ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៤៧ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ៣០–៣៦ ផ្នែក​ទី ១ ៖ « ប្រកាស​ប្រាប់ពី​ដំណឹងល្អ​របស់​យើង »


« គោលលទ្ធិ និង​សេចក្តីសញ្ញា ៣០–៣៦ ផ្នែក​ទី ១ ៖ ‹ ប្រកាស​ប្រាប់ពី​ដំណឹងល្អ​របស់​យើង ›⁠ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្តីសញ្ញា ៣០–៣៦ ផ្នែក​ទី ១ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ៤៧ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ៣០–៣៦

គោលលទ្ធិ និង​សេចក្តីសញ្ញា ៣០–៣៦ ផ្នែក​ទី ១

« ប្រកាស​ប្រាប់ពី​ដំណឹងល្អ​របស់​យើង »

ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ចែកចាយ​ដំណឹងល្អ

គ្រាន់តែ​ពីរបី​ខែ​ក្រោយពី​សាសនាចក្រ​ត្រូវបាន​រៀបចំ​ឡើង​ជា​ផ្លូវការ ព្រះអង្គ​សង្គ្រោះ​បាន​បង្គាប់​សមាជិក​ថ្មី​ជាច្រើន​នាក់​ឲ្យ​បម្រើ​បេសកកម្ម ។ ទោះបីជា​ពួកគេ​ទើបតែ​ទទួល​យក​ដំណឹងល្អ​នាពេល​ថ្មីៗ និង​មាន​ការយល់ដឹង​ដែល​មាន​កម្រិត​អំពី​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ​ក៏ដោយ ក៏​ព្រះអម្ចាស់​បាន​ហៅ​បុរស​ទាំងនេះ​ឲ្យ​ប្រកាស​ប្រាប់ពី​ដំណឹងល្អ​របស់​ទ្រង់​ដោយ « សំឡេង​ត្រែ » ដែរ ( គោលលទ្ធិ និង​សេចក្តីសញ្ញា ៣០:៩ ) ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់ពី​ហេតុផល​មួយ​ចំនួន​របស់​ព្រះអង្គ​សង្គ្រោះ ដែល​បាន​បញ្ជា​យើង​ឲ្យ​ផ្សព្វផ្សាយ​ដំណឹងល្អ​របស់​ទ្រង់ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

នេះ​គឺជា​មេរៀន​ទីមួយ​ក្នុង​ចំណោម​មេរៀន​ពីរ ដែល​និយាយ​អំពី គោលលទ្ធិ និង​សេចក្តីសញ្ញា⁠ ៣០–៣៦ ។ ផ្នែក​ទី ១ នឹង​ផ្តោត​ទៅលើ​ហេតុផល​ដែល​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​យើង​ចែកចាយ​ដំណឹងល្អ​របស់​ទ្រង់ ហើយ​ផ្នែក​ទី ២ នឹង​ផ្តោត​ទៅលើ​ជំនួយ​ដែល​ទ្រង់​ប្រទានឲ្យ​យើង និង​របៀប​ដែល​យើង​អាច​ផ្សព្វផ្សាយ​ទៅកាន់​អ្នកដទៃ​បាន ។ ប្រសិនបើ​ម៉ោង​សិក្សា​មាន​កំណត់ ហើយ​មាន​មេរៀន​តែ​មួយ​ប៉ុណ្ណោះ​អំពី គោលលទ្ធិ និង​សេចក្តីសញ្ញា⁠ ៣០–៣៦ អាច​ត្រូវ​បង្រៀន​បាន សូម​ពិចារណា​ពី​របៀប​ដែល​មេរៀន​ទាំងពីរ​នេះ​អាច​ដាក់​បញ្ចូល​គ្នា​យ៉ាង​មាន​ប្រសិទ្ធភាព ។

កាតព្វកិច្ច​របស់​យើង​ក្នុង​ការផ្សព្វផ្សាយ​ដំណឹងល្អ

សូម​ពិចារណា​ចាប់ផ្ដើម​មេរៀន​ដោយ​ការបង្ហាញ​ការហៅ​ឲ្យ​បម្រើ​បេសកកម្ម​មួយ​នាពេល​ថ្មីៗ​នេះ ហើយ​អាន​វា​ឮៗ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អារម្មណ៍​របស់​ពួកគេ​អំពី​អ្វី​ដែល​គួរឲ្យ​រំភើប ហើយ​ប្រហែលជា​ទាក់ទង​នឹង​ពួកគេ នៅពេល​ពួកគេ​គិត​អំពី​ការបម្រើ​បេសកកម្ម ។

ប្រធាន រ័សុល អិម ណិលសុន បាន​ចែកចាយ​ការទូន្មាន​ដូច​ខាងក្រោម​នេះ ដែល​ទាក់ទង​ទៅនឹង​ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ពេញម៉ោង ៖

5:34
ប្រធាន រ័សុល អិម ណិលសុន⁠

ថ្ងៃនេះ ខ្ញុំ​សូម​បញ្ជាក់​សាជាថ្មី​ដោយ​មោះមុត​ថា ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យយុវជន​ដែល​មាន​ភាពស័ក្ដិសម មាន​សមត្ថភាព គ្រប់រូប រៀបចំ​ខ្លួន​ដើម្បី​បម្រើ​បេសកកម្ម ។ សម្រាប់​យុវជន​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា គឺជា​ការទទួល​ខុសត្រូវ​មួយ​នៃ​បព្វជិតភាព ។ …

សម្រាប់​យុវនារី​ដែល​មាន​លទ្ធភាព បេសកកម្ម​គឺជា​ឱកាស​ដ៏​មាន​អានុភាព​មួយ​ផងដែរ តែ​វា​ជា ជម្រើស របស់​អ្នក ។ ពួកយើង ស្រឡាញ់ ស៊ីស្ទើរ​អ្នកផ្សព្វផ្សាយសាសនា ហើយ​ស្វាគមន៍​ពួកគេ​ដោយ​អស់ពី​ចិត្ត ។ អ្វី​ដែល​អ្នក​បាន​ធ្វើ​នៅក្នុង​កិច្ចការ​នេះ គឺ​អស្ចារ្យ​ណាស់ ! សូម​អធិស្ឋាន​ដើម្បី​ដឹងថា តើ​ព្រះអម្ចាស់​ឲ្យ​អ្នក​បម្រើ​បេសកកម្ម​ដែរ​ឬ​ទេ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ឆ្លើយតប​ក្នុង​ដួងចិត្ត និង​គំនិត​អ្នក ។

មិត្តវ័យ​ក្មេង​ជាទី​ស្រឡាញ់​ខ្ញុំអើយ អ្នករាល់គ្នា​ម្នាក់ៗ​មាន​តម្លៃ​ចំពោះ​ព្រះអម្ចាស់ ។ ទ្រង់​បាន​បម្រុង​អ្នក​ទុក​រហូតដល់​ពេលនេះ ដើម្បី​ឲ្យអ្នក​ជួយ​ប្រមូលផ្ដុំ​អ៊ីស្រាអែល ។ ការសម្រេច​ចិត្ត​របស់​អ្នក​ក្នុង​ការបម្រើ​បេសកកម្ម មិន​ថា​ជា​អ្នកផ្សព្វផ្សាយ​ដំណឹងល្អ ឬ​បេសកកម្ម​ផ្នែក​សេវាកម្ម​នោះ​ទេ នឹង​ប្រទាន​ពរ​ដល់​អ្នក និង​មនុស្ស​ជាច្រើន​ទៀត ។ …

អ្នកផ្សព្វផ្សាយ​សាសនា ទាំងអស់ បង្រៀន និង​ថ្លែង​ទីបន្ទាល់​អំពី​ព្រះអង្គ​សង្គ្រោះ ។ ភាពងងឹត​ខាង​វិញ្ញាណ​នៅក្នុង​ពិភពលោក​ធ្វើឲ្យ​ពន្លឺ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវការ​ច្រើន​ជាង​ពេល​ណាៗ​ទាំងអស់ ។ មនុស្ស​គ្រប់រូប​សម​នឹង​ទទួល​បាន​ឱកាស​ដើម្បី​ដឹង​អំពី​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ មនុស្ស​គ្រប់រូប​សម​នឹង​ដឹង​ថា ពួកគេ​អាច​ស្វែងរក​ក្តីសង្ឃឹម និង​ភាពសុខសាន្ដ​ដែល « [ ហួសលើស ] ពី​អស់​ទាំង​គំនិត » [ ភីលីព ៤:៧ ] ។ ( រ័សុល អិម ណិលសុន « ការផ្សាយ​ដំណឹងល្អ​នៃ​ភាពសុខសាន្ដ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ៦–៧ )

  • តើ​អ្នក​មាន​គំនិត ឬ​អារម្មណ៍​ដូចម្ដេច​ខ្លះ​អំពី​សេចក្តី​ថ្លែងការណ៍​របស់​ប្រធាន ណិលសុន ?

  • តើ​អ្នក​ឃើញ​ភស្តុតាង​អ្វីខ្លះ ដែល​បញ្ជាក់​ថា មនុស្ស​ត្រូវការ​ពន្លឺ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ច្រើន​ជាងមុន​ក្នុង​ពិភពលោក​នេះ ?

សូម​ពន្យល់​ថា ការផ្សព្វផ្សាយ​ដំណឹងល្អ​របស់​ព្រះអង្គ​សង្រ្គោះ​មិន​ត្រឹមតែ​ជា​កាតព្វកិច្ច​របស់​អ្នកផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ការទទួល​ខុសត្រូវ​មួយ ដែល​សមាជិក​ទាំងអស់​នៃ​សាសនាចក្រ​មាន​ដូចគ្នា​ផងដែរ ។ សូម​ប្រាប់​សិស្ស​ថា មេរៀន​ថ្ងៃនេះ​នឹង​ផ្តោត​ទៅលើ​ការបង្រៀន​របស់​ព្រះអម្ចាស់​អំពី​មូលហេតុ​ដែល​យើង​គួរតែ​ចែកចាយ​ដំណឹងល្អ​របស់​ទ្រង់ ។ សូម​ពិចារណា​ចែកចាយ​ការអញ្ជើញ​ខាងក្រោម​នេះ ដើម្បី​ជួយ​សិស្ស​ឲ្យ​ត្រៀមខ្លួន​សិក្សា​មេរៀន​នេះ ។

សូម​ជញ្ជឹងគិត​អំពី​អ្វី​ដែល​អ្នក​បាន​ដឹង​រួចហើយ អំពី​មូលហេតុ​ដែល​ព្រះអម្ចាស់​រំពឹង​ឲ្យ​អ្នកដើរតាម​របស់​ទ្រង់​ផ្សព្វផ្សាយ​ដំណឹងល្អ មិន​ថា​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង ឬ​នៅក្នុង​ការប្រាស្រ័យ​ទាក់ទងគ្នា​ប្រចាំ​ថ្ងៃ​នោះ​ទេ ។ អ្នក​អាច​សរសេរ​ហេតុផល​ទាំងនេះ​នៅក្នុង​សៀវភៅ​កំណត់ហេត់​ការសិក្សា​របស់​អ្នក​បាន ។ នៅពេល​អ្នក​សិក្សា​នៅ​ថ្ងៃនេះ សូម​ស្វែងរក​ការបង្រៀន​នានា ដែល​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​ពី​មូលហេតុ​ដែល​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ចង់ឲ្យ​អ្នកដើរតាម​របស់​ទ្រង់​ចែកចាយ​ដំណឹងល្អ​របស់​ទ្រង់ ។

« ផ្សាយ​ពី​ពេលនេះ​តទៅ »

មុន​ចាប់ផ្ដើម​ថ្នាក់រៀន សូម​បង្ហាញ​ឈ្មោះ​ដូច​តទៅ​នេះ​នៅលើ​ក្តារខៀន ឬ​នៅលើ​ជញ្ជាំង​ពេញ​បន្ទប់​រៀន ៖ ពេត្រុស វិតមើរ ជុញ្ញ័រ, យ៉ូហាន វិតមើរ, ថូម៉ាស ប៊ី ម៉ាស, ប៉ាលី ភី ប្រាត្ត, សៃបា ភីតើសុន, អែសរ៉ា ធេយ័រ, ណូរត្រុព ស៊្វីត, អួរសុន ប្រាត្ត, ស៊ីឌនី រិកដុន និង អែតវឺត ប៉ាទ្រិច ។ សូម​សួរ​សិស្ស​ថា តើ​ពួកគេ​ស្គាល់​ឈ្មោះ​ណាមួយ​ទេ ។ សូម​ពន្យល់​ថា មិន​យូរ​ប៉ុន្មាន​បន្ទាប់ពី​បាន​រៀបចំ​សាសនាចក្រ​ឡើង បុរស​ទាំងអស់​នេះ​ត្រូវបាន​ព្រះអម្ចាស់​ហៅ​ឲ្យ​បម្រើ​បេសកកម្ម និង​ផ្សព្វផ្សាយ​ដំណឹងល្អ ។ សូម​ចង្អុល​បង្ហាញ​ថា ពួកលោក​មួយ​ចំនួន​បាន​ជ្រមុជ​ទឹក​ហើយ​មិន​ដល់​មួយ​ខែ​ផង មុនពេល​ការហៅ​របស់​ពួកលោក​បាន​មក​ដល់ ។

រូបតំណាង​សំណៅ​ចែកសកម្មភាព​សិក្សា​ខាងក្រោម​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់ពី​មូលហេតុ​មួយ​ចំនួន ដែល​ព្រះអង្គ​សង្គ្រោះ​បង្គាប់​ឲ្យ​យើង​ផ្សព្វផ្សាយ​ដំណឹងល្អ​របស់​ទ្រង់ ។ សូម​ពិចារណា​បែងចែក​សិស្ស​ទៅជា​ក្រុម ហើយ​ចែកឲ្យ​សិស្ស​ម្នាក់ៗ​នូវ​សំណៅចែក​ដែល​ភ្ជាប់​មក​ជាមួយ​នេះ ។ អ្នក​អាច​ចាត់​ឲ្យ​ក្រុម​នីមួយៗ​សិក្សា​វគ្គ​បទគម្ពីរ​មួយ​នៃ​បទគម្ពីរ​ទាំងនេះ​បាន ។

ដំបូន្មាន​របស់​ព្រះអម្ចាស់​ចំពោះ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​នៅក្នុង គោលលទ្ធិ និង​សេចក្តីសញ្ញា ៣០–៣៦

សូម​សិក្សា​ដំបូន្មាន​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​បុគ្គល​ដែល​បាន​រាយ​បញ្ជី​នៅ​ខាងក្រោម និង​ពិភាក្សា​អំពី​សំណួរ​ដែល​មាន​បន្ទាប់ ។

គោលលទ្ធិ និង​សេចក្តីសញ្ញា ៣១:១–៥ ( ថូម៉ាស ប៊ី ម៉ាស )

  • តើ​មាន​សេចក្ដីពិត​អ្វីខ្លះ​ចេញពី​ខគម្ពីរ​ទាំងនេះ ដែល​អាច​ជួយ​អ្នក​ឲ្យ​យល់ពី​មូលហេតុ​ដែល​ព្រះអង្គ​សង្គ្រោះ​បង្គាប់​ឲ្យ​យើង​ចែកចាយ​ដំណឹងល្អ​របស់​ទ្រង់ ?

  • ហេតុអ្វី​បានជា​អ្នក​គិត​ថា ព្រះយេស៊ូវ​គ្រីស្ទ​សំដៅ​ដំណឹងល្អ​របស់​ទ្រង់​ថា​ជា « ដំណឹង​ដ៏​រីករាយ នៃ​សេចក្ដី​អំណរ​ដ៏​ធំ » ? ( ខទី ៣ ) ។ តើ​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ​នាំឲ្យ​អ្នក​មាន​អំណរ​យ៉ាង​ដូចម្ដេច ?

គោលលទ្ធិ និង​សេចក្តីសញ្ញា ៣៣:១–៧, ១០–១២ ( អែសរ៉ា ធេយ័រ និង ណូរត្រុព ស៊្វីត )

  • តើ​មាន​សេចក្ដីពិត​អ្វីខ្លះ​ចេញពី​ខគម្ពីរ​ទាំងនេះ ដែល​អាច​ជួយ​អ្នក​ឲ្យ​យល់ពី​មូលហេតុ​ដែល​ព្រះអង្គ​សង្គ្រោះ​បង្គាប់​ឲ្យ​យើង​ចែកចាយ​ដំណឹងល្អ​របស់​ទ្រង់ ?

  • ហេតុអ្វី​ព្រះអម្ចាស់​អាច​សព្វ​ព្រះទ័យ​ឲ្យ​ដំណឹងល្អ​របស់​ទ្រង់ បាន​ប្រកាស​ដោយ​សំឡេង​ឮ​យ៉ាង​ខ្លាំង​ដូចជា « សំឡេង​ត្រែ » ? ( ខទី ២ ) ។

គោលលទ្ធិ និង​សេចក្តីសញ្ញា ៣៤:១–៧ ( អួរសុន ប្រាត្ត )

  • តើ​មាន​សេចក្ដីពិត​អ្វីខ្លះ​ចេញពី​ខគម្ពីរ​ទាំងនេះ ដែល​អាច​ជួយ​អ្នក​ឲ្យ​យល់ពី​មូលហេតុ​ដែល​ព្រះអង្គ​សង្គ្រោះ​បង្គាប់​ឲ្យ​យើង​ចែកចាយ​ដំណឹងល្អ​របស់​ទ្រង់ ?

  • ហេតុអ្វី​បានជា​អ្នក​គិត​ថា យើង « មាន​ពរ​លើសលែង​ទៅ​ទៀត » ( ខទី ៥ ) ពីព្រោះ​ត្រូវបាន​ហៅ​ឲ្យ​ទៅ​ផ្សាយ​ដំណឹងល្អ​របស់​ព្រះអង្គ​សង្រ្គោះ ជាង​ការដែល​យើង​គ្រាន់តែ​ជឿ​លើ​ដំណឹងល្អ​នោះ ?

គោលលទ្ធិ និង​សេចក្តីសញ្ញា ៣៥:១–៣, ៦–៨, ១២–១៣ ( ស៊ីឌនី រិកដុន )

  • តើ​មាន​សេចក្ដីពិត​អ្វីខ្លះ​ចេញពី​ខគម្ពីរ​ទាំងនេះ ដែល​អាច​ជួយ​អ្នក​ឲ្យ​យល់ពី​មូលហេតុ​ដែល​ព្រះអង្គ​សង្គ្រោះ​បង្គាប់​ឲ្យ​យើង​ចែកចាយ​ដំណឹងល្អ​របស់​ទ្រង់ ?

  • ហេតុអ្វី​អ្នក​គិត​ថា ព្រះអម្ចាស់​ហៅ​ថា « ពួក​អ្នក​ដែល​ពុំ​បាន​រៀនសូត្រ » និង​មនុស្ស​ដែល​មិន​មាន​បទពិសោធន៍​ឲ្យ​ប្រកាស​ដំណឹងល្អ​របស់​ទ្រង់​ទៅកាន់ « សាសន៍​ទាំងឡាយ » នៃ​ផែនដី​នេះ ? ( ខទី ១៣ ) ។

បន្ទាប់ពី​សិស្ស​បាន​សិក្សា និង​ពិភាក្សា​អំពី​ខគម្ពីរ​ទាំងនេះ​ហើយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន ។ របៀប​មួយ​ដើម្បី​ធ្វើ​បែបនេះ អាច​ជា​ការសរសេរ​ឃ្លា ហេតុផល​ដែល​ព្រះអង្គ​សង្គ្រោះ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ចែកចាយ​ដំណឹងល្អ​របស់​ទ្រង់ ដាក់​នៅ​ចំ​កណ្តាល​ក្ដារខៀន ។ បន្ទាប់​មក សិស្ស​ជាច្រើន​អាច​ឡើង​មកកាន់​ក្ដារខៀន ហើយ​សរសេរ​គំនិត​ដែល​ពួកគេ​បាន​រៀន​ចេញពី​ការសិក្សា​របស់​ពួកគេ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​គិត​ដល់​ហេតុផល​ជាច្រើន​តាម​ដែល​ពួកគេ​អាច​ធ្វើ​បាន ។ នេះ​គឺជា​គំរូ​មួយ​ចំនួន​នៃ​ចម្លើយ ដែល​ពួកគេ​អាច​ចែកចាយ​បាន ៖

បន្ទាប់ពី​សិស្ស​ចែកចាយ​សេចក្ដីពិត​នានា ដែល​ពួកគេ​បាន​រៀន​ហើយ សូម​ពិចារណា​សួរ​សំណួរ​មួយ​ចំនួន​ដូច​ខាងក្រោម ៖

  • តើ​ការដឹងពី​សេចក្ដីពិត​ទាំងនេះ​អាច​បំផុស​គំនិត​យើង​ឲ្យ​ចែកចាយ​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ​ជាមួយ​អ្នកដទៃ​បាន​ដោយ​របៀប​ណា មិន​ថា​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ពេញម៉ោង ឬ​នៅក្នុង​ការប្រាស្រ័យ​ទាក់ទង​ប្រចាំ​ថ្ងៃ​របស់​យើង​នោះ​ទេ ?

  • តើ​អ្វី​ជា​មូលហេតុ​ដ៏សំខាន់​បំផុត​មួយ​ចំនួន​សម្រាប់​អ្នក ដើម្បី​ចែកចាយ​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ ?

សូម​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ដែល​អ្នក​បាន​ពិភាក្សា​នៅ​ថ្ងៃនេះ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ធ្វើ​សកម្មភាព​តាម​ការបំផុស​គំនិត​ទាំងឡាយ ដែល​ពួកគេ​បាន​ទទួល ។ សូម​ពិចារណា​អញ្ជើញ​ពួកគេ​ឲ្យ​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន អំពី​របៀប​ឆ្លើយតប​ទៅនឹង​ដំបូន្មាន​របស់​ប្រធាន ណិលសុន អំពី​ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង ។