ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៥៨—គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៥:១–៨ ៖ « ជា​អ្នក​គាំទ្រ​ជាមួយ​នឹង​ព្រះ​វរបិតា »


« មេរៀន​ទី ៥៨—គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៥:១–៨ ៖ ‹ ជា​អ្នក​គាំទ្រ​ជាមួយ​នឹង​ព្រះ​វរបិតា › » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៥:១–៨ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ៥៨ ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៥

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៥:១–៨

« ជា​អ្នក​គាំទ្រ​ជាមួយ​នឹង​ព្រះ​វរបិតា »

រូប​គំនូរ​ព្រះ​យេស៊ូវ​គ្រីស្ទ​គូរ​ពី​ប្រេង

ពេល​មាន​ប្រសាសន៍​ទៅ​កាន់​សមាជិក​នៃ​សាសនាចក្រ​អំឡុងពេល​ការរាតត្បាត​សកល ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​ថា « ព្រះវរបិតា​យើង​ដឹង​ថា នៅ​ពេល​យើង​ត្រូវ​បាន​ហ៊ុមព័ទ្ធ​ដោយ​ភាព​មិនប្រាកដ​ប្រជា និងភាពភ័យខ្លាច ​អ្វី​ដែលនឹង​ជួយ​យើង​បំផុត​នោះគឺការស្ដាប់​ព្រះរាជបុត្រា​ទ្រង់ » ( « ចូរ​ស្តាប់​តាម​ទ្រង់​ចុះ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៨៩ ) ។ ដើម្បី​ជួយ​រំងាប់​ការភ័យខ្លាច និង​ភាព​មិន​ច្បាស់លាស់​ដែល​ពួកបរិសុទ្ធ​នៅ​ដើម​ឆ្នាំ ១៨៣១ ព្រះអម្ចាស់​បានអញ្ជើញ​ពួកគេ​ឲ្យ​ស្តាប់​ព្រះ​សូរសៀង​របស់​ទ្រង់ ហើយ​ជឿលើ​ព្រះនាម​របស់​ទ្រង់ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​បេសកកម្ម និង​បុគ្គលិក​លក្ខណៈ​របស់​ព្រះយេស៊ូវ​គ្រីស្ទ នៅពេល​ពួកគេ​យល់​អំពី​ព្រះនាម និង​ព្រះបរមងារ​របស់​ទ្រង់​មួយ​ចំនួន ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

សារៈសំខាន់​នៃ​ព្រះ​នាម

សូម​ពិចារណា​បែងចែក​សិស្ស​ជា​ក្រុម​តូចៗ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ព័ត៌មាន​លម្អិត​អំពី​អត្ថន័យ ឬ​សារៈសំខាន់​នៃ​ឈ្មោះ​ខ្លួន​ពួកគេ ឬ​នាម​ត្រកូល​របស់​ពួកគេ ។ ប្រសិនបើ​សិស្ស​មិន​ប្រាកដ​អំពី​ព័ត៌មាន​លម្អិត​ឬ​អត្ថន័យ​ទេ ពួកគេ​អាច​ពន្យល់​ពី​អ្វី​ដែល​ពួកគេ​ចូលចិត្ត​អំពី​ឈ្មោះ​របស់​ពួកគេ ។ បន្ទាប់ពី​សិស្ស​បាន​ចែកចាយ​ជា​ក្រុម​ហើយ សូម​ឲ្យ​មនុស្ស​ពីរបី​នាក់​ចែកចាយ​ជាមួយ​ថ្នាក់​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​ឈ្មោះ​មិត្ត​រួម​ថ្នាក់ ។

សូម​អាន​សេចក្ដី​ថ្លែង​ការណ៍​ខាង​ក្រោម​ដោយ​អែលឌើរ ចនណាថាន អេស ស្ម៊ីធ នៃ​ពួក​ចិតសិប​នាក់ ៖

អែលឌើរ ចនណាថាន អេស ស្ម៊ីធ

វិធី​ដ៏​សាមញ្ញ​មួយ​ដែល​យើងអាច​ស្គាល់​នរណា​ម្នាក់ គឺ​ត្រូវ​រៀន​ស្គាល់​ឈ្មោះ​របស់​ពួកគេ ។

ព្រះយេស៊ូវ​ស្គាល់ និង​បាន​ហៅ​មនុស្ស​តាម​ឈ្មោះ​របស់​ពួកគេ ។ ព្រះអម្ចាស់​មាន​បន្ទូល​ទៅ​កាន់​ពួកសាសន៍​អ៊ីស្រាអែល​ពី​បុរាណ​ថា « កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​យើង​បាន​លោះ​ឯង​ហើយ យើង​បាន​ហៅ​ចំ​ឈ្មោះ​ឯង ឯង​ជា​របស់​ផង​យើង » [ អេសាយ ៤៣:១; បាន​បន្ថែម​ការបញ្ជាក់ ] ។ …

ដូចជា​ព្រះយេស៊ូវ​ស្គាល់​ឈ្មោះ​យើង​ម្នាក់ៗ​ដែរ នោះ​វិធី​មួយ​ដែល​យើង​អាច​ស្គាល់​ព្រះយេស៊ូវ​កាន់តែ​ច្បាស់ គឺ​ការ​សិក្សា​អំពី​ព្រះនាម​ជា​ច្រើន​របស់​ទ្រង់ ។​… ព្រះ​នាម​របស់​ព្រះយេស៊ូវ​ជាច្រើន​គឺជា​ព្រះបរមងារ​ដែល​ជួយ​យើង​ឲ្យ​យល់​អំពី​បេសកកម្ម ព្រះរាជបំណង ឥរិយាបទ និង​គុណ​លក្ខណៈ​របស់​ទ្រង់ ។ នៅ​ពេល​យើង​ស្គាល់​ព្រះ​នាម​ជា​ច្រើន​របស់​ព្រះយេស៊ូវ នោះ​យើង​នឹង​យល់​កាន់​តែ​ច្បាស់​អំពី​បេសកកម្ម​ដ៏​ទេវភាព និង​បុគ្គលិក​លក្ខណៈ​មិនអាត្មានិយម​របស់​ទ្រង់ ។ ការស្គាល់​ព្រះនាម​ជាច្រើន​របស់ទ្រង់​ក៏​បំផុស​គំនិត​យើង​ឲ្យ​កាន់​តែ​ក្លាយ​ដូច​ទ្រង់​ផងដែរ ។ ( ចនណាថាន អេស ស្ម៊ីធ « ដើម្បី​ឲ្យ​គេ​បាន​ស្គាល់​ដល់​ទ្រង់ » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ១០៤–១០៥ )

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ​ថា​មាន​អត្ថន័យ​ចេញមកពី​សេចក្ដីថ្លែងការណ៍​របស់​អែលឌើរ ស្មីធ ។

សូម​ពិចារណា​ធ្វើ​បញ្ជី​ការឆ្លើយតប​របស់​សិស្ស​ចំពោះ​សំណួរ​ខាងក្រោម ។

  • តើ​ព្រះនាម ឬ​ព្រះបរមងារ​អ្វី​ខ្លះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​បង្រៀន​អ្នក​បន្ថែម​ទៀត​អំពី​បុគ្គលិកលក្ខណៈ បេសកកម្ម និង​គុណលក្ខណៈ​របស់​ទ្រង់ ?

  • តើ​ការយល់ដឹង​បន្ថែម​អំពី​ព្រះនាម និង​ព្រះ​បរមងារ​របស់​ទ្រង់​អាច​បង្កើន​បំណងប្រាថ្នា​របស់អ្នក​ដើម្បី​ធ្វើតាម​ទ្រង់​ដោយ​របៀបណា ?

បន្ទាប់ពី​សិស្ស​មាន​ពេល​ពិភាក្សា​សំណួរ​មុន​ហើយ សូម​បង្ហាញ​សេចក្តីពិត​ដូច​ខាង​ក្រោម ៖ ការស្គាល់​ព្រះនាម និង​ព្រះ​បរមងារ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​អាច​ជួយ​យើង​ឲ្យ​យល់​កាន់តែច្បាស់​អំពី​បេសកកម្ម​ដ៏​ទេវភាព​របស់​ទ្រង់ និង​បុគ្គលិកលក្ខណៈ​ដែល​មិន​គិត​ពី​ខ្លួនឯង​របស់​ទ្រង់ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​វាយតម្លៃ​ពី​បំណងប្រាថ្នា​របស់​ពួកគេ​ផ្ទាល់​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​ពិចារណា​ប្រើប្រាស់​គំនិត​ដូច​ខាងក្រោម ឬ​គិត​អំពី​គំនិត​របស់​អ្នក​ផ្ទាល់ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ពិចារណា​ដោយស្ងៀមស្ងាត់​ និង​ឆ្លើយតប​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។

សូម​ប្រើ​ការវាយតម្លៃ​ខាងក្រោម ដើម្បី​វាយតម្លៃ​បំណងប្រាថ្នា និង​ការខិតខំ​របស់អ្នក ដើម្បី​យល់​បន្ថែម​អំពី​ព្រះអង្គ​សង្គ្រោះ ។

១ = កម្រ, ២ = ពេលខ្លះ, ៣ = ជាញឹកញាប់

  • ខ្ញុំ​ប្រាថ្នាចង់​យល់​កាន់តែច្បាស់​អំពី​បេសកកម្ម​ដ៏​ទេវភាព​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

  • នៅពេល​ខ្ញុំ​សិក្សា​ព្រះគម្ពីរ ខ្ញុំ​ស្វែងរក​ដោយ​មាន​គោលបំណង​នូវ​ព្រះនាម និង​ព្រះបរមងារ​របស់​ព្រះយេស៊ូវ ។

  • វា​ជា​រឿងសំខាន់​សម្រាប់​ខ្ញុំ​ដើម្បី​ដឹង​ពី​បុគ្គលិកលក្ខណៈ​របស់​ព្រះយេស៊ូវ ដើម្បី​ខ្ញុំ​អាច​ធ្វើតាម​ទ្រង់​បាន​កាន់តែ​ប្រសើរ​ជាងមុន ។

នៅពេល​អ្នក​រៀន​បន្ថែម​ទៀត​អំពី​ព្រះអង្គ​សង្គ្រោះ​ថា​ទ្រង់ជា​នរណា តាមរយៈ​ការសិក្សា​ព្រះនាម និង​ព្រះបរមងារ​របស់​ទ្រង់ សូម​អធិស្ឋាន​ទូលសូម​ព្រះវរបិតាសួគ៌​ឲ្យ​ជួយ​បង្កើន​បំណង​ប្រាថ្នា​របស់​អ្នក​ដើម្បី​ធ្វើតាម​ព្រះរាជបុត្រា​ទ្រង់ ។

ជា​អ្នក​គាំទ្រ និង​មិត្ត​របស់​យើង ។

សិស្ស​អាច​យល់​កាន់តែ​ច្បាស់​អំពី​បេសកកម្ម និង​បុគ្គលិកលក្ខណៈ​របស់​ព្រះយេស៊ូវ​ដោយ​សិក្សា​នូវ​ព្រះនាម​មួយ​ក្នុងចំណោម​ព្រះនាម​ជាច្រើន​របស់​ទ្រង់ ។ បន្ទាប់ពី​ពិភាក្សា​អំពី​តួនាទី​របស់​ទ្រង់​ក្នុង​នាម​ជា​អ្នក​គាំទ្រ​របស់​យើង​ជាមួយនឹង​ព្រះវរបិតា នោះ​សិស្ស​នឹង​មាន​ឱកាស​ដើម្បី​សិក្សា​អំពី​ព្រះនាម និង​ព្រះបរមងារ​របស់​ព្រះយេស៊ូវ​ដោយ​ខ្លួនឯង ។

សូម​ពិចារណា​អំពី​ការបង្ហាញ​រូប​ភាព​របស់​ព្រះ​យេស៊ូវ​នៅ​សួនច្បារ​គែតសេម៉ានី ពេល​សិស្ស​ចូលរួម​ក្នុង​សកម្មភាព​ដូច​ខាង​ក្រោម ៖

ព្រះគ្រីស្ទ​អធិស្ឋាន​នៅក្នុង​សួនច្បារ​គែតសេម៉ានី

សូម​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៥:៣–៥ ដោយ​រកមើល​ព្រះបរមងារ និង​តួនាទី​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ។

រូបតំណាង​ការបំពាក់​បំប៉ន សូម​ពិចារណា​អំពី​ព្រះបរមងារ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ៖ សកម្មភាព​ខាងក្រោម​អាច​ជួយ​សិស្ស​ឲ្យ​ស្គាល់​ព្រះអង្គសង្គ្រោះ​កាន់តែ​ច្បាស់ តាមរយៈ​ការយល់ដឹង​អំពី​ព្រះបរមងារ​របស់ទ្រង់​ជា​អ្នកគាំទ្រ​របស់យើង​ជាមួយ​ព្រះវរបិតា ។ សម្រាប់​ការបំពាក់​បំប៉ន​បន្ថែម​ទៀត​អំពី​របៀប​ជួយ​សិស្ស​ផ្ដោតលើ​ព្រះបរមងារ​នៃ​ព្រះយេស៊ូវគ្រីស្ទ សូម​មើល​ការបំពាក់បំប៉ន « បង្រៀន​អំពី​ព្រះបរមងារ តួនាទី និង​គុណលក្ខណៈ​របស់​ព្រះយេស៊ូវ​គ្រីស្ទ » ដែល​មាន​នៅ​ក្នុង ជំនាញ​ការអភិវឌ្ឍ​គ្រូបង្រៀន ៖ ផ្តោតលើ​ព្រះយេស៊ូវ​គ្រីស្ទ ។ ការបំពាក់បំប៉ន​នេះ​អាច​ជួយ​អភិវឌ្ឍ​ជំនាញ​នៃ « ការបង្កើត​សំណួរ​ស្រាវជ្រាវ ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្វែងរក​តួនាទី ព្រះបរមងារ និមិត្តរូប គុណលក្ខណៈ និង​បុគ្គលិក​លក្ខណៈ​របស់​ព្រះយេស៊ូវគ្រីស្ទ » ។

សូម​ពិចារណា​សួរ​សំណួរ​ដូច​តទៅនេះ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ស៊ីជម្រៅ​អំពី​តួនាទី​របស់​ព្រះយេស៊ូវ​គ្រីស្ទ ក្នុងនាម​ជា​អ្នក​គាំទ្រ​យើង​ជាមួយនឹង​ព្រះវរបិតា ។ អ្នក​អាច​ចង្អុល​បង្ហាញ​ថា អត្ថន័យ​មួយ​នៃ​ពាក្យ អ្នកគាំទ្រ គឺជា​នរណា​ម្នាក់​ដែល​ផ្ដល់​ការគាំទ្រ និង​ការពារ​បុព្វហេតុ​នៃ​អ្នកទាំងឡាយណា​ដែល​ខ្វះខាត ។

  • តើ​អ្នក​យល់​យ៉ាងណា​ពី​ពាក្យ អ្នក​គាំទ្រ ?

  • យោងតាម​ខគម្ពីរ​ទាំងនេះ តើ​ព្រះយេស៊ូវ​គ្រីស្ទ​កំពុង​បំពេញ​តួនាទី​របស់​ទ្រង់​ជា​អ្នក​គាំទ្រ​យើង​ជាមួយនឹង​ព្រះវរបិតា​ដោយ​របៀបណា ?

  • តើ​យើង​អាច​រៀន​អ្វី​ខ្លះ​អំពី​បុគ្គលិកលក្ខណៈ​របស់​ព្រះអង្គសង្រ្គោះ​ចេញមកពី​ខគម្ពីរ​ទាំងនេះ ?

សូម​ពិចារណា​អាន​ជាមួយ​សិស្ស​នូវ​សេចក្តីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន រ័សុល អិម ណិលសុន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អំពី​របៀប​ដែល​ការបង្រៀន​បន្ថែម​ទាំងនេះ​មកពី​ប្រធាន ណិលសុន បង្កើន​សេចក្ដី​ស្រឡាញ់ និង​ការដឹងគុណ​របស់​ពួកគេ​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ ។

ប្រធាន រ័សុល អិម ណិលសុន⁠

ព្រះយេស៊ូវ​គឺជា​អ្នក​គាំទ្រ​យើង​ជាមួយនឹង​ព្រះវរបិតា ( សូមមើល យ៉ូហាន ទី១ ២:១; គ&ស ២៩:៥; ៣២:៣; ៤៥:៣; ១១០:៤ ) ។ ពាក្យ​ថា អ្នកគាំទ្រ បាន​មកពី​ឫស​ពាក្យ​ឡាតាំង​ដែល​មាន​ន័យ​ថា « សំឡេង​សម្រាប់ » ឬ « អ្នក​ដែល​អង្វរ​ជំនួស​អ្នក​ដទៃ » ។ ពាក្យ​ដែល​ទាក់ទង​មួយ​ទៀត​នៅក្នុង​ព្រះគម្ពីរ ដូចជា អ្នក​អង្វរអ្នក​សង្រួបសង្រួម​ដ៏​ធំ​នោះ ( សូមមើល​ផងដែរ ធីម៉ូថេ ទី១ ២:៥; នីហ្វៃទី២ ២:២៨; គ&ស ៧៦:៦៩ ) ។ …

… ការយល់​ថា ទ្រង់​ជា​អ្នក​គាំទ្រ-អ្នកអង្វរ-អ្នកបង្រួបបង្រួម​របស់យើង​ជាមួយនឹង​ព្រះវរបិតា ផ្តល់​ឲ្យ​យើង​នូវ​ការធានា​ចំពោះ​ការយល់ដឹង យុត្តិធម៌ និង​សេចក្ដីមេត្ដា​ករុណា​របស់​ទ្រង់​ដែល​មិន​ស្មើគ្នា ( សូមមើល អាលម៉ា ៧:១២ ) ។ ( រ័សុល អិម ណិលសុន « Jesus the Christ—Our Master and More » [ Brigham Young University devotional ថ្ងៃទី ២ ខែ កុម្ភៈ ឆ្នាំ ១៩៩២ ] ទំព័រ ៤ នៅលើ​គេហទំព័រ speeches.byu.edu )

ការណ៍​នេះ​អាច​ជា​ចំណុច​ល្អ​មួយ​នៅក្នុង​មេរៀន ដើម្បី​ផ្តល់​ពេលវេលា​ដល់​សិស្ស​ដើម្បី​ពិចារណា​ពី​អារម្មណ៍​របស់​ពួកគេ​អំពី​ព្រះអង្គសង្គ្រោះ ។ សូម​ពិចារណា​សរសេរ​សំណួរ​ខាងក្រោម​នៅលើ​ក្តារខៀន ហើយ​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។ តាមដែល​អាច សូម​សួរ​សិស្ស​ពីរបី​នាក់​ឲ្យ​ចែកចាយ​អារម្មណ៍​របស់​ពួកគេ​ខ្លះ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ។

  • តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា ពេល​អ្នក​ព្យាយាម​ស្រមៃ​ថា

  • តើ​ការ​ដឹង​ថា ព្រះយេស៊ូវ​គ្រីស្ទ​ជា​អ្នក​បង្រួបបង្រួម​សម្រាប់​អ្នក ពង្រឹង​ការតាំងចិត្ត​របស់​អ្នក​ដើម្បី​បន្ត​នៅ​លើ​ផ្លូវ​នៃ​សេចក្តីសញ្ញា​ដោយ​របៀបណា ?

រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ

នៅពេល​សិស្ស​សិក្សា​ខគម្ពីរ​ខាងក្រោម ប្រសិនបើ​ពួកគេ​ត្រូវការ​ជំនួយ​ក្នុង​ការស្វែងរក​ព្រះបរមងារ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​នៅក្នុង ខទី ១ អ្នក​ប្រហែល​ជា​ត្រូវការ​ពន្យល់​ថា ទ្រង់​ហៅ​តួនាទី​ដ៏​ទេវភាព​របស់​ទ្រង់​ជា​អង្គបង្កបង្កើត​នៃ​អ្វីៗ​ទាំងអស់ ។

ព្រះ​យេស៊ូវ​គ្រីស្ទ​មាន​ព្រះនាម និង​ព្រះ​បរមងារ​ជាច្រើន​ទៀត ។ សូម​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៥:១, ៧, ៥៩ ដើម្បី​រកមើល​ព្រះនាម និង​ព្រះបរមងារ​ថែមទៀត ។

សូម​សម្រេចចិត្ត​ថា​តើ​សិស្ស​នឹង​ទទួល​បាន​អត្ថប្រយោជន៍​មកពី​ការធ្វើការ​ជាមួយ​អ្នកដទៃ ឬ​ដោយ​ខ្លួន​ឯង​សម្រាប់​សកម្មភាព​ខាងក្រោម ។

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​គិត​អំពី​របៀប​ច្នៃប្រឌិត​មួយ ដើម្បី​រៀបចំ​អ្វី​ដែល​ពួកគេ​កំពុង​រៀន ។ ជាឧទាហរណ៍ សិស្ស​អាច​បង្កើត​ការរចនា​នៅក្នុង​សៀវភៅ​សិក្សា​របស់​ពួកគេ​ដោយ​សរសេរ​ព្រះនាម ឬ​ព្រះបរមងារ​របស់​ព្រះគ្រីស្ទ​នៅ​ចំ​កណ្តាល​ទំព័រ ។ នៅពេល​ពួកគេ​រកឃើញ​បទគម្ពីរ​និង​ឃ្លា​ផ្សេង​ទៀត ដែល​ជួយ​ពួកគេ​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​ព្រះបរមងារ​ដែល​ពួកគេ​បានជ្រើសរើស នោះ​ពួកគេ​អាច​សរសេរ​ទាំងនេះ​តាម​ទិសដៅ និង​ទំហំ​ផ្សេងៗ​គ្នា​ជុំវិញ​ទំព័រ ។ បន្ទាប់មក ពួកគេ​អាច​គូស​បន្ទាត់​ដើម្បី​ភ្ជាប់​ខគម្ពីរ និង​ឃ្លា​ទាំងនោះ​ទៅនឹង​ព្រះនាម​ឬ​ព្រះបរមងារ ។

សូម​ជ្រើសរើស​ព្រះនាម ឬ​ព្រះបរមងារ​ចេញមក​ពី​ការសិក្សា​របស់អ្នក ដែល​អ្នក​ចង់​ស្វែងយល់​បន្ថែម ។ សូម​ប្រើប្រាស់​ធនធាន​សិក្សា​ដែល​មាន​សម្រាប់​អ្នក ដូចជា​កម្មវិធី​បណ្ណាល័យ​ដំណឹង​ល្អ និង​ជំនួយ​ការសិក្សា​ព្រះគម្ពីរ ដើម្បី​រៀន​អំពី​អ្វី​ដែល​ព្រះនាម ឬ​ព្រះបរមងារ​បង្រៀន​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ។ អ្នក​ក៏​អាច​សិក្សា​ប្រសាសន៍​របស់​ព្យាការី​ថ្ងៃ​ចុងក្រោយ​ផងដែរ ដើម្បី​ស្វែងយល់​បន្ថែម​ទៀត ។ នៅពេល​អ្នក​បញ្ចប់​ការសិក្សា សូម​ឆ្លើយ​សំណួរ​ខាងក្រោម ។

  • តើ​អ្វី​ទៅ​ដែល​អ្នក​បានរៀន ឬ​មាន​អារម្មណ៍​នៅ​ថ្ងៃ​នេះ ដែល​បាន​បង្កើន​សេចក្ដី​ស្រឡាញ់​របស់​អ្នក និង​បំណង​ប្រាថ្នា​ដើម្បី​ធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ ?

  • តើ​ការបន្ត​សិក្សា និង​ស្វែងយល់​បន្ថែម​អំពី​ព្រះនាម​របស់ព្រះយេស៊ូវ​គ្រីស្ទ ផ្ដល់​ពរ​ដល់​ជីវិត​របស់អ្នក​ដោយ​របៀបណា ?

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ព័ត៌មាន​លម្អិត និង​ការយល់ដឹង​ដ៏​មាន​អត្ថន័យ​ចេញពី​ការសិក្សា​របស់​ពួកគេ ។ អាច​នឹង​មាន​ឱកាស​ក្នុង​មេរៀន​នា​ពេល​អនាគត ដើម្បី​ពិភាក្សា​បន្ថែម​ទៀត​អំពី​អ្វី​ដែល​សិស្ស​បាន​រៀន​ថ្ងៃ​នេះ​អំពី​ព្រះនាម និង​ព្រះបរមងារ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។