ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៦៤—ការពង្រឹងមូលដ្ឋានគ្រឹះខាងវិញ្ញាណរបស់អ្នក


« មេរៀន​ទី ១៦៤—ការពង្រឹងមូលដ្ឋានគ្រឹះខាងវិញ្ញាណរបស់អ្នក » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ​២០២៥ )

« ការពង្រឹងមូលដ្ឋានគ្រឹះខាងវិញ្ញាណរបស់អ្នក » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ១៦៤ ៖ ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ ការស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​ខ្ញុំ

ការពង្រឹងមូលដ្ឋានគ្រឹះខាងវិញ្ញាណរបស់អ្នក

សេចក្តី​ណែនាំ​ស្តីពី​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

សំណង់​ព្រះវិហារ​បរិសុទ្ធ ទីក្រុង សលត៍ លេក

ក្នុង​នាម​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ថ្ងៃ​ចុង​ក្រោយ យើង​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់ និង​ការលំបាក​ខាង​វិញ្ញាណ​ជា​ច្រើន ។ ដើម្បី​ទប់​ទល់​នឹង​ឥទ្ធិពល​របស់​មារសត្រូវ យើង​ត្រូវ​តែ​កសាង​ជីវិត​របស់​យើង​នៅ​លើ​គ្រឹះ​ដ៏​រឹងមាំ​តែ​មួយ​គត់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ មេរៀន​នេះ​នឹង​ជួយ​សិស្ស​ឲ្យ​យល់​អំពី​របៀប​ដែល​ចំណេះចំណាន​ខាង​គោលលិទ្ធ​របស់​ពួកគេ​អាច​ប្រទាន​ពរ​ដល់​ជីវិត​របស់​ពួកគេ ហើយ​ជួយ​ពួកគេ​ស្ថាបនា​គ្រឹះ​ខាង​វិញ្ញាណ​របស់​ពួកគេ​នៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

មេរៀន​នេះ​អាច​ត្រូវ​បាន​ប្រើ​ដើម្បី​ណែនាំ​សិស្ស​អំពី​គោលបំណង​នៃ​ចំណេះចំណាន​ខាងគោលលិទ្ធ ។ វា​ក៏​អាច​ត្រូវ​បាន​ប្រើ​ដើម្បី​រំឭក​ដល់​សិស្ស​ដែល​ស្គាល់​ពី​ចំណេះចំណាន​ខាងគោលលិទ្ធ​អំពី​តម្លៃ​នៃ​ផ្នែក​ដ៏​សំខាន់​នៃ​បទពិសោធន៍​ថ្នាក់​សិក្ខាសាលា​របស់​ពួកគេ​ផង​ដែរ ។ អ្នក​អាច​បង្រៀន​មេរៀន​នេះ​តាមប្រតិទិន​នៅ​ដើម​ឆ្នាំ​ថ្មី ប៉ុន្តែ​អ្នក​ក៏​អាច​រំឭក​វា​ឡើង​វិញ​ផងដែរ​ប្រសិន​បើ​អ្នក​បង្រៀន​ក្រុម​សិស្ស​ថ្មី ។

រូបតំណាង​ការបំពាក់បំប៉នការ « បំពាក់បំប៉ន​ចំណេះចំណាន​ខាង​គោលលទ្ធិ » សម្រាប់​គ្រូបង្រៀន​អាចជា​ធនធាន​ដ៏មាន​ប្រយោជន៍​មួយ​ដើម្បី​យល់​អំពី​របៀប​អនុវត្ត​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទៅក្នុង​ការបង្រៀន​របស់​អ្នក ។ ការបំពាក់បំប៉ន​នេះ​អាច​រកបាន​នៅ​លើ​គេហទំព័រ ChurchofJesusChrist.org ។

គ្រឹះ​ខាងវិញ្ញាណ​របស់​យើង

សូម​ជួយ​សិស្ស​ឲ្យ​យល់​អំពី​សារៈសំខាន់​នៃ​ការស្ថាបនា​គ្រឹះ​ខាងវិញ្ញាណ​របស់​ពួកគេ​នៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ អ្នក​អាច​ធ្វើ​បែប​នេះ​ដោយ​ធ្វើ​ការពិភាក្សា​អំពី​ការជួសជុល​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក ដោយ​សង្កត់​ធ្ងន់​លើ​ការងារ​ដែល​បាន​ធ្វើ​ឡើង​ដើម្បី​ពង្រឹង​គ្រឹះ​ទប់ទល់​ទៅនឹង​ការរញ្ជួយ​ដី និង​គ្រោះ​ថ្នាក់​ដែល​អាច​កើត​មាន​ផ្សេង​ទៀត​។ អ្នក​អាច​បង្ហាញ​រូបភាព​ទាងនេះ ។ អ្នក​ក៏​អាច​បង្ហាញ​វីដេអូ « President Nelson—Temple Foundation » ( ២:០៣ ) ផងដែរ ។

2:3
ព្រះវិហារ​បរិសុទ្ធ សលត៍ លេក សំណង់​ទី ១
ព្រះវិហារ​បរិសុទ្ធ សលត៍ លេក សំណង់​ទី ២
ព្រះវិហារ​បរិសុទ្ធ សលត៍ លេក សំណង់​ទី ៣
ព្រះវិហារ​បរិសុទ្ធ សលត៍ លេក សំណង់​ទី ៤
  • តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​យើង​បាន​ចំណាយ​ពេល​វេលា និង​ធនធាន​ជា​ច្រើន​ដើម្បី​ជួសជុល​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក និង​ការធ្វើ​ឲ្យ​គ្រឹះ​របស់​វា​មាន​ភាព​ប្រសើរ​ឡើង ?

  • តើ​យើង​អាច​ប្រៀបធៀប​អ្វី​ដែល​បាន​ធ្វើ​ចំពោះ​ព្រះវិហារ​បរិសុទ្ធ​ទៅនឹង​ជីវិត​ផ្ទាល់​ខ្លួន​របស់​យើង​ដោយ​របៀបណា ?

សូម​អាន ហេលេមិន ៥:១២ ដោយ​ស្វែងរក​សេចក្ដី​ពិត និង​គោលការណ៍​ទាំងឡាយ​ដែល​អាច​ជួយ​អ្នក​ឲ្យ​យល់​កាន់​តែ​ច្បាស់​ពី​តម្រូវការ​នៃ​ការស្ថាបនា​គ្រឹះ​ខាង​វិញ្ញាណ​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

  • តើ​ខគម្ពីរ​នេះ​បាន​ជួយ​អ្នក​ឲ្យ​យល់​អ្វី​ខ្លះ​អំពី​មូលហេតុ​ដែល​យើង​ត្រូវការ​កម្លាំង​ដែល​មក​ពី​ព្រះយេស៊ូវ​គ្រីស្ទ ?

  • តើ​អ្វី​ជា​សេចក្ដី​ពិត​ដែល​អ្នក​បាន​រៀន​មកពី​ខគម្ពីរ​នេះ​អំពី​អ្វី​ដែល​អាច​កើត​ឡើង​នៅ​ពេល​យើង​ផ្តោត​ជីវិត​របស់​យើង​ទៅ​លើ​ព្រះអង្គ​សង្គ្រោះ ?

    អ្នក​អាច​សុំ​ឲ្យ​សិស្ស​សរសេរ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន ជា​សេចក្តី​ថ្លែងការណ៍​មួយ​នៅ​លើ​ក្ដារខៀន ។ បន្ទាប់​មក អ្នក​អាច​ផ្ដល់​ឱកាស​ឲ្យ​ពួកគេ​ពន្យល់​ចម្លើយ​របស់​ពួកគេ ។ ពួកគេ​អាច​និយាយ​អ្វី​មួយ​ដូចជា ប្រសិន​បើ​យើង​ស្ថាបនា​គ្រឹះ​ខាង​វិញ្ញាណ​របស់​យើង​នៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​មិន​អាច​ដួល​បាន​ទេ ។

  • តើ​អ្នក​គិត​ថា​ការស្ថាបនា​គ្រឹះ​របស់​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ​មាន​ន័យ​បែបណា ?

សិស្ស​អាច​ចែកចាយ​គំនិត​ដូចជា ការដាក់​ព្រះយេស៊ូវ​គ្រីស្ទ​ជា​ចំណុច​សំខាន់​នៅក្នុង​ជិវិត​របស់​យើង និង​ការ​បង្រៀន​របស់​ទ្រង់​ ការធ្វើតាម​គំរូ​របស់​ទ្រង់ និង​ការប្រែចិត្ត​ជាទៀងទាត់​ជាដើម ។

ប្រធាន រ័សុល អិម ណិលសុន បាន​រៀបរាប់​អំពី​ហេតុផល​ដែល​យើង​ត្រូវតែ​ស្ថាបនា​គ្រឹះ​របស់​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ ៖

ប្រធាន រ័សុល អិម ណិលសុន

ដូចគ្នា​នេះ​ដែរ​ឥឡូវ​ដល់​ពេល​ដែល​យើង​ម្នាក់ៗ​ត្រូវ​អនុវត្ត​នូវ​វិធានការ​ដ៏​អស្ចារ្យ—ប្រហែល​ជា​វិធានការ​ដែល​យើង​ពុំធ្លាប់​ធ្វើ​ពីមុន​មក—គឺ​ជាការពង្រឹង​គ្រឹះ ខាងវិញ្ញាណ​ផ្ទាល់ខ្លួន របស់​យើង ។ យើង​ត្រូវ​ប្រើ​វិធីសាស្រ្ត​ថ្មីៗ​ដើម្បី​ដោះស្រាយ​ការលំបាក​សម័យ​ថ្មី ។

បងប្អូន​ប្រុសស្រី​ជាទីស្រឡាញ់ សម័យ​នេះ គឺជា សម័យ​ចុងក្រោយ​ហើយ ។ បើសិន​បងប្អូន និង​ខ្ញុំ​ត្រូវ​យក​ឈ្នះ​លើ​គ្រោះថ្នាក់ និង​សម្ពាធ​នានា​ក្នុង​ពេល​ខាងមុខ នោះ​វា​ចាំបាច់​ណាស់​ដែល​យើង​ម្នាក់ៗ​ត្រូវ​មាន​គ្រឹះ ដ៏​រឹងមាំ ខាង​វិញ្ញាណ​ដែល​សង់​នៅលើ​គ្រឹះ​នៃ​ព្រះអង្គ​សង្រ្គោះ​ដែល​ជា​ព្រះយេស៊ូវ​គ្រីស្ទ​របស់​យើង ។…

ព្រះអម្ចាស់​បាន​ប្រកាស​ថា ទោះជា​មាន​ឧបសគ្គ​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​ក្តី ក៏​អស់​អ្នក​ដែល​សង់គ្រឹះ​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​ហើយរៀន​ប្រើប្រាស់​ព្រះចេស្តា​របស់ទ្រង់​ពុំចាំបាច់​ចុះចាញ់​នឹង​ការថប់បារម្ភ​ប្លែកៗ​នៅ​យុគសម័យ​នេះ​ដែរ ។ ( រ័សុល អិម ណិលសុន « ព្រះវិហារ​បរិសុទ្ធ និង​គ្រឹះ​ខាងវិញ្ញាណ​របស់​បងប្អូន » លីអាហូណា ខែ​វិច្ឆិកា ឆ្នាំ​២០២១ ទំព័រ ៩៣ )

  • តើ​សេចក្តី​ថ្លែងការណ៍​នេះ​ជួយ​អ្នក​ឲ្យ​យល់​អំពី​តម្រូវការ​របស់​អ្នក​ចំពោះ​គ្រឹះ​ខាង​វិញ្ញាណ​ដ៏​រឹង​មាំ​មួយ​យ៉ាង​ដូចម្ដេច ?

សូម​ពិចារណា​អំពី​ការអញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​អ្វី​ដែល​ពួកគេ​កំពុង​ជួប​ប្រទះ​ក្នុង​ជីវិត ដែល​ជួយ​ពួកគេ​ឲ្យ​ទទួល​ស្គាល់​អំពី​តម្រូវការ​នៃ​ការស្ថាបនា​គ្រឹះ​របស់​ពួកគេ​នៅ​លើ​ព្រះអង្គ​សង្គ្រោះ ។ ក្រោយមក សូម​អញ្ជើញ​ពួកគេ​ឲ្យ​វាយ​តម្លៃ​ពី​កម្លាំង​នៃ​គ្រឹះ​ខាង​វិញ្ញាណ​របស់​ពួកគេ ។ វិធី​មួយ​ដើម្បី​ធ្វើ​បែប​នេះ​គឺ​បង្ហាញ​អំពី​ការវាយតម្លៃ​លើ​ខ្លួន​ឯង​ដូច​ខាង​ក្រោម ដែល​ទាក់​ទង​ទៅ​នឹង​លទ្ធផល​ផ្សេងៗ​នៃ​ចំណេះចំណាន​ខាង​គោលលិទ្ធ​ដែល​សិស្ស​នឹង​រៀន​នៅ​ក្នុង​មេរៀន​នេះ ។ សិស្ស​អាច​វាយតម្លៃ​លើ​ខ្លួន​ឯង​ដោយ​ស្ងៀមស្ងាត់ ឬ​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។

សម្រាប់​សេចក្តី​ថ្លែងការណ៍​នីមួយៗ​ដូច​ខាង​ក្រោម​នេះ សូម​វាយ​តម្លៃ​លើ​ខ្លួន​ឯង​ក្នុង​រង្វាស់ពី ១ ( មិន​ឯកភាព​សោះ ) ទៅដល់ ៥ ( ឯកភាព​ទាំង​ស្រុង ) ។

  1. ខ្ញុំ​ពឹង​ផ្អែក​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ការបង្រៀន​របស់​ទ្រង់​នៅពេល​ខ្ញុំ​ត្រូវ​បាន​ល្បួង ឬ​ទទួល​ឥទ្ធិពល​ពី​មារសត្រូវ ។

  2. ខ្ញុំ​ដឹង​អំពី​របៀប​ទទួល​ចម្លើយ​ចំពោះ​សំណួរ​ទាក់ទងនឹង​គោលលិទ្ធ ផ្ទាល់ខ្លួន សង្គម ឬ​ប្រវត្តិសាស្ត្រ​របស់​ខ្ញុំ ។

  3. ខ្ញុំ​អាច​ពន្យល់​អំពី​គោលលទ្ធិ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ទៅដល់​អ្នក​ដទៃ ។

  4. ខ្ញុំ​អាច​រក​ឃើញ​វគ្គ​បទគម្ពីរ​សំខាន់ៗ​ដែល​មាន​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ ។

  5. ខ្ញុំ​ពឹង​ផ្អែក​លើ​គំរូ និង​ការបង្រៀន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដើម្បី​ជួយ​ខ្ញុំ​ឲ្យ​ធ្វើ​ការជ្រើសរើស​ប្រចាំ​ថ្ងៃ ។

ចំណេះចំណាន​ខាង​គោលលទ្ធិ

សូម​ពន្យល់​ថា វិធី​មួយ​ក្នុង​ចំណោម​វិធី​ជាច្រើន​ដែល​សិស្ស​អាច​ស្ថាបនា​គ្រឹះ​របស់​ពួកគេ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​តាមរយៈ​បទពិសោធន៍​របស់​ពួកគេ​ក្នុង​ថ្នាក់​សិក្ខាសាលា គឺ​តាម​រយៈ​ចំណេះចំណាន​ខាង​គោលលិទ្ធ ។ ប្រសិន​បើ​អ្នក​មាន​សិស្ស​ដែល​ធ្លាប់​បាន​ចូល​រួម​ក្នុង​ថ្នាក់​សិក្ខាសាលា​ពី​មុន​ហើយ សូម​ពិចារណា​សួរ​ពួកគេ​ឲ្យ​ពន្យល់​នូវ​អ្វី​ដែល​ពួកគេ​ដឹង​អំពី​ចំណេះចំណាន​ខាង​គោលលិទ្ធ ។ អ្នក​ក៏​អាច​ណែនាំ​សិស្ស​អំពី​ចំណេះចំណាន​ខាង​គោលលិទ្ធ​ដោយ​បង្ហាញ​វីដេអូ « What Is Doctrinal Mastery? » ( ៣:៥៦ ) មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

4:3

សូម​អាន​ផ្នែក « សេចក្តីណែនាំ​ស្ដីពី​ណេះចំណាន​ខាង​គោលលទ្ធិ » នៅក្នុង ឯកសារ​គោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ​២០២៣ ) ។ សូម​គិត​អំពី​របៀប​ដែល​ការចូលរួម​ក្នុង​ចំណេះចំណាន​ខាង​គោលលទ្ធិ​អាច​ជួយ​អ្នក​ស្ថាបនា​គ្រឹះ​ដ៏​រឹងមាំ​មួយ​នៅ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ ។

អ្នក​អាច​សុំ​ឲ្យ​សិស្ស​អាន​ជាមួយ​គ្នា​នៅ​ក្នុង​ក្រុម​តូចៗ ។ សិស្ស​ម្នាក់​អាច​ទទួល​ខុស​ត្រូវ​លើ​ការចាត់តាំង​សិស្ស​នៅ​ក្នុង​ក្រុម​​ឲ្យ​អាន​កថាខណ្ឌ​ផ្សេងៗ​គ្នា សិស្ស​ម្នាក់​ទៀត​អាច​ត្រូវ​បាន​ចាត់តាំង​ឲ្យ​រាយបញ្ជី​ការរក​ឃើញ​ចំណុច​សំខាន់ៗ ហើយ​សិស្ស​ម្នាក់ទៀត​អាច​រាយការណ៍​អំពី​ការរកឃើញ​របស់​ក្រុម​ទៅ​កាន់​ថ្នាក់រៀន ។

  • តើ​លទ្ធផល​ចម្បង​ពីរ​នៃ​ចំណេះចំណាន​ខាង​គោលលិទ្ធ​គឺជាអ្វី ?

    សូម​ប្រាកដ​ថា​សិស្ស​យល់​ថា​លទ្ធផល​ទាំង​នេះ​គឺ ( ១ ) ការរៀនសូត្រ និង​អនុវត្ត​គោលការណ៍​សម្រាប់​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ហើយ ( ២ ) ការចេះស្ទាត់​លើ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​គោលលទ្ធិ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​ពួកគេ​បង្រៀន ។

    វា​ប្រហែល​ជា​មាន​ប្រយោជន៍​ក្នុង​ការពន្យល់​ថា សិស្ស​នឹង​រៀន​មេរៀន​ពេញ​មួយ​ឆ្នាំ​ដែល​ផ្តោត​លើ​លទ្ធផល​ទាំង​នេះ ។ ពួកគេ​នឹង​មាន​ឱកាស​ពន្យល់​អំពី​គោលលទ្ធិ​តាម​ពាក្យ​សម្តី​ផ្ទាល់​ខ្លួន​របស់​ពួកគេ ទន្ទេញ​ចាំ​ឃ្លា​បទគម្ពីរ​គន្លឹះ​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ប្រើ​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ​ដើម្បី​អនុវត្ត​គោលលទ្ធិ​នេះ​ទៅ​នឹង​ស្ថានភាព​ជីវិត​ពិត​ប្រាកដ ។

  • តើ​អ្នក​គិត​ថា​​ចំណេះចំណាន​ខាង​គោលលទ្ធិ​អាច​ជួយ​អ្នក​ឲ្យ​ស្ថាបនា​​គ្រឹះ​របស់​អ្នក​លើ​ព្រះយេស៊ូវ​គ្រីស្ទ យ៉ាង​ដូច​ម្ដេច ?

  • តើ​ការចូលរួម​ក្នុង​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​អាច​ការពារ​អ្នក​ពី​ឧបសគ្គ​នា​ពេល​អនាគត និង​ការ​វាយ​ប្រហារ​របស់​មារសត្រូវ​ដោយ​របៀបណា ?

សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា​ការខិតខំ​ប្រឹងប្រែង​ដើម្បី​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​អាច​ជួយ​ពួកគេ​ឲ្យ​ងាក​ទៅ​រក​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​មាន​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំងឡើង ។ សូម​ពិចារណា​សួរ​សិស្ស​ដែល​ធ្លាប់​បាន​ចូលរួម​ក្នុង​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ពី​មុន​ឲ្យ​ចែកចាយ​អំពី​របៀប​ដែល​វា​បាន​ប្រទាន​ពរ​ដល់​ជីវិត​របស់​ពួកគេ ។ សូម​ថ្លែង​ទីបន្ទាល់​ថា នៅ​ពេល​ដែល​ពួកគេ​ពឹងផ្អែក​លើ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ពួកគេ​នឹង​អាច​ទប់​ទល់​នឹង​ឧបសគ្គ​ដែល​ពួកគេ​ប្រឈម​មុខ​នៅ​ថ្ងៃ​នេះ និង​រៀបចំ​ខ្លួន​សម្រាប់​ឧបសគ្គ​ទាំងឡាយ​ដែល​នឹង​មក​ដល់​នៅ​ពេល​អនាគត ។