ថ្នាក់​សិក្ខាសាលា
ការអនុវត្ត​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ៣ ៖ ទន្ទេញ​ចាំ និង​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ


« ការអនុវត្ត​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ៣ ៖ ទន្ទេញ​ចាំ និង​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ⁠ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« ការអនុវត្ត​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ៣ ៖ ទន្ទេញ​ចាំ និង​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ⁠ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ៥០ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ៣០–៣៦

ការអនុវត្ត​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ៣

ទន្ទេញ​ចាំ និង​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ

ការពិភាក្សា​ក្រុម​យុវវ័យ

ចំណេះចំណាន​ខាង​គោលលទ្ធិ​អាច​ជួយ​សិស្ស​ឲ្យ​ស្ថាបនា​គ្រឹះ​សម្រាប់​ជីវិត​របស់​ពួកគេ​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ។ ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​សិស្ស​រៀន​ទន្ទេញ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ឲ្យ​ចាំស្ទាត់ និង​គោលលទ្ធិ​ដែល​វគ្គបទគម្ពីរ​ទាំងនោះ​បង្រៀន ។ វា​ក៏​នឹង​ជួយ​ពួកគេ​ឲ្យ​រៀន និង​អនុវត្ត​តាម​គោលការណ៍​ដ៏ទេវភាព​ដើម្បី​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​ផងដែរ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ ទន្ទេញ​ចាំ

ប្រសិនបើ​សិស្ស​បាន​ស្គាល់​សេចក្ដីយោង​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​ចំនួន​បីបួន​នៅ​ឆ្នាំ​នេះ​ហើយ នោះ​វា​នឹង​ជា​ការល្អ​ដើម្បី​អញ្ជើញ​ពួកគេ​ឲ្យ​អនុវត្ត​ការទន្ទេញ​សេចក្ដីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ​ទាំងនោះ ។ សិស្ស​អាច​បង្កើន​ទំនុកចិត្ត​របស់​ពួកគេ​បាន ពេល​ពួកគេ​ដឹង​ពី​បទគម្ពីរ​បាន​ល្អ​គ្រប់គ្រាន់​ដើម្បី​ចូល​ទៅរក​បទគម្ពីរ​ទាំងនោះ​ទាន់​ពេលវេលា​ដែល​ពួកគេ​ត្រូវការ ។

សូម​ឲ្យ​សិស្ស​មាន​ពេល​ប្រហែល ១០ នាទី​ក្នុង​ថ្នាក់រៀន ហើយ​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ខំ​ទន្ទេញ​នៅក្រៅ​ថ្នាក់រៀន​ផងដែរ ។ សូម​បង្ហាញ​តារាង​ដែល​មាន​រាយ​បញ្ជី​សេចក្ដីយោង​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​ទាំងឡាយ ដែល​មាន​នៅក្នុង ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២៣ ) ។

សូម​ជ្រើសរើស​យក​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​មួយ ដែល​អ្នក​ចង់​ទន្ទេញ​នៅ​ថ្ងៃនេះ ។ សូម​មាន​វិធី​ច្នៃប្រឌិត​ដើម្បី​ជួយ​ឲ្យ​អ្នក​ចងចាំ​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​នេះ ។

សិស្ស​អាច​ធ្វើការ​តែ​ម្នាក់ឯង ឬ​ស្វែងរក​អ្នក​ផ្សេង​ទៀត​នៅក្នុង​ថ្នាក់រៀន ដែល​ចង់​ទន្ទេញ​វគ្គ​បទគម្ពីរ​ដូចគ្នា​នេះ ។ កាលណា​សិស្ស​ចំណាយ​ពេល​ទន្ទេញ​បាន​ពីរ​បី​នាទី​ហើយ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ចែកចាយ​ជាមួយ​អ្នកដទៃ​នូវ​គន្លឹះ ឬ​ល្បិច​ណាមួយ​ដែល​ពួកគេ​បាន​ប្រើ​ដើម្បី​ទន្ទេញ​ឲ្យ​ចាំ ។

មុនពេល​បន្ត​ទៅ​មេរៀន​ផ្នែក​បន្ទាប់​ទៀត និង​នៅក្នុង​មេរៀន​ក្រោយៗ អ្នក​អាច​អាន​ឃ្លា​បទគម្ពីរ​គន្លឹះ​មួយ​ចំនួន​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់ ហើយ​សុំឲ្យ​សិស្ស​ប្រាប់​ពី​សេចក្ដីយោង​បទគម្ពីរ​ដែល​ត្រូវគ្នា​នឹង​បទគម្ពីរ​នេះ​ចេញពី​ការចងចាំ ។ ជា​ញឹកញាប់ ការប្រើ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​អាច​ជួយ​សិស្ស​ឲ្យ​ប្តេជ្ញាចិត្ត​ពួកគេ​ដើម្បី​ទន្ទេញ​ឲ្យបាន​ចាំ​យូរ​អង្វែង ហើយ​នឹក​ដល់​បទគម្ពីរ​នេះ នៅពេល​ចាំបាច់ ។

គំនិត​បន្ថែម​អំពី​របៀប​ជួយ​សិស្ស​ឲ្យ​ទន្ទេញ​ចាំ អាច​រកឃើញ​នៅក្នុង​ឧបសម្ព័ន្ធ​នៃ​សៀវភៅ​សិក្សា​នេះ​នៅក្រោម « សកម្មភាព​រំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ​ឡើងវិញ » ។

រៀន និង​អនុវត្ត​តាម​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​រំឭក​ឡើងវិញ​នូវ​គោលការណ៍​ទាំងឡាយ​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ។ សកម្មភាព​រំឭក​ឡើងវិញ​ដែល​បាន​ផ្ដល់​យោបល់​នានា​មាន​នៅក្នុង​ឧបសម្ព័ន្ធ « សកម្មភាព​រំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ​ឡើងវិញ » ។ ការពិពណ៌នា​អំពី​គោលការណ៍​ទាំងឡាយ​មាន​នៅក្នុង​កថាខណ្ឌ​ទី ៥–១២ នៃ​ផ្នែក « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » នៃ ឯកសារ​គោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២២ ) ។

សូម​ប្រើ​សាច់រឿង​ខាងក្រោម​នេះ ដើម្បី​ជួយ​សិស្ស​ឲ្យ​រៀន​អនុវត្ត​តាម​គោលការណ៍​ទាំងនេះ​ចំពោះ​ស្ថានភាព​ពិត​ជាក់ស្ដែង ។

មុនពេល​សាលា​ថ្ងៃ​អាទិត្យ​ចាប់ផ្តើម មិត្ត​របស់​អ្នក​ឈ្មោះ ណូអែល អង្គុយ​ចុះ​ក្បែរ​អ្នក ។ នាង​មើល​ទៅ​ក្ដារខៀន ហើយ​ហាក់​ដូចជា​អាក់អន់​ចិត្ត​នឹង​អ្វី​ដែល​នាង​អាន ។ មេរៀន​នៅ​ថ្ងៃនេះ​ផ្តោត​ទៅលើ​ការធ្វើតាម​ព្យាការី ។ ណូអែល ប្រាប់​អ្នក​ថា ថ្មីៗ​នេះ នាង​បាន​អាន​អំពី​មនុស្ស​ដែល​ខកចិត្ត​នឹង​ព្យាការី ។ នាង​ឆ្ងល់​ថា ហេតុអ្វី​បានជា​ព្យាការី​មិន​បាន​ដឹង​ថែមទៀត​ពី​តម្រូវការ​របស់​មនុស្ស ឬ​ហេតុអ្វី​បានជា​លោក​ហាក់​ដូចជា​មិន​ឆ្លើយតប​ទៅនឹង​យោបល់​ដែល​មនុស្ស​កំពុង​ប្រាប់ ។

  • តើ​អ្នក​អាច​ប្រើ​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ដើម្បី​ជួយ​នៅក្នុង​ស្ថានភាព​នេះ​បាន​យ៉ាង​ដូចម្ដេច ?

  • តើ​មាន​ការបង្រៀន​អ្វីខ្លះ​នៅក្នុង​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នេះ​ដែល​អាច​ជួយ​បាន ?

របៀប​មួយ​ដើម្បី​ឲ្យ​សិស្ស​រៀន​ប្រើ​គោលការណ៍​ទាំងឡាយ​នៃ​ការទទួល​បាន​ចំណេះដឹង គឺ​ត្រូវ​គិតពី​ភាពខុសគ្នា​នៃ​គំនិត និង​សកម្មភាព​របស់​បុគ្គល​នៅក្នុង​សាច់រឿង​នេះ នៅពេល​ពួកគេ​បាន​យល់ពី​គោលការណ៍​ទាំងនេះ ។

ដើម្បី​ជួយ​ពួកគេ​ឲ្យ​ធ្វើ​បែបនេះ​បាន អ្នក​អាច​បែងចែក​សិស្ស​ទៅជា​ក្រុម​តូចៗ ហើយ​អនុញ្ញាត​ឲ្យ​ពួកគេ​ជ្រើសរើស​យក​គោលការណ៍​មួយ​នៃ​ការទទួល​បាន​ចំណេះដឹង ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​មើល​កថាខណ្ឌ​ដែល​ទាក់ទង​គ្នា​នៅក្នុង ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ដើម្បី​យល់​កាន់តែ​ច្បាស់​អំពី​គោលការណ៍​នេះ ។ សូម​ជួយ​សិស្ស​ឲ្យ​រកមើល​បទគម្ពីរ​ណាមួយ ដែល​ពួកគេ​អាច​បាន​សិក្សា​ហើយ​នៅក្នុង​ថ្នាក់​សិក្ខាសាលា​អំពី​ព្យាការី ( ដូចជា គោលលទ្ធិ និង​សេចក្តីសញ្ញា ១:៣៧–៣៨; ២១:៤–៦; ២៨:២ ) ។ អ្នក​ក៏​អាច​បង្ហាញ​សេចក្ដី​ណែនាំ​ខាងក្រោម​នេះ​ផងដែរ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​បំពេញ​ការណែនាំ​ទាំងនោះ​ជាមួយ​ក្រុម​របស់​ពួកគេ ។

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

សូម​គិត​ដល់​សកម្មភាព​យ៉ាង​ហោច​ណាស់​ពីរ​ដែល ណូអែល អាច​ធ្វើ​បាន​ដើម្បី​ធ្វើ​សកម្មភាព​ដោយ​សេចក្តី​ជំនឿ ដើម្បី​ឆ្លើយតប​ទៅនឹង​កង្វល់​របស់​នាង ។

សូម​ពន្យល់​ពី​មូលហេតុ​ដែល​អ្នក​ផ្ដល់​យោបល់​ឲ្យ​ធ្វើ​សកម្មភាព​ទាំងនោះ ឬ​ចែកចាយ​បទពិសោធន៍​ដែល​អ្នក​មាន ។

សូម​រាយបញ្ជី​សេចក្ដីពិត​មួយ​ចំនួន​ដែល ណូអែល អាច​ដឹង​អំពី​ព្យាការី ដែល​អាច​ជួយ​នាង​ឲ្យ​ទុកចិត្ត​កាន់តែ​ខ្លាំង​ថែមទៀត​ទៅលើ​ព្រះអម្ចាស់ និង​អ្នកបម្រើ​របស់​ទ្រង់ ខណៈ​កំពុង​ខិតខំ​រៀនសូត្រ​បន្ថែម​ទៀត ។

  • ហេតុអ្វី​បានជា​អ្នក​គិត​ថា វា​នឹង​មាន​សារៈសំខាន់​សម្រាប់ ណូអែល ដើម្បី​បន្ដ​នៅ​ស្មោះត្រង់​ចំពោះ​អ្វី​ដែល​នាង​បាន​ដឹង និង​ជឿ​រួច​ហើយ នៅពេល​ដែល​នាង​ខិតខំ​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​បច្ចុប្បន្ន​របស់​នាង​នោះ ?

ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ

សូម​សរសេរ​តួនាទី​របស់​ព្យាការី​នៅក្នុង​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះវរបិតាសួគ៌ ។

សូម​ធ្វើការ​ប្រៀបធៀប​គ្នា​ទៅវិញ​ទៅមក​នៃ​គោលបំណង​របស់​ព្រះអម្ចាស់​សម្រាប់​ព្យាការី និង​អ្វី​ដែល​ណូអែល និង​អ្នកផ្សេងទៀត​ទំនង​ជា​ដឹង​ពី​តួនាទី​របស់​ព្យាការី ។

ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏ទេវភាព

សូម​រាយបញ្ជី​ផល​ប៉ះពាល់​អវិជ្ជមាន​មួយ​ចំនួន ដែល​ប្រភព​មិន​គួរឲ្យ​ទុកចិត្ត​ខ្លះៗ​អាច​មាន​ទៅលើ​បុគ្គល​ណាម្នាក់ ។

សូម​ស្វែងរក​បទគម្ពីរ​មួយ ឬ​ច្រើន​នៅក្នុង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា ( ឬ​ប្រភព​ដែល​បាន​តែងតាំង​ដ៏ទេវភាព​ផ្សេងទៀត ) ដែល​អាច​ជួយ​ដល់ ណូអែល បាន ។

សូម​សរសេរ​យ៉ាង​ហោច​ណាស់​ពរជ័យ​ចំនួន​ពីរ​ដែល ណូអែល អាច​ទទួល​បាន ប្រសិនបើ​នាង​បាន​យល់ពី​មូលហេតុ​ដែល​ព្រះ​ហៅ​ឲ្យមាន​ព្យាការី ។

សូម​ផ្តល់​ឱកាស​ឲ្យ​សិស្ស​ចែកចាយ​រឿង​មួយ​ចំនួន​ដែល​ពួកគេ​បាន​ធ្វើ និង​រៀន ។ វិធី​មួយ​ដែល​អ្នក​អាច​ធ្វើ​ការណ៍​នេះ​បាន គឺ​អញ្ជើញ​ពួកគេ​ឲ្យ​ស្រមៃ​ថា ណូអែល បាន​ជ្រើសរើស​អនុវត្ត​តាម​គោលការណ៍​ទាំងឡាយ​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ដើម្បី​ជួយ​ដោះស្រាយ​កង្វល់​របស់​នាង ។ សិស្ស​អាច​សរសេរ​អំពី​អ្វី​ដែល​អាច​កើតឡើង​ដល់ ណូអែល នៅពេល​នាង​អនុវត្ត​តាម​គោលការណ៍​មួយ ឬ​ច្រើន​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ។

បន្ទាប់​មក សិស្ស​អាច​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ហើយ​ពន្យល់​ពី​មូលហេតុ​មួយ​ចំនួន​ដែល​ពួកគេ​បាន​សរសេរ​សាច់រឿង​នេះ ដូច​ដែល​ពួកគេ​បាន​សរសេរ​នេះ ។ បន្ទាប់ពី​សិស្ស​បាន​ចែកចាយ​ហើយ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ពិចារណា​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន ឬ​មាន​អារម្មណ៍​នៅ​ថ្ងៃនេះ ដែល​អាច​ជួយ​ដល់​ពួកគេ​នៅក្នុង​ជីវិត​របស់​ពួកគេ​ផ្ទាល់​បាន ។