ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៤៩ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ៣៥ ៖ ការបកប្រែ​ព្រះគម្ពីរ​ប៊ីប​ដោយ យ៉ូសែប ស្ម៊ីធ


« គោលលទ្ធិ និង​សេចក្តីសញ្ញា ៣៥ ៖ ការបកប្រែ​ព្រះគម្ពីរ​ប៊ីប​ដោយ យ៉ូសែប ស្ម៊ីធ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្តីសញ្ញា ៣៥⁠ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ៤៩ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ៣០–៣៦

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣៥

ការបកប្រែ​ព្រះគម្ពីរ​ប៊ីប​ដោយ យ៉ូសែប ស៊្មីធ

ការបកប្រែ​ព្រះគម្ពីរ​ប៊ីប​ដោយ យ៉ូសែប ស៊្មីធ

នៅ​រដូវ​ក្តៅ​ឆ្នាំ ១៨៣០ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ចាប់ផ្ដើម​ធ្វើការ​លើ​ការកែសម្រួល ឬ​ការបកប្រែ​ដ៏​បំផុស​គំនិត​នៃ​ព្រះគម្ពីរ​ប៊ីប​កំណែ​ស្ដេច យ៉េម្ស ។ លោក​បាន​ចាត់ទុក​គម្រោង​នេះ​ថាជា​ផ្នែក​ដ៏សំខាន់​មួយ​នៃ​ការហៅ​របស់​លោក​ក្នុងនាមជា​ព្យាការី​នៃ​ព្រះ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​មាន​ការដឹងគុណ ចំពោះ​អ្វី​ដែល​ព្រះអម្ចាស់​បាន​បើក​សម្ដែង​តាមរយៈ​ការបកប្រែ​ព្រះគម្ពីរ​ប៊ីប​ដោយ យ៉ូសែប ស៊្មីធ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ការបកប្រែ​ព្រះគម្ពីរ​ប៊ីប​ដោយ យ៉ូសែប ស៊្មីធ

ដើម្បី​ណែនាំ​សិស្ស​ឲ្យ​ស្គាល់​ការបកប្រែ​ព្រះគម្ពីរ​ប៊ីប​ដោយ យ៉ូសែប ស្ម៊ីធ សូម​ពិចារណា​ចែក​សេចក្ដី​ថ្លែងការណ៍​ដូច​ខាងក្រោម​នេះ​ឲ្យ​ពួកគេ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ទាយ​ថា តើ​សេចក្ដី​ថ្លែងការណ៍​នីមួយៗ​ពិត ឬ​មិន​ពិត ។

  1. មិន​យូរ​ប៉ុន្មាន​ក្រោយពី​ព្រះគម្ពីរ​មរមន​ត្រូវបាន​បោះពុម្ព​ផ្សាយ​នៅ​ឆ្នាំ ១៨៣០ ព្រះអម្ចាស់​បាន​ដឹកនាំ យ៉ូសែប ស្ម៊ីធ ឲ្យ​ចាប់ផ្ដើម​បកប្រែ​ព្រះគម្ពីរ​ប៊ីប ។

  2. យ៉ូសែប ស្ម៊ីធ បាន​មើល​សំណេរ​ភាសា​ហេព្រើរ​ដើម និង​ភាសា​ក្រិច ដើម្បី​ធ្វើ​ការបកប្រែ​ព្រះគម្ពីរ​ប៊ីប​សា​ជាថ្មី​ជា​ភាសា​អង់គ្លេស ។

  3. ព្រះអម្ចាស់​បាន​បើក​សម្ដែង​គម្ពីរ​ម៉ូសេ និង​គម្ពីរ យ៉ូសែប ស្ម៊ីធ—ម៉ាថាយ នៅក្នុង​ព្រះគម្ពីរ​មុក្តា​ដ៏មាន​តម្លៃ​មហិមា ដែល​ជា​ផ្នែក​មួយ​នៃ​ការបកប្រែ​ព្រះគម្ពីរ​ប៊ីប​ដោយ យ៉ូសែប ស៊្មីធ ។

  4. ព្រះអម្ចាស់​បាន​បើក​សម្ដែង​សេចក្ដីពិត​ខាង​គោលលទ្ធិ​មួយ​ចំនួន ដែល​បាន​បង្រៀន​ដោយ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ទៅកាន់​យ៉ូសែប ស្ម៊ីធ កាល​លោក​បាន​បកប្រែ​ព្រះគម្ពីរ​ប៊ីប ។

  5. ព្រះអម្ចាស់​បាន​ប្រទាន​ពរ​ដល់​ជីវិត​របស់​អ្នក​តាមរយៈ​ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​ចម្លើយ​ចំពោះ​សេចក្ដី​ថ្លែងការណ៍​ទាំងនេះ និង​សំណួរ​ផ្សេងទៀត ដែល​ពួកគេ​មាន​អំពី​ប្រធានបទ​នេះ​ពេញ​មួយ​មេរៀន ។ សូម​ឲ្យ​ពួកគេ​ជញ្ជឹងគិត​ជាពិសេស​ថា តើ​សេចក្ដី​ថ្លែងការណ៍​ទី​ប្រាំ​ពិត​ឬ​អត់​ចំពោះ​ពួកគេ ។

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​គូរ​រូប​សៀវភៅ​មួយ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ហើយ​ដាក់​ចំណងជើង​វា​ថា « ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ » ។ ពេញ​មួយ​មេរៀន​នេះ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​សរសេរ​នៅ​ខាងក្រៅ​រូប​គំនូរ​របស់​ពួកគេ នូវ​មូលហេតុ​ដែល​ពួកគេ​មាន​អំណរគុណ​ចំពោះ​ការបកប្រែ​ព្រះគម្ពីរ​ប៊ីប​ដោយ យ៉ូសែប ស៊្មីធ ឬ​ការយល់ដឹង​នានា​ដែល​ពួកគេ​ឃើញ​ថា​មាន​អត្ថន័យ ។

ពរជ័យ​នៃ​ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ

បន្ទាប់ពី​បាន​ជ្រមុជ​ទឹក​ឲ្យ​ដោយ អូលីវើរ ខៅឌើរី នៅ​ទីក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ​ហើយ នោះ​អតីត​អាចារ្យ​ម្នាក់​ដែល​មាន​ឈ្មោះ​ថា ស៊ីឌនី រិកដុន បាន​ធ្វើ​ដំណើរ​ទៅ​ភូមិ ហ្វាយែត រដ្ឋ​ញូវ​យ៉ក ដើម្បី​ជួយ​នឹង​ព្យាការី យ៉ូសែប ស៊្មីធ ។ គោលលទ្ធិ និង​សេចក្តីសញ្ញា ៣៥ គឺជា​វិវរណៈ​មួយ​មកពី​ព្រះអម្ចាស់​ទៅ យ៉ូសែប ស្ម៊ីធ និង ស៊ីឌនី រិកដុន ។

សូម​អាន​ក្បាល​កណ្ឌ​នៃ គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣៥ និង ខទី ១៧–២០ ដោយ​ស្វែងរក​អ្វី​ដែល​យើង​អាច​រៀន​បាន ទាក់ទង​នឹង​ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ ។

  • តើ​អ្នក​រៀន​បាន​អ្វីខ្លះ​មកពី​ខគម្ពីរ​ទាំងនេះ ?

  • តើ​ព្រះអម្ចាស់​បាន​ប្រទាន​នូវ​គោលបំណង​អ្វីខ្លះ សម្រាប់​ការផ្លាស់ប្ដូរ​ដ៏​បំផុស​គំនិត​ទៅលើ​ព្រះគម្ពីរ​ប៊ីប ( សូមមើល ខទី ២០ ) ?

សេចក្ដីពិត​មួយ​ដែល​ព្រះអម្ចាស់​បាន​បង្រៀន​នៅក្នុង​ខគម្ពីរ​ទាំងនេះ​គឺ​ថា តាមរយៈ​ការបកប្រែ​ព្រះគម្ពីរ​ប៊ីប​ដោយ យ៉ូសែប ស្ម៊ីធ នោះ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បើក​សម្ដែង​សេចក្ដីពិត​បន្ថែម​ទៀត ដើម្បី​ជួយ​ដឹកនាំ​យើង​ឲ្យ​ទទួល​បាន​សេចក្ដី​សង្គ្រោះ ។ អ្នក​អាច​ចង់​ភ្ជាប់​ទំនាក់ទំនង​ព័ត៌មាន​ខាងក្រោម​នេះ​ឲ្យ​សិស្ស ដើម្បី​ជួយ​ឆ្លើយនឹង​សំណួរ​ទី​ពីរ ។

តាមរយៈ​ការគោរព​តាម​វិវរណៈ​នេះ ស៊ីឌនី រិកដុន បាន​ចាប់ផ្ដើម​បម្រើ​ជា​អ្នកសរសេរ កាល​ព្រះអម្ចាស់​បាន​បើក​សម្ដែង​ពី​ការកែតម្រូវ និង​ការបន្ថែម​ដ៏​បំផុស​គំនិត​ទៅលើ​ព្រះគម្ពីរ​ប៊ីប តាមរយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ ។ កិច្ចការ​នេះ​មិនមែន​គ្រាន់តែ​ជា​ការបកប្រែ​ត្រង់ៗ​ពី​ភាសា​មួយ​ទៅ​ភាសា​មួយ​ទៀត​នោះ​ទេ ។ យ៉ូសែប បាន​ប្រើ​ច្បាប់​ចម្លង​ព្រះគម្ពីរ​ប៊ីប​ស្ដេច យ៉េម្ស ជា​ចំណុច​ចាប់ផ្តើម​មួយ នៅពេល​ដែល​លោក​ស្វែងរក​វិវរណៈ និង​ហៅ​ឲ្យ​សរសេរ​នូវ​ការកែតម្រូវ និង​ការបន្ថែម​ដ៏​បំផុស​គំនិត ។

រូបតំណាង​សំណៅ​ចែកសកម្មភាព​ខាងក្រោម​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​បាន​កាន់តែ​ច្បាស់​ពី​គោលការណ៍​ដែល​មាន​អក្សរ​ដិត ហើយ​រៀន​ស្គាល់​ពី​ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ ។ សូម​ពិចារណា​ចែកចាយ​សំណៅចែក​ដែល​មាន​ចំណងជើង​ថា « ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ » ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​ផ្នែក​មួយ ឬ​ច្រើន​មក​សិក្សា​ដោយ​ខ្លួនឯង ហើយ​ត្រៀមខ្លួន​បង្រៀន​មិត្ត​រួមថ្នាក់​របស់​ពួកគេ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន ។ នៅពេល​សិស្ស​សិក្សា សូម​រំឭក​ពួកគេ​ឲ្យ​សរសេរ​ការយល់ដឹង ឬ​ហេតុផល​ដ៏មាន​អត្ថន័យ​ដែល​ពួកគេ​មាន​អំណរគុណ​ចំពោះ​ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ នៅ​ជុំវិញ​រូប​គំនូរ​ដែល​ពួកគេ​បាន​គូរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។

ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ

ព្រះអម្ចាស់​បាន​ស្ដារ​ឡើងវិញ​នូវ​ការបង្រៀន​បន្ថែម​ទៀត​តាមរយៈ​ការបកប្រែ​ព្រះគម្ពីរ​ប៊ីប​ដោយ យ៉ូសែប ស្ម៊ីធ ។

តើ​អ្នក​អាច​រកឃើញ​គម្ពីរ​ម៉ូសេ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក​ដែរ​ឬ​ទេ ? ព្រះអម្ចាស់​បាន​ស្ដារ​ឡើងវិញ​នូវ​ចំណេះដឹង​បន្ថែម​ទៀត តាមរយៈ​ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ រួមទាំង​ការនិមិត្ត និង​ការបង្រៀន​ទាំងឡាយ​របស់​ម៉ូសេ និង​អ្នកដទៃ​ទៀត​ផងដែរ ។ ចំណេះដឹង​ទាំងនេះ​មាន​នៅក្នុង​គម្ពីរ​ម៉ូសេ នៅក្នុង​ព្រះគម្ពីរ​មុត្កា​ដ៏មាន​តម្លៃ​មហិមា ។

សូម​អាន ម៉ូសេ ១:៣–៤, ៦, ៨, ៣៩ ។ សូម​រកមើល​អ្វី​ដែល​ម៉ូសេ​បាន​រៀន​អំពី​ខ្លួន​លោក​ផ្ទាល់ និង​អំពី​ព្រះអម្ចាស់ នៅ​អំឡុង​ការនិមិត្ត​របស់​លោក ។ ( អ្នក​ក៏​អាច​ស្រាវជ្រាវ​រក​ខគម្ពីរ​ដែល​អ្នក​ចូលចិត្ត​នៅក្នុង​គម្ពីរ​ម៉ូសេ​បាន​ផងដែរ ) ។

  • តើ​ការបង្រៀន​នៅក្នុង​ខគម្ពីរ​ទាំងនេះ អាច​ជួយ​ដល់​យើង​យ៉ាង​ដូចម្ដេច នៅពេល​យើង​ខិតខំ​ធ្វើតាម​ព្រះអង្គ​សង្រ្គោះ ?

  • ហេតុអ្វី​បានជា​នរណា​ម្នាក់​អាច​មាន​អំណរគុណ​ចំពោះ​អ្វី​ដែល​ព្រះអម្ចាស់​បាន​បើក​សម្ដែង​នៅក្នុង​ខគម្ពីរ​ទាំងនេះ ?

ព្រះអម្ចាស់​បាន​ស្ដារ​ឡើងវិញ​នូវ​សេចក្ដីពិត « ដ៏ច្បាស់ និង​ពិសេសៗ » តាមរយៈ​ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ ។

តើ​អ្នក​ធ្លាប់​ឮ​ថា​សេចក្ដីពិត​សំខាន់ៗ​មួយ​ចំនួន​អាច​បាន​បាត់បង់ ឬ​មិន​ច្បាស់ៗ​នៅក្នុង​ព្រះគម្ពីរ​ប៊ីប​ដែរ​ឬទេ ? ព្រះគម្ពីរ​ប៊ីប​គឺជា​ព្រះគម្ពីរ​ដែល​គេ​ទុកចិត្ត និង​ដ៏​បំផុស​គំនិត​មួយ ។ ទោះជា​យ៉ាងណា​ក៏ដោយ ក៏​នីហ្វៃ​បាន​បង្រៀន​ដែរ​ថា « សេចក្ដី​ដ៏ច្បាស់ និង​ពិសេសៗ » មួយ​ចំនួន​បាន​បាត់បង់ ឬ​មិន​ច្បាស់​ដែរ ( នីហ្វៃ​ទី​១ ១៣:២៨–២៩ ) ។ ឧទាហរណ៍ ពិធី​បុណ្យ​ជ្រមុជ​ទឹក​មិន​បាន​លើកឡើង​ដោយ​ផ្ទាល់​នៅក្នុង​ព្រះគម្ពីរ​ប៊ីប​នោះ​ទេ រហូត​ដល់​ព្រះគម្ពីរ​សញ្ញា​ថ្មី ហើយ​ដំណើររឿង​ព្រះគម្ពីរ​ប៊ីប​អំពី​ណូអេ មិន​បាន​ពន្យល់​ថា ព្រះអម្ចាស់​បាន​ព្រមាន​ប្រជាជន និង​ប្រទាន​ឱកាស​ឲ្យ​ពួកគេ​ប្រែចិត្ត មុនពេល​បញ្ជូន​ទឹក​ជំនន់​នោះ​ទេ ។

សូម​អាន ម៉ូសេ ៦:៦៤–៦៦; ៨:១៦–១៧, ២០ ដើម្បី​មើល​ថា តើ​ព្រះអម្ចាស់​បាន​ស្ដារ​ឡើងវិញ​នូវ​សេចក្ដីពិត​ដ៏មាន​តម្លៃ​នៅក្នុង​ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ ដោយ​របៀប​ណា ។

  • តើ​វា​អាច​ជួយ​យើង​នៅ​សព្វថ្ងៃ​នេះ​យ៉ាង​ដូចម្ដេច ពេល​យើង​ដឹង​ថា ពិធី​បុណ្យ​ជ្រមុជ​ទឹក​គឺជា​បទបញ្ញត្តិ​មួយ​តាំងពី​សម័យ​លោក​អ័ដាម​មក ?

  • តើ​វា​អាច​ជួយ​ដល់​យើង​យ៉ាង​ដូចម្ដេច ពេល​យើង​ដឹង​ថា ព្រះអម្ចាស់​តែង​អញ្ជើញ​យើង​ឲ្យ​ប្រែចិត្ត និង​ស្ម័គ្រ​ព្រះទ័យ​អភ័យទោស​ឲ្យ​យើង​ជានិច្ច​នោះ ?

  • តើ​សេចក្ដីពិត​ទាំងនេះ​ជួយ​នាំ​យើង​ទៅរក​សេចក្ដី​សង្គ្រោះ​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្ដេច ?

វិវរណៈ​របស់​ព្រះអម្ចាស់​នៅក្នុង​ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ បាន​នាំឲ្យ​មាន​វិវរណៈ​បន្ថែម​ទៀត​នៅក្នុង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្តីសញ្ញា ។

តើ​ការសិក្សា​ព្រះគម្ពីរ​ធ្លាប់​បាន​ជួយ​អ្នក​ឲ្យ​ទទួល​បាន​វិវរណៈ​បន្ថែម​ទៀត​ដែរ​ឬ​ទេ ? វា​បាន​ជួយ​ដល់​យ៉ូសែប ។ មិន​យូរ​ប៉ុន្មាន​ក្រោយពី​លោក​បាន​រៀន​នៅក្នុង​ការបកប្រែ​ដ៏​បំផុស​គំនិត​អំពី​ហេណុក និង​ប្រជាជន​របស់​លោក ដែល​បាន​បង្កើត​ក្រុង​ស៊ីយ៉ូន ( សូមមើល ម៉ូសេ ៧:១៨–២១ ) ព្រះអម្ចាស់​បាន​បើក​សម្ដែង​សេចក្ដី​ណែនាំ​ដល់​យ៉ូសែប ដើម្បី​ជួយ​ពួកបរិសុទ្ធ​ឲ្យ​ក្លាយជា​ប្រជាជន​នៃ​ក្រុង​ស៊ីយ៉ូន ( សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ៣៨, ៤២, ៤៥ ) ។

គំរូ​មួយ​ទៀត​នៃ​រឿង​នេះ​បាន​កើតឡើង នៅពេល​ដែល យ៉ូសែប ស្ម៊ីធ និង ស៊ីឌនី រិកដុន បាន​បកប្រែ យ៉ូហាន ៥:២៩ ។ ពួកលោក​បាន​មាន​សំណួរ​អំពី​ស្ថានសួគ៌ និង​ស្ថាន​នរក ដែល​បាន​នាំឲ្យ​មាន​ការនិមិត្ត​ដ៏អស្ចារ្យ​មួយ ដែល​ឥឡូវ​នេះ​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង​សេចក្តីសញ្ញា ៧៦ ។ ការនិមិត្ត​នេះ​រួមមាន​នូវ​សេចក្ដីពិត​អំពី​សិរី​រុងរឿង​បី​កម្រិត ដែល​មនុស្ស​អាច​ទទួល​មរតក​បាន​បន្ទាប់​ពី​ជីវិត​នេះ​ទៅ ។

សូម​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ៧៦:២២–២៤, ៥០–៥៣ និង ៥៨–៦២ ហើយ​គូស​សម្គាល់​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​របៀប​ដែល​យើង​អាច​ត្រឡប់​ទៅ​រស់នៅ​ជាមួយ​ទ្រង់ និង​ព្រះវរបិតាសួគ៌​វិញ ។

  • តើ​ពាក្យ ឬ​ឃ្លា​អ្វីខ្លះ​ដែល​អ្នក​បាន​គូស​សម្គាល់ ? ហេតុអ្វី ?

  • ហេតុអ្វី​បានជា​នរណា​ម្នាក់​អាច​មាន​អំណរគុណ​ដែល​ដឹងពី​សេចក្ដីពិត​ទាំងនេះ ?

ព្រះអម្ចាស់​បាន​ប្រទាន​នូវ​ភាពច្បាស់លាស់​ខាង​គោលលទ្ធិ និង​ការយល់ដឹង​បន្ថែម​ទៀត​អំពី​ខគម្ពីរ​នៃ​ព្រះគម្ពីរ​ប៊ីប​តាមរយៈ​ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ ។

ក្រៅពី​អ្វី​ដែល​មាន​នៅក្នុង​ព្រះគម្ពីរ​មុក្តា​ដ៏មាន​តម្លៃ​មហិមា តើ​អ្នក​ដឹង​ពី​កន្លែង​ដើម្បី​រកមើល​ការបកប្រែ​ព្រះគម្ពីរ​ប៊ីប​ដោយ យ៉ូសែប ស្ម៊ីធ ដែរ​ឬទេ ? ភាគច្រើន​វា​នៅក្នុង​ការចងក្រង​មកពី​ការបកប្រែ​ព្រះគម្ពីរ​ប៊ីប​ដោយ យ៉ូសែប ស៊្មីធ នៅ​ផ្នែក​ខាងក្រោយ​ព្រះគម្ពីរ ឬ​នៅក្នុង​ឧបសម្ព័ន្ធ​នៃ​ការបកប្រែ​ដោយ​យ៉ូសែប ស៊្មីធ ដែល​មាន​នៅក្នុង​ផ្នែក​ជំនួយ​ការសិក្សា​នៅក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ។ សូម​រៀន​ពី​របៀប​ប្រើប្រាស់​ធនធាន​ទាំងនេះ ដោយ​ការមើល​ឧទាហរណ៍ និង​ការពន្យល់​នៅ​ខាងក្រោម​នេះ ។

ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ

ក្នុង​ភាសា​មួយ​ចំនួន វគ្គ​បទគម្ពីរ​នៃ​ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ អាច​មាន​នៅក្នុង​លេខយោង​នៃ​ការបោះពុម្ព​ផ្សាយ​របស់​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៃ​ព្រះគម្ពីរ​ប៊ីប ឬ​នៅក្នុង « មាតិកា​ដែល​ទាក់ទង » នៅលើ​ឧបករណ៍​ឌីជីថល ។

សូម​អាន​វគ្គ​បទគម្ពីរ​ខាងក្រោម​នេះ​នៅក្នុង​ព្រះគម្ពីរ​ប៊ីប បន្ទាប់មក សូម​ប្រើ​ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ ដើម្បី​រកមើល​ការផ្លាស់ប្ដូរ​ដ៏​បំផុស​គំនិត ។

យ៉ូហាន ១:១៦–១៨ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ, យ៉ូហាន ១:១៦–១៩ )

យ៉ូហាន ៤:២៤ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ, យ៉ូហាន ៤:២៦ )

យ៉ូហាន ៦:៤៤ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ, យ៉ូហាន ៦:៤៤ )

  • តើ​ការផ្លាស់ប្ដូរ​ដ៏បំផុស​គំនិត​ទាំងនេះ​បង្រៀន​អ្នក​អ្វីខ្លះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ?

  • ហេតុអ្វី​វា​ជា​ពរជ័យ​មួយ​ដើម្បី​យល់ពី​ការណ៍​ទាំងនេះ​ឲ្យបាន​កាន់តែ​ច្បាស់ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន និង​ទទួល​អារម្មណ៍ នៅពេល​ពួកគេ​បាន​សិក្សា ។ តាម​ការចាំបាច់ សូម​ផ្តល់​ចម្លើយ​ឲ្យ​សិស្ស​ចំពោះ​សេចក្តី​ថ្លែងការណ៍​បួន​ដំបូង​នៃ​សកម្មភាព​បើក​នេះ ( ១. ពិត ។ ២. មិន​ពិត ។ ៣. ពិត ។ ៤. ពិត ) ។ សូម​ពិចារណា​ផ្តល់​ពេល​ពីរបី​នាទី​បន្ថែម​ទៀត​ឲ្យ​សិស្ស​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ នូវ​ការយល់ដឹង​ណាមួយ​ដែល​ពួកគេ​បាន​ទទួល ឬ​មូលហេតុ​ដែល​ពួកគេ​មាន​អំណរគុណ​ចំពោះ​ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ ។ សូម​អញ្ជើញ​អ្នកស្ម័គ្រចិត្ត​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ឬ​មូលហេតុ​ដែល​សេចក្តី​ថ្លែងការណ៍​ទី​ប្រាំ​នៅ​ដើម​មេរៀន​គឺ​ពិត​សម្រាប់​ពួកគេ ។ សូម​ពិចារណា​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​ព្យាការី យ៉ូសែប ស្ម៊ីធ និង​របៀប​ដែល​កិច្ចការ​របស់​លោក​ជួយ​យើង​ឲ្យ​ស្គាល់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។