ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៦៦—ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​ដើម្បី​ស្វែងរក​ចម្លើយ


« មេរៀន​ទី ១៦៦—ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​ដើម្បី​ស្វែងរក​ចម្លើយ⁠ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​ដើម្បី​ស្វែងរក​ចម្លើយ »⁠ សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀនទី ១៦៦ ៖ ចំណេះចំណាន​នៃ​គោលលទ្ធិ ៖ ស្វែងរក​វិវរណៈ​ផ្ទាល់​ខ្លួន​សម្រាប់​សំណួរ​របស់​ខ្ញុំ

ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​ដើម្បី​ស្វែងរក​ចម្លើយ

ការទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ ភាគ ២

ស្ត្រី​ពាល់​ជាយ​ព្រះពស្ដ​របស់​ព្រះគ្រីស្ទ

ព្រះយេស៊ូវគ្រីស្ទ​អញ្ជើញ​យើងឲ្យ​មើល​ទៅទ្រង់ ហើយ​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ​ពេញមួយ​ជីវិត​របស់​យើង ។ វាជា​ការសំខាន់​ខ្លាំងណាស់ ដែលយើង​ត្រូវ​ផ្ដោត​លើ​ព្រះអង្គ​សង្គ្រោះ ជាពិសេស​នៅពេល​យើង​មិនអាច​ឆ្លើយ​សំណួរ ឬ​ដោះស្រាយ​ស្ថានការណ៍​បាន​ដោយងាយ ។ មេរៀននេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​ពីរបៀប​ធ្វើ​សកម្មភាព​ដោយ​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ នៅ​ពេលពួកគេ​ស្វះស្វែងរក​ចម្លើយ​ចំពោះសំណួរ​របស់​ពួកគេ ។

សកម្មភាព​រៀនសូត្រ​ដែល​អាចមាន

សារៈសំខាន់​នៃការសួរ​សំណួរ

មុនពេល​ចូលរៀន អ្នកអាចនឹង​ចង់​សរសេរ​សំណួរ​ខាងក្រោមនេះ​ពីប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដាក់​នៅលើ​ក្តារខៀន ។ នៅពេល​សិស្ស​ចូលមក​ថ្នាក់រៀន សូម​អញ្ជើញ​ពួកគេឲ្យ​ជញ្ជឹង​គិត​ពីរបៀប​ដែល​ពួកគេអាច​ឆ្លើយសំណួរ​របស់​លោក​បាន និង​មូលហេតុ​ដែល​ពួកគេបាន​ឆ្លើយបែបនោះ ។ បន្ទាប់ពី​សិស្ស​បាន​ប្រើ​ពេល​ជញ្ជឹងគិត​ហើយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ចម្លើយ​របស់​ពួកគេ ។

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែល​ពេលនោះ​នៅក្នុង​គណៈប្រធាន​ទីមួយ បាន​ដាក់ចេញ​នូវសំណួរ​ដូចខាងក្រោម ៖

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ⁠

តើ​វា​មិន​អី​ទេ​ឬ​ដែល​មាន​សំណួរ​អំពី​សាសនាចក្រ ឬ​គោលលទ្ធិ​របស់​សាសនាចក្រ​នោះ ? ( ឌៀថើរ អេហ្វ អុជដូហ្វ⁠ « The Reflection in the Water » [ ការប្រជុំ​ធម្មនិដ្ឋាន​ប្រព័ន្ធ​អប់រំ​សាសនាចក្រ ថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០០៩ ] នៅលើ​គេហទំព័រ thechurchnews.com )

  • តើ​អ្នក​នឹង​ឆ្លើយសំណួរ​នេះ​យ៉ាងដូចម្ដេច ? ហេតុអ្វី​បានជា​អ្នកឆ្លើយ​សំណួរនេះ​តាមរបៀបនោះ ?

នៅពេល​អ្នកអាន​សេចក្ដី​ថ្លែងការណ៍​របស់​ប្រធាន អុជដូហ្វ ដែល​នៅសល់​ទាំង​ប៉ុន្មាន​ទៀត សូម​រកមើល​ប្រៀបធៀប​ចម្លើយ​របស់​អ្នកទៅនឹង​ចម្លើយ​របស់​លោក ។

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ⁠

មិត្តភក្ដិ​វ័យ​ក្មេង​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ យើង​គឺជា​មនុស្ស​ដែល​សួរ​សំណួរ ដោយសារ​យើង​ដឹង​ថា សំណួរ​នាំ​ទៅរក​សេចក្ដីពិត ។ នោះ​គឺជា​របៀប [ ដែល ] សាសនាចក្រ​នេះ​ចាប់ផ្ដើម​ឡើង—មក​ពី​យុវជន​ម្នាក់​ដែល​មាន​សំណួរ​ច្រើន ។ តាមពិត ខ្ញុំមិន​ប្រាកដ​ពី​របៀប​ដែល​មនុស្ស​ម្នាក់​អាចរកឃើញ​សេចក្ដីពិត ដោយគ្មាន​ការសួរសំណួរ​នោះទេ ។

… ការសួរ​គឺជា​ទីកំណើត​នៃទីបន្ទាល់ ។ … ការសួរ​សំណួរ​មិន​មែន​ជា​សញ្ញា​មួយ​នៃ​ភាពទន់ខ្សោយ​នោះទេ តែ​វា​ជា​ប្រផ្នូល​នៃ​ការរីក​ចម្រើន​ទៅវិញ​ទេ ។ ( ឌៀថើរ អេហ្វ អុជដូហ្វ⁠ « The Reflection in the Water » [ ការប្រជុំ​ធម្មនិដ្ឋាន​ប្រព័ន្ធ​អប់រំ​សាសនាចក្រ ថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០០៩ ] នៅលើ​គេហទំព័រ thechurchnews.com )

  • តើគំរូ⁠​អ្វីខ្លះ​ដែល​អ្នក​បានឃើញ​នៅក្នុង​ព្រះគម្ពីរ ប្រវត្តិ​សាសនាចក្រ ឬជីវិត​របស់​អ្នក​ផ្ទាល់ ដែល​បង្ហាញ​ថា ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​សព្វ​ព្រះទ័យ​ឲ្យ​យើង​សួរ​សំណួរ ?

ពេលខ្លះ យើង​អាច​នឹង​រកឃើញ​ព័ត៌មាន​ថ្មីៗ​អំពី​គោលលទ្ធិ ការអនុវត្ត ឬ​ប្រវត្តិ​សាសនាចក្រ ដែលហាក់​ដូចជានឹង​ពិបាក​យល់​បាន ។ យើង​ក៏​អាច​នឹង​មាន​សំណួរ​ដែលពិបាក​នឹង​ឆ្លើយ​បាន​ផងដែរ ។ ការមានសំណួរ​មិនដូចគ្នា​នឹង​ការសង្ស័យទេ ។ ការសួរសំណួរ​ដោយ​ស្មោះត្រង់​អាចបង្កើន​ការយល់ដឹង និង​ទីបន្ទាល់​របស់យើង​អំពី​ព្រះយេស៊ូវគ្រីស្ទ​បាន ។ ការចិញ្ចឹមបីបាច់​ការសង្ស័យ​អាច​ប៉ះពាល់​អវិជ្ជមាន​ដល់​សេចក្ដីជំនឿ​របស់​យើងលើទ្រង់​បាន ( សូមមើល Topics and Questions, « Answering Gospel Questions » នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org ) ។

សូម​ឲ្យ​សិស្ស​គិត​អំពី​សំណួរ​ដែល​ពួកគេ​អាច​នឹង​មាន​អំពី​សាសនាចក្រ ឬ​គោលលទ្ធិ​របស់​សាសនាចក្រ ដែលពួកគេ​មិនអាច​ឆ្លើយបាន​ដោយងាយ ។ អ្នក​អាច​នឹង​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​សំណួរ​ទាំងនេះ​ដាក់​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេបាន ។ សូម​អញ្ជើញ​ពួកគេឲ្យ​ស្វែងរក​សេចក្ដីពិត​នៅក្នុង​មេរៀន​នេះ ដែល​អាច​ជួយ​ពួកគេបាន នៅពេល​​មានសំណួរ​ពិបាកៗ​កើតឡើង ។

ការឆ្លើយតប​ទៅនឹង​សំណួរ​ពិបាកៗ

ដើម្បី​បង្ហាញពី​សារៈសំខាន់​នៃ​ការសួរសំណួរ និង​ដើម្បី​ធ្វើជា​គំរូ​នៃ​របៀប​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ សូម​បង្ហាញ​សាច់រឿង​មួយ​ដល់​សិស្ស​ក្នុង​ថ្នាក់​ទាំងមូល ។ សូម​ប្រើ​ការពិពណ៌នា​ខាងក្រោម ឬ​បង្ហាញ​វីដេអូ « Acquiring Spiritual Knowledge: Madison’s Story » ដែលមាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ចាប់ពី​នាទី​ទី ០:០០ ដល់​នាទី​ទី ១:៤៤ ។

នៅក្នុង​ថ្នាក់​សិក្ខាសាលា ម៉ាឌីហ្សុន បាន​រៀន​ថា យ៉ូសែប ស្ម៊ីធ មាន​ចំណង​អាពាហ៍ពិពាហ៍​ច្រើន ។ បន្ទាប់ពី​នាងបាន​ឮ​ដូច្នេះ សំណួរមួយចំនួន​បានចូលមក​ក្នុង​ចិត្ត​នាង ។

8:35

ដើម្បីជួយ​សិស្សឲ្យ​ពិភាក្សា​អំពី​សំណួរខាងក្រោម​នេះ​បាន អ្នក​អាចនឹង​បែងចែក​សិស្ស​ក្នុងថ្នាក់​ទៅជា​ដៃគូ ឬ​ជា​ក្រុម​តូចៗ ។ បន្ទាប់ពី​បាន​ពិភាក្សា​សំណួរ​ហើយ សិស្ស​អាចនឹង​រាយការណ៍​ពី​ចម្លើយ​របស់​ពួកគេ​ដល់​សិស្ស​នៅក្នុង​ថ្នាក់បាន ។

  • តើ​វិធីសាស្រ្ត​អវិជ្ជមាន និង​វិជ្ជមាន​អ្វីខ្លះដែល ម៉ាឌីហ្សុន អាច​យក​មក​អនុវត្ត​បាន ដើម្បី​ឆ្លើយ​នឹង​សំណួរ​របស់នាង ?

  • ហេតុអ្វី​បានជា​អ្នក​មាន​អារម្មណ៍​ថា វិធីសាស្រ្ត​ទាំងនេះ​នឹងមាន​លក្ខណៈ​អវិជ្ជមាន ឬ​វិជ្ជមាន ?

នៅពេល​យើង​ជួបប្រទះ​នឹង​សំណួរ​ពិបាកៗ ការប្រើ​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ​អាចនឹងមាន​ប្រយោជន៍ ។

សិស្ស​មួយចំនួន​អាចនឹងមាន​បទពិសោធន៍ពីមុនៗ​មក​ក្នុងការសិក្សា​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹងខាង​វិញ្ញាណ​នៅក្នុង​ថ្នាក់សិក្ខាសាលា​រួចហើយ ។ បើ​ពិតជា​ដូច្នេះ​មែន សូម​សួរសិស្ស​ក្នុងថ្នាក់​ថា តើ​ពួកគេ​អាច​សូត្រ​គោលការណ៍​បីយ៉ាងនៃ​ការទទួលបាន​ចំណេះដឹងខាង​វិញ្ញាណ​បាន​ដែរ​ឬទេ ។ ក្នុង​ករណី​ចាំបាច់⁠ សូម​អញ្ជើញ​ពួកគេ​ឲ្យអាន កថាខណ្ឌ​ទី ៤ នៃ​ផ្នែក « ការទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ » នៃ ឯកសារ​គោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២៣ ) ។ សូមពិចារណា​សរសេរគោលការណ៍​ទាំងនេះ​ដាក់​នៅលើ​ក្ដារខៀន ៖

  • ធ្វើសកម្មភាព​ដោយ​សេចក្ដីជំនឿ ។

  • ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ការប្រើ​ទស្សន​ដ៏​អស់កល្ប​មួយ ។

  • ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បានតែងតាំង​ដ៏ទេវភាព ។

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

បទពិសោធន៍​រៀនសូត្រ​នៅថ្ងៃនេះ​នឹងផ្ដោតជា​សំខាន់លើ​គោលការណ៍​នៃ​ការធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ ។

សូមអាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦: ៣៦ ។ សូម​រកមើល​របៀបដែល​ការអញ្ជើញនេះ​មកពី​ព្រះអង្គសង្គ្រោះ​អាច​ជួយ​យើងឲ្យ​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ​បាន ។

  • តើពាក្យ ឬឃ្លាអ្វីខ្លះ​នៅក្នុង​ខគម្ពីរ​នេះ ដែល​អាចនឹង​ជួយ​ដល់ ម៉ាឌីហ្សុន ឬអ្នកផ្សេងៗទៀត​ដែលមានសំណួរ​អំពីដំណឹងល្អ ឬ​សាសនាចក្រ​បាន ?

  • ហេតុអ្វី​ពាក្យ ឬ​ឃ្លាទាំងនោះ​នឹង​មានប្រយោជន៍ ?

នៅពេល​ដែល​សិស្ស​ចែកចាយ​ចម្លើយ​របស់​ពួកគេ សូម​ជួយឲ្យ​ពួកគេ​រកឃើញ​សេចក្ដីពិត​ដូច​តទៅ​នេះ ៖ នៅពេល​ដែល​យើង​មានសំណួរ​ដែល​គ្មានចម្លើយ នោះ​យើង​អាច​មើលទៅ​ព្រះយេស៊ូវគ្រីស្ទ​បាន ហើយ​កុំ​សង្ស័យ​ឡើយ ។

សូម​ពន្យល់​សិស្សថា គំរូ⁠​ជាច្រើន​នៃ​របៀប​ដែល​យើង​អាច​មើលលើ​ព្រះយេស៊ូវគ្រីស្ទ⁠​បាន មាននៅក្នុង ឯកសារ​គោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។

សូម​អាន កថាខណ្ឌ​ទី ៥–៧ នៅក្នុង​ផ្នែក « ការទទួលបាន​ចំណេះដឹងខាង​វិញ្ញាណ » នៃ ឯកសារ​គោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ដោយ​រកមើល​វិធីនានា​ដែល​អ្នក​អាច​នឹងធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ​បាន ⁠នៅពេល​ដែល​អ្នក​មាន​សំណួរ​ខាង​វិញ្ញាណ ។

  • តើ​សេចក្ដី​ថ្លែង​ការណ៍​ណាមួយ​មកពី​កថាខណ្ឌ​ទាំងនេះ ដែល​អ្នក​មាន​អារម្មណ៍​ថា⁠​អាចមាន​ប្រយោជន៍​បំផុត​ដល់​អ្នក​ដែល​មានសំណួរ​ពិបាកឆ្លើយ ? ហេតុអ្វី ?

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​បទគម្ពីរ ដែល​គាំទ្រ​ដល់​ចម្លើយ​របស់​ពួកគេ ។ ឧទាហរណ៍ បើសិស្ស​លើកឡើង​ពី​ការអធិស្ឋាន នោះ​ពួកគេ​អាច​យោងទៅ នីហ្វៃទី​២ ៣២:៨–៩យ៉ាកុប ១:៥–៦ ។ បើ​ពួកគេ​លើកឡើង​ពី​ការសិក្សា​ព្រះគម្ពីរ នោះ​ពួកគេ​អាចយោង​ទៅ នីហ្វៃទី​២ ៣២:៣ធីម៉ូថេ ទី២ ៣:១៥–១៧ ។

សូម​ស្វែងរក​ឱកាស​ធម្មតាៗ ដែលនឹង​រំឭកសិស្ស​អំពី​សារៈសំខាន់​នៃ​ការធ្វើ​សកម្មភាព​ទាំងនេះ ដោយ​ផ្តោតលើ​ព្រះយេស៊ូវគ្រីស្ទ ។ អ្នក​អាចនឹង​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ពី​របៀប​ដែល​សកម្មភាព​ដែល​ពួកគេ​កំណត់​នោះ អាចនឹង​ជាគំរូ​នៃ​ការសម្លឹងមើល​ទៅ​ព្រះយេស៊ូវគ្រីស្ទ ។

គំរូ​នៃ​ការធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

សូម​ចែកចាយ​ការសន្និដ្ឋាន​ចំពោះ​សាច់រឿង​អំពី ម៉ាឌីហ្សុន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​កំណត់ពី​របៀប​ដែល ម៉ាឌីហ្សុន ជ្រើសរើស​ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ នៅពេល​នាងប្រឈម​មុខ​នឹង​សំណួរ​របស់នាង ។ អ្នកអាច​នឹង​បង្ហាញ​វីដេអូ « Acquiring Spiritual Knowledge: Madison’s Story » ចាប់ពី​នាទី​ទី ១:៤៤ ដល់​នាទី​ទី ៨:៣៥; ក្នុងករណី​ដែល​គ្មាន​វីដេអូ​នេះ⁠ទេ សូម​អាន​កថាខណ្ឌ​ខាងក្រោម ។

8:35

បន្ទាប់ពី​ចប់​ថ្នាក់រៀន ម៉ាឌីហ្សុន បានទៅ​ជួប​គ្រូបង្រៀន​របស់​នាង ហើយសួរថា​ហេតុអ្វី​បានជា យ៉ូសែប ស្ម៊ីធ មាន​ចំណង​អាពាហ៍ពិពាហ៍​ច្រើន​ម្ល៉េះ ។ គ្រូបង្រៀន​របស់​នាង​បានលើក​ទឹកចិត្ត​នាង​ឲ្យ​បន្ត​រស់នៅ​តាម​ដំណឹងល្អ ហើយ​ធ្វើ​ការអធិស្ឋាន​ដោយស្មោះ នៅពេល​នាង​ស្វែងរក​ចម្លើយ ។⁠ នៅពេល ម៉ាឌីហ្សុន បានអធិស្ឋាន និង​ស្រាវជ្រាវ​ក្នុង​ព្រះគម្ពីរ​របស់​នាង នាងបាន​ទទួល​ការបំផុសគំនិត​មួយ រហូតដល់​នាង​ទទួលបាន​ចម្លើយ​មួយ​ទាន់ពេលវេលា ។⁠ ម៉ាឌីហ្សុន បានបន្តធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ ហើយ​ពឹងផ្អែកលើ​ទីបន្ទាល់​ដែល​នាង​មាន​អំពី​ព្រះវរបិតាសួគ៌ និង​ផែនការ​របស់ទ្រង់ ហើយនាង​បាន​ចាប់ផ្តើម​រកឃើញ​ចម្លើយ​ជាច្រើន​ទៀត​បន្តិច​ម្តងៗ ដែល​បាន​ជួយនាង​ឲ្យមាន​អារម្មណ៍​ស្ងប់ ។⁠ ពេញមួយ​ដំណើរការនេះ ម៉ាឌីហ្សុន បាន​មាន​អារម្មណ៍​ថា ⁠ទំនាក់ទំនង​របស់​នាង​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​មាន​ការរីកចម្រើន​ឡើង ។⁠ នាង​បាន​ដឹង​ថា នៅពេល​យើង​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ ព្រះនឹង​ប្រទាន​ចម្លើយ ឬ​សេចក្ដី​សុខសាន្ដ​ដែលយើង​កំពុង​ស្វែងរក​នោះ ។⁠

ជាផ្នែក​មួយនៃ​ការពិភាក្សា​អំពី​សំណួរ​ខាងក្រោម សូមឲ្យ​សិស្ស​ចង្អុល​បង្ហាញថា តើ​សកម្មភាព​របស់ ម៉ាឌីហ្សុន មួយណា​ដែល​ទាក់ទងនឹង​អ្វី​ដែល​ពួកគេ​បានសិក្សា​នៅក្នុង ឯកសារ​គោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។

  • តើ​សកម្មភាព​របស់ ម៉ាឌីហ្សុន បង្ហាញ​ពី​សេចក្ដី​ជំនឿ​របស់នាង​លើព្រះយេស៊ូវគ្រីស្ទ​យ៉ាងដូចម្ដេច ?

  • តើ​យើងអាច​រៀន​បាន​អ្វីខ្លះ​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ចេញពី​បទពិសោធន៍​របស់ ម៉ាឌីហ្សុន ?⁠

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​គិត និង​ចែកចាយ​ពី​ពេលវេលា​ដែល​ពួកគេ​បាន​ទទួល​ពរជ័យ ដោយសារ​ការធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ នៅពេល​ប្រឈមមុខ​នឹង​សំណួរ​ពិបាកៗ ។⁠ បន្ទាប់មក សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពីអ្វី​ដែល​ពួកគេ​បាន​ដឹង និងមាន​អារម្មណ៍​នៅថ្ងៃនេះ ដែល​អាច​នឹង​ជួយ​ដល់​ស្ថានភាព និង​សំណួរផ្ទាល់ខ្លួន​របស់​ពួកគេ​បាន ។ សូម​ពិចារណា​ផ្តល់​ពេលវេលា​ឲ្យ​ពួកគេ​កត់ត្រា​គំនិត និង​ចំណាប់អារម្មណ៍​របស់​ពួកគេ​ទុក​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។

សូម​បញ្ចប់​ដោយ​ទីបន្ទាល់​របស់​អ្នក​អំពី​សារៈសំខាន់​នៃ​ការធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ ដោយ​ផ្តោតជា​សំខាន់​លើ​ព្រះយេស៊ូវគ្រីស្ទ នៅពេល​យើងស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​យើង ។