ថ្នាក់​សិក្ខាសាលា
គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៤ ៖ អ្នក​នឹង​បាន​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច


« គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៤ ៖ អ្នក​នឹង​បាន​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច⁠ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៤ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២–១៧; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៦–៧៥

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៤

អ្នក​នឹង​បាន​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច

ព្រះយេស៊ូវ​កំពុង​បង្រៀន​អំពី​ជីវិតដ៏​នៅ​អស់កល្ប​ជានិច្ច

យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី បានរើ​ទៅនៅ​ផ្ទះ​គ្រួសារ វិតមើរ ភូមិ​ហ្វាយែត រដ្ឋ​ញូវយ៉ក ដើម្បី​បញ្ចប់​ការបកប្រែ​ព្រះគម្ពីរ​មរមន ។ ដាវីឌ វិតមើរ បាន​ទទួល​អារម្មណ៍​ពី​ព្រះចេស្ដា​នៃ​ដំណឹងល្អ​ដែលបាន​ស្ដារ​ឡើងវិញ​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​មាន​បំណងប្រាថ្នា​ចង់​ចូលរួម​ចំណែក​ក្នុង​កិច្ចការ​នោះ ។ គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៤ ទទួល​បាន​ជា​ការឆ្លើយតប​ទៅនឹង​បំណងប្រាថ្នា​របស់ ដាវីឌ ដែល​ចង់​ដឹងពី​ព្រះទ័យ​របស់​ព្រះអម្ចាស់​ចំពោះ​រូបគាត់ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យចេះ​គោរព​ប្រតិបត្តិ និង​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត​ដោយ​មាន​ព្រះចេស្ដា​ដែល​អាច​ធ្វើឲ្យ​កើតឡើង​របស់​ព្រះអង្គ​សង្គ្រោះ ។

ការរៀបចំ​សិស្ស ៖ អ្នកអាច​នឹងឲ្យ​សិស្ស​រកមើល​គោលការណ៍​មួយ​ដែល​ពួកគេ​អាច​អនុវត្ត​បាន​ពីការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​របស់​ពួកគេ​បាន ។ សិស្ស​អាច​នឹងចង់ប្រើ​ប្រភព​ឯកសារ​សិក្សា​មួយចំនួន​នៅក្នុង ចូរមក​តាម​ខ្ញុំ ។

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

ពរជ័យ​នៃជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច

ដើម្បី​ជួយ​សិស្សឲ្យ​គិតដល់​អ្វីដែល​ព្រះអង្គ​សង្គ្រោះ​សុំឲ្យយើង​ធ្វើ ដើម្បី​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​សម្រាប់​អំណោយទាន​នៃ​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច​របស់ទ្រង់ អ្នកអាច​ចែកចាយ​សាច់រឿង​ខាងក្រោម​នេះបាន ។ សូម​ពិចារណា​សួរសិស្ស​នូវ​សំណួរ​នានា​ខាងក្រោម ហើយ​អនុញ្ញាត​ឲ្យពួកគេ​បន្ថែម​សេចក្តី​លម្អិត​ច្រើន​ទៀតទៅក្នុង​សាច់រឿង​នេះ ។ ការធ្វើ​ដូច្នេះអាច​ជួយ​អ្នក​ឲ្យ​យល់ដឹង​ពី​សំណួរ និង​កង្វល់​ដែល​សិស្ស​អាច​នឹង​មាន ។

បន្ទាប់ពី​ការរៀនសូត្រ​អំពី​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៅក្នុង​ថ្នាក់​សិក្ខាសាលា យុវនារី​ម្នាក់គិតថា « ខ្ញុំគ្រាន់​តែ​គិត​ថា ខ្ញុំមិន​ល្អ​គ្រប់គ្រាន់​ដើម្បី​រស់នៅ​ជាមួយ​ព្រះ​មាតា​បិតា​ខ្ញុំ​នៅ​ស្ថានសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ហើយ​ក្លាយ​ដូចជា​ទាំងពីរ​ព្រះអង្គ​បានទេ ។ ខ្ញុំនឹងមិន​ធ្វើវា​ទៅកើត​ទេ » ។

  • តើ​ហេតុអ្វី​បាន​ជា​នាង​អាច​នឹង​មាន​អារម្មណ៍​បែប​នេះ​ទៅវិញ ?

  • តើ​នាង​អាច​ព្រួយបារម្ភ​អំពី​បញ្ហា​អ្វីទៀត ?

ក្រោយ​ការពិភាក្សា​គ្នា​អំពី​សាច់រឿង​នេះ សូមឲ្យ​សិស្ស​សញ្ជឹង​គិតថា តើពួកគេ​ធ្លាប់មាន​អារម្មណ៍​ស្រដៀងៗ​គ្នា​នេះ​ដែរ​ឬ​ទេ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​សំណួរ ឬ​កង្វល់​មួយ ឬ​ច្រើន​ដែល​ពួកគេ​មាន​អំពី​ការទទួល​បាន​ពរជ័យ​នៃ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យស្វះស្វែង​រកការណែនាំ​របស់ព្រះអង្គ​សង្គ្រោះ​តាមរយៈ​ព្រះវិញ្ញាណ នៅពេល​ដែល​ពួកគេ​សិក្សា គោលលទ្ធិ និង​សេចក្តីសញ្ញា ១៤ ។

ក្រុមគ្រួសារ វិតមើរ

ដើម្បី​ជួយឲ្យ​សិស្ស​របស់​អ្នកបាន​ស្គាល់​ក្រុមគ្រួសារ វិតមើរ កាន់តែ​ច្បាស់នោះ អ្នកអាច​នឹង​អញ្ជើញ​សិស្ស​ឲ្យ​ឡើង​អាន​កថាខណ្ឌ​ខាងក្រោមនេះ ឬ​ចែកចាយ​ព័ត៌មាន​នេះ​តាម​ពាក្យពេចន៍​និយាយ​របស់​អ្នក​ផ្ទាល់ ។

យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី បាន​ប្រឈមមុខ​នឹង​ការធ្វើ​ទុក្ខបុកម្នេញ​យ៉ាងខ្លាំង​នៅ​ខណៈ​ពេល​ដែល​កំពុង​បកប្រែ​ព្រះគម្ពីរ​មរមន​នៅ​ក្បែរ​ភូមិ​ហាម៉ូនី រដ្ឋ​ផែនសិលវេញ៉ា ។ ពួក​លោក​បាន​សរសេរ​ទៅកាន់​ក្រុមគ្រួសារ វិតមើរ ដើម្បី​សួរថា តើ​ពួកលោក​អាច​នឹងផ្លាស់​ទៅរស់នៅ​ផ្ទះ​ពួកគាត់​នៅ​ភូមិ​ហ្វាយែត រដ្ឋ​ញូវយ៉ក ដើម្បី​បញ្ចប់​ការបកប្រែ​នេះ​បាន​ឬអត់ ។ បន្ទាប់ពី​ការបើក​សម្ដែង​ដ៏​ទេវភាព​មកពី​ព្រះអម្ចាស់ ម៉ារី និង ពេត្រុស វិតមើរ ស៊ីញ្ញ័រ និង​ក្រុមគ្រួសារ​របស់​ពួកគាត់​បាន​សម្រេចចិត្ត​អញ្ជើញ​ឲ្យ យ៉ូសែប អិមម៉ា និង អូលីវើរ ចូលមក​ក្នុងផ្ទះ​របស់​ពួកគាត់ ។ ពួកគាត់​បាន​គាំទ្រ​ដល់​ពួកលោក នៅពេល​ដែល​ពួកលោក​ទាំងពីរ​នាក់​កំពុង​ធ្វើ​ការបកប្រែ​នេះ ។ ដាវីឌ វិតមើរ បាន​ទទួល​អារម្មណ៍​បំផុស​គំនិត​ជា​ពិសេស​តាមរយៈ​កិច្ចការ​នៃ​ការស្ដារ​ឡើងវិញ ហើយ​ចង់ដឹង​ពី​ព្រះទ័យ​នៃ​ព្រះអង្គ​សង្គ្រោះ​ចំពោះ​គាត់ ។ យ៉ូសែប បាន​ទទួល​វិវរណៈ​មួយ​ដែល​ឥឡូវ​នេះជា⁠គម្ពីរ គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៤ ដែល​ព្រះអង្គ​សង្គ្រោះ​បាន​អញ្ជើញ ដាវីឌ ឲ្យ​ចូលរួម​ជាមួយ​ទ្រង់​នៅក្នុង ⁠« កិច្ចការ​ដ៏ធំ និង​អស្ចារ្យ​នេះ » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៤:១ ) ។ ទ្រង់បាន​អញ្ជើញ ដាវីឌ ឲ្យ « ស្វែងរក​ដើម្បី​នាំ​មក ហើយ​តាំង​ឡើង​ក្រុង​ស៊ីយ៉ូន [ របស់​ទ្រង់ ] » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៤:៦ ) ។ ការអញ្ជើញ​ទាំងនេះ អម​ជាមួយនឹង​សេចក្ដីណែនាំ និង​ពរជ័យ​ដែល​ព្រះអង្គ​សង្គ្រោះ​ក៏សន្យា​ផងដែរ​នៅក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៤ អនុវត្ត​ចំពោះ​បុត្រា​បុត្រី​ទាំងអស់​របស់​ព្រះវរបិតាសួគ៌ ។

ការគោរព​តាម​បទបញ្ញត្តិ និង​ការកាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត

សូម​អាន គោលលទ្ធិ និង​សេចក្តីសញ្ញា ១៤:៥–៧ ហើយ​រកមើល​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះសុំ​យើង​ឲ្យ​ធ្វើ ដើម្បី​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ជីវិតដ៏​នៅ​អស់​កល្បជានិច្ច ។

  • តើអ្នក​បាន​រកឃើញ​អ្វីខ្លះ ?

  • តើ​អ្នក​អាច​រកឃើញ​គោលការណ៍​អ្វីខ្លះ ?

សូម​ជួយ​សិស្ស​ឲ្យ​ស្គាល់​គោលការណ៍​ដូច​តទៅ​នេះ ៖ បើ​យើង​កាន់តាម​បទបញ្ញត្តិ​ទាំងឡាយ ហើយ​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត នោះយើង​នឹង​ទទួល​បាន​អំណោយទាន​នៃ​ជីវិត​អស់កល្ប​ជានិច្ច ។ អ្នកអាច​នឹង​អញ្ជើញ​សិស្ស​ឲ្យ​គូសចំណាំ​គោលការណ៍​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ។


ដោយ​ប្រើ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ សិស្ស​អាចនឹង​កំណត់​ជា​និយមន័យ​សាមញ្ញ​មួយ​នៃ​ការកាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ។ បន្ទាប់​មកទៀត អ្នកអាច​នឹង​អញ្ជើញ​សិស្ស​ឲ្យ​បន្ថែម​និយមន័យ​នេះ​ចូល​ទៅ​ក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​នៅក្បែរ ខទី ៧⁠ បាន ។

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុងកូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់ បាន​ពន្យល់​អំពី​អត្ថន័យ​នៃ​ការកាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ៖

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ

ការស៊ូទ្រាំ​ដល់​ទីបញ្ចប់ ឬ​ការបន្ដ​នៅ​ស្មោះត្រង់​តាម​ក្រឹត្យវិន័យ និង​ពិធីបរិសុទ្ធ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ពេញ​មួយ​ជីវិត​របស់​បងប្អូន គឺជា​កិច្ច​តម្រូវ​ជា​មូលដ្ឋាន​គ្រឹះ​មួយ​សម្រាប់​សេចក្ដី​សង្គ្រោះ​នៅក្នុង​នគរ​របស់​ព្រះ ។ …

… ការកាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត​ពុំមែន​គ្រាន់តែ​ជា​បញ្ហា​មួយ​នៃ​កាលៈទេសៈ​លំបាក​នៃ​ជីវិត​អត់ធ្មត់ ឬ « ការតស៊ូ » នោះ​ទេ ។ សាសនា​របស់​យើង​គឺជា​សាសនា​ដ៏សកម្ម​មួយ ដែល​ជួយ​បុត្រា​បុត្រី​របស់​ព្រះ​នៅ​តាម​ផ្លូវ​តូច ហើយ​ចង្អៀត​ឲ្យ​អភិវឌ្ឍ​សក្ដានុពល​ពេញលេញ​របស់​ពួកគេ​នៅក្នុង​ជីវិត​នេះ ហើយ​ត្រឡប់​ទៅ​រក​ទ្រង់​វិញ​នៅ​ថ្ងៃណា​មួយ ។ ( ឌៀថើរ អេហ្វ អុជដូហ្វ « Have We Not Reason to Rejoice? » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ២០ )

  • តើ​ហេតុ​អ្វី​បាន​ជា​អ្នក​គិត​ថា⁠ វា​តម្រូវ​ឲ្យមាន​ការគោរព​តាម​បទបញ្ញត្តិ និង​ការកាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ដើម្បី​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ?

  • តើ​ព្រះយេស៊ូវគ្រីស្ទ​ជាគំរូ​នៃ​ការគោរព​តាម​បទបញ្ញត្តិ និង​ការកាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត​យ៉ាង​ស្មោះត្រង់​យ៉ាង​ដូចម្ដេច ?

  • តើ​ចំណេះដឹង​នេះ​អាច​ជួយ​ឲ្យ​យើង​រក្សា​បាន​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ នៅ​ពេលយើង​ដោះស្រាយ​បញ្ហា​នានា​ក្នុង​ជីវិត​នេះយ៉ាង​ដូចម្ដេច​បាន ?

សូម​អាន គោលលទ្ធិ និង​សេចក្តីសញ្ញា ១៤:៨–១១ ហើយ​រក​មើលអ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បានបង្រៀន ដាវីឌ វិតមើរ ដែលអាច​នឹងជួយ​គាត់ឲ្យ​ទទួលបាន​អំណោយទាន​នៃជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច ។

  • តើអ្នក​គិតថា ដំបូន្មាន​នេះអនុវត្ត​ចំពោះ​ពួកយើង​នៅពេល​បច្ចុប្បន្ននេះ​ដោយ​របៀបណា ?

វា​អាច​មាន​ប្រយោជន៍​ដើម្បី​ចង្អុល​បង្ហាញថា នៅក្នុង ខទី ៨ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ប្រាប់ ដាវីឌ ថា គាត់​នឹងមាន​ឯកសិទ្ធិ​ធ្វើជា​សាក្សីម្នាក់​នៃ​ព្រះគម្ពីរ​មរមន ។

ព្រះ​ចេស្ដា​ជំរុញ​ទឹកចិត្ត​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យចេះ​ស្តាប់​តាម​បង្គាប់ និង​ស៊ូទ្រាំ

សកម្មភាព​ខាងក្រោម​នេះ​អាច​ជួយ​សិស្សឲ្យទទួល​ស្គាល់ថា វា​ជា​ព្រះចេស្ដា​របស់​ព្រះអង្គសង្គ្រោះ​ដែល​បើក​លទ្ធភាព​ឲ្យ​យើង​ចេះ​ស្តាប់​តាម​បង្គាប់ និង​ស៊ូទ្រាំ​នឹង​បញ្ហា​នានា​ក្នុង​ជីវិត​នេះ ។

រូបតំណាង​ការបំពាក់បំប៉នជួយ​សិស្ស​ឲ្យ​ផ្តោត​លើ​ព្រះយេស៊ូវគ្រីស្ទ ៖ សម្រាប់​ការអនុវត្ត​ជាក់ស្ដែង​បន្ថែមទៀត​ចំពោះ​សកម្មភាពនេះ សូមមើល​ការបំពាក់បំប៉ន​ដែល​មាន​ចំណងជើង​ថា « ជួយ​សិស្ស​ឲ្យ​ស្គាល់​ក្តីស្រឡាញ់ ព្រះចេស្តា និង​ក្តីមេត្តា​របស់​ព្រះអម្ចាស់​ក្នុង​ជីវិត​ពួកគេ » ដែល​មាន​នៅក្នុង ⁠ជំនាញ​ការអភិវឌ្ឍ​គ្រូបង្រៀន ។ សូម​ពិចារណា​ពី​ការរៀន​អនុវត្ត​ជំនាញ ។ សូម​សួរសំណួរ​ដែលផ្តោត​លើការភ្ជាប់​សេចក្តី​ស្រឡាញ់ ព្រះចេស្តា និង​សេចក្តីមេត្តា​ករុណា​របស់​ព្រះអម្ចាស់​ទៅនឹង​សេចក្តីពិត​ដែល​បាន​បង្រៀន​នោះ ។

សូម​គិតថា តើ​អ្នក​ត្រូវការ​ជំនួយ​របស់ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ជីវិត​របស់​អ្នក​ខ្លាំង​ប៉ុណ្ណា​ដែរ ។ សូម​រកមើល​សេចក្ដីយោងបទ​គម្ពីរដែល​បង្រៀន​ពីវិធី​នានា ដែល​អ្នក​អាច​ពឹងផ្អែក​លើ​ព្រះចេស្ដា​របស់ទ្រង់​ដើម្បី​ជួយ​ដល់​អ្នក ។ បើ​ចាំបាច់ អ្នកអាច​នឹង​អាន​សេចក្ដី​យោងបទគម្ពីរ​ខាង​ក្រោម​នេះ​មួយ ឬ​ច្រើនបាន ។

សូម​អញ្ជើញ​ឲ្យ​សិស្ស​ចែកចាយ​វគ្គបទគម្ពីរ​ដែលមាន​អត្ថន័យ​ផ្ទាល់ខ្លួន ហើយ​ពន្យល់​ប្រាប់ពី​របៀប​ដែល​វគ្គបទគម្ពីរ​ទាំងនេះ​អាច​ជួយ​ឲ្យ​ពួកគេ​ពឹងផ្អែក​លើ​ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះ ដើម្បី​គោរពតាម​បទបញ្ញត្តិ​របស់ទ្រង់ និង​កាន់ខ្ជាប់​រហូត​ដល់​ចុង​បំផុត​បាន ។ ពួកគេ​អាចនឹង​ប្រើមុខងារ​តំណភ្ជាប់​នៃ​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ⁠ដើម្បីភ្ជាប់​វគ្គបទគម្ពីរ​ដែល​ពួកគេ​បាន​សិក្សា​នៅក្នុង ⁠គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៤:៧ បាន បើ​មិនដូច្នោះទេ ពួកគេ​អាច​សរសេរ​បទ​គម្ពីរយោង​ឆ្លង​នៅ​ជាយ​ទំព័រ​នៃ​ព្រះគម្ពីរ​របស់​ពួកគេ​បាន ។

សូម​អាន​សេចក្ដី​ថ្លែងការណ៍​របស់​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់ ហើយ​រកមើល​ថា តើ​ព្រះអម្ចាស់​នឹង​ប្រទានពរ​ជ័យ​ដល់​យើង​យ៉ាង​ដូចម្ដេច នៅ​ពេល​ដែល​យើង​ស្ដាប់​បង្គាប់ និង​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត​នោះ ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់​បាន​បង្រៀន ៖

19:25

ថ្ងៃ​ស្អែក​ព្រះយេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ការ​អស្ចារ្យ​នៅ​ក្នុង​ពួក​ឯង

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

ប្រសិនបើ​យើង​ថ្វាយ​ដួងចិត្ត​របស់​យើង​ដល់​ព្រះ ប្រសិនបើ​យើង​ស្រឡាញ់​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ប្រសិនបើ​យើង​ខិតខំ​ដោយ​អស់ពី​សមត្ថភាព​របស់យើង​ដើម្បី​រស់នៅ​តាម​ដំណឹងល្អ នោះ​ថ្ងៃស្អែក— និង​គ្រប់​ថ្ងៃ​ផ្សេង​ទាំងអស់—នឹងជា​ថ្ងៃ​ដ៏​អស្ចារ្យបំផុត ទោះជា​យើង​មិន​បាន​ទទួលស្គាល់​ជានិច្ចកាល​ក្ដី ។ ហេតុអ្វី ? ដោយសារតែ​ព្រះវរបិតា​សួគ៌​របស់យើង​សព្វព្រះទ័យ​ឲ្យ​វា​បានដូច្នោះ ! ទ្រង់​សព្វព្រះទ័យ​ប្រទាន​ពរ​ដល់​យើង ។ ជីវិត​ដ៏​ជា​រង្វាន់​ដ៏​បរិបូរណ៍ និង​អស់កល្បជានិច្ច គឺជា​គោលបំណង​ដ៏​ជាក់លាក់​នៃ​ផែនការ​ដ៏​ប្រកប​ដោយ​ក្ដី​មេត្តាករុណា​របស់​ទ្រង់​ចំពោះ​បុត្រាបុត្រី​របស់ទ្រង់ ! វា​គឺជា​ផែនការ​មួយ​ដែល​ផ្អែកទៅ​លើ​សេចក្ដីពិត​ថា « គ្រប់ការ​ទាំងអស់​ផ្សំគ្នា សម្រាប់​សេចក្តីល្អ​ដល់​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ » [ រ៉ូម ៨:២៨ ] ។ ដូច្នេះ​ចូរ​បន្ត​ស្រឡាញ់ ។ ចូរ​បន្ដ​ព្យាយាម ។ ចូរ​បន្ដ​ទុកចិត្ត ។ ចូរ​បន្ដ​ជឿ ។ ចូរ​បន្ដ​រីកចម្រើន ។ ស្ថានសួគ៌​កំពុង​លើក​ទឹកចិត្ត​បងប្អូន​នៅ​ថ្ងៃនេះ ថ្ងៃ​ស្អែក និង​ជារៀង​រហូតតទៅ ។ ( ជែហ្វ្រី អ័រ ហូឡិន « Tomorrow the Lord Will Do Wonders among You » Liahona, ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ១២៧ )

  • តើ​ពាក្យ ឬ​ឃ្លា​អ្វីខ្លះដែល​មាន​នៅក្នុង​សេចក្ដី​ថ្លែងការណ៍​នេះ ដែល​ជំរុញ​អ្នកឲ្យកាន់​តាម​បទបញ្ញត្តិ​ទាំងឡាយ ហើយ​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុ​ត​នោះ ?

ដោយ​មាន​ព្រះអង្គ​សង្គ្រោះ យើង​អាច​ទទួលបាន​ជីវិតដ៏នៅ​អស់កល្ប​ជានិច្ច​បាន

សិស្ស​អាច​ចង់​រំឭក​ពី​កង្វល់​របស់​ពួកគេ​អំពី​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ទទួល​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច នៅពេល​ដែល​ពួកគេ​សញ្ជឹង​គិត​ពី​សំណួរ​ខាងក្រោម​នេះ ។ សិស្ស​អាចឆ្លើយ​នៅក្នុង​សៀវភៅកំណត់​ហេតុការសិក្សា​របស់​ពួកគេ​បាន ។

  • តើ​អ្នក​មាន​អារម្មណ៍​ថា អ្នក​អាច​ធ្វើ​អ្វី​មួយ ឬ​ពីរ​យ៉ាង​អ្វីខ្លះ ដើម្បី​ឲ្យ​ចេះ​គោរព​ប្រតិបត្តិ និង​កាន់ខ្ជាប់​ដរាប​ចុង​បំផុត​បាន ?

  • តើ​អ្នក​អាច​ចងចាំ ឬ​ធ្វើអ្វីខ្លះ នៅ​ពេលដែល​អ្នក​ប្រឈមមុខ​នឹង​ឧបសគ្គ​ក្នុង​ការគោរព​ប្រតិបត្តិ និង​កាន់ខ្ជាប់​ដរាប​ចុង​បំផុត​នោះ ?

  • តើ​អ្នក​អាចនឹង​ពឹងផ្អែក​លើ​ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះ​បាន​ដោយ​របៀបណា នៅពេល​ដែល​អ្នក​ខិតខំ​គោរព⁠​តាម​បទបញ្ញត្តិ​របស់​ទ្រង់ និង​កាន់ខ្ជាប់​ដរាប​ចុង​បំផុតនោះ ?

អ្នក​អាច​បញ្ចប់​មេរៀន​នេះ ដោយ​ការលើក​ទឹកចិត្ត​សិស្សឲ្យ​បន្តខិតខំ​ព្យាយាម​គោរព​តាម​បទបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះអង្គ​សង្គ្រោះ ដោយ​ទុកចិត្ត​លើ​ការសន្យា​របស់ទ្រង់​អំពី​ជីវិតដ៏​នៅអស់កល្ប​ជានិច្ច ។