« កិច្ចការធំ » ដើម្បីកម្លាំងនៃយុវជន ខែ មករា ឆ្នាំ ២០២១ ទំព័រ ២០–២១ ។
កិច្ចការធំ
បាវចនាយុវវ័យ ឆ្នាំ ២០២១ ៖
គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:៣៣–៣៤
ព្រះអម្ចាស់បានអញ្ជើញប្អូនៗឲ្យចូលរួមក្នុង « កិច្ចការដ៏ធំបំផុត » នៅលើផែនដីនេះ ។១
ប្អូនៗដែលជាយុវនារី និងយុវជនដ៏អស្ចារ្យទាំងឡាយ គឺជាផ្នែកមួយនៃអ្វីមួយដ៏អស្ចារ្យ—ប្អូនៗ « កំពុងតែដាក់គ្រឹះនៃកិច្ចការដ៏ធំ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:៣៣ ) ។ កិច្ចការនោះជួយព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទឲ្យអនុវត្តតាមបេសកកម្មរបស់ទ្រង់ នៅពេលយើងចូលរួមនៅក្នុងការប្រមូលផ្ដុំអ៊ីស្រាអែលនៅទាំងសង្ខាងវាំងនន និងការកសាងក្រុងស៊ីយ៉ូន ។
ការចូលរួមនឹងកងពលយុវវ័យ
ប្រធាន រ័សុល អិម ណិលសុន បានអញ្ជើញប្អូនៗម្នាក់ៗឲ្យចូលរួមក្នុងកិច្ចការនោះ គឺធ្វើជា « កងពលយុវវ័យរបស់ព្រះអម្ចាស់ » ។២ ប៉ុន្ដែតើកងពលគឺជាអ្វីទៅ ? កងពលគឺជាក្រុមពិសេសមួយ ដែលត្រូវបានរៀបចំឡើងដើម្បីសម្រេចនូវកិច្ចការជាក់លាក់មួយចំនួនរួមគ្នា ។ នោះមានន័យថា ប្អូនៗគឺជាផ្នែកមួយនៃក្រុមពិសេសដើម្បីស្វែងរក និងសម្រេចបាននូវផ្នែករបស់ប្អូនៗនៅក្នុងកិច្ចការដ៏ធំរបស់ព្រះអម្ចាស់ ។
នៅពេលព្យាការីបានអញ្ជើញប្អូនៗឲ្យមើលទៅគោលបំណងនៃជីវិតរបស់ប្អូនៗដោយផ្ដោតលើការប្រមូលផ្ដុំអ៊ីស្រាអែល នោះជីវិតរបស់ប្អូនៗបានចាប់ផ្ដើមដូចជាជីវិតរបស់ម៉ូសេដែរ ។ ម៉ូសេ ដែលត្រូវបានចិញ្ចឹមបីបាច់ឲ្យធំជាព្រះអម្ចាស់នៃស្រុកអេហ្ស៊ីព បានរត់ភៀសខ្លួនដើម្បីជីវិតរបស់លោក ហើយក្រោយមកបានពេញចិត្តនឹងជីវិតសាមញ្ញរបស់លោកជាអ្នកមើលថែសត្វចៀម ។ ប៉ុន្ដែព្រះអម្ចាស់បានហៅលោក ហើយបានប្រកាសថា « យើងមានកិច្ចការសម្រាប់អ្នក » ( ម៉ូសេ ១:៦ ) ។ ព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌បានញាណដឹងពីអ្វីដែលម៉ូសេមិនបានដឹង ៖ ដោយមានជំនួយមកពីព្រះ នោះម៉ូសេអាចជាឧបករណ៍នៅក្នុងការសង្គ្រោះជាតិសាសន៍ដ៏អស្ចារ្យមួយ—លោកអាចធ្វើអ្វីៗបានគ្រប់យ៉ាង ។
ប្អូនៗអាចធ្វើឲ្យមានភាពខុសគ្នា
ប្អូនៗអាចឆ្ងល់ថា « ខ្ញុំមិនមែនជាម៉ូសេទេ ។ តើខ្ញុំអាចធ្វើឲ្យមានភាពខុសប្លែកគ្នានៅក្នុងពិភពលោកនេះបានដែរឬទេ ? » យើងមានអារម្មណ៍ដូចគ្នានេះដែរនៅពេលខ្លះ ប៉ុន្ដែយើងបានរស់នៅយូរល្មម ដើម្បីដឹងពីចម្លើយនោះថា ប្អូនៗគឺអាចធ្វើបាន ។ យើងឃើញយុវវ័យសាមញ្ញៗរាល់ថ្ងៃ ដែលកំពុងជ្រើសរើសមិនរស់នៅជីវិតសាមញ្ញ ។ ពួកគេមានឥទ្ធិពលដ៏អស្ចារ្យលើអស់អ្នកដែលនៅជុំវិញខ្លួនគេ តាមរយៈការគ្រាន់តែធ្វើជាសិស្សដ៏ពិតរបស់ព្រះយេស៊ូវគ្រីស្ទយ៉ាងស្ងប់ស្ងាត់ ។ ពួកគេអភិវឌ្ឍទេពកោសល្យរបស់ពួកគេ ហើយជួយដល់ក្រុមគ្រួសាររបស់ពួកគេឲ្យមានជោគជ័យ ។ ប្អូនៗត្រូវបានហៅដោយព្យាការីឲ្យ « ដាក់គ្រឹះនៃកិច្ចការដ៏ធំ » ។ នៅពេលយើងទុកចិត្តលើព្រះយេស៊ូវគ្រីស្ទ ហើយខិតខំធ្វើតាមព្រះទ័យរបស់ទ្រង់ នោះយើងធ្វើឲ្យមានភាពខុសគ្នាហើយ !
ប្អូនៗមិនឯកោនៅក្នុងកិច្ចការនេះនោះទេ ។ នៅពេលប្អូនៗចូលរួមក្នុងកងពលរបស់ព្រះអម្ចាស់នេះ នោះប្អូនៗនឹងចូលរួមជាមួយក្រុមយុវវ័យដ៏ធំមួយនៅទូទាំងពិភពលោក ។ យើងឈរក្បែរប្អូនៗ អមជាមួយនឹងឪពុកម្ដាយ ថ្នាក់ដឹកនាំ និងមិត្តភក្ដិរបស់ប្អូនៗ ពួកសាវក និងព្យាការីទាំងឡាយ ព្រមទាំងទេវតាទាំងពួងនៃស្ថានសួគ៌ ដែលទាំងអស់គ្នាខិតខំដើម្បីសម្រេចនូវកិច្ចការរបស់ព្រះអម្ចាស់រួមគ្នា ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៨៨ ) ។
ចេញពីការណ៍ដ៏តូចតាច នោះបណ្តាលឲ្យមានការណ៍ដ៏ធំធេងឡើង
យើងនឹងទទួលយកកិច្ចការនេះបន្ដិចម្ដងៗ ។ ព្រះអម្ចាស់អញ្ជើញយើងឲ្យបោះជំហានដ៏តូចសាមញ្ញម្ដងបន្ដិចៗ នៅពេលយើងចាប់ផ្ដើមធ្វើកិច្ចការដ៏ធំនេះ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:៣៣ ) ។ សកម្មភាពដ៏ខ្ជាប់ខ្ជួន និងពេញដោយសេចក្ដីជំនឿនឹងជម្រុញយើងឲ្យទៅមុខ ហើយអញ្ជើញយើងឲ្យឈោងទៅជួយអស់អ្នកដែលនៅជុំវិញខ្លួនយើង ។ កិច្ចការដ៏សាមញ្ញទាំងនេះមួយចំនួនអាចបង្កើតឡើងសម្រាប់ប្អូនៗម្នាក់ៗរៀងៗខ្លួន ដោយសារដំណើររបស់មនុស្សគ្រប់គ្នានឹងមិនដូចគ្នាទាំងស្រុងនោះឡើយ ។
សូមអធិស្ឋានដើម្បីដឹងថា ប្អូនៗគឺជានរណា ហើយយល់អំពីតួនាទីផ្ទាល់ខ្លួនរបស់ប្អូនៗនៅក្នុងផែនការរបស់ព្រះ ។ សូមអធិស្ឋានដើម្បីដឹងអំពីកិច្ចការដ៏តូចតាច និងសាមញ្ញណាដែលប្អូនៗគួរតែធ្វើរាល់ថ្ងៃ ។ ប្អូនៗអាចនឹងត្រូវចាកចេញពីតំបន់សុខស្រួលរបស់ខ្លួន ប៉ុន្ដែកាលប្អូនៗស្ម័គ្រចិត្តដើម្បីអនុវត្តតាមការបំផុសគំនិតទាំងឡាយ ដែលប្អូនៗទទួលបាន នោះប្អូនៗនឹងទទួលបានបន្ថែមទៀត ។
ដូចដែលប្រធានណិលសុនបានបង្រៀនថា « នៅពេលយើងខិតខំធ្វើជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ នោះកិច្ចខិតខំរបស់យើងដើម្បីស្ដាប់ទ្រង់ចាំបាច់ត្រូវមានដោយគោលបំណងកាន់តែខ្លាំង ។ វាត្រូវការការខិតខំដោយសកម្ម និងប្រកាន់ខ្ជាប់ដើម្បីបំពេញជីវិតប្រចាំថ្ងៃរបស់យើងដោយព្រះបន្ទូលរបស់ទ្រង់ ការបង្រៀនរបស់ទ្រង់ និងសេចក្ដីពិតរបស់ទ្រង់ » ។៣
ព្រះអម្ចាស់នឹងពង្រីកនូវសមត្ថភាពរបស់ប្អូនៗ ហើយបង្កើនអំណររបស់ប្អូនៗ
កាលដែលប្អូនៗស្វែងរកវិវរណៈ នោះព្រះអម្ចាស់នឹងដឹកនាំប្អូនឲ្យដឹងអំពីរបៀបប្រើទេពកោសល្យ និងចរិតលក្ខណៈរបស់ប្អូនៗរៀងៗខ្លួនដើម្បីបម្រើ និងរស់នៅតាមដំណឹងល្អ ។ ទ្រង់នឹងពង្រីកក្ដីស្រមៃ គំនិតច្នៃប្រឌិត និងសមត្ថភាពរបស់ប្អូនៗទៅតាមរបៀបនានា ដែលប្អូនៗមិនធ្លាប់បានគិតថាវាអាចទៅរួច ។
នៅពេលប្អូនៗប្រគល់ចិត្ត និងគំនិតរបស់ប្អូនៗដែលស្ម័គ្រតាមព្រះអម្ចាស់ នោះប្អូនៗនឹងរកឃើញមិត្តបន្ថែមទៀត ព្រមទាំងមានឱកាសជាច្រើនដើម្បីបម្រើ ។ ញាណរបស់ប្អូនៗអំពីអត្តសញ្ញាណ និងគោលបំណងនឹងត្រូវបានពង្រឹងឡើង ហើយប្អូនៗនឹងរកឃើញនូវសេចក្ដីអំណរ ។
ពេលខ្លះយើងអាចមានអារម្មណ៍ចង់នៅស្រួលមួយកន្លែង ប៉ុន្ដែព្រះមានអ្វីផ្សេងទៀតដើម្បីប្រទាន ។ គឺដូចជាទ្រង់បានមានកិច្ចការដ៏ធំសម្រាប់ម៉ូសេ នោះទ្រង់ក៏មានកិច្ចការដ៏ធំសម្រាប់ប្អូនៗដែរ ។ ចូរកុំណាយចិត្តនឹងធ្វើការល្អឡើយ ! យើងមានទំនុកចិត្តទាំងស្រុងទៅលើប្អូនៗ—ដែលជាកងទ័ពយុវវ័យរបស់ព្រះអម្ចាស់នេះ ។