ថ្នាក់​សិក្ខាសាលា
មេរៀនទី ១៦៧—ការពិនិត្យមើល​ប្រធាន​បទ និង​សំណួរ​នៃ​ដំណឹងល្អ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ


« មេរៀនទី ១៦៧—ការពិនិត្យមើល​ប្រធាន​បទ និង​សំណួរ​នៃ​ដំណឹងល្អ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« ការពិនិត្យមើល​ប្រធាន​បទ និង​សំណួរ​នៃ​ដំណឹងល្អ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀនទី ១៦៧ ៖ ចំណេះចំណាន​នៃ​គោលលទ្ធិ ៖ ស្វែងរក​វិវរណៈ​ផ្ទាល់​ខ្លួន​សម្រាប់​សំណួរ​របស់​ខ្ញុំ

ការពិនិត្យមើល​ប្រធាន​បទ និង​សំណួរ​នៃ​ដំណឹងល្អ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ

ការទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ ភាគ ៣

ព្រះយេស៊ូវ​គ្រីស្ទ​កំពុង​ទតមើល​ពីចម្ងាយ

គោលបំណង​មួយ​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ គឺ​ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្គាល់​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ ដើម្បី​ឲ្យ​ពួកគេ​អាច​ប្រើ​វា​ពេញមួយ​ជីវិត​ពួកគេ​បាន ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ ហើយមើល​ទៅ​គំនិត និង​សំណួរ​ទាំងនោះ​កាន់តែ​ដូចជា​ព្រះយេស៊ូវគ្រីស្ទ​ទតឃើញ​ដែរ ។

សកម្មភាព​រៀនសូត្រ​ដែល​អាចមាន

កែវភ្នែក​នៃ​សេចក្ដីជំនឿ

សូម​បង្ហាញ​រូបភាព​ខាងក្រោម ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ស្រមៃ​មើលពី​ស្ថានភាព​នេះ ។

សូម​ស្រមៃ​ថា អ្នក​ដើរ​ចូល​ទៅក្នុង​សារមន្ទីរ​មួយ ហើយ​ឃើញ​កន្លែង​តាំងពិព័រណ៍​មួយ​បែបនេះ ។ តើ​អ្នក​នឹង​ពិពណ៌នា​អ្វី ដែលអ្នក​កំពុងឃើញ​នេះ​យ៉ាង​ដូចម្ដេច ?

ការផ្លាស់ប្តូរ​ការយល់ដឹង​ដោយ ម៉ៃឃល មើរហ្វី
  • តើអ្នក​អាច​នឹង​គិត​យ៉ាងណា ⁠បើមាន​មនុស្សម្នាក់​កំពុងមើល​ការតាំង​ពិព័រណ៍​ដូចគ្នា​ប្រាប់​អ្នក​ថា ពួកគេ​បាន​ឃើញ​រាង​ដូច​ភ្នែក​មនុស្ស ?

សូម​ពន្យល់ថា⁠ ចេញពី​មុំ​ផ្សេងគ្នា ចំណុច​ចុចៗ​ទាំងឡាយ​តម្រង់​ជួរ​គ្នា​ដើម្បីបង្ហាញ​រូបភាព​នៃ​កែវភ្នែក​មនុស្ស ។ សូម​បង្ហាញ​រូបភាព​ដូច​ខាង​ក្រោម ។ អ្នក​ក៏​ប្រហែលជា​ចង់ចាក់​វីដេអូ​នេះ ដែល​បង្ហាញពី​ការផ្លាស់ប្តូរ​ទស្សនៈ រហូតដល់​អ្នក​អាច​មើលឃើញ​ភ្នែក​បាន​ផងដែរ ។

ស្នាដៃ​សិល្បៈ​អំពី​កែវភ្នែក​មនុស្ស
0:37
  • តើ​យើងអាច​រៀន​អ្វីខ្លះអំពី​ទស្សនវិស័យ​ចេញពី​ស្នាដៃ​សិល្បៈ​នេះ ?

  • តើ​ស្នាដៃ​នេះ​អាចជួយ​យើងឲ្យ​យល់​មេរៀនខាង​វិញ្ញាណ​អ្វីខ្លះ ?

បន្ទាប់ពី​សិស្សបាន​ចែកចាយ​ការយល់ដឹង​របស់​ពួកគេ​ហើយ សូម​ជួយពួកគេ​ឲ្យ​រៀន​ពី​អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុមនៃ​ពួកសាវក​ដប់ពីរនាក់ ។

2:3
អែលឌើរ នែល អិល អាន់ឌើរសិន⁠

សូមមើល​រូបភាព​នេះ​ដោយ ម៉ៃឃល មើរហ្វី ។ ចេញពី​ទស្សនវិស័យ​នេះ អ្នក​សឹងតែ​មិន​ជឿថា វា​ជា​កំណែ​សិល្បៈ​នៃ​ភ្នែក​របស់​មនុស្ស ។ ប៉ុន្ដែ​ពេល​អ្នកមើល​ចំណុច​ចុចៗ​ចេញ​ពី​ទស្សនវិស័យ​ខុសគ្នា​មួយ អ្នក​នឹង​ឃើញពី​សម្រស់​នៃ​ការបង្កើត​របស់​វិចិត្រករ ។

ដូចគ្នា​នេះ​ដែរ យើងឃើញ​សេចក្ដីពិត​ខាងវិញ្ញាណ​របស់ព្រះ​តាមរយៈ​ទស្សនវិស័យ​នៃភ្នែក​នៃ​សេចក្ដីជំនឿ ។ ( នែល អិល អាន់ឌើរសិន⁠ « The Eye of Faith » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៣៥ )

  • តើ​អ្នក​គិត​ថា ការមើលឃើញ​សេចក្ដីពិត​ខាង​វិញ្ញាណ​ដោយ « ភ្នែក​នៃ​សេចក្ដីជំនឿ » មានន័យ​ដូចម្ដេច ?

  • តើ​ពេលខ្លះ​អ្វីទៅ​ដែល​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​មើលឃើញ​សេចក្ដីពិត​ខាង​វិញ្ញាណ​តាម​របៀបនេះ ?

ការមើលឃើញ​ដូចដែល​ព្រះ​ទតមើល

នៅពេល​ដែលយើង​ត្រូវការ​ជំនួយ​ដើម្បី​មើលឃើញ​គោលលទ្ធិ សំណួរ ឬ​បញ្ហាសង្គម​ចេញពី​ទស្សនវិស័យ​នៃ​សេចក្តីជំនឿ យើង​អាចប្រើ​គោលការណ៍នៃ​ការទទួលបាន​ចំណេះដឹងខាង​វិញ្ញាណ​បាន ៖

  1. ធ្វើសកម្មភាព​ដោយ​សេចក្ដីជំនឿ ។

  2. ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ការប្រើ​ទស្សន​ដ៏​អស់កល្ប​មួយ ។

  3. ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បានតែងតាំង​ដ៏ទេវភាព ។

នៅក្នុង​មេរៀននេះ យើងនឹង​ផ្តោតលើ​ការពិនិត្យមើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ ។

សូម​អញ្ជើញ​សិស្សឲ្យ​ពន្យល់ពី​ការយល់ដឹង​របស់​ពួកគេ អំពី​អត្ថន័យ​នៃ​ការពិនិត្យមើល​គោលគំនិត និង​សំណួរ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ ។

សូម​អាន កថាខណ្ឌ​ទី ៨–១០ នៅក្នុង​ផ្នែក « ការទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ » នៃ ឯកសារ​គោល​នៃ​ចំណេះចំណាន​ខាងគោលលទ្ធិ ( ឆ្នាំ ២០២៣ ) ដើម្បីមើលឃើញ​អ្វីដែលយើង​អាចធ្វើបាន ដើម្បីមាន​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ ។

  • តើអ្នកបាន​រៀនអ្វីខ្លះ​មកពី​កថាខណ្ឌ​ទាំងនេះ អំពី​សារៈសំខាន់​នៃ​ការរក្សា​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ ?

  • តើអ្វីទៅ​ដែល​អាច​ជួយ​អ្នក​ឲ្យ​មាន​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ​បាន ?

សូមពិចារណា​គូសសម្គាល់​ឃ្លានេះ​នៅក្នុង កថាខណ្ឌ​ទី ៨ ៖ យើង​ស្វែងរកជំនួយ​ពីព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​មើលឃើញ​អ្វីៗ​ដូចជា​ព្រះអម្ចាស់​ទតឃើញ​យ៉ាងនោះ​ដែរ ។

  • តើអ្នក​គិត​ថានឹង​មាន​អត្ថប្រយោជន៍​អ្វីខ្លះ ពី​ការព្យាយាម​មើល​ទៅ​សំណួរ ឬ​កង្វល់​ខាង​វិញ្ញាណ​របស់​យើង តាម​របៀប​ដែល​ព្រះអម្ចាស់​ទត​ទៅ​សំណួរ ឬ​កង្វល់​ទាំងនោះ ?

សូម​រកមើល​បទគម្ពីរ​ពីរ ឬ​បី ដែល​អាចជួយ​អ្នក​ឲ្យ​យល់ពី​តម្លៃ​នៃ​ទស្សនវិស័យ​របស់​ព្រះអម្ចាស់ ។

សិស្ស​អាច​ចាប់ផ្តើម​ដោយ​ការស្វែងរក​បទគម្ពីរ​អំពី​ព្រះប្រាជ្ញា​ញាណ​របស់ព្រះ​នៅខាងក្រោម​ប្រធានបទ « God, Omniscience of » នៅក្នុង Topical Guide ។

ទាំងនេះ​គឺជា​ខគម្ពីរ​មួយចំនួន​ដែលត្រូវ​ពិចារណា ៖

ដើម្បី​ជួយ​សិស្ស​ឲ្យ​គិតឃើញ​អំពីអ្វី​ដែល​ពួកគេ​បាន​អាន សូម​ឲ្យ​ពួកគេ​សរសេរ​សេចក្ដីសង្ខេប​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​ព្រះ ។ អ្នក​អាច​នឹង​អញ្ជើញ​សិស្ស​ពីរបី​នាក់​ឲ្យ​ឡើង​ចែកចាយ​អ្វីដែល​ពួកគេ​បាន​សរសេរ ឬ​សុំឲ្យ​សិស្ស​ចែកចាយ​ជាមួយ​នឹង​ដៃគូ ។

  • តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​អ្វីខ្លះ​អំពីព្រះ ដែល​អាច​ជំរុញ​ចិត្ត​យើង​ឲ្យ​ឃើញ​អ្វីៗ​តាម​ទស្សនវិស័យ​របស់ទ្រង់ ?

ទស្សនវិស័យ​ផ្សេងៗគ្នា

សកម្មភាព​ខាង​ក្រោម​អាច​ជួយ​សិស្ស​ឲ្យ​រៀន​ប្រៀបធៀប​ទស្សនវិស័យ​ខាង​លោកិយ​ជាមួយនឹង​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ ។ សូម​ពិចារណា​ណែនាំ​សាច់រឿង​មួយដូចជា​សាច់រឿង​ខាងក្រោម​នេះ ហើយ​ជួយសិស្ស​ឲ្យ​ពិចារណា​ពី​ទស្សនៈ​ទាំងពីរ ។

ថ្មីៗ​នេះ រ៉ាយអិន បានបញ្ចប់​ការសិក្សា​នៅ​វិទ្យាល័យ⁠ ។ គាត់បាន​ចាប់ផ្ដើម​ណាត់ជួប​នារីម្នាក់ ដែល​មិនមែន​ជា​សមាជិក​នៃ​សាសនាចក្រនៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធថ្ងៃ​ចុងក្រោយ ។ ថ្មីៗ​នេះ នៅពេល​ដែល​ទំនាក់ទំនង​របស់​ពួកគេ​កាន់តែ​ស្អិតរមួត នាង​បាន​បញ្ចេញ​គំនិតថា ពួកគេ​អាច​​រស់នៅ​ជាមួយគ្នា ជំនួសឲ្យ​ការរៀបការ​បាន ។

សូម​អញ្ជើញ​សិស្ស​ក្នុងថ្នាក់​ឲ្យ​ពិភាក្សា​អំពី​សំណួរ​ខាងក្រោម ហើយ​សរសេរ​ចម្លើយនៅលើ​ក្ដារខៀន​ក្រោម​ចំណងជើង​ថា « ទស្សនវិស័យ​ខាង​លោកិយ » ។ សូម​ពិចារណា​រំឭក​ប្រាប់​សិស្សអំពី​ស្នាដៃសិល្បៈ ដែលបាន​បង្ហាញ​នៅដើម​មេរៀន​នេះ ។ អ្នកអាចនឹង​បង្ហាញ​ទិដ្ឋភាព​ចំហៀង​នៃ​ស្នាដៃ​សិល្បៈ​កែវភ្នែក​ក្នុង​អំឡុងពេល​នៃ​ការពិភាក្សា​នេះ ។

  • បើ រ៉ាយអិន មាន​ទស្សនវិស័យ​មាន​កម្រិត ឬ​ទស្សនវិស័យ​ខាង​ពិភពលោក ហេតុអ្វីបានជា​វាហាក់​ដូចជា​គំនិត​ដ៏ល្អ​សម្រាប់​គាត់ ?

បើ​សិស្ស​ត្រូវការ​ជំនួយ​ស្វែងរក​ហេតុផល អ្នក​អាច​នឹង​ចែកចាយ​កថាខណ្ឌ​ខាងក្រោម​នេះបាន ។

បើ រ៉ាយអិន មើលទៅ​ការសម្រេចចិត្ត​នេះ​ដោយ​ទស្សនវិស័យ​ខាង​លោកិយ គាត់​អាច​នឹង​ឃើញ​អត្ថប្រយោជន៍​មួយ​ចំនួន​ក្នុង​ការរស់នៅ​ជាមួយ​មិត្តស្រី​គាត់ ជំនួសឲ្យ​ការរៀបការ ។ គាត់អាច​គិតពី​ការសន្សំលុយ​ដោយមិន​ចំណាយ​វា​លើ​ចិញ្ចៀន​ថ្លៃៗ ⁠និង​ពិធីមង្គលការ​ ។ គាត់ប្រហែលជា​គិតថា⁠ វា​នឹង​កាត់​បន្ថយ​បញ្ហា​នៃ​ភាពតានតឹង​ក្នុង​ចំណង​អាពាហ៍ពិពាហ៍ ដែលទាមទារ​ឲ្យ​មាន​ការតាំងចិត្ត​ពេញលេញ​របស់គាត់​ ។ បើ​អ្វីៗ​ដំណើរការ​ទៅ​បាន​ល្អ ពួកគេ​អាច​នឹង​រៀបការ​នៅពេល​ក្រោយ​ទៀត​បាន​ជានិច្ច ។

ឥឡូវនេះ សិស្ស​បានមើល​ទៅ​ស្ថានភាព​នេះ​ដោយ​ទស្សនវិស័យ​ខាង​លោកិយ​រួចហើយ សូម​ជួយ​ពួកគេ​ឲ្យ​មើល​ពី​ទស្សនវិស័យ​ដ៏អស់កល្ប​មួយ​វិញ​ម្ដង ។ បើ​អ្នក​បង្ហាញ​ទិដ្ឋភាព​ចំហៀង​នៃ​ភ្នែក​ក្នុង​អំឡុង​ពេល​ពិភាក្សា​ចុងក្រោយ ឥឡូវនេះ⁠ សូម​បង្ហាញ​រូបភាព​ដែល​អាច​មើលឃើញ​ភ្នែក​ចំ​បាន ។

នៅលើ​ក្ដារខៀន សូម​សរសេរ​ចំណងជើង​ថា « ទស្សនវិស័យ​ដ៏​អស់កល្ប » ហើយ​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ចម្លើយ​ចំពោះសំណួរខាងក្រោម​នៅក្រោម​ចំណងជើង​នេះ ។ សូម​ពិចារណា​ចង្អុល​ប្រាប់​សិស្សនូវ​ធនធាន​ដូចជា « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ឬ ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​សម្រាប់​ធ្វើ​ការ​ជ្រើសរើស ( ឆ្នាំ ២០២២ ) ។

  • ប្រសិនបើ រ៉ាយអិន មាន​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ ហេតុអ្វី​បានជា​គាត់​ជ្រើសរើស​មិន​​រួមរស់​ជាមួយ​មិត្តស្រី​គាត់ ?

បើ​សិស្ស​ត្រូវការ​ជំនួយ​ដើម្បី​ឆ្លើយ​នឹង​សំណួរ​នេះ អ្នក​អាច​នឹង​ចែកចាយ​កថាខណ្ឌ​ខាងក្រោម​នេះបាន ។​ តាមត្រូវ សិស្សត្រូវ​បង្កើត​ចម្លើយ​ដោយ​ខ្លួនឯង នៅពេល​ដែល​ពួកគេ​ចូលរួមក្នុង​ការពិភាក្សា ។

បើ រ៉ាយអិន មើល​ទៅ​ការសម្រេចចិត្ត​នេះ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ នោះគាត់​អាចនឹង​ពិចារណា​អំពី​រឿង​មួយចំនួន​ដូច​តទៅ​នេះ ៖ សុភមង្គល​កើតចេញ​ពី​ការធ្វើតាម​ព្រះយេស៊ូវគ្រីស្ទ និងការរស់នៅ​តាមការបង្រៀន​របស់ទ្រង់ ។ រ៉ាយអិន នឹងមិន​ចង់ « មាន​បាប​នៅ​ចំពោះ​ព្រះ » ( លោកុប្បត្តិ ៣៩:៩ ) ដោយ​ការបំពាន​ច្បាប់​ព្រហ្មចារីភាព​របស់​ព្រះអម្ចាស់ ដែលរួមមាន​ការចៀសវាង​ពី​ទំនាក់ទំនង​ផ្លូវភេទ​មុនពេល​រៀបការ​ឡើយ ។⁠ ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ក៏​បង្រៀន​ដែរថា កុមារ​មានសិទ្ធិ​កើត​ក្នុង​គ្រួសារ​ដែលឪពុក និង​ម្តាយ​បានរៀបការ ហើយ​តាំងចិត្ត​ស្មោះត្រង់​ចំពោះ​ពួកគេ​ និងចំពោះគ្នាទៅវិញ​ទៅមក ។ រ៉ាយអិន យល់ថា ⁠គាត់​អាច​ធ្វើ​សេចក្ដីសញ្ញា​ជាមួយ​នឹង​ព្រះក្នុង​ព្រះវិហារបរិសុទ្ធ ដើម្បី​អនុញ្ញាត​ឲ្យ​ទំនាក់ទំនង​របស់​គាត់​មាន​ភាពអស់កល្ប​ជានិច្ច​បាន ។

វីដេអូ​ខ្លី​ខាងក្រោម⁠​នេះ​អាច​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាពច្បាស់លាស់ ដែលយើង​អាចមាន​ក្នុងការ​សម្រេចចិត្ត នៅពេល​ដែល​យើង​មើល​ទៅ​សំណួរ និងបញ្ហា​សង្គមតាម​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ ។

0:22

ឥឡូវនេះ សិស្ស​បាន​ធ្វើការ​លើ​សាច់រឿង​មួយ​ហើយ អ្នក​អាច​នឹង​អញ្ជើញ​ពួកគេ​ឲ្យ​ពិភាក្សា​គ្នា​អំពីស្ថានភាព​ផ្សេងៗ​ទៀត​ដោយ​ខ្លួនឯង ឬ​ជាក្រុម​តូចៗ​បាន ។ ពួកគេ​អាច​នឹង​មើល​ទៅ​សំណួរ ឬ​បញ្ហាសង្គម​ផ្សេងទៀត ចេញពី​ទស្សនវិស័យ​ខាងលោកិយ និង​ទស្សនវិស័យ​ដ៏​អស់កល្ប ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​ពិភាក្សា​គ្នា​អំពី​គុណតម្លៃ​នៃ​ការប្រៀបធៀប​ទស្សនវិស័យ​ខាង​លោកិយ និង​ទស្សនវិស័យ​ដ៏​អស់កល្ប អ្នក​អាចនឹងសួរ​សំណួរ​ដូចតទៅ​នេះបាន ៖

  • តើអ្នកបាន​ស្វែងយល់ដឹង​អ្វីខ្លះ តាមរយៈ​ការប្រៀបធៀប​ទស្សនវិស័យ​ខាង​លោកិយ និង​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ ?

  • តើ​មាន​អត្ថប្រយោជន៍​អ្វីខ្លះ​ដែល​អាច​មាន​មកពី​ការឃើញ​ជម្រើស ឬ​សំណួរ​របស់​យើង​ចេញពី​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ ?

  • តើ​នៅពេល​ណា​ដែល​អ្នក​បានសង្កេត​ឃើញពរជ័យ​នៃ​ការមើល​ទៅ​អ្វីៗ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ ?

សូម​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ដែល​អ្នក​បានពិភាក្សា​នៅថ្ងៃនេះ ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​បន្ត​ប្រើ​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹងខាង​គោលលទ្ធិ នៅពេល​ពួកគេ​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​ពួកគេ ។