« រៀនភាសានៃព្រះវិញ្ញាណ » ដើម្បីកម្លាំងនៃយុវជន ខែ មករា ឆ្នាំ ២០២១ ទំព័រ ១៦–១៨ ។
ចូរមកតាមខ្ញុំ
រៀនភាសានៃព្រះវិញ្ញាណ
វិវរណៈគឺដូចជាភាសាមួយ ដែលយើងម្នាក់ៗត្រូវតែរៀនដែរ ។
ការរៀនភាសាថ្មីមួយអាចជារឿងពិបាក ។ ប្រសិនបើប្អូនៗធ្លាប់ចូលរៀនថ្នាក់ភាសានៅសាលា ឬបានសាកល្បងរៀនភាសាមួយដោយខ្លួនឯង នោះប្អូនៗអាចដឹងដោយបទពិសោធន៍ផ្ទាល់ខ្លួនអំពីការណ៍នេះ ! វាតម្រូវឲ្យមានការខិតខំរៀន និងការលះបង់ ។ ខ្ញុំបានរៀនភាសាអេស្ប៉ាញនៅក្នុងបេសកកម្មរបស់ខ្ញុំ វាពិបាកដំបូង ប៉ុន្ដែនៅទីបញ្ចប់ ដោយមានជំនួយពីព្រះវិញ្ញាណ នោះខ្ញុំបានរៀនចេះវា ។
ខ្ញុំចូលចិត្តគិតថាវិវរណៈជាភាសាមួយប្រភេទ—ជាភាសានៃព្រះវិញ្ញាណ—ដែលយើងម្នាក់ៗត្រូវតែរៀននៅក្នុងអំឡុងជីវិតរបស់យើង ។ ប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍ថា « នៅគ្រាខាងមុខ វានឹងមិនអាចរស់រានខាងវិញ្ញាណបានឡើយ បើគ្មានព្រះចេស្ដាណែនាំ ដឹកនាំ និងលួងលោមចិត្តជាប់ជានិច្ចមកពីព្រះវិញ្ញាណបរិសុទ្ធនោះ » ។១
នៅពេលប្អូនៗគិតអំពីរឿងនេះ ការរៀនភាសាថ្មីមួយ និងការរៀនភាសាព្រះវិញ្ញាណមានលក្ខណៈដូចគ្នាជាច្រើន ។ សូមមើលទៅភាពស្រដៀងគ្នាដូចតទៅនេះ—វាពិតជាអាចជួយប្អូនៗឲ្យរៀនបន្ថែមទៀតអំពីរបៀបទទួលបានវិវរណៈតាមរយៈភាសានៃព្រះវិញ្ញាណ ។
បែបបទនៃការរៀនសូត្រ
នៅពេលយើងរៀនភាសាថ្មីមួយលើកដំបូង មានវិធីសាស្ដ្រខុសៗគ្នាដែលដំណើរការសម្រាប់មនុស្សផ្សេងៗគ្នា ដើម្បីឲ្យរៀនចេះចាំពាក្យ ។ សម្រាប់ខ្ញុំ ការសិក្សាវេយ្យាករណ៍ និងការកត់ត្រាលើក្រដាសពិតជាបានជួយខ្ញុំក្នុងការរៀនភាសាអេស្ប៉ាញខ្លាំងណាស់ ។ អ្នកផ្សព្វផ្សាយសាសនាផ្សេងទៀតចូលចិត្តអនុវត្តការនិយាយជាមួយនឹងដៃគូរបស់ពួកគេ ។ វិធីសាស្ដ្រមួយអាចជួយបានច្រើនជាងវិធីសាស្ដ្រផ្សេងទៀត—សូមស្វែងរកអ្វីដែលដំណើរការបានល្អបំផុតសម្រាប់ប្អូនៗ ។
យើងទាំងអស់គ្នាមិនទទួលអារម្មណ៍ពី ឬស្ដាប់ឮព្រះវិញ្ញាណតាមរបៀបដូចគ្នានោះទេ ។ សូមយកម៉ាក់របស់ខ្ញុំជាគំរូ ។ មួយរយៈពេលដែលខ្ញុំបានធំឡើង ខ្ញុំបានបារម្ភថា ខ្ញុំមិនអាចមានអារម្មណ៍ពីព្រះវិញ្ញាណ ដោយសារខ្ញុំមិនដែលទទួលបានការបំផុសគំនិតតាមរបៀបដែលគាត់បានទទួលនោះទេ ។ គាត់តែងតែពិពណ៌នាអំពីការបំផុសគំនិតទាំងឡាយថាជាពាក្យសម្ដីដែលកើតមានក្នុងគំនិតរបស់គាត់ ។ ខ្ញុំមិនដែលមានរឿងបែបនេះកើតឡើងនោះទេ ដូច្នេះខ្ញុំបានគិតថា ខ្ញុំមិនអាចមានអារម្មណ៍ពីព្រះវិញ្ញាណឡើយ ។ ប៉ុន្ដែកាលពេលវេលាកន្លងទៅ ខ្ញុំបានដឹងថា ព្រះវិញ្ញាណប្រាស្រ័យទាក់ទងនឹងខ្ញុំភាគច្រើនតាមរយៈអារម្មណ៍ ឬចំណាប់អារម្មណ៍ ជាជាងតាមរយៈពាក្យពេចន៍ ។ អារម្មណ៍នៃសេចក្ដីសុខសាន្ដ អំណរ និងសេចក្ដីស្រឡាញ់ជាទូទៅពាក់ព័ន្ធនឹងបទពិសោធន៍នៃវិវរណៈរបស់ខ្ញុំ ។
គឺដូចជាបែបបទនៃការរៀនសូត្រដែរ របៀបមួយនៃការមានអារម្មណ៍ពីព្រះវិញ្ញាណមិនល្អប្រសើរជាងរបៀបផ្សេងនោះទេ ។ យើងម្នាក់ៗមានលក្ខណៈប្លែកៗពីគ្នា ដូច្នេះហើយព្រះវិញ្ញាណប្រាស្រ័យទាក់ទងនឹងយើងម្នាក់ៗតាមរបៀបខុសៗគ្នា ។ នៅក្នុងព្រះគម្ពីរគោលលទ្ធិ និង សេចក្តីសញ្ញា យើងអាចរៀនអំពីរបៀបទាំងអស់ដែលព្រះវិញ្ញាណអាចមានបន្ទូលមកកាន់យើង ។ ទ្រង់អាច « បំភ្លឺគំនិត [ របស់យើង ] » « និយាយដោយភាពសុខសាន្ដដល់គំនិត [ របស់យើង ] » « ប្រាប់ [ យើង ] នៅក្នុងគំនិត [ របស់យើង ] និងនៅក្នុងចិត្ត [ របស់យើង ] » ឬ « គង់នៅក្នុងចិត្ត [ របស់យើង ] » ឬ យើងអាចមានអារម្មណ៍ខ្មួលខ្មាញ់នៅក្នុងទ្រូងយើង ឬ « មានអារម្មណ៍ថា ការណ៍នោះត្រឹមត្រូវ » ព្រមទាំងតាមរបៀបផ្សេងៗជាច្រើនផងដែរ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៦:១៥, ២៣; ៨:២; ៩:៨ ) ។
នៅពេលយើងសិក្សាព្រះគម្ពីរ និងរៀនស្ដាប់តាមព្រះវិញ្ញាណ នោះយើងអាចស្គាល់ពីរបៀបដែលទ្រង់មានបន្ទូលមកកាន់យើង ។
សូមស្វែងរកជំនួយ
នៅពេលប្អូនៗកំពុងរៀនភាសាមួយ វាពិតជាមានប្រយោជន៍ដើម្បីទទួលជំនួយពីនរណាម្នាក់ ដែលចេះភាសានោះ ។ សៀវភៅ និងធនធានផ្សេងទៀតប្រាកដជាជួយបាន ប៉ុន្ដែវាពន្លឿនដំណើរការនេះ ពេលនិយាយជាមួយនឹងនរណាម្នាក់ដែលនិយាយភាសានោះស្រាប់ ។
ពេលយើងចង់រៀនបន្ថែមទៀតអំពីព្រះវិញ្ញាណ នោះយើងអាចទទួលបានជំនួយបន្ថែម ប្រសិនបើយើងសួរមនុស្សដែលយើងទុកចិត្តពីរបៀបដែលពួកគេធ្វើវា—សមាជិកគ្រួសារ ថ្នាក់ដឹកនាំ ឬមិត្តភក្ដិ ។ ប៉ុន្ដែអ្វីដែលសំខាន់បំផុតនោះគឺ ត្រូវទូលសូមដល់ព្រះវរបិតាសួគ៌ ។ យើងអាចទូលសូមទ្រង់សម្រាប់រឿងដូចជាឱកាសបន្ថែមទៀតដើម្បីស្ដាប់តាមព្រះវិញ្ញាណ ឬសូមជំនួយដើម្បីដឹងពីពេលដែលយើងទទួលបានការបំផុសគំនិតទាំងឡាយ ។ ប្រសិនបើយើងបន្ទាបខ្លួន ទូលសូមទ្រង់ឲ្យជួយយើង ហើយមានសេចក្ដីជំនឿថា ទ្រង់នឹងជួយយើងឲ្យរៀនពីរបៀបទទួលអារម្មណ៍ពីព្រះវិញ្ញាណ នោះទ្រង់នឹងជួយយើង ។
កត់ត្រាការណ៍ទាំងឡាយទុក
នៅពេលប្អូនៗរៀនភាសាមួយ ការកត់ត្រាការណ៍ទាំងឡាយទុកអាចមានប្រយោជន៍ខ្លាំងបំផុតផងដែរ ។ ខ្ញុំបានដាក់សៀវភៅកំណត់ចំណាំតូចមួយតាមខ្លួនពេញមួយថ្ងៃ ដើម្បីកត់ត្រាវាក្យសព្ទថ្មីៗដែលខ្ញុំបានឮ ហើយខ្ញុំនឹងព្យាយាមសរសេរកំណត់ហេតុជាភាសាអេស្ប៉ាញរាល់យប់ ដូច្នេះខ្ញុំអាចអនុវត្តវាបាន ។ យើងមិនមានការចងចាំឥតខ្ចោះនោះទេ ដូច្នេះការកត់ត្រាការណ៍ទាំងឡាយទុកអនុញ្ញាតឲ្យយើងត្រឡប់ទៅរំឭកវាវិញបាន ។
យើងត្រូវបានអញ្ជើញដោយថ្នាក់ដឹកនាំរបស់យើងឲ្យកត់ត្រាចំណាប់អារម្មណ៍ខាងវិញ្ញាណទុក ដូច្នេះយើងមិនភ្លេចពីវា ។២ ការកត់ត្រាពីការណ៍បែបនោះអាចជួយយើងជាមួយនឹងព្រះវិញ្ញាណតាមរបៀបពីរយ៉ាង ៖ ( ១ ) វាអាចជួយយើងឲ្យចងចាំពីការបំផុសគំនិត និងអារម្មណ៍នានាបន្ទាប់ពីពេលវេលាកន្លងផុតទៅ ។ ប្រហែលការបំផុសគំនិតពីអតីតកាលនឹងជួយប្អូនៗនៅពេលអនាគត ឬវាអាចគ្រាន់តែរំឭកប្អូនៗថា ព្រះវិញ្ញាណពិតជាបានមានបន្ទូលមកកាន់ប្អូនៗមែន ។ ( ២ ) វាក៏ជារបៀបដ៏អស្ចារ្យមួយដើម្បីតាមដានរបៀបដែលប្អូនៗមានអារម្មណ៍ពីព្រះវិញ្ញាណនៅក្នុងអតីតកាល ដើម្បីប្អូនៗអាចស្គាល់ពីអារម្មណ៍នេះកាន់តែប្រសើរឡើងនៅពេលអនាគត ។ តាមរបៀបនោះ ប្អូនៗអាចចាប់ផ្ដើមស្គាល់ព្រះវិញ្ញាណកាន់តែច្បាស់ឡើង ។
ចូរបន្ដខិតខំ
ហើយចុងក្រោយនោះគឺ កុំបោះបង់ចោលឲ្យសោះ ។ ទោះជាជាមួយអំណោយទានភាសាក្ដី ក៏វាហាក់ថា ប្អូនៗនឹងមិនរៀនភាសាមួយចេះយ៉ាងឥតខ្ចោះក្នុងពេលតែមួយយប់នោះទេ ។ កាលប្អូនៗបន្ដអនុវត្ត និងខិតខំធ្វើការ នោះវានឹងកើតមាន ប៉ុន្ដែប្អូនៗត្រូវតែមានសេចក្ដីជំនឿ ហើយបន្ដខំប្រឹងប្រែង ។
ការរៀនដើម្បីទទួលបានវិវរណៈ និងការត្រូវគ្នានឹងព្រះវិញ្ញាណកាន់តែខ្លាំងគឺពិតជាកិច្ចខិតខំពេញមួយជីវិត ។ ខ្ញុំប្រាកដថា ប្រសិនបើប្អូនៗសួរឪពុកម្ដាយ ឬថ្នាកដឹកនាំសាសនាចក្ររបស់ប្អូនៗ នោះពួកគាត់នឹងនិយាយថា ពួកគាត់នៅតែកំពុងខិតខំធ្វើនៅឡើយដែរ ។ ដូច្នេះ សូមកុំបាក់ទឹកចិត្ត ប្រសិនបើមានអារម្មណ៍ថាត្រូវចំណាយពេលយូរ—មិនមែនមានតែប្អូនៗនោះទេ ! យើងទាំងអស់គ្នាត្រូវការពេលវេលាដើម្បីរៀនភាសាថ្មីមួយ ។ ដូច្នេះ សូមមានចិត្តអត់ធ្មត់ បន្ដខិតខំ ហើយព្រះអម្ចាស់នឹងគង់នៅទីនោះដើម្បីជួយប្អូនៗឲ្យរៀនភាសានៃព្រះវិញ្ញាណ ។