ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៦៥—ស្វែងរក​វិវរណៈ​ផ្ទាល់​ខ្លួន​សម្រាប់​សំណួរ​របស់​ខ្ញុំ


« មេរៀន​ទី ១៦៥—ស្វែងរក​វិវរណៈ​ផ្ទាល់​ខ្លួន​សម្រាប់​សំណួរ​របស់​ខ្ញុំ⁠ » សៀវភៅ​សិក្សាព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា ​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« ស្វែងរក​វិវរណៈ​ផ្ទាល់​ខ្លួន​សម្រាប់​សំណួរ​របស់​ខ្ញុំ »⁠ សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀនទី ១៦៥ ៖ ចំណេះចំណាន​នៃ​គោលលទ្ធិ ៖ ស្វែងរក​វិវរណៈ​ផ្ទាល់​ខ្លួន​សម្រាប់​សំណួរ​របស់​ខ្ញុំ

ស្វែងរក​វិវរណៈ​ផ្ទាល់​ខ្លួន​សម្រាប់​សំណួរ​របស់​ខ្ញុំ

ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ភាគ ១

យុវវ័យ​កំពុង​ពិចារណា

ព្រះវរបិតាសួគ៌​ស្រឡាញ់​បុត្រា​បុត្រី​របស់​ទ្រង់​ណាស់ ហើយ​ចង់​ឲ្យ​យើង​ក្លាយ​ដូចជា​ទ្រង់ ។ នៅពេល​ដែល​យើង​ខិតខំ​រៀនសូត្រ​អំពីទ្រង់ ព្រះវរបិតាសួគ៌​បាន​សន្យាថា​នឹង​បើក​សម្ដែង​សេចក្ដីពិតដល់​គំនិត និង​ដួងចិត្ត​របស់​យើង តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨:២; មរ៉ូណៃ ១០:៥ ) ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​ពី​របៀប​ដែល​ពួកគេ​អាច​ទទួល​បាន​ការណែនាំ និង​វិវរណៈ​មកពីព្រះ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

សកម្មភាព​រៀនសូត្រ​ដែល​អាចមាន

ការរស់រាន​មានជីវិត​ខាង​វិញ្ញាណ

សូម​ពិចារណា​ចាប់ផ្ដើម​មេរៀន​នេះ ដោយ​គូរ​រូប​មនុស្ស​ម្នាក់​នៅលើ​ក្ដារខៀន ដែល​តំណាង​ឲ្យ​ក្មេងជំទង់ ។ ⁠សិស្ស​ក៏​អាច​នឹង​ចម្លង​រូប​នេះដាក់​ទៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ​ផងដែរ ។ សិស្ស​អាច​រីករាយ​នឹង​ការដាក់​ឈ្មោះ​ឲ្យរូប​នេះ ក៏ដូចជា​ព័ត៌មាន​គោល​មួយ​ចំនួន​ដូចជា អាយុ ចំណង់​ចំណូលចិត្ត និង​អាហារ​ដែល​ចូលចិត្ត ។

នៅពេល​ដែល​សិស្ស​ឆ្លើយ​សំណួរ​ទីមួយ​ខាងក្រោម​នេះ សូម​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅ​ជុំវិញរូប​នេះ​នៅលើ​ក្ដារខៀន ។

រូប​មនុស្ស
  • តើ​អ្វី​ទៅ​ដែល​អាច​ធ្វើ​ឲ្យ​ក្មេងជំទង់​ពិបាក​រស់រាន​មាន​ជីវិត​ខាង​វិញ្ញាណ​នៅក្នុង​ពិភពលោក​សព្វថ្ងៃនេះ ?

  • តើអ្វី​ទៅ​ដែល​អាច​ជួយ​ឲ្យ​យើង​យកឈ្នះ​លើ​ឧបសគ្គ ឬឥទ្ធិពល​ទាំងនេះបាន ?

ប្រធាន រ័សុល អិម ណិលសុន បាន​ចែកចាយ​ពី​របៀប​មួយដែល​យើងអាច​នឹង​រួច​ផុតពី​បញ្ហា​ប្រឈម និង​ឥទ្ធិពល​ដែល​យើង​ជួបប្រទះ​ខាង​វិញ្ញាណ ៖

2:3
ប្រធាន រ័សុល អិម ណិលសុន⁠

លទ្ធភាព​ដ៏​ខ្ជាប់ខ្ជួន​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​វដ្ដ​សារព័ត៌មាន ២៤ ម៉ោង ធ្វើ​ឲ្យ​យើង​ថប់បារម្ភ​ជាមួយ​នឹង​សារលិខិត​ឥតឈប់ឈរ ។ បើ​យើង​សង្ឃឹម​ចង់​ស្វែងរក​អ្វី​មួយ​ដែល​មាន​តម្លៃ​តាមរយៈ​ទស្សនៈជាច្រើន និង​ទស្សនវិជ្ជា​របស់​មនុស្ស ដែល​វាយប្រហារ​ដល់​សេចក្ដីពិត នោះ​យើង​ត្រូវតែ​រៀន​ទទួល​ស្គាល់​វិវរណៈ ។ …

នៅពេល​ខាងមុខ វានឹង​មិន​អាច​រស់រាន​ខាងវិញ្ញាណ​បាន​ឡើយ បើគ្មាន​ព្រះចេស្ដា​ណែនាំ ដឹកនាំ និង​លួងលោម​ចិត្តជាប់​ជានិច្ច​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ​នោះ ។

បងប្អូន​ប្រុសស្រី​ជា​ទីស្រឡាញ់​របស់ខ្ញុំ​អើយ ខ្ញុំ​សូមអង្វរ​បងប្អូនឲ្យ​បង្កើន​សមត្ថភាព​ខាងវិញ្ញាណ​របស់បងប្អូន ដើម្បី​ទទួល​បាន​វិវរណៈ ។ ( រ័សុល អិម ណិលសុន « Revelation for the Church, Revelation for Our Lives » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៦ )

  • តើ​ពាក្យ ឬឃ្លា​អ្វីខ្លះ​មកពី​សេចក្តី​ថ្លែងការណ៍នេះ ដែល​មានអត្ថន័យ​ជាពិសេស​ចំពោះរូបអ្នក ? ហេតុអ្វី ?

  • ហេតុអ្វី​បានជា​អ្នកគិត​ថា ការទទួល​បាន​វិវរណៈ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​គឺសំខាន់​ចាំបាច់​សម្រាប់ឲ្យ​យើង​រស់រាន​មាន​ជីវិត​ខាង​វិញ្ញាណ​នៅលើ​ពិភពលោក​យើង​នេះ ?

សូម​អញ្ជើញ​សិស្សឲ្យ​ជញ្ជឹងគិតពី​តម្រូវការ​ផ្ទាល់ខ្លួន​ដើម្បី​មាន​វិវរណៈ ។ អ្នកអាច​អញ្ជើញ​ពួកគេឲ្យកត់ត្រា​សំណួរ​ដែលពួកគេ​មាន ចូលក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ឬ​ហេតុផល​ដែល​ពួកគេ​ត្រូវការ​វិវរណៈ នៅពេលនេះ​ក្នុងជីវិត​របស់​ពួកគេ ។ ឬ​អ្នកអាចនឹង​ឲ្យ​សិស្ស​ចែកចាយ​សំណួរ​របស់​ពួកគេ ឬ​បញ្ហា​ប្រឈមមួយ​ចំនួនដែល​ពួកគេបាន​ជួបប្រទះ នៅពេល​ពួកគេបាន​ស្វែងរក​វិវរណៈ​កាលពី​អតីតកាល ។

សូម​លើក​ទឹកចិត្ត​ពួកគេ នៅពេល​ពួកគេ​សិក្សានៅ​ថ្ងៃនេះ ដើម្បី​ស្វែងរក​ការបង្រៀន និង​ការអញ្ជើញ​ដែល​អាចនឹង​ជួយពួក​គេឲ្យ​រៀបចំខ្លួន ដើម្បី​ទទួល​វិវរណៈ​មកពី​ព្រះសម្រាប់​ជីវិត​របស់​ពួកគេ ។

ការទទួលបាន​ការណែនាំ និង​វិវរណៈ​មកពី​ព្រះ

សូមអាន ម៉ូសាយ ៤:៩ និង គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣៨:១–៣⁠ ដោយ​រកមើល​បុគ្គលិក​លក្ខណៈ​នៃ​ព្រះ ដែល​អាច​ជួយ​ឲ្យ​យើង​ប្រាថ្នា​ចង់បាន​ការណែនាំ​របស់ទ្រង់ ។

  • តើ​បទគម្ពីរ​ទាំងនេះ​បង្រៀនអ្នក​អ្វីខ្លះ​អំពីព្រះ ?

    សូម​ផ្តល់ឱកាសឲ្យ​សិស្ស​ច្រើននាក់​បាន​ឆ្លើយសំណួរ​ពីមុន ។ ក្នុង​ចំណោម​ចម្លើយ​ជាច្រើន​ដែលសិស្ស​អាចនឹង​ផ្តល់បាន ពួកគេ​អាច​និយាយអំពី​សេចក្ដីពិត​មួយ​ដែល​ស្រដៀង​គ្នានឹង​ឃ្លា​នេះ ៖ ព្រះ​មាន​ព្រះប្រាជ្ញា​ញាណ​គ្រប់យ៉ាង ហើយជ្រាប​គ្រប់ការណ៍​ទាំងអស់ ។

  • តើ​ការដឹង​ពី​បុគ្គលិកលក្ខណៈ​ទាំងនេះ​របស់​ព្រះ​អាច​ជះឥទ្ធិពល​ដល់​បំណង​ប្រាថ្នា​របស់​អ្នក ដើម្បី​ឲ្យ​ទ្រង់​ណែនាំ និង​បង្រៀន​អ្នក​យ៉ាង​ដូចម្ដេច ?

សូមសរសេរ​ចំណងជើង​ដូច​តទៅ​នេះ​ដាក់​នៅលើ​ក្ដារខៀន ៖ តើខ្ញុំអាច​ទទួលបាន​ចម្លើយ​មកពីព្រះ​បាន​ដោយ​របៀបណា ?

សូម​សិក្សា កថាខណ្ឌ​ទី ១–៣ នៃ​ផ្នែក « ការទទួលបាន​ចំណេះដឹងខាង​វិញ្ញាណ » នៅក្នុង ឯកសារ​គោល​នៃ​ចំណេះចំណាន​ខាងគោលលទ្ធិ ( ឆ្នាំ ២០២៣ ) ។ សូម​គូសបន្ទាត់​ពី​ក្រោមពាក្យ ឬឃ្លា​ដែលបរិយាយ​អំពីអ្វី​ដែល​អ្នក​អាចធ្វើបាន ដើម្បី​ទទួល​បាន​ចម្លើយពីព្រះ​ចំពោះសំណួរ​ខាង​វិញ្ញាណ​របស់​យើង ។

ជាការបន្ថែម​ទៅនឹង​ការសិក្សា​ពី ឯកសារ​គោល​នៃ​ចំណេះចំណាន​ខាងគោលលទ្ធិ អ្នក​ក៏អាច​អញ្ជើញ​សិស្ស​ឲ្យ​ស្រាវជ្រាវ​ព្រះគម្ពីរ​រកមើល​ការបង្រៀន​នានា ដែល​ពិពណ៌នា​អំពី​អ្វី​ដែល​យើង​អាច​ធ្វើបាន ដើម្បី​ទទួល​បាន​ចម្លើយ​ពីព្រះ​ផងដែរ ។ ឧទាហរណ៍⁠​ស្ដីពី​បទគម្ពីរ​ដែលអ្នក​អាចនឹង​អញ្ជើញ​សិស្សឲ្យ​សិក្សា​នោះ⁠មាន​ជាអាទិ៍ នីហ្វៃទី​២ ៣២:៣–៥; មរ៉ូណៃ ១០:៤–៥; គោលលទ្ធិ និង​សេចក្ដីសញ្ញា ៩:៧–៩; ៤២:៦១ ។

  • តើ​អ្នក​បានរៀន​អ្វីខ្លះ អំពីអ្វី​ដែលយើង​អាចធ្វើ​បាន​ដើម្បី​បង្កើន​សមត្ថភាព​របស់​យើង​ក្នុង​ការទទួល​បាន​ចម្លើយ​ចំពោះ​សំណួរ​របស់យើង​មកពីព្រះ ?

    អ្នកអាច​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ដាក់​នៅលើ​ក្ដារខៀន​នូវ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។

    ជំនួស​ឲ្យ​ការសួរ​សំណួរ​ខាងក្រោម អ្នក​អាច​នឹង​សុំ​ឲ្យ​សិស្ស​ផ្សេងៗ​ជ្រើសយក​ពាក្យ ឬឃ្លាណាមួយ​នៅលើ​ក្ដារខៀន ដែល​ហាក់​ដូចជា​មានសារៈសំខាន់​ជាពិសេស​ចំពោះ​ពួកគេ ។ បន្ទាប់មក ពួកគេអាច​ពន្យល់ពី​មូលហេតុ​ដែល​ពួកគេ​មាន​អារម្មណ៍​ថា ពាក្យ ឬឃ្លានោះ​ជារបៀប​ដ៏សំខាន់​សម្រាប់​ឲ្យ​យើង​រៀបចំ​ខ្លួន​ទទួល​បាន​ចម្លើយ​ចំពោះ​របស់​សំណួរ​របស់​យើង ។

  • ហេតុអ្វី​បានជា​អ្នកគិត​ថា សកម្មភាព​ទាំងនេះ​គឺជា​របៀបដ៏​សំខាន់ ដើម្បី​ឲ្យ​យើង​រៀបចំ​ខ្លួន​ទទួលបាន​វិវរណៈ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ?

  • តើ​បទពិសោធន៍​អ្វី​ខ្លះ​ដែល​អ្នក​មាន ​ជាមួយ​នឹង​ការទទួលបាន​វិវរណៈ​ផ្ទាល់ខ្លួន ? តើ​សកម្មភាព​អ្វីខ្លះ​ដែល​បាន​ជួយរៀបចំ​ឲ្យ​អ្នក​ត្រៀមខ្លួន​ទទួលបាន​វិវរណៈ​នោះ ?

សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា ពួកគេ​មិនត្រូវ​ចែកចាយ​អ្វីដែល​ផ្ទាល់ខ្លួន ឬពិសិដ្ឋ​ពេកនោះទេ ។ អ្នក​ក៏​អាច​ពិចារណា​ចែកចាយ​បទពិសោធន៍​ដែលបានមកពី​ជីវិត​ផ្ទាល់​ខ្លួន​អ្នក​ផងដែរ ។

ការអនុវត្តវា​ទៅ​ក្នុង​ជីវិត​របស់​អ្នក

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​អ្វី​ដែល​ពួកគេ​បានរៀន​នៅ​ថ្ងៃនេះ ដែល​អាច​នឹង​ជួយ​ពួកគេ​ជាមួយ​នឹង​សំណួរ​ដែលពួកគេ​មាន ។ បន្ទាប់មក សូម​ចែកចាយ​ខ្លឹមសារ​ខាងក្រោមនេះ ដើម្បី​ជួយ​សិស្សឲ្យ​អនុវត្ត​តាម​ការបង្រៀន​នានា ដែល​ពួកគេ​បាន​រៀន​នៅ​ថ្ងៃនេះ ។

សូម​រំឭកពី​ដំបូន្មាន​ដែលបាន​ពីប្រធាន ណិលសុន ដែល​អ្នកបាន​សិក្សា​នៅដើម​មេរៀន​នេះ ៖ « ខ្ញុំសូមអង្វរ​បងប្អូនឲ្យ​បង្កើន​សមត្ថភាព​ខាងវិញ្ញាណ​របស់​បងប្អូន ដើម្បី​ទទួល​បាន​វិវរណៈ » (« Revelation for the Church, Revelation for Our Lives » ទំព័រ ៩៦ ) ។

សូម​ពិចារណា​អំពី​អ្វី​ដែល​អ្នក​បានរៀន និង​ទទួល​អារម្មណ៍​នៅថ្ងៃនេះ​ដែល​អាច​នឹងជួយ​អ្នក​ឲ្យ​ធ្វើតាម​ដំបូន្មាន​នេះ​បាន ។ សូម​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក អំពី​អ្វី​ដែលអ្នក​នឹងធ្វើដើម្បី​បង្កើន​សមត្ថភាព​របស់​អ្នក​ក្នុង​ការទទួល​បាន​វិវរណៈ​ផ្ទាល់ខ្លួន​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

នៅពេល​ដែល​សិស្ស​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​របស់​ពួកគេ​ចប់​ហើយ សូម​ពិចារណា​សុំឲ្យ​មាន​អ្នកស្ម័គ្រចិត្ត​ពីរបីនាក់​ឲ្យ​ឡើង​ចែកចាយ​ផែនការ​របស់​ពួកគេ​ជាមួយ​នឹង​សិស្ស​នៅក្នុង​ថ្នាក់រៀន ។

បើ​មាន​ពេល​គ្រប់គ្រាន់ អ្នក​អាច​នឹង​ចង់​ឲ្យ​សិស្ស​ដឹង​ថា នៅក្នុង​មេរៀន​ក្រោយៗ ពួកគេ​នឹង​រៀន​អំពី​គោលការណ៍​បី​នៃ​ការទទួលបាន​ចំណេះដឹង​ខាង​វិញ្ញាណ ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​ទទួលបាន​ចម្លើយ​ចំពោះ​សំណួរ​របស់​ពួកគេ ។ អ្នក​អាច​នឹង​មាន​សិស្ស​មួយ​ចំនួន ដែល​បាន​ដឹងពី​គោលការណ៍​ទាំងបី​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​រួចហើយ ។ សូម​ពិចារណា​សុំឲ្យ​ពួកគេ​ចែកចាយ បើ​ពួកគេ​បាន​ដឹង ឬ​ឲ្យ​សិស្ស​ស្វែងរក​វានៅក្នុង ឯកសារ​គោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ សូមធានា​ដល់ពួកគេ​ថា ពួកគេ​នឹង​មាន​ឱកាស​ចូលរួម​នៅក្នុងថ្នាក់​សិក្ខាសាលា ដើម្បី​បង្កើន​សមត្ថភាព​របស់​ពួកគេ​ក្នុង​ការទទួល​បាន​វិវរណៈ ។