ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៥៣ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ៣៩–៤០ ៖ « ព្រះពរ​ដ៏​មហិមា ដូចជា​អ្នក​ពុំ​ដែល​បាន​ស្គាល់​មក​សោះ »


គោលលទ្ធិ និង​សេចក្តីសញ្ញា ៣៩–៤០ ៖ ‹ ព្រះពរ​ដ៏​មហិមា ដូចជា​អ្នក​ពុំ​ដែល​បាន​ស្គាល់​មក​សោះ › » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣៧–៤០⁠ ៖ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

មេរៀន​ទី ៥៣ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ៣៧–៤០

គោលលទ្ធិ និង​សេចក្តីសញ្ញា ៣៩–៤០

« ព្រះពរ​ដ៏​មហិមា ដូចជា​អ្នក​ពុំ​ដែល​បាន​ស្គាល់​មក​សោះ »

ព្រះហស្ដ​របស់​ព្រះអង្គ​សង្គ្រោះ​ឈោង​ទៅ​ជួយ

យ៉េម្ស ខូវិល បាន​ធ្វើជា​អាចារ្យ​សាសនាចក្រ​ផ្នែក​បាទីស្ទ​នៅ​តំបន់​រដ្ឋ​ញូវ យ៉ក អស់​ប្រមាណ ៤០ ឆ្នាំ​មក​ហើយ ។ នៅពេល​ដែល​គាត់​បាន​ឮ​សារលិខិត​នៃ​ការស្តារ​ឡើងវិញ គាត់​បាន​សន្យា​ថា​នឹង​គោរព​តាម​បទបញ្ញត្តិ​ទាំងឡាយ ដែល​ព្យាការី យ៉ូសែប ស៊្មីធ បាន​ប្រាប់​ដល់​គាត់ ។ ព្រះអង្គ​សង្គ្រោះ​បាន​បញ្ជា​ឲ្យ យ៉េម្ស ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​ប្រមូលផ្តុំ​ជាមួយ​ពួកបរិសុទ្ធ​នៅ​រដ្ឋ​អូហៃអូ ហើយ​បាន​សន្យា​នឹង​គាត់​នូវ​អំណាច​ដ៏អស្ចារ្យ ប្រសិនបើ​គាត់​ធ្វើ និង​រក្សា​សេចក្ដីសញ្ញា​ដ៏ពិសិដ្ឋ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យមាន​បំណង​ប្រាថ្នា​ចង់​ធ្វើ និង​រក្សា​សេចក្ដីសញ្ញា​ជាមួយ​ព្រះយេស៊ូវ​គ្រីស្ទ ដើម្បី​ទទួល​បាន​ព្រះចេស្ដា​របស់​ទ្រង់​កាន់តែ​ខ្លាំង​ឡើង ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ការធ្វើ និង​ការរក្សា​សេចក្ដីសញ្ញា​ជាមួយ​ព្រះ

សូម​ពិចារណា​បង្ហាញ​សិស្ស​នូវ​វត្ថុ​មួយ ដូចជា​ចង្កៀង​ជាដើម ដែល​អាច​សម្រេច​បាន​នូវ​សក្តានុពល​ពេញលេញ​របស់​វា តែ​នៅពេល​បាន​ដោត​ទៅ​ប្រភព​ថាមពល​ប៉ុណ្ណោះ ។ សូម​សួរ​សិស្ស​ពី​អ្វី​ដែល​ចង្កៀង​អាច​ធ្វើបាន​ដោយ​ខ្លួនឯង បើ​ប្រៀបធៀប​ទៅនឹង​ពេល​ដែល​វា​ត្រូវបាន​គេ​ដោត​ភ្លើង ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិភាក្សា​អំពី​របៀប​ដែល​ការណ៍​នេះ​អាច​តំណាង​ឲ្យ​សេចក្ដីសញ្ញា​របស់​យើង​ជាមួយ​ព្រះ ។

សូម​អាន « សេចក្ដីសញ្ញា » នៅក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ និង​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​មកពី​ប្រធាន រ័សុល អិម ណិលសុន⁠ ហើយ​រកមើល​និយមន័យ​នៃ​ពាក្យ សេចក្ដីសញ្ញា ។

ប្រធាន រ័សុល អិម ណិលសុន⁠

សេចក្តីសញ្ញា​គឺជា … ការសន្យា​ដ៏​ពិសិដ្ឋ​មួយ​ជាមួយ​ព្រះ ។ ទ្រង់​ដាក់​លក្ខខណ្ឌ ។ មនុស្ស​ម្នាក់ៗ​អាច​ជ្រើសរើស​ដើម្បី​ទទួល​យក​លក្ខខណ្ឌ​ទាំងនោះ​បាន ។ ប្រសិនបើ​មនុស្ស​ម្នាក់​ទទួល​យក​លក្ខខណ្ឌ​នៃ​សេចក្ដីសញ្ញា ហើយ​គោរព​តាម​ក្រឹត្យវិន័យ​របស់​ព្រះ នោះ​បុគ្គល​នោះ​នឹង​ទទួល​ពរជ័យ​ដែល​ទាក់ទង​នឹង​សេចក្ដីសញ្ញា​នោះ ។ ( រ័សុល អិម ណិលសុន « Covenants » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៨៦ )

  • តើ​អ្នក​នឹង​ពិពណ៌នា ឬ​ផ្ដល់​និយមន័យ​ឲ្យ​សេចក្ដីសញ្ញា​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក​បាន​ធ្វើ​សេចក្ដីសញ្ញា​អ្វីខ្លះ​ជាមួយ​ព្រះអម្ចាស់ ?

  • តើ​សេចក្ដីសញ្ញា​ទាំងនេះ​មាន​ឥទ្ធិពល​លើ​ជីវិត​របស់​អ្នក​ដោយ​របៀប​ណា ?

ព្រះយេស៊ូវ​គ្រីស្ទ​អញ្ជើញ​យើង​ឲ្យ​ធ្វើ​សេចក្ដីសញ្ញា​ជាមួយ​ទ្រង់

យ៉េម្ស ខូវិល គឺជា​អាចារ្យ​សាសនាចក្រ​ផ្នែក​បាទីស្ទ​ម្នាក់ ។ នៅពេល​គាត់​បាន​ដឹងពី​ព្យាការី យ៉ូសែប ស្ម៊ីធ ខូវិល បាន​សន្យា​នឹង​ព្រះអម្ចាស់ « ថា លោក​នឹង​គោរព​តាម​បញ្ញត្តិ​ណាមួយ​ក៏ដោយ ដែល​ព្រះអម្ចាស់ ទ្រង់​នឹង​ប្រទាន​ដល់​លោក តាមរយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣៩ ក្បាល​កណ្ឌ ) ។

សូម​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣៩:១–៩ ហើយ​ស្វែងរក​អ្វី​ដែល​អ្នក​រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ដែល​អាច​ជំរុញ​ឲ្យ​នរណាម្នាក់​ចូល​ទៅក្នុង​ទំនាក់ទំនង​សេចក្ដីសញ្ញា​មួយ​ជាមួយ​ទ្រង់ ។

  • តើ​អ្នក​បាន​រកឃើញ​អ្វីខ្លះ​អំពី​ព្រះអង្គ​សង្គ្រោះ ?

  • តើ​ព្រះអង្គ​សង្គ្រោះ​អញ្ជើញ​យើង​ឲ្យ​ធ្វើ​អ្វីខ្លះ ដើម្បី​ទទួល​បាន​ព្រះចេស្ដា​របស់​ទ្រង់ ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្គាល់​គោលការណ៍​មួយ ពួកគេ​អាច​បំពេញ​នៅលើ​ក្ដារខៀន ឬ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ​នូវ​សេចក្ដី​ថ្លែងការណ៍​ដូច​តទៅ​នេះ ៖ « ប្រសិនបើ​យើង ________ នោះ​យើង​ទទួល​បាន _______ » ។

សិស្ស​អាច​រកឃើញ​គោលការណ៍​មួយ ដែល​ស្រដៀង​នឹង​គោលការណ៍​នេះ ៖ ប្រសិនបើ​យើង​ធ្វើ និង​រក្សា​សេចក្ដីសញ្ញា​ដ៏ពិសិដ្ឋ​ជាមួយ​ព្រះ នោះ​យើង​ទទួល​បាន​ព្រះចេស្ដា​របស់​ទ្រង់ ។

ប្រសិនបើ​បាន​បង្រៀន​មេរៀន​ដោយ​ប្រើ​វត្ថុ សូម​ដោត​ក្នុង​ចង្កៀង​ដើម្បី​បង្ហាញ​ថា ការធ្វើ​សេចក្ដីសញ្ញា​ជួយ​យើង​ឲ្យ​ទទួល​បាន​ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះ ។ សូម​ពិចារណា​សួរ​សិស្ស​ពី​របៀប​ដែល​ការណ៍​នេះ​អាច​បង្ហាញ​ពី​គោលការណ៍ ដែល​ពួកគេ​បាន​រកឃើញ ។

សូម​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣៩:១០–១៥ ហើយ​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​អញ្ជើញ យ៉េម្ស ខូវិល ឲ្យ​ធ្វើ​ដើម្បី​ចូល​ទៅក្នុង​សេចក្ដីសញ្ញា​ជាមួយ​ទ្រង់ ។

  • តើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​សន្យា​អ្វីខ្លះ​ចំពោះ យ៉េម្ស ខូវិល ប្រសិនបើ​លោក​ធ្វើ​សេចក្ដីសញ្ញា​នេះ ?

  • តើ​ការទូន្មាន​របស់​ព្រះអម្ចាស់​ទៅកាន់ យ៉េម្ស ខូវិល អនុវត្ត​ចំពោះ​យើង​នៅ​សព្វថ្ងៃ​នេះ​ដោយ​របៀប​ណា ?

  • តើ​អ្នក​បាន​ឃើញ​ព្រះចេស្តា​របស់​ព្រះអង្គ​សង្រ្គោះ​នៅក្នុង​ជីវិត​របស់​អ្នក ឬ​ជីវិត​នៃ​មនុស្ស​ដែល​អ្នក​ស្គាល់​ដោយ​របៀប​ណា ?

ការភ័យខ្លាច ការបៀតបៀន និង​ការខ្វល់ខ្វាយ​របស់​ពិភពលោក​នេះ

យ៉េម្ស ខូវិល មាន​គ្រួសារ​ដ៏ធំ​មួយ មិត្តភក្តិ​ជាច្រើន និង​សហគមន៍​ដ៏​ជិតស្និទ្ធ​មួយ​នៅ​ទីក្រុង ញូវ យ៉ក ។ ព្រះអង្គ​សង្គ្រោះ​បាន​បង្គាប់​ឲ្យ​លោក​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក ហើយ​ផ្លាស់ទី​លំនៅ​ជាមួយ​ពួកបរិសុទ្ធ​ទៅ​រដ្ឋ​អូហៃអូ ។ ការចូលរួម​សាសនាចក្រ​គឺជា​ការលះបង់​មួយ​សម្រាប់ យ៉េម្ស ខូវិល ។

សូម​អាន​ក្បាល​កណ្ឌ​នៃ គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤០ ព្រមទាំង ខទី ១–៣ ហើយ​រកមើល​ការសម្រេច​ចិត្ត​ដែល យ៉េម្ស ខូវិល បាន​ធ្វើ ។

នេះ​អាច​ជា​ឱកាស​ដ៏ល្អ​មួយ​ដើម្បី​អនុវត្ត​ការប្រើ​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ។ អ្នក​អាច​ពិភាក្សា​ពី​របៀប​ដែល យ៉េម្ស ខូវិល អាច​ធ្វើ​សកម្មភាព​ដោយ​សេចក្តី​ជំនឿ​បាន ។ សូម​ពិចារណា​ផងដែរ​អំពី​របៀប​ដែល​លោក​អាច​មើលទៅ​ជម្រើស​របស់​លោក និង​ដំបូន្មាន​របស់​ព្រះអម្ចាស់ ចេញពី​ទស្សនវិស័យ​ដ៏​អស់កល្ប​ជានិច្ច​មួយ ។

  • តើ « ការខ្លាច​ពី​សេចក្ដី​បៀតបៀន » ( ខទី ២ ) អាច​បណ្ដាល​ឲ្យ​នរណាម្នាក់​បដិសេធ ឬ​បំពាន​សេចក្ដីសញ្ញា​របស់​ពួកគេ​ជាមួយ​ព្រះ​តាម​របៀប​ណា ?

  • តើ « សេចក្ដី​ខ្វល់ខ្វាយ​នៃ​លោកិយ » ( ខទី ២ ) ណាខ្លះ​ដែល​នាំឲ្យ​មនុស្ស​បដិសេធ​សេចក្ដីសញ្ញា​ជាមួយ​ព្រះ​នៅ​សព្វថ្ងៃ​នេះ ?

សូម​អាន​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​មកពី​ប្រធាន រ័សុល អិម ណិលសុន ឬ​មើល​វីដេអូ « Overcome the World and Find Rest » ( ១៨:៣១ ) ដែល​មាននៅលើ​គេហទំព័រ ChurchofJesusChrist.org ចាប់ពី​នាទី​ទី ៤:២១ ដល់​នាទី​ទី ៥:៣៩ ។ នៅពេល​អ្នក​អាន ឬ​មើល​វីដេអូ​នេះ សូម​រកមើល​អំណាច​ដែល​បាន​សន្យា​ដល់​អស់​អ្នក​ដែល​ចុះ និង​រក្សា​សេចក្ដីសញ្ញា​ជាមួយ​ព្រះ ៖

18:44
ប្រធាន រ័សុល អិម ណិលសុន⁠

តាម​ពិត ការចុះ និង​ការរក្សា​សេចក្តីសញ្ញា ធ្វើ​ឲ្យ​ជីវិត​កាន់តែ​មាន​ភាពងាយស្រួល ! បុគ្គល​ម្នាក់ៗ​ដែល​ចុះ​សេចក្តីសញ្ញា​នៅក្នុង​អាង​ជ្រមុជ​ទឹក និង​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ—ហើយ​រក្សា​សេចក្តីសញ្ញា​ទាំង​នោះ—គឺ​បាន​ទទួល​ព្រះចេស្តា​របស់​ព្រះយេស៊ូវ​គ្រីស្ទ​កាន់តែ​ច្រើន​ឡើង ។ សូម​ពិចារណា​អំពី​សេចក្តីពិត​ដ៏​អស្ចារ្យ​នោះ !

រង្វាន់​នៃ​ការរក្សា​សេចក្តីសញ្ញា​ជាមួយនឹង​ព្រះ​គឺជា ព្រះចេស្តា​មក​ពី​ស្ថានសួគ៌—ពោល​គឺ​ព្រះចេស្តា​ដែល​ពង្រឹង​យើង​កាន់តែ​ខ្លាំង ឲ្យ​ទប់ទល់​នឹង​ការសាកល្បង ការល្បួង និង​ការឈឺចាប់​ទាំងឡាយ​របស់​យើង ។ ព្រះចេស្តា​នេះ​ជួយ​ឆ្ការ​ផ្លូវ​របស់​យើង ។ អស់​អ្នក​ដែល​រស់នៅ​តាម​ក្រឹត្យវិន័យ​ជាន់​ខ្ពស់​របស់​ព្រះយេស៊ូវ​គ្រីស្ទ មាន​សិទ្ធិ​ទទួល​បាន​ព្រះចេស្តា​កាន់តែ​ខ្លាំង​របស់​ទ្រង់ ។ ដូច្នេះ អ្នក​ដែល​រក្សា​សេចក្តីសញ្ញា​មាន​សិទ្ធិ​ទទួល សេចក្តី​សម្រាក ដ៏​ពិសេស​មួយ ដែល​កើត​មាន​តាមរយៈ​ទំនាក់ទំនង​នៃ​សេចក្តីសញ្ញា​របស់​ពួកគេ​ជាមួយ​ព្រះ ។ ( រ័សុល អិម ណិលសុន « ឈ្នះ​លោកិយ ហើយ​បាន​សេចក្ដី​សម្រាក » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ៩៦ )

  • តើ​សេចក្ដីថ្លែង​ការណ៍​របស់​ប្រធាន ណិលសុន មួយ​ណា​ដែល​អ្នក​ចាប់​អារម្មណ៍ ?

សូម​ផ្ដល់​ឱកាស​ឲ្យ​សិស្ស​ពិចារណា​ពី​បំណង​ប្រាថ្នា​របស់​ពួកគេ ដើម្បី​ធ្វើ និង​រក្សា​សេចក្ដីសញ្ញា​ជាមួយ​ព្រះអង្គ​សង្គ្រោះ​ដើម្បី​ទទួល​បាន​ព្រះចេស្ដា​របស់​ទ្រង់ ។ សិស្ស​អាច​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​របស់​ពួកគេ ឬ​នៅលើ​សន្លឹក​ក្រដាស ។ ពួកគេ​ក៏​អាច​ពិភាក្សា​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន ឬ​ទទួល​អារម្មណ៍​ជា​ក្រុម​តូចៗ ឬ​ជា​ថ្នាក់​រួមគ្នា​ផងដែរ ។

ដើម្បី​បញ្ចប់​មេរៀន​នេះ អ្នក​អាច​ចែកចាយ​ពី​របៀប​ដែល​អ្នក​បាន​ឃើញ​ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ជីវិត​របស់​អ្នក កាល​អ្នក​បាន​ធ្វើ​សេចក្ដីសញ្ញា​ជាមួយ​ព្រះ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​បន្ត​ខិតខំ​ធ្វើ និង​រក្សា​សេចក្ដីសញ្ញា​របស់​ពួកគេ ហើយ​ទុកចិត្ត​លើ​ការសន្យា​របស់​ព្រះអម្ចាស់ ដើម្បី​ផ្ដល់​ពរជ័យ​ដល់​ពួកគេ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ ។