណា ឬ​ស្ថានភាព​បងប្អូន​យ៉ាងណា​នោះទេ ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ​គឺជា​ព្រះអង្គ​សង្គ្រោះ​របស់​បងប្អូន ហើយ​ព្យាការី របស់​ព្រះ យ៉ូសែប ស្ម៊ីធ​គឺជា​ព្យាការី​របស់​បងប្អូន » ( « Hear Him » [ EnsignLiahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៨៨ ] ) ។

តាំងពី​ខ្ញុំ​នៅក្មេង នោះ​ជា​អារម្មណ៍​ដែល​ខ្ញុំ​បាន​មាន—យ៉ូសែប ស៊្មីធ​គឺជា​ព្យាការី​របស់​ខ្ញុំ ។ ព្យាការី​នៃ​ការស្ដារឡើង​វិញ​រូបនេះ​បាន​ជួយ​ខ្ញុំ​ឲ្យ​ស្គាល់​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់​ជាង​ព្យាការី​ណាៗ​ទាំងអស់ ។ ខ្ញុំ​បាន​សិក្សា​វិវរណៈ​ទាំងឡាយ​នៅក្នុង​គម្ពីរ​គោលលទ្ធិ និង​សេចក្តី​សញ្ញា ។ ហើយ​នៅពេល​ខ្ញុំ​នៅ​វ័យ​ជំទង់ ប៉ា​ខ្ញុំ​បាន​ឲ្យ​សៀវភៅ​មួយ​ក្បាល​ស្ដីពី​ការបង្រៀន​របស់​ព្យាការី​យ៉ូសែប ស៊្មីធ​ដល់​ខ្ញុំ ហើយ​ខ្ញុំ​បាន​អាន​វា​យ៉ាង​លឿន ។ ការសិក្សា​អំពី​ការបង្រៀន​ទាំងនោះ​បាន​ក្លាយជា​ដុំ​សាង​សង់ដ៏ធំនៃ​ទីបន្ទាល់​របស់​ខ្ញុំ​នៅលើ​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ​នេះ ។

តាំងពី​ពេលនោះ​មក ខ្ញុំ​បាន​គិត​ថា ៖ តើ​វា​គឺជា​អ្វីទៅ​ដែល​ចេញ​មកពី​ការបង្រៀន​របស់​យ៉ូសែប ស៊្មីធ ដែល​បាន​ធ្វើឲ្យ​ខ្ញុំ​មាន​ចំណាប់​អារម្មណ៍​បែប​នោះ ? តើ​អ្វីទៅ​ដែល​បាន​អនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណ​ធ្វើជា​សាក្សី​អំពី​សេចក្ដីពិត​នៃ​ការបង្រៀន​ទាំងនោះ​យ៉ាង​រឹងមាំ​ដូច្នេះ​មកកាន់​ខ្ញុំ ? ខ្ញុំ​គិត​ថា វា​ជា​រឿង​បី​យ៉ាង ៖ ( ១ ) លោក​បាន​ដឹង​អ្វី​ដែល​លោក​បាន​ដឹង ហើយ​លោក​បាន​ថ្លែង​អំពី​វា​យ៉ាង​មុតមាំ ( ២ ) លោក​មាន​របៀប​មួយ​ក្នុង​ការពន្យល់​ពី​សេចក្ដីពិត​យ៉ាង​ច្បាស់ៗ ដែល​លោក​បាន​រៀន​តាមរយៈ​វិវរណៈ និង ( ៣ ) បុគ្គលិក​លក្ខណៈ និង​អត្តចរិត​របស់​លោក​តែងតែ​ច្បាស់លាស់​ជានិច្ច ។

លោក​បាន​ដឹង​អ្វី​ដែល​លោក​បាន​ដឹង ហើយ​លោក​បាន​ថ្លែង​ពី​វា​យ៉ាង​មុតមាំ

តាំងពី​ការនិមិត្ត​ដំបូង​មក យ៉ូសែប ស៊្មីធ​បាន​ប្រឈម​មុខ​នឹង​ការបៀតបៀន ដោយសារតែ​ការចែកចាយ​នូវអ្វី​ដែល​លោក​បាន​ដឹង​តាមរយៈ​វិវរណៈ ។ ប៉ុន្ដែ​លោក​បាន​ដឹង​ថា លោក​មិន​អាច​បដិសេធ​វា​បាន​ឡើយ ៖ « ហេតុ​ដូចម្ដេច​ក៏​បៀតបៀន​ខ្ញុំ ព្រោះតែ​ខ្ញុំ​បាន​ប្រាប់​ពី​ការពិត ? ខ្ញុំ​ពិតជា​បាន​ឃើញ​ការនិមិត្ត​មែន ហើយ​តើ​ខ្ញុំ​ជា​អ្វី​ទៅ ដែល​អាច​ទាស់​នឹង​ព្រះ​បាន ហើយ​ចុះ​តើ​ហេតុអ្វី​បានជា​ពិភពលោក​គិត​ចង់​ឲ្យ​ខ្ញុំ​បដិសេធ​អ្វី​ដែល​ខ្ញុំ​ពិតជា​បាន​ឃើញ​នោះ​យ៉ាងដូច្នេះ ? ត្បិត​ខ្ញុំ​បាន​ឃើញ​ការនិមិត្ត ខ្ញុំ​ដឹង​ថា​ខ្ញុំ​បាន​ឃើញ​ការនិមិត្ត ហើយ​ខ្ញុំ​ដឹង​ថា ព្រះ​ទ្រង់​ក៏​ដឹង​ថា​ខ្ញុំ​បាន​ឃើញ​ការនិមិត្ត ហើយ​ខ្ញុំ​ពុំ​អាច​បដិសេធ​រឿង​នេះ ឬ​ក៏​ហ៊ាន​ធ្វើ​យ៉ាង​ដូច្នោះ​បាន​ឡើយ » ( យ៉ូសែប ស្មីធ—ប្រវត្តិ ១:២៥ ) ។

ទោះបីជា​លោក​បាន​ដឹង​ថា វា​នឹង​នាំឲ្យ​មាន​ការបៀតបៀន និង​ការស្អប់​កាន់តែ​ខ្លាំង​ដោយសារ​ការធ្វើ​ដូច្នោះ​ក្ដី ក៏​យ៉ូសែប ស៊្មីធ​បាន​ប្រកាស​យ៉ាង​មុតមាំ​អំពី​សេចក្ដីពិត ដែល​លោក​បាន​ដឹង​មកពី​ព្រះ​ពេញ​មួយ​ជីវិត​របស់​លោក​ដែរ ។

ឧទាហរណ៍ ៖

ទោះបី​ជា​មនុស្ស​ភាគច្រើន​នៅក្នុង​ពិភព​គ្រីស្ទាន​បាន​ជឿ​ថា មនុស្ស​ត្រូវបាន​បង្កើត​ដោយ​ព្រះ​ចេញពី​ភាពទទេ​យ៉ាងណា​ក្ដី ក៏​យ៉ូសែប ស៊្មីធ​បាន​បង្រៀន​អ្វីមួយ​ផ្សេងពី​នេះ​យ៉ាង​មាន​ទំនុក​ចិត្ត ៖

« កាល​ដើមដំបូង មនុស្ស​ក៏​បាន​នៅ​ជាមួយ​នឹង​ព្រះ​ដែរ ។ បញ្ញា ឬ​ពន្លឺ​នៃ​សេចក្ដីពិត​ក៏​ពុំ​បាន​បង្កើត ឬ​ធ្វើ​ឡើង ឬ​អាច​បង្កើត ឬ​ធ្វើ​ឡើង​ឡើយ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣:២៩ ) ។

« ព្រលឹង—គំនិត​របស់​មនុស្ស—​វិញ្ញាណ​ដ៏​អមតៈ ។ តើ​វា​បាន​មក​ពី​ណា ? មនុស្ស​ដែល​បាន​រៀនសូត្រ​ទាំងអស់ និង​បញ្ញាវន្ដ​ខាង​ទ្រឹស្ដី​ទាំងឡាយ​ថ្លែង​ថា ព្រះ​បាន​បង្កើត​វា​នៅ​ដើម​ដំបូង ប៉ុន្ដែ​វា​មិនមែន​ដូច្នោះ​ឡើយ ៖ គំនិត​នេះ​ឯង​ដែល​ធ្វើឲ្យ​មនុស្ស​អន់ថយ​នៅក្នុង​ការប៉ាន់ស្មាន​របស់​ខ្ញុំ ។ ខ្ញុំ​មិន​ជឿ​លើ​គោលលទ្ធិ​នេះ​ទេ ខ្ញុំ​ដឹង​ច្បាស់​ជាង​នេះ ។ សូម​ប្រុង​ស្ដាប់​ការណ៍​នេះ ឱ មនុស្ស​លោក​ទាំងអស់​នៅ​ចុង​ផែនដី​អើយ ដោយសារ​ព្រះ​បាន​មាន​បន្ទូល​មកកាន់​ខ្ញុំ​ដូច្នេះ ហើយ​ប្រសិនបើ​បងប្អូន​មិន​ជឿ​ខ្ញុំ​ទេ វា​ក៏​នឹង​មិន​ធ្វើឲ្យ​សេចក្ដីពិត​នេះ​គ្មាន​អានុភាព​នោះ​ដែរ » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ២០៩ ) ។

យ៉ូសែប ស្ម៊ីធ កំពុង​បង្រៀន

លោក​បាន​ពន្យល់​ពី​សេចក្ដីពិត​យ៉ាង​ច្បាស់ៗ

ពេលខ្លះ យ៉ូសែប ស៊្មីធ​បាន​ផ្ដល់​តម្រុយ​ថា លោក​បាន​ដឹង​ពី​អាថ៌កំបាំង​របស់​ព្រះ​ជាច្រើន​ទៀត ជាង​អ្វី​ដែល​លោក​អាច​ចែក​រំលែក​ជាមួយ​នឹង​ពិភពលោក​នេះ​បាន ។ ប៉ុន្ដែ​ពេល​លោក​បាន​បង្រៀន លោក​មាន​របៀប​មួយ​ក្នុង​ការធ្វើឲ្យ​សេចក្ដីពិត​របស់​ព្រះ​ច្បាស់លាស់ និង​សាមញ្ញ ។

ឧទាហរណ៍ ៖

តាំងពី​ការនិមិត្ត​ដំបូង​មក យ៉ូសែប ស៊្មីធ​បាន​ដឹង​ពី​សេចក្ដីពិត​ជាច្រើន​អំពី​និស្ស័យ​នៃ​ព្រះ ដែល​ជា​ព្រះវរបិតា​ដ៏​អស់កល្ប​ជានិច្ច ។ ហើយ​នៅក្នុង​ការបង្រៀន​របស់​លោក លោក​បាន​ពន្យល់​ពី​សារសំខាន់​នៃ​សេចក្ដីពិត​ទាំងនេះ ។ ឧទាហរណ៍ លោក​បាន​ថ្លែង ៖

« ប្រសិនបើ​មនុស្ស​មិន​យល់​ពី​លក្ខណៈ​របស់​ព្រះ នោះ​ពួកគេ​ក៏​មិន​យល់​ពី​ខ្លួន​ពួកគេ​ដែរ » ( Teachings: Joseph Smith ទំព័រ ៤០ ) ។ នោះ​គឺជា​សេចក្ដី​ថ្លែងការណ៍​ដ៏​ច្បាស់លាស់​មួយ ដែល​ចូល​ដល់​ដួងចិត្ត​ថា ព្រះ​គឺជា​នរណា យើង​គឺជា​នរណា តើ​យើង​មាន​ទំនាក់ទំនង​អ្វី​ជាមួយ​ទ្រង់ ហើយ​តើ​យើង​មាន​សក្ដានុពល​អ្វីខ្លះ ។

លោក​បាន​បន្ដ​សេចក្ដី​នេះ​ជាមួយ​នឹង​សេចក្ដី​ថ្លែងការណ៍​នេះ ៖ « មាន​គ្រា​មួយ​ព្រះ​ក៏​ដូចជា​យើង​នៅពេល​នេះ​ដែរ ហើយ​ជា​អង្គ​ដែល​បាន​តម្កើង​ឡើង » ( Teachings: Joseph Smith ទំព័រ ៤០ ) ។ ថែម​ទាំង​ច្បាស់​ជាង​នេះ​ទៀត ។

រួចហើយ​លោក​បាន​បង្រៀន​អំពី​ការណ៍​នេះ ៖ « ព្រះ​ទត​ឃើញ​ថា​អង្គ​ទ្រង់​ស្ថិត​នៅក្នុង​ចំណោម​ពួកវិញ្ញាណ និង​សិរីល្អ ដោយសារ​តែ​ទ្រង់​មាន​ព្រះប្រាជ្ញា​ញាណ​ដ៏​ច្រើន​លើស​លប់ បាន​ទត​ឃើញ​យ៉ាង​ត្រឹមត្រូវ​ដើម្បី​បង្កើត​ក្រឹត្យវិន័យ​ដែល​វិញ្ញាណ​ផ្សេង​ទៀត​អាច​មាន​ឯកសិទ្ធិ​ដើម្បី​អភិវឌ្ឍ​ខ្លួនឲ្យ​ដូចជា​ទ្រង់ » ( Teachings: Joseph Smith ទំព័រ ២១០ ) ។ យ៉ូសែប ស្ម៊ីធ​បាន​បង្ហាញ​អ្វីមួយ​នៅ​ត្រង់​នេះ ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ផែនការ​របស់​ព្រះវរបិតា​សួគ៌ ៖ ព្រះវរបិតា​សួគ៌​សព្វ​ព្រះទ័យ​ឲ្យ​យើង​ប្រែ​ក្លាយ​ដូចជា​ទ្រង់ ។

យ៉ូសែប ស្ម៊ីធ​កំពុង​និយាយ

បុគ្គលិក​លក្ខណៈ និង​អត្តចរិត​របស់​លោក​តែងតែ​ច្បាស់លាស់​​ជានិច្ច

របៀប​ដែល​យ៉ូសែប ស៊្មីធ​បាន​បង្ហាញ​ខ្លួន​លោក ផ្ដល់​ជា​គំនិត​មួយ​ឲ្យ​យើង​ដឹង​ថា លោក​គឺជា​នរណា ហើយ​តើ​លោក​មាន​លក្ខណៈ​ជា​មនុស្ស​ម្នាក់​បែប​ណា ជា​ព្យាការី​ម្នាក់​យ៉ាងណា​ដែរ ។ នេះ​គឺជា​រឿង​សំខាន់ ពីព្រោះ​ទំនាក់ទំនង​ជាមួយ​នឹង​មនុស្ស ធ្វើឲ្យ​យើង​មាន​ទំនាក់ទំនង​នឹង​គោលគំនិត​កាន់តែ​ងាយស្រួល ។ បុគ្គលិក​លក្ខណៈ​របស់​យ៉ូសែប​បាន​ឆ្លុះ​បញ្ចាំង​​នៅក្នុង​ការបង្រៀន​របស់​លោក ។

ឧទាហរណ៍ ៖

ទោះបើ​ជាទូទៅ​យ៉ូសែប ស្ម៊ីធ​មាន​អត្តចរិត​រួសរាយ​តាំងពី​កំណើត​ក្ដី ( សូមមើល យ៉ូសែប ស្ម៊ីធ —ប្រវត្តិ ១:២៨ ) ក៏​លោក​មិន​ធ្វើការ​ដោយ​ទន់ជ្រាយ​ដែរ នៅពេល​ដែល​ព្រះអម្ចាស់​បាន​បង្គាប់​អ្វីមួយ​នោះ ។ លោក​បាន​រៀន​តាមរយៈ​បទពិសោធន៍​ពី​ផលវិបាក​នៃ​ការវង្វេង​ចេញពី​បទបញ្ញត្តិ​បែប​នោះ ( ឧទាហរណ៍ សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៣:៤–៩ ) ។ ខ្ញុំ​គិត​ថា ការលាយឡំ​គ្នា​នៃ​ចរិត​រួសរាយ និង​ការចង់​ឲ្យ​គេ​ដឹង​ពី​ភាពជា​សិស្ស​ដែល​មាន​គំនិត​មុតមាំ​បែប​នេះ—ហើយ​បើ​និយាយ​ផ្ទាល់ខ្លួន​ទៅ វា​ស្រដៀង​នឹង​ខ្ញុំ​ណាស់ ។

យ៉ូសែប ស្ម៊ីធ​កំពុង​លេង

ឥឡូវនេះ ក្នុងនាម​ជា​ព្យាការី​នៃ​ការស្ដារ​ឡើងវិញ យ៉ូសែប ស៊្មីធ​ត្រូវបាន​បង្គាប់​ឲ្យ​បង្រៀន​អំពី​សេចក្ដីពិត​ដែល​បាន​បើក​សម្ដែង​មកពី​ព្រះ ដែល​ភាគច្រើន​វា​ថ្មី​ចំពោះ​មនុស្ស​គ្រប់គ្នា ។ យ៉ូសែប​ត្រូវ​ព្យាយាម​ជួយ​មនុស្ស​ឲ្យ​រៀន​អំពី​សេចក្ដីពិត​ថ្មីៗ​ទាំងនេះ ។ ប៉ុន្ដែ​ពេលខ្លះ វា​តឹងចិត្ត​ខ្លាំងណាស់ ។ មាន​ពេលមួយ លោក​បាន​មាន​ប្រសាសន៍ ៖

« មាន​ការពិបាក​យ៉ាង​ខ្លាំង​ដើម្បី​ដាក់​អ្វីមួយ​ឲ្យ​ចូល​ក្នុង​ខួរក្បាល​របស់​មនុស្ស​ជំនាន់​នេះ ។ វា​ប្រៀប​ដូចជា​ការពុះ​កំណាត់​ឈើ​នឹង​​នំប៉័ង​ពោត​មួយ​ដុំ​ ហើយ​ពុះ​ល្ពៅ​មួយ​រក​ដង្កូវ ។ សូម្បី​តែ​ពួកបរិសុទ្ធ​ក៏​នៅតែ​យឺត​នឹង​យល់​ដែរ » ( Teachings: Joseph Smith ទំព័រ ៥៤០ ) ។

នេះ​គឺជា​ប្រធានបទ​ដ៏​សំខាន់​បំផុត​មួយ​សម្រាប់​យ៉ូសែប ស៊្មីធ ។ វា​ប្រាកដ​ជា​មាន​អ្វីជាច្រើន​ដែល​លោក​ចង់​ឲ្យ​មនុស្ស​ដឹង និង​យល់ ហើយ​ឱប​ក្រសោប​វា ព្រមទាំង​រស់នៅ​តាម—​តែ​ពួកគេ​មិន​អាច​ធ្វើ​បាន ។ ប៉ុន្ដែ​ដំណើររឿងប្រៀបប្រដូចសាមញ្ញ​មួយ​មកពី​ទាហាន​ជួរមុខ​របស់​សហរដ្ឋ​អាមេរិក​នៅ​សតវត្សរ៍​ទី​ដប់​ប្រាំបួន​បាន​គូរ​ជា​រូបភាព​ដ៏​អស្ចារ្យ​មួយ ហើយ​បើក​ជា​កូន​បង្អួច​មួយ​អំពី​អត្តចរិត​របស់​យ៉ូសែប ស៊្មីធ ។

មាន​ផ្នែក​ជាច្រើន​ផ្សេងទៀត​អំពី​បុគ្គលិក​លក្ខណៈ​របស់​យ៉ូសែប ស្ម៊ីធដែល​ឆ្លុះ​បញ្ចាំង​នៅក្នុង​ការបង្រៀន​របស់​លោក ។ ឧទាហរណ៍ សេចក្ដី​ស្រឡាញ់​របស់​លោក​ចំពោះ​មិត្តភក្ដិ ៖ « ដួងចិត្ត​របស់​ខ្ញុំ​គួរតែ​ស្រឡាញ់​អ្នក​ទាំងនោះ ហើយ​ដៃ​របស់​ខ្ញុំ​គួរតែ​ធ្វើការងារ​សម្រាប់​អ្នក​ទាំងនោះ ដែល​ស្រឡាញ់ និង​ធ្វើការងារ​សម្រាប់​ខ្ញុំ ហើយ​នឹង​បាន​ឃើញ​ថា​មាន​ចិត្ត​ស្មោះត្រង់​ចំពោះ​មិត្ត​របស់​ខ្ញុំ » ( Teachings: Joseph Smith ទំព័រ ៤៦២ ) ។

ឬ​សណ្ដាន​ចិត្ត និង​ចិត្ត​សប្បុរស​របស់​លោក ៖ មាន​ម្ដង​នោះ​ពេល​ពួកបុរស​បាន​ថ្លែង​ពី​អារម្មណ៍​សោកស្ដាយ​របស់​ពួកគេ​ចំពោះ​បុរស​ម្នាក់ ដែល​ផ្ទះ​បាន​ឆេះ នោះ​យ៉ូសែប​បាន​តប​ភ្លាមៗ​ថា « ខ្ញុំ​សោកស្ដាយ​ចំពោះ​បងប្រុស​ម្នាក់​នេះ​ចំនួន​ប្រាំ​ដុល្លារ តើ​បងប្អូន​ទាំងអស់​គ្នា​សោកស្ដាយ​ប៉ុន្មាន​ដែរ ? » ( Teachings: Joseph Smith ទំព័រ ៤៦០ ) ។

បន្ទាប់​មក​គឺ សេចក្ដី​ស្រឡាញ់​របស់​លោក​ចំពោះ​គ្រួសារ សេចក្ដី​ទៀងត្រង់ ការបន្ទាប​ខ្លួន ទំនុកចិត្ត សេចក្ដី​យុត្តិធម៌ និង​ស្មើភាព​គ្នា សេចក្ដី​ជំនឿ​នៅក្នុង​ពេល​មាន​ឧបសគ្គ និង​ការរងទុក្ខ ។ លោក​មាន​ទាំងអស់ ដែល​បាន​បង្ហាញ​ស្របតាម​សេចក្ដីពិត​ដ៏​អស់កល្ប​ជានិច្ច និង​គោលការណ៍​ទាំងឡាយ​ដែល​ត្រូវ​រស់នៅ​តាម ។

លោក​គឺជា​ព្យាការី​របស់​ខ្ញុំ

ប្រាកដ​ណាស់ យ៉ូសែប ស៊្មីធ​នៅតែ​រង​ការវាយប្រហារ និង​ការរិះគន់​រហូត​មកដល់​ពេលសព្វថ្ងៃ​នេះ ។ ប៉ុន្ដែ​ដូចជា​លោក​បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​មិន​ដែល​ប្រាប់​អ្នក​ថា ខ្ញុំ​ឥតខ្ចោះ​នោះ​ទេ ប៉ុន្ដែ​ពុំ​មាន​កំហុស​នៅក្នុង​វិវរណៈ​ដែល​ខ្ញុំ​បាន​បង្រៀន​នោះ​ទេ » ( Teachings: Joseph Smith ទំព័រ ៥២២ ) ។ យើង​អាច​ធ្វើជា​សាក្សី​ដ៏​មុតមាំ​អំពី​ការពិត​ថា លោក​គឺជា​ព្យាការី​ម្នាក់ ។ ខ្ញុំ​ឃើញ​ថា​វា​ងាយស្រួល​ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី យ៉ូសែប ស៊្មីធ—​មិនមែន​ដោយសារ​មាន​ចម្លើយ​ងាយ​មួយ​ចំពោះ​សំណួរ​ទាំងអស់ ដែល​មនុស្ស​អាច​ចោទសួរ​អំពី​លោក​នោះ​ទេ ប៉ុន្ដែ​ដោយសារ​ខ្ញុំ​បាន​សិក្សា​អំពី​វិវរណៈ​របស់​លោក និង​ការបង្រៀន​ជា​ព្យាការី​ទាំងឡាយ ហើយ​បាន​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ថ្លែង​ទីបន្ទាល់​ថា​វា​គឺជា​ការពិត ។ គឺ​ដូចជា​យ៉ូសែប​ផ្ទាល់​ធ្លាប់​បាន​និយាយ ៖

« ខ្ញុំ​អាច​ភ្លក់​រសជាតិ​នៃ​គោលការណ៍​នៃ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ហើយ​បងប្អូន​ក៏​អាច​ធ្វើ​បាន​ដូចគ្នា​ដែរ ។ វា​ត្រូវបាន​ប្រទាន​មកខ្ញុំ​តាមរយៈ​វិវរណៈ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ខ្ញុំ​ដឹង​ថា នៅពេល​ខ្ញុំ​ប្រាប់​បងប្អូន​ពី​ពាក្យពេចន៍​នៃ​ជីវិត​ដ៏​នៅអស់កល្ប​ទាំងនេះ ដូច​ដែល​វា​ត្រូវបាន​ប្រទាន​មក​ខ្ញុំ នោះ​បងប្អូន​នឹង​ភ្លក់​ដឹង​វា ហើយ​ខ្ញុំ​ដឹង​ថា បងប្អូន​ក៏ជឿ​លើ​វា​ដែរ ។ បងប្អូន​និយាយ​ថា ទឹកឃ្មុំ​ផ្អែម​ឆ្ងាញ់ ហើយ​ខ្ញុំ​ក៏​និយាយ​ដូច្នេះ​ដែរ ។ ខ្ញុំ​ក៏​អាច​ភ្លក់​វិញ្ញាណ​នៃ​ជីវិត​ដ៏​នៅ​អស់កល្ប​បាន​ផងដែរ ។ ខ្ញុំ​ដឹង​ថា​វា​ល្អ ហើយ​នៅពេល​ខ្ញុំ​ប្រាប់​បងប្អូន​អំពី​ការណ៍​ទាំងនេះ ដែល​ត្រូវ​បាន​ប្រទាន​មក​ខ្ញុំ​តាមរយៈ​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​បងប្អូន​នឹង​ទទួល​យក​ថា​វា​ផ្អែម​មែន ហើយ​រីករាយ​កាន់តែ​ខ្លាំង​ឡើងៗ » ( Teachings: Joseph Smith ទំព័រ ២៥២ ) ។

ខ្ញុំ​បាន​ភ្លក់​ភាពផ្អែមល្ហែម​នោះ​ហើយ ។ វា​ត្រូវបាន​ចែកចាយ​មក​ខ្ញុំ​ដោយ​ព្យាការី​របស់​ខ្ញុំ គឺ​យ៉ូសែប ស៊្មីធ ។ ហើយ​ដូចជា​ប្រធាន​ណិលសុន​បាន​ថ្លែង​ដែរ លោក​គឺជា​ព្យាការី​របស់​ប្អូនៗ​ផងដែរ ។ ប្អូនៗ​អាច​ធ្វើការ​សិក្សា​យ៉ាង​ម៉ត់ចត់​អំពី​ជីវិត និង​ការបង្រៀន​របស់​លោក​នៅ​ឆ្នាំនេះ​ក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ ។ រួចហើយ​ប្អូនៗ​អាច​ធ្វើជា​សាក្សី​អំពី​សេចក្ដីពិត​ដ៏​ផ្អែម​នេះ ដែល​លោក​បាន​ជួយ​ប្អូនៗ​ឲ្យ​ភ្លក់ ។