២០២១
អាហារូបករណ៍​ផ្សិត
ខែ មករា ឆ្នាំ ២០២១


« អាហារូបករណ៍​ផ្សិត » ដើម្បី​កម្លាំង​នៃ​យុវជន ខែ មករា ឆ្នាំ ២០២១ ទំព័រ ៦–៧ ។

អាហារូបករណ៍​ផ្សិត

តើ​ខ្ញុំ​អាច​រៀន​បាន​មេរៀន​អ្វីខ្លះ មកពី​អ្វីមួយ​ដែល​គួរឲ្យ​រអើម​ដូចជា​ផ្សិត ?

យុវនារី​ក្នុង​សំលៀក​បំពាក់​គីម៉ូណូ​ជាមួយ​ផ្សិត

រចនា​រូបភាព​ដោយ ជូលី យែលឡូ

ខ្ញុំ​មិន​ចូលចិត្ត​ផ្សិត​ទេ ។ ក្លិន និង​សាច់​បែប​នោះ—​ខ្ញុំ​មិន​ចូលចិត្ត​វា​សោះ​ឡើយ ! ប៉ុន្ដែ​ឪពុក​ម្ដាយ​ខ្ញុំ​បាន​ចាប់ផ្ដើម​បណ្ដុះ​ផ្សិត នៅពេល​ខ្ញុំ​នៅក្មេង ដូច្នេះ​យើង​បាន​បរិភោគ​វា​រាល់ថ្ងៃ ។ អំឡុង​រដូវ​ប្រមូល​ផល ខ្ញុំ​បាន​ជួយ​ឪពុក​ម្ដាយ​របស់​ខ្ញុំ​ដល់​យប់​ជ្រៅ ។ ខ្ញុំ​បាន​ថ្លឹង​ផ្សិត ២០០ ក្រាម ខ្ចប់​វា​ក្នុង​ថង់​មួយ ហើយ​បិទ​ត្រា​លើ​កញ្ចប់​នោះ ។ ខ្ញុំ​ចាំ​ថា​មាន​ភាពរីករាយ ពេល​និយាយ​ជាមួយ​នឹង​គ្រួសារ​របស់​ខ្ញុំ ។ វា​ហាក់​​ដូចជា​ការមាន​រាត្រី​ជួបជុំ​ក្រុមគ្រួសារ​រាល់ថ្ងៃ​អញ្ចឹងដែរ ។

វា​ក៏​ផ្ដល់​ជា​បា្រក់ចំណូល​សម្រាប់​គ្រួសារ​ផងដែរ ដូច្នេះ​យើង​ត្រូវតែ​ជួយគ្នា ។ ប៉ុន្ដែ​មាន​ចំណុច​ខ្សោយ​ពីរ ៖ ទីមួយ កម្មវិធី​ទូរទស្សន៍​ដែល​ខ្ញុំ​ចូលចិត្ត​មើល​មួយ​គឺ​នៅចំ​ពេល​ដែល​យើង​ត្រូវ​ធ្វើការ ដូច្នេះ​ខ្ញុំ​មិន​អាច​មើល​វា​បាន​ទេ ។ ហើយ​ទីពីរ ទម្រាំ​ដល់​ពេល​ខ្ញុំ​បញ្ចប់​ការងារ​នេះ ដៃ​របស់​ខ្ញុំ​បាន​ឡើង​ពណ៌​ខ្មៅ​ពី​ផ្សិត ហើយ​វា​ពិបាក​លាង​ពណ៌ និង​ក្លិន​នេះ​ឲ្យ​ជ្រះ​ដោយ​សាប៊ូ​ណាស់ ។ ពេល​ខ្ញុំ​នៅក្មេង ពេលខ្លះ​ខ្ញុំ​បាន​រអ៊ូ​រទាំ​ពី​មូលហេតុ​ដែល​ខ្ញុំ​ត្រូវ​ជួយ​យ៉ាង​ច្រើន​រៀង​រាល់ថ្ងៃ ។

ផ្សិត​បាន​ផ្ដល់​ប្រាក់​ចំណូល​ដ៏​ល្អ​មួយ​រយៈពេល ប៉ុន្ដែ​នៅ​ទីបញ្ចប់ តម្លៃ​បាន​ធ្លាក់​ចុះ ពេល​ចំនួន​កសិករ​ដាំ​ផ្សិត​បាន​កើនឡើង ហើយ​ឪពុក​ម្ដាយ​របស់​ខ្ញុំ​បាន​ឈប់​ដាំ​ផ្សិត ។ ខ្ញុំ​គិត​ថា ពួកគាត់​ឈប់​ព្រោះ​តែ​តម្លៃ​ធ្លាក់​ចុះ​ប៉ុណ្ណោះ ប៉ុន្ដែ​ខ្ញុំ​បាន​ដឹង​ពី​ការពិត​មួយ ដែល​ធ្វើឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល ពេល​ខ្ញុំ​បាន​រៀន​ចប់​មហាវិទ្យាល័យ ។

ឪពុក​ម្ដាយ​របស់​ខ្ញុំ​បាន​ចាប់ផ្ដើម​បណ្ដុះ​ផ្សិត​ដើម្បី​សន្សំ​ប្រាក់​ឲ្យ​ខ្ញុំ និង​បង​ប្រុសៗ​របស់​ខ្ញុំ​ទៅរៀន​នៅ​មហាវិទ្យាល័យ ។ ពួកគាត់​បាន​ឈប់ ដោយសារ​ពួកគាត់​បាន​សន្សំ​គ្រប់​ចំនួន​គោលដៅ​របស់​ពួកគាត់​ប៉ុណ្ណោះ ។ នៅពេល​ខ្ញុំ​បាន​ដឹង​អំពី​រឿង​នេះ នោះ​ខ្ញុំ​មាន​អារម្មណ៍​ខ្មាសអៀន​ដែល​ធ្លាប់​រអ៊ូរទាំ ។ ខ្ញុំ​មិន​បាន​ដឹង​ថា ខ្ញុំ​បាន​ធ្វើការ​សម្រាប់​ការចំណាយ​នៅ​មហាវិទ្យាល័យ​ក្នុងពេល​អនាគត​របស់​ខ្ញុំ​ឡើយ ។ ហើយ​លើស​ពី​នេះ​ទៅទៀត គឺ​គ្រួសារ​របស់​ខ្ញុំ​បាន​ជួយ​ខ្ញុំ !

ខ្ញុំ​បាន​រអ៊ូរទាំ​ម្ដង​ហើយ​ម្ដងទៀត ដោយ​មិន​ដឹង​ថា យើង​បាន​ដាំ​ផ្សិត​ដើម្បី​ជា​អាហារូបករណ៍​របស់​ខ្ញុំ​ផ្ទាល់​នោះទេ ។ ការរអ៊ូ​របស់​ខ្ញុំ​គឺ​ដូចជា​លេមិន និង​លេមយួល​នៅក្នុង នីហ្វៃ​ទី​១ ២:១២ ដែរ ៖ « ហើយ​លេមិន និង​លេមយួល … បាន​រអ៊ូរទាំ​ពីព្រោះ​គេ​មិន​បាន​ដឹង​អំពី​ព្រឹត្តិការណ៍​នៃ​ព្រះ ដែល​បាន​បង្កើត​ពួកគេ​មក » ។ ខ្ញុំ​មាន​អំណរ​ខ្លាំងណាស់ ដែល​ព្រះអម្ចាស់​ស្គាល់​ខ្ញុំ​ច្បាស់ ហើយ​បាន​ប្រទាន​ពរ​​ដល់​ខ្ញុំ មិន​ថា​ខ្ញុំ​រអ៊ូរទាំ​យ៉ាងណា​ទេ ។

ខ្ញុំ​មិន​ដែល​ចូលចិត្ត​ហូប​ផ្សិត​ទេ ។ ប៉ុន្ដែ​បើ​គ្មាន​ផ្សិត​ទេ នោះ​ខ្ញុំ​ប្រាកដជា​ក្រៀមក្រំ​បន្ដិច​ហើយ ដោយសារ​ខ្ញុំ​មិន​មាន​ឱកាស​ចងចាំ​ពី​បទពិសោធន៍​ទាំងនោះ​ជាមួយ​ក្រុមគ្រួសារ​របស់​ខ្ញុំ ។ ដោយសារតែ​ផ្សិត​នេះ​ហើយ ទើប​ខ្ញុំ​រៀន​ឲ្យ​តម្លៃ​លើ​ពរជ័យ​របស់​ខ្ញុំ និង​ទុកចិត្ត​លើ​ផែនការ​របស់​ព្រះអម្ចាស់—ហើយ​មិន​រអ៊ូរទាំ​ទៀត ! ដូច្នេះ ទោះបីជា​ខ្ញុំ​មិន​ចូលចិត្ត​ផ្សិត​យ៉ាងណា​ក្ដី ក៏​ខ្ញុំ​មាន​អំណរគុណ​ចំពោះ​វា​ដែរ​នាពេល​នេះ ។ វា​គឺជា​និមិត្តសញ្ញា​ដ៏​សំខាន់​ចំពោះ​ខ្ញុំ ដើម្បី​ចងចាំ​ដល់​ចំណង​ក្នុង​គ្រួសារ​របស់​ខ្ញុំ ។

អ្នកនិពន្ធ​រស់នៅ​ក្នុង​ទីក្រុង​ស៊ីណាហ្គាវ៉ា ប្រទេស​ជប៉ុន ។