ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៥១ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ៣៧; ៣៨:១–៩, ២៨–៣៣ ៖ ប្រមូល​ផ្តុំ « ទៅ​រដ្ឋ​អូហៃអូ »


« គោលលទ្ធិ និង​សេចក្តីសញ្ញា ៣៧; ៣៨:១–៩, ២៨–៣៣ ៖ ប្រមូល​ផ្តុំ ‹ ទៅ​រដ្ឋ​អូហៃអូ ›⁠ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្តីសញ្ញា ៣៧; ៣៨:១–៩, ២៨–៣៣ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ៥១ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ៣៧–៤០

គោលលទ្ធិ និង​សេចក្តីសញ្ញា ៣៧; ៣៨:១–៩, ២៨–៣៣

ប្រមូល​ផ្តុំ « ទៅ​រដ្ឋ​អូហៃអូ »

ពួកបរិសុទ្ធ​ប្រមូល​ផ្តុំ​គ្នា

សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ប្រមូលផ្ដុំ​គ្នា​តាម​របៀប​ជាច្រើន ។ គំរូ​ទីមួយ​សម្រាប់​សមាជិក​សាសនាចក្រ​ក្នុង​ការប្រមូល​ផ្តុំ​គ្នា​ទៅជា​ក្រុម​តែមួយ​បាន​កើតឡើង នៅពេល​ព្រះអម្ចាស់​បាន​បង្គាប់​ឲ្យ​ប្រជាជន​របស់​ទ្រង់​ប្រមូល​ផ្តុំ​គ្នា « ទៅ​រដ្ឋ​អូហៃអូ » ( គោលលទ្ធិ និង​សេចក្តីសញ្ញា ៣៧:១ ) ។ សមាជិក​សាសនាចក្រ​នៅ​ទីក្រុង​ញូវ​យ៉ក និង​តំបន់​ផ្សេងទៀត​បាន​ធ្វើ​ការលះបង់​ដ៏​អស្ចារ្យ ដើម្បី​ប្រមូល​ផ្តុំ​គ្នា​នៅ​រដ្ឋ​អូហៃអូ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់ពី​មូលហេតុ​ដែល​ព្រះអង្គ​សង្គ្រោះ​បញ្ជា​ឲ្យ​រាស្ដ្រ​របស់​ទ្រង់​ឲ្យ​ប្រមូលផ្តុំ​គ្នា ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

« ទៅ​រដ្ឋ​អូហៃអូ »

ដើម្បី​បង្ហាញ​ពី​អំណាច​នៃ​ការប្រមូល​ផ្តុំ សូម​ពិចារណា​អំពី​សកម្មភាព​ដូច​ខាងក្រោម​នេះ ។ សូម​ឲ្យ​ចង្កឹះ​តូច​មួយ​ទៅ​សិស្ស​ម្នាក់ ហើយ​អញ្ជើញ​គាត់​ឲ្យ​បំបាក់​វា ។ បន្ទាប់​មក សូម​ឲ្យ​ចង្កឹះ​មួយ​បាច់​ដល់​សិស្ស​ដដែល​នោះ ហើយ​អញ្ជើញ​គាត់​ឲ្យ​បំបាក់​បាច់​នោះ ។ កិច្ចការ​នេះ​គួរតែ​ពិបាក ប៉ុន្ដែ​អាច​ធ្វើ​បាន ។ ទីបំផុត សូម​ឲ្យ​ចង្កឹះ​មួយ​បាច់​ស្រដៀងគ្នា​ដល់​សិស្ស​ដដែល​នោះ ប៉ុន្ដែ​សូម​បន្ថែម​ចង្កឹះ​ធំ​មួយ​ចូល ។ សូម​អញ្ជើញ​សិស្ស​នោះ​ឲ្យ​បំបាក់​បាច់​នេះ ។ បាច់​នេះ​គួរតែ​មិន​អាច​បំបាក់​បាន​នោះ​ទេ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្រមៃ​ថា តើ​ចង្កឹះ​តូចៗ​នោះ​អាច​តំណាង​ឲ្យ​នរណា ( បុគ្គល​ម្នាក់ៗ ) ហើយ​តើ​នរណា​អាច​តំណាង​ឲ្យ​ចង្កឹះ​ធំ​នោះ ( ព្រះយេស៊ូវ​គ្រីស្ទ ) ។ សូម​ពិចារណា​អំពី​សំណួរ​ដូច​ខាងក្រោម​នេះ ដើម្បី​ជួយ​សិស្ស​ឲ្យ​រកឃើញ​អំណាច​នៃ​ការប្រមូល​ផ្តុំ​គ្នា​ទៅកាន់​ព្រះអង្គ​សង្គ្រោះ ។

  • តើ​ការណ៍​នេះ​អាច​បង្រៀន​យើង​អ្វីខ្លះ អំពី​អំណាច​នៃ​ការប្រមូល​ផ្តុំ ? អ្វីខ្លះ​អំពី​អំណាច​នៃ​ការប្រមូល​ផ្តុំ​គ្នា​ទៅកាន់​ព្រះអង្គ​សង្គ្រោះ ?

    ការវាយតម្លៃ​ខ្លួនឯង​ខាងក្រោម​នេះ​អាច​ជួយ​សិស្ស​ឲ្យ​គិត​អំពី​កាលៈទេសៈ​របស់​ពួកគេ​ផ្ទាល់ខ្លួន​នៅក្នុង​អំឡុង​ពេល​មេរៀន​នេះ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​គិត​អំពី​របៀប​ដែល​ពួកគេ​នឹង​ឆ្លើយតប​ទៅនឹង​សំណួរ​នីមួយៗ ។ សូម​ពិភាក្សា​អំពី​សំណួរ​ចុងក្រោយ​ជា​ថ្នាក់​រួមគ្នា ហើយ​សរសេរ​ចម្លើយ​របស់​សិស្ស​នៅលើ​ក្តារខៀន​សម្រាប់​ជា​សេចក្ដីយោង ។

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​ព្រះអង្គ​សង្គ្រោះ​បញ្ជា​ឲ្យ​ប្រជាជន​របស់​ទ្រង់​ប្រមូល​ផ្តុំ​គ្នា ?

  • តើ​អ្នក​ត្រូវការ​ពរជ័យ​អ្វីខ្លះ​នៅក្នុង​ជីវិត​របស់​អ្នក ដែល​អាច​កើត​មកពី​ការជួបជុំ​គ្នា​ជាមួយ​សមាជិក​សាសនាចក្រ​ផ្សេងទៀត ?

  • តើ​សព្វ​ថ្ងៃនេះ យើង​ប្រមូលផ្តុំ​គ្នា​នៅ​កន្លែង​ណាខ្លះ ដើម្បី​ទទួល​អារម្មណ៍​នៃ​ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះ ?

មនុស្ស​ជាច្រើន​នៅ​រដ្ឋ​អូហៃអូ បាន​ឆ្លើយតប​ទៅនឹង​សារលិខិត​នៃ​ការស្តារ​ឡើងវិញ ហើយ​បាន​ចូលរួម​ក្នុង​សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ ។ នៅក្នុង​ចំណោម​មនុស្ស​ទាំងនោះ មាន​អាចារ្យ​ម្នាក់​ឈ្មោះ ស៊ីឌនី រិកដុន ។ ស៊ីឌនី និង​ភរិយា​របស់​គាត់ ហ្វេប បាន​យល់​ថា ប្រសិនបើ​ពួកគាត់​ទទួល​យក​ព្រះគម្ពីរ​មរមន ហើយ​ចូលរួម​ក្នុង​សាសនាចក្រ នោះ​ពួកគាត់​នឹង​បាត់បង់​ផ្ទះ និង​ជីវិត​របស់​ពួកគាត់ ។ ពួកគាត់​បាន​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន​អំពី​រឿង​នេះ ហើយ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។ សមាជិក​ជាច្រើន​នៃ​ក្រុមជំនុំ​របស់ រិកដុន ក៏​បាន​ចូលរួម​ក្នុង​សាសនាចក្រ​ផងដែរ ។

នៅ​ទីក្រុង​ញូវ​យ៉ក សមាជិក​សាសនាចក្រ​ជាច្រើន​បាន​ប្រឈម​មុខ​នឹង​ការបៀតបៀន​យ៉ាង​ធ្ងន់ធ្ងរ ។ នៅក្នុង​ករណី​មួយ​ចំនួន សត្រូវ​របស់​ពួកគេ​បាន​គំរាម​កំហែង​ដល់​ជីវិត​របស់​ថ្នាក់ដឹកនាំ​សាសនាចក្រ ហើយ​បាន​ជួបជុំ​គ្នា​ដោយ​សម្ងាត់​ដើម្បី​រៀបចំ​ផែនការ​បំផ្លិច​បំផ្លាញ​ពួកគេ ( សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ៣៨:១៣, ២៨–២៩ ) ។ នៅពេល ស៊ីឌនី រិកដុន បាន​មកដល់​ទីក្រុង​ញូវ​យ៉ក ដើម្បី​ជួប យ៉ូសែប ស្ម៊ីធ គាត់​បាន​នាំ​ពាក្យ​អំពី​របៀប​ដែល​មនុស្ស​ទទួល​យក​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​រដ្ឋ​អូហៃអូ ។ យ៉ូសែប ស្ម៊ីធ បាន​ទទួល​វិវរណៈ​មួយ​ដោយ​មាន​ការណែនាំ ដែល​អាច​ជួយ​ពួកបរិសុទ្ធ​នៅ​ទីក្រុង​ញូវ​យ៉ក​បាន ក្នុង​ការលំបាក​ដែល​ពួកគេ​បាន​ប្រឈម​មុខ ។

សូម​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣៧:១–៤ ដោយ​ស្វែងរក​អ្វី​ដែល​ព្រះអម្ចាស់​បាន​បង្គាប់​ឲ្យ​សមាជិក​សាសនាចក្រ​របស់​ទ្រង់​ធ្វើ ។

ផែនទី​ខាងក្រោម​នេះ​អាច​ជួយ​សិស្ស​ឲ្យ​មើលឃើញ​ពី​ចម្ងាយ​ផ្លូវ ដែល​សមាជិក​ខ្លះ​ត្រូវ​ធ្វើ​ដំណើរ​ដើម្បី​មក​ប្រមូលផ្តុំ​គ្នា​នៅ​រដ្ឋ​អូហៃអូ ។

ពួកបរិសុទ្ធ​ធ្វើ​ដំណើរ​ទៅ​រដ្ឋ​អូហៃអូ
  • តើ​សមាជិក​សាសនាចក្រ​អាច​មាន​ប្រតិកម្ម​យ៉ាងណា​ចំពោះ​ការបង្គាប់​នេះ ? ហេតុអ្វី ?

  • តើ​អ្នក​ដឹង​អ្វីខ្លះ​អំពី​ព្រះអង្គ​សង្រ្គោះ ដែល​អាច​ជួយ​អ្នក​ឲ្យ​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ នៅពេល​បទបញ្ញត្តិ​របស់​ទ្រង់​ហាក់​ដូចជា​ពិបាក​ដើម្បី​គោរព​តាម ?

មិន​យូរ​ប៉ុន្មាន​បន្ទាប់ពី​បាន​ទទួល​ការបង្គាប់​នេះ​ឲ្យ​ទៅ​រដ្ឋ​អូហៃអូ ថ្នាក់ដឹកនាំ​សាសនាចក្រ​បាន​ប្រមូលផ្តុំ​គ្នា​ធ្វើ​សន្និសីទ​មួយ និង​បាន​ពិភាក្សា​អំពី​ការធ្វើ​បម្លាស់ទី​នេះ ។ ការគោរព​តាម​ការបង្គាប់​នេះ​មាន​ន័យ​ថា ត្រូវ​ទុក​ចោល​ទ្រព្យសម្បត្តិ ហើយ​សម្រាប់​ពួកបរិសុទ្ធ​មួយ​ចំនួន​គឺ​ត្រូវ​ចាកចោល​គ្រួសារ​របស់​ពួកគេ ។ យ៉ូសែប ស្ម៊ីធ បាន​ទទួល គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣៨ នៅក្នុង​សន្និសីទ​នេះ ។ ( សូមមើល ពួកបរិសុទ្ធ ៖ រឿង​អំពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ភាគ ១ បទដ្ឋាន​នៃ​សេចក្ដីពិត ឆ្នាំ ១៨១៥–១៨៤៦ [ ឆ្នាំ ២០១៨ ] ទំព័រ ១០៩–១១ ) ។

សូម​អាន គោលលទ្ធិ និង​សេចក្តីសញ្ញា ៣៨:១–៧ ដោយ​ស្វែងរក​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​អំពី​ព្រះអង្គ​ទ្រង់ ។

  • តើ​ការយល់ដឹង​ពី​រឿង​ទាំងនេះ​អំពី​ព្រះអង្គ​សង្គ្រោះ អាច​បាន​ជួយ​ពួកបរិសុទ្ធ​ឲ្យ​ធ្វើ​ការលះបង់​ដ៏ចាំបាច់​នានា​ដើម្បី​ប្រមូលផ្ដុំ​គ្នា​ដោយ​របៀប​ណា ?

ព្រះអម្ចាស់​ប្រទាន​ពរជ័យ​ដល់​ពួកបរិសុទ្ធ​របស់​ទ្រង់ នៅពេល​ពួកគេ​ប្រមូលផ្តុំ​គ្នា​មករក​ទ្រង់

សិស្ស​អាច​រៀន​អនុវត្ត​ជំនាញ​សិក្សា​ព្រះគម្ពីរ​ក្នុង​ការបង្កើត​បញ្ជី​បាន ដោយ​ការគូស​សម្គាល់​នូវ​ពរជ័យ​នៃ​ការប្រមូល​ផ្តុំ​នៅក្នុង​វគ្គ​បទគម្ពីរ​ខាងក្រោម​នេះ ។

សូម​អាន គោលលទ្ធិ និង​សេចក្តីសញ្ញា ៣៨:២៨–៣៣ ដោយ​រកមើល​របៀប​ដែល​ពួកបរិសុទ្ធ​បាន​ទទួល​ពរជ័យ ដោយ​ការធ្វើតាម​ការបង្គាប់​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យ​ប្រមូលផ្តុំ​គ្នា​នៅ​រដ្ឋ​អូហៃអូ ។

  • តើ​ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​ពរជ័យ​ដល់​សមាជិក​សាសនាចក្រ ដោយសារ​ការប្រមូល​ផ្តុំ​គ្នា​នៅ​រដ្ឋ​អូហៃអូ​យ៉ាង​ដូចម្ដេច ?

  • តើ​មាន​មូលហេតុ​ណាខ្លះ ដែល​ព្រះអង្គ​សង្រ្គោះ​បង្គាប់​ឲ្យ​ប្រជាជន​របស់​ទ្រង់​ប្រមូលផ្តុំ​គ្នា ?

    សិស្ស​អាច​រកឃើញ​សេចក្ដីពិត​មួយ​ដែល​ស្រដៀងគ្នា​នឹង​សេចក្ដីពិត​នេះ ៖ ព្រះអម្ចាស់​ប្រមូលផ្ដុំ​ប្រជារាស្រ្ត​របស់​ទ្រង់​ដើម្បី​ការពារ​ពួកគេ ហើយ​ពង្រឹង​ពួកគេ​ឲ្យ​រឹងមាំ​ខាង​វិញ្ញាណ ។

  • តើ​ព្រះអង្គ​សង្រ្គោះ​ការពារ​យើង និង​ពង្រឹង​យើង​ឲ្យ​រឹងមាំ​ខាង​វិញ្ញាណ​តាម​របៀប​ណាខ្លះ នៅពេល​យើង​គោរព​តាម​ការបង្គាប់​របស់​ទ្រង់​ឲ្យ​ប្រមូលផ្ដុំ​គ្នា​នោះ ?

សូម​ពិចារណា​អញ្ជើញ​សិស្ស​ពីរ​នាក់​ឲ្យ​អាន​ដំណើររឿង​ខាងក្រោម​នេះ​ទៅកាន់​សិស្ស​ក្នុង​ថ្នាក់ ឬ​បែងចែក​សិស្ស​ក្នុង​ថ្នាក់​ទៅជា​ដៃគូ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​អាន​ដំណើររឿង​ទាំងនោះ​ឲ្យ​គ្នា​ស្ដាប់​ទៅវិញ​ទៅមក ។ ដំណើររឿង​ទាំងនេះ​អាច​ជួយ​សិស្ស​ឲ្យ​មើលឃើញ​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​បំពេញ​សេចក្ដី​សន្យា​របស់​ទ្រង់ ដើម្បី​គង់​នៅក្នុង​ចំណោម​ពួកបរិសុទ្ធ និង​ដើម្បី​ដឹកនាំ​ពួកគេ​នៅ​ឆ្នាំ ១៨៣១ ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣៨:៧, ៣៣ ) ។ អ្នក​អាច​ចង់​លើកឡើង​ថា ដំណើររឿង​ទាំងនេះ​អាច​ផ្ដល់​ទំនុក​ចិត្ត​ដល់​យើង​ថា ព្រះអម្ចាស់​នឹង​ប្រទាន​ពរជ័យ​ដល់​យើង នៅពេល​យើង​គោរព​តាម​ការបង្គាប់​របស់​ទ្រង់​ឲ្យ​ប្រមូល​ផ្តុំ​គ្នា​នៅក្នុង​ជំនាន់​របស់​យើង ។

សាខា​ហ្វាយែត

លូស៊ី ម៉ាក ស្ម៊ីធ បាន​ដឹកនាំ​សាខា​ហ្វាយែត ។ ពួកគេ​បាន​ធ្វើ​ដំណើរ​ដោយ​ទូក​តាម​បណ្តោយ​ប្រឡាយ អេរី និង​ឆ្លងកាត់​បឹង អេរី ។ នៅពេល​ពួកគេ​បាន​ទៅ​ដល់​បឹង​នោះ ទឹកកក​ក្រាស់​នៅ​កំពង់ផែ​នោះ​បាន​រារាំង​ការធ្វើ​ដំណើរ​របស់​ពួកគេ ។ ពួកបរិសុទ្ធ​ដែល​បាក់​ទឹកចិត្ត បាន​រង​ភាពត្រជាក់ និង​ការស្រេក​ឃ្លាន ហើយ​ពួកគេ​បាន​ចាប់ផ្ដើម​ទាស់​សម្ដី​គ្នា ។ លូស៊ី បាន​ស្រែក​ដាក់​ពួកគេ ៖

« តើ​សេចក្ដី​ជំនឿ​របស់​អ្នករាល់គ្នា​នៅ​ឯណា ? » តើ​ទំនុក​ចិត្ត​របស់​អ្នករាល់គ្នា​ទៅលើ​ព្រះ​នៅ​ឯណា ? ប្រសិនបើ​អ្នក​ទាំងអស់គ្នា​នឹង​លើកឡើង​នូវ​បំណង​ប្រាថ្នា​របស់​អ្នក​ទៅកាន់​ស្ថានសួគ៌​ថា សូម​ឲ្យ​ទឹកកក​នេះ​អាច​នឹង​បែក​ទៅ ហើយ​យើង​នឹង​មាន​សេរីភាព ដូច​ភាពប្រាកដ​ថា​ព្រះអម្ចាស់​ទ្រង់​មាន​ព្រះជន្ម​រស់នៅ នោះ​វា​នឹង​កើតឡើង » ។

ភ្លាមៗ​នោះ លូស៊ី បាន​ឮ​សំឡេង​ផ្គរលាន់ ។ ទឹកកក​នៅ​កំពង់ផែ​នោះ​បាន​បែក​ល្មម ដើម្បី​ធ្វើឲ្យ​ទូក​របស់​ពួកគេ​អាច​ឆ្លងកាត់​បាន ។ ពួកបរិសុទ្ធ​ដែល​មាន​អំណរគុណ​ទាំងនោះ បាន​ប្រមូលផ្ដុំ​គ្នា​ធ្វើ​ការអធិស្ឋាន ។ ពួកគេ​បាន​ធ្វើ​ដំណើរ​ដោយ​សុវត្ថិភាព​ទៅកាន់​ទីក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ( សូម​មើល ពួកបរិសុទ្ធ ១:១២១–២៣ ) ។

សាខា​ខូលស្វិល

នូវល ណៃត៍ បាន​ដឹកនាំ​សាខា​ខូលស្វិល ។ ខណៈ​ដែល នូវល បាន​ទៅ​ឆ្ងាយ នោះ​ម្ដាយមីង​របស់​គាត់​ឈ្មោះ អេឡិកតា ផិក បាន​ដួល ហើយ​បាន​បាក់​ឆ្អឹង​ស្មា​របស់​គាត់ ។ គ្រូពេទ្យ​វះកាត់​ម្នាក់​បាន​ព្យាយាម​សម្រាល​ការឈឺចាប់​របស់​គាត់ ហើយ​បាន​និយាយ​ថា វា​នឹង​ជា​អព្ភូតហេតុ​មួយ ប្រសិនបើ​គាត់​អាច​ធ្វើ​ដំណើរ​បាន​ក្នុង​រយៈពេល​ពីរ​បី​សប្តាហ៍​ទៀត​នោះ ។ អេឡិកតា បាន​យល់​សុបិន​ថា នូវល បាន​ត្រឡប់​មក​វិញ ហើយ​បាន​ដាក់​ដៃ​លើ​ក្បាល​គាត់ ហើយ​ថា គាត់​នឹង​បាន​ជា​សះស្បើយ​ទាំងស្រុង ។ នៅពេល​ដែល នូវល បាន​ត្រឡប់​មក​វិញ គាត់​បាន​ឮ​អ្វី​ដែល​បាន​កើតឡើង​ចំពោះ​ម្ដាយ​មីង​របស់​គាត់ ហើយ​បាន​ទៅ​ជួប​គាត់ ។ គាត់​បាន​ស្នើសុំ​ឲ្យ នូវល ប្រសិទ្ធពរ​ឲ្យ​គាត់ ។ នូវល បាន​ទៅ​ជិត​គ្រែ បាន​បណ្ដេញ​ការឈឺចាប់​នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​បាន​បង្គាប់​ឲ្យ អេឡិកតា បាន​ជា​សះស្បើយ​ឡើងវិញ ។ នៅ​ព្រឹក​ស្អែក អេឡិកតា បាន​ក្រោក​ឡើង ស្លៀក​ពាក់ ហើយ​បន្ត​ដំណើរ​ទៅមុខ​ទៀត ។ ( សូមមើល Newel Knight, The Rise of the Latter-day Saints: The Journals and Histories of Newel Knight បាន​កែសម្រួល​ដោយ Michael Hubbard MacKay and William G. Hartley [ ឆ្នាំ ២០១៩ ] ទំព័រ ៣២–៣៣ ) ។

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ប្រមូលគ្នា​ជា​ក្រុមៗ ដើម្បី​ពិភាក្សា​អំពី​សំណួរ​ខាងក្រោម ។ ដើម្បី​ឲ្យមាន​ភាពខុសគ្នា ពួកគេ​អាច​ប្រមូល​ផ្តុំ​គ្នា​ដោយ​ផ្អែកលើ​លក្ខណៈ​មួយ ដូចជា កម្ពស់​របស់​ពួកគេ ឬ​ពេលវេលា​នៃ​ឆ្នាំ​ដែល​ពួកគេ​កើត ។ សូម​រំឭក​សិស្ស​ឲ្យ​យោងទៅ​បញ្ជី​នៃ​ទីកន្លែង​ប្រមូល​ផ្តុំ​គ្នា​នៅលើ​ក្ដារខៀន ។

  • តើ​ដំណើររឿង​ទាំងនេះ​បង្រៀន​អ្នក​អ្វីខ្លះ អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​អាច​ការពារ​យើង និង​ពង្រឹង​យើង​ឲ្យ​រឹងមាំ​ខាង​វិញ្ញាណ​បាន កាល​យើង​ប្រមូលផ្ដុំ​គ្នា​មករក​ទ្រង់​នោះ ?

  • តើ​អ្នក​ទទួល​បាន​ពរជ័យ​ផ្ទាល់ខ្លួន​យ៉ាងណា​ខ្លះ តាមរយៈ​ការទទួល​យក​ការអញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យ​ប្រមូលផ្តុំ​គ្នា​មក​រក​ទ្រង់ ?

ការប្រមូល​ផ្តុំ​របស់​យើង​ផ្ទាល់

សូម​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។ អ្នក​អាច​អញ្ជើញ​សិស្ស​ស្ម័គ្រចិត្ត ឲ្យ​ឡើង​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់​បាន ។ សូម​ពិចារណា​ចែកចាយ​ពី​របៀប​ដែល​អ្នក​បាន​ទទួល​ពរជ័យ តាមរយៈ​ការប្រមូល​ផ្តុំ​ជាមួយ​ពួកបរិសុទ្ធ​ដទៃ​ទៀត ដូច​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ត្រាស់​បញ្ជា​មក ។

  • តើ​អ្នក​គិត​ថា ព្រះអង្គ​សង្គ្រោះ​កំពុង​អញ្ជើញ​អ្នក​ឲ្យ​ប្រមូលផ្តុំ​គ្នា​មក​រក​ទ្រង់​តាម​របៀប​ណា ?

  • ពួកបរិសុទ្ធ​បាន​លះបង់​កសិដ្ឋាន​របស់​ខ្លួន ដើម្បី​គោរព​តាម​ការបង្គាប់​របស់​ព្រះអម្ចាស់​ឲ្យ​ប្រមូល​ផ្តុំ​គ្នា ( សូម​មើល គោលលទ្ធិ និង​សេចក្តីសញ្ញា ៣៨:៣៧ ) ។ តើ​ព្រះអម្ចាស់​តម្រូវ​ឲ្យ​យើង​លះបង់​អ្វីខ្លះ ដើម្បី​ទទួល​បាន​ពរជ័យ​មកពី​ការប្រមូល​ផ្តុំ​គ្នា​នេះ ?

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ អំពី​ព្រះអង្គ​សង្គ្រោះ​ដែល​នឹង​ជួយ​អ្នក​ឲ្យ​ទទួល​យក​ការអញ្ជើញ​របស់​ទ្រង់​ឲ្យ​ប្រមូល​ផ្តុំ​គ្នា​មករក​ទ្រង់ ?