ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៤៨ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ៣០–៣៦ ផ្នែក​ទី ២ ៖ « ចូរ​បើក​មាត់​របស់​អ្នក​ចុះ នោះ​មាត់​នឹង​បាន​ពោរពេញ »


« គោលលទ្ធិ និង​សេចក្តីសញ្ញា ៣០–៣៦ ផ្នែក​ទី ២ ៖ ‹ ចូរ​បើក​មាត់​របស់​អ្នក​ចុះ នោះ​មាត់​នឹង​បាន​ពោរពេញ ›⁠ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្តីសញ្ញា ៣០–៣៦ ផ្នែក​ទី ២ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ៤៨ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ៣០–៣៦

គោលលទ្ធិ និង​សេចក្តីសញ្ញា ៣០–៣៦ ផ្នែក​ទី ២

« ចូរ​បើក​មាត់​របស់​អ្នក​ចុះ នោះ​មាត់​នឹង​បាន​ពោរពេញ »

យុវជន និង​យុវនារី​កំពុង​អាន​ព្រះគម្ពីរ

នៅពេល​ដែល​ព្រះអម្ចាស់​បាន​ហៅ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ឲ្យ​ផ្សាយ​ដំណឹងល្អ​របស់​ទ្រង់ មិន​យូរ​ប៉ុន្មាន​ក្រោយពី​ការរៀបចំ​សាសនាចក្រ​របស់​ទ្រង់​ឡើង ទ្រង់​បាន​ប្រទាន​ដំបូន្មាន​ឲ្យ​ដើម្បី​ពង្រឹង និង​ណែនាំ​ពួកគេ​នៅក្នុង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​របស់​ពួកគេ ។ មេរៀន​នេះ​អាច​ជួយ​ដល់​សិស្ស​នៅក្នុង​កិច្ចខិតខំ​របស់​ពួកគេ ដើម្បី​ចែកចាយ​ដំណឹងល្អ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

កង្វល់​ក្នុង​ការចែកចាយ​ដំណឹងល្អ

សូម​ពិចារណា​ចាប់ផ្តើម​មេរៀន​នេះ​ដោយ​ការចែកចាយ​សាច់រឿង និង​សំណួរ​ខាងក្រោម​នេះ ។

នៅពេល​អ្នកឡើង​និយាយ​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់​បាន​ចែកចាយ​អំពី​សារៈសំខាន់​នៃ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ខ័រន័រ អាច​មាន​អារម្មណ៍​ថា​ខ្លួនគាត់​ប្រឆាំង​នឹង​គំនិត​នៃ​ការនិយាយ​ជាមួយ​មនុស្សដទៃ​អំពី​ដំណឹងល្អ ។ ខ័រន័រ គឺជា​មនុស្ស​ស្ងប់ស្ងាត់​ពី​ធម្មជាតិ ។ លើសពី​នេះ គាត់​មិន​ដែល​មាន​ការសន្ទនា​អំពី​ដំណឹងល្អ​ជាមួយ​នរណា​ម្នាក់ ដែល​មិនមែន​ជា​សមាជិក​សាសនាចក្រ​នោះ​ទេ ។ គាត់​ព្រួយ​បារម្ភ​ថា តើ​ការសន្ទនា​បែបនេះ​នឹង​ទៅជា​យ៉ាងណា​ទៅ ។ លក្ខណៈ​ស្ងប់ស្ងាត់ និង​កង្វះខាត​បទពិសោធន៍​របស់​គាត់ បាន​ធ្វើឲ្យ​គាត់​មិន​ស្រណុក​ចិត្ត​នឹង​គំនិត​នៃ​ការចាប់ផ្ដើម​ការសន្ទនា​អំពី​ដំណឹងល្អ​ជាមួយ​អ្នក​ផ្សេងទៀត​ឡើយ ។

  • តើ​អ្នក​គិត​ថា អ្វីទៅ​ដែល​នឹង​មាន​ប្រយោជន៍​សម្រាប់ ខ័រន័រ ដើម្បី​យល់​អំពី​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ?

  • ជាញឹកញាប់ តើ​មនុស្ស​មាន​កង្វល់​អ្វីខ្លះ​ទៀត អំពី​ការចែកចាយ​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ ?

សូម​រំឭក​សិស្ស​ថា នៅក្នុង​មេរៀន​មុន ពួកគេ​បាន​រៀន​អំពី​បុគ្គល​ជាច្រើន​នាក់ ដែល​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា មិន​យូរ​ប៉ុន្មាន​ក្រោយពី​សាសនាចក្រ​ត្រូវបាន​រៀបចំ​ឡើង ។ បុរស​ទាំងនេះ​មួយ​ចំនួន​បាន​ស្គាល់​ដំណឹងល្អ​ដែល​បាន​ស្តារ​ឡើងវិញ​តែ​មួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ មុនពេល​ពួកលោក​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​បេសកកម្ម ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​កង្វល់​មួយ​ចំនួន ដែល​អ្នកផ្សព្វផ្សាយ​សាសនា​ដែល​ទើប​បាន​ហៅ​ថ្មីៗ​ទាំងនេះ​អាច​មាន ។ អ្នក​ក៏​អាច​សុំឲ្យ​សិស្ស​គិត​អំពី​កង្វល់​ផ្ទាល់ខ្លួន​របស់​ពួកគេ អំពី​ការចែកចាយ​ដំណឹងល្អ​ជាមួយ​អ្នកដទៃ​ផងដែរ ។ បន្ទាប់មក សូម​ចែកចាយ​អ្វី​ខាងក្រោម​នេះ​ដើម្បី​ជួយ​រៀបចំ​សិស្ស​ឲ្យ​សិក្សា ។

នៅ​ថ្ងៃនេះ អ្នក​នឹង​សិក្សា​ការបង្រៀន​មកពី​ព្រះអម្ចាស់​នៅក្នុង គោលលទ្ធិ និង​សេចក្តីសញ្ញា⁠ ៣០–៣៦ ដែល​អាច​ជួយ​អ្នក​ឲ្យ​ស្គាល់​ពី​ការទន្ទឹង​រង់ចាំ​របស់​ទ្រង់ ដើម្បី​ជួយ​អ្នក​ឲ្យ​ចែកចាយ​ដំណឹងល្អ​របស់​ទ្រង់ ។ នៅពេល​អ្នក​សិក្សា សូម​រកមើល​ការបង្រៀន​នានា​ដែល​អាច​ជួយ​បង្កើន​ឆន្ទៈ និង​សមត្ថភាព​របស់​អ្នក​ដើម្បី​ចែកចាយ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ព្រះអម្ចាស់​ប្រទាន​ដំបូន្មាន​ដ៏មាន​ប្រយោជន៍​ដល់​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​របស់​ទ្រង់

សូម​ឲ្យ​សិស្ស​មាន​ពេល​សិក្សា​ដំបូន្មាន​របស់​ព្រះអម្ចាស់​នៅក្នុង​ខគម្ពីរ​ខាងក្រោម​នេះ ។ របៀប​មួយ​ដើម្បី​ធ្វើ​បែបនេះ គឺ​បែងចែក​សិស្ស​ក្នុង​ថ្នាក់​ទៅជា​ប្រាំ​ក្រុម ។ សូម​ចែក​ក្រដាស-ស​មួយ​សន្លឹក​ឲ្យ​ក្រុម​នីមួយៗ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​រចនា​ទំព័រ​មួយ​ដែល​មាន​ចំណងជើង​ដូចជា « ដំបូន្មាន​ដ៏មាន​ប្រយោជន៍​មកពី​ព្រះអម្ចាស់​ដល់​អ្នកផ្សព្វផ្សាយ​សាសនា » ។

សូម​ចាត់តាំង​បណ្ដុំ​ខគម្ពីរ​មួយ​ឲ្យទៅ​ក្រុម​នីមួយៗ ។ បន្ទាប់​មក សិស្ស​អាច​បន្ថែម​ទៅក្នុង​ទំព័រ​របស់​ពួកគេ​យ៉ាង​ហោច​ណាស់​ដំបូន្មាន​ចំនួន​បី ដែល​ពួកគេ​រកឃើញ​នៅក្នុង​ខគម្ពីរ​របស់​ពួកគេ ។ ពួកគេ​អាច​បន្ថែម​រូបភាព​ទៅក្នុង​ទំព័រ​របស់​ពួកគេ​បាន ប្រសិនបើ​ពួកគេ​ចង់ ។ បន្ទាប់មក អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ទំព័រ​ពេញលេញ​របស់​ពួកគេ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ។

សូម​អាន​ខគម្ពីរ​ខាងក្រោម​នេះ ដោយ​ស្វែងរក​ដំបូន្មាន​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ ដែល​អាច​ជួយ​អ្នក​ឲ្យ​កាន់តែ​មាន​ឆន្ទៈ និង​អាច​ចែកចាយ​ដំណឹងល្អ​បាន ។

គោលលទ្ធិ និង​សេចក្តីសញ្ញា ៣០:៥, ៨–១១ ( វា​អាច​មាន​ប្រយោជន៍​ដើម្បី​ដឹង​ថា « បងប្រុស » របស់ ពេត្រុស វិតមើរ ដែល​បាន​លើកឡើង​នៅក្នុង ខទី ៥ គឺ អូលីវើរ ខៅឌើរី ដែល​ត្រូវបាន​ហៅ​ឲ្យ​ផ្សព្វផ្សាយ​ដំណឹងល្អ​នៅក្នុង​វិវរណៈ​មុន [ សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ២៨:១៤–១៦ ] ) ។

គោលលទ្ធិ និង​សេចក្តីសញ្ញា ៣១:៤–៩, ១១–១៣

គោលលទ្ធិ និង​សេចក្តីសញ្ញា ៣២:១–៥

គោលលទ្ធិ និង​សេចក្តីសញ្ញា ៣៣:៨–១២, ១៦–១៧

គោលលទ្ធិ និង​សេចក្តីសញ្ញា ៣៥:១៣–១៥, ២៤

នៅពេល​សិស្ស​បាន​បញ្ចប់​ការសិក្សា​ហើយ សូម​ឲ្យ​ពួកគេ​មាន​ឱកាស​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន ។ របៀប​មួយ​ដើម្បី​ធ្វើ​បែបនេះ​អាច​ជា​ការអញ្ជើញ​សិស្ស​ដទៃទៀត​ឲ្យ​ចែកចាយ​ដំបូន្មាន ដែល​ពួកគេ​បាន​រកឃើញ​ពីក្នុង​ខគម្ពីរ​របស់​ពួកគេ​ដែល​មាន​អត្ថន័យ​បំផុត​ចំពោះ​ពួកគេ ហើយ​ចែកចាយ​សេចក្ដីពិត​មួយ​ដែល​យើង​អាច​រៀន​មកពី​ដំបូន្មាន​នេះ​បាន ។ អ្នក​អាច​សរសេរ​សេចក្ដីពិត​ទាំងនេះ​នៅលើ​ក្ដារខៀន ឬ​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​សេចក្ដីពិត​ទាំងនោះ ។

ឧទាហរណ៍​នៃ​សេចក្ដីពិត​ដែល​សិស្ស​អាច​លើកឡើង​រួមមាន​ដូច​តទៅ​នេះ ៖ ជាជាង​ខ្លាច​អ្នកដទៃ យើង​អាច​ពឹងផ្អែក​លើ​ព្រះអម្ចាស់​ឲ្យ​ជួយ​យើង​ចែកចាយ​ដំណឹងល្អ​របស់​ទ្រង់​បាន ( សូម​មើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣០:១១ ) ព្រះអម្ចាស់​នឹង​បើក​ដួងចិត្ត​មនុស្ស​ដែល​យើង​បង្រៀន ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣១:៧ ) ព្រះអម្ចាស់​នឹង​គង់នៅ​ជាមួយ​យើង នៅពេល​យើង​ព្យាយាម​ចែកចាយ​ដំណឹងល្អ​របស់​ទ្រង់ ( សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ៣២:៣ ) នៅពេល​យើង​បើក​មាត់​របស់​យើង​ដើម្បី​ចែកចាយ​ដំណឹងល្អ នោះ​ព្រះអម្ចាស់​នឹង​ជួយ​យើង​ឲ្យ​ដឹង​ពី​អ្វី​ដែល​ត្រូវ​និយាយ ( សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ៣៣:៨–១០ ) ព្រះអម្ចាស់​ប្រទាន​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​របស់​ទ្រង់​ដល់​អ្នកទន់ខ្សោយ ដែល​បម្រើ​ទ្រង់ ( សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ៣៥:១៣–១៤ ) ។

  • ហេតុអ្វី​បានជា​អ្នក​គិត​ថា ព្រះ​មាន​ព្រះទ័យ​ចង់​ជួយ​យើង​ឲ្យ​ចែកចាយ​ដំណឹងល្អ​យ៉ាង​ខ្លាំង ?

  • តើ​សេចក្ដីពិត​ទាំងនេះ​អំពី​ព្រះអម្ចាស់ អាច​ជួយ​យើង​ក្នុង​កិច្ចខិតខំ​របស់​យើង​ដើម្បី​ផ្សព្វផ្សាយ​ដំណឹងល្អ​បាន​ដោយ​របៀប​ណា ?

គំនិត​យោបល់​សម្រាប់​ការបើក​មាត់​របស់​អ្នក​ដើម្បី​ចែកចាយ​ដំណឹងល្អ

សូម​ចំណាយ​ពេល​ខ្លះ​ដើម្បី​ជួយ​សិស្ស​ឲ្យ​រៀន និង​ពិភាក្សា​អំពី​របៀប​ជាក់លាក់​ដែល​ពួកគេ​អាច​ធ្វើតាម​បញ្ជា​របស់​ព្រះអម្ចាស់​ឲ្យ « បើក​មាត់ [ របស់​ពួកគេ ] » ( គោលលទ្ធិ និង​សេចក្តីសញ្ញា ៣៣:៨–១០; សូមមើល​ផងដែរ ៣០:៥,១១ ) ហើយ​ចែកចាយ​ដំណឹងល្អ ។ ការជួយ​សិស្ស​ឲ្យ​មើលឃើញ​របៀប​ជាក់លាក់ និង​អាច​សម្រេច​បាន​ដើម្បី​ធ្វើ​ការណ៍​នេះ អាច​បង្កើន​ទំនុកចិត្ត​របស់​ពួកគេ​ក្នុង​ការចែកចាយ​ដំណឹងល្អ ។

របៀប​មួយ​ដើម្បី​ធ្វើ​ការណ៍​នេះ​អាច​ជា​ការបង្ហាញ​វីដេអូ​មួយ ឬ​ច្រើន​ដូច​ខាងក្រោម​នេះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​របៀប​ផ្សេងៗ​ដែល​មនុស្ស​បាន​បើក​មាត់​របស់​ពួកគេ ហើយ​បាន​អញ្ជើញ​ឲ្យមាន​ព្រះពរ​របស់​ព្រះអម្ចាស់ ។ អ្នក​ក៏អាច​ចែកចាយ​ធនធាន​ផ្សេងទៀត​មកពី​ទំព័រ « ការចែកចាយ​ដំណឹងល្អ » នៅលើ​គេហទំព័រ ChurchofJesusChrist.org បាន​ផងដែរ ។

វីដេអូ​ខាងក្រោម​នេះ​ចែកចាយ​គំនិត​អំពី​របៀប​ដែល​អ្នក​អាច « បើក​មាត់​របស់​អ្នក » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣០:៥ ) ហើយ​អញ្ជើញ​អ្នកដទៃ​តាម​របៀប​ធម្មតាៗ និង​ដ៏មាន​អត្ថន័យ​ឲ្យ​ដក​បទពិសោធន៍​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

1:17

អញ្ជើញមនុស្សដទៃឲ្យ «តាមមកមើល»

មនុស្សចង់មានការរាប់អាន។ ពួកគេគ្រាន់តែត្រូវការការអញ្ជើញប៉ុណ្ណោះ។ វីដេអូនេះបង្ហាញរបៀបនៃការអញ្ជើញឲ្យ «តាមមកមើល» អាចជាផ្នែកមួយ​នៃជីវិតរស់នៅសាមញ្ញ និងធម្មតារបស់សមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ។

1:3

អញ្ជើញមនុស្សដទៃឲ្យ «មកជួយ»

មនុស្សចង់ជួយ ជារឿយៗ ពួកគេត្រូវការការអញ្ជើញ។ វីដេអូនេះបង្ហាញពីភាពងាយក្នុងការអញ្ជើញមនុស្សឲ្យមកជួយក្នុងឱកាសបម្រើដែលទាក់ទងនឹងសាសនាចក្រ សម្រាប់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ។

3:49

Sharing the Gospel

What we call “member missionary work” is not a program but an attitude of love and outreach to help those around us.

  • តើ​អ្នក​មាន​បទពិសោធន៍​អ្វីខ្លះ​ពី​ការចែកចាយ​ដំណឹងល្អ ? តើ​អ្នក​បាន​រកឃើញ​អ្វីខ្លះ ដែល​ជា​ការរៀបចំ​ខ្លួន​ដ៏មាន​ប្រយោជន៍​បំផុត​សម្រាប់​បទពិសោធន៍​ទាំងនោះ ?

ដាក់​ផែនការ

សូម​ឲ្យ​សិស្ស​មាន​ពេល​សរសេរ​ផែនការ​សាមញ្ញ​មួយ អំពី​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ​ដើម្បី​ចែកចាយ​ដំណឹងល្អ​ជាមួយ​អ្នកដទៃ ។ សំណួរ​ខាងក្រោម​នេះ​អាច​ផ្ដល់​ជា​គំនិត​យោបល់​ដល់​ពួកគេ​អំពី​អ្វី​ដែល​ត្រូវ​សរសេរ ។

  • តើ​នរណា​ទៅ​ដែល​អ្នក​មាន​អារម្មណ៍​ថា អ្នក​អាច​ចែកចាយ​ដំណឹងល្អ​ជាមួយ​បាន ?

  • ចេញពី​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ថ្ងៃនេះ តើ​មាន​របៀប​តាម​ធម្មតា និង​ដ៏មាន​អត្ថន័យ​អ្វីខ្លះ ដែល​អ្នក​អាច​ជួយ​បុគ្គល​នេះ​ឲ្យ​ខិត​មក​កាន់តែ​ជិត​ព្រះយេស៊ូវ​គ្រីស្ទ​បាន ?

  • តើ​អ្នក​គិត​ថា មាន​ឧបសគ្គ​អ្វីខ្លះ​ដែល​អាច​រារាំង​អ្នក​មិន​ឲ្យ​ធ្វើ​សកម្មភាព​តាម​ផែនការ​របស់​អ្នក ?

  • តើ​សេចក្ដីពិត​អ្វីខ្លះ​អំពី​ព្រះអង្គ​សង្រ្គោះ ដែល​អ្នក​បាន​រៀន​មកពី គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣០–៣៦ ដែល​អាច​ជួយ​អ្នក​ឲ្យ​យកឈ្នះ​លើ​ឧបសគ្គ​ទាំងនេះ​បាន ?

សូម​ពិចារណា​ពី​របៀប​ដែល​អ្នក​អាច​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​លើ​អ្វី​ដែល​ពួកគេ​ទទួល​អារម្មណ៍​នៅ​ថ្ងៃនេះ ។ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ពិចារណា​កំណត់​ពេលវេលា​ជាក់លាក់​មួយ ដើម្បី​ធ្វើ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។ សូម​ចែកចាយ​ទំនុកចិត្ត​របស់​អ្នក​ទៅលើ​សមត្ថភាព​របស់​ព្រះអង្គ​សង្គ្រោះ ក្នុង​ការធ្វើឲ្យ​រំជួល​ដល់​ដួងចិត្ត​របស់​អ្នកដទៃ​តាមរយៈ​ពួកគេ ។

រូបតំណាង​ការបំពាក់បំប៉ន សូម​អញ្ជើញ​សិស្ស​ឲ្យ​រស់នៅ​តាម​អ្វី​ដែល​ពួកគេ​បាន​រៀន ៖ សម្រាប់​ការបំពាក់បំប៉ន​អំពី​របៀប​តាមដាន​ជាមួយ​សិស្ស​អំពី​ផែនការ​របស់​ពួកគេ ដើម្បី​រស់នៅ​តាម​អ្វី​ដែល​ពួកគេ​កំពុង​រៀន សូមមើល​ការបំពាក់បំប៉ន​ដែល​មាន​ចំណងជើង​ថា « សូម​អញ្ជើញ​សិស្ស​ឲ្យ​រស់នៅ​តាម​អ្វី​ដែល​ពួកគេ​បាន​រៀនសូត្រ » ដែល​មាន​នៅក្នុង​ការបំពាក់បំប៉ន ជំនាញ​អភិវឌ្ឍ៍​គ្រូបង្រៀន