« បុព្វហេតុដ៏ធំនៃការស្ដារឡើងវិញ » ដើម្បីកម្លាំងនៃយុវជន ខែ មករា ឆ្នាំ ២០២១ ទំព័រ ៣–៥ ។
បុព្វហេតុដ៏ធំនៃការស្ដារឡើងវិញ
កិច្ចការដែលយ៉ូសែប និង ហៃរ៉ុម ស៊្មីធ បានចាប់ផ្ដើម ព្រមជាមួយនឹងមនុស្សដ៏ស្មោះត្រង់ជាច្រើននាក់ទៀត នៅបន្ដនៅក្នុងសាសនាចក្រនាពេលសព្វថ្ងៃនេះ ។
នៅពេលយ៉ូសែប ស៊្មីធវ័យក្មេងបានទៅក្នុងព្រៃដើម្បីអធិស្ឋាន នោះលោកបានទទួលការនិមិត្តដ៏អស្ចារ្យមួយ ដែលសព្វថ្ងៃត្រូវបានស្គាល់ថាជាការនិមិត្តដំបូង ។
នៅក្នុងការនិមិត្តនេះ ព្រះអង្គសង្គ្រោះបានមានបន្ទូលទៅយ៉ូសែបថា អំពើបាបរបស់លោកត្រូវបានអភ័យទោសហើយ ។ ទ្រង់ក៏បានឆ្លើយតបនឹងសំណួររបស់យ៉ូសែប ហើយបានមានបន្ទូលថា គ្មាននិកាយណាមួយ « ត្រូវបានទទួលស្គាល់ដោយព្រះថាជាសាសនាចក្រ និងនគរទ្រង់ » នៅពេលនោះឡើយ ។
យ៉ូសែបបានរំឭកថា « នៅក្នុងពេលដដែលនោះ [ ខ្ញុំ ] បានទទួលការសន្យាមួយថា ភាពពេញលេញនៃដំណឹងល្អនឹងត្រូវបានប្រាប់ដល់ខ្ញុំនៅក្នុងពេលអនាគត » ។១
បន្ទាប់ពីការនិមិត្តដ៏រុងរឿងនេះ យ៉ូសែបបានចេញពីព្រៃពិសិដ្ឋដើម្បីចាប់ផ្តើមរៀបចំខ្លួនធ្វើជាព្យាការីរបស់ព្រះ ។
មរ៉ូណៃ និង ព្រះគម្ពីរមរមន
បីឆ្នាំក្រោយមក នៅក្នុងឆ្នាំ ១៨២៣ ស្ថានសួគ៌បានបើកម្តងទៀត ដែលជាផ្នែកមួយនៃការបន្តការស្តារឡើងវិញនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទនៅក្នុងថ្ងៃចុងក្រោយនេះ ។ ទេវតាមួយអង្គឈ្មោះមរ៉ូណៃ បានលេចឡើងចំពោះលោក ហើយបានមានបន្ទូល « ថាព្រះទ្រង់មានកិច្ចការឲ្យខ្ញុំធ្វើ… [ ហើយថា ]មានគម្ពីរមួយកប់ទុក ដែលឆ្លាក់នៅលើផ្ទាំងមាស » ដែលមាន « ភាពពោរពេញនៃដំណឹងល្អដ៏អស់កល្បជានិច្ច » ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣៣–៣៤ ) ។
នៅទីបំផុត យ៉ូសែបក៏បានទទួល បានបកប្រែ ហើយបានបោះពុម្ពកំណត់ត្រាពីបុរាណ ដែលសព្វថ្ងៃនេះត្រូវបានហៅថា ព្រះគម្ពីរមរមន ។
បងប្អូនប្រុសដ៏ស្មោះត្រង់
បងប្រុសរបស់យ៉ូសែបឈ្មោះ ហៃរុម តែងតែជាអ្នកគាំទ្រដល់យ៉ូសែបឥតឈប់ឈរ ។ នៅក្នុងជីវិតរបស់ពួកលោក យ៉ូសែប និងហៃរុម បានប្រឈមមុខនឹងជនទុច្ចរិត និងការបៀតបៀនជាមួយគ្នា ។ ឧទាហរណ៍ ពួកលោកបានរស់នៅក្នុងស្ថានភាពដ៏អាក្រក់បំផុតក្នុងគុកលិបើធី នៅមិសសួរី អស់រយៈពេលប្រាំខែនារដូវរងារនៃឆ្នាំ ១៨៣៨–៣៩ ។
នៅចំពោះមុខការបៀតបៀន ហៃរុម បានបង្ហាញសេចក្តីជំនឿទៅលើសេចក្តីសន្យារបស់ព្រះអម្ចាស់ រួមទាំងការធានាថាអាចគេចចេញពីពួកមារសត្រូវរបស់ពួកគាត់ បើពួកគាត់ជ្រើសរើសធ្វើដូច្នោះ ។ នៅខែ មិថុនា ឆ្នាំ ១៨៤៤ ហៃរុម ត្រូវបានផ្តល់នូវជម្រើសថាចង់រស់ ឬចង់លះបង់ជីវិតរបស់គាត់ដើម្បីសិរីរុងរឿងរបស់ព្រះ និងដើម្បី « បិទត្រាទីបន្ទាល់របស់លោក ដោយលោហិតរបស់លោក »—នៅកៀកនឹងប្អូនប្រុស យ៉ូសែបជាទីស្រឡាញ់របស់លោក ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៦:៣៩ ) ។
មួយសប្ដាហ៍ពីមុនពួកលោកត្រូវបានគេសម្លាប់យ៉ាងឃោរឃៅ នោះយ៉ូសែបបានប្រាប់ហៃរុមឲ្យនាំគ្រួសាររបស់គាត់ ហើយចាកចេញទៅ ។ ខ្ញុំនៅតែមានអារម្មណ៍ក្តុកក្តួលយ៉ាងខ្លាំង ព្រោះខ្ញុំចងចាំការឆ្លើយតបរបស់ហៃរុមថា ៖ « យ៉ូសែប បងមិនអាចទៅចោលប្អូនឡើយ » ។២
ដូច្នេះ យ៉ូសែប និងហៃរុម បានចេញទៅក្រុងកាតធេច ជាកន្លែងដែលពួកលោកត្រូវបានគេសម្លាប់សម្រាប់បុព្វហេតុ និងព្រះនាមរបស់ព្រះគ្រីស្ទ ។ « ក្នុងជីវិតនេះពួកគេមិនបែកគ្នាឡើយ ហើយក្នុងសេចក្តីស្លាប់ក៏មិនបែកគ្នាដែរ ! »( គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៥:៣ ការគូសបញ្ជាក់ត្រូវបានបន្ថែម ) ។
ការហៅឲ្យធ្វើសកម្មភាព
យើងគួរតែចងចាំតម្លៃដែលយ៉ូសែប និងហៃរុម ស្ម៊ីធ បានលះបង់ ព្រមជាមួយបុរស ស្រ្តី និងកុមារដែលស្មោះត្រង់ជាច្រើននាក់ទៀត ដើម្បីកសាងសាសនាចក្រនេះ ដើម្បីប្អូនៗ និងខ្ញុំអាចរីករាយនឹងពរជ័យជាច្រើន ហើយនឹងអ្វីៗទាំងអស់នេះដែលបានបើកសម្តែងសេចក្តីពិតដែលយើងមានសព្វថ្ងៃនេះ ។ ភាពស្មោះត្រង់របស់ពួកលោកមិនគួរបំភ្លេចចោលឡើយ !
ពីមុនមរណភាពរបស់លោកនៅក្នុងឆ្នាំ ១៨៤៤ យ៉ូសែប បានសរសេរលិខិតដ៏ក្លៀវក្លាទៅកាន់ពួកបរិសុទ្ធ ។ លិខិតនោះបានអំពាវនាវឲ្យមានសកម្មភាព ដែលសាសនាចក្រនាសព្វថ្ងៃនេះនៅបន្តធ្វើ ៖
« ប្អូនប្រុស [ និង ប្អូនស្រី ]តើយើងនឹងមិនទៅមុខ ដោយសារចលនាដ៏ធំមហិមានេះទេឬ ? ចូរទៅមុខ ហើយកុំថយក្រោយឡើយ ។ ចូរមានចិត្តក្លាហាន [ បងប្អូនប្រុសស្រី ] ហើយចូរទៅ ចូរទៅរកជ័យជម្នះ !…
« … ចូរយើងថ្វាយដង្វាយដល់ព្រះអម្ចាស់ ដោយសេចក្ដីសុចរិត ក្នុងនាមជាសាសនាចក្រ ហើយប្រជារាស្ត្រ ហើយជាពួកបរិសុទ្ធថ្ងៃចុងក្រោយ » ( គោលលទ្ធិ និង សេចក្ដី សញ្ញា ១២៨:២២, ២៤ ការគូសបញ្ជាក់ត្រូវបានបន្ថែម ) ។
សូមពិចារណាពីអ្វីដែលបងប្អូននឹងថ្វាយដល់ព្រះអម្ចាស់នៅក្នុងសេចក្តីសុចរិតនៅថ្ងៃខាងមុខ ។ សូមមានចិត្តក្លាហាន—ចែកចាយវាជាមួយនរណាម្នាក់ដែលប្អូនៗទុកចិត្ត ហើយអ្វីដែលសំខាន់បំផុត សូមចំណាយពេលដើម្បីធ្វើវា !
ខ្ញុំដឹងថា ព្រះអង្គសង្រ្គោះសព្វព្រះទ័យ នៅពេលយើងថ្វាយដល់ទ្រង់នូវដង្វាយចេញពីចិត្តរបស់យើងនៅក្នុងសេចក្តីសុចរិត ដូចដែលទ្រង់សព្វព្រះទ័យជាមួយនឹងដង្វាយស្មោះត្រង់ដ៏អស្ចារ្យរបស់បងប្រុស យ៉ូសែប និងហៃរុម ស្ម៊ីធ និងពួកបរិសុទ្ធដទៃទៀតផងដែរ ។