ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៣៧ ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ២១ ៖ ការទទួល​យក​ប្រសាសន៍​របស់​ព្យាការី​ដោយ​សេចក្ដី​អត់ធន់ និង​សេចក្តី​ជំនឿ


« គោលលទ្ធិ និង​សេចក្ដីសញ្ញា ២១ ៖ ‹ ទៅ​កាន់​មនុស្ស​ទាំង​អស់​ណា ដែល​មាន​សេចក្ដី​ប៉ងប្រាថ្នា​ល្អ › » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្ដីសញ្ញា ២១ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ៣៧ ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ២០–២២

គោលលទ្ធិ និង​សេចក្តីសញ្ញា ២១

ការទទួល​យក​ប្រសាសន៍​របស់​ព្យាការី​ដោយ​សេចក្ដី​អត់ធន់ និង​សេចក្តី​ជំនឿ

ប្រធាន រ័សុល អិម ណិលសុន

គោលលទ្ធិ និង​សេចក្ដីសញ្ញា ២១ បាន​ទទួល​នៅ​ថ្ងៃទី ៦ ខែ មេសា ឆ្នាំ ១៨៣០ នៅ​ថ្ងៃ​ដែល​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​បាន​រៀបចំ​ឡើង ។ នៅក្នុង​វិវរណៈ​នេះ ព្រះអង្គ​សង្រ្គោះ​បាន​ណែនាំ​សមាជិក​នៃ​សាសនាចក្រ​របស់​ទ្រង់​ឲ្យ​ធ្វើ​តាម​ដំបូន្មាន​របស់​ព្យាការី​ទ្រង់ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ធ្វើ​តាម​ប្រសាសន៍​របស់​ពួកព្យាការី​នៃ​ព្រះ​ដោយ​សេចក្ដី​អត់ធន់ និង​សេចក្ដី​ជំនឿ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ការធ្វើ​តាម​ដំបូន្មាន

សូម​បង្ហាញ​សាច់​រឿង​ខាងក្រោម​នេះ ៖ អ្នក​ក៏​អាច​បង្កើត​សាច់រឿង​ផ្សេងៗទៀត​ដែល​កាន់តែ​ទាក់ទង​នឹង​តម្រូវការ និង​កាលៈទេសៈ​របស់​សិស្ស​អ្នក​ផងដែរ ។

សូម​ស្រមៃ​ថា ពេល​កំពុង​ស្ដាប់​សន្និសីទ​ទូទៅ អ្នក​បាន​ទទួល​សារ​ជា​អក្សរ​ដូច​ខាង​ក្រោម​ពី​មិត្តភក្តិ​របស់​អ្នក ៖ « តើ​ឯង​បាន​ឮ​អ្វី​ដែល​ព្យាការី​ទើប​តែ​មាន​ប្រសាសន៍​ដែរ​ឬ​ទេ ? ខ្ញុំ​មិន​ប្រាកដ​ថា ខ្ញុំ​ឯកភាព​ជាមួយ​រឿង​នោះ​ទេ ! »

  • តើ​អ្នក​គិត​ថា អ្នក​អាច​មាន​អារម្មណ៍​យ៉ាង​ណា បើ​អ្នក​បាន​ទទួល​សារ​បែប​នេះ ?

  • តើ​មាន​អ្វី​ខ្លះ​ដែល​សំខាន់​សម្រាប់​មិត្តភក្តិ​របស់​អ្នក​ក្នុង​ការ​ពិចារណា មុន​នឹង​សម្រេចចិត្ត​ថា​តើ​ត្រូវ​ធ្វើ​តាម​ដំបូន្មាន​របស់​ព្យាការី​ឬ​អត់​នោះ ?

សូម​ពន្យល់​សិស្ស​ថា នៅ​ថ្ងៃនេះ ពួកគេ​នឹង​សិក្សា​ការបង្រៀន​មួយចំនួន​របស់​ព្រះអម្ចាស់​អំពី​ព្យាការី​របស់​ទ្រង់ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ពិចារណា​ដោយ​ស្ងៀមស្ងាត់​ថា តើ​វា​សំខាន់​ប៉ុនណា​សម្រាប់​ពួកគេ​ក្នុងការ​ធ្វើ​តាម​ដំបូន្មាន​របស់​ព្យាការី ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​ស្វែងរក​សេចក្ដីពិត​ដែល​អាច​ជួយ​បង្កើន​ឆន្ទៈ និង​សមត្ថភាព​របស់​ពួកគេ​ដើម្បី​ធ្វើតាម​ព្យាការី​របស់​ព្រះអម្ចាស់ ។

ដោយ​សេចក្ដី​អត់ធន់ និង​សេចក្ដី​ជំនឿ​គ្រប់​យ៉ាង

នៅ​ថ្ងៃ​ដែល​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ត្រូវ​បាន​រៀបចំ​គឺ ថ្ងៃទី ៦ ខែ មេសា ឆ្នាំ ១៨៣០ ព្រះអម្ចាស់​បាន​ប្រទាន​វិវរណៈ​ដល់ យ៉ូសែប ស្ម៊ីធ ដែល​មាន​នៅ​ក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ២១ ។ នៅ​ក្នុង​ផ្នែក​នៃ​វិវរណៈ​នេះ ព្រះអម្ចាស់​បាន​ប្រទាន​ដំបូន្មាន​ដ៏​សំខាន់​អំពី​ការ​ធ្វើ​តាម​ព្យាការី ។

សូម​អាន គោលលទ្ធិ និង​សេចក្តីសញ្ញា ២១:១–៣ ដោយ​ស្វែងរក​ងារ​ដែល​ព្រះអម្ចាស់​បាន​ប្រើ​ដើម្បី​សំដៅ​ទៅ​លើ​ព្យាការី​ យ៉ូសែប ស្ម៊ីធ ។

  • ដោយ​ផ្អែកលើ​ងារ​ទាំងនេះ ហេតុអ្វី​បាន​ជា​វា​ជា​ពរជ័យ​សម្រាប់​សមាជិក​នៃ​សាសនាចក្រ​ដែល​ទើប​រៀបចំ​ថ្មី​របស់​ព្រះអម្ចាស់ ដើម្បី​ឲ្យ​មាន​ព្យាការី​ដែល​ត្រូវបាន​ហៅ​ដោយ​ព្រះ ?

រូបតំណាង​ចំណេះចំណាន​ខាង​គោលលទ្ធិ គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២១:៤–៦ គឺជា​វគ្ក​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​គូសចំណាំ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ​តាម​របៀប​ដែល​ងាយ​ចំណាំ ដើម្បី​ពួកគេ​អាច​ងាយ​រក​វា​ឃើញ ។

សូម​អាន គោលលទ្ធិ និង​សេចក្តីសញ្ញា ២១:៤–៥⁠ ដោយ​រកមើល​ថា តើ​មាន​ដំបូន្មាន​អ្វី​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ពួកបរិសុទ្ធ​អំពី​របៀប​ដែល​ពួកគេ​គួរ​ទទួល​យក​ប្រសាសន៍​របស់​ព្យាការី យ៉ូសែប ស្ម៊ីធ ។

សិស្ស​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការយល់ដឹង​ថា តើ​សព្វនាម​នេះ​សំដៅ​ទៅលើ​អ្នកណា ខទី ៤–៥ ។ សូម​ពិចារណា​សរសេរ​ពាក្យ និង​និយមន័យ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ « អ្នក » ( សមាជិក​នៃ​សាសនាចក្រ ) « របស់លោក » « លោក » ( យ៉ូសែប ស្ម៊ីធ ជា​ព្យាការី ) « យើង » « របស់យើង » ( ព្រះ​យេស៊ូវ​គ្រីស្ទ ) ។

  • តើ​ពាក្យ ឬ​ឃ្លា​អ្វី​មកពី​ខគម្ពីរ​ទាំងនេះ ដែល​អ្នក​ចាប់​អារម្មណ៍ ? ហេតុអ្វី ?

  • តើ​អ្នក​រៀន​បានអ្វី​ខ្លះ​មកពី​ខគម្ពីរ​ទាំងនេះ ដែល​អាច​ជួយ​នរណា​ម្នាក់​កំពុង​ស្ទាក់ស្ទើរ​ក្នុង​ការធ្វើ​តាម​ដំបូន្មាន​របស់​ព្យាការី​របស់​ព្រះអម្ចាស់ ?

បើ​ចាំបាច់ សូម​ចង្អុលបង្ហាញ​ឃ្លា « ដោយ​សេចក្ដី​អត់ធន់ និង​សេចក្ដី​ជំនឿ​គ្រប់​យ៉ាង » នៅក្នុង ខទី ៥ ។ មុន​ពេល​ចែកចាយ​សេចក្ដី​ថ្លែងការណ៍​ដោយ​អែលឌើរ នែល អិល អាន់ឌើរសិន⁠ វា​អាច​នឹង​មាន​អត្ថប្រយោជន៍​ក្នុង​ការសួរ​សិស្ស​ថា ហេតុអ្វី​ពេល​ខ្លះ​វា​អាច​ទាមទារ​សេចក្ដី​អត់ធន់ ឬ​សេចក្ដី​ជំនឿ​ដើម្បី​ស្ដាប់​តាម​ប្រសាសន៍​របស់​ព្យាការី​របស់​ព្រះអម្ចាស់ ។

អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ពី​របៀប​ដែល​យើង​អាច​បង្ហាញ​ពី​សេចក្ដី​អត់ធន់ និង​សេចក្ដីជំនឿ នៅពេល​យើង​ខិតខំ​ធ្វើ​តាម​ព្យាការី ។

2:3
អែលឌើរ នែល អិល អាន់ឌើរសិន

ចូរ​កុំ​ភ្ញាក់ផ្អើល​ឡើយ ពេល​ទស្សនៈ​ផ្ទាល់​ខ្លួន​របស់​បងប្អូន​ចាប់ផ្តើម​មិន​ស្រប​ជាមួយ​នឹង​ការបង្រៀន​របស់​ព្យាការី​នៃ​ព្រះអម្ចាស់​ជានិច្ច​នោះ ។ នោះ​គឺ​ជា​ឱកាស​ដើម្បី​រៀនសូត្រ បន្ទាបខ្លួន នៅពេល​យើង​លុត​ជង្គង់​ចុះ​អធិស្ឋាន ។ យើង​បោះ​ជំហាន​ទៅមុខ​ដោយ​សេចក្តីជំនឿ ដោយ​ទុកចិត្ត​លើ​ព្រះ ដោយ​ដឹង​ថា ជាមួយ​នឹង​ពេលវេលា នោះ​យើង​ទទួល​ការបញ្ជាក់​កាន់តែ​ច្បាស់​ខាង​វិញ្ញាណ​មក​ពី​ព្រះវរបិតាសួគ៌​របស់​យើង ។ ( នែល អិល អាន់ឌើរសិន « The Prophet of God » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ២៦ )

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ដំបូន្មាន​ពី​ពួក​ព្យាការី និង​សាវក ដែល​អាច​ជា​ការលំបាក​សម្រាប់​ពួកគេ​ធ្វើ​តាម ។ ពួកគេ​អាច​សញ្ជឹងគិត​ពី​របៀប​ដែល​ការបង្កើន​សេចក្ដី​អត់ធន់ និង​សេចក្តី​ជំនឿ​របស់​ពួកគេ​នឹង​ជួយ​ពួកគេ​ឲ្យ​ធ្វើតាម​ដំបូន្មាន​របស់​ព្យាការី ។

ពរជ័យ​នៃ​ការធ្វើ​តាម​ព្យាការី​របស់​ព្រះអម្ចាស់

សូម​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ២១:៦ ។ សូម​កំណត់​ស្វែងរក​ពរជ័យ​បី​យ៉ាង​ដែល​ព្រះអម្ចាស់​បានសន្យា​ចំពោះ​អស់​អ្នក​ដែល​ទទួល​ព្រះបន្ទូល​របស់​ទ្រង់​តាមរយៈ​ព្យាការី​ដោយ​សេចក្ដី​អត់ធន់ និង​សេចក្តីជំនឿ ។

  • ផ្អែក​លើ​ការបង្រៀន​របស់​ព្រះអម្ចាស់​នៅក្នុង ខទី ៦ តើ​អ្នក​នឹង​បំពេញ​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​ដោយ​របៀបណា ? នៅពេល​យើង​ទទួល​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​តាមរយៈ​ពួក​ព្យាការី​របស់​ទ្រង់​ដោយ​សេចក្ដី​អត់ធន់ និង​សេចក្តីជំនឿ …

    សិស្ស​អាច​បំពេញ​សេចក្តី​ថ្លែងការណ៍​ដូច​នេះ ៖ នៅពេល​យើង​ទទួល​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​តាមរយៈ​ពួក​ព្យាការី​របស់​ទ្រង់​ដោយ​សេចក្ដី​អត់ធន់ និង​សេចក្តីជំនឿ ទ្រង់​នឹង​កម្ចាត់​អំណាច​នៃ​សេចក្តីងងឹត ទ្រង់​នឹង​ប្រទានពរ​ដល់​យើង​ពី​ស្ថានសួគ៌ ហើយ​យើង​នឹង​ទទួល​បាន​ការការពារ​ទាស់​នឹង​មារសត្រូវ ។

  • តើ​អ្នក​នឹង​សង្ខេប​អត្ថន័យ​នៃ​អ្វី​ដែល​អ្នក​គិត​ថា​ជា​ការសន្យា​ទាំងនេះ ទៅ​ជា​ពាក្យ​សម្ដី​របស់​អ្នក​ផ្ទាល់​ដោយ​របៀប​ណា ?

    សិស្ស​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការយល់​អត្ថន័យ​មួយ​នៃ​ពាក្យ ញាប់ញ័រ គឺ​ធ្វើ​ឲ្យ​បែកចេញ ឬ​ការបញេ្ចញ​ពី​អ្វីមួយ​ដែល​ទ្រទ្រង់​វា ឬ​ដាច់ចេញ​ពី​ប្រអប់​មួយ ។ ការបកស្រាយ​មួយ​នៃ​ខគម្ពីរ​នេះ​អាច​ថា ពរជ័យ​ត្រូវបាន​បញេ្ចញ​ពី​ស្ថានសួគ៌ ហើយ​បាន​ប្រទាន​ដល់​អ្នក​ដែល​ទទួល​យក​ប្រសាសន៍​របស់​ព្យាការី ។

  • តើ​សេចក្តី​សន្យា​ទាំងនេះ​ជួយ​អ្នក​ឲ្យ​យល់​អ្វីខ្លះ​អំពី​ព្រះអម្ចាស់ ?

  • តើ​សេចក្តី​សន្យា​ទាំងនេះ​ជះ​ឥទ្ធិពល​លើ​បំណង​ប្រាថ្នា​របស់​យើង​ដើម្បី​ធ្វើតាម​ពួក​ព្យាការី​របស់​ព្រះអម្ចាស់​ដោយ​របៀប​ណា ?

ការធ្វើ​តាម​ព្យាការី​របស់​ព្រះអម្ចាស់

សកម្មភាព​ខាងក្រោម​អាច​ជួយ​សិស្ស​ឲ្យ​រកឃើញ​ដំបូន្មាន​របស់​ព្យាការី​សម័យ​ទំនើប ដែល​ពួកគេ​អាច​ខិតខំ​ធ្វើ​តាម​ក្នុង​ជីវិត​របស់​ពួកគេ​បាន ។ សូម​បង្ហាញ​សេចក្តី​ណែនាំ​ខាងក្រោម ហើយ​ផ្ដល់​ពេល​ឲ្យ​សិស្ស​គ្រប់គ្រាន់​ដើម្បី​បំពេញ​សកម្មភាព​នេះ ។

សូម​ស្វែងរក​ការអញ្ជើញ​ដែល​ផ្ដល់​ឲ្យ​ដោយ​ពួក​ព្យាការី និង​សាវក​សម័យ​ទំនើប ដែល​អ្នក​ចង់​ព្យាយាម​អនុវត្ត​តាម​ក្នុង​ជីវិត​របស់អ្នក ។ សូមប្រើ ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​ដើម្បី​ធ្វើ​ការ​ជ្រើសរើស ( ឆ្នាំ ២០២២ ) ឬ​សុន្ទរកថា​ក្នុង​សន្និសីទ​ទូទៅ​នា​ពេល​ថ្មីៗ​នេះ ដើម្បី​ស្វែងរក​ដំបូន្មាន ឬ​ការអញ្ជើញ​ដែល​ទាក់ទង​គ្នា ។

បន្ទាប់ពី​ការសិក្សា សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​ការអញ្ជើញ ឬ​ដំបូន្មាន​អ្វី​ដែល​អ្នក​បាន​រកឃើញ ?

  • តើ​អ្នក​អាច​ត្រូវការ​សេចក្ដី​អត់ធន់ និង​សេចក្ដី​ជំនឿ​ដើម្បី​ធ្វើ​តាម​ការអញ្ជើញ​របស់​ព្យាការី​នេះ​ដោយ​របៀប​ណា ?

  • តើ​ពរជ័យ​អ្វី​ខ្លះ​ពី​ព្រះ​ដែល​អ្នក​សង្កេតឃើញ​ថា​អ្នក​អាច​ទទួល​បាន ពេល​អ្នក​ធ្វើ​តាម​ដំបូន្មាន​នេះ ?

  • តើ​សកម្មភាព​ជាក់លាក់​អ្វីខ្លះ​ដែល​អ្នក​នឹង​ធ្វើ ដើម្បី​ធ្វើ​តាម​ដំបូន្មាន​នេះ​ក្នុង​ជីវិត​របស់​អ្នក ?

នៅពេល​សិស្ស​បាន​បញ្ចប់​ការសិក្សា​ហើយ សូម​ផ្តល់​ឱកាស​ឲ្យ​ពួកគេ​ចែកចាយ​ចម្លើយ​ដែល​ពួកគេ​បាន​កត់ត្រា​នៅក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា​របស់​ពួកគេ ។ ជា​ផ្នែក​មួយ​នៃ​ការពិភាក្សា​នេះ អ្នក​អាច​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​ពី​របៀប​ដែល​ពួកគេ ឬ​អ្នក​ផ្សេង​ទៀត​ទទួល​បាន​ពរជ័យ​តាមរយៈ​ការធ្វើតាម​ដំបូន្មាន​របស់​ព្យាការី ដែល​កំពុង​ពិភាក្សា​នេះ ។ អ្នក​ក៏​អាច​ចែកចាយ​គំរូ​មួយ​ចេញពី​ជីវិត​របស់​អ្នក​ផងដែរ ។

សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​ធ្វើ​តាម​គោលដៅ​ដែល​ពួកគេ​បាន​ដាក់​សម្រាប់​ខ្លួន​ពួកគេ ហើយ​យក​ចិត្ត​ទុកដាក់​លើ​របៀប​ដែល​ការធ្វើតាម​ការបង្រៀន​របស់​ព្យាការី​ជះឥទ្ធិពល​ដល់​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ពន្យល់​ថា នៅក្នុង​មេរៀន​ក្រោយ ពួកគេ​នឹង​មាន​ឱកាស​វាយតម្លៃ​ការរីកចម្រើន​ដែល​ពួកគេ​បាន​ធ្វើ​ជាមួយនឹង​គោលដៅ​របស់​ពួកគេ ។

ទន្ទេញ

អ្នក​អាច​នឹង​ចង់​ជួយ​សិស្ស​ឲ្យ​ទន្ទេញ​សេចក្ដីយោង​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​អំឡុង​មេរៀន​នេះ ហើយ​រំឭក​វា​ក្នុង​មេរៀន​ក្រោយៗ​ទៀត ។ ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ គោលលទ្ធិ និង​សេចក្តី​សញ្ញា ២១:៤–៦ គឺជា « ប្រសាសន៍​របស់​ព្យាការី ‹ អ្នក​នឹង​បាន​ទទួល ហាក់​ដូច​ជា​បាន​មក​ពី​ព្រះ​ឱស្ឋ​របស់​យើង​ផ្ទាល់ ដោយ​សេចក្ដី​អត់ធន់ និង​សេចក្ដី​ជំនឿ​គ្រប់​យ៉ាង › » ។ គំនិត​សម្រាប់​សកម្មភាព​ទន្ទេញ​ចាំ មាន​នៅក្នុង​ឯកសារ​ឧបសម្ព័ន្ធ​ដែល​នៅក្រោម « សកម្មភាព​រំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ឡើងវិញ » ។