« យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១–១៤ ៖ ‹ សូមដល់ព្រះ › » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១–១៤ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១–១៤
« សូមដល់ព្រះ »
កាលនៅពីក្មេង យ៉ូសែប ស្ម៊ីធ បានប្រាថ្នាចង់ដើរតាមព្រះយេស៊ូវគ្រីស្ទ ហើយស្វះស្វែងដើម្បីដឹងថា តើព្រះវិហារមួយណាដែលត្រឹមត្រូវ ដែលលោកគួរចូលរួម ។ ទោះជាយ៉ាងណាក៏ដោយ មានព្រះវិហារជាច្រើនដែលបង្រៀនរឿងខុសៗគ្នា ហើយយ៉ូសែបវ័យក្មេងបានយល់ថា វាពិបាកដើម្បីយល់ដឹងពីសេចក្ដីពិត ។ មេរៀននេះអាចជួយសិស្សឲ្យធ្វើតាមគំរូរបស់យ៉ូសែប ស្ម៊ីធ នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីរៀនពីសេចក្ដីពិតមកពីព្រះ ។
សកម្មភាពរៀនសូត្រដែលអាចមាន
គ្រានៃការភាន់ច្រឡំ
-
ហេតុអ្វីពេលខ្លះការរកឃើញព័ត៌មានដែលអាចទុកចិត្តបានអាចជារឿងដែលពិបាក ?
-
តើការប្រឈមដូចគ្នាទាំងនោះអាចធ្វើឲ្យមានការលំបាកសម្រាប់នរណាម្នាក់ក្នុងការស្វែងរកសេចក្ដីពិតអំពីព្រះយេស៊ូវគ្រីស្ទ និងគោលលទ្ធិរបស់ទ្រង់ដោយរបៀបណា ?
កាលនៅក្មេង យ៉ូសែប ស្ម៊ីធ មានការព្រួយបារម្ភចំពោះសុខុមាលភាពនៃព្រលឹងវិញ្ញាណរបស់លោក ។ នៅក្នុងសហគមន៍ និងសូម្បីតែនៅក្នុងគ្រួសារ ស្ម៊ីធ មានការខ្វែងគំនិតគ្នាអំពីព្រះវិហារមួយណា ដែលមានសេចក្ដីពិតដែលចាំបាច់សម្រាប់សេចក្ដីសង្គ្រោះ ។
សូមអាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៥–១០ ដោយរកមើលមូលហេតុដែលវាពិបាកឲ្យយ៉ូសែប រកឃើញសេចក្ដីពិតរបស់ព្រះក្នុងចំណោមសាសនាជាច្រើន ។
-
តើអ្នកបានឃើញការភាន់ច្រឡំស្រដៀងគ្នានេះអំពីសាសនានៅក្នុងពិភពលោកសព្វថ្ងៃនេះដោយរបៀបណា ?
-
ហេតុអ្វីបានជាអ្នកគិតថា វាសំខាន់ដែលយើងត្រូវស្វះស្វែងដើម្បីដឹងសេចក្ដីពិតមកពីព្រះ ជំនួសឲ្យការទទួលយកអ្វីគ្រប់យ៉ាងដែលបានបង្រៀនមក ?
សូមបង្កើតតារាងខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ហើយដាក់ស្លាកប្រអប់នីមួយៗ ដូចដែលអ្នកឃើញខាងក្រោមនេះ ៖
សំណួរដែល យ៉ូសែប មានសម្រាប់ព្រះ |
សំណួរដែលខ្ញុំមានសម្រាប់ព្រះ |
អ្វីដែល យ៉ូសែប បានធ្វើ |
អ្វីដែលខ្ញុំនឹងធ្វើ |
សូមត្រឡប់ទៅមើលអ្វីដែលអ្នកបានអាននៅក្នុង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៨, ១០ ។ សូមសរសេរសំណួរ និងសកម្មភាពរបស់ យ៉ូសែប ក្នុងប្រអប់ដែលត្រឹមត្រូវ ។
-
ហេតុអ្វីបានជាអ្នកគិតថា ព្រះវរបិតាសួគ៌បានសព្វព្រះទ័យ ដែលយ៉ូសែប បានសួរសំណួរទាំងនេះ ?
ការធ្វើតាមគំរូបរបស់ យ៉ូសែប ស្ម៊ីធ
នៅពេលយើងស្វះស្វែងចង់ដឹងនូវអ្វីដែលពិត ការធ្វើតាមការអញ្ជើញនេះពីប្រធាន រ័សុល អិម ណិលសុន អាចមានប្រយោជន៍ ៖
ព្យាការី យ៉ូសែប ស៊្មីធ បានដាក់គន្លងមួយឲ្យយើងធ្វើតាមនៅក្នុងការឆ្លើយនឹងសំណួររបស់យើង ។ …
ដូចគ្នានេះដែរ តើការស្វែងរករបស់បងប្អូននឹងបើកបង្ហាញអ្វីខ្លះដល់បងប្អូន ? តើបងប្អូនខ្វះប្រាជ្ញាអ្វីខ្លះ ? តើអ្វីទៅដែលបងប្អូនមានអារម្មណ៍ថា ជាសេចក្ដីត្រូវការបន្ទាន់មួយដើម្បីដឹង ឬយល់ ? សូមធ្វើតាមគំរូរបស់ព្យាការី យ៉ូសែប ។ ( រ័សុល អិម ណិលសុន « Revelation for the Church, Revelation for Our Lives » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៥ )
សេចក្ដីពិតមួយដែលយើងអាចរៀនមកពីប្រធាន ណិលសុន បាននោះគឺថា យើងអាចធ្វើតាមគំរូរបស់ យ៉ូសែប ស្ម៊ីធ ដើម្បីស្វែងយល់ពីសេចក្ដីពិតនៃព្រះសម្រាប់ខ្លួនយើង ។ សូមពិចារណាពីសំណួរដែលប្រធាន ណិលសុន បានសួរ ។ តើអ្នកនឹងឆ្លើយតបចំពោះសំណួរទាំងនោះសម្រាប់ខ្លួនអ្នកផ្ទាល់យ៉ាងដូចម្ដេច ? សូមសញ្ជឹងគិតពីសំណួរមួយចំនួនដែលអ្នកមាន ហើយសរសេរវានៅក្នុងប្រអប់ « សំណួរដែលខ្ញុំមានសម្រាប់ព្រះ » នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
-
តើសំណួររបស់អ្នកមួយណា ដែលអ្នកមានអារម្មណ៍ថាបំផុសគំនិតឲ្យដាក់អាទិភាពលើវានៅចំណុចនេះក្នុងជីវិតរបស់អ្នក ? ហេតុអ្វី ?
នៅពេលអ្នកបន្តសិក្សា យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ពេញមួយមេរៀននេះ សូមបន្តបំពេញតារាងនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ សូមរកមើលវិធីដែលអ្នកអាចធ្វើតាមគំរូរបស់ យ៉ូសែប ដើម្បីស្វែងរកចម្លើយចំពោះសំណួរផ្ទាល់ខ្លួនរបស់អ្នក ។ នៅក្នុងប្រអប់ « អ្វីដែលខ្ញុំនឹងធ្វើ » សូមសរសេរនូវចំណាប់អារម្មណ៍ដែលអ្នកទទួលបានដើម្បីធ្វើសកម្មភាព ។
សូមអាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១១–១៤ ដោយការរកមើលសកម្មភាពបន្ថែមដែល យ៉ូសែប បានធ្វើដើម្បីស្វែងយល់ពីសេចក្ដីពិតនៃព្រះ ។ សូមពិចារណាសរសេរនូវអ្វីដែលអ្នករកឃើញនៅក្នុងប្រអប់ « អ្វីដែល យ៉ូសែប បានធ្វើ » ។
-
បើទោះជា យ៉ូសែប មិនដឹងថាត្រូវចូលរួមក្នុងព្រះវិហារមួយណាក៏ដោយ ប៉ុន្ដែតើលោកដឹងអ្វីអំពីព្រះ ? ( សូមមើល « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២៣ ) កថាខណ្ឌទី ២–៣ ) ។
-
ហេតុអ្វីបានជាអ្នកគិតថា ព្រះមានព្រះទ័យចង់ជួយយើងឲ្យរកឃើញសេចក្ដីពិតយ៉ាងខ្លាំង ? ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១១ ) ។
-
តើសកម្មភាពរបស់ យ៉ូសែប មួយណាដែលអ្នកបានសាកល្បងធ្វើតាមក្នុងជីវិតរបស់អ្នក ? តើអ្នកចង់សាកល្បងធ្វើតាមសកម្មភាពមួយណា ?
សូមរំឭកពីការអញ្ជើញដែលប្រធាន ណិលសុន បានប្រាប់ឲ្យ « ធ្វើតាមគំរូរបស់ព្យាការី យ៉ូសែប » ។ សូមស្វះស្វែងរកជំនួយពីព្រះវរបិតាសួគ៌ នៅពេលដែលអ្នកសញ្ជឹងគិតអំពីអ្វីដែលអ្នកអាចធ្វើបាន ដើម្បីធ្វើតាមគំរូរបស់ យ៉ូសែប ក្នុងការស្វែងរកសេចក្ដីពិតរបស់អ្នក ។
នៅក្នុងប្រអប់ « អ្វីដែលខ្ញុំនឹងធ្វើ » នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមសរសេរវិធីមួយ ឬពីរដែលអ្នកនឹងធ្វើតាមគំរូរបស់ យ៉ូសែប ស្ម៊ីធ ។ សូមរួមបញ្ចូលសេចក្តីលម្អិតជាក់លាក់អំពីរបៀបដែលអ្នកនឹងអនុវត្តសកម្មភាពទាំងនេះ នៅពេលដែលអ្នកស្វែងរកចម្លើយមកពីព្រះ ។ អ្នកអាចនឹងចង់ចែកចាយគម្រោងរបស់អ្នកជាមួយមិត្តភក្តិដែលជឿទុកចិត្តម្នាក់ ឬសមាជិកគ្រួសារម្នាក់ ។ វាសំខាន់ដើម្បីចងចាំថា សូម្បីតែផែនការដ៏ល្អបំផុតអាចត្រូវការពេលវេលាដើម្បីនាំមកនូវលទ្ធផលដែលចង់បាននោះ ។ សូមត្រឡប់ទៅសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក និង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ជាទៀងទាត់ ដើម្បីវាយតម្លៃថាតើអ្នកធ្វើបានល្អប៉ុនណាហើយ ។