ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៥៤ ៖ វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី ៣ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ២០–៤០


« វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី ៣ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ២០–៤០ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី ៣ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ៥៤ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ៣៧–៤០

វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី ៣

គោលលទ្ធិ និង​សេចក្តីសញ្ញា ២០–៤០

ព្រះយេស៊ូវ​ទតមើល​កុមារ​អង្គុយ​ក្បែរ​ទ្រង់

ការពិចារណា និង​ការវាយតម្លៃ​ពី​ការរៀនសូត្រ​ខាង​វិញ្ញាណ​របស់​យើង អាច​ជួយ​យើង​ឲ្យ​ខិតទៅ​កាន់តែ​ជិត​ព្រះអង្គ​សង្គ្រោះ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ចងចាំ និង​វាយតម្លៃ​ពី​របៀប​ដែល​បទពិសោធន៍​របស់​ពួកគេ​រហូត​មក​ដល់​ពេលនេះ​នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា បាន​ជួយ​ពួកគេ​ឲ្យ​រីកចម្រើន​ខាង​វិញ្ញាណ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ការរីកចម្រើន​ខាង​រូបកាយ និង​ខាង​វិញ្ញាណ

សូម​ពិចារណា​បង្ហាញ​ការប្រៀបធៀប​រូបភាព​ដាក់​ក្បែរ​គ្នា ដែល​បង្ហាញ​ពី​ការរីកចម្រើន ។

ដើម្បី​វាស់វែង​ពី​ការលូតលាស់ ការផ្លាស់ប្តូរ និង​ការរីកចម្រើន ជាញឹកញាប់ មនុស្ស​ប្រើប្រាស់​រូបភាព​ដើម្បី​ធ្វើ​ការប្រៀបធៀប​ដោយ​ដាក់​ក្បែរ​គ្នា ។

  • តើ​រូបភាព​ខ្លួនយើង​អាច​ជួយ​យើង​ឲ្យ​ស្គាល់​របៀប​ដែល​យើង​អាច​ផ្លាស់ប្ដូរ ឬ​រីកចម្រើន​បាន​យ៉ាង​ដូចម្ដេច ?

  • តើ​មាន​វិធី​អ្វីខ្លះ​ទៀត​ដើម្បី​ស្គាល់​ការរីកចម្រើន​របស់​យើង ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​ពិចារណា និង​ពិភាក្សា​អំពី​ការរីកចម្រើន​ខាង​វិញ្ញាណ អ្នក​អាច​បង្ហាញ​រូបភាព​របស់​ព្រះយេស៊ូវ និង​កុមារ​ម្នាក់ ដូចជា​រូបភាព​មួយ​នៅ​ខាងដើម​មេរៀន​នេះ​ជាដើម ។

សូម​គិតពី​អ្វី​ដែល​អ្នក​អាច​ប្រាប់​ទៅកាន់​កុមារ​ម្នាក់ អំពី​សក្តានុពល​របស់​គាត់​ក្នុង​ការរីកចម្រើន និង​ក្លាយ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ ។

  • តើ​មនុស្ស​ម្នាក់​អាច​ស្គាល់​របៀប​ដែល​ពួកគេ​កំពុង​តែ​ក្លាយ​កាន់តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ​តាម​របៀប​ណាខ្លះ ? ( សូមមើល លូកា ២:៥២; សូមមើល​ផងដែរ អាលម៉ា ៥:១៤ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​ជំនួយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​ពួកគេ​ពិចារណា​ពី​ការរីកចម្រើន​របស់​ពួកគេ ។ សូម​ឲ្យ​ពួកគេ​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​របស់​ពួកគេ អំពី​របៀប​មួយ​ចំនួន​ដែល​ពួកគេ​មាន​អារម្មណ៍​ថា ពួកគេ​កំពុង​តែ​ក្លាយ​កាន់តែ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ ។ អ្នក​អាច​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​គិតពី​គុណលក្ខណៈ​របស់​ព្រះអង្គ​សង្រ្គោះ ដែល​ពួកគេ​បាន​រៀន​នៅក្នុង​ការសិក្សា​របស់​ពួកគេ​ក្នុង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​មើល​ក្នុង​កំណត់ចំណាំ​នៅក្នុង​សៀវភៅ​កំណត់ហេតុ ឬ​ព្រះគម្ពីរ​របស់​ពួកគេ ដែល​ពួកគេ​បាន​គូស​សម្គាល់​អំពី​ព្រះអង្គ​សង្គ្រោះ​ក្នុង​រយៈពេល​ពីរបី​សប្តាហ៍​ចុងក្រោយ​នេះ ។ សូម​ឲ្យ​ពួកគេ​ពិចារណា​អំពី​គុណលក្ខណៈ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ណាមួយ ដែល​ពួកគេ​កំពុង​ឃើញ​កាន់តែ​ច្រើន​ឡើង​នៅក្នុង​ខ្លួនឯង ( ទោះបីជា​វា​តាម​របៀប​តូចតាច​ក្ដី ) ។

សិស្ស​មួយ​ចំនួន​ប្រហែលជា​មិន​ស្គាល់​ការរីកចម្រើន​របស់​ពួកគេ​ទេ ។ សូម​រំឭក​សិស្ស​ថា ការរីកចម្រើន​ច្រើនតែ​ពិបាក​មើល​ឃើញ ជាពិសេស​នៅក្នុង​ខ្លួនឯង ប៉ុន្តែ​វា​មិនមែន​មាន​ន័យ​ថា ពួកគេ​មិន​រីកចម្រើន​នោះ​ទេ ។ នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​មាន​ឱកាស​ពន្យល់​ពី​គោលបំណង​នៃ​ពិធី​សាក្រាម៉ង់ ជញ្ជឹងគិត​ពី​បំណង​ប្រាថ្នា​របស់​ពួកគេ​ដើម្បី​ធ្វើតាម​ព្យាការី និង​រំឭក​ផែនការ​របស់​ពួកគេ​ដើម្បី​ចែកចាយ​ដំណឹងល្អ​សាឡើងវិញ ។ ការសិក្សា​របស់​សិស្ស​អ្នក​នៅក្នុង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២០–៤០ អាច​សង្កត់ធ្ងន់​លើ​សេចក្តីពិត ជា​ជាង​លើ​អ្វី​ដែល​មាន​នៅក្នុង​សកម្មភាព​ខាងក្រោម​នេះ ។ ប្រសិនបើ​ដូច្នេះ​មែន អ្នក​អាច​សម្រប​សកម្មភាព​ទាំងនេះ​ដើម្បី​រួមបញ្ចូល​សេចក្ដីពិត​ទាំងនោះ​បាន ។

ពន្យល់​ពី​គោលបំណង​នៃ​ពិធី​សាក្រាម៉ង់

សូម​ផ្តល់​ឱកាស​ឲ្យ​សិស្ស​ពន្យល់ពី​គោលបំណង​នៃ​ពិធី​សាក្រាម៉ង់ ។ ដើម្បី​រៀបចំ​សិស្ស អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ពិនិត្យ​មើល​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​ពិធី​សាក្រាម៉ង់​នៅក្នុង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ( សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ២០:៧៥–៧៩; ២៧:១–២ ) ។ ពួកគេ​ក៏​អាច​ពិនិត្យ​មើល​កំណត់ចំណាំ​នានា ដែល​ពួកគេ​អាច​បាន​កត់ត្រា​នៅក្នុង​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ​បាន​ផងដែរ ។

អ្នក​អាច​នឹង​ណែនាំ​ពី​សាច់រឿង​មួយ​ដូច​ខាងក្រោម​នេះ ហើយ​សុំឲ្យ​សិស្ស​ពន្យល់​ពី​គោលបំណង​នៃ​ពិធី​សាក្រាម៉ង់ ដោយ​ប្រើ​វិធីសាស្ត្រ​មួយ​ក្នុង​ចំណោម​វិធីសាស្ត្រ​ដូច​តទៅ​នេះ​ដើម្បី​ឆ្លើយតប ៖ ការដើរតួ​សម្ដែង ការបង្កើត​ក្រាហ្វ​ព័ត៌មាន ឬ​បទបង្ហាញ ឬ​ការសរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ ។

អ៊ីសាក បាន​អញ្ជើញ​មិត្ត​ម្នាក់​ឲ្យ​ចូលរួម​ព្រះវិហារ​ជាមួយ​គាត់​កាលពី​ថ្ងៃ​អាទិត្យ ។ ដោយសារ​មិត្ត​របស់​គាត់​មិន​ដែល​ចូលរួម​ការប្រជុំ​សាក្រាម៉ង់​ពីមុន​មក អ៊ីសាក ចង់​ពន្យល់​សេចក្ដី​លម្អិត​សំខាន់ៗ​មួយ​ចំនួន​នៅមុន​ថ្ងៃ​នោះ ។

  • តើ​អ្នក​គិត​ថា អ៊ីសាក គួរតែ​ចែកចាយ​សេចក្ដី​លម្អិត​អ្វីខ្លះ​អំពី​ពិធីបរិសុទ្ធ​សាក្រាម៉ង់ ?

អ្នក​អាច​បង្ហាញ​ការបំផុស​គំនិត​ខាងក្រោម​នេះ ដើម្បី​ជួយ​សិស្ស​ឲ្យ​រៀបចំ​គំនិត​របស់​ពួកគេ ហើយ​អនុញ្ញាត​ឲ្យ​ពួកគេ​ថ្លែង​ទីបន្ទាល់ ។

សូម​ជ្រើសរើស​សេចក្ដី​លម្អិត​ពីរ ឬ​បី​អំពី​ពិធីបរិសុទ្ធ​សាក្រាម៉ង់ ដែល​អ្នក​អាច​ផ្តោតលើ​បាន ។ សូម​ប្រើ​បទគម្ពីរ​មួយ ឬ​ច្រើន​ដើម្បី​ជួយ​អ្នក​ឲ្យ​ពន្យល់ និង​ថ្លែង​ទីបន្ទាល់ ។

  • ការអធិស្ឋាន​ដែល​ធ្វើ​ឡើង​ដើម្បី​ប្រសិទ្ធពរ​ដល់​នំប៉័ង និង​ទឹក

  • អ្វី​ដែល​យើង​សន្យា​នឹង​ព្រះវរបិតាសួគ៌

  • អ្វី​ដែល​ព្រះវរបិតាសួគ៌​សន្យា​នឹង​យើង

  • អាកប្បកិរិយា​ដែល​យើង​បង្ហាញ​នៅពេល​យើង​ទទួលទាន​សាក្រាម៉ង់

  • ការផ្តោត​ទាំងស្រុង​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ

  • បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​អ្នក

បន្ទាប់ពី​សិស្ស​ឆ្លើយតប​ទៅនឹង​សាច់រឿង​នេះ​ហើយ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ជញ្ជឹងគិត និង​ចែកចាយ​ពី​របៀប​ដែល​ពិធីបរិសុទ្ធ​សាក្រាម៉ង់​អាច​ជួយ​ពួកគេ​ឲ្យ​ឃើញ​ថា តើ​ពួកគេ​កំពុងតែ​ក្លាយ​កាន់តែ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្ដេច ។

មាន​អារម្មណ៍​ថា​មាន​បំណង​ប្រាថ្នា​កាន់តែ​ខ្លាំងឡើង​ដើម្បី​ធ្វើតាម​ព្យាការី​នៅរស់

នៅក្នុង​មេរៀន​ថ្មីៗ​នេះ សិស្ស​អាច​មាន​ឱកាស​សិក្សា​អំពី​សារៈសំខាន់​នៃ​ការធ្វើតាម​ព្យាការី​នៅ​ជំនាន់​របស់​យើង ។ សកម្មភាព​រៀនសូត្រ​នេះ​នឹង​ផ្តល់​ឱកាស​ឲ្យ​សិស្ស​ជញ្ជឹង​គិត​ពី​របៀប ដែល​បំណងប្រាថ្នា​របស់​ពួកគេ​ក្នុង​ការធ្វើតាម​ព្យាការី​នៅរស់ បាន​ទទួល​រង​ឥទ្ធិពល​ក្នុងអំឡុង​ពេល​សិក្សា​របស់​ពួកគេ​នៅក្នុង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្តីសញ្ញា ។

អ្នក​ប្រហែល​ជា​ចង់​រំឭក​សិស្ស​ពី​ការវាយតម្លៃ​ខ្លួន​នៅ​ខាងក្រោម​នៅក្នុង​មេរៀន​មុន ( សូមមើល​មេរៀន​អំពី គោលលទ្ធិ និង​សេចក្តីសញ្ញា ២១ ) ។

នៅក្នុង​មេរៀន​មុន អ្នក​ត្រូវបាន​អញ្ជើញ​ឲ្យ​គិត​អំពី​ដំបូន្មាន​មកពី​ព្យាការី និង​ពួកសាវក​ដែល​អ្នក​អាច​នឹង​ពិបាក​ធ្វើតាម ។ សូម​ព្យាយាម​ចងចាំ​ថា​វា​ជា​អ្វី ។ អ្នក​អាច​បើក​មើល​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក​បាន ដើម្បី​មើល​អ្វី​ដែល​អ្នក​បាន​កត់ត្រា ។

សូម​ផ្ដល់​ពេលវេលា​ឲ្យ​សិស្ស​ពីរ​បី​នាទី ដើម្បី​បើក​មើល​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ថា​ពួកគេ​បាន​កត់ចំណាំ​វា​ទុក​ដែរ​ឬអត់ ។

  • តើ​យើង​បាន​សិក្សា​បទគម្ពីរ​ណាខ្លះ​នាពេល​ថ្មីៗ​នេះ ដែល​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការធ្វើតាម​ព្យាការី ?

    បទគម្ពីរ​មួយ​ចំនួន​ដែល​សិស្ស​អាច​លើកឡើង អាច​រួមមាន យ៉ូសែប ស្ម៊ីធ—ប្រវត្ដិ ១:២១–៣៥; គោលលទ្ធិ និង​សេចក្តីសញ្ញា ១:៣៨–៣៩; ២១:៤–៦ ។ សូម​ផ្ដល់​ឱកាស​ឲ្យ​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ ការអនុញ្ញាត​ឲ្យ​សិស្ស​ធ្វើ​បែបនេះ​នៅក្នុង​ក្រុម​តូចៗ អាច​ធ្វើឲ្យ​សិស្ស​ច្រើន​នាក់​អាច​ចែកចាយ​នូវ​អ្វី​ដែល​សំខាន់​ចំពោះ​ពួកគេ​បាន ។

    សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​កត់ត្រា​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​មួយ ឬ​ច្រើន​ដូច​ខាងក្រោម​នេះ ។ សូម​អនុញ្ញាត​ឲ្យ​សិស្ស​ជ្រើសរើស​របៀប និង​វិធីសាស្ត្រ​របស់​ពួកគេ​ផ្ទាល់ ដើម្បី​កត់ត្រា​អារម្មណ៍​ទាំងនេះ ។ បន្ទាប់ពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ស្ម័គ្រចិត្ត​ពីរបី​នាក់​ឲ្យ​ឡើង​ចែកចាយ​គំនិត​របស់​ពួកគេ ។ ទោះបីជា​អារម្មណ៍​បច្ចុប្បន្ន​ដែល​សិស្ស​មាន​អំពី​ការធ្វើតាម​ព្យាការី​អាច​មាន​ភាពអវិជ្ជមាន​ក្ដី ក៏​អ្នក​អាច​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ធ្វើ​សកម្មភាព​តាម​បំណង​ប្រាថ្នា​នោះ​បាន​ដែរ ទោះ​វា​តូចតាច​ក្ដី ហើយ​ស្វែងរក​ពរជ័យ​របស់​ព្រះអម្ចាស់​តាមរយៈ​ការធ្វើតាម​ព្យាការី​របស់​ទ្រង់ ។

  • តើ​បច្ចុប្បន្ន​នេះ អ្នក​មាន​អារម្មណ៍​យ៉ាងណា​អំពី​ការធ្វើតាម​ព្យាការី​ដ៏ជម្រើស​របស់​ព្រះអម្ចាស់ ? តើ​អ្នក​គិត​ថា អ្វី​ទៅ​ដែល​បាន​ប៉ះពាល់​ខ្លាំង​បំផុត​ដល់​អារម្មណ៍​របស់​អ្នក​ក្នុង​ការធ្វើតាម​ព្យាការី​របស់​ព្រះអម្ចាស់ ?

  • តើ​អ្នក​គិត​ថា ការធ្វើតាម​ព្យាការី​អាច​ជួយ​អ្នក​ឲ្យ​កាន់តែ​ក្លាយជា​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្ដេច ?

ការចែកចាយ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ជាមួយ​មនុស្ស​ដទៃ

សូម​ជួយ​សិស្ស​ឲ្យ​គិត​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន មកពី​ការសិក្សា​របស់​ពួកគេ​ក្នុង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា​អំពី​ការចែកចាយ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​មើល​ក្នុង​កណ្ឌ ឬ​ខគម្ពីរ​ជាក់លាក់ ដែល​ពួកគេ​បាន​ផ្តោតលើ នៅពេល​ពួកគេ​សិក្សា ។ ទាំងនេះ​អាច​រួមមាន គោលលទ្ធិ និង​សេចក្តីសញ្ញា ១៨ និង កណ្ឌ​ទី ៣០–៣៦ ។

សិស្ស​បាន​មាន​ឱកាស​ធ្វើ​ផែនការ​ចែកចាយ​ដំណឹងល្អ​ជាមួយ​នរណាម្នាក់ នៅពេល​ដែល​ពួកគេ​សិក្សា « គោលលទ្ធិ និង​សេចក្តីសញ្ញា ៣០–៣៦ ផ្នែក​ទី ២ » ។ សូម​ពិចារណា​តាមដាន​ផែនការ​នេះ ដោយ​ការសួរ​សំណួរ​ដូច​ខាងក្រោម​នេះ ( សិស្ស​ក៏​អាច​ពិភាក្សា​អំពី​សំណួរ​ទាំងនេះ​នៅក្នុង​ក្រុម​តូចៗ​ផងដែរ ) ៖

  • តើ​អ្នក​បាន​ធ្វើ​អ្វីខ្លះ​នាពេល​ថ្មីៗ​នេះ ដើម្បី​ចែកចាយ​ដំណឹងល្អ​ជាមួយ​នរណាម្នាក់ ? តើ​អ្នក​មាន​អារម្មណ៍​ថា​វា​ដំណើរការ​យ៉ាងណា​ដែរ ?

  • តើ​អ្នក​បាន​ប្រឈមមុខ​នឹង​ឧបសគ្គ​អ្វីខ្លះ នៅពេល​អ្នក​ព្យាយាម​ចែកចាយ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​តាម​របៀប​ធម្មតា និង​ងាយៗ​នោះ ?

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ អំពី​ការចែកចាយ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ?

សូម​ពិភាក្សា​ជា​ថ្នាក់​រួមគ្នា​អំពី​កិច្ចខិតខំ​របស់​អ្នក​ក្នុង​ការចែកចាយ​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ ។ សិស្ស​អាច​ពិភាក្សា​អំពី​ចំណុច​ដែល​ដំណើរការ​បាន​ល្អ ឬ​ការលំបាក​ដែល​ពួកគេ​បាន​ជួប ។ ការពិភាក្សា​នេះ​អាច​ផ្ដល់​ឱកាស​ឲ្យ​សិស្ស​ជួយ​គ្នា​ទៅវិញ​ទៅមក ដើម្បី​ចែកចាយ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ អ្នក​ក៏​អាច​ជួយ​សិស្ស​ឲ្យ​ពិចារណា​ពី​របៀប​ដែល​ពួកគេ​បាន​រីកចម្រើន​ផងដែរ នៅពេល​ពួកគេ​ព្យាយាម​និយាយ​ជាមួយ​អ្នកដទៃ​អំពី​ព្រះអង្គ​សង្គ្រោះ និង​អំពី​ដំណឹងល្អ​របស់​ទ្រង់ ។